រឿង បាតដៃស្ដាំ
ខ្ញុំមិនដឹងថាវាជាអ្វីឱ្យប្រាកដទេ វាមិនច្បាស់ មិនជាក់លាក់ ហើយរញ៉េរញ៉ៃ។ វាកើតឡើងមកលើខ្ញុំជាច្រើនថ្ងៃមកហើយ ហើយខ្ញុំដឹងច្បាស់ថា វាមិនមែនជារឿងចៃដន្យអីទេ។ ដៃខាងស្ដាំរបស់ខ្ញុំ...អាចសម្លាប់មនុស្សបានមួយប៉ប្រិចភ្នែក...ជាមួយនឹង...គ្រោះថ្នាក់យ៉ាងនឹកស្មានមិនដល់...
ហេតុការណ៍ដែលកើតឡើងជាបន្តបន្ទាប់ មិនបានធ្វើឱ្យខ្ញុំមានអារម្មណ៍ធម្មតាទេ គឺធ្វើឱ្យខ្ញុំមានអារម្មណ៍កាន់តែតក់ស្លុត ហើយគិតថាដូចជាបានធ្វើឱ្យរឿងទាំងអស់វាកើតឡើង, ទាំងដែលមិនដែលប្រាថ្នាយារយីនរណាម្នាក់សោះ។
ហេតុការណ៍ដំបូង បានកើតឡើងពី2សប្ដាហ៍មុន។
មួយថ្ងៃក្រោយពីការផឹកស៊ីស្រវឹងនៃពិធីជប់លៀងគម្រប់១៦ឆ្នាំរបស់ខ្ញុំ, ព្រឹកឡើងស្លៀកពាក់ឯកសណ្ឋានទៅរៀនធម្មតា។ ការសប្បាយផឹកស៊ីពួកម៉ាក, កាលពីយប់ម៉ិញបានទាញអារម្មណ៍ឱ្យខ្ញុំខ្ជិលសូម្បីតែស្ដាប់គ្រូពន្យល់។
ម៉ោងសិក្សាបញ្ចប់ទៅយ៉ាងសោះកក្រោះ, ខ្ញុំដើរចេញពីបន្ទប់រៀនដ៏ទ្រហឹងអើងកងទាំងល្វើយខ្លួន។
«ស៊ីរ៉ូ!» សំលេងសិស្សស្រីម្នាក់ស្រែកហៅខ្ញុំ។ ខ្ញុំងាកទៅក្រោយយឺតៗ នាងគឺថាក់កាមីន, សង្សារបណ្ដូលចិត្តតែម្នាក់គត់របស់ខ្ញុំ។
«មានការអីអូនថាក់?» ខ្ញុំសួរទៅនាងដោយរួសរាយរាក់ទាក់ជាទីបំផុត។ នាងដូចជាមានលាក់របស់អ្វីម្យ៉ាងនៅក្នុងដៃហើយចាំsurpriseខ្ញុំចឹង។
«ថាទៅមើល ខ្ញុំមានអីឱ្យបង?» នាងសួរព្រមទាំងធ្វើភ្នែកយ៉ាងគួរឱ្យខ្នាញ់។
«អត់ដឹងទេ ប្រាប់បានអត់?» គ្រាន់តែខ្ញុំថាប៉ុណ្ណេះ នាងក៏ទាញដៃស្ដាំខ្ញុំហើយដាក់កូនសត្វធ្វើពីត្រឡោកខាត់មួយយ៉ាងស្អាតគួរឱ្យស្រលាញ់។ នាងញញឹមហើយដើរចេញបាត់ទៅ។
ខ្ញុំកាន់កូនសត្វឥតជីវិតនោះហើយដើរត្រលប់មកផ្ទះជួលវិញ។ គ្រប់យ៉ាងគ្មានអ្វីប្លែកឡើយរហូតដល់មួយសន្ទុះក្រោយមក...
សំលេងទូរស័ព្ទខ្ញុំរោទិ៍ឡើងនៅខណៈដែលខ្ញុំដួសបាយដាក់ចានបម្រុងបរិភោគ។ ខ្ញុំទាញទូរស័ព្ទមកមើល អ្នកតេមកគឺជាលេខទូរស័ព្ទដែលមិនដែលធ្លាប់តេពីមុនមកឡើយ។ ខ្ញុំចុចទទួលទាំងអារម្មណ៍មិនស្រួល។
«ស៊ីរ៉ូ! គឺបងស៊ីរ៉ូមែនទេ?» សំលេងមនុស្សស្រីវ័យក្មេងសួរដូចជារាន់ប្រញាប់ខ្លាំង។
«មែនហើយ ខ្ញុំគឺស៊ីរ៉ូ! នាងជាអ្នកណា? តេមកខ្ញុំមានការអ្វីដែរ?» ខ្ញុំតប។
«ខ្ញុំគឺជាមិត្តភក្ដិថាក់កាមីន! ឥឡូវខ្ញុំកំពុងនៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ខ្ញុំចង់វិលអស់ហើយ នៅតែម្នាក់ឯងផង បងមកពេទ្យហេណាមកបានជាគ្នា។» ស្រីក្មេងនោះនិយាយយ៉ាងក្បោះក្បាយ និងសុំឱ្យខ្ញុំទៅពេទ្យសង្គ្រោះនោះជាបន្ទាន់។ ខ្ញុំរន្ធត់មិនយល់ថាមានរឿងអីកើតឡើងសោះ តើថាក់កាមីនមានរឿងអីមែនទេ? ចុះម៉ាក់ប៉ានាង?
មិនបង្អង់យូរខ្ញុំក៏រត់ចេញមកក្រៅហៅតាក់ស៊ីជិះទៅមន្ទីរពេទ្យហេណា។ មួយប៉ប្រិចក្រោយមកខ្ញុំក៏មកដល់, ហើយប្រញាប់រត់ឡើងទៅបន្ទប់សង្គ្រោះបន្ទាន់។ នៅបន្ទប់រង់ចាំ ខ្ញុំឃើញស្រីម្នាក់ដែលតេទៅខ្ញុំអំបាញ់ម៉ិញនោះ យំសោកទឹកភ្នែករហាម។
«ថាក់យ៉ាងម៉េចហើយ?» ខ្ញុំសួរយ៉ាងបារម្ភ។
«ថាក់ស្លាប់ហើយ ម៉ាក់ប៉ាគេរបួសធ្ងន់រថយន្តពេទ្យបានដឹងទៅពេទ្យវៀតណាមមុននេះបន្តិច។» នាងនិយាយព្រមទាំងស្រែកយំគ្មានខ្មាស់។
«ថាម៉េច? ហើយម៉េចបានស្លាប់? តើនាង និងប៉ាម៉ាក់នាងមានរឿងអី?»
«គឺប៉ាម៉ាក់នាងបាននាំនាងទៅញ៉ាំស៊ុគីប៊ីស្ទីកជប៉ុនសម្រាប់អាហារថ្ងៃត្រង់។ ពួកគេជិះមកដល់ស្ពានអាកាសស្រាប់តែរថយន្តរបស់ពួកគេជ្រុលចង្កូតបុករនាំងចែកទ្រូងផ្លូវ ចូលមកខាងឆ្វេងមានរថយន្តដឹកស៊ីម៉ង់ធំមួយបុកពួកគេយ៉ាងកម្រោលបណ្ដាលឱ្យរថយន្តខ្ទេចខ្ទីរបស់ស្លាប់ទៅ។»
ខ្ញុំទន់ជង្គង់ស្រឹប។ អារម្មណ៍ពេលនេះរកស្មានមិនត្រូវ។
---
បន្ទាប់ពីសាច់ញាតិមករៀបចំពិធីបុណ្យចប់រួចរាល់ ខ្ញុំចាប់ផ្ដើមបំភ្លេចពីថាក់។ សម្រាប់ខ្ញុំ, ខ្ញុំមិនងាយនឹងបំភ្លេចនរណាម្នាក់បានទេ តែក៏មិននឹកទៀតដែរព្រោះមនុស្សដែលស្លាប់ហើយមិនអាចយល់អារម្មណ៍អីទាំងអស់។
ខ្ញុំដើរមកលំហែរកាយនៅខាងក្រៅ, នៅទីនេះក្បែរមាត់ទន្លេ មានអ្នកលំហែរកាយច្រើនគួរសមដែលភាគច្រើនសុទ្ធតែជាយុវវ័យ និងអ្នកដើរហាត់ប្រាណពេលល្ងាច។ ខ្ញុំអង្គុយលើបង់សាធារណៈ ភ្នែកសម្លឹងមើលទៅទឹកទន្លេដែលធំល្វឹងល្វើយដាច់កន្ទុយភ្នែក ឯចិត្តគិតមមៃពីនេះពីនោះមិនប្រាកដប្រជា...
អារម្មណ៍កាន់តែលន្លង់លន្លោចស្រាប់តែសំលេងនរណាម្នាក់មកកាត់ផ្ដាច់គំនិត ឱ្យចូលមកក្នុងបច្ចុប្បន្នកាលវិញ។
«ក្មួយប្រុស!» សំលេងស្ត្រីម្នាក់កាន់ធុងភេស្ជជៈមួយល្មមយួរដៃម្ខាងរួច។ «ផឹកភេស្ជជៈបន្តិចទៅ ឱ្យកាន់តែមានកម្លាំង។»
ខ្ញុំទិញទឹកផ្លែឈើមួយកំប៉ុងហើយគាស់ផឹកព្រមទាំងហុចលុយឱ្យអ្នកលក់។ កូនតូចរបស់គាត់ជាអ្នកដើរកាន់ថង់លុយពីក្រោយម្ដាយ។ ខ្ញុំយកដៃអង្អែលក្បាលក្មេងព្រមទាំងហុចលុយប្រាំពាន់រៀលហើយស្រដីថា មិនបាច់អាប់ទេ។
ម្ដាយកូននោះក៏ដើរចេញទៅមុខទៀតហើយពពាយនាយលក់ភេស្ជជៈត្រជាក់ក្លាសេ។
ខ្ញុំសម្លឹងមើលទៅក្មេងដែលដើរតាមក្រោយម្ដាយនោះទាំងរញ្ជួយចិត្ត។ ក្មេងតូចប៉ុណ្ណេះចេះជួយដើរលក់ម្ដាយដោយមិនត្អូញនឿយហត់ គ្រាន់បើជាងកូនអ្នកមានទ្រព្យមួយចំនួនដែលមានលុយចាយ មានបាយញ៉ាំស្រាប់ តែគិតតែពីរឿងស្នេហាសម្លាប់អាត្មាឯងដោយមិនគិតប្រៀបធៀបពីជីវិតតស៊ូរបស់អ្នកក្រីក្រឡើយ ដែលគេរកលុយគ្មានថ្ងៃសម្រាកហើយតែងមានសង្ឃឹមជានិច្ច។
“ប្រាវ”...
សំលេងស៊ីម៉ង់បែកបន្លឺឡើងយ៉ាងឮខ្លាំងៗដង្ហក់ដោយកម្លាំងអ្វីមួយបុកពេញមួយទំហឹង។ រថយន្តម៉ែស៊ឺដេសខ្មៅមួយបានជ្រុលចង្កូតបុកម្ដាយកូនលក់ភេស្ជជៈនោះបណ្ដាលឱ្យក្មេងតូចស្លាប់ភ្លាមៗនៅនឹងកន្លែង ឯម្ដាយបានត្រឹមរបួសស្រាលហើយស្រែកយំបោកប្រាណស្ដាយបុត្រភ្ងារជាទីស្រលាញ់។ មនុស្សរោមអ៊ូរអរជុំវិញកន្លែងកើតហេតុដែលមានឈាមហូរបាចបរិវេណនោះ។ ខ្ញុំដើរចេញដោយរន្ធត់ចិត្តឥតឧបមារតែខំសម្រួលអារម្មណ៍ដើរទៅអង្គុយលើបង់ចុងទន្លេម្ខាងទៀតហើយដកដង្ហើមធំ។ សំលេងរចេចរចូចនៅកន្លែងគ្រោះថ្នាក់នៅតែបង្ហើរមកដល់ទីនេះតែខ្ញុំមិនចង់ឮឡើយ ព្រោះវាធ្វើឱ្យខ្ញុំកាន់តែស្លុត។
«ចៅប្រុស!» លោកយាយចាស់ម្នាក់ហៅខ្ញុំ។ «ចៅដូចជាមានទឹកមុខក្រៀមក្រំដល់ហើយ ចង់មើលជោគជតារាសីទេ?»
ខ្ញុំក្រឡេកទៅលោកយាយដែលជាគ្រូទាយ គាត់ដើរទាយរាសីឱ្យអ្នកអង្គុយលំហែរកាយតាមមាត់ទន្លេនេះរាល់ៗល្ងាច។
«បាទលោកយាយ,» ខ្ញុំឆ្លើយយ៉ាងសោះកក្រោះ។ «សូមជួយមើលរាសីចៅផង ប៉ុន្មានថ្ងៃនេះចេះតែមានអារម្មណ៍រន្ធត់ ហើយចេះតែជួបហេតុការណ៍អាក្រក់ៗ។»
លោកយាយជ្រីវជ្រួញទាញបាតដៃស្ដាំខ្ញុំមកពិនិត្យមើលយ៉ាងយកចិត្តទុកដាក់។ មួយសន្ទុះគាត់បង្ហាញទឹកមុខព្រួយបារម្ភ ហើយពោល៖
«ក្រយៅដៃចៅចម្លែកណាស់ វានឹងបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ។» គាត់ពណ៌នាព្រមទាំងយកចង្អុលដៃគាត់ ចង្អុលត្រង់ពំនុះកណ្ដាលខ្សែបាតដៃខ្ញុំ។
«តើវាមានន័យយ៉ាងណាទៅលោកយាយ?» ខ្ញុំមនុស្សមិនសូវងាយជឿរឿងអរូបិយចេះតែសួរគាត់លេងៗទាំងដឹងថាគាត់គង់នឹងនិយាយផ្ដេសផ្ដាសដើម្បីចង់បានទ្រនឹបប៉ុណ្ណោះ។
«ចៅត្រូវប្រយ័ត្នខ្លួនឯងផង ព្រោះចៅអាចនាំទុក្ខដល់អ្នកដ៏ទៃ។»
នេះជាលើកទីមួយហើយដែលខ្ញុំស្ដាប់ពីអបិយជំនឿយ៉ាងយកចិត្តទុកដាក់។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានឥទ្ធិពលចម្លែក និងគួរឱ្យខ្លាច។
«យាយទៅវិញហើយ យាយមិនត្រូវការទ្រនឹបអ្វីទាំងអស់...» ថាហើយលោកយាយនោះក៏ដើរចេញទៅឆ្ងាយបាត់ទុកឱ្យខ្ញុំនៅរសាប់រសល់គិតមិនយល់តែម្នាក់ឯង។ ខ្ញុំសម្លឹងមើលទៅលោកយាយ គាត់ដើរយឺតៗស្រាប់តែសសរដែកដែលគេដាក់ផ្សាយពាណិជ្ជកម្មតាបឡូធំ ដួលសង្កត់ទៅលើគាត់បណ្ដាលឱ្យបែកឈាមប្រាច។ ពុទ្ធោ គាត់ប្រហែលជាស្លាប់បែកសាច់ឆ្អឹងវ៉ល់អស់ហើយមើលទៅ។ ឱលោកយាយគួរឱ្យអានិតអើយ ទើបតែនិយាយចច្រាច់ប្រាប់ខ្ញុំឱ្យប្រយ័ត្នខ្លួនអំបាញ់ម៉ិញសោះ ពេលនេះបែរជាត្រូវស្លាប់យ៉ាងអណោចអធ័ម។ សំលេងមនុស្សរោមកន្លែងកើតហេតុបានលាន់ឡើងម្ដងទៀត អ៊ូរអរវោកវែរ។
ខ្ញុំដើរត្រលប់មកផ្ទះវិញទាំងល្វើយ។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចមនុស្សពិឃាតដើមហេតុធ្វើឱ្យគេឯងស្លាប់ ទាំងដែលមិនបានតាំងចិត្តទាល់តែសោះ។ រហូតដល់ខ្ញុំចាប់នឹកឃើញថា...កាលដែលមុនពេលថាក់កាមីនស្លាប់, នាងបានប៉ះបាតដៃស្ដាំរបស់ខ្ញុំពេលនាងដាក់កូនសត្វនោះលើដៃស្ដាំខ្ញុំ, ហើយកាលមុនពេលអ្នកលក់ភេស្ជជៈត្រូវឡានបុក, ក៏ខ្ញុំបានយកបាតដៃស្ដាំខ្ញុំទៅប៉ះក្បាលក្មេងកាន់ថង់លុយនោះ, ហើយលោកយាយដែលត្រូវដែកសង្កត់ស្លាប់នោះ ក៏បានប៉ះបាតដៃស្ដាំខ្ញុំដែរ ពុទ្ធោ វាគួរឱ្យខ្លាចខ្លាំងណាស់។ អារម្មណ៍ព្រឺព្រួចបានបណ្ដាលចិត្តខ្ញុំឱ្យភិតភ័យមួយរំពេជ។
តើវាជាអ្វីឱ្យប្រាកដទៅ? មានអីទាក់ទងនឹងដៃស្ដាំខ្ញុំនេះ? តើអ្នកណាដែលបានប៉ះបាតដៃស្ដាំខ្ញុំនឹងត្រូវស្លាប់ទាំងអស់មែនទេ? ហើយចុះកាលពីមុនម៉េចក៏មិនអី ទើបតែឥឡូវម៉េចក៏មានគ្រោះថ្នាក់នេះកើតឡើង? ខ្ញុំលួងលោមខ្លួនឯងដោយគិតថាវាគ្រាន់តែជាការចៃដន្យនៃគ្រោះថ្នាក់ទាំងឡាយនោះប៉ុណ្ណោះ។
---
ខ្ញុំអង្គុយផឹកកាហ្វេក្នុងតៀមមួយតែម្នាក់ឯង។ អ្នកផ្សេងទៀតគេមកផឹកជាមួយគូរសង្សារគ្នាត្រសង គេញ៉ែញ៉ងអៀនប្រៀនគ្នា តែសម្រាប់ខ្ញុំ, ខ្ញុំគិតថានៅតែម្នាក់ឯងល្អជាង វាអាចឱ្យយើងងគិតពីអ្វីៗបានមូល និងវែងឆ្ងាយមិនបែកគំនិត។ គ្រានោះ, ដោយអារម្មណ៍ច្របូកច្របល់ពេក ខ្ញុំបានចេញទៅកន្លែងគិតលុយបម្រុងទៅផ្ទះ តែអ្នកគិតលុយបានដេកលក់បាត់ទៅហើយ។ មើលទៅគួរឱ្យអានិតនាងណាស់ សង្ស័យរវល់ខ្លាំងហើយកាលពីយប់ ទើបលួចដេកពេលធ្វើការបែបនេះ។ ខ្ញុំទះស្មារនាងតិចៗ តែ...ខ្ញុំស្រាប់តែភ្ញាក់ព្រើតថាខ្ញុំយកដៃស្ដាំទះនាង។
«ចាស អស់១០០០០៛»
«មិនអាចទេ!» ខ្ញុំពោលទាំងមិនដឹងខ្លួន ព្រោះគិតថាស្ត្រីអ្នកគិតតលុយនេះនឹងមានគ្រោះថ្នាក់ដល់ជីវិត។
«ចាគឺពិតជាមួយម៉ឺនរៀលមែន ខ្ញុំមិនបានបន្លំទេ!»
«ខ្ញុំអត់បានថាចែឯងបន្លំទេ តែចែឯងនឹងមានគ្រោះថ្នាក់!» ខ្ញុំស្រែកខ្លាំងៗដាក់គាត់ ចែគិតលុយនោះធ្វើមុខឆ្ងល់ព្រោះមិនយល់ពីអ្វីដែលខ្ញុំកំពុងប្រាប់គាត់។
«គ្រោះថ្នាក់អីទៅ?»
«ចែនឹងស្លាប់ ចែឯងប្រាកដជាស្លាប់ៗ!»
«ឈប់និយាយផ្ដេសផ្ដាសបែបនេះ!» នាងនិយាយធ្ងន់ៗ។
«ជឿខ្ញុំទៅចែ ចែនឹងស្លាប់ សូមប្រយ័ត្នខ្លួន!»
«បើប្អូនមិនឈប់និយាយទេ ខ្ញុំនឹងហៅសន្តិសុខឱ្យអូសប្អូនចេញឥឡូវនេះ!!» នាងនិយាយដោយទឹកមុខយ៉ាងមាំ។ «បង់ប្រាក់ហើយចេញពីទីនេះភ្លាមទៅ!»
ខ្ញុំឱ្យលុយគ្រប់ចំនួនដែលគាត់ទារ ហើយដើរចេញទៅដោយអារម្មណ៍ច្របូកច្របល់។ មែនហើយ ខ្ញុំគ្រាន់តែស្រមើស្រម៉ៃជ្រុលប៉ុណ្ណោះ តាមពិតអ្នកដែលស្លាប់ទាំងប៉ុន្មានគឺដោយសារគ្រោះថ្នាក់ទេតើ មិនមែនដោយសារស្នាដៃខ្ញុំទេ។ តែខ្ញុំគិតខុស...ដៃស្ដាំខ្ញុំពិតជាដៃមរណប្រាកដមែន។
យប់នោះ, ព័ត៌មានទាន់ហេតុការណ៍មួយបានចែកចាយឡើងពាសពេញFacebook ខ្ញុំពិបាកភ្នែកនឹងបើកមើលមុខជនរងគ្រោះ គឺជាស្ត្រីអ្នកគិតលុយនោះប្រាកដមែន នាងត្រូវស្លាប់ដោយរអិលជើងធ្លាក់ពីកាំជណ្ដើរផ្ទះជួល។ ទឹកមុខតក់សកលុតជោគដោយឈាមរបស់នាងដែលគេថតបង្ហោះ ធ្វើឱ្យខ្ញុំមានអារម្មណ៍អណោចអធ័ម និងដូចជាខុសៗអ្វីម្យ៉ាង។
...
ខ្ញុំមិនងាយនឹងចេញទៅក្រៅឡើយ តែថ្ងៃមួយ... ខ្ញុំទៅសាលាដូចរាល់ដងដោយការពារបាតដៃស្ដាំរបស់ខ្ញុំមិនឱ្យប៉ះនរណាឡើយ។ ក្រុមក្មេងស្ទាវវ័យជំទង់មួយក្រុមបានមករកខ្ញុំដល់ថ្នាក់ ពេលនោះគ្រូៗមិនបានមកទេព្រោះរវល់ទៅប្រជុំទាំងអស់គ្នា។ ក្មេងប្រុសម្នាក់ក្នុងចំណោមនោះចាប់កអាវខ្ញុំហើយចង្អុលមុខចំៗរួចស្រែកគំហ៊កសន្ធាប់ដោយកំណាច និងកំហឹង។
«ហែងនឹងហែសឈ្មោះអាស៊ីរ៉ូ?» វានិយាយដោយគ្នីគ្នាវាបន្ទពីក្រោយ «គឺអានឹងហើយល្បង!»
«ហែងទាក់ទងនីកាជីតុហ្អែស? ហែងដឹងថានាងជាសង្សាអញទេ?»
«ខ្ញុំមិនបានទាក់ទងស្អីទេ គ្រាន់តែលេងសើចជាមួយគ្នាមិនបានហ្អែស? ម៉េចស្មានតែឯងរក្សាសិទ្ធនាង?» ខ្ញុំតបទៅវិញដោយមិនខ្លាច។ ពួកវាមើលទៅដូចជាខឹងខ្លាំងណាស់ជាពិសេសគឺអាម្នាក់ចាប់កអាវខ្ញុំនេះ មុខវាក្រឡោតដូចខ្មោចចូល។
«ឪហែងស័ក្ដិម៉ានហ្អា?» វាសួរយ៉ាងជម្លើយ។
«ស័ក្ដិប៉ុន្មានមិនទើសក្បាលអស់អាឯងដែរ!» ខ្ញុំតបទៅវិញយ៉ាងអឿអង់អាច។ ក្រុមពួកវាគ្រាន់តែឮដូច្នេះចាប់ផ្ដើមវាយខ្ញុំខ្លះដាល់ខ្លះធាក់។ ខ្ញុំព្យាយាមក្ដាប់ដៃស្ដាំជាប់ព្រោះមិនចង់ឱ្យពួកវាងាប់ តែពួកវាវាយតប់ខ្ញុំគ្មានប្រណីរហូតខ្ញុំទ្រាំមិនបានក៏លាបាតដៃស្ដាំប៉ះពួកវាម្នាក់មួយដៃ តែពួកវានៅតែវាយដំខ្ញុំទៀតរហូតខ្ញុំសន្លប់បាត់ស្មារតីក្រោមការស្រែកចេចចាចពីមិត្តរួមថ្នាក់ទាំងប៉ុន្មាន។
...
ខ្ញុំមិនដឹងថាសន្លប់យូរប៉ុណ្ណាហើយទេ តែបើកភ្នែកឡើងឃើញខ្លួនឯងកំពុងស្ថិតនៅបន្ទប់ដេករបស់ខ្ញុំ។ ស៊ីដាក់នៅក្បែរនេះ ហើយមើលមកខ្ញុំដោយកែវភ្នែកស្រទន់។ ស៊ីដាក់ជាមិត្តល្អបំផុតរបស់ខ្ញុំតែងជួយយកអាសារខ្ញុំ ហើយជួនកាលខ្ញុំអផ្សុកនឹងនៅម្នាក់ឯង ហៅវាមកដេកកំដរជាគ្នាទៀតផង។
«ស៊ីដាក់? អ្នកណានាំអញមកបន្ទប់ជួលអញ?» ខ្ញុំសួរវា។
«គឺកាលពីគេវ៉ៃឯងសន្លប់ អញ និងពួកមិត្តរួមថ្នាក់បានទៅការិយាល័យផ្ដល់ដំនឹងនេះទៅគ្រូៗ ខាងសាលាគេបញ្ជូនឯងមករុំរបួស និងដាក់ស៊ីរ៉ូមនៅពេទ្យ ហើយក៏ដឹកឯងមកបន្ទប់ជួលឯងវិញនឹងហ្អា! ម៉េច? នៅសុខមិនចង់ ទៅទាក់ទងសង្សាគេ!» វានិយាយ។
«អាឡប់ អញអត់មានដឹងរឿងស្អីសោះ ហើយអញមិនបានទាក់ទងស្នេហឺតអីជាមួយកាជីតុ ហេរ៉ាលីចាំងអីនឹងទេ គ្រាន់តែលេងសើចជាមួយគ្នាក្នុងនាមមិត្តរួមសាលាសោះ ពួកអានោះមកវ៉ៃតប់អញយ៉ាងកម្រោល។ ចំជាអត់ម៉ែឪប្រដៅមែនពួកអាគុក!»
«ខន្ដីញោម!» ស៊ីដាក់វាសម្រួលអារម្មណ៍ឆេវឆាវខ្ញុំ។
«អញខន្តីនឹងហើយទើបមិនតដៃនឹងវា,» ខ្ញុំតបបែបនេះ។ វាញញឹមហើយត ៖
«មិនតដៃឬតដៃមិនរួចហ្អា??»
«អានេះឡប់នៅតែឡប់មែន! ហើយចុះ គឺ...ពួក...ពួកអាវ៉ៃអញអស់នោះវាទៅណាអស់ហើយ?»
«ប៉ូលីសចាប់ទៅអប់រំអស់ហើយ! នៅប៉ុស្តិ៍ក្បែរព្រលានយន្តហោះ ត្នោតយួនតុង។»
បានដឹងថាប៉ូលីសចាប់ចឹងខ្ញុំអន់ខឹងគ្រាន់ កុំឱ្យពួកវាចេះតែហ៊ានបង្កហិង្សាលើរូបកាយគេស្រួលៗពេក។
ផាំ្ឌង.......
សំលេងអ្វីធ្ងន់ធ្លាក់លាន់រំពងរង្គើរធរណី។ ខ្ញុំចេញមកក្រៅទាំងកាន់ស៊ឺរ៉ូម ស៊ីដាក់ក៏វាចេញមកមើលដែរ។ យើងឃើញអណ្ដាតភ្លើង និងផ្សែងខ្មៅឈួលឡើងទៅលើអាកាសឆ្ងាយពីទីនេះ សំលេងស៊ឺរ៉ែន និងសំលេងអ៊ូអររបស់ប្រជាជនក្បែរនេះបានបន្លឺឡើងមួយរំពេជ។
នៅមិនទាន់ដឹងប្រាកដជាក់ថាជាហេតុការណ៍អ្វីឡើយ ម្នាក់ៗចេញមកមើលតាមផ្លូវកកកុញស្ទះចរាចរណ៍ដោយពួកគេចង្អុលសំដៅទៅផ្សែងខ្មៅដែលបង្ហាញក្រោយសំលេងធ្លាក់នោះ។
«ជាភ្លើងឆេះផ្ទះឬយ៉ាងណាទៅ?» មីងជាប់បន្ទប់ខ្ញុំនិយាយទៅកាន់ហ្វូងមហាជន តែអ្នកខ្លះទៀតប្រឆាំង។
«បើជាភ្លើងឆេះផ្ទះ ម៉េចក៏ឮសំលេងអីលាន់ខ្លាំងមួយរំពេជម៉្លេះ?»
«ប្រហែលផ្ទុះហ្គាស់!»
ម្នាក់ទៀតថា «ផ្ទុះហ្គាស់ស្អីរង្គើដីខ្លាំងបែបនេះ? ខ្ញុំកំពុងតែដេកម៉ិញស្រាប់តែរង្គើដូចគេលើកអង្រួន ភ័យស្លុតស្មារតីទៅហើយ»
«តិចពួកបោកគ្រាប់បែកវាចូលមកស្រុកខ្មែរទៅ?»
«ណែបងអ៊ុកកុំនិយាយផ្ដាស ពួកអៃស្វីុសនឹងវាមិនមកស្រុកខ្មែរទេ កុំចេះតែស្មាន។»
សំលេងមនុស្សនិយាយគ្នាលាន់ទ្រហឹងពេញផ្លូវ ហើយបុរសរត់ម៉ូតូឌុបម្នាក់ចង្អុលទៅតូបចឹងសានម៉ៅលក់គុយទាវ។
«ហើយគេរោមមើលអីនៅរោងគុយទាវនឹង?»
មនុស្សម្នារឈូរឆរទៅអើតមើលទូរទស្សន៍ហាងគុយទាវនោះ រួមទាំងខ្ញុំ និងស៊ីដាក់ផងដែរ។
នៅលើកញ្ចក់ទូរទស្សន៍វាគឺជាព័ត៌មានទាន់ហេតុការណ៍ផ្សាយបន្តផ្ទាល់ពីករណីធ្លាក់យន្តហោះនៅព្រលាន្ត។ យន្តហោះនោះចុះចតខុសបច្ចេកទេស ទម្លាក់កង់មកដីមុនដល់កន្លែងកំណត់ បណ្ដាលឱ្យធ្លាក់ត្រូវប៉ុស្ដិ៍ប៉ូលីសដែលនៅជាប់នោះត្រូវខ្ទេចម៉ត់ដូចគេដំកំប៉ុង ឯយន្តហោះនោះជ្រុលទៅបុកជញ្ជាំងរបងព្រលានខ្ទេចខ្ទីរស្លាប់មនុស្សដែលនៅក្នុងប៉ុស្ដិ៍ប៉ូលីសទាំងអស់ សាកសពដាច់ជាពីរបីកំណាត់។
ខ្ញុំបានដឹងដំនឹងក្រោយមកថា, ពួកក្រុមក្មេងស្ទាវដែលវាយដំខ្ញុំនោះស្លាប់ទាំងអស់។
តាំងពីពេលនោះមក, ខ្ញុំមានជំនឿលើបាតដៃស្ដាំខ្លួនឯងយ៉ាងមុតមាំ។ មិនដឹងថាដៃខ្ញុំនេះវាកើតស្អីទេ បានជាប៉ះនរណា អ្នកនោះត្រូវស្លាប់បែបនេះ។ ខ្ញុំត្រូវការពារមិនប៉ះនរណាទៀតឡើយ ព្រោះមិនចង់ឃើញរូបភាព ដំនឹងនៃសេចក្ដីស្លាប់របស់ពួកគេទេ។
យប់មួយ, ខ្ញុំបានយល់សុបិនចម្លែកតែវាគួរឱ្យឆ្ងល់ខ្លាំងណាស់។ អ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវថាយើងអាចឃើញតែមនុស្សដែលយើងធ្លាប់ឃើញតែប៉ុណ្ណោះក្នុងយល់សប្ដិ។ តែសម្រាប់សុបិនមួយនេះខ្ញុំបានឃើញនរណាម្នាក់ដែលមិនដែលជួបទាល់តែសោះក្នុងមួយឆាកជីវិត គាត់ជាលោកតាចាស់ជរាម្នាក់ពុកចង្ការក្រាស់សស្គុះ ផ្ទៃមុខពោរពេញដោយភាពជ្រីវជ្រួញ តែជ្រះថ្លា គាត់ចូលមកក្បែរខ្ញុំហើយប្រាប់៖
«ដល់ពេលដែលឯងបង្កគ្រោះថ្នាក់ដល់គេហើយ។»
ខ្ញុំមើលមុខគាត់ដោយភាពភ័យខ្លាចហើយសួរ៖
«តើមានរឿងអីកើតឡើងលើដៃខាងស្ដាំរបស់ខ្ញុំ? តើលោកតាបានដឹងទេ?»
«ដឹង តាដឹងតែទាំងអស់នឹង! កាលឯងនៅតូច, ឪពុកម្ដាយឯងបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ គាត់មុននឹងដាច់ខ្យល់ស្លាប់បានសុំតាជាគ្រូអាគមឱ្យដាក់ព្រលឹងគាត់ទាំងពីរទៅក្នុងដៃឆ្វេងស្ដាំរបស់ចៅ ព្រោះចង់ការពារចៅកុំឱ្យមានគ្រោះថ្នាក់ដូចពួកគាត់។ តែ, សំណាងអាក្រក់ តាច្រលំដាក់ព្រលឹងពួកគេទាំងពីរទៅដៃស្ដាំរបស់ចៅ ទើបព្រលឹងស្លូតក្លាយទៅជាកាចសាហាវ។ ពេលនោះមិនអាចដកបានភ្លាមៗទេទផបតាត្រូវរង់ចាំរហូតដល់ចៅឯងមានអាយុ១៦ឆ្នាំតាមការកំណត់នៃវេទមន្ត។ ឥឡូវដល់ពេលហើយ, ព្រលឹងម្ដាយឪពុកឯងបានក្លាយទៅជាឆ្គួតសម្លាប់គេឯង ឱ្យតែប៉ះ។ មិនអីទេ, មួយឆ្នាំនេះចៅត្រូវប្រយ័ត្នកុំប៉ះពាល់នរណា តែឆ្នាំក្រោយព្រលឹងនោះនឹងចេញដោយខ្លួនឯង ហើយឯងនឹងអស់ជីវិតត្រឹមហ្នឹង។»
ថាតែប៉ុណ្ណោះ, តានោះដើរចេញបាត់ទៅ។ ខ្ញុំក៏ភ្ញាក់ពីយល់សប្ដិហើយគិតពីពាក្យបណ្ដាំរបស់គាត់។ តើវាជាកម្មអីខ្ញុំបានជាត្រូវរស់ជាមួយនឹងដៃគ្រោះថ្នាក់នេះដល់ទៅមួយឆ្នាំ? ខ្ញុំចង់ដោះអំពើនេះឱ្យបានឆាប់ៗ។
ខ្ញុំទ្រាំរស់នៅដោយប្រុងប្រយ័ត្នអស់ពេលជាច្រើនខែរហូតដល់ខែបញ្ចប់ ថ្ងៃបញ្ចប់ នៅសល់តែប៉ុន្មានម៉ោងទៀតនឹងចូលឆ្នាំថ្មីហើយ។ ខ្ញុំរំភើបព្រោះនឹងបានរួចពីអំពើមរណនេះហើយក្លាយទៅជាមានសេរីភាពឆាប់ៗនេះហើយ។
ខ្ញុំដើរចេញទៅក្រៅ មនុស្សម្នារមិនសូវមានទេតាមដងផ្លូវ ខ្ញុំកាន់ទូរស័ព្ទលេងFacebook ប៉ុន្មានម៉ោងទៀតដៃខ្ញុំនឹងលែងមានគ្រោះថ្នាក់ដល់គេហើយ។ ម៉ោង១១ និង៥៥នាទី មនុស្សក្នុងទីក្រុងស្ងាត់ឈឹងចូលនិន្ទាគ្រប់ៗអាត្មានៅតែខ្ញុំម្នាក់ឯងដែលអង្គុយចុចទូរស័ព្ទក្រៅបន្ទប់មើលផ្លូវដ៏ស្ងាត់ឈឹង និងស្រង៉េះស្រង៉ោច។
រំពេជនោះ, ខ្ញុំបានឮសំឡេងសម្រឹបជើងមនុស្សមួយក្រុមដើរ។ វាគឺជាអ្នកលេងក្មេងស្ទាវរាត្រីមួយក្រុមដែលគេល្បីថាពួកវាពូកែលួចប្លន់ និងចាប់ជំរិត។
ខ្ញុំព្រឺប្រាណពេលពួកវាដើរតម្រង់មកខ្ញុំដោយក្ដាប់ដៃណែន។
«អីយ៉ាស់! iPhone 6s ទៀតវ៉ើយ! ឱ្យមកអញស្រួលៗមកបើមិនចង់ឈឺសាច់។» អាម្នាក់មាឌធំជាងគេក្នុងក្រុមនិយាយឡើង។ មុខវាសុទ្ធតែសម្លាកស្នាមដេរ។ ខ្ញុំចាប់ផ្ដើមគិតពីដៃខាងស្ដាំរបស់ខ្ញុំហើយប៉ះមុខវា។
«ឯងប្រាកដជាស្លាប់! ចេញឱ្យឆ្ងាយទៅពួកអាឡប់!» ខ្ញុំនិយាយព្រមទាំងប្រុងរត់ចូលបន្ទប់វិញតែត្រូវវាចាប់ជាប់។ ខ្ញុំក្រឡេកមើលទៅអេក្រង់ទូរស័ព្ទបង្ហាញថាម៉ោង១២ និង២នាទីទៅហើយ ពុទ្ធោអើយ ដៃខ្ញុំលែងមានប្រសិទ្ធភាពហើយ តែយ៉ាងណាខ្ញុំមិនចង់បាត់បង់ទូរស័ព្ទទេដូច្នេះទើបប្រឹងរត់ចេញពីទីនេះ។ ខ្ញុំប្រឹងរត់តាមថ្នល់ ពួកវាតាមមកប្រកិត ដោយរត់លឿនពេកស្រាប់តែមានរថយន្តធំមួយបរមកចំពីមុខ ខ្ញុំមិនមានពេលនឹងស្រែកឡើយ រថយន្តនោះបរមកបុកទាំងកម្រោលបំបែកលលាដ៏ក្បាលខ្ញុំបែកខ្ទេចដូចបោកឪឡឹក។
----
ខ្ញុំបើកភ្នែកឡើងឃើញខ្លួនឯងនៅវាលរហោដ្ឋានមួយនៃរាត្រីងងឹត តែមិនងងឹតដល់ថ្នាក់មើលអីមិនឃើញឡើយ។ បុរសមាឌធំម្នាក់ញញឹមមកកាន់ខ្ញុំហើយនិយាយ ៖
«យ៉ាងម៉េច? ងើបហើយឬ? មកតាមខ្ញុំទៅកាត់ទោសកំហុសរបស់ឯង។»
ខ្ញុំដើរតាមគេទៅមុខ មានមនុស្សដើរទៅប្រហែល១០នាក់រួមដំណើរជាមួយខ្ញុំ។ ខ្ញុំឃើញពួកគេទាំងអស់មានទឹកមុខស្រពាប់ស្រពោន និងទុក្ខព្រួយ។ ដើរទៅមុខយូរណាស់ហើយមិនដឹងជាទៅដល់ណាឡើយទើបឈប់ តែយើងទាំងអស់ចេះតែដើររឡើកៗតាមបុរសដែលមានរូបរាងដូចយមបាលនោះ នៅតាមផ្លូវស្ងាត់ឈឹង គ្មាននរណានិយាយស្អីមួយម៉ាត់ នេះហើយជាឋាននរក ខ្ញុំទើបតែបានមកឋាននរកជាលើកទីមួយនេះអ្ហែង មិននឹកថាវាស្ងប់ស្ងាត់បែបនេះ ហើយគ្មានអីគួរឱ្យខ្លាចដូចក្នុងកុននោះទេ។ ខ្ញុំងាកទៅខាងស្ដាំឃើញបងស្រីម្នាក់យកដៃខ្ទប់ពោះកំប៉ោងរបស់គាត់ដែលមានឈាមហូរមិនដាច់។ បួននាក់ទៀតជាយុវវ័យដែលមានឈាមហូរមុខរឡាក់រឡេះ អ្នកសល់ប៉ុន្មានទៀតនោះក៏មានសណ្ឋានដូចគ្នា ពោរពេញទៅដោយភាពរន្ធត់ បែកឈាម ធ្លាយក្បាល ធ្លាយខួរ។
«ឯងមិនបាច់ឆ្ងល់ទេ ទាំងឯង និងពួកគេគឺសុទ្ធតែស្លាប់ដោយជួបគ្រោះថ្នាក់ ខ្ញុំមាននាទីប្រមូលព្រលឹងខ្មោចណាដែលស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗហើយត្រូវនាំព្រលឹងទាំងឡាយទៅជួបយមរាជធំទាំងអស់ដើម្បីធ្វើការកាត់ទោសដ៏សាកសមបំផុតសម្រាប់ទង្វើដែលពួកឯងធ្វើកាលពីនៅរស់។»
យើងដើរទៅមុខបន្តហើយក៏ឃើញកៅអីធំមួយរបស់នរណាម្នាក់។ គាត់នេះហើយឬជាយមបាល? មុខគាត់ដូចជាមិនកាចអីទេ តែម៉ឺងម៉ាត់ម៉ត់ចត់ មាឌគាត់ធំសែនធំ ធំលើសមនុស្សធម្មតាបីដង។ គាត់សម្លឹងមើលយើងរាល់គ្នាហើយនិយាយ ៖
«មកចូលមក ចូលមកមុខយើងនេះម្នាក់ម្ដងមក យើងធ្វើការកាត់ទោស។»
ស្ត្រីពោះធំនោះជាជនដំបូងដែលត្រូវចូលទៅធ្វើការកាត់ទោស។
«ថ្ងៃនេះមិនសូវមានអ្នកស្លាប់ បើថ្ងៃខ្លះត្រូវចាំរាប់ម៉ោងឯណោះទម្រាំដល់វេន។» លោកយមបាលដែលឈរក្បែរខ្ញុំនោះនិយាយខ្សឹបប្រាប់ខ្ញុំតែខ្ញុំគ្មានអារម្មណ៍នឹងញញឹមដាក់គាត់ទេ ព្រោះរវល់តែសម្លឹងមើលទៅនារីពោះធំ។ លោកយមរាជក្រោកឈរឡើងហើយចង្អុលទៅនារីពោះធំ។ គាត់និយាយឮល្មមៗ៖
«មើលអ្នកនាង! ហេតុអីបានអ្នកនាងស្លាប់?»
ស្ត្រីនោះយំហើយមើលទៅពោះរបស់ខ្លួនឯងរួចនិយាយ ៖
«ខ្ញុំមិនបានដឹងស្អីទេលោកយមរាជ ដេកសុខៗក៏ស្លាប់តែម្ដង។»
«តើអ្នកនាងមានដឹងថាខ្លួនឯងស្លាប់ទេ?»
«ចាស ខ្ញុំដឹង តែមិនដឹងមូលហេតុអីបានស្លាប់។»
លោកយមរាជសម្លឹងទៅបុរសមាឌមាំម្នាក់ដែលឈរខាងស្ដាំដៃគាត់ ហើយបង្គាប់ ៖
«រ៉ាដូ ! ទៅយកទិន្នន័យទាំងអស់ដែលទាក់ទងនឹងអ្នកនាងម្នាក់នេះ មកឱ្យខ្ញុំពិនិត្យ។»
បុរសនោះដើរទៅយកអ្វីម្យ៉ាងពីរូងខាងក្រោយហើយត្រលប់មកវិញជាមួយនឹងផ្ទាំងកញ្ចក់អេឡិចត្រូនិចមួយ។ គាត់ហុចឯកសារក្រដាសទៅលោកយមរាជហើយបង្ហាញជាខ្សែវីដេអូអំពីស្ត្រីពោះធំនោះ។ ក្នុងវីដេអូនោះបានបង្ហាញពីបុរសម្នាក់បានដាក់ថ្នាំសណ្ដំក្នុងកែវទឹកហើយហុចឱ្យស្ត្រីនោះផឹក។
«ពុទ្ធោប្ដីខ្ញុំដាក់ថ្នាំបំពុលខ្ញុំ???» ស្ត្រីពោះធំនោះស្រែកខ្លាំងៗដោយកំហឹង។ «ខ្ញុំមិនគួរស្លាប់ទេ លោកយមរាជគួររកយុត្តិធម៌ឱ្យខ្ញុំ!»
«សូមអ្នកស្រីធ្វើចិត្តឱ្យស្ងប់សិនហផយមើលសកម្មភាពបន្តទៀតទៅមើល។» យមបាលដែលឈរក្បែរខ្ញុំនិយាយ។
ក្នុងវីដេអូកញ្ចក់ធំនោះបង្ហាញថាបន្ទាប់ពីស្ត្រីនោះគាត់ផឹកទឹកកែវហើយ គាត់ក៏ដួលសន្លប់ ហើយប្ដីគាត់នោះលើកគាត់បោះទៅដីពីផ្ទះខ្ពស់ បណ្ដាលឱ្យគាត់បែកឈាមដាច់ខ្យល់ស្លាប់។
«ប្ដីអ្នកនាងមានប្រពន្ធចុង ទើបសម្លាប់អ្នកស្រីចោលបែបនេះ!»
«ចា ខ្ញុំស្លាប់ក៏សុខចិត្តតែសូមលោកយមរាជមេត្តាដាក់ទោសប្ដីខ្ញុំផង ឱ្យវាស្លាប់តៃហោងសាហាវជាងខ្ញុំទៅចុះលោក។»
«ខាងខ្ញុំបានត្រឹមតែកាត់ទោសកំហុសដែលមនុស្សបានសាងប៉ុណ្ណោះ មិនអាចកំណត់ជោគជតាជីវិតនរណាបានឡើយអ្នកនាង សូមអ្នកនាងយល់។» យមរាជនិយាយព្រមទាំងដកដង្ហើមធំ។ គាត់បន្ត «សូមអ្នកនាងប្រាប់ខ្ញុំឱ្យត្រង់មក តើអ្នកនាងបានធ្វើអំពើអាក្រក់អីខ្លះកាលនៅរស់?»
«គ្មានទេ ខ្ញុំមានតែធ្វើបុណ្យ។»
«ចឹងសូមអ្នកនាងដើរឆ្លងស្ពាននោះចុះ បើអ្នកនាងនិយាយពិត ហើយគ្មានបាបទេ, អ្នកនាងប្រាកដជាដើរផុត តែបើអ្នកនាងនិយាយកុហក ហើយមានបាប អ្នកនាងនឹងធ្លាក់ទៅទន្លេភ្លើងខាងក្រោម ហើយទទួលទោសតាមទំហំបាប។»
នារីនោះអង្អែលពោះរួញរារនឹងដើរឆ្លង ៖
«ខ្ញុំសូមសារភាពលោក ខ្ញុំបានជះទឹកអាស៊ីតដាក់នាងប្រពន្ធចុង នៅមុនថ្ងៃដែលខ្ញុំស្លាប់មួយថ្ងៃ។»
«ល្អៗ សារភាពគឺល្អហើយ នាងនឹងបានទៅចាប់ជាតិហើយ តែនាងនឹងក្លាយជាមនុស្សឃ្លង់រលួយមុខមួយជីវិត បើមិនចង់ទេ ចូរចុះទៅលាងបាបក្នុងទន្លេភ្លើង។»
«ខ្ញុំសុំលាងបាប!»
ថាហើយ ខាងភ្នាក់ងារយមបាលបីបួននាក់បានចាប់អ្នកនាងនោះទៅក្បែរស្ពានវែងប្រវែងប្រហែល១០ជំហាន ស្ពាននេះគ្មានបង្កាន់ដៃឡើយ បើរអិលប្រាកដជាធ្លាក់ចូលទន្លេភ្លើងសែនក្ដៅ។ ខាងភ្នាក់ងារបានបោះស្ត្រីពោះធំនោះចូលក្នុងទន្លេភ្កើងដែលក្ដៅសែនក្ដៅនោះ។
«អ្នកបន្ទាប់!» យមរាជនិយាយ។
អ្នកបន្ទាប់គឺជាខ្ញុំនេះហើយ។ ខ្ញុំមានអារម្មណ៍ភ័យព្រួចក្នុងពោះ ដូចជាខ្លាចយ៉ាងម៉េចមិនដឹងទេ តែខ្ញុំប្ដេជ្ញាថានឹងនិយាយឆ្លើយនូវការពិតទាំងអស់ដែលលោកយមរាជសួរ។
«អាអូនឯងថីបានស្លាប់?»
«ខ្ញុំត្រូវឡានកិនក្បាល!» ខ្ញុំនិយាយទាំងមិនរួញរារ។
«ហើយធ្លាប់ធ្វើអំពើអាក្រក់អីខ្លះ?»
«ខ្ញុំមិនដែលធ្វើអំពើអាក្រក់អីទេ តែ...ខ្ញុំបានសម្លាប់មនុស្សជាច្រើនដោយអចេតនាជាទីបំផុត។»
ខាងក្រុមពិចារណាកំហុសបានមើលខ្សែវីដេអូតាំងពីខ្ញុំកើតរហូតដល់ស្លាប់ឃើញថាវាជាទោសយ៉ាងពិបាកនឹងកាត់។
«ម៉ាក់ប៉ាវាបានចាប់ជាតិហើយ តែព្រលឹងគាត់កំណាចហួសហេតុដើរសម្លាប់គេឯងតាមរយៈដៃខាងស្ដាំរបស់ក្មេងនេះ ចឹងពីរនាក់នេះនឹងទទួលទោសចិញ្ចឹមកូនពិការមួយជីវិត។ តើលោកទាំងអស់គ្នាយល់យ៉ាងណាដែរ?»
«ខ្ញុំគាំទ្រ!»
«គាំទ្រ!»
ខ្ញុំសម្លឹងមើលមុខពួកគេទាំងមិនយល់។ តើពួកគាត់កំពុងកាត់ទោសខ្ញុំ ឬក៏ម៉ាក់ប៉ាខ្ញុំហ្នឹង?
«អានាង! ដើរឆ្លងស្ពានទៅត្រើយខាងណោះទៅ ភ្នាក់ងារយើងនឹងឱ្យទឹកឯងផឹក វាជាទឹកដែលធ្វើឱ្យឯងភ្លេចជាតិនេះ ហើយចាប់កំណើតនូវជាតិថ្មី។ ទៅចុះ ឯងគ្មានបាប គ្មានបញ្ហាអីទេ!»
ខ្ញុំធ្វើតាមគាត់។ ខ្ញុំដើរឆ្លងស្ពានតូចនោះយ៉ាងមានសុវត្ថិភាព។ នៅចុងត្រើយមានយាយចាស់ម្នាក់កំពុងកាន់ផ្តឹលទឹកមួយជាទឹកខ្មៅខាប់ ហើយហុចវាមកខ្ញុំ។
«ហាក?លោកយាយ?» ខ្ញុំភ្លាត់មាត់ដោយភ្ញាក់ផ្អើល។ គាត់គឺលោកយាយខ្ញុំដែលបានស្លាប់ច្រើបឆ្នាំមកហើយ។ «ហេតុអីក៏លោកយាយមកធ្វើការនៅឋាននរកយ៉ាងនេះ?»
«ចៅសម្លាញ់យាយទេតើ កុំមាត់ឮពេក,» លោកយាយខ្សឹបខ្សៀវ។ «យាយមានបាបច្រើនទើបត្រូវធ្វើជាអ្នកដួសទឹកបំភ្លេចជាតិនេះជំនួសអ្នកមុន យាយត្រូវធ្វើការនេះ២០ឆ្នាំទៀតណាចៅ មិនអីទេ ទីនេះគ្មានអីវេទនាឡើយសម្រាប់យាយ ចូរចៅផឹកទឹកនេះហើយដើរចូលទ្វារមាសនោះទៅចាប់ជាតិចុះ។»
ខ្ញុំសម្លឹងទៅភ្នែកដ៏ស្រទន់របស់លោកយាយជាទីស្រលាញ់ ហើយសម្លឹងមើលទៅទឹកក្នុងផ្តិលត្រឡោក។
«វាជាទឹកអីនឹងលោកយាយ?» ខ្ញុំសួរ។
«វាជាទឹកបំភ្លេចជាតិ មានរសជាតិសែនមហាជូរ ផឹកចុះចៅ វានឹងលុបការចងចាំទាំងអស់របស់ចៅ ហើយទៅចាប់កំណើតក្នុងជាតិថ្មី។»
«យាយម៉ាន់? សំណេះសំណាលអីនឹង? ឆាប់ឱ្យគេផឹកទឹកបំភ្លេចជាតិនោះឱ្យលឿនឡើង!» លោកយមរាជស្រែកពីចម្ងាយមក។
«ផឹកទៅចៅ មិនអីទេ ផឹកទៅ។»
«ខ្ញុំសុំមិនផឹកបានទេលោកយាយ?» ខ្ញុំសំពះសុំអង្វរ។ «ខ្ញុំមិនចង់ភ្លេចជាតិទេ!»
«មិនបានទេចៅ, ផឹកទៅ វាធ្វើឱ្យចៅភ្លេចការចងចាំដ៏រញេរញ៉ៃនៃជាតិនេះ!» លោកយាយហុចវាមកក្បែរមាត់ខ្ញុំ។
«សូមអង្វរលោកយាយ ចៅមិនចង់ភ្លេចលោកយាយជាទីស្រលាញ់របស់ចៅទេ។» ខ្ញុំសំពះទាំងទឹកភ្នែក ហើយលោកយាយអានិតខ្ញុំជាខ្លាំង។ គាត់ញញឹមហើយងក់ក្បាល។
«អញ្ចឹងកុំនិយាយពីឋាននេះឱ្យសោះណាចៅ ហើយនោះចូលទៅក្នុងទ្វារនោះទៅ វានឹងប្រែរូបចៅឱ្យក្លាយជាមេជីវិតមួយ។»
ខ្ញុំដើរចូលទ្វារនោះតាមការប្រាប់របស់យាយ។ គ្រាន់តែចូលមកភ្លាម ខ្ញុំមានអារម្មណ៍ថាជុំវិញខ្លួនចាំងចែងៗចាំងអស់ពេលដ៏យូរខែឆ្នាំ មិនដឹងយូរប៉ុណ្ណានោះទេ។ ខ្ញុំដឹងថាខ្លួនឯងកំពុងស្ថិតនៅក្នុងក្រពេញទឹកកាមរបស់មនុស្សប្រុស។ ខ្ញុំពេលនេះក្លាយជាមូលីគុលមេជីវិតដ៏សែនដូចហើយក្រោយមក, ទីបំផុត ខ្ញុំបានចេញមកក្រៅហើយ។ តែ,អេ? វាដូចជាចូលទៅទីមួយដែលទីនោះហើយបានបង្កជីវិតខ្ញុំឡើងឱ្យក្លាយជាដុំសាច់តូចមួយ។ បីបួនខែក្រោយមក ខ្ញុំអាចកម្រើកបានតែដូចជាខ្វះៗអ្វីម្យ៉ាង។ នៅក្នុងនេះចង្អៀតក្ដៅណាស់ ខ្ញុំចង់ចេញពីទីនេះឆាប់ៗ។ នេះជាជីវិតក្នុងផ្ទៃពោះមែនទេ? បើខ្ញុំព្រមផឹកទឹកបំភ្លេចជាតិនោះប្រាកដជាគ្មានទទួលអារម្មណ៍ធុញទ្រាន់បែបនេះឡើយ។ ជាញឹកញាប់ ខ្ញុំឃើញពន្លឺប្រាចៗចូលមកទីនេះ វាគឺជាពន្លឺនៃការថតអេកូអេឡិចត្រូនិច។ ខែទី៩ ខ្ញុំមានកម្លាំងគ្រប់គ្រាន់នឹងរើបម្រាស់ចេញពីទីនេះ ខ្ញុំប្រឹងរើយ៉ាងលំបាកលំបិនដើម្បីចេញពីផ្ទៃពោះដ៏តូចចង្អៀតនេះ។ ខ្ញុំប្រើតែជើងទធាក់ៗអស់ពេលយ៉ាងយូរហើយទីបំផុតមានដៃពេទ្យឆ្មបម្នាក់ទាញខ្ញុំចេញមក។ ខ្ញុំមើលឃើញ ស្ដាប់ឮ ខ្ញុំឃើញមុខបុរសម្នាក់ញញឹមមកកាន់ខ្ញុំដោយបង្កប់ទុក្ខ គាត់គឺជាប៉ាខ្ញុំ។ ពេទ្យឆ្មបម្នាក់និយាយ៖
«កូននេះស្អាតណាស់! តែអភ័ព្វអីកើតមកគ្មានដៃទាំងពីរដូច្នេះ?»
ស្ដាប់សម្ដីនេះភ្លាមខ្ញុំរញ្ជួយចង់និយាយក៏បានត្រឹមតែស្រែកយំ ខ្ញុំនឹកឃើញដល់សម្ដីយមរាជពេលកាត់ទោស តាមពិតប៉ាម៉ាក់ថ្មីខ្ញុំនេះជាប៉ាម៉ាក់ខ្ញុំកាលពីជាតិមុន។ លោកយមរាជកំណត់ឱ្យខ្ញុំគ្មានដៃបែបនេះព្រោះខ្លាចដៃខ្ញុំបង្កគ្រោះថ្នាក់ដល់គេដូចជាតិមុនទៀត និងមួយទៀតគឺដើម្បីដាក់ទោសដល់ប៉ាម៉ាក់ខ្ញុំដែលបានធ្វើតែអំពើអាក្រក់កាលពីជាតិមុន ហើយជាតិនេះត្រូវចិញ្ចឹមកូនពិការដៃមួយជីវិត៕
ចប់
រឿង បាតដៃស្ដាំ
Reviewed by Unknown
on
7:41 PM
Rating: