>
  • ទំព័រដើម
  • រឿង ទារករាត្រីគ្រោះថ្នាក់


    សំឡេងមនុស្សស្រែកនៅខាងក្រៅផ្ទះទៀតហើយ។ ដូចជាសំឡេងកំពុងវាយដំដោយហឹង្សា និងសំឡេងស្រែកថ្ងួចថ្ងូរដោយការឈឺចាប់ពើតផ្សា អាក្រក់ស្ដាប់ខ្លាំងណាស់។ សំឡេងកូនង៉ាយំក៏បន្លឺឡើងខ្លាំងៗ។ ខ្ញុំលើកពរកូនស្រីតូចអាយុ៤ខែរបស់ខ្ញុំដាក់ក្បែរទ្រូងដោយថ្នាក់ថ្នម និងក្ដីស្រឡាញ់ពុំមានអ្វីនឹងធៀបបាន។ បន្ទាប់ពីសម្រែកដ៏អាក្រក់នោះបន្លឺមួយសន្ទុះក៏ស្ងាត់ទៅវិញជំនួសឱ្យភាពស្ងាត់ឈឹងនៃផ្លូវមុខដ៏ងងឹតសូន្យសុង។

    កូនខ្ញុំនៅបន្តស្រែកយំ ខ្ញុំព្យាយាមលួងលោមឱ្យបាត់យំ។

    ប៉ុន្មានថ្ងៃនេះមានឃាតកដ៏សាហាវម្នាក់តែងដើរសម្លាប់គេឯងនាពេលរាត្រី និងចូលសម្លាប់មនុស្សតាមផ្ទះដោយឧបាយកលយ៉ាងសាហាវ។ ប៉ូលីសធ្វើការយឺតយ៉ាវពេកហើយសម្រាប់ការតាមចាប់ឃាតកនេះ អ្វីដែលពួកប៉ូលីសផ្ដាំគឺត្រូវការពារខ្លួន បិទទ្វារបង្អួចឱ្យជិតនាពេលយប់។ ខណៈពេលនេះ ឃាតកសម្លាប់មនុស្សមិនរើសមុខនោះកំពុងតែឈរនៅមុខផ្ទះខ្ញុំហើយ។ បេះដូងខ្ញុំលោតញាប់រន្ថើន។ ខ្ញុំអង្អែលខ្នងកូនតូចឱ្យគេងលក់លើភ្លៅ ទោះយ៉ាងណាខ្ញុំនឹងការពារនាង។ ផ្ទះនេះខ្ញុំនៅតែម្នាក់ឯង ព្រោះប្ដីខ្ញុំបានទៅធ្វើការតាមខេត្តច្រើនថ្ងៃមកហើយ។ ខ្យល់នៅខាងក្រៅបក់ចូលតាមបង្អួចដែលបែកកញ្ចក់ចូលមកដល់ក្នុងបន្ទប់ទទួលភ្ញៀវនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍រងារ។ ពន្លឺអគ្គិសនីដែលជះមកលើរាងកាយខ្ញុំនេះ ល្មមឱ្យជនណាដែលនៅក្រៅផ្ទះអាចឃើញបានយ៉ាងច្បាស់ក្រឡែត។

    ក្រាក...

    សំឡេងនរណាម្នាក់ផ្លោះរបងចូលមក ហើយនិងសំឡេងជំហានជើងដើរតម្រង់មកទ្វារមុខ។ កាន់តែភ័យខ្លាំងឡើង, ខ្ញុំលើកកូនតូចសំណព្វបេះដូងរបស់ខ្ញុំដាក់លើទ្រូងថ្នមៗ ខ្ញុំអង្អែលខ្នងវាហើយដៃខ្ញុំស្រវាចាប់កកូនហើយប្រើកម្លាំងដៃរបស់ខ្ញុំកាច់មួលបំបាក់ឆ្អឹងកកូនតូចបាក់លាន់សំឡេង ផស់ គួរឱ្យសង្វេក។ កូនស្រីខ្ញុំដាច់ខ្យល់ស្លាប់ក្នុងមួយប៉ប្រិចភ្នែក។

    សំឡេងឃាតកនោះវ៉ៃបង្អួចបាក់ខ្ទេចហើយចូលមកក្នុងនេះរួចរត់សម្ដៅមកខ្ញុំ។ ខ្ញុំមិនខ្លាចស្លាប់នោះទេ យ៉ាងណាខ្ញុំបានធ្វើឱ្យកូនស្រីតូចជាទីស្រឡាញ់របស់ខ្ញុំរួចផុតពីការឈឺចាប់ទាំងឡាយហើយ៕

    ចប់
    រឿង ទារករាត្រីគ្រោះថ្នាក់ រឿង ទារករាត្រីគ្រោះថ្នាក់ Reviewed by HeNa on 6:29 PM Rating: 5
    Loading...
    Powered by Blogger.