>
  • ទំព័រដើម
  • នាងជារបស់ខ្ញុំ


    នារដូវក្ដៅមួយ, មាននារីម្នាក់ផ្លាស់មកនៅផ្ទះជាប់ខ្ញុំ។ នាងរស់នៅជាមួយម្ដាយនាង ហើយនិយាយពីឪពុករបស់នាងវិញគាត់បានបោះបង់នាងនិងម្ដាយតាំងពីប៉ុន្មានឆ្នាំមុនម្លេះ៉។ នាងជាមនុស្សចំណូលថ្មីក្នុងក្រុងដូចនេះទើបមិនសូវស្គាល់គេឯង។ ទោះពីពួកយើងមកពីក្រុងផ្សេងគ្នាក៏ដោយពួកយើងក៏បានទទួលគ្នាជាមិត្តដែរ។ យើងមិនមែនជាមិត្តស្និទស្នាលខ្លាំងនោះទេប៉ុន្តែខ្ញុំតែងតែមកលេងផ្ទះនាងហើយពួកយើងតែងតែជជែកគ្នា។

    នៅខណៈពេលដែលខ្ញុំដាក់ភ្នែកទៅលើនាងវាធ្វើឱ្យខ្ញុំដឹងថានាងជាមនុស្សស្រីដែលស្រស់ស្អាតនិងល្អឥតខ្ចោះសម្រាប់ខ្ញុំ។ តែជាអកុសលគឺនាងគ្មានអារម្មណ៍លើខ្ញុំទេ, នាងបានចាប់អារម្មណ៍លើតែបុរសដែលសង្ហារនិងមានទ្រព្យម្នាក់នោះ។ដោយហេតុនេះទើបធ្វើឱ្យខ្ញុំដឹងថាខ្ញុំមិនមែនជាមនុស្សដែលនាងពេញចិត្តទេ,តែខ្ញុំក៏សុខចិត្តរង់ចាំ។ នាងមិនមានមិត្តដើម្បីជជែកគ្នាទេ, បែបនេះហើយទើបនាងទុកចិត្តខ្ញុំ។ ភាគច្រើននាងតែងប្រាប់ខ្ញុំពីជីវិតរបស់នាង, ម្ដាយនាងវាយនាងយ៉ាងណា, ជីវិតរបស់មិត្តនារីដែលរៀនជាមួយខុសប្លែកពីនាងយ៉ាងណា។ នាងក៏បានប្រាប់ខ្ញុំពីបុរសដែលនាងស្រលាញ់ដែរ, គាត់ពិតជាពេញនិយមយ៉ាងខ្លាំងសម្រាប់នារីៗនៅក្នុងសាលា។

    នៅពេលដែលនាងនិយាយពីបញ្ហារបស់នាង, ខ្ញុំបានត្រឹមតែអង្គុយនៅទីនោះនិងស្ដាប់ប៉ុណ្ណោះ។

    ថ្ងៃមួយនាងក៏ឈប់មកសាលារៀន។ វាកើតឡើងដោយសារការដែលនាងត្រូវគេគំរាម។ នាងបានប្រាប់ខ្ញុំថានារីម្នាក់ក្នុងចំណោមនារីដែលមានប្រជាប្រិយភាពក្នុងសាលាបានដឹងថានាងបានស្រលាញ់មិត្តប្រុសរបស់គេ, ហើយនាងតែងតែត្រូវនារីម្នាក់នោះ និងមិត្តៗរបស់នាងធ្វើបាបរាល់ពេលដែលនាងជួបនឹងពួកគេ។ រឿងទាំងនេះក៏បានធ្វើឱ្យកើតមានពាក្យចចាមអារាមធ្វើឱ្យលេចឮដល់មិត្តរួមថ្នាក់នាង និងធ្វើឱ្យជីវិតរបស់នាងដូចរស់ក្នុងនរកអវចីយ៍។

    ខ្ញុំគ្រាន់តែស្ដាប់នាងដោយស្ងាត់ស្ងៀមរាល់ពេលដែលនាងរៀបរាប់ពីបញ្ហារបស់នាង។

    ឥរិយាបថរបស់នាងចាប់ផ្ដើមប្រែប្រួលនៅពេលដែលនាងរៀនថ្នាក់វិទ្យាល័យ។ នាងដើរលេងខាងក្រៅសឹងតែគ្រប់ម៉ោងនៅពេលយប់ហើយនាងថែមទាំងចេះជក់បារី និងផឹកគ្រឿងស្រវឹងទៀតផង។ ខ្ញុំបានឮថានាងបានប្រើថ្នាំញៀន និងដើរក្នុងហ្វូងមនុស្សអាក្រក់រហូតប៉ូលីសចាប់ម្ដងៗផងដែរ។
    ជីវិតក្នុងផ្ទះរបស់នាងក៏កាន់តែអាក្រក់ជាមួយការឈ្លោះគ្នារវាងនាងនិងម្ដាយនៅពាក់កណ្ដាលយប់។ នារីគ្រប់គ្នានៅសាលាសុទ្ធតែស្អប់នាង។
    មានមនុស្សម្នាក់បានបាញ់ថ្នាំនៅជុំវិញផ្ទះរបស់នាង, ហៅឈ្មោះអាក្រក់ដាក់នាង, និងនិយាយពីរឿងអាស្រូវរបស់នាងទៀតផង។ មានមនុស្សម្នាក់ទៀតបានសម្លាប់ឆ្មារបស់នាង និងវះសាកសពវាដាក់វាលើប្រអប់សំបុត្រមុខផ្ទះនាង។

    ទីបំផុតនាងក៏ត្រូវលុបឈ្មោះពីវិទ្យាល័យ។ នាងក្លាយជាអ្នកដកខ្លួន និងឃុំខ្លួនឯងនៅក្នុងបន្ទប់គេង។ នាងមិននិយាយរកម្ដាយរបស់នាងទេហើយក៏មិនចេញក្រៅបន្ទប់ដែរ។ នាងកម្រចេញក្រៅញ៉ាំអាហារណាស់។ សភាពនាងនៅពេលនោះគឺស្លេក, ឈឺ, និងស្គមស្គាំងជាខ្លាំង។ ម្ដាយរបស់នាងតែងទុកអាហារនៅខាងក្រៅទ្វាររបស់នាងហើយនាងចេញមកក្រៅម្ដងៗពេលត្រូវចូលបន្ទប់ទឹកនិងពាក់កណ្ដាលអធ្រាត្រពេលដែលម្ដាយនាងដេកលក់។ វាធ្វើឱ្យនាងមានជីវិតអភ័ព្វខ្លាំងណាស់។

    កាលខ្ញុំទៅលេងនាងដំបូង វាកន្លងទៅយូរហើយ។ប៉ុន្តែនាងមិនព្រមចេញមកនិយាយជាមួយខ្ញុំទេហើយទោះខ្ញុំខំស្រែកហៅនាងតាមរន្ធសោរប៉ុណ្ណាក៏នាងមិនតប។ ម្ដាយរបស់នាងបានឱ្យស៊ុបខ្ញុំមួយចានដើម្បីលើកយកទៅឱ្យនាងនៅជាន់លើ។ ខ្ញុំបានឃើញនាងនៅពេលដែលនាងបើកទ្វារយកស៊ុប។ នាងគឺស្លេកខ្សោយស្គមមើលទៅដូចសល់តែស្បែកដណ្ដប់ឆ្អឹង។ នាងមើលទៅដូចជាក្រណាត់សើមដែលពូតទឹកចេញចឹង។

    ខ្ញុំបានទៅមើលនាងរាល់ថ្ងៃ។ មួយសន្ទុះមកនាងក៏ចាប់ផ្ដើមជជែកជាមួយខ្ញុំតាមរយៈទ្វារ។ នាងប្រាប់ខ្ញុំថាជានិច្ចកាលនាងតែងវាយគ្នាជាមួយម្ដាយ ឯមិត្តរបស់នាងបានបំភ្លេចនាងទៅហើយ។ នាងប្រាប់ខ្ញុំពីមូលហេតុដែលនាងបានចុះចូលក្នុងចំណោមមនុស្សអាក្រក់, ទៅក្រៅជាមួយពួកគេពេលយប់, លួចជក់ថ្នាំ, ហើយបង្កបញ្ហា។ នាងប្រាប់ខ្ញុំទៀតថានាងធ្លាប់ត្រូវចាប់បានជាចោរលួចក្នុងហាងដោយប៉ូលីសនិងមានបទល្មើសព្រហ្មទណ្ឌ។

    នាងប្រាប់ទៀតថាដំបូងម្ដាយរបស់នាងព្យាយាមជួយនាងតែនាងមិនស្ដាប់ទើបធ្វើឱ្យគាត់ផ្ទុះកំហឹង និងវាយនាង។ ជីវិតរបស់នាងក្លាយជាគ្មានន័យ។នាងចង់ស្លាប់ នាងប្រាប់ខ្ញុំថានាងព្យាយាមធ្វើអត្តឃាតខ្លួនជាច្រើនដងដោយអារដៃ។

    វាដូចតែរាល់ដងដែលនាងនិយាយខ្ញុំស្ដាប់និយាយស្ដាប់និយាយស្ដាប់ប៉ុណ្ណឹងឯង។ នៅពេលនាងសួរយោបល់ខ្ញុំ, ខ្ញុំគ្រាន់តែញាក់ស្មា ឬលួងលោមបន្តិចបន្តួច។

    ពេលវេលាចេះតែដើរជីវិតស្រីវ័យក្មេងនោះក៏ចាប់ផ្ដើមបំភ្លឺឡើងម្ដងទៀត។ នាងក៏សម្រេចចិត្តចេញមកក្រៅបន្ទប់របស់នាង។ វាដូចជាធ្វើឱ្យអ្វីៗកាន់តែប្រសើរឡើងអីញ្ចឹងហើយការសម្លឹងមើលអនាគតក៏ឃើញផលវិជ្ជមាន។ ម្ដាយនាងបានអរគុណខ្ញុំយ៉ាងខ្លាំងក្រៃលែងជាមួយនឹងទឹកភ្នែករបស់គាត់ដែលបញ្ជាក់ពីអារម្មណ៍រំភើប។

    ថ្ងៃមួយ, នាងនោះបានឡើងទៅផ្ទះល្វែងអ្នកជិតខាងរួចក៏លោតចុះ។ អគារនេះមិនខ្ពស់ណាស់ណាទេគ្រាន់តែជាប្រភេទវីឡាទោល។ វាជាហេតុដែលជួយឱ្យនាងរួចជីវិត។ 

    តែទោះជាយ៉ាងណាខួរឆ្អឹងខ្នងរបស់នាងត្រូវបានរងរបួសដោយសារការធ្លាក់ពីលើចុះក្រោម។ គ្រូពេទ្យនិយាយថាជីវិតរបស់នាងនឹងត្រូវចំណាយពេលរស់នៅជាមួយកៅអីរុញមួយជីវិត។

    នៅពេលនាងចេញពីពេទ្យខ្ញុំក៏ទៅលេងនាង។ ខ្ញុំបានឃើញនាងដេកលើគ្រែរបស់នាងដោយពុំអាចកម្រើកបាន។ នាងបានសុំទោសខ្ញុំម្ដងហើយម្ដងទៀតហើយក៏មិនឈប់យំសោះ។ នាងសង្ឃឹមថានាងនឹងមិនរស់បែបនេះរហូត ហើយនាងក៏សោកស្ដាយនិងសុំទោសរឿងគ្រប់យ៉ាងដែលខ្លួនធ្វើមកលើម្ដាយនាង និងខ្ញុំ។

    ខ្ញុំខំប្រឹងនិយាយរំងាប់អារម្មណ៍នាងដើម្បីឱ្យនាងឈប់យំប៉ុន្តែវាពិតជាពិបាកក្នុងការរំងាប់អារម្មណ៍របស់មនុស្សដែលពិការណាស់។ ខ្ញុំខំឱបនាងទាំងឆ្គង។ នាងឧស្សាហ៍យំទើបខ្លួននាងញ័រ។នាងមិនអាចសូម្បីត្រឹមជូតទឹកភ្នែករបស់នាង។

    ខ្ញុំចាប់ដៃនាងឡើងនិងសុំនាងរៀបការ។
    នាងនិយាយ ៖ «ពិតឬ?លោកធ្វើមែនទែនឬ?ខ្ញុំ?ពិតឬ?»

    នាងស្ទើរតែមិនជឿថានៅមានអ្នកត្រូវការនាង។

    ខ្ញុំសុំនាងរៀបការឡើងបីបួនដងមុននាងព្រមជឿខ្ញុំ។ នាងយំយ៉ាងខ្លាំងទឹកភ្នែកនាងក៏ហូរធ្លាក់មកតក់ៗ។ ខ្ញុំខំប្រឹងធ្វើឱ្យនាងជឿនិងពន្យល់នាងថាព្រោះតែខ្ញុំតែងតែស្រលាញ់នាងរហូតមក។

    នាងតែងតែជាមនុស្សស្រីម្នាក់ដ៏សំខាន់សម្រាប់ខ្ញុំ។
    ទោះជានៅពេលនាងមិនបានយកចិត្តទុកដាក់នឹងខ្ញុំក៏មិនធ្វើឱ្យអារម្មណ៍ខ្ញុំប្រែប្រួល។ ទោះបីនៅពេលនាងទៅក្រៅមិនដូចមនុស្សឯទៀត។ ទោះជាពេលខ្ញុំត្រូវស្ដាប់បញ្ហាដូចឆ្កួតរបស់នាង។ ទោះនៅពេលនាងក្លាយជាមនុស្សស្គម និងឃុំខ្លួននៅក្នុងបន្ទប់។ ទោះជាខ្ញុំទៅប្រឌិតប្រាប់ពីនារីល្បីៗថានាងវក់នឹងមិត្តប្រុសរបស់ពួកគេ។ ទោះបីនៅពេលខ្ញុំបង្កើតពាក្យចចាមអារាមប្រាប់មិត្តរួមថ្នាក់ពីមុន។ ទោះបីនៅពេលខ្ញុំសម្លាប់ឆ្មានាង និងគប់ទៅលើប្រអប់សំបុត្រ។ ទោះបីខ្ញុំជាអ្នកបាញ់គំនូរលើផ្ទះនាង។ទោះឥឡូវនាងរស់នៅលើគ្រែមិនអាចកម្រើក។ ទោះយ៉ាងណាខ្ញុំក៏នៅតែស្រលាញ់នាង ព្រោះនាងនឹងក្លាយជារបស់ខ្ញុំ...មួយជីវិត៕

    - Scaryforkids -
    - SoTheara Khun -

    #FanWrite
    នាងជារបស់ខ្ញុំ នាងជារបស់ខ្ញុំ Reviewed by Unknown on 9:06 PM Rating: 5
    Loading...
    Powered by Blogger.