>
  • ទំព័រដើម
  • មាន់ដុត


    ស្ត្រីវ័យចំណាស់ចាស់រញីរញ័រភ្នែកក៏មើលមិនសូវច្បាស់, ដើរយឺតៗចូលផ្ទះបាយដើម្បីឆុងកាហ្វេឱ្យលោកនាយម្ចាស់ផ្ទះ។

    «មីង!! កាហ្វេដាក់ស្ករឱ្យផ្អែមបន្តិចមក។» បុរសម្ចាស់ផ្ទះបញ្ជាទៅស្ត្រីអ្នកបម្រើមុននឹងឡើងទៅជាន់លើដើម្បីស្លៀកពាក់ឯកសណ្ឋានទៅធ្វើការ។ 

    មួយសន្ទុះក្រោយមក, គាត់ចុះមកវិញហើយកាហ្វេក៏បានរៀបចំដាក់លើតុហើយដែរ។ គាត់អង្គុយលើកៅអីហើយយកស្លាបព្រាកូរក្នុងពែងកាហ្វេព្រមទាំងលើកហុត។

    «ព្រូ....» បុរសជាម្ចាស់ផ្ទះនោះព្រោះកាហ្វេចេញពីមាត់វិញទាំងអស់នៅពេលទទួលដឹងរសជាតិដ៏ប្រៃនៃកាហ្វេនេះ។ 

    «ខ្ញុំឱ្យមីងដាក់ស្ករ ម៉េចក៏មីងដាក់អំបិលទៅវិញ?» គាត់គំហ៊កទៅអ្នកបម្រើចំណាស់។

    «អូ!!! ខ្ញុំមើលច្រឡំ។ ចាំខ្ញុំទៅធ្វើមួយកែវទៀតឱ្យ។» អ្នកបម្រើភ័យខ្លាចការស្ដីបន្ទោសកាន់តែខ្លាំង។

    «មិនបាច់ទេ ដល់ម៉ោងហើយ។ ខ្ញុំមិនទំនេរអង្គុយចាំមីងឯងទេ។» ថាហើយក៏ដើរចេញពីផ្ទះតម្រង់ទៅរករថយន្ត រួចក៏ជិះចេញបាត់ទៅ។

    «មានរឿងអីទៅមីង?» ម្ចាស់ស្រីកូនខ្ចីចុះពីជាន់លើមក ក្រោយពេលដាក់កូនឱ្យដេកហើយ។

    «ខ្ញុំឆុងកាហ្វេឱ្យលោកប្រុសខុស!» អ្នកបម្រើវ័យជរានិយាយទាំងភ័យ និងដឹងពីកំហុសរបស់ខ្លួន។

    «មិនអីទេ ថ្ងៃក្រោយមីងត្រូវប្រុងប្រយ័ត្នផង។ ហើយបើកូនខ្ញុំយំ មីងឡើងទៅមើលវាផងណា ខ្ញុំទៅផ្សារមួយភ្លែត។» ម្ចាស់ស្រីនៃគេហដ្ឋានដ៏ធំនេះនិយាយផ្ដាំរួចទាញកន្ត្រកចេញទៅផ្សារ។

    ---

    ល្ងាចឡើង...

    ម្ចាស់ផ្ទះជាប្ដីប្រពន្ធត្រូវទៅជប់លៀងមង្គលការមិត្តភក្ដិ។ មុននឹងចាកចេញទៅ, លោកស្រីបានផ្ដាំអ្នកបម្រើចំណាស់ម្ដងហើយម្ដងទៀត, ជៀសវាងភ្លេច។

    «ខ្ញុំ និងប្ដីត្រូវទៅជប់លៀងមិត្តភក្ដិ។ សូមមីងមេត្តាយកមាន់ដែលបោចហើយនោះទៅដុតចម្អិនផង។ កុំភ្លេចយកអាអូនទៅងូតទឹកហើយដាក់វាឱ្យដេកផង។» ថាហើយក៏ដើរចេញយ៉ាងលឿនតាមពីក្រោយស្វាមី។

    ---

    រាត្រីនោះ, ពេលម្ចាស់ផ្ទះប្ដីប្រពន្ធត្រឡប់មកផ្ទះវិញ, លោកស្រីប្រញាប់ឡើងទៅជាន់លើហើយរកមើលកូនគាត់។ គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញថា, ក្នុងអង្រឹងមិនមែនជាកូនតូចទេ, គឺជាមាន់ដែលបោចហើយដេកដោយមាបគ្របភួយយ៉ាងល្អ។ នៅជាន់ក្រោម, លោកស្រីឮសំឡេងស្វាមីរបស់គាត់ស្រែកឡើងដោយកំហឹង៖

    «យាយអ្នកបម្រើនេះពិតជាផ្ដេសផ្ដាសមែន។ មើលចុះដុតមាន់ហើយភ្លេចបិទភ្លើងឡើងខ្លោចមាន់អស់រលីង!»៕
     

    មាន់ដុត មាន់ដុត Reviewed by Unknown on 7:29 PM Rating: 5
    Loading...
    Powered by Blogger.