ជ្រូកខ្វៃ
ខ្ញុំភ្ញាក់ឡើងនៅពេលឮសំលេងម៉ាក់ស្រែកហៅ។
«មកញ៉ាំសិនម៉ោកូន» ម៉ាក់ហៅខ្ញុំឱ្យទៅញ៉ាំចំនីលាយកន្ទក់ដែលម្ចាស់ខ្ញុំដាក់ឱ្យ។
«ម៉ាក់ញ៉ាំដែរទៅ?» ខ្ញុំសួរទៅម៉ាក់។
«ចាស...ញ៉ាំដែរតើ!» ម៉ាក់តបទាំងញញឹមមកខ្ញុំ។ ខ្ញុំចាំស្នាមញញឹមរបស់គាត់ តាំងពីបើកភ្នែកឃើញពន្លឺថ្ងៃដំបូងម៉្លេះ។ ម៉ាក់តែងនិយាយពាក្យផ្អែមល្ហែមមកខ្ញុំ ហើយពេលជិតចូលដេក ម៉ាក់និទានរឿងឱ្យខ្ញុំស្ដាប់។ លើលោកនេះបន្ទាប់ពីម្ចាស់ជាទីស្រលាញ់, ខ្ញុំស្រលាញ់ម៉ាក់ជាងគេ។
«ម៉ាក់ តើខួបកំនើតម៉ាក់នៅថ្ងៃណា?» ខ្ញុំសួរ ព្រោះកាលមុនគាត់ធ្លាប់ប្រាប់ថាគាត់កើតខែនេះឯង តែខ្ញុំមិនចាំថ្ងៃ។
«ខួបកំនើតម៉ាក់? យាយកូនឯងប្រាប់ថាថ្ងៃ៧ខែកុម្ភៈ។ អូ...ថ្ងៃ៧គឺថ្ងៃនេះហើយតើ!!» គាត់ឧទាន។
«ម៉ាក់!!!! រីករាយថ្ងៃកំនើត!!! កូននឹងធ្វើកាដូជូនម៉ាក់!!!!» និយាយបែបនេះម៉ាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសួរខ្ញុំ «កាដូអីទៅកូន?»
«ក្រែងម៉ាក់ធ្លាប់ប្រាប់ខ្ញុំថា ម៉ាក់ចង់ញ៉ាំសម្លរចាប់ឆាយមែនទេ? ខែបុណ្យចូលឆ្នាំចិនបែបនេះប្រាកដជាមានស្លរច្រើនហើយ» ខ្ញុំនិយាយទាំងញញឹម តែម៉ាក់បែរជាទម្លាក់ទឹកមុខ។ គាត់ពោល :
«មែនហើយ ម៉ាក់ចង់ណាស់តែ, យើងជាជ្រូកបែបនេះ មាននរណាគេឱ្យចាប់ឆាយយើងញ៉ាំទៅ? មានតែឆ្កែនិងឆ្មាទេដែលគេមានវាសនាបានញ៉ាំសម្លរចាប់ឆាយសល់ពីម្ចាស់គេ»
ខ្ញុំអានិតម៉ាក់ណាស់។ ខ្ញុំដឹងថាគាត់ចង់ញ៉ាំសម្លរចាប់ឆាយគ្រប់ពេល តែអ្វីដែលពិបាកនោះ...តាំងពីកើតមកខ្ញុំមិនដែលឃើញសម្លរនោះផង។ រំពេជនោះមានខ្យល់បក់នាំយកក្លិនម្ហូបឈ្ងុយត្រសៀកៗដែលបើខ្ញុំទាយមិនខុសទេ នេះគឺជាក្លិនសម្លរចាប់ឆាយដែលចេញមកពីផ្ទះបងគីគី ជាឆ្កែរបស់អ្នកមានម្នាក់។ ខ្ញុំរត់ទៅផ្ទះគាត់ឃើញគាត់កំពុងញ៉ាំឆ្អឹង ម្ហូប សាច់ ដែលម្ចាស់គាត់ដាក់ឱ្យញ៉ាំ។ ពួកមនុស្សផឹកស៊ីសប្បាយខ្ញៀវខ្ញារព្រោះបានជុំបងប្អូន។
«បងគីគី!!!» ខ្ញុំស្រែកហៅ ហើយគាត់ងាកមុខមើលមកខ្ញុំ។
«មានការអីអាអ៊ូក?»
«ខ្ញុំសុំសម្លរចាប់ឆាយខ្លះបានទេ? ព្រោះខ្ញុំអានិតម៉ាក់ខ្ញុំគាត់ចង់ពិសារវាយូរហើយ។»
«បានតើ តែ...គ្មានអីដាក់ទេ នេះក្នុងចានខាងនេះ ឯងយកយ៉ាងម៉េចបានក៏យកទៅ!!»
«អរគុណបងហើយ ខ្ញុំនឹងទៅរកអីមកដាក់!!!»
ខ្ញុំរត់ទៅផ្លូវមុខទាំងរីករាយសប្បាយ។ នៅតាមផ្លូវ ខ្ញុំឃើញមនុស្សម្នារដែលមានទ្រព្យ គេផឹកស៊ីសប្បាយហូរហ៊ាចាក់ច្រាស់ ផ្ទុយស្រឡះពីអ្នកក្រមួយចំនួនដែលដើរកាយម្ហូបស៊ីតាមធុងសម្រាម។ គិតទៅជីវិតខ្ញុំគ្រាន់បើជាងមនុស្សមួយចំនួនដែរ។
ខ្ញុំមកជួបបងគីគីម្ដងទៀតជាមួយស្បោងមួយ។ ខ្ញុំលើកសម្លរចាប់ឆាយចាក់ចូលថង់ ហើយពាំយ៉ាងអំណរតម្រង់ទៅផ្ទះ។
«ឈប់សិនអូនអ៊ូក» បងគីគីហៅបង្អាក់ខ្ញុំ។ «នៅមើលម៉ុងសាយជាមួយបងសិនហើយ។»
«ម៉ុងសាយ? ម៉ុងសាយនឹងអីគេទៅបងគី?» ខ្ញុំសួរទាំងមុខស្លើព្រោះមិនដែលលឺពាក្យម៉ុងសាយសោះ។
«ចាំតែមើលទៅ តិចទៀតគេមកសម្ដែងហើយល្អមើលណាស់» គាត់តប។ ពិតជាដូចបងគីគីថាមែន ម៉ុងសាយជារបាំចិនដ៏ល្អជក់ចិត្ត បើម៉ាក់បានមើលដែរមិនដឹងជាគាត់សប្បាយចិត្តយ៉ាងណាទេ។ ពេលម៉ុងសាយលេងចប់ ខ្ញុំក៏ពាំថង់សម្លរចាប់ឆាយតម្រង់ទៅផ្ទះវិញ។ ចាំមើលម៉ាក់ភ្ញាក់ផ្អើលយ៉ាងណាទេដែលបានកាដូសម្លរដែលគាត់ចង់ពិសារពីកូនម្នាក់នេះ។ តែ, ពេលទៅដល់ផ្ទះ ខ្ញុំអត់ឃើញម៉ាក់សោះ មិនដឹងជាគាត់ទៅទីណា។ ខ្ញុំរកគ្រប់កន្លែងក៏នៅតែមិនឃើញ។ ម្ចាស់ផ្ទះគេសើចសប្បាយខ្ញៀវខ្ញារគ្មានខ្វល់ពីភាពឆ្លេឆ្លារបស់ខ្ញុំសោះ។ ម៉ាក់ទៅណាចេះ? គាត់ទៅរកខ្ញុំទេដឹង? ខ្ញុំដើរទៅក្រោយស្រាប់តែឃើញថ្លុកឈាមប្រឡាក់លើឥដ្ឋការ៉ូ។ ថង់សម្លរចាប់ឆាយធ្លាក់កំពុបខ្ទេចច្រាលក្លិនមកឆួល។ មិនគិតច្រើន ខ្ញុំរត់ចូលទៅក្នុងផ្ទះបំណងឱ្យម្ចាស់ជួយរកម៉ាក់។ តែ...អ្វីដែលហួសចិត្តបំផុត និងតក់ស្លុតស្ទើនិយាយមិនចេញនោះ, នៅលើតុញ៉ាំបាយគឺជាជ្រូកខ្វៃដាក់លើថាសដែលគេដុតខ្វៃឡើងឆ្អិន។ ខ្ញុំនៅចាំមុខជ្រូកខ្វៃនោះបានច្បាស់ណាស់ទោះជាពេលនេះ ប្ដូររូបរាងច្រើនយ៉ាងណាក៏ដោយ។
«ម៉ាក់....ទេ....ម៉ាក់....» ខ្ញុំស្រែកទ្រហោយំយ៉ាងសោកសៅ
«ម៉ាក់អើយ ម៉ាក់ថាចង់ញ៉ាំសម្លរចាប់ឆាយ ពេលនេះកូនយកឱ្យម៉ាក់ហើយ ម៉ាក់ងើបម៉ោ ងើបវិញម៉ោ...ម៉ាក់អើយ!!!» ទឹកភ្នែកខ្ញុំហូរសស្រាក់ ទោះជាប្រឹងស្រែកយ៉ាងណាក៏អត់ប្រយោជន៍ ព្រោះគាត់ស្លាប់ហើយ ឆ្អិនហើយ ហើយក៏ប្រុងនឹងក្លាយជាចំនីរបស់ម្ចាស់អន្ដិរថីនាបន្តិចទៀតនេះ៕
(ដោយសារតែភាពហឺុហារ ដោយសារតែចង់ឡូយ ដោយសារចង់ផឹកស៊ីខ្លែមជាមួយបងប្អូន ធ្វើឱ្យម្ដាយកូនគេបែកគ្នាជារៀងរហូត)...
ជ្រូកខ្វៃ
Reviewed by Unknown
on
8:17 AM
Rating:
