>
  • ទំព័រដើម
  • រឿង បុរសញញឹម

     
    ដោយ : វ៉ាថារ៉ូ

    ខ្ញុំឈ្មោះថារ៉ូ ហើយកាលពីកុមារភាពរបស់ខ្ញុំគឺមិនធម្មតាឡើយ។ គឺមិនអាចរកអ្វីមកប្រៀបបានទេ។ មានអ្វីម្យ៉ាងបានកើតឡើងលើគ្រួសារខ្ញុំហើយស្ទើតែមិនមានអ្វីនឹងអាចពន្យល់បាន។ តែខ្ញុំនឹងព្យាយាមពន្យល់តាមដែលខ្ញុំអាចធ្វើបានអំពីទាំង៥ឆ្នាំនោះ។ ៥ឆ្នាំនៃជីវិតរបស់ខ្ញុំដែលរស់នៅក្នុងភាពរន្ធត់តក់ស្លុត។ ៥ឆ្នាំដែលយើងទាំងអស់បានរស់នៅដោយភាពភ័យខ្លាច។ ៥ឆ្នាំដែលយើងនឹងមិនត្រឡប់។

    ប៉ារបស់ខ្ញុំឈ្មោះផិន, ហើយគាត់មិនសូវជាមានកម្លាំងខ្លាំងប៉ុន្មាននោះទេ, ទាំងខាងរាងកាយ និងប្រាជ្ញា។ គាត់ជាប្រភេទប៉ាដែលជាញឹកញាប់ឱ្យម៉ាក់និយាយជំនួស។ គាត់ប្រឹងប្រែងធ្វើការហើយមានពេលទំនេរជាមួយយើង, ដែលត្រូវជាគ្រួសាររបស់គាត់។ គាត់ប្រាកដចិត្តជានិច្ចថាអ្វីដែលយើងត្រូវការគឺការព្រួយបារម្ភពីគាត់, ក្នុងនាមជាប៉ា និងជាអ្នកផ្ដល់ភាពកក់ក្ដៅក្នុងគ្រួសារ។

    ម៉ាក់របស់ខ្ញុំឈ្មោះ ម៉េងកា, ដែលជាមេគ្រួសារយើង។ គាត់និយាយច្រើន, មានឯករាជ, និងមានឥទ្ធិពលសម្រាប់យើងណាស់។ គាត់ស្រឡាញ់ប៉ាខ្ញុំក្នុងផ្លូវស្ងៀមស្ងាត់, ហើយទោះជាខ្ញុំនៅក្មេងក៏អាចឃើញនូវចិត្តស្រឡាញ់ពិតៗយ៉ាងខ្លាំងក្លារវាងពួកគាត់ទាំងពីរ។

    ប្អូនស្រីតូចរបស់ខ្ញុំឈ្មោះផានី, ដែលមានអាយុក្មេងជាងខ្ញុំមួយឆ្នាំ។ នាងតែងនៅក្បែរខ្ញុំហើយប៉ាខ្ញុំតែងប្រាប់ខ្ញុំថាវាជាទំនួលខុសត្រូវរបស់ខ្ញុំក្នុងការមើលថែនាង។ យើងរស់នៅយ៉ាងសុខសាន្ត, ហើយទោះខ្ញុំប្រដៅនាងតឹងរឹង, ខ្ញុំពិតជាស្រឡាញ់នាងណាស់។

    យើងរស់នៅកណ្ដាលសហគមមួយ, ជាកន្លែងដែលស្រស់ស្អាត។

    ប៉ារបស់ខ្ញុំធ្វើការងារយ៉ាងសុច្ចរិតទៀតងត្រង់មួយ ហើយម៉ាក់ខ្ញុំបង្រៀនហាត់ប្រាណយូកា (yoga ជាការហាត់ប្រាណបែបអារម្មណ៍ និងសមាធិ) នៅក្រៅផ្ទះយើង។ វាជាជីវិតដ៏សាមញ្ញ, មានរបៀបរៀបរយ និងរឹងមាំ។ គ្រប់យ៉ាងត្រូវបានជជែក, សម្រេច ហើយវែកញែកក្នុងនាមជាគ្រួសារមួយ។ វាជាផ្ទះដ៏ល្អសម្រាប់រស់នៅលូតលាស់ធំធាត់។

    តែវាមុនពេលដែលគាត់បង្ហាញខ្លួនឡើង។

    នោះគឺមុនពេលដែលមានអ្នកមើលថែទីបី។

    ខែកក្កដា ឆ្នាំ១៩៨៩

    ខ្ញុំកំពុងអង្គុយនៅតុញ៉ាំបាយ, រង់ចាំប៉ាដើម្បីចម្អិនម្ហូបឱ្យរួចរាល់។ វាជាវេនរបស់គាត់យប់នេះ ហើយពោះរបស់ខ្ញុំស្រែករោទិ៍ឃ្លានមាន់ដុតទឹកឃ្មុំរបស់គាត់។ ផានីប្អូនស្រីខ្ញុំទៅអង្គុយគូររូបចាំនៅបន្ទប់ទទួលភ្ញៀវ។ សក់ពណ៌មាសរបស់នាងធ្លាក់មកដល់ស្មា រង្កើចុះឡើងៗ ហើយនាងមើលមកខ្ញុំរួចញញឹម។ នាងសួរថាតើខ្ញុំពេញចិត្តនូវអ្វីដែលនាងកំពុងធ្វើឬអត់ហើយខ្ញុំងក់ក្បាលដោយទឹកមុខនឹងថ្កល់។

    នាងធ្វើមុខឌឺដាក់ខ្ញុំហើយបន្តគូររូបទៀត។ ម៉ាក់របស់ខ្ញុំដើរចូលមកក្នុងផ្ទះបាយហើយវែកសក់ទៅម្ខាងត្រចៀក។

    «គ្រប់គ្នានៅទីនេះហើយឬ?» ប៉ារបស់ខ្ញុំសួរពីចង្ក្រានមក។

    ម៉ាក់ងក់ក្បាល, «ចាសបងផិន, ផ្ទះយើងជុំគ្នាហើយ។ វាពិតជាល្អជាងមុនណាស់បើទៅបង្ហាត់ក្បាច់យូកានៅបន្ទប់ក្រោមដី ទើបត្រជាក់ជាង។ ខ្ញុំរីករាយណាស់ដែលយយើងនឹងធ្វើបន្ទប់ក្រោមដីរួចរាល់នៅអំឡុងរដូវរងារនេះ។ សិស្សរបស់ខ្ញុំធូរទ្រូងណាស់។ ថ្ងៃនេះអាកាសធាតុក្ដៅមែនទែន។»

    «តើម៉ាក់អាចអង្គុយចុះសិនបានទេ ទើបយើងអាចញ៉ាំ?» ខ្ញុំសុំពីកន្លែងតុ។ ម៉ាក់ងាយមកខ្ញុំហើយសើច។

    «រ៉ូជាក្មេងអាយុ៦ឆ្នាំដែលឆាប់ឃ្លានជាងគេបំផុតនៃទីក្រុងនេះ។ ម៉េចក៏កូនមិនសុំឱ្យប៉ាកូនឯងប្រញាប់បន្តិចទៅ, គាត់ជាអ្នកចម្អិន!»

    ខ្ញុំផ្ដេកដាក់ថ្ងាសលើគែមតុ, «ប៉ាៗៗ... ខ្ញុំជិតងាប់ហើយ។»

    ផានីមើលមកខ្ញុំពីកន្លែងគូររូបរបស់នាង, «បងរ៉ូឆ្គួត។»

    «អូនឯងនឹងឆ្គួត,» ខ្ញុំតបដោយមិនខ្ចីងាកមើល។

    «ទេ!!!!» នាងនិយាយដោយលៀនអណ្ដាតដាក់ខ្ញុំ។

    «បានហើយ, បានហើយ,» ប៉ារបស់ខ្ញុំនិយាយ, ដោយបែរចេញពីចង្ក្រាន។ ក្នុងដៃគាត់មានឆ្នាំកម្ដៅមាន់។

    «ម៉ោអង្គុយម៉ោផានី, ម្ហូបរួចរាល់ហើយ!» ខ្ញុំហៅប្អូនស្រី, ក្លឹនដ៏ឈ្ងុយនៃម្ហូបធ្វើឱ្យខ្ញុំញ័រចង់ញ៉ាំ។

    ខណៈដែលនាងងើបឡើងពីកម្រាល, ម៉ាក់ខ្ញុំក៏មកអង្គុយក្បែរខ្ញុំ, យើងទាំងអស់រឹងខ្លួននៅពេលនរណាម្នាក់គោះទ្វារមុខ។ ម៉ាក់ និងប៉ាមានទឹកមុខងឿងឆ្ងល់។ ប៉ាខ្ញុំដាក់អាហារលើតុហើយប្រាប់ហើយឱ្យនៅចាំមួយភ្លែត។

    ខ្ញុំសម្លឹងមើលគាត់ដើរទៅទ្វារមុខ។ គាត់ដាក់ភ្នែកសម្លឹងតាមប្រហោងទ្វារហើយខ្ញុំឃើញថាខ្លួនរបស់គាត់ឡើងរឹងដូចជារូបចម្លាក់។

    «បងផិន, អ្នកណាគេនឹង?» ម៉ាក់ខ្ញុំសួរ។

    ប៉ាខ្ញុំងាកមកវិញយឺតៗមកយើង, មុខឡើងស្លេកអស់ហើយ។ ភ្នែកគាត់បើកធំៗ ហើយខ្ញុំឃើញថាមាត់ញ័ររបស់គាត់បង្ហាញពីភាពភ័យខ្លាច។ គាត់លិឍមាត់របស់គាត់ហើយមើលមកខ្ញុំ និងផានី។

    «បងផិន!» ម៉ាក់ខ្ញុំហៅ, មុខគាត់ព្រួយដោយបារម្ភ។

    «ទេ… នេះមិនអាចទៅរួចទេ…មិនម្ដងទៀតទេ,» ខ្ញុំឮប៉ាខ្សឹបដោយសម្លឹងមកចំកណ្ដាពួកយើងពីចម្ងាយ។

    ទ្វាររង្គើខណៈមានសំឡេងគោះខ្លាំងៗឡើងលាន់ពេញផ្ទះ។

    ម៉ាក់ខ្ញុំឈរស្ងៀម, សំឡេងគាត់ញ័រៗដោយភាពភ័យខ្លាច, «បងផិន តើនោះជានរណា?! តើមានអីកើតឡើង?»

    «ខ្ញុំសុំទោស,» ប៉ារបស់ខ្ញុំនិយាយតិចៗ ដោយខ្ទប់ពោះរបស់គាត់, មុខគាត់ឡើងស្លេក, «ខ្ញុំត្រូវតែឱ្យគាត់ចូល។»

    មុនពេលម្នាក់នៃយើងអាចនិយាយអ្វីចេញ, ប៉ារបស់ខ្ញុំងាកទៅបើកទ្វារ។ ពន្លឺព្រះអាទិត្យឡើងចាំងចែងហើយខ្ញុំពិបាកនឹងមើលថាតើភ្ញៀវម្នាក់នោះជានរណា។

    «សួស្ដី! ខ្ញុំគឺដំមី ដាហ្វី! រីករាយណាស់ដែលបានជួបឯងម្ដងទៀត ផិន!»

    ខ្ញុំសម្លឹងមើលខណៈដែលប៉ាខ្ញុំដើរត្រឡប់មកវិញយឺតៗពីទ្វារចំហរ។ បុរសនោះដើរចូលមកក្នុងផ្ទះយើងហើយបិទទ្វារពីក្រោយគាត់។

    ចិត្តក្មេងខ្ចីរបស់ខ្ញុំព្យាយាមមើលឱ្យយល់នូវអ្វីដែលខ្ញុំកំពុងឃើញ, តែទោះខ្ញុំក្មេងក៏ល្មមអាចយល់ថាមានអ្វីម្យ៉ាងមិនប្រក្រតីអំពីភ្ញៀវដែលមិនបានអញ្ជើញនេះ។

    គាត់មានកម្ពស់ប្រហែល៦ហ្វីត ហើយមានសក់ពណ៌លឿងកាត់ខ្លី។ គាត់ពាក់ខោខ្លីហើយពាក់អាវសដែលមានអក្សរដាក់ថា “HI!” ពណ៌ក្រហម។

    តែវាមិនមែនជាអ្វីដែលទាក់ចិត្តខ្ញុំនោះទេ។ វាគឺស្បែករបស់គាត់…វាពិតជាម៉ត់ខៃ, រលោងឥតខ្ចោះ, ឃើញសសៃដែលមើលទៅស្រដៀងនឹងជ័រផ្លាស្ទីក។ មុខរបស់គាត់មានទឹកមុខផ្កាឈូកយ៉ាងសុភាព, មាត់របស់គាត់ញញឹមបង្ហាញធ្មេញសមួយ…តែវាមិនមែនជាធ្មេញទេ។ វាដូចជាត្រង់ជួរពេកហើយដូចគេតម្រៀប។ ច្រមុះរបស់គាត់ផុសចេញពីផ្ទៃមុខតែបន្តិច ដូចជាតុក្កតា។

    ហើយភ្នែករបស់គាត់…

    ភ្នែករបស់គាត់គឺមានពណ៌ខៀវចាំងផ្លេក។ ភ្នែកគាត់បើកធំៗដូចជាភ្ញាក់ផ្អើល ហើយគាត់សម្លឹងមើលជុំវិញបន្ទប់យ៉ាងរហ័ស។

    គាត់ញញឹមយ៉ាងធំៗ, ហើយគាត់ដាក់ដៃលើតុរបស់យើង, «សួស្ដី! ខ្ញុំឈ្មោះដំមីដាហ្វី! រីករាយណាស់ដែលបានជួបអ្នក!»

    ខ្ញុំឃើញថាគាត់មិនមានក្រចក ឬសម្លាកស្បែកឡើយ។ មិនមានប្រជ្រុយឬស្នាម, គ្មានអីទាំងអស់។ វាដូចជាគាត់ជាតុក្កតាមានជីវិតមួយអញ្ចឹង។

    «ផិន,» ម៉ាក់ខ្ញុំនិយាយកញ្ឆក់, ខ្ញុំឃើញភាពមិនស្រួលតាមរយៈកែវភ្នែកគាត់។

    «មិនអីទេម៉េងកា,» ប៉ាខ្ញុំនិយាយសំឡេងឡើងញ័រ, «តោះយើងនិយាយឱ្យសមរម្យជាមួយភ្ញៀវថ្មីរបស់យើង, ព្រមទេ?»

    បុរសឈ្មោះដំមីនោះឱនក្បាលមុខប៉ាខ្ញុំ, «ហេហេហេហេហេហេហេ។»

    ប៉ាខ្ញុំថយក្រោយមួយជំហាន, ដោយលើកដៃគាត់ឡើង, «ខ្ញុំ ខ្ញុំមានន័យថាជាមិត្តថ្មីរបស់យើង!»

    ដំមីមិនដែលឈប់ញញឹមឡើយ។ «ហេហេហេហេហេហេ។» សំណើចរបស់គាត់ដូចជាប្លែកណាស់។ វាដូចជាគាត់កំពុងសម្អាតបំពង់ករបស់គាត់ក្រោយដែលត្រូវគេច្របាច់ខ្លាំងមកអញ្ចឹង។ គាត់និយាយច្បាស់ៗពេកហើយ, គ្រប់ពាក្យគឺច្បាស់ដូចគ្រឿងម៉ាស៊ីន។

    ប៉ារបស់ខ្ញុំបង្ខំចិត្តញញឹម, «ខ្ញុំមានន័យថា…» គាត់មើលទៅម៉ាក់ខ្ញុំដែលមិនព្រមធ្វើតាមគាត់, រាងកាយម៉ាក់នៅនឹងដោយភ័យខ្លាច។

    «ខ្ញុំមានន័យថា, មកជួបប៉ាថ្មីរបស់ឯងមក, កូនៗ!»

    ផានីដែលឈរក្បែរម៉ាក់ ប្រកែក, «គាត់មិនមែនជាប៉ាយើងទេ, ប៉ាទើបជាប៉ាយើង។ ហើយហេតុអីបានគាត់មើលទៅគួរឱ្យអស់សំណើចម៉្លេះ?!»

    «ផានី!» ម៉ាក់ខ្ញុំគំហ៊ក, ដោយចាប់ស្មាប្អូនស្រីខ្ញុំ។

    ដំមីសើចហើយដើរត្រង់មកឈរមុខផានី, «តើការដែលលេងសើចជាមួយជនប្លែកមុខមិនល្អទេហ្អី?»

    ប្អូនស្រីខ្ញុំឱនមុខមើលទៅជើងនាងដែលកំពុងញ័រ។

    ដំមីអង្អែលសក់នាង, «វាមិនអីទេ! ក្មេងតូច! យើងនឹងគង់តែត្រូវគ្នាទេ! ខ្ញុំនឹងជួយប៉ាម៉ាក់ឯងក្នុងការមើលថែឯង! វាជាការងារធំណាស់ដែលធ្វើជាអ្នកមើលក្មេង! ពេលខ្លះ, ប៉ាម៉ាក់ឯងត្រូវការជំនួយ!»

    ដំមីងាកមកប៉ាម៉ាក់ខ្ញុំដែលមុខគាត់នៅតែញញឹម, «ខ្ញុំជួយប៉ាម៉ាក់ពួកគេដើម្បីមើលថែពួកគេ! ត្រូវទេផិន? ម៉េងកា?»

    ម៉ាក់ទាញផានីមកក្បែរគាត់ខណៈដែលប៉ាខ្ញុំងក់ក្បាលដោយភ័យៗ។

    «ពិ ពិតជាត្រូវហើយ, គាត់និយាយពិត!»

    ដំមីញញឹមហើយងាកមកខ្ញុំ។ ខ្ញុំនៅអង្គុយនឹងថ្កល់នៅនឹងតុ ដោយសម្លឹងទៅស្ថានការណ៍ដ៏ចម្លែកនេះ។ ខ្ញុំមិនយល់ពីអ្វីដែលកំពុងកើតឡើងនោះទេ, មិនស្គាល់ថាតើបុរសរូបរាងចម្លែកម្នាក់នេះជានរណា ឬក៏គាត់ត្រូវការអ្វីឱ្យប្រាកដនោះទេ។ អ្វីដែលគាត់និយាយដូចជាភ្លាវៗ, តែប៉ាម៉ាក់ខ្ញុំមើលទៅប្រហែលជាស្គាល់គាត់, ទើបខ្ញុំទុកការឆ្ងល់ក្នុងចិត្តជានិច្ច។

    «ហើយរ៉ូ, ឯងត្រូវតែព្រម,» ដំមីនិយាយដោយដើរមករកខ្ញុំ។

    ខ្ញុំមិនមើលមុខគាត់ទេបែរជាមើលទៅចានទទេរបស់ខ្ញុំ។ ខ្ញុំស្រាប់តែឃ្លានខ្លាំងឡើង។ វត្តមានរបស់បុរសចម្លែកដែលកំពុងនៅក្រោយខ្នងខ្ញុំនេះធ្វើឱ្យខ្ញុំមិនស្ងប់។ ខ្ញុំលិឍបបូរមាត់របស់ខ្ញុំហើយមានអារម្មណ៍ថាបេះដូងខ្ញុំកំពុងលោតញាប់។ ខ្ញុំមិនចូលចិត្តបុរសនេះទេ។ អ្វីម្យ៉ាងអំពីគាត់ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាគ្រោះថ្នាក់។

    ដំមីដើរពីក្រោយខ្នងខ្ញុំរួចបង្អូសប៉ះស្មាខ្ញុំ, «កូននេះប្រហែលអៀនហើយ។ មិនអីទេ។ ខ្ញុំនឹងជួយឯង,» គាត់និយាយទៅកាន់ប៉ាម៉ាក់ខ្ញុំ។ ម្រាមដៃគាត់ប៉ះខ្លួនខ្ញុំហើយខ្ញុំក៏រើខ្លួន តែមិននិយាយអ្វីទាំងអស់។

    «កុំប៉ះវា,» ម៉ាក់ខ្ញុំគំហ៊កដោយបើកភ្នែកធំៗ។

    ដំមីមើលមុខម៉ាក់ហើយសើច, «ហេហេហេហេហេហេ។»

    ប៉ាខ្ញុំលើកដៃដាក់លើបបូរមាត់ហើយនិយាយ, «ម៉េងកា, កុំឈ្លើយ!»

    ដំមីបន្តសម្លឹងមុខម៉ាក់ខ្ញុំដែលម៉ាក់មានទឹកមុខព្រួយណាស់។

    «តើលោកចង់មកញ៉ាំអាហារជាមួយយើងឬ?» ផានីស្រាប់តែសួរកាត់ផ្ដាច់ភាពស្ងប់ស្ងាត់។

    បុរសដូចតុក្កតានោះលែងស្មាខ្ញុំ, ដៃម្ខាងរបស់គាត់បង្អូសកាតថ្ពាល់ខ្ញុំមកដល់សក់ខ្ញុំ, «មែនហើយ។ ខ្ញុំនឹងនៅទីនេះមួយរយៈ។»

    នេះហើយដែលដំមីដាហ្វីចូលមករស់នៅក្នុងផ្ទះយើង។ នៅអាយុ៦ឆ្នាំបែបនេះខ្ញុំមិនដឹងថាត្រូវសួរសំណួរសាច់ការណាជាងឆ្ងល់ថាតើអ្វីកំពុងតែកើតឡើង។ ទោះជាម៉ាក់ប៉ាខ្ញុំមានអក្បកិរិយាមិនសូវស្រួលនៃការមកដល់របស់គាត់, តែខ្ញុំដឹងថាពួកគាត់មានអតីតកាលអ្វីម្យ៉ាងកំពុងលាក់បាំង។ មួយថ្ងៃប្រែជាមួយសប្ដាហ៍, ខ្ញុំចាប់ផ្ដើមស៊ាំនឹងវត្តមានរបស់ដំមីក្នុងផ្ទះយើងនេះ។ ភាពភ័យខ្លាចរបស់ខ្ញុំបានក្លាយជាអារម្មណ៍អសុវត្ថិភាពបន្តិចម្ដងៗ។
     
    ខ្ញុំយល់ឃើញយ៉ាងឆាប់ៗមកថាដំមីមិនចូលចិត្តភាពអ៊ូអរទេ។ រាល់ពេលដែលម៉ាក់ខ្ញុំបង្រៀនយូកា, ដំមីនឹងទាញម៉ាក់ទៅជ្រុងម្ខាងហើយខ្សឹបអ្វីម្យ៉ាងប្រាប់គាត់។ ខ្ញុំតែងសម្លឹងមើលយ៉ាងស្ងៀមស្ងាត់។ ខ្ញុំតែងឃើញមុខម៉ាក់ខ្ញុំទៅជាស្លេក ហើយគាត់តែងងក់ក្បាលដោយខ្សឹបអ្វីម្ខាងតបវិញ។ បន្ទាប់មកដំមីនឹងបែរមកវិញជាមួយស្នាមញញឹមជាប់មកជានិច្ចនោះរួចដើរឡើងទៅជាន់លើរហូតការបង្រៀនរបស់ម៉ាក់បញ្ចប់។

    ប៉ាម៉ាក់ខ្ញុំប្រាប់ខ្ញុំ និងផានីថាយើងមិនត្រូវនិយាយពីដំមីប្រាប់មិត្តភក្ដិយើងទេ។ នៅក្រៅផ្ទះ, ដំមីមិនមែនដូចជីវិតរស់នៅទូទៅរបស់យើងឡើយ។ ខ្ញុំមិនដឹងថាហេតុអីទេ, តែទាំងពីរនាក់ ខ្ញុំ និងប្អូនស្រីត្រូវទទយលព្រម។

    អ្វីផ្សេងដែលខ្ញុំយល់ដឹងនោះគឺដំមីមិនដែលបរិភោគឡើយ។ គាត់តែងអង្គុយនៅតុជាមួយយើង, តែមិនដែលញ៉ាំអ្វីនៃម្ហូបយើងឡើយ។ ផានីសួរគាត់ម្ដងដែរថាគាត់ធ្លាប់ឃ្លានឬអត់ ហើយដំមីបានត្រឹមតែញញឹមដាក់នាងយ៉ាងស្ងៀមស្ងាត់ហើយអង្អែលក្បាលនាង។

    អំឡុងពេលល្ងាចគាត់តែងឱ្យគ្រួសារយើងមកអង្គុយនៅបន្ទប់ទទួលភ្ញៀវហើយបង្រៀនមេរៀនខ្លះៗអំពីវិធីក្លាយជាមនុស្សល្អ។ ប៉ាម៉ាក់ខ្ញុំមិនដែលនិយាយអ្វីឡើយក្នុងពេលហ្នឹង, គឺត្រឹមតែអង្គុយក្បែរយើងហើយងក់ក្បាល។ ដំមីប្រាប់យើងកុំឱ្យមើលងាយអ្នកដទៃ, ត្រូវចេះស្រឡាញ់មិត្តភក្ដិយើង និងសត្រូវ, ហើយត្រូវតែជួយគេក្នុងពេលគេត្រូវការ។ គាត់ប្រាប់យើងថានេះជាមូលហេតុដែលគាត់នៅទីនេះជាមួយយើង។ ដើម្បីជួយប្រដៅយើង។ ហើយយើងអាចជជែកជាមួយគាត់បើយើងមានបញ្ហានៅសាលា ឬក៏មិនដឹងថាត្រូវដោះស្រាយបញ្ហាយ៉ាងណា។

    វាកន្លងទៅមួយខែ។

    ហើយជាពេលដែលម៉ាក់ខ្ញុំបាត់បង់វា។

    ខែសីហា, ឆ្នាំ១៩៨៩

    ប៉ារបស់ខ្ញុំទើបតែមកពីធ្វើការហើយខ្ញុំកំពុងអង្គុយធ្វើលំហាត់កិច្ចការផ្ទះនៅតុបាយក្នុងផ្ទះបាយ។ ម៉ាក់ខ្ញុំកំពុងចម្អិនអាហារពេលល្ងាច ហើយផានីកំពុងអនុវត្តការរាំរបាំរបស់នាងសម្រាប់ការសម្ដែងនៅសាលាដែលនឹងមុខដល់ក្នុងពេលខាងមុខ។ នាងនឹងរាំរបាំបាឡេហើយមានពេលបីសប្ដាហ៍សម្រាប់ហាត់ក្បាច់បង្វិលខ្លួនធម្មតាៗខ្លះៗ។ នាងប្រឹងប្រែងហាត់ណាស់ប៉ុន្មានថ្ងៃនេះ, តែនៅតែមិនទាន់ប្រសើឡើយ។ នាងជាក្មេងហើយមានកម្លាំងហាត់មិនចេះហត់។

    ពេលនឹងហើយដែលដំមីសម្រេចជួយនាង។

    គាត់កំពុងអង្គុយលើសាឡុងមើលទៅនាង ស្រាប់តែគាត់ងើបទៅឈរពីក្រោយខ្នងប្អូនស្រីខ្ញុំរួចដាក់ដៃគាត់លើស្មានាង។

    «ចាំខ្ញុំជួយណានាងតូច,» គាត់និយាយតិចៗ, សំឡេងរបស់គាត់ជាសំឡេងផ្អែមល្ហែម។ ម៉ាក់ខ្ញុំងាកមកពីចង្ក្រាន, ហើយខ្ញុំឃើញថាគាត់មិនពេញចិត្តឡើយ។ គាត់មិនចង់ឱ្យដំមីប៉ះយើងឡើយ។ គាត់ចាប់ច្របាច់ស្លាបព្រាឈើខណៈដែលមើលទៅដំមីស្ទាបអង្អែលរាងកាយផានី។ ដំមីចាប់ដៃនាងពីក្រោយខ្នងហើយបង្រៀននាងលើកដៃ និងបង្វិល, ទ្រូងរបស់គាត់ប៉ះខ្នងប្អូនស្រីខ្ញុំតិចៗ។

    «ដំមី, ឱ្យនាងរៀនដោយខ្លួនឯងបានហើយ,» ម៉ាក់ខ្ញុំនិយាយដោយសណឡេងញ័រ។

    ដំមីមិនទាំងមើលទៅម៉ាក់ផង. គឺនៅតែបន្តបង្ហាត់ប្អូនស្រីខ្ញុំ។ ខ្ញុំឮសំឡេងប៉ាខ្ញុំដើរចុះជណ្ដើរមកក្រោម។

    ដំមីបង្វិលខ្លួនប្អូនស្រីខ្ញុំជាលើកទីមួយ, ជើងរបស់នាងវិលខ្ញាល់។ ដំមីទះដៃម្ដងបន្ទាប់មកឱនទៅថើបថ្ពាល់ផានី។

    «ក្មេងឆ្លាត!»

    «កុំធ្វើបែបនេះ!» ម៉ាក់ខ្ញុំគំហ៊កដោយទម្លាក់ស្លាបព្រាចោល, មុខម៉ាក់ខឹងខ្លាំងណាស់។ ខ្ញុំទៅអង្គុយនៅតុបាយវិញ។ ខ្ញុំមិនដឹងថាហេតុអីបានម៉ាក់ខ្ញុំមិនសប្បាយចិត្តអ្វីម៉្លេះទេ។ គាត់គ្រាន់តែជួយនាងសោះ។

    ខ្ញុំក៏បានដឹងយ៉ាងច្បាស់ដែរថា, វាមិនមែនជាការសមរម្យនោះទេដែលស្រែកដាក់សមជិកថ្មីក្នុងគ្រួសារយើងដូច្នេះ។ ក្នុងការគិតរបស់ខ្ញុំមិនសូវជាច្បាស់លាស់ទេព្រោះជាក្មេងធម្មតាម្នាក់។

    ដំមីឈរ, «ហេហេហេហេហេហេហេហេ។»

    ប៉ាខ្ញុំកំពុងឈរជើងលើជណ្ដើរក្នុងពេលនេះ, គាត់ឈរនឹងព្រោះមិនដឹងស្ថានការណ៍។

    «ម៉េងកា, មានរឿងអីនឹង?» គាត់សួរ។

    ភ្នែកម៉ាក់ខ្ញុំមិនក្រឡេកចេញពីដំមីទេ, «បងផិន, ខ្ញុំមិនអាចធ្វើបែបនេះបានទៀតទេ។ ខ្ញុំមិនអាចបន្តធ្វើជាគ្រប់យ៉ាងល្អប្រសើនោះទេ។ យើងដឹងហើយថាបិសាចម្នាក់នេះជាអ្វី។ យើងដឹងហើយនូវអ្វីដែលគាត់ធ្វើដាក់ក្រុងយើងប៉ុន្មានឆ្នាំកន្លងមក។ ខ្ញុំចង់ឱ្យគាត់ចេញពីផ្ទះនេះ។»

    ភ្នែកប៉ាខ្ញុំបើកធំៗដោយភ្ញាក់ផ្អើល, កំហឹងផុសឡើងលើមុខគាត់, «ម៉េងកា!» គាត់លិឍបបូរមាត់របស់គាត់, ភ្នែកសម្លក់មកពួកយើង។ «កុំឈ្លើយ! ដំមីបានជួយយើងច្រើនណាស់!»

    ម៉ាក់សង្កៀតធ្មេញ, «ឈប់ទៅ។ ឈប់សម្ដែងធ្វើដូចជាយើងត្រូវការគាត់ទៅ។ ខ្ញុំមិនអាចឱបដៃឈរមើលរឿងរ៉ាវនេះកើតឡើងនោះទេ។ ខ្ញុំចង់ឱ្យគាត់ចេញ!»

    ដំមីដើរយ៉ាងយឺតៗចូលទៅផ្ទះបាយ ហើយឈរមុខម៉ាក់ខ្ញុំ។ គាត់សម្លឹងមើលមុខម៉ាក់, ភ្នែកពណ៌ខៀវគាត់ចាំងផ្លេកដូចគ្រាប់ពេជ្រ។

    សំឡេងគាត់ត្រជាក់យ៉ាងសុភាព, «ម៉េងកា, តើឯងចង់ចុះទៅជាន់ក្រោមដីជាមួយខ្ញុំទេ? ខ្ញុំត្រូវការនិយាយជាមួយឯងពីរបីម៉ាត់។»

    ម៉ាក់ខ្ញុំថយក្រោយមួយជំហាន, «ចេញឱ្យឆ្ងាយពីខ្ញុំទៅ។ ចេញឱ្យឆ្ងាយពីគ្រួសារខ្ញុំទៅ! គ្មាននរណាស្វាគមន៍ឯងទៀតទេ!» ម៉ាក់ក្រឡេកភ្នែកទៅប៉ា, «បងផិន ធ្វើអ្វីម្យ៉ាងទៅ!»

    ប៉ារបស់ខ្ញុំលើកដៃបង្ហាញសញ្ញាថាមិនអាចជួយបាន។ ខ្ញុំឃើញថាគាត់មានទឹកមុខតក់ស្លុតណាស់។ ផានីកំពុងមើលពីបន្ទប់ទទួលភ្ញៀវទាំងមុខក្រៀម និងទឹកភ្នែករឹមៗ។ ខ្ញុំស្រាប់តែចង់ទៅលួងនាងតែខ្ញុំបែរជាមានអារម្មណ៍ថាជាប់នឹងកៅអីទៅវិញ។

    «មកភ្លាមមកម៉េងកា, និយាយតែបន្តិចទេ។»

    «អាថោកទាប,» ម៉ាក់ជេរ និងស្ដោះទឹកមាត់។ ខ្ញុំភ្ញាក់ព្រើត, បេះដូងលោតញាប់ញ័រ។ ខ្ញុំមិនដែលឃើញម៉ាក់ជេរនរណាទេពីមុនមក ហើយធ្វើឱ្យខ្ញុំភ័យណាស់។

    ភ្លាមនោះ, ដំមីចាប់ទាញខ្នងម៉ាក់ខ្ញុំ, មុខនៅញញឹមជានិច្ច, ហើយទាញអូសម៉ាក់ទៅក្បែរទ្វារបន្ទប់ក្រោមដី។

    «បងផិន បញ្ឈប់គាត់ភ្លាមទៅ! ជួយខ្ញុំផង!» ម៉ាក់ខ្ញុំស្រែកទាំងគ្មានសង្ឃឹមថានឹងរើរួចពីដៃដ៏រឹងដូចដែករបស់ដំមីដែលចាប់គាត់ជាប់។

    ដំមីសម្លក់ប៉ាខ្ញុំធ្វើឱ្យគាត់ឈរនឹងថ្កល់។

    «ខ្ញុំ ខ្ញុំសុំទោសម៉េងកា…យើង យើងត្រូវតែធ្វើតាមអ្វីដែលគាត់និយាយ!» ប៉ាស្រែក។ ផានីស្រែកយំខ្លាំងៗទឹកភ្នែកហូរជោគថ្ពាល់។ ខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់នៅពេលឃើញដំមីបើកទ្វារបន្ទប់ក្រោមដីហើយអូសម៉ាក់ខ្ញុំចុះទៅក្នុងភាពងងឹត។

    ទ្វារក៏បិទលាន់គ្រាំង។

    ភាពស្ងប់ស្ងាត់ចូលមកអស់មួយសន្ទុះ…ហើយបន្ទាប់មកគឺសំឡេងស្រែកចាប់ផ្ដើម។…

    (សូមចុចខាងក្រោមដើម្បីអានភាគ២ជាភាគបញ្ចប់)

    រឿង បុរសញញឹម រឿង បុរសញញឹម Reviewed by HeNa on 6:25 PM Rating: 5
    Loading...
    Powered by Blogger.