មួយ ពីរ...មួយ ពីរ...
នៅកូរ៉េ, សិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រខ្លាំងណាស់ ហើយត្រូវរៀនបន្ថែមរហូតដល់ម៉ោង១០យប់ឯណោះ។
យប់មួយ, យុវតីម្នាក់ឈ្មោះស៊ុនហ៊ីកំពុងនៅសាលារៀន។ វាយប់ជ្រៅណាស់ទៅហើយ ហើយនាងកំពុងរៀនក្នុងបណ្ណាល័យជាមួយក្រុមសិស្សរួមថ្នាក់របស់នាង។ សាលាទាំងមូលគឺងងឹតសូន្យសុង ភ្លឺតែបន្ទប់បណ្ណាល័យមួយប៉ណ្ណោះ។
មួយសន្ទុះក្រោយមក, ស៊ុនហ៊ីចង់ទៅបន្ទប់ទឹក, ទើបនាងសុំផ្អាកពីការសិក្សាមួយភ្លែក។ដោយប្រាប់មិត្តនាងថានឹងត្រលប់មកវិញបន្តិចទៀតហើយ, សិស្សស្រីនោះដើរចេញក្រៅបណ្ណាល័យហើយដើរចូលផ្លូវងងឹតមួយទៅបន្ទប់ទឹកសាលា។
នៅបណ្ណាល័យ, ពេលកន្លងទៅប៉ុន្មាននាទីក្រោយ, សិស្សប្រុសស្រីបានឮសំលេងគោះអ្វីម្យ៉ាង។ វាស្ដាប់ទៅដូចជាឮចេញមកពីបង្អួចប្រាកដណាស់។ ពេលមើលជុំវិញ, ពួកគេឃើញស្ត្រីសក់វែងមុខស្លេកស្លាំងម្នាក់ឈរនៅខាងក្រៅ។ មុខរបស់នាងកិបនឹងបង្អួចកញ្ចក់ហើយភ្នែកនាងបិទជិត។ ចង្អុលដៃវែងមួយកំពុងគោះបង្អួច។
បន្តិចក្រោយមក, ស្ត្រីនោះបើកភ្នែករបស់នាងហើយសិស្សទាំងអស់ភិតភ័យដោយតក់ស្លុត។ ភ្នែកនាងធំក្រឡោត។ ស្ត្រីនោះវ៉ៃកញ្ចក់បង្អួចមួយទំហឹងបណ្ដាលឱ្យកញ្ចក់បែកខ្ចាយខ្ទាតពាសពេញ។
រំពេជនោះ, ភ្លើងទាំងអស់ត្រូវងងឹតឈឹង។
ក្នុងបន្ទប់ទឹកសាលាវិញ, ស៊ុនហ៊ីប្រុងលាងដៃស្រាប់តែត្រូវងងឹតស្លុប។ អ្វីៗស្ងាត់ឈឹង។ នាងមិនឮសំលេងស្រែកពីក្នុងបណ្ណាល័យសោះ។ នាងបន្តលាងដៃរបស់នាងទាំងងងឹត, ដោយមិនចាប់អារម្មណ៍សំលេងស្រែកលាន់ចេញតាមពិដានសោះ។ មួយសន្ទុះក្រោយ, សម្រែកក៏ស្ងាត់ទៅហើយអ្វីៗស្ងាត់ឈឹងម្ដងទៀត។
ស៊ុនហ៊ីបើកទ្វារបន្ទប់ទឹកហើយដើរចេញតាមបរិវេណអគារ។ ពេលនាងដើរចូលបណ្ណាល័យ, នាងត្រូវទុចងក់ដោយរន្ធត់អស់ស្មារតី។
សាកសពរបស់សិស្សទាំងអស់ស្ដូកស្ដឹងពាសពេញបណ្ណាល័យ។ សពខ្លះនៅលើឥដ្ឋការ៉ូ, ខ្លះងាប់លើទូសៀវភៅ ខ្លះនៅលើតុ។ នាងចាប់ផ្ដើមញ័រដោយភ័យ។ ចិត្តនាងច្របូកច្របល់ណាស់ខណៈមិនយល់ពីអ្វីដែលបានកើតឡើង។ វារន្ធត់ខ្លាំងហួសហេតុ។
បន្ទាប់មក, នាងបានឮសំលេងសម្រឹបជើងលាន់ពីបរិវេណខាងក្រៅ។
ស៊ុនហ៊ីជាស្រីឆ្លាត, គិតលឿន, ហើយនាងក៏ផ្ដួលខ្លួនដេកក្បែរសាកសពមិត្តនាងហើយនៅស្ងៀមមិនកម្រើក។
នាងស្ដាប់ដូចជាមានអ្វីម្យ៉ាងចូលមកក្នុងបណ្ណាល័យយ៉ាងស្ងៀមស្ងាត់។ ស៊ុនហ៊ីបិទភ្នែកនាងជិតហើយសម្ដែងធ្វើជាស្លាប់។ នាងឮសំលេងក្រោកៗដូចមាននរណាកំពុងដើរចូលបន្ទប់បណ្ណាល័យ។ ភិតភ័យរកអ្វីប្រៀបផ្ទឹមមិនបាន, ស៊ុនហ៊ីដេកស្ងៀមតាមដែលអាចធ្វើបានហើយនាងព្យាយាមមិនធ្វើឱ្យមានសំលេងសូម្បីតែបន្តិច។
នាងឮសំលេងខ្សិបៗ, «មួយ,ពីរ... មួយ,ពីរ.... មួយ,ពីរ...»
ដោយមកកាន់តែជិតនាង, នាងលួចបើកភ្នែករឹមៗយ៉ាងតិចៗហើយលួចមើល។
នៅកណ្ដាលបន្ទប់, មានស្ត្រីខ្មោចមុខស្លេកម្នាក់ស្លៀកពាក់ស សក់វែងៗ។
ស៊ុនហ៊ីបិទភ្នែកនាងម្ដងទៀតហើយព្យាយាមមិនស្រែក។ នាងឮសំលេងខ្មោចនោះដើរតាមក្នុងបន្ទប់, ទៅក្បែរសព ពីមួយទៅមួយ, ហើយខ្សិបឮតិចៗ។
«មួយ,ពីរ... មួយ,ពីរ.... មួយ,ពីរ...»
សិស្សស្រីនេះធ្មេចភ្នែកនាងជិត។ នាងសង្ឃឹម និងបន់ស្រន់សូមឱ្យខ្មោចនោះចេញពីទីនេះឆាប់ៗ។
មួយ,ពីរ... មួយ,ពីរ.... មួយ,ពីរ...»
ខ្មោចស្រីនោះដើរពិនិត្យសពពីមួយទៅមួយ, កាន់តែកៀក។
មួយ,ពីរ... មួយ,ពីរ.... មួយ,ពីរ...»
ខណៈដែលស៊ុនហ៊ីស្ដាប់សំលេងគួរឱ្យខ្លាចរបស់ខ្មោចនោះ, នាងព្យាយាមមិនកម្រើកសូមម្បីតែបន្តិចដើម្បីកុំឱ្យខ្មោចនោះចាប់អារម្មណ៍នាង។
មួយ,ពីរ... មួយ,ពីរ.... មួយ,ពីរ...»
ខ្មោចនោះអើតមកកាប់តែជិតទៅៗ, ហើយស៊ុនហ៊ីមិនហ៊ានកម្រើកទាល់តែសោះ។
មួយ,ពីរ... មួយ,ពីរ.... មួយ,ពីរ...»
ខ្មោចនោះមកជិតនឹងនាង។ នាងព្យាយាមស្ងៀមមិនដកដង្ហើម។
រំពេជនោះ, សំលេងរាប់ក៏ឈប់ទៅ។
ស៊ុនហ៊ីនៅស្ងៀមធ្មឹង។ នាងមិនឮសំលេងអីបន្តិចសោះ។ នាងខ្លាចពេកមិនហ៊ានសូម្បីតែញ័រ។
គ្មានសំលេងអីសោះ។ បណ្ណាល័យគឺស្ងាត់ឈឹង។
ពីរបីនាទីក្រោយមក, ស៊ុនហ៊ីប្រាកដក្នុងចិត្តថាខ្មោចនោះទៅបាត់ហើយ។
ស៊ុនហ៊ីបើកភ្នែកនាងយឺតៗ។
ខ្មោចនោះសម្លឹងមុខចំភ្នែករបស់នាង។ ដៃចង្អុលស្លេកស្លាំងមួយបានចង្អុលចំមុខតក់ស្លុតរបស់ស៊ុនហ៊ី។
«មួយ, ពីរ!» ខ្មោចនោះរាប់ព្រមទាំងខ្វេះភ្នែកទាំងគូររបស់ស៊ុនហ៊ី៕
~ scaryforkids ~
មួយ ពីរ...មួយ ពីរ...
Reviewed by Unknown
on
7:35 AM
Rating:
