មិត្តមួយជីវិត
មានក្មេងស្រីអាយុ១៥ឆ្នាំពីរនាក់ឈ្មោះ សារ៉ា និងដាលីសដែលជាមិត្តភក្ដិស្និទ្ធស្នាលនឹងគ្នាតាំងពីតូច។ ពួកគេរីករាយជាមួយគ្នារហូតមក, ទៅរៀនសាលាជាមួយគ្នា ហើយរៀនថ្នាក់ជាមួយគ្នា អង្គុយតុជាមួយគ្នា ហើយដើរមកផ្ទះវិញជាមួយគ្នាទៀត។ តែចំនូលចិត្តពួកគេមិនដូចគ្នាទេ។ សារ៉ាចូលចិត្តសប្បាយៗ និងភាពអ៊ូអរ , ដាលីសចូលចិត្តភាពស្ងប់ស្ងាត់។
ថ្ងៃមួយ, សារ៉ា និងដាលីសកំពុងជជែកគ្នាពីមិត្តភាពរបស់ពួកគេ។
«សារ៉ា, ឯងគិតថាយើងនឹងនៅតែជាមិត្តល្អនឹងគ្នារហូតទេ?» ដាលីសសួរ។
«មែនហើយ,ដាលីស» សារ៉ាតប។ «ម៉េចក៏សួរចឹង?»
«ខ្ញុំមិនដឹងទេ,» ដាលីសតប។ «ពេលខ្លះ ពេលដែលមិត្ត២នាក់ធំរៀងខ្លួន ,ពួកគេនឹងបែកគ្នា»។
«ខ្ញុំនឹកឃើញហើយ,ដាលីស» សារ៉ានិយាយ។ «តោះយើងធ្វើសម្បថលោហិត។»
«សម្បថលោហិត?» ដាលីសសួរដោយភ្ញាក់ផ្អើល។
«មែនហើយគឹសម្បថលោហិត,» សារ៉ានិយាយ។ «ចាំខ្ញុំពន្យល់, យើងទាំងពីរត្រូវស្បថថានឹងធ្វើជាមិត្តល្អនឹងគ្នារៀងរហូត។ បើយើងបែកគ្នាថ្ងៃណាមួយ យើងនឹងស្បថថាយើងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីបាននៅជាមិត្តគ្នារៀងរហូត។»
«គ្មានផ្លូវទេ, សារ៉ា» ដាលីសនិយាយ។ «យើងគ្មានថ្ងៃបែកគ្នាទេ។ យើងនឹងជាមិត្តគ្នារៀងរហូត។»
តែយ៉ាងណាក៏សារ៉ានៅតែទទូចស្បថ ហើយដោយនាងនិយាយដដែលៗពេក ចុងក្រោយដាលីសក៏យល់ព្រម។
សារ៉ាយកម្ជុលពីរមក ហើយហុចមួយឱ្យដាលីស។ ក្មេងទាំងពីរសរសេរលើក្រដាសដាក់ថា «មិត្តល្អមួយជីវិត» នៅលើក្រដាស ហើយពួកគេសរសេរឈ្មោះដាក់ក្រោមក្រដាស។ ពួកគេដុតទៀនហើយដុតម្ជុលក្នុងភ្លើងទៀន។ ពួកគេយកម្ជុលចាក់ចង្អុលដៃហើយសម្រក់ឈាមលើឈ្មោះទាំងពីរនោះ។ ឈាមពួកគេគឺជាត្រាបញ្ជាក់ពីភាពស្ម័គ្រស្មោះ។
ច្រើនឆ្នាំកន្លង, ក្មេងទាំងពីរធំឡើងហើយរៀនចប់។ ដាលីសទៅរៀននៅសកលវិទ្យាល័យមួយនៅក្រុងផ្សេង, ឯសារ៉ានៅទីនេះដដែលហើយធ្វើការនៅតូបលក់មួយកន្លែង។ គេទាំងពីរមានសង្សាររៀងខ្លួនហើយធ្លាក់ក្នុងក្ដីស្នេហា។ មិត្តទាំងពីរនៅតែទាក់ទងគ្នាតាមទូរស័ព្ទយ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍។
ពេលដាលីសរៀនចប់, នាងបានការងារធ្វើដ៏ល្អមួយហើយរៀបការនឹងបុរសម្នាក់។ ប្ដីប្រពន្ធនេះបានទិញផ្ទះមួយហើយរើទៅរស់នៅទីនោះ។ ពីរបីឆ្នាំក្រោយមក ដាលីសកើតបានកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់។ ដាលីសរវល់ពេកជាមួយគ្រួសារ ទើបនាងមិនងាយមានពេលនឹងតេទៅសារ៉ាទេ។ អស់ពេលជាយូរដែលពួកគេមិនបានទាក់ទងគ្នាហើយមិត្តភាពពួកគេក៏ត្រូវកាត់ផ្ដាច់។ ទោះជាពេលខ្លះដាលីសនឹកទៅដល់សារ៉ា, ក៏នាងមិនតេទៅនាងដែរ។ ចាប់តាំងពីថ្ងៃដែលរៀនទី១២ចប់ នាងទាំងពីរមិនដែលបានជួបគ្នាទេ។
យប់មួយ, ដាលីសបានយល់សប្ដិអាក្រក់។ នាងយល់សប្តិថាកំពុងតែបើកឡានលើផ្លូវដ៏វែងឆ្ងាយ, ស្រាប់តែមានរថយន្តធំមួយបើកមកចំពីមុខរថយន្តនាង។ រថយន្តធំនោះកិនពីលើរថយន្តនាងយ៉ាងកម្រោល។
នាងភ្ញាក់ពីសុបិនអាក្រក់នេះ, ទាំងបេះដូងញាប់ញ័រ។ ពេលកំពុងតែសម្រួលអារម្មណ៍ សំលេងកណ្ដឹងរោទិ៍បន្លឺរឡើង។ នាងមើលនាឡិការនៅក្បាលគ្រែឃើញថា វាម៉ោង៣ទៅហើយ។ ប្ដីនាងដេកលក់គ្មានដឹងខ្យល់។
រំពេជនោះ កណ្ដឹងរោទិ៍ម្ដងទៀត។ ដោយឆ្ងល់ថានរណាជាអ្នកមករកនាងទាំងយប់, ដាលីសក៏ងើបពីគ្រែចុះចេញទៅ។
ពេលនាងបើកទ្វារមុខ, នាងភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឃើញស្ត្រីម្នាក់ឈរសម្លក់នាង។ ស្ត្រីនោះមានមុខស្លេកស្លាំង, មានឈាមរយះដ៏ធំលើថ្ងាស។ ទោះជានាងប្លែកពីមុនច្រើនក៏ដាលីសនៅតែមើលនាងស្គាល់មួយរំពេជ។ វាគឺមិត្តចាស់របស់នាង គឺសារ៉ា។
«អូសារ៉ា!តើឯងមានរឿងអី?» នាងស្រែក។
សារ៉ាត្រឹមតែឈរសម្លឹងមកនាង។
«ចូលជ្រកភ្លៀងសិនម៉ោ,» ដាលីសអញ្ជើញ។ «ឯងឈឺអត់ហ្នឹង?»
សារ៉ានៅស្ងៀមគ្មានកម្រើក។
«ឯងកើតអីសារ៉ា?» ដាលីសសួរ។
«ខានជួបគ្នាយូរហើយដាលីស!» សារ៉ាចាប់និយាយ។ «ខ្ញុំមកតាមការសន្យារបស់យើង។ ខ្ញុំមកប្រាប់ឯងថាខ្ញុំស្លាប់ហើយ។»
ដាលីសនិយាយលែងចេញ។ សារ៉ាលើកដៃចង្អុលនាង។ ចង្អុលដៃសារ៉ាស្រក់ឈាមឥតឈប់។
«ជីវិតយើងប្រែប្រួល,» សារ៉ាបន្ត, «តែយើងនឹងស្លាប់ជាមួយគ្នា ខ្ញុំនឹងចាំឯង...»
ដាលីសដួលសន្លប់។
ព្រឹកបន្ទាប់, ពេលដាលីសភ្ញាក់, នាងដឹងខ្លួននៅលើគ្រែ ក្បែរស្វាមី។ នាងញីរភ្នែកហើយងឿងឆ្ងល់ថារឿងយប់ម៉ិញជាការពិត ឬសុបិនអាក្រក់។
ពេលកំពុងញ៉ាំបាយព្រឹក, នាងបើកទូរទស្សន៍ ហើយអ្វីដែលនាងឃើញគឺតក់ស្លុតយ៉ាងខ្លាំង។ អ្នករាយការណ៍ព័ត៌មានបាននិយាយថាកាលពីយប់ម៉ិញ ម៉ោង៣, មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។ មានរថយន្តធំមួយបើកបុករថយន្តមួយ។ អ្នកបើកក្នុងរថយន្តតូចត្រូវស្លាប់ភ្លាមមួយរំពេជ។
អ្នកបើកឡាននោះគឺស្ត្រីម្នាក់ឈ្មោះ សារ៉ា។
ក្រោយមក, ដាលីសមានអារម្មណ៍ថាជីវិតនាងដូចធ្លាក់នរកអវចី។ នាងមិនងាយញ៉ាំអី ហើយភ្លេចទៅយកកូនពីសាលា ហើយពេលទៅធ្វើការ នាងមិនមាត់រកគេឯងទេ។
រៀងរាល់យប់, នាងតែងសុបិនអាក្រក់នោះដដេល។ នាងតែងសុបិនថាភ្ញាក់ឡើងដោយសំលេងកណ្ដឹងរោទិ៍ហើយពេលទៅបើកទ្វារ នាងឃើញសារ៉ាឈរនៅទីនោះ, នាងចង្អុលមកដាលីសដោយស្រក់ឈាមឥតឈប់។ រាលពេល, នាងតែងនិយាយពាក្យដដែលថា “ខ្ញុំនឹងរង់ចាំឯង...”។
រាល់ព្រឹក នាងត្រូវភ្ញាក់ដោយភាពរងារ។ នាងឃើញឈាមប្រឡាក់ភួយនាងហើយចង្អុលដៃនាងឈឺយ៉ាងខ្លាំង ពេលនាងលើកវាមើល, ចង្អុលដៃនាងសុទ្ធតែឈាម។
ប្ដីនាងមិនយល់ពីអ្វីដែលកើតឡើងនេះទេ។ គាត់យកភរិយាគាត់ទៅជួបពេទ្យ និងពេទ្យចិត្តសាស្ត្រ, តែពួកគាត់មិនអាចពន្យល់ថាជាជំងឺអីបានទេ។ ជំងឺដាលីសចាប់ផ្ដើមធ្ងន់ទៅៗ ហើយក្នុងសុបិនដ៏អាក្រក់របស់នាង នាងចាប់ផ្ដើមឃើញតែសារ៉ាឈរនៅចុងគ្រែ ហើយចង្អុលមកនាង។
យប់មួយ, បុរសជាប្ដីបានភ្ញាក់ឡើងដោយសំលេងអ្វីម៉្យាង។ វាជាសំលេងកែវ ឬកញ្ចក់បែក។ គាត់រត់ទៅបន្ទប់ទឹកហើយឃើញកញ្ចក់បង្អួចបែកខ្ចាត់ខ្ចាយ។ ក្រលេកទៅខាងក្រៅ, គាត់ឃើញដាលីសដេកស្ដូកស្ដឹងខាងក្រៅ, រាងកាយប្រឡាក់សុទ្ធតែឈាម។ បុរសនោះភ័យជាខ្លាំង ហើយរត់ជាន់ក្រោម រួចបើកទ្វារចេញមកក្រៅ។ មានឈាមស្រោចជោគក្បាលប្រពន្ធរបស់គាត់។
នៅក្បែរសាកសពនាង, លើដី, មាននរណាម្នាក់សរសេរអក្សរដោយឈាមដាក់ថា : “មិត្តមួយជីវិត”៕
- scaryforkids -
មិត្តមួយជីវិត
Reviewed by Unknown
on
7:39 AM
Rating:
