សង្ហារ
ឃាតកម្មនៅប្រទេសថៃមួយបានកើតឡើងដែលអ្នករាល់គ្នាបានភ្លេចវាបាត់ទៅ...
រាត្រីថ្ងៃទី០៣ខែឧសភា...
ប្ដីប្រពន្ធពីរនាក់ និងកូនប្រុសកម្លោះកំពុងជជែកគ្នាយ៉ាងសោះកក្រោះ និងរកាំរកូសមិនគួរឱ្យចង់ស្ដាប់។
«បើឯងនៅតែដើរជាមួយក្រុមអ្នកលេងទាំងនោះ, ថ្ងៃណាមួយនឹងនាំទុក្ខដាក់ខ្លួនមិនខាន។» ស្ត្រីជាម្ដាយសម្ដីឆៅរឹង តែក្នុងចិត្តទន់ជ្រាយសណ្ដោសមេត្តា និងព្រួយបារម្ភបំផុត។ ជារឿយៗគាត់តែងប្រដៅកូនប្រុសកុំឱ្យចូលដៃជាមួយក្រុមក្មេងស្ទាវដែលចូលចិត្តតែដើរបង្ករឿងឆក់ប្លន់ ជក់គ្រឿងញៀន និងរំលោភនោះឡើយ។
«ស្អី? អាសង្ហាវាដើរជាមួយក្រុមស្ទាវ?» បុរសជាប្ដី និងជាឪពុកនាយសង្ហាលាន់មាត់ព្រោះមិនសូវដែលយកចិត្តទុកដាក់ពីសុខទុក្ខកូនឡើយ រវល់តែងប់ងល់នឹងការងារជំនួញដ៏ជោគជ័យរបស់គាត់។ «អានេះកាត់ពូជចង្រៃទៅរកអ្នកណា?» បុរសនោះបង្ហាញកែវភ្នែកក្រឡោតជាងមុនបញ្ជាក់ប្រាប់កូនប្រុសថាគាត់មិនពេញចិត្តនូវទង្វើដែលវាបានធ្វើ។
«សង្ហាកូន,» ស្ត្រីជាម្ដាយកម្លោះវ័យជំទង់ឈាមរាវនិយាយដោយលើកដៃអង្អែលក្បាលកូន ប្រៀបដូចជាកូនប្រុសវ័យ១៧ឆ្នាំម្នាក់នេះនៅជាកុមារាតូចនៅឡើយ។ គាត់តែងព្រួយពីកូនច្រើន។ «ទ្រព្យសម្បត្តិយើងក៏មិនខ្វះខាតអីដែរកូនប្រុស។ ចូរកូនឈប់ទៅបន្ថោកកេរ្តិ៍ឈ្មោះជាមួយពួកអាក្រុមពាលអត់ម៉ែឪទាំងនោះទៀត ពួកវាសុទ្ធតែជាក្មេងអនាថាកំព្រីកំព្រារហេមរហាមទេតើ វាគ្មានអនាគតស្អីជ្រៅជ្រះទេ ជឿម៉ាក់ទៅ។»
កូនប្រុសមិនឆ្លើយតបបានត្រឹមតែក្ដាប់ដៃយ៉ាងណែនដកដង្ហើមធំហាក់ដូចជាដឹងខ្លួនខុសតែមិនហ៊ានហាមាត់និយាយ។ ជនទាំងបីអង្គុយសំកុកនៅតុបាយជាន់ផ្ទាល់ដីនៃផ្ទះស្កឹមស្កៃនេះ ដរាបយប់ជ្រៅងងឹតទើបបែកគ្នាទៅដេក។
នៅយប់នោះ, អ្នកជិតខាងបានឮសម្រែកឪពុកម្ដាយ និងកូនប្រុសហាក់ដូចជាមាននរណាម្នាក់កំពុងប្រវាយប្រតប់ក្នុងផ្ទះងងឹតនេះ។ បន្ទាប់មកអ្វីៗក៏ស្ងប់ស្ងាត់ទៅវិញបន្សល់ឱ្យអ្នកជិតខាងរូបនោះនូវចម្ងល់ជាច្រើន និងការចង់ដឹងចង់ឮ។ អ្នកជិតខាងនោះបានទាក់ទងទៅប៉ូលីសក្នុងស្រុកឱ្យមកធ្វើអន្តរាគមភ្លាមៗនាកណ្ដាលរាត្រីដ៏ស្ងប់ស្ងាត់។ ប៉ូលីសបានគោះទ្វារផ្ទះនោះតែគ្មាននរណាបើកសោះ បន្ទាប់មកគាត់ក៏សម្រេចចិត្តនាំគ្នាគាស់ទ្វារមុខដើម្បីចូលទៅក្នុង។ អ្វីដែលពួកគេបានឃើញគឺសាកសពប្ដីប្រពន្ធត្រូវគេកាប់កញ្ចឹងកឱ្យដាច់ខ្យល់ស្លាប់នៅនឹងគ្រែដេករបស់ពួកគាត់។ ប៉ូលីសបានទៅពិនិត្យបន្ទប់ដេករបស់នាយសង្ហា ហើយក៏ឃើញនាយសង្ហាកំពុងតែពួនក្នុងទូរយ៉ាងញ័រទទ្រើកដោយការភិតភ័យ។ នាយបានពន្យល់រាយរ៉ាប់ប្រាប់ទៅប៉ូលីសពីហេតុការណ៍អំបាញ់ម៉ិញ តែគួរឱ្យស្ដាយដែលនាយមិនបានឃើញឃាតករទាន់ពេលទេ។ នៅក្បែរសាកសពប្ដីប្រពន្ធ, ក្រុមប៉ូលីសបានឃើញប្រតិទិនមួយផ្ទាំងតូចដែលមានគូសលេខចំនួនពីរលេខជារង្វង់សម្គាល់មុនពេលដែលប្ដីប្រពន្ធនោះដាច់ខ្យល់ស្លាប់។ ជនរងគ្រោះទាំងពីរបានបន្សល់តម្រុយដល់ប៉ូលីសក្នុងការតាមចាប់ឃាតករដែលបានសម្លាប់អ្នកទាំងពីរ។ គំនូសពីរនោះគឺគូសដោយប៊ិច គូសលេខដែលនៅលើប្រតិទិន គឺលេខ២ និងលេខ៥។
ទោះជាមានតម្រុយទាំងនេះក៏ប៉ូលីសពិបាកក្នុងការស្វែងរកឃាតករជាទីបំផុត។ អស់រយៈពេលមួយសប្ដាហ៍, នាយសង្ហាបានទៅស្នាក់ការប៉ូលីសហើយបន្ទាប់ពីបានដំនឹងថារឿងក្ដីមិនអាចវែកមុខឃាតករបានទេ ហើយត្រូវបិទសំនុំឆាប់ៗ, នាយសង្ហាដើរចេញមកវិញទាំងស្នាមញញឹមដ៏កំណាចនៅលើផ្ទៃមុខ៕
(អានចប់ហើយ, អាចដឹងថានរណាជាឃាតករហើយឬនៅ? ក្នុងភាសាថៃ, លេខ២ អានថា សង ឯលេខ៥ អានថា ហា។ លេខពីរ បូកលេខប្រាំ បានជាឈ្មោះឃាតករ)
បកស្រាយយ៉ាងវែងអន្លាយបែបនេះហើយ លោកអ្នកប្រាកដជាយល់ :)
សង្ហារ
Reviewed by Unknown
on
9:30 PM
Rating: