គុយទាវពិសេស
គ្រាន់តែបើកទ្វារភ្លាមភ្ញៀវចូលឡើងណែន។ ហាងគុយទាវពូឡេងដែលធ្លាប់តែរកនឹងឈប់លក់ម្ដងៗប៉ុន្មានថ្ងៃនេះបែរជាមានភ្ញៀវចូលឡើងណែនៗ។ អតិថិជនគាត់សុទ្ធជាមនុស្សដដែលៗ ដែលមកស៊ីគុយទាវយ៉ាងស្រេកឃ្លានដាច់ដាបដូចអ្នកញៀនអាភៀន។
«គុយទាវពូឯងឥឡូវឆ្ងាញ់ម៉្លេះ?ហើយទឹកស៊ុបស្លសាច់អី?ផុយឆ្ងាញ់ជក់មាត់តែម្ដង។» ពាក្យនេះតែងបន្លឺឡើងជារឿយៗពីមាត់អ្នកដែលបានភ្លក់គុយទាវពូឡេងហើយ។ អ្នកខ្លះស៊ីបីចានតែឯងក៏មាន បួនចានតែឯងក៏មាន។ ម៉ូយពូព្រីងទាំងអស់ក៏ត្រូវប៉ើងទៅខាងពូឡេងអស់។ ពូព្រីងគាត់បើកលក់គុយទាវក្បែរតូបពូឡេងដែរ តែគាត់បើកយូរហើយ ហើយភ្ញៀវកាក់កបដែរ តែពេលនេះភ្ញៀវត្រូវស្ងាត់ឈឹងដោយងប់ងល់នឹងពូឡេងពេក។ ភ្ញៀវទាំងអស់ដែលមកហូបគុយទាវ ទោះជាមួយចានតម្លៃខ្ពស់ដល់ទៅ១៥០០០៛ក៏ដោយ ក៏នៅតែមកហូបមិនដែលលោះថ្ងៃ។ បន្ទាប់មកអ្វីៗទាំងអស់ត្រូវបែកខ្ជរខ្ជាយពេញភូមិ រូបមន្តអាថ៌កំបាំងដ៏គួរឱ្យខ្លាចសម្រាប់អ្នកមិនធ្លាប់ភ្លក់ស្ដាប់ទៅគួរឱ្យឆ្អើម តែសម្រាប់អ្នកដែលញៀននឹងរសជាតិវាគ្រាន់តែឮក៏លេបទឹកមាត់។
អ្នកណាៗក៏ដឹងដែរថាគុយទាវពូឡេងដាក់សាច់មនុស្ស តែវាគ្មានរឿងអីដែលត្រូវព្រឺសម្រាប់ពួកគេទេ អ្វីដែលសំខាន់គឺត្រូវតែស៊ីគុយទាវនេះហោចណាស់១ដងក្នុងមួយថ្ងៃ។ ប៉ូលីសធ្លាប់ចុះចាប់ច្រើនដងហើយដែរតែក៏ត្រូវចេញទៅវិញដោយទទួលសំណូកគុយទាវមួយចានពីគាត់។ អ្នកភូមិចាប់ផ្ដើមកើតឆ្គួតនឹងគុយទាវសាច់មនុស្សនេះ អ្នកខ្លះមិនបានស៊ីមួយថ្ងៃទៅជាញៀនប្រកាច់ប្រកិនតែម្នាក់ឯងត្រាតែអ្នកណាម្នាក់រត់ទៅទិញគុយទាវឱ្យទើបជាវិញ។ ហាងគាត់ចាប់ផ្ដើមរីកចម្រើនយ៉ាងឆាប់រហ័ស។
អ្នកគ្រូរីជាគ្រូក្រមុំដែលអ្នកភូមិនេះជួលជាមួយលោកគ្រូកម្លោះ ហើយអ្នកគ្រូម្នាក់ទៀតដើម្បីមកបង្រៀនកូនៗពួកគេ។ អ្នកគ្រូតែងមានអារម្មណ៍ប្លែកនឹងកិរិយាគួរឱ្យខ្លាចរបស់អ្នកភូមិ។
រាត្រីស្ងាត់ឈឹងបន្ទាប់ពីអ្នកគ្រូក្រមុំម្នាក់នេះងូតទឹកសម្អាតខ្លួនរួចក៏ប្រញ៉ាប់ចូលក្នុងផ្ទះតៀមឈើផ្ទាល់ដីប្រក់ក្បឿងមួយដែលរាត្រីនេះនាងត្រូវដេកម្នាក់ឯងព្រោះអ្នកគ្រូមួយទៀតដែលនៅផ្ទះជាមួយ គាត់រវល់ទៅការបងប្អូននៅស្រុក។
រាត្រីស្ងាត់ឈឹងម៉ោងពាក់កណ្ដាល៩យូរៗឮសម្រឹបជើងមនុស្សដើរទៅស៊ីគុយទាវពូឡេងម្ដង។ បរិយាកាសកាន់តែស្ងាត់ធ្វើឱ្យអារម្មណ៍អ្នកគ្រូកាន់តែព្រួយបារម្ភ។ កន្លងមកធ្លាប់មានហេតុការណ៍បាត់មនុស្សញយដងណាស់ តិចរាត្រីនេះវាប៉ះមកលើនាងវិញ? នាងទាញទូរស័ព្ទចុចសារទៅលោកគ្រូកម្លោះឈ្មោះធាវុទ្ធម្នាក់នោះដែលអ្នកទាំងពួងក៏ដឹងថាជនទាំងពីរនេះជាសង្សារនឹងគ្នា។
នីសា : 09:15 Hi បង!😊
ធាវុទ្ធ : 09:18 សួស្ដីកញ្ញាគ្រូមានការអីនឹង?😊😊☺️
នីសា : 09:18 អត់ការអីទេ តែចង់ផ្ញើសារលេងផងអត់បាន?រំខានមែន?
ធាវុធ្ធ : 09:18 😂ខ្លាចមែននឹង?
នីសា : 09:19 មែនហើយ...ព្រឺហា!
ធាវុទ្ធ : 09:19 😂 ហាក...ចុះណារីទៅណាហើយ?
នីសា : 09:20 ក្រែងប្រាប់ហើយតើថានាងទៅស៊ីការហើយ
ធាវុទ្ធ : 09:21 នោះដូចមានណាគេឈរក្បែរបង្អួច...អឺ...នោះ
នីសា : 09:22 ចង្រៃយក៍នេះ!!!គិតថាកំប្លែងហើយនឹង?😡😡
ធាវុទ្ធ : 09:22 លេងបន្តិចក៏មិនបានដែរអ្នកឃូឆ្នាស់
នីសា : 09:23 😡😡 បានហើយធុញ!!! ថាផ្ញើសារទៅបានជាគ្នា បែរជាមកបន្លាចវិញ គីបាញ់យ៍នេះ!!!
ធាវុទ្ធ : 09:24 កាចម៉េះ?
ធាវុទ្ធ : 09:26 សួស្ដីអ្នកឃូស្អាត!
ធាវុទ្ធ : 09:27 លេងតិចសោះខឹងបាត់...កុំខឹងពេកមុខចាស់ឡូវហើយ ព្រោះរាល់ថ្ងៃមុខចាស់សហរាប់ផង...
នីសា : 10:12 អូនខ្លាចណាស់
ធាវុទ្ធ : 10:16 ខ្លាចអី?មានបងជាគ្នាហើយ😊
នីសា : 10:18 ជាគ្នាអីនៅផ្ទះផ្សេងគ្នាចឹង?
ធាវុទ្ធ : 10:19 យ៉ាស!!! កូននេះបែបចង់ឱ្យគេទៅដេកកាន់ដហើយនឹង!
នីសា : 10:22 កាន់អី?
ធាវុទ្ធ : 10:23 កំដរ...ម៉េចដែរ?
នីសា : 10:26 អូនព្រួយណាស់រាល់ថ្ងៃមនុស្សចេះតែបាត់ខ្លួន
ធាវុទ្ធ : 10:27 ចឹងផងហ?😱
នីសា : 10:32 អូនឮអ្នកក្នុងFacebookនិយាយថា ឥឡូវនេះមានករណីចាប់មនុស្សយកទៅកាប់សាច់លក់ ហើយប្រទេសកំពុងតែរញ៉េរញ៉ៃខ្លាំងណាស់។ ពួកហ្នឹងមានភ្នាក់ងារវាច្រើនដើរពេញប្រទេស។ អូនខ្លាចហា...
ធាវុទ្ធ : 10:32 ចឹងបងទៅផ្ទះអូនល្អទេ?
នីសា : 10:32 កុំអី, មិនល្អភ្នែកគេផ្សេងទេ
ធាវុទ្ធ : 10:33 គ្មានពីណាឃើញទេ
នីសា : 10:34 ចឹងម៉ោៗ...តែ...
ធាវុទ្ធ : 10:37 បងដើរទៅហើយនេះ!
នីសា : 10:38 មិនបាច់ទេ!!!អូនអត់អីទេ...កុំម៉ោ
ធាវុទ្ធ : 10:39 ចឹងបងចូលផ្ទះវិញហើយ
នីសា : 10:20 ល្អ...កុំបិទទូរស័ព្ទណា យប់នេះដូចប្លែកណាស់ ព្រឹកម៉ិញអូនឃើញ Page គុយទាវពិសេសប្រកាសរកភ្នាក់ងារស្អីគេទេស...
ធាវុទ្ធ : 10:21 គេរកអីរកទៅទើសក្បាលអូនឯង ? 😂😄
នីសា : 10:22 យីស!!!មិនទើសទេតែខ្លាច
ធាវុទ្ធ : 10:23 អើនោះណាគេសំងំក្រោមគ្រែនោះ...
នីសា : 10:24 គេបាញ់យ៍ មិនមែនពេលត្រូវលេងសើចទេ យី!!!អារលាយហិនហោចនេះ
ធាវុទ្ធ : 10:25 ពិរោះណាស់ ជេរយ៉ាងណាក៏ពិរោះដែរ ហេសហេ
ធាវុទ្ធ : 10:29 ម៉េចហើយ??? អត់តបបងចឹង?
ធាវុទ្ធ : 10:34 តេទៅបានអត់?
ធាវុទ្ធ : 10:35 ដេកហើយមែន?
នីសា : 01:31 បងដេកនៅហ្នឹង? 😚
ធាវុទ្ធ : 01:31 ទេ បងដេកអត់លក់ បងកំពុងអានសៀវភៅ អូនមានការអី? ☺️
នីសា : 01:38 អូនដូចឮសម្រឹបជើងនៅខាងក្រៅផ្ទះ
ធាវុទ្ធ : 01:39 ចឹងឱ្យម្នាក់នៅជាមួយអូនចេញទៅមើលទៅ 😜
នីសា : 01:39 អូននៅផ្ទះតែឯងទេ ប្រាប់បងហើយតើថានាងទៅស៊ីការគេនៅស្រុក អត់ចាំទេហ្អី?
ធាវុទ្ធ : 01:40 មែនហ្អី? ហើយមកវិញអង្កាល់? តោះបងទៅដេកជាមួយបានទេ? 😄
នីសា : 01:40 វាជាសំលេងសម្រឹបជើងមែនណា...
ធាវុទ្ធ : 01:41 នៅផ្ទះតែឯងចេះតែខ្លាចចឹងហើយ។ មើលទៅបង្អួចណាគេនោះ? កំពុងឈរសម្លឹងអូនឯងហ្អក LOL 😝😂😂
នីសា : 01:41 ឆ្គួត !!! កុំសាំពេក គ្មានកំប្លែងសោះ 😡😡😠ជោរ!!!
ធាវុទ្ធ : 01:42 កុំភ័យ គ្មានស្អីទេ
នីសា : 01:45 ដេវីដ ពិតជាមានមនុស្សនៅក្នុងសួនច្បារផ្ទះអូនពិតមែន!! 😱
ធាវុទ្ធ : 01:45 អីគេ? មែនក៏អី?
នីសា : 01:45 ចាស ខ្ញុំឃើញមនុស្សម្នាក់...
ធាវុទ្ធ : 01:46 គាត់កំពុងធ្វើអី?
នីសា : 01:46 ឈរនៅមួយកន្លែង...គាត់ឈរបែរខ្នង...អូនមើលមុខគាត់មិនឃើញទេ ធាវុទ្ធ តើអូនត្រូវធ្វើម៉េចទៅ? 😱😱
ធាវុទ្ធ : 01:49 កុំភ័យ ប្រហែលគាត់ដើរចេញទៅដោយខ្លួនឯង 😊
នីសា : 01:50 អូលោកអើយ គាត់បែរមកហើយ
ធាវុទ្ធ : 01.50 គាត់មានរូបរាងយ៉ាងម៉េច?
នីសា : 01:51 សាំណាស់ កុំលេងសើចពេក ធាវុទ្ធ !!! 😠😠
ធាវុទ្ធ : 01:51 អីគេ??
នីសា : 01:51 ម៉េចក៏បងធ្វើអីុចឹង? 😡
ធាវុទ្ធ : 01:52 អូនកំពុងនិយាយពីស្អីហ្នឹង??
នីសា : 01:54 អូនដឹងថាគាត់គឺជាបង...នៅក្នុងសួនច្បាររបស់អូន...តែ...បងនៅទីនេះធ្វើអី?
ធាវុទ្ធ : 01:54 នីសា កុំបន្លាចបង បងពិតជាមិនដឹងមែន? អ្នកណាគេនៅក្នុងសួនច្បារអូន?? វាមិនមែនបងទេ!
នីសា : 01:54 ធាវុទ្ធឈប់លេងសើចទៀតទៅ! 😡អូនឃើញមុខបងហើយ បងពាក់អាវកីឡាដែលបងចូលចិត្តពាក់នោះ!
ធាវុទ្ធ : 01:55 បងនិយាយមែននីសា! បងនៅផ្ទះបង បងមិនទៅលេងឆ្គួតៗបែបនោះទេ...
នីសា : 01:55 វាគឺពិតជាបងមែន បងលេងសើចជ្រុលហើយ! មិនដែលអ្នកផ្សេងឯណាពាក់អាវដូចបងម៉្លេះ?
ធាវុទ្ធ : 01:55 អាវកីឡាខ្វះអី លក់ព្រោងព្រាតពេញផ្សារ! មកពីអូនគិតដល់បងច្រើនពេកហើយ 😘
នីសា : 01:57 អាវបងមានឈ្មោះបងនៅក្រោយអត់?
ធាវុទ្ធ : 01:58 មាន! អ្នកក្នុងក្រុមមានតែទាំងអស់
នីសា : 02:00 អូនឃើញឈ្មោះបង!!!
ធាវុទ្ធ : 02:00 ថាម៉េច?
នីសា : 02:01 តើវាជាស្អីទៅដេវីដ???
ធាវុទ្ធ : 02:04 នីសា អាវបងនៅក្នុងទូទេតើ...
នីសា : 02:04 គាត់ឃើញខ្ញុំ!!! ហេតុអីក៏គាត់ញញឹមអញ្ចឹង?...គាត់...គាត់ដើរម៉ោហើយ
ធាវុទ្ធ : 02:05 តេទៅប៉ូលីសទៅ!!
ធាវុទ្ធ : 02:05 នីសា?
ធាវុទ្ធ : 02:07 នីសាម៉េចមិនតប?បងតេទៅអូនល្អទេ?
ធាវុទ្ធ : 02:12 អូខេបងតេទៅប៉ូលីសហើយគេទៅដល់នាកន្លះម៉ោងទៀត! នីសាអូនមិនអីទេហ្អែ?
នីសា : 02:17 វានៅក្នុងផ្ទះ...អូនមិនអាចតបទេ...ត្រូវការស្ងៀមស្ងាត់...អូនកំពុងពួនក្នុងទូ កាន់កាំបិត...ពិបាកសរសេរណាស់...អូនរន្ធត់ហើយងងឹតផង...😰
ធាវុទ្ធ : 02:17 នៅសំងំក្នុងហ្នឹងហើយនីសា! ប៉ូលីសនឹងទៅដល់នា១៧នាទីទៀត!😰 អូនដឹងថាវាកំពុងនៅឯណាទេ?
នីសា : 02:17 វាមិនមែនមនុស្សទេ...វាពេលវាមើលមកអូន...វាគួរឱ្យខ្លាចណាស់😥
ធាវុទ្ធ : 02:17 វាដឹងថាអូននៅណាទេ?😰
នីសា : 02:17 ទេ អូនកាន់កាំបិតជាប់ពេលវាដើរចូលផ្ទះ ហើយពេលវាគាស់ទ្វារចូល អូនបានចូលពួកក្នុងទូ😰
ធាវុទ្ធ : 02:17 អូខេ កុំភ័យប៉ូលីសទៅដល់ឥឡូវហើយ😓
នីសា : 02:18 អូវាកំពុងស្រែកហៅអូនហើយ...សំលេងវាមិនដូចបងទេ សំលេងវាធំ ហើយ...លាន់ពេញផ្ទះ... 😱😱
ធាវុទ្ធ : 02:18 វាថាម៉េចខ្លះ?😨
នីសា : 02:19 វាថា “ចេញម៉ោនីសា យើងគ្រាន់តែចង់ជួបឯង” វានិយាយចឹងម្ដងហើយម្ដងទៀត ... អូនភ័យចង់ងាប់ហើយ 😱
ធាវុទ្ធ : 02:21 កុំភ័យ នៅតែ១០នាទីទៀតប៉ូលីសទៅដល់ហើយ នីសាអូនត្រូវតែទ្រាំ...
នីសា : 02:21 វាឡើងម៉ោហើយ...យឺតៗ...ឆ្ងល់ម៉េចក៏វាដូចបងម៉េះ??ហេតុអី??
ធាវុទ្ធ : 02:21 បងអត់ដឹងទេ ជឿបងចុះ
នីសា : 02:21 បងធ្វើឱ្យវាឈប់បានទេ?
ធាវុទ្ធ : 02:22 បងនឹងធ្វើបើសិនជាអាច
នីសា : 02:22 វាមកកាន់តែជិតហើយ។
ធាវុទ្ធ : 02:23 នីសា...
នីសា : 02:23 បងត្រូវតែធ្វើអ្វីម្យ៉ាង...មានតែបងទេដែលអាចបញ្ឈប់វាបាន...
ធាវុទ្ធ : 02:25 បងអត់ដឹងធ្វើអីទេ លោកអើយជួយផង
នីសា : 02:25 ជួយផង...
ធាវុទ្ធ : 02:27 ប្រហែលជាមកពីបងគិតពីអូនច្រើនពេក...បងគិតពីអូនគ្រប់ពេលដឹងទេ...
នីសា : 02:28 ឈប់គិតពីអូន
ធាវុទ្ធ : 02:28 បងមិនអាច
នីសា : 02:29 វាកំពុងកោសជញ្ជាំង...វាមកជិតទៅៗហើយ...ធាវុទ្ធ...ជួយអូនផង...
ធាវុទ្ធ : 02:29 បងព្យាយាមហើយ បងប្រឹងព្យាយាមមិនគិតពីអូន
នីសា : 02:31 វាឈប់បន្តិចហើយ
នីសា : 02:32 អ្វីដែលបងធ្វើគឺបានផលពិតមែន
នីសា : 02:34 វាឈប់ហើយ ខ្ញុំមិនឮអីទាំងអស់ 😅😅
ធាវុទ្ធ : 02:34 មែនហ្អ? តែកុំទាន់អាលចេញមកអី ចាំដល់ពេលប៉ូលីសទៅដល់សិន
នីសា : 02:34 តើខ្ញុំត្រូវប្រាប់ប៉ូលីសថាម៉េច?
ធាវុទ្ធ : 02:34 ប្រាប់អ្វីគ្រប់យ៉ាងដែលអូនប្រាប់បង!
នីសា : 02:34 ខ្ញុំមិនដឹងថាបងយកចិត្តទុកដាក់ពីខ្ញុំបែបនេះសោះ ធាវុទ្ធ😅
ធាវុទ្ធ : 02:35 បងសប្បាយចិត្តណាស់ដែលវាឈប់
នីសា : 02:35 បងអាចមកផ្ទះខ្ញុំឥឡូវបានទេ? ខ្ញុំចង់ជួបបង 😊
ធាវុទ្ធ : 02:36 បាន,នីសា។ បងទៅដល់ឥឡូវហើយ
នីសា : 02:38 ល្អណាស់មកអោយលឿនម៉ោ!
ធាវុទ្ធ : 02:42 អរគុណអូនច្រើណាស់ ម្នាក់ដែលអូនឃើញនោះគឺអញអ្នកលក់គុយទាវពិសេសវ៉ឺយ...អាធាវុទ្ធត្រូវអញសម្លាប់១ម៉ោងមុនហើយ អរគុណដែលប្រាប់ទីតាំងលាក់ខ្លួនដល់អញ...នាង និងសង្សារនឹងក្លាយជាគុយទាវដ៏ពិសេសហាសហាសហាសហា....
សូមរង់ចាំអានភាគបន្តនៅយប់ស្អែក
គុយទាវពិសេស
Reviewed by Unknown
on
1:55 PM
Rating:
Reviewed by Unknown
on
1:55 PM
Rating:
