ចង្កាក់ឬស្សី
ខ្ញុំទើបតែចាក់សោរបន្ទប់ភ្លាមក៏មានម៉ូតូScoopy ពណ៌សមួយមកឈប់ក្បែរនេះ ដែលបរដោយស្ត្រីវ័យក្មេងដែលខ្ញុំស្គាល់ច្បាស់ គ្រាន់តែមិនសូវស្នឹទ្ធស្នាលប៉ុណ្ណោះ ដែលមានថ្ពក់ថង់សំបុត្រនៅពីមុខជើងអ្នកបើក, ណាឡី។
«ឈប់សិនណាទី!»
នាងហៅឈ្មោះខ្ញុំ។ខ្ញុំដឹងថាមករកនេះគឺមានតែរកហុចសំបុត្រការ ឬសំបុត្រខួបកំនើត ព្រោះគ្មានផ្លូវឡើយដែលនាងមកលេងខ្ញុំដោយគ្មានការអ្វីសោះនោះ។
«ចាស!មានការអីណាឡី?»
ខ្ញុំធ្វើជាសួរនាងដោយដឹងស្រាប់ហើយថានាងមកហុចសំបុត្រការ ព្រោះធ្លាប់ឭគេនិយាយខ្លះៗដែរថា ណាឡីប្រុងចូលរោងការឆាប់ៗនេះជាមួយប្ដីចាស់ម្នាក់។ អាចថាចៃដន្យក៏បាន ដែលយើងទាំងពីរមានឈ្មោះស្រដៀងគ្នា តែសូមប្រាប់ថា មារយាទមិនដូចគ្នាទេ។ ដូចខ្ញុំនិយាយចឹង បើនាងមិនមានការអីទេ ទោះដើរបុកស្មារគ្នាដួលក៏នាងមិនមាត់រកខ្ញុំផង មិនតែខ្ញុំទេ។
«គឺគ្នាហុចសំបុត្រការឯងមួយ ហើយ...ហែរជំនូនផងណាឯងណា! គ្នាសង្ឃឹមថាឯងមិនប្រកាន់ទេ បើសិនជាឈ្មោះរបស់ឯងក្នុងសំបុត្រនេះសរសេរខុស គ្នាក៏មិនចង់ដែរ, តែបើវាចឹងទៅហើយ ណាមួយ ដោយគិតថាគ្នាឯងផង។ មិនថាអ៊ីចឹងហ្អី?»
និយាយហើយនាងញញឹមកាច់កពព្រាយធ្វើឱ្យខ្ញុំជ្រេញនោះជ្រេញ។
«ចាសមិនអីទេ ខ្ញុំនឹងទៅ ទាំងហែរជំនូនទាំងស៊ីលៀង។»
ក្រមុំជម្លើយនោះញញឹមអរគុណហើយលាទៅវិញទៅ។
មារយាទរបស់នាងអំបាញ់ម៉ិញនេះ ធ្វើឱ្យខ្ញុំប្រកាន់យ៉ាងខ្លាំង។ បើដឹងថាឈ្មោះខុសហើយ ហេតុអីក៏មិនកែ? ម៉េចចាំបាច់សំពះសុំទោស? ហើយខ្ញុំក៏ដូចជាមិនត្រូវស្អីជិតស្និទ្ធជាមួយនាងផង ចាំបាច់អញ្ជើញហែរជំនូនរកងាប់រំបល់យក៍ស្អី? មុខនាងហ្នឹងបែបខ្លាចអត់មនុស្សទៅហើយមើលទៅបាននឹងឃើញដល់ខ្ញុំ។ ទោះយ៉ាងណាក៏ខ្ញុំមិនទៅដែរ។
តែបើគិតទៅ ហេតុអីខ្ញុំត្រូវប្រកាន់គ្រាន់តែរឿងប៉ុណ្ណឹង? គ្នាហៅហែរជំនូនហើយមិនទៅម៉េចបាន?
ធ្មេចបើកៗថ្ងៃការរបស់នាងបានមកដល់។ ថ្ងៃទីពីរ ជាថ្ងៃហែរជំនូនរួចរាល់សព្វគ្រប់។ ល្ងាចនេះ ខ្ញុំជិះម៉ូតូរិៈៗរកsalon នឹងផាត់ក្រែមថែមម្សៅបន្តិច។
...ថ្ងៃនេះជាថ្ងៃមង្គលយើង ... ដែលបានរៀបចំឡើងដល់មេបា ...
សំឡេងភ្លេងទទួលភ្ញៀវបន្លឺឡើងដល់បន្ទប់ខ្ញុំ ដាស់សតិឱ្យក្រមុំម្នាក់នេះប្រញ៉ឹបប្រញ៉ាប់ងូតទឹកស្លៀកពាក់នឹងអាលទៅ។ នៅខេត្តនេះ មិនដូចខេត្តផ្សេងទេ គេស៊ីលៀងពេលយប់ជ្រៅ ម៉ោង៧កន្លះទើបភ្ញៀវចាប់ផ្ដើមមក ដែលនេះគឺជាទម្លាប់ដ៏អាក្រក់មួយ។
នៅទីនេះ ខ្ញុំបានជួបនឹងមិត្តចាស់ៗជាច្រើន ដែលបែកគ្នាកាលពីជំនាន់បុលពត អីយ៉ាស់ ច្រលំ!!!បែកគ្នាកាលរៀននៅវិទ្យាល័យ។ ខ្ញុំដើរស្លេស្លើររកតុអង្គុយ ព្រោះអ្នកនាំភ្ញៀវចូលតុ មិនដឹងប្រាសទៅណាអស់។ នៅតុនោះ, ខ្ញុំឃើញអាវី មិត្តសម្លាញ់ស្លាប់រស់ដែលខានជួបគ្នាស្ទើរ៣ឆ្នាំហើយ។ នាងស្រែកបក់ដៃហៅឱ្យចូលតុជាមួយ និងបានសំនេះសំណាលខ្លះៗ។
«អូយ ! បែកជិត១០០ឆ្នាំហើយនៅស្អាតដដែល!ណាទី!!!!»
«យើសសស!បែកជិត១០០០សតវត្សន៍ហើយនៅប៉ិនបញ្ចូបោកប្រាស់ដដែល!រ៉ាវី!!!?»
ថាហើយក៏សើចក្រេវមួយតុ ព្រោះសុទ្ធសឹងជាមិត្តៗគ្នា។ ខណៈពេលចាំអ្នករត់តុលើកម្ហូបមកឱ្យ ពួកយើងសំណេះសំណាលគ្នាពីនេះពីនោះ ហើយ ដេណាបានចាប់អារម្មណ៍សួរពីខ្សែ-កមាសរបស់ខ្ញុំដែលទើបនឹងទិញពាក់នេះ។ ក្នុងដៃវាកាន់ចង្កាក់ឬស្សីសម្រាប់ចាក់របស់ញ៉ាំ ហើយដោយមិនប្រយ័ត្នវាក៏ឈោងដៃប្រុងចាប់មើលខ្សែ-កខ្ញុំ ស្រាប់តែចង្កាក់ចាក់ត្រូវលើដើមទ្រូងខ្ញុំ។
«អូ! គ្នាសុំទោសណា! ងាប់ហើយ គ្មានចេតនាទេ»
ខ្ញុំនឹកខ្មាស់អាកំលោះរួមតុនេះតិចៗដែរ ដែលវាមើលមកខ្ញុំមិនដាក់ភ្នែក។
«អឺអើ មិនអីទេ! ធំហើយនៅតែមិនប្រយ័ត្នដដែលដេណានេះ»
ខ្ញុំនិយាយទាំងញញឹម គ្មានអារម្មណ៍នឹងប្រកាន់ខឹងវាសោះ ព្រោះមុតនឹងចុងចង្កាក់តែបន្តិចប៉ុណ្ណោះ មិនសូវជាឈឺអីផង។
ក្រោយពិសារភោជនីយហាហើយរួចរាល់ខ្ញុំក៏ត្រលប់មកផ្ទះវិញ ចាក់សោរបន្ទប់ហើយឈរមុខកញ្ចក់សម្លឹងទៅលើដើមទ្រូងត្រង់មុខដំបៅដែលចាក់ដោយចុងស្រួចរបស់ចង្កាក់ឬស្សីនោះ។ សង្ឃឹមថានឹងមិនសម្លាកទៅចុះ បើសិនជាក្លាយ ខ្ញុំនឹងលែងបានពាក់រ៉ូបវៀលដៃទៀតហើយ ^.^ ។
ទ្រឺងៗៗ
សំលេង alarm របស់ទូរស័ព្ទខ្ញុំរោទិ៍ឡើងជាការដាស់ប្រាប់ឱ្យដឹងថា ម៉ោង៦ហើយ ល្មមងូតទឹករៀបខ្លួនទៅធ្វើការ។ ខ្ញុំពត់ពេនខ្លួនលើគ្រែមួយសន្ទុះទើបងើបទៅងូតទឹក។ ពេលដែលទឹកហូរស្រពមកសារពាង្គកាយ វិចារណញាណស្រាប់តែទទួលអារម្មណ៍ថាផ្សារ, ផ្សារឈឺតិចៗ។ វាឈឺចេញពីត្រង់កន្លែងដែលដេណាយកចង្កាក់ឬស្សីនោះមកចាក់ខ្ញុំ។ តិចក្លាយមុខដំបៅទៅ? ខ្ញុំមិនអាចឱនមើលឃើញទេ ព្រោះដំបៅនេះវានៅពីលើដើមទ្រូង ទាល់តែឆ្លុះកញ្ចក់ទើបមើលឃើញ។ មិនបង្អង់យូរ ក៏បញ្ឈប់ការងូតទឹកហើយចងពុមចេញពីបន្ទប់ទឹក ដើរតម្រង់ទៅកញ្ចក់បញ្ឈរជំហោរខ្លួន ដែលធ្វើឱ្យខ្ញុំស្ទើរមិនជឿភ្នែកខ្លួនឯង។ ព្រោះតែភាពតក់ស្លុត ធ្វើឱ្យទឹកភ្នែកហូរស្រក់មកដោយមិនដឹងខ្លួន។ កាលពីម្សិលម៉ិញ មុតតែបន្តិចសោះស្ទើរតែមើលមិនដឹងផង ចុះពេលនេះ ហេតុអីក៏ក្លាយទៅជាដំបៅធំម៉្លេះ? នៅជុំវិញបរិវេណក្បែរដំបៅ សាច់ឡើងក្រហមឈាម ហើយកណ្ដាលមុខរបួសចេញឈាមឡើងជាំខ្មៅ។ ពុទ្ធោអើយ! ត្រឹមតែមួយយប់សោះ។ យូរៗម្ដង ដំបៅនេះចាប់ផ្ដើមពឺតផ្សាតិចៗ។ ខ្ញុំទៅធ្វើការយ៉ាងសោះកក្រោះបំផុត។
«ណាទី!យប់ម៉ិញនៅដល់យប់ជ្រៅមែនទេ បានជាព្រឹកនេះ ក្រញូវៗដូចអត់ងងុយម៉្លេះ?»
ប៊ូថង កំឡោះសង្ហារប្រចាំofficeសួរខ្ញុំដោយក្ដីបារម្ភពិតៗ។ ឈ្មោះប៊ូថងនេះ តាមពិតទៅជាសង្សារខ្ញុំដែលសន្យាថា ឆ្នាំក្រោយនឹងចូលស្ដីរៀបការតាមប្រពៃណី។ ជារៀងរាល់យប់មុនចូលគេង យើងតែងនិយាយតាមទូរស័ព្ទ សន្ទនាពីនេះពីនោះមិនចេះហត់ លែងតែយប់ម៉ិញទេ ព្រោះរវល់ស៊ីការទាំងពីរនាក់។ ទោះយ៉ាងណាក៏មិនដែលនិយាយ អូន បង , ប្តីសម្លាញ់ ប្រពន្ធសម្លាញ់ , អីដែរ គឺច្រើនហៅឈ្មោះចំ។ ទោះជាយើងប្រុងតែនឹងរៀបការក៏ដោយ ក៏មិនដែលទៅមានមុល ជ្រុលជ្រោះហួសប្រពៃណីអីឡើយ យ៉ាងច្រើនណាស់ត្រឹមតែទៅដើរផ្សារ ញ៉ាំអីជាមួយគ្នាប៉ុណ្ណឹង។ មិត្តរួមការងារខ្លះ ហ៊ានជួលបន្ទប់តែមួយ ដេកនៅជាមួយគ្នាទាំងមិនទាន់រៀបការ ដោយពួកគេគិតថា វាទាន់សម័យ ឡូយឆាយ តែសម្រាប់ខ្ញុំវិញមិនបានឆ្កួតតាមពួកហ្នឹងទេ ឱ្យឆ្កួតតែពួកវាចុះ ដោយកាន់នូវសុភាសិតមួយជានិច្ចថា ឃើញដំរីជុះ កុំជុះតាមដំរី។ អារឿងស្នេហាស្នេហឺតនេះ ខ្ញុំដូចមិនចូលចិត្តសោះ តែធ្វើម៉េចបើខំជៀសណាស់ដែរតែគេចមិនបាន ហើយទោះបេះដូងស្រលាញ់ប៊ូថងក៏ដោយ បើម៉ែបំបែកមិនព្រមឱ្យការ ក៏មិនបានទៅចង-ក ឬដល់ថ្នាក់ពង្រត់គ្នាអីដែរ។ គិតទៅនឹកម៉ែនៅស្រុកណាស់។
«ទី! គិតអីហ្នឹង?សួរអត់ឆ្លើយ»
សំលេងហៅឈ្មោះ បានដាស់គតិញាណឱ្យភ្ញាក់។
«ចាស!គ្មានអីទេ។ យប់ម៉ិញម៉ោដូចតែគេដូចតែឯង មិនបាននៅយប់ជ្រៅឯណា។»
កែវភ្នែកថងសម្លឹងខ្ញុំក្នុងក្រសែភ្នែកសង្សៃ មុនពេលសម្លឹង-កខ្ញុំ:
«អូ!ហើយ-ក កើតអីក៏ក្រហមម៉្លេះ?»
ខ្ញុំយកដៃបិត-កអាវ ហើយមានអារម្មណ៍ថាអៀនតិចៗដែរ ដែលគេហ៊ានមើលដល់ក្នុងអាវ។
«យប់ម៉ិញជួបមិត្តចាស់ វានឹកពេកក៏ឱបប្រលែងលេងទៅ»
«ដូចអត់ទំនង... ម៉េចក្រហមជាំម៉េះ?»
«អឺ...ហ៊ើយទៅវាយឯកសារហើយ ព្រោះស្អែកត្រូវប្រជុំជួបសម្ដេចផង»។
មួយព្រឹកនេះ ខ្ញុំមានអារម្មណ៍រអែងៗ ធ្វើការទាំងគ្មានអារម្មណ៍ធ្វើការ។ ខ្ញុំហាក់ព្រួយពីបញ្ហាដំបៅក្លាយនេះណាស់ តែសង្ឃឹមថាវានឹងប្រសើរឡើងទៅចុះ។
មកដល់ផ្ទះវិញខ្ញុំប្រញ៉ាប់រកសោរចាក់ចូលទៅឆ្លុះកញ្ចក់។ ពុទ្ធោអរហំ!!! ត្រឹមមួយព្រឹកសោះឡើងខ្ទុះលឿងធំៗរទិះរទុស គួរឱ្យខ្ពើមបំផុត។ តើវាអាចនឹងជាសះស្បើយដោយឯងៗទេ? គ្មានផ្លូវទេ។មហារីកសុដន់?ខ្ញុំគិតដល់រឿងនេះភ្លាម ព្រោះធ្លាប់ឃើញគេបង្ហោះតាមfacebook។ បើខ្ញុំមិនប្រញ៉ាប់រកពេទ្យព្យាបាលទេនោះ ដំបៅនេះនឹងរាលដល់ក្រោមហើយនឹងកើតមហារីកប្រាកដណាស់ ដល់ពេលនោះគឺដេកចាំតែថ្ងៃស្លាប់យ៉ាងវេទនា។ ខ្ញុំដឹង។ មិនបង្អង់យូរខ្ញុំក៏ទៅគ្លីនិកពេទ្យសើរស្បែកមួយកន្លែង។
ងាប់ហើយមិនមានពេទ្យស្រីទេឬ? អ្នកគ្រូពេទ្យទៅណាហើយបានជាទុកឱ្យកូនកំលោះគាត់លក់ថ្នាំវិញ? ចំជាសាំមែន បើដូច្នេះតើត្រូវពិគ្រោះជំងឺយ៉ាងម៉េចទៅ? តិចវាសុំពិនិត្យទៅ? គិតទៅគួរឱ្យខ្មាសណាស់។
«កើតអីដែរចែ?»
«អឺក...នែក៎!!!អ្នកគ្រូពេទ្យអត់នៅទេ?»
«បាទ!គាត់ទៅភ្នំពេញបាត់ហើយ»
«ពេលណាម៉ោវិញ?»
«៥ថ្ងៃទៀត!»
៥ថ្ងៃទៀត???ងាប់ហើយខ្ញុំ ធ្វើម៉េចល្អទៅ? នៅខេត្តនេះ គ្លីនិកសើស្បែកទាំងអស់សុទ្ធតែពេទ្យប្រុស លើកតែគ្លីនិកមួយនេះទេ ដែលមានពេទ្យស្រីអ្នកពិនិត្យរោគ តែអាឡូវគាត់ទៅប្រាសងាប់នៅរាជធានីបាត់ហើយ។ ណ្ហើយកាត់កេរ្តិ៍កាត់ខ្មាស់ទៅគ្លីនិកមួយនោះចុះដែលលោកគ្រូពេទ្យដូចជាចំណាស់គ្រាន់។ តែ, ចិត្តចង្រៃនៅតែខ្មាស់អៀនដដែល មិនហ៊ានទៅទេ។
មួយល្ងាចនេះខ្ញុំមិនបានទៅធ្វើការទេ ពិសក្លាយនៃចង្កាក់ឬស្សីចាប់ពើតឈឺយ៉ាងខ្លាំង ព្រោះកាលពីថ្ងៃម៉ិញជិះម៉ូតូហាលថ្ងៃទៅម៉ោៗរកគ្លីនិក។
តាំងពីថ្ងៃដល់យប់ ខ្ញុំគិតតែដេកបើកភ្នែកភ្លឹះៗលើគ្រែ បាយក៏មិនហូបដេកក៏មិនលក់ គិតទៅគ្រាន់តែរឿងប៉ុន្នឹងសោះមិនគួរស្មានដល់ថាពិសឬស្សីសាហាវដូច្នេះឡើយ។ យប់នេះ ខ្ញុំបិទទូរស័ព្ទ គ្មានអារម្មណ៍ចង់និយាយជាមួយនរណាឡើយ។
ព្រឹកឡើង ខ្ញុំស្រវេរស្រវ៉ា ចុះពីគ្រែយ៉ាងរញីរញ័រ។ដំបៅមិនសូវឈឺបុន្មានទេ តែណាស់នឹងជាំ។ វាឡើងជាំលាយឈាមខ្មៅពេញរាងកាយខាងមុខ តាំងពីពោះមកដល់ចង្ការ ហើយមានខ្ទុះធំៗបែកខ្លះនៅខ្លះ មើលទៅគួរឱ្យគគ្រិចមែន។ ខ្ញុំមិនបានទៅធ្វើការទៀតហើយ ព្រោះមានអារម្មណ៍ខ្មាស់ច្រើន ដែលទៅមានដំបៅនៅត្រង់ហ្នឹង។ខ្ញុំមិនដឹងថាប្រធានតេមកសួរខ្ញុំឬអត់ទេ ហើយក៏មិនដឹងថា តើប៊ូថងតេមកប៉ុន្មានលានដងហើយដែរ យ៉ាងណាក៏ខ្ញុំមិនបើកទូរស័ព្ទដែរ។
[---]
បួនថ្ងៃមកហើយដែលខ្ញុំមិនបានចេញពីបន្ទប់។ ប៊ូថងតែងមកគោះទ្វារបន្ទប់ខ្ញុំរាល់ព្រឹក ព្រោះតេមិនចូលហើយអត់ឃើញទៅធ្វើការទៀត តែខ្ញុំមិនបានបើកទ្វារឱ្យទេ បានត្រឹមឆ្លើយដោះសារអ៊ីចេះអីចុះ ទំរាំតែគេទៅវិញ។ ខ្ញុំមិនចង់ឱ្យគេឃើញខ្ញុំក្នុងសភាពបែបនេះទេ។ ដោយសារមិនបានទទួលកំដៅថ្ងៃ និងមិនបានទទួលទានអាហារស្រស់ បានត្រឹមតែមីឆុងរាល់ពេល ធ្វើឱ្យស្បែកខ្ញុំឡើងស្លេក ថ្នក់ភ្នែកខាងក្រោមឡើងខ្មៅ បបូរមាត់ខ្មៅអែរ សក់ជំពាក់គ្មានរបៀបដូចមនុស្សឆ្កួត។ ខ្ញុំសូមផ្ដាំផ្ញើរទៅមិត្តៗអ្នកអានថា កុំប្រើផលិតផលឬស្សីអី ដូចជាឈើចាក់ធ្មេញ ឈើចង្កាក់ ចង្កឹះអនាម័យជាដើម ព្រោះការធ្វើរបស់ទាំងនេះ គឺអ្នកផលិតបានដាក់ថ្នាំដើម្បីកុំឱ្យផលិតផលឬស្សីរបស់គេហ្នឹងឆាប់ខូច ឬកុំឱ្យខ្មូតស៊ី ហើយបើសិនថ្នាំដែលគេដាក់ហ្នឹងជ្រៀបចូលសាច់របស់យើង នោះនឹងដំបៅមហារីកមិនងាយជាទេ ដូច...ដូចខ្ញុំពេលនេះអីុចឹង។
ពេលល្ងាចទៅហើយ, បន្តិចទៀតនឹងយប់។ ខ្ញុំឆ្ងល់ថា តើខ្ញុំនឹងរស់ក្នុងសភាពបែបនេះរហូតឬ? ឬក៏បើសិនជាអស់មីពីកេសខ្ញុំនឹងដាច់ពោះស្លាប់?មែនហើយ! ខែនេះប្រាក់ខែក៏គេមិនបើកឱ្យដែរព្រោះអត់ទៅធ្វើការ ហើយបើទោះជាជាសះស្បើយវិញក៏គេលែងឱ្យធ្វើការទីនេះទៀតដែរ។ ខ្ញុំបានត្រឹមតែយំ គិតពីនេះពីនោះ មិនគួរណាដោយសារតែអាឈើតូចមួយសោះ ធ្វើឱ្យជីវិតខ្ញុំត្រូវខ្ទេចខ្ទី រស់ពិបាកជាងស្លាប់ដូចនេះ។ ម៉ែ! ខ្ញុំនឹកម៉ែណាស់។ ខ្ញុំចង់នៅក្បែរម៉ែ បើទោះជាស្លាប់ក៏ចង់ស្លាប់ក្បែរដៃម៉ែ .... ម៉ែ.....ជួយកូនផង...ហឺ...ៗ...
«បន្ទប់ហ្នឹងមែនទេ មីង?»
«ចាសបន្ទប់នឹងឯង ណាទីនៅក្នុងហ្នឹង គោះហៅវាទៅ ខ្ញុំទៅមុខវិញហើយ!»
តុកៗៗៗ
សំលេងគោះទ្វារដោយរាន់បន្លឺឡើង។
«អាទី!អាទីកូន នៅក្នុងហ្នឹងទេកូន?»
ម៉ែ!ពិតជាសំលេងម៉ែមែន!តើខ្ញុំកំពុងយល់សប្តិ ឬមានអ្នកចង់លេងសើចនឹងខ្ញុំបន្លំធ្វើម៉ែ?
«ទី...នៅទេកូន...»
ម្ដងនេះទើបប្រាកដថាពិតជាម៉ែមែន។ មិនដឹងថាបានកម្លាំងពីណាមកទេ ដែលអាចនាំជើងខ្ញុំឱ្យដើរទៅបើកទ្វារយ៉ាងប្រញ៉ាប់, គឺកម្លាំងចិត្ត។ ពន្លឺនៃក្ដីសង្ឃឹមបានរះឡើងពេលដែលបានឃើញមុខម៉ែ និងប្អូនប្រុសតូចអាយុ២ខួប។
«ទីកូនកើតអីហ្នឹងកូន ! ឈរក៏មិននឹង ហើយមុខចំឡែកម៉្លេះ?»
«ម៉ែ.....!!!»
ខ្ញុំយំយ៉ាងខ្លាំង ស្របពេលម៉តូប៊ូថងមកដល់។
«ជំរាបសួរអ៊ំ!ហើយណាទីកើតអីហ្នឹង?»
«ម៉ែ! ថង! អាកា!!!....»
ខ្ញុំហៅជនទាំងបីទាំងមានទឹកភ្នែកហូររហេមរហាមពេញផែនថ្ពាល់។
«ថង...ខ្ញុំ...សុំទៅចុះ ទៅវិញសិនទៅណា ចាំស្អែកសឹមមក.....»
ខ្ញុំសុំប៊ូថង តែគេនៅរារែកមិនចង់ទៅវិញសោះ ដោយឆ្ងល់ និងព្រួយ។ ស្ថិតក្នុងការអង្វរករបស់ម៉ែផង ខ្ញុំផងទើបគេព្រមទៅវិញ។
«ម៉ែ!បងទីកើតថី?» ប្អូនតូចខ្ញុំសួរទៅម៉ែព្រមទាំងមើលមកខ្ញុំក្នុងក្រសែភ្នែកចម្លែក។
«មិនដឹងទេ! តោះចូលក្នុងសិនទៅកូន»
ខ្ញុំបង្ហាញដំបៅ និងប្រាប់គាត់ទាំងអស់នូវមូលហេតុដែលកើតជាដូច្នេះ។ គាត់មិនបានប្រតិកម្មនឹងដេណាទេ តែគាត់បែរជាបន្ទោសខ្ញុំក្នុងន័យបារម្ភ ដោយថាហេតុអីដល់ថ្នាក់នេះហើយមិនទៅពេទ្យ ហើយម៉េចមិនខលប្រាប់គាត់? គាត់ប្រាប់ថាតេមកមិនចូល គាត់បារម្ភពេកទើបឡើងតាក់ស៊ីមកសួរហេតុ។ នេះហើយទឹកចិត្តម្ដាយ តែងបារម្ភនឹកពីកូនគ្រប់វិនាទីមិនថាក្នុងឧបសគ្គណាក៏ដោយ។
ស្អែកឡើង, ខ្ញុំ ម៉ែនិងប្អូនប្រុស ហៅតាក់ស៊ីត្រលប់ទៅស្រុក។ ក-ខ្ញុំរុំក្រមារ និងទទូរក្រមារមួយទៀត ខ្លាចត្រូវថ្ងៃ ខ្លាចមុខដំបៅកាន់តែក្លាយ។ ម៉ែគ្រាហ៏ខ្ញុំចេញពីបន្ទប់យ៉ាងទទ្រេតទទ្រោត មើលទៅគួរឱ្យអានិត។
មកដល់ភូមិកំនើតវិញ, ទោះជាវាជាស្រុកស្រែក៏ដោយ ក៏ខ្ញុំមានអារម្មណ៍កក់ក្ដៅ មិនឯកោរទេ រាល់ថ្ងៃមានបងប្រុស បងថ្លៃ យួរទឹកឱ្យងូត បញ្ចុកបបរ។ ម៉ែរកបានគ្រូខ្មែរម្នាក់ដែលល្បីខាងសូត្រផ្លុំស្ដោះខាកក្នុងភូមិនេះ នរណាក៏កោតគោរពគាត់ដែរ។ ខ្ញុំគ្រាន់តែឃើញមុខជ្រីវជ្រួញ ញើសកក្លេកកក្លាក់ក្អែលកាន់របស់គ្រូបឹង គ្រូខ្មែរធ្មប់អាប...ស្អីហ្នឹងភ្លាម, ខ្ញុំជ្រេញចង់ក្អួត អ្នកក្នុងភូមិនេះ ទៅជឿស្អី សោះអាគ្រូគ្មានសញ្ញាប័ត្រនេះ គាត់ចេះស្អីគាត់?
«លោកគ្រូអើយ ជួយកូនចៅផង លើកលែងទោសកូនចាបកូនព្រាបផង គ្នានៅក្មេងណាស់ មិនដឹងខុសត្រូវស្អីទេ លោកគ្រូអើយ...»
ពុទ្ធោអើយ!ម៉ែអឺយ! បងខ្ញុំ បងថ្លៃខ្ញុំ ម៉ែខ្ញុំ នាំគ្នាលាតកន្ទេលសំពះគ្រូចម្កួត ដែលមានខ្ញុំដេកស្ដូកស្ដឹងកណ្ដាលកន្ទេលដែលលើក្បាលមានធូប ជើងពាន ដង្វាយ ទ្រនឹប គ្រឿងសក្ការជាច្រើនពាសពេញ។
«ក្មេងនេះមានរោគបិសាចក្រមុំចូល តែឥឡូវវាចេញហើយ នៅតែដំបៅ បើដូច្នេះ ខ្ញុំសុំម្លូរស្លា ស៊ីព្រួសត្រង់មុខរបួសនាង។ មិនអីទេនាង បន្តិចទៀតលែងអីហើយ។»
ស្លាប់ហើយ! គ្រូនេះឆ្កួតមែនទែនហើយ។ ឯងក្លាយដំបៅដោយសារមុតចង្កាក់ឬស្សីសោះថាឯងបិសាចក្រមុំចូលស្អីឯណាតែផ្ដាស់។ តែទោះយ៉ាងណាក៏គ្មានកម្លាំងនឹងតវ៉ានឹងគាត់ដែរ។អ្នកផ្ទះក្បែរៗ និងអ្នកភូមិទាំងប៉ុន្មានមកជុំពាសពេញផ្ទះខ្ញុំ និងនិយាយដដែលៗគួរឱ្យធុញ:
«ជួយសង្គ្រោះគ្នាផងទៅលោកគ្រូអើយ»
«គ្នាក្មេង កុំប្រកាន់ទោសពៃគ្នាអី»
«ជួយគ្នាផង ត្រូវការដង្វាយអីគ្រូប្រាប់មក រកឱ្យបានតើ!»
គ្រូចាស់ បើកភ្នែកក្រលោត ហើយបង្គាប់ឱ្យលើកខ្ញុំចូលបន្ទប់បិតជិតមួយ។ គាត់ប្រាប់ឱ្យបិទទ្វារបន្ទប់ មានតែខ្ញុំនិងគាត់ប៉ុន្នោះ។បើគាត់ចង់ធ្វើអីផ្ដេសផ្ដាស់ក៏ខ្ញុំមិនដឹងធ្វើយ៉ាងមិចដែរ ទោះចង់ស្រែកក៏មិនចេញ សង្ឃឹមថាគាត់មិនមែនជាមនុស្សចឹងទៅចុះ។
គ្រូខ្មែរកញ្ចាស់ ទំពារម្លូក្រហមដូចឈាម សូតធ្វើមាត់វៀចវ៉ច ហើយព្រួសឆែតៗពេញរាងកាយ និងដើមទ្រូងខ្ញុំ។ មុខដំបៅចាប់ពើតផ្សាយ៉ាងខ្លាំង បណ្ដាលឱ្យខ្ញុំរើរស្ទើប្រកាច់។
“ឈឺណាស់ ! អូយផ្សាណាស់!ជួយផង!ម៉ែ!!!បញ្ឈប់អាគ្រូឆ្កួតនេះទៅ!”
យ៉ាងណាក៏នេះគ្រាន់តែជាសំលេងដែលឮតែក្នុងខួរក្បាលខ្ញុំប៉ុណ្ណោះ។
រំលងមក៣ថ្ងៃ, គ្រូខ្មែរជាច្រើនឡើងចុះផ្ទះនេះ ដោយប្រើវិធីព្យាបាលប្លែកៗ។ គ្រូខ្លះយកឬស្សីមកជួសខ្ទុះ ខ្លះយកដំបងវ៉ៃបាតដៃខ្ញុំ គ្រូខ្លះឱ្យយកភក់ជ្រាំលូទឹកស្អុយមកប៉ាតលាងដំបៅ។ ដោយសារមេរោគទឹកលូ និងជាតិម្លូជ្រាបចូលតាមដំបៅរលួយនេះ ធ្វើឱ្យអាការៈរបស់ខ្ញុំកាន់តែខ្លាំងឡើងៗ មិនឃើញប្រសើរឯណាទេ។ ណ្ហើយ បណ្ដោយតាមយថាកម្មចុះ។
(~~~)
៥ថ្ងៃក្រោយមក គេឃើញមនុស្សម្នាអ៊ូឯ នៅផ្ទះម្តាយណាទី ដោយអ្នកខ្លះយំ អ្នកខ្លះជួយសង់រោង អ្នកខ្លះកាប់ជ្រូកដាំបបរខ្ទះធំដែលជាហេតុបញ្ជាក់ថា ណាទីស្លាប់ហើយ។ ប៊ូថង និងម៉ែសព យំសោកបោកប្រាណខ្លាំងជាងគេ។
ថ្ងៃរំលាយសពបានមកដល់...
ភ្លើងចាប់ឆេះសន្ធោរសន្ធៅផ្ដល់អណ្តាតភ្លើងយ៉ាងក្ដៅរំលាយឆេះសពស្ត្រីក្រមុំដែលស្លាប់ដោយមូលហេតុដ៏នឹកស្មានមិនដល់នេះ។ ក្នុងចំនោមអ្នកមកចូលរួមរំលាយសពនេះ គេឃើញដេណា ព្រួយលើសគេឯងទាំងអស់៕
តើនរណាដែលមានកំហុសធ្ងន់បំផុតចំពោះការស្លាប់របស់ណាទី?
1.ដេណា ព្រោះនាងជាដើមហេតុធ្វើឱ្យមានដំបៅក្លាយ
2.ក្រុមហ៊ុនធ្វើចង្កាក់ឬស្សីដែលបានដាក់ថ្នាំគីមីពិសក្នុងផលិតផលខ្លួន
3.ការព្យាបាលដ៏គ្មានអនាម័យរបស់គ្រូខ្មែរ
ចង្កាក់ឬស្សី
Reviewed by Unknown
on
8:05 AM
Rating: