រឿង ចាប់ជាតិ
ខ្ញុំមិនចាំថាបានឃើញឡានដែលមកបុកខ្ញុំនោះឡើយ។ អ្វីចុងក្រោយបំផុតដែលខ្ញុំចាំបានគឺដើរពីសាលាទៅផ្ទះ។ ខណៈដែលខ្ញុំជាន់លើចិញ្ចើមផ្លូវ, ខ្ញុំឮសំឡេងស្រែកឱ្យខ្ញុំឈប់។ ក្នុងពេលហ្នឹងខ្ញុំមិនទាំងដឹងថាវាស្រែកសម្ដៅមកខ្ញុំផង។ ខ្ញុំគួរតែបានយកចិត្តទុកដាក់ជាងនេះ។
ឡាននោះប្រាកដជាបានជិះក្នុងល្បឿនលឿនខ្លាំងហើយ ព្រោះខ្ញុំបានដាច់ខ្យល់ស្លាប់មួយរំពេជ។ មួយនាទីមុន ខ្ញុំដើរទៅផ្ទះយ៉ាងរីករាយ, គិតពីគម្រោងនៃចុងសប្ដាហ៍ជាមួយមិត្តភក្ដិ។ បន្ទាប់មកខ្ញុំក៏ភ្ញាក់ឡើងនៅលើគ្រែចម្លែក, និងរាងកាយចម្លែក។
វាចម្លែកណាស់, ខ្ញុំបានមានការចងចាំកាលពីជាតិមុនរបស់ខ្ញុំ។ ការចងចាំពីអ្វីដែលខ្ញុំកំពុងសន្និដ្ឋាននេះគឺជីវិតនេះ, គឺដូចមិនច្បាស់លាស់សោះ។ ដូចជាពាក់កណ្ដាលនៃសុបិនដែលចាំបាន។ ខ្ញុំត្រូវការទៅក្រៅ។ ផ្ទះនេះក្ដៅណាស់។ ខ្ញុំងើបចេញពីគ្រែហើយស្ទើតែដួលវិញទៅហើយ។ រាងកាយនេះដូចជាចម្លែកណាស់, វាពិតជាធំជាងរាងកាយពីមុនរបស់ខ្ញុំឆ្ងាយណាស់។ ខ្ញុំព្យាយាមរក្សាលំនឹងខ្លួនហើយងើបដើរទៅទូខោអាវដែលខ្ញុំឃើញដែលនៅជាប់ជញ្ជាំង។
សម្លៀកបំពាក់ទាំងអស់ក្នុងនេះមើលទៅដូចជាវាជាកម្មសិទ្ធរបស់ជនដទៃដែលមិនមែនជាខ្ញុំពីមុនមក, គឺសុទ្ធតែជាសម្លៀកបំពាក់បុរសមាឌធំ។ បុរសដែលខ្ញុំបានមកនៅក្នុងរាងកាយគាត់នេះប្រាកដជានៅតែម្នាក់ឯង។ ខ្ញុំមិនឃើញអ្វីដែលជាកម្មសិទ្ធអ្នកផ្សេងទៀតឡើយ។ ខណៈដែលខ្ញុំស្លៀកពាក់ ខ្ញុំឃើញថាខ្ញុំកំពុងតែអាចគ្រប់គ្រងរាងកាយនេះបានល្អជាងមុន។ ខ្ញុំមានអារម្មណ៍ថារក្សាលំនឹងបានល្អហើយ។
ពេលខ្ញុំចាកចេញពីបន្ទប់ដេកនោះ ខ្ញុំឃើញថានៅខាងមុខមិនឆ្ងាយប៉ុន្មានពីទីនេះគឺជាជណ្ដើរ។ ខ្ញុំដើរចុះទៅក្រោមដោយសង្ឃឹមថានឹងមានទ្វារមុខនៅជាន់ក្រោម។ បើសិនជាអាច ខ្ញុំមិនចង់ចំណាយពេលនៅក្នុងផ្ទះនេះទៀតទេ។
ខ្ញុំគិតត្រូវហើយ, ខ្ញុំអាចឃើញពន្លឺព្រះអាទិត្យចាំងចេញពីបង្អួចពីរដែលនៅសងខាងទ្វារដែលនៅខាងចុងឯណោះ។ ខ្ញុំដើរលឿនស្ទើតែរត់ទៅហើយ។ ដោយអារម្មណ៍ពុះកញ្ជ្រោល ខ្ញុំដើរស្ទុះទៅរកទ្វារ។ ខ្ញុំត្រូវការចេញទៅខាងក្រៅ។
ខណៈដែលភ្នែកខ្ញុំសម្លឹងទៅពន្លឺចិញ្ចែងនៅខាងក្រៅនេះ ខ្ញុំឃើញពីរយ៉ាងក្នុងពេលតែមួយ។ ទីមួយគឺរថយន្តដែលកំពុងបើកក្នុងល្បឿនយ៉ាងលឿននៅជ្រុងខាងណោះផ្លូវ។ ទីពីរគឺក្មេងប្រុសជំទង់ម្នាក់ស្លៀកពាក់ឯកសណ្ឋានជាសិស្សកំពុងប៉ាកជើងដើរលើចិញ្ចើមផ្លូវ។ «ឈប់!!» ខ្ញុំស្រែក, ដោយដឹងថាខ្ញុំពីមុននោះនឹងមិនខ្វល់ពីសម្ដីនេះឡើយ៕
ចប់
រឿង ចាប់ជាតិ
Reviewed by HeNa
on
2:15 PM
Rating:
