ការស្លាប់របស់អ្នកអានរឿងខ្មោច
...អ្នកណាក៏ដោយឱ្យតែបានអានរឿងនេះត្រូវតែស្លាប់...
(ហាមអានៗៗៗៗ)
...ព័ត៌មានក្នុងទូរទស្សន៍កំពុងផ្សាយស្ទើរគ្រប់ប៉ុស្ដិ៍ , ដែលផ្សាយពីកំនើននៃអ្នកស្លាប់បន្ទាប់ពីអានរឿងខ្លីមួយក្នុងគេហទំព័រប្រលោមលោកសាធារណៈមួយ។ មិនដឹងថាមូលហេតុអីនោះទេ ឱ្យតែអ្នកណាដែលអានរឿងមួយហ្នឹងហើយដឹងតែស្លាប់ដោយមូលហេតុខុសៗគ្នា អ្នកខ្លះចង-ក អ្នកខ្លះធ្លាក់ពីលើផ្ទះ អ្នកខ្លះច្របាច់កខ្លួនឯង តែតម្រុយតែមួយគឺ ពួកគេបានអានរឿងមួយហ្នឹង។ មួយថ្ងៃៗកំនើនអ្នកស្លាប់ចេះតែកើនឡើង ក្នុងនោះមានភាគច្រើនជាយុវវ័យ ដោយពួកគេចង់ដឹងខ្លាំងពេក បើទោះជាមានការហាមប្រាមពីរដ្ឋាភិបាលច្រើនដងមកហើយក្ដី។ រដ្ឋាភិបាលបានបង្គាប់ឱ្យក្រុមFBIបិទទំព័រមួយហ្នឹងចោលតែលទ្ធផលមិនត្រឹមតែមិនអាចបិតបានទេ អ្នកដែលធ្វើរឿងនេះទាំងអស់ត្រូវស្លាប់។
«អានអត្ថបទស្អីហ្នឹង លីកា?» ដានីសួរខ្ញុំព្រោះឃើញខ្ញុំឈ្ងោកអាន មិនចូលដេក។
«អត្ថបទព័ត៌មាននៃអ្នកស្លាប់ដោយការអានរឿងខ្មោចហ្នឹងណា» ខ្ញុំតបទៅនាងវិញ។
«ចូលដេកម៉ោ» នាងបង្គាប់ «ប្រយ័ត្នស្អែកទៅរៀនគួរមិនទាន់ កំពុងតែរៀនដល់លំហាត់មិនសូវយល់ផង» នាងថាបែបនេះខ្ញុំក៏យល់ព្រមចូលដេក។
«ឯងដេកហើយនៅ ដានី?»
«នៅទេ យ៉ាងម៉េចឯង?»
«គ្នាឆ្ងល់ដល់ហើយ អ្នកស្លាប់ទាំងប៉ុន្មាននាក់ហ្នឹងគ្រាន់តែអានរឿងខ្មោចក៏ស្លាប់ដែរ?មិនគួរឱ្យជឿត្រង់ណាសោះ»
នាងស្ងៀមមួយសន្ទុះ ហើយក៏តប៖
«មិនគួរឱ្យជឿមែនតែមិនគួរសាកទេ ខ្លាចក្រែងរឿងនេះជារឿងពិត ជីវិតមិនងាយរកបានទេណា កាឯងដឹងរឿងសីហា និងសង្សារវាទេ?»
«អត់ដឹងផង ម៉េច?»
«អើ! មានមិត្តភក្ដិជិតស្និទ្ធវាថា មុនដែលសីហា និងសង្សារគាត់ស្លាប់ គឺអ្នកទាំងពីរបានអានរឿងខ្លីហ្នឹង»
«មែនហ?គួរឱ្យខ្លាចណាស់សង្ឃឹមថាក្រុមប៉ូលីសនឹងចាប់ម្ចាស់វេបសាយនោះឱ្យបាន ហើយបកស្រាយអ្វីដែលនៅពីក្រោយរឿងនេះ តោះឆាប់ដេកទៅយប់ហើយ»
---
នៅសាលាអ្នកណាក៏និយាយតែពីរឿងរ៉ាវអាថ៌កំបាំងហ្នឹង។ គេថាអ្នកស្លាប់មានលេខរៀងជាប់ក្បែរសាកសព។ ថ្នាក់រៀនគួរព្រឹកនេះដូចជាស្ងាត់ខុសធម្មតា។
«ថ្ងៃនេះស្លាប់ច្រើនម៉្លេះ?» ខ្ញុំសួរច្រលំធ្វើឱ្យសិស្សទាំងប៉ុន្មានងាកមើលមុខព្រាត។
«ច...ចង់និយាយថាថ្ងៃនេះស្ងាត់បាត់សិស្សច្រើនម៉្លេះ?»
«អាកា ឯងមិនដឹងទេហ្អែ?» ធាណីតប។ «គេទៅជួយបុណ្យអស់ហើយ»។ នាងនិយាយដោយទឹកមុខស្មើគ្មានកម្រើក។
អ្នកគ្រូដើរចូលមកដោយទឹកមុខសោះកក្រោះ។ គាត់កាន់ហ្វឺតសរសេរឈ្មោះpageធំៗហើយស្រែកឡើង។
«Horror Night - រាត្រី រន្ធត់ នឹងជាpageសាហាវៗណាស់ វាបង្ហោះតែរឿងរ៉ាវអាក្រក់ៗ ក៏ដូចជាការសម្លាប់គ្នាជាដើម ហើយអ្វីដែលសំខាន់នោះគឺបើនរណាចូលអានក្នុងpageនឹងហើយ នឹងត្រូវស្លាប់។ ដូច្នេះអ្នកគ្រូគ្រាន់តែផ្ដាំថា ទោះមានរឿងអីក៏ដោយ ហាមចូលwebsiteនឹងជាដាច់ខាត ព្រោះម្ចាស់pageគឺYafie Karrenkha ម្នាក់ដែលល្បីថាដើរសម្លាប់គេក្នុងFacebookនោះ ហើយម្នាក់នឹងក៏មិនមែនជាមនុស្សដែរ។» និយាយហើយគាត់ដើរចេញទៅក្រៅមួយសន្ទុះ រួចចូលមកវិញ។
---
យប់នេះ ដានី និងខ្ញុំបានទៅគេងកំដរសិស្សស្រីម្នាក់នៅផ្ទះនាង។ ខ្ញុំមិនសូវស្គាល់នាងទេ តែដានីស្គាល់។ នាងឈ្មោះគីមីហើយនាងជាមិត្តរបស់ដានី។ ពួកគេធ្លាប់រៀនជាមួយគ្នារហូតមកកាលពីតូច។
គីមីនឹងមានឬកពារចម្លែកៗ។ នាងស្ងៀមស្ងាត់ហើយមិនងាយនិយាយច្រើនទេ។ ម៉ាក់ប៉ានាងទៅស្រុក ទុកពួកយើងឱ្យនៅចាំផ្ទះជាមួយ។ យើងផ្លាស់សម្លៀកបំពាក់ដេកយប់ហើយអង្គុយនិយាយគ្នាពីរឿងខ្មោច។ តែបញ្ហាគឺ, យើងមិនសូវចេះរឿងច្រើនទេ ហើយយើងចេះតែរឿងអន់ៗ។
រំពេចនោះ, គីមីនិយាយឡើង។ «ខ្ញុំស្គាល់pageល្អមួយ,» នាងនិយាយ។
នាងបើកlaptopរបស់នាងហើយចុចចូលpageនោះ។ យើងនៅពីក្រោយនាងហើយមើលទៅទំព័រនោះ។ វាមានរឿងគួរឱ្យខ្លាចជាច្រើនជុំវិញពិភពលោក, មានរឿងជប៉ុនទៀត។ គីមីទាញscrollចុះក្រោមខណៈយើងសម្លឹងមើលកញ្ចក់កុំព្យូទ័រ។
ដានីចង្អុលទៅរឿងមួយ។
«រឿងអីគេនឹង?» នាងសួរ។
រំពេជនោះ, មុខគីមីប្រែទៅជាភិតភ័យ។ «ឯងមិនអាចអានរឿងនឹងបានទេ,» នាងនិយាយ។ «វាគ្រោះថ្នាក់ណាស់។»
«pageនេះគួរឱ្យខ្លាចហា,» ខ្ញុំនិយាយ។
«pageនេះអនុញ្ញាតិឱ្យក្មេងអានឬអត់ណ៎?» ដានីសួរ។
«ទេ,» គីមីឆ្លើយដោយសម្ដីម៉ឺងម៉ាត់។ «វាពិតជាមិនមែនសម្រាប់ក្មេងៗទេ។ រឿងខ្លះពិតជាគ្រោះថ្នាក់ណាស់...ដូចរឿងនេះជាដើម។»
នាងចុចចូលរឿងមួយ។ វាចម្លែកណាស់។ វាគឺរូបស្ត្រីសក់វែងម្នាក់, តែមុខគាត់អាក្រក់យ៉ាងអនេក។ ខ្ញុំព្រឺក្បាលនឹងមើលទៅវា។
អត្ថបទនោះដាក់ថា, «អ្នកដែលសរសេររឿងនេះមិនមែនជាមនុស្សទេ។»
«ឯងទាំងពីរមិនត្រូវអានរឿងនេះទេ,» គីមីនិយាយ។
«ចឹងមិនបាច់អានទេ,» ដានីតប។
«អឺ, តោះទៅដេក,» ខ្ញុំតប។
ខ្ញុំមានអារម្មណ៍ចម្លែកយ៉ាងខ្លាំងអំពីpageមួយនេះ។ ខ្ញុំចង់និយាយថា, រឿងទាំងអស់នឹងពួកគេបានពីណាម៉ោ ហើយគេpostវាដើម្បីអ្វី? តើអ្នកណាជាអ្នកបង្កើតវាឡើង? មានរឿងចម្លែកៗអំពីវា។
គីមីគ្មានខ្វល់ពីយើង។ នាងចុចបើកvideoហើយយើងឮសំលេងនិទានរឿង។ គ្រាន់តែខ្ញុំឮសំលេងចម្លែកនោះភ្លាម, វាធ្វើឱ្យខ្ញុំរន្ធត់ចិត្តណាស់។ ខ្ញុំយកដៃខ្ទប់ត្រចៀកហើយរត់ចេញពីបន្ទប់។ ដានីរត់តាមខ្ញុំ។ យើងរង់ចាំនៅបន្ទប់ទឹករហូតដល់វាបាត់ទៅវិញ។ ខ្ញុំមិនចាំថាវាជារឿងនិទានពីអ្វីទេ, តែខ្ញុំអាចនិទានឡើងវិញខ្លះ។ វាស្ដាប់ទៅដូចជាកំណាព្យច្រើនជាងនិទាន តែវាគ្មានភ្លេងទេ។
ពេលយើងមកក្នុងបន្ទប់វិញ, គីមីមានទឹកមុខចម្លែកយ៉ាងខ្លាំង។
«ឃើញទេ, គ្មានអីកើតឡើងផង,» នាងនិយាយ។
បន្ទាប់ពីនោះ, យើងសម្រេចថាទៅដេក។ យើងងងុយដេកណាស់។ គីមីឡើងលើគ្រែដេកហើយខ្ញុំដេកខាងដានី។ យើងបិទភ្លើងហើយដេក។
ខ្ញុំតែងដេកមិនលក់ទេរាល់ពេលមកដេកនៅផ្ទះគេបែបនេះ។ នៅពាក់កណ្ដាលយប់, ខ្ញុំបានភ្ញាក់ឡើងដោយសំលេងចម្លែកមួយ។ ពីរបីនាទីក្រោយមក, ខ្ញុំបានដឹងថាវាគឺគីមី។ នាងថ្ងូរតិចៗពេលដេល...ហឹម...ហឹម..ហឹម...ហឹម។
មើលទៅដូចជានាងកំពុងមានសុបិនអាក្រក់ចឹង។ ខ្ញុំដាស់ដាន់ឱ្យភ្ញាក់។
«ប្រហែលគីមីបានអានរឿងនោះហើយមុននឹងនាងគេង,» នាងនិយាយ។
ខ្ញុំព្យាយាមដេកវិញ, តែសំលេងថ្ងូររបស់គីមីឮកាន់តែខ្លាំងទៅៗ។ បន្ទាប់មក, នាងចាប់ផ្ដើមនិយាយទាំងដេកលក់។
«តើឯងរកឃើញយ៉ាងម៉េច?» នាងគំហ៊ក។
ខ្ញុំអង្រួនដានីហើយយើងទាំងពីរដេកស្ដាប់នាង។
«ឯងស្គាល់បានយ៉ាងម៉េច?» នាងគំហ៊ក។
ខ្ញុំ, ខ្ញុំគិតថាដេកនិយាយមមើមិនអាចនិយាយច្បាស់បែបនេះទេ។
«ប្រហែលយល់សប្ដិអាក្រក់ហើយ,» ដានីនិយាយ។
គ្រាន់តែនាងនិយាយចប់, គីមីងើបឆ្ងក់ពីគ្រែ។ នាងកម្រើករវីមរវៀម ដូចតុក្កតាអាយ៉ង។ ពេលខ្ញុំឃើញបែបនេះ, ខ្ញុំស្ទើរគាំងបេះដូង។
គីមីបែរខ្នងដាក់យើងហើយឱនមុខចុះ។ សក់វែងខ្មៅរបស់នាងបាំងមុខនាងជិត។ នាងគ្រាន់តែឈរទីនេះ, ឱនមើលទៅគ្រែ, ហើយថ្ងួចថ្ងូរតិចៗ។ នាងចាប់ផ្ដើមបែរមើលជុំវិញយឺតៗ។
បន្ទាប់ពីនោះ, ដានីញ័រទទ្រើក។
«វាមិនមែនជាគីមីទេ,» នាងស្រែក។
គីមីនៅតែបែរមកយឺតៗ។
ដានីកំពុងសម្លឹងមើលទៅគីមីដោយបើកភ្នែកធំៗ។
ខ្ញុំមិនចង់មើលទេ តែខ្ញុំមិនអាចបែរចេញសោះ។
ខ្ញុំភ័យទប់អារម្មណ៍មិនចង់បាន។ ដោយពន្លឺព្រះចន្ទជះមក, ខ្ញុំអាចឃើញមុខរបស់គីមីពេលនាងបែរមក។
វាជាមុខរបស់គីមី, តែមើលយូរទៅមិនមែននាងឡើយ។
ស្បែកនាងស្លេកស្លាំងហើយភ្នែកនាងក្រឡោត។ មាត់នាងចំហធំហើយមានធ្មេញស្រួចៗ។
វាមិនមែនជាគីមីទេ...
វាមើលទៅដូចមុខនាងត្រូវលាយជាមួយមុខនរណាម្នាក់ចឹង...
...ដូចនរណាម្នាក់បន្លំខ្លួនជាគីមី...
ក្នុងសំលេងមិនមែនជាមនុស្ស, នាងខ្សឹបថា, «ខ្ញុំចង់ដឹងថាយ៉ាងម៉េច...»
ខ្ញុំមិនចាំអ្វីផ្សេងទៀតឡើយ។ ខ្ញុំ និងដានីសន្លប់បាត់ទៅហើយ។
ពេលខ្ញុំភ្ញាក់ឡើង, វាព្រឹកហើយ។ ដានីដេកសន្លប់ក្បែរខ្ញុំ, តែនៅលើគ្រែមានខោអាវដេកយប់មួយកំប្លេ។ គ្មានសញ្ញាពីគីមីសោះ។
យើងរត់ទៅជាន់ក្រោម, តែក្នុងផ្ទះគឺទទេ។ ខ្ញុំតក់ស្លុតយ៉ាងខ្លាំងហើយហេតុការណ៍ពីយប់ម៉ិញនៅតែដក់ជាប់ក្នុងចិត្ត។ ដានីនិងខ្ញុំទាញកាបូបពួកយើងហើយរត់ចេញពីផ្ទះនោះយ៉ាងលឿនតាមដែលអាចធ្វើបាន។
យើងព្យាយាមតេទូរស័ព្ទទៅគីមី, តែតេមិនចូលសោះ។ យើងព្យាយាមម្ដងហើយម្ដងទៀតនៅថ្ងៃនោះ, តែនៅតែតេមិនចូល។
នៅល្ងាចនោះ, យើងតេទៅប៉ាម៉ាក់នាងហើយម៉ាក់នាងទទួល។ គាត់ប្រាប់ថាគាត់ក៏មិនដឹងថាគីមីនៅទីណាដែរ។ ដានីនិងខ្ញុំកាន់តែភ័យខ្លាចខ្លាំងឡើង។ យើងផ្ញើសារទៅគ្រប់មិត្តយើងទាំងអស់, តែគ្មាននរណាដឹងដំនឹងពីគីមីសោះ។ វាដូចជានាងត្រូវចេញពីពិភពលោកនេះយ៉ាងអញ្ចឹង។
ប៉ាម៉ាក់គីមីបានប្ដឹងប៉ូលីសពីរឿងបាត់ខ្លួនរបស់នាង។ ពួកគេចាប់ផ្ដើមតាមរកគីមី។ មនុស្សភាគច្រើនស្មានថានាងរត់ចេញពីផ្ទះ។ គ្មាននរណាឃើញតម្រុយស្អីពីនាងសោះ។ ប៉ូលីសបានមកសួរចម្លើយខ្ញុំ និងដានី, តែយើងមិនសូវដឹងរឿងអីច្រើនទេ។ យើងទាំងពីរដឹងប្រាកដថានាងពិតជាមិនរត់ចេញពីផ្ទះទេ។
ថ្ងៃមួយ, ដានីមកដេកផ្ទះខ្ញុំ។ យើងបើកកុំព្យូទ័រយួរដៃហើយចូលក្នុងទំព័រដើម្បីអានរឿងដែលគីមីបានអាននោះ។ ដៃរញីរញ័ររបស់ដានីចុចលើរឿងមួយ។
បម្រាមមួយផុសចេញមកលើកញ្ចក់អេក្រង់។ «រឿងនេះត្រូវបានលុប, កុំចង់ស្វែងរករឿងគួរឱ្យខ្លាចនេះទៀតអី គ្រោះថ្នាក់ណាស់។»
យើងស្វែងរកតាមអ៊ីនធើនេត, តែយើងរកមិនឃើញសោះ។
ក្រោយពីនោះ, ខ្ញុំតែងតែមានបញ្ហាដេកមិនលក់។
ខ្ញុំខ្លាចតែពេលដេកលក់ហើយភ្ញាក់ឡើងវិញ...ខ្លួនឯងមិននៅទីនេះទៀត៕
~ScaryForKids~
ការស្លាប់របស់អ្នកអានរឿងខ្មោច
Reviewed by Unknown
on
7:44 AM
Rating:
Reviewed by Unknown
on
7:44 AM
Rating:
