>
  • ទំព័រដើម
  • ល្ខោនព្រាយបួន

     
    តួឯកស្រីរឿងនាងបដាចារកំពុងសម្ដែងធ្វើយំសោកបោកប្រាណបាត់បង់ស្វាមី និងបុត្រភ្ងារស្រាប់តែធ្លាក់ឈើប្រក់រោងមកក្រោមត្រូវក្បាលបណ្ដាលឱ្យធ្លាយខួរស្លាប់មួយរំពេជ។ អ្នកផងដែលចូលរួមមើលស្រែកទ្រហឹងដោយតក់ស្លុត។ មេក្រុមក៏ចលាចលនឹងហេតុការណ៍ដែលឃើញនឹងមុខនេះដែរ វារន្ធត់ហួសថ្លែងដែលតួល្ខោនត្រូវស្លាប់បន្តគ្នាបែបនេះ...

    ————————————————————————

    ព្រាយបួនជាក្រុមល្ខោនដ៏ល្បីដាច់គេទូទាំងប្រទេស។ បានជាក្រុមនេះដាក់ឈ្មោះថាព្រាយបួនដូច្នេះ ព្រោះតែក្នុងក្រុមសម្ដែងនេះមានបួននាក់ដែលជាអ្នកសម្ដែងឆ្នើមជាងគេដែលអាចប្រលោមលួងចិត្តឱ្យអ្នកទស្សនារីករាយស្រស់ស្រាយ ញញឹមញញែម យំសោកកំសត់ទឹកភ្នែក និងខឹងដោយការសម្ដែងនៃតួឆ្នាស់ឆ្នើម។ គេទទួលស្គាល់ក្រុមនេះថាជាក្រុមល្ខោនដែលលេងបានល្អជាងគេបំផុត មិនដែលមានភ្លាត់ស្នៀត ឬមើលហើយមានអារម្មណ៍ធុញទ្រាន់អីក៏អត់ដែរ។

    នៅផ្ទះលោកសេដ្ឋី។

    «ពុកវា! សប្ដាហ៍ក្រោយជាពិធីខួបកំណើតកូនស្រីក្រមុំបណ្ដូលចិត្តយើង ហើយឯងត្រឹមតែរៀបចំពិធីផឹកស៊ីកាប់គោបែបនេះ វាដូចជាតូចតាចពេកហើយសម្រាប់ឋានៈយើងជាឯកឧត្តមជំទាវ ហើយជាសេដ្ឋីប្រចាំស្រុកស្រែនេះផង ខ្ញុំគិតថាគួររកអីឱ្យប្លែកឱ្យផ្អើលស្រុកម្ដង។» លោកសេដ្ឋីនីបាននិយាយទៅកាន់ស្វាមីក្នុងបន្ទប់ទទួលភ្ញៀវ។ លោកសេដ្ឋីចោលភ្នែកក្រឡេកទៅក្រៅផ្ទះមួយសន្ទុះធំហើយស្រដីតបទៅភរិយា៖

    «ខ្ញុំក៏គិតដូចម៉ាក់វាឯងដែរ តែមិនដឹងធ្វើអីឱ្យប្លែក និងគគ្រឹកគគ្រេង។»

    «ចឹងសួរកូនស្រីយើងទៅមើល។» សេដ្ឋីនីតបព្រមទាំងស្រែកហៅកូនពីផ្ទះបាយឱ្យចូលមកពិភាក្សា។ «មីនាង? មីនាងហ្អា មកណេះ ប៉ាម៉ាក់ចង់សួរ។ ទុកបាយម្ហូបនឹងឱ្យពួកក្សិនក្សយវាធ្វើទៅ កូនឯងមកណេះ!»

    នាងក្រមុំដែលត្រូវម៉ាក់ហៅក៏ដើរមករកម្ដាយឪពុកហើយស្រដីយ៉ាងរម្យទមជាកូនអ្នកមានពូជឋានៈយសសក្ដិស្ដុកស្ដម្ភ។

    «ចាម៉ាក់ ប៉ា! មានការអ្វីដែរ?»

    «អើៗៗៗ ប៉ាចង់ឱ្យកូនជួយគិតទៅមើល ថ្ងៃកំណើតកូនជិតចូលមកដល់ហើយ តើយើងគួរធ្វើពិធីអីឱ្យវាឱឡារឹកទៅ?» លោកសេដ្ឋីនិយាយទៅកូនស្រីហើយចាំស្ដាប់យោបល់។

    «កូននឹកមិនឃើញទេប៉ាអើយ។» នាងក្រមុំតបទាំងកប់យោបល់។

    «អាឡូវជួលតារាចម្រៀងមកច្រៀងបីបួននាក់ទៅ ជួលណាដែលល្បីប្រចាំប្រទេស ដូចជាពិសី សុវត្ថិ សោភាអីហ្នឹង ល្អទេ?» សេដ្ឋីនីឱ្យយោបល់តែត្រូវកូនស្រីប្រកែកគំនិតគាត់។

    «កូនគិតថាមិនល្អទេម៉ាក់! តារាអស់នោះ អ្នកភូមិយើងធ្លាប់ឃើញតាមឌីសចម្រៀងចូលឆ្នាំ តាមទូរស័ព្ទអីអស់ហើយ កូនគិតថាគួរតែជួលល្ខោនបាសាក់មកសម្ដែងទល់ភ្លឺទៅប៉ាម៉ាក់ ព្រោះតាំងពីកើតមកកូនមិនដែលមើលល្ខោនបាសាក់ទេ តើល្អយ៉ាងណាទៅណ៎។» នាងញញឹមរំពៃសម្លឹងទៅអ្នកមានគុណដោយក្រសែរភ្នែកអង្វរកហើយអ្នកទាំងពីក៏យល់ព្រមទាំងរីករាយដោយគ្មានប្រកែក។

    «គំនិតនេះល្អណាស់ យើងត្រូវអភិរក្សល្ខោនបាសាក់ឱ្យគង់វង្សយូរអង្វែង កុំឱ្យវាបាត់បង់ទៅទទេៗដោយលំហូរចូលនៃវប្បធម៌បរទេស សព្វថ្ងៃឃើញមានការរាំរែកសែរឡែ រ៉េបឌីជេភ្លេចអស់ល្ខោនខ្មែរ ហើយដែលពិសេសមួយទៀត គឺយើងនៅស្រុកស្រែស្រាប់ បើជួលល្ខោនមកប្រាកដជាអ្នកភូមិមកមើលពេញវាលហើយ។ បានធ្វើឱ្យអ្នកភូមិសប្បាយស្រស់ស្រាយចិត្តក៏ទុកថាជាការធ្វើបុណ្យមួយដ៏ប្រសើរដែរ។ ណ្ហើយសម្រេចចឹងចុះ។» លោកសេដ្ឋីនិយាយទៅកាន់កូនស្រី តែភរិយាសួរបញ្ជាក់៖

    «ត្រូវជួលក្រុមល្ខោនណាទៅ? បើប៉ះក្រុមមិនល្អ សម្ដែងភ្លាត់ស្នៀត ប្រាកដជាបាក់មុខកម្មវិធីមិនខាននោះទេ។»

    «មិនអីទេម៉ាក់ ខ្ញុំល្បីថាល្ខោនព្រាយបួនជាក្រុមល្ខោនឆ្នើមដាច់គេក្នុងភូមិ យើងគួរតែជួលក្រុមនេះទៅ ប្រាកដជាមិនខកបំណងនោះទេ ខ្ញុំធានា។»

    «សម្រេចថាអីុចឹងទៅចុះ។»

    ------

    និយាយពីក្រុមល្ខោនព្រាយបួនវិញ ពេលទទួលបានការកក់តម្លៃហើយហៅអញ្ជើញជាកិត្តិយសមកសម្ដែងនៅផ្ទះសេដ្ឋីយ៉ាងដូច្នេះក៏រៀបចំគ្រឿងប្រដាប់ទ្រង់គ្រឿងភស្ត្រាធ្វើដំណើរដោយរថយន្តទេសចរតម្រង់មកភូមិនៃគេហដ្ឋានសេដ្ឋី។ លន្ធី ដែលតែងសម្ដែងជាតួឯកប្រុសល្ខោន និយាយពេលកំពុងជិះក្នុងរថយន្ត៖

    «គិតថានឹងសម្ដែងរឿងអ្វីទៅណ៎?»

    លីរីយ៉ាដែលតែងជាតួឯកស្រីនោះតប៖

    «ស្រេចតែគេជួលទេតើ បើគេចង់ឱ្យយើងសម្ដែងរឿងអី យើងត្រូវសម្ដែងរឿងនោះឱ្យគេ ហើយយើងត្រូវសម្ដែងមិនឱ្យអ្នកមើលខកបំណងទេ ព្រោះជួលលើកនេះថ្លៃជាងលើករាល់ដងផង។»

    ងឺត...

    សំឡេងហ្វាំងចាប់បណ្ដាលឱ្យកង់ឡានកកិតអូសក្រួសថ្នល់បន្លឺឡើងបណ្ដាលឱ្យអ្នកក្នុងរថយន្តទាំង៧ភ្ញាក់លាន់មាត់ចេះអេះចំអាសគ្រប់ៗគ្នា។ តៃកុងលិ គឺជាមេនៃក្រុមល្ខោននេះ គាត់មានវ័យត្រឹម២៤ឆ្នាំប៉ុណ្ណោះ ជាអ្នកមានអាយុច្រើនជាងគេក្នុងក្រុមល្ខោន គាត់មិនដែលសម្ដែងទេតែជាអ្នកចាត់ចែង និងដឹកនាំកូនក្រុមទាំង៧នៃការសម្ដែង។ គាត់បែរមកក្រោយហើយនិយាយ ៖

    «កុំតែចាប់ហ្វ្រាំងទាន់កុំអីជាន់ដានបណ្ដោយ។»

    «កើតអីទៅបង បានជាបងចាប់ហ្វ្រាំងដង្ហក់ដូចជាបន្ទាន់បែបនេះ?» ស៊ីនម៉េងសួរ។ «ខ្ញុំនេះភ័យចង់លស់ព្រលឹងទៅហើយ។»

    «ឯងមិនមើលខាងមុខទេឬ?» បងលិចង្អុលទៅកណ្ដាលផ្លូវ។ «មើលចុះ មិនដឹងមានរឿងអីបានជាសាហាវដល់ម្លឹង។»

    នៅខាងមុខរថយន្ត, មានមនុស្សស្រីម្នាក់ដួលដេកលើដីមានឈាមហូរពេញរាងកាយក្បែរម៉ូតូដឹកពោត ដែលខ្ទេចខ្ទីរលាយឡំនឹងសាច់របស់គាត់ដែលបែកម៉ត់គ្មានសល់។ គាត់ដូចជានៅកម្រើកនៅរស់នៅឡើយ មើលទៅមិនយូរមិនឆាប់គង់តែដាច់ខ្យល់ស្លាប់។

    «អើយលោកអឺយ, វេទនាភ្នែកណាស់!» សុក្រិតនិយាយព្រមទាំងខ្ទប់មាត់គាត់។ «ពុំគួរមកស្លាប់កណ្ដាលផ្លូវបែបនេះទេ។»

    «នៅរស់ទេតើហ្អា?» ស៊ីនម៉េងនិយាយ។

    «ខ្ញុំគិតថាស្លាប់បាត់ហើយ,» ឡាឌីជាតួស្រី និយាយឡើង។ «ព្រោះឃើញដូចរបួសខ្លាំងដែរ។»

    «ឥឡូវចុះទៅមើលសិនទៅមើល!» មេក្រុមលិនិយាយព្រមទាំងចុះពីរថយន្តទៅកន្លែងកើតហេតុ។ លន្ធីទាញទូរស័ព្ទរបស់ខ្លួនមកថត ឯថាវីនឱបទ្រូងសាន់ដែលត្រូវជាសង្សារនាង។

    «សុក្រិត, ស៊ីនម៉េង, លន្ធី! ឯងទាយទៅមើល ស្លាប់ឬរស់?»  សាន់សួរ។

    «គ្នាថាស្លាប់!»

    «គ្នាថារស់ តែរស់មិនបានយូរទេគង់តែស្លាប់ ហាហាហាៗ។»

    «ឆាប់ឡើងឡានវិញមក កុំសើចចំអកជីវិតគេ គ្មានកំប្លែងសោះ។» មេក្រុមលិបញ្ជាឱ្យឡើងឡានវិញជាប្រញាប់ព្រោះគាត់មានការព្រួយយ៉ាងចម្លែក។

    មកដល់ផ្ទះលោកសេដ្ឋី មេក្រុមត្រូវសំណេះសំណាលគ្នាជាមួយអ្នកម្ចាស់កម្មវិធី ឯតួសម្ដែងរៀបចំខ្លួនប្រាណសម្រាប់ការសម្ដែងនារាត្រីនេះ។ ពួកគេរៀបចំតុបតែងខ្លួនដោយខ្លួនឯង ដោយសារលោកសេដ្ឋីមានឆាកតន្ត្រីស្រាប់ទើបមិនពិបាកឱ្យគេរៀបឆាកឡើយ។

    រាត្រីបានមកដល់ មនុស្សម្នាមកមើលអើងកងញញឹមពព្រាយគ្រប់ៗគ្នាព្រោះបានមើលល្ខោនរឿងនាងបដាចារ។ បន្ទាប់ពីសែនព្រេនថ្វាយគ្រូរួចសព្វគ្រប់អស់ហើយ ការសម្ដែងល្ខោនចាប់ផ្ដើម។ ក្រុមសម្ដែងពួកគេមានគ្នាតែ៧នាក់ គ្មានអ្នកភ្លេង ដូច្នេះត្រូវចាក់ភ្លេងវ៉ៃហួននឹងធុងបាស់។ គ្រាន់តែតួនាងបដាចារគឺលីរីយ៉ាចេញមកភ្លាម ម្នាក់ៗដកកចំហរមាត់គយគន់សម្រស់នារីដ៏សែនស្អាត ស័ក្ដិសមនឹងដំណែងតួឯកស្រីក្នុងរឿងនេះជាទីបំផុត។ សាច់រឿងលេងទៅជាហូរហែររហូតដល់វគ្គនាងបដាចារយំសោកបាត់បង់ស្វាមី និងបុត្រភ្ងារជាទីស្រលាញ់ ស្រាប់តែធ្លាក់ឈើប្រក់រោងមកត្រូវក្បាលបណ្ដាលឱ្យធ្លាយខួរស្លាប់មួយរំពេជ។ អ្នកមើលទាំងប្រុសស្រីឆោឡោឡើងរត់ទៅផ្ទះ ខ្លះយំរកម៉ែទ្រហឹងអើងកង។ មេក្រុមក៏ភ័យតក់ស្លុតឥតឧបមារនឹងអ្វីដែលគាត់បានឃើញនឹងមុខនេះ។ បន្ទាប់ពីមនុស្សរត់ចេញអស់ស្ងាត់ឈឹង លោកសេដ្ឋី និងភរិយាបានជួលគេឯងឱ្យលើកសពនាងលីរីយ៉ាឡើង ហើយដាក់ក្រោមផ្ទះបណ្ដោះអាសន្នទម្រាំមេក្រុមលិបញ្ចឆេះឡានស្រួលបួលនឹងអាលដឹកសពទៅធ្វើបុណ្យនៅស្រុក។ សាកសពលីរីយ៉ាត្រូវធ្លាយបែកខួរចេញមកក្រៅ គ្រាប់ភ្នែកលៀនចេញទាំងគូរ ឈាមហូរស្រោចជោគខ្លួន អ្នកឯទៀតដែលជាក្រុមសម្ដែងជាមួយគ្នាស្រក់ទឹកភ្នែកយំដោយអានិតអាឡោះអាល័យនឹងបុគ្គលដែលទទួលមរណភាពនេះ។ ថាវីននាងយំបោកប្រាណ ឯអ្នកឯទៀតបានត្រឹមខ្សឹកខ្សួល គ្មាននរណាចង់ឱ្យរឿងនេះវាកើតឡើងទេ ហើយវាជាការចៃដន្យ និងតក់ស្លុតជាទីបំផុត។ 

    (សូមរង់ចាំអានភាគបញ្ចប់នៅរាត្រីម៉ោង៨យប់ស្អែក)

    ល្ខោនព្រាយបួន ល្ខោនព្រាយបួន Reviewed by Unknown on 7:00 AM Rating: 5
    Loading...
    Powered by Blogger.