ល្ខោនព្រាយបួន (ភាគទី២ចប់)
ចុចទីនេះ ដើម្បីអានភាគ១
ភាគបញ្ចប់
នៅពិធីបុណ្យសពលីរីយ៉ា យប់អធ្រាតទៅហើយ មនុស្សម្នារគេទៅផ្ទះអស់ សល់តែក្រុមរួមសម្ដែងដែលនៅក្បែរមជ្ឈូសកំដរសព។ ក្រុមនេះគ្មានឪពុកម្ដាយ ឬសាច់ញាតិអ្វីឡើយ គឺពួកគេទាំង៦នាក់ និងមេក្រុមលិនេះហើយជាអ្នកធ្វើបុណ្យនៅផ្ទះរួមរបស់ពួកគេ។
ប្រុសៗនាំគ្នាផឹកស៊ីឯស្រីៗទាំងពីនិយាយគ្នាពីនេះពីនោះ។
«ឡាឌីន! ខ្ញុំមានអារម្មណ៍ដូចជាការស្លាប់កំពុងតាមខ្ញុំខ្លាំងណាស់។» ថាវីននិយាយទៅកាន់ឡាឌីន ដែលម្នាក់ៗសុទ្ធតែមានមុខក្រៀមក្រំ។
«មែនហើយ ខ្ញុំព្រឺគ្រប់ពេល។» ឡាឌីនតបវិញ។
«...ពួកឯងត្រូវតែស្លាប់...» សំឡេងមនុស្សស្រីស្រែកសន្ធាប់ឡើងធ្វើឱ្យអ្នករាល់គ្នាភ័យយ៉ាងខ្លាំង។ ម្នាក់សួរម្នាក់តែអ្នកទាំងអស់គ្នាសុទ្ធតែមិនបានស្រែកពាក្យនេះ ចុះនរណាគេជាអ្នកស្រែក? អារម្មណ៍តក់ស្លុតដ៏មិនធ្លាប់មានបានចូលមកបន្លាចពួកគេឱ្យព្រឺសម្បុររកបរិយាយមិនត្រូវ។
«ខ្ញុំខ្លាចណាស់!» ឡាឌីននិយាយ។
«ខ្លាចអី? គ្មានអីទេ ប្រហែលសំឡេងទូរទស្សន៍អ្នកផ្ទះជាប់នេះជាអ្នកចាក់ផងក៏មិនដឹង។» សាន់និយាយលួងសង្សារហើយបន្តផឹកទៀត។
យប់អធ្រាតជ្រៅទៅហើយ ម្នាក់ៗក៏ចូលដេកតាមបន្ទប់រៀងៗខ្លួន។ ឡាឌីនស្នើសុំឱ្យថាវីនគេងបន្ទប់ជាមួយនាងព្រោះនាងមានអារម្មណ៍ខ្លាចជាងរាល់ដង។ ពួកគេរៀបចំកន្លែងដេកប្រុងនឹងដេកហើយស្រាប់តែថាវីននិយាយថា៖
«គ្នាភ្លេចទូរស័ព្ទនៅតុជិតមឈូសបាត់ទៅហើយ គ្នាទៅយកមួយភ្លែតណា!» ថាហើយនាងក៏បើកទ្វារដើរចេញទៅ។ អស់ពេលមួយសន្ទុះធំថាវីននៅមិនទាន់ត្រលប់មកវិញទៀត។ ឡាឌីនសង្ឃឹមថានាងនឹងមកបន្តិចទៀត, តែនាងមិនត្រលប់មកដេកវិញទាល់តែសោះ។
នាងរង់ចាំអស់ពេលយ៉ាងយូរ ក្នុងផ្ទះស្ងាត់ជ្រាប់ ម្នាក់ៗដេកលក់អស់ នៅសល់តែឡាឌីនដែលនៅរសាប់រសល់ចាំផ្លូវថាវីនយ៉ាងយូរសែនយូរ។ នាងអើតក្បាលចេញមកក្បាលបន្ទប់ តែអ្វីៗគឺទទេ គ្មានឡើយថាវីន ទើបនាងចាប់ផ្ដើមព្រួយខ្លាំងណាស់ ដើរចេញទៅក្បែរមឈ្ឈូសគ្មានឃើញថាវីននៅទីនេះឡើយ នាងភ័យពេកក៏រត់ចូលបន្ទប់វិញ។
“ក្រាកៗៗ...”
នរណាម្នាក់កំពុងធ្វើអ្វីម្យ៉ាងក្នុងបន្ទប់ទឹកក្នុងបន្ទប់ដេកនោះ។ ឡាឌីនគិតស្មានថាជាថាវីនទើបស្រែកហៅ៖
«ថាវីន? ឯងនៅធ្វើអី ឆាប់មកដេក!»
«...»
គ្មានអ្នកឆ្លើយតបសោះ។ ឡាឌីនដើរយឺតៗទៅបើកទ្វារបន្ទប់ទឹកនោះ ហើយពេលបើកទ្វារនាងតក់ស្លុតរន្ធត់ស្មារតីជាខ្លាំងនៅពេលបានឃើញខ្មោចស្រីសក់វែងខ្មៅ ស្បែកស្លេកសម្លក់រកនាងហើយលោតមកសង្គ្រប់នាងទាំងកម្រោល ហើយនិយាយថាសងរបស់យើងវិញមក។ នាងស្រែកខ្លាំងៗរកគេឯងជួយហើយប្រុសៗដែលដេកបន្ទប់ជាប់នោះចេញមកព្រោងព្រាតរួចខ្មោចស្រីក៏បាត់ខ្លួនទៅ។
«មានរឿងអីឡាឌីន?» មេក្រុមលិសួរយ៉ាងបារម្ភ។
«ថាវីនបាត់ខ្លួនហើយបងលិ!» ឡាឌីនស្រែកប្រាប់មេក្រុមទាំងយំរហាម។
«នាងនឹងមិនអីទេ ប្រហែលជានាងនឹងត្រលប់មកវិញឆាប់ៗ នេះព្រលឹមហើយ នឹងមានអ្នកមកជួយហែរសពច្រើន តោះរៀបចំបើកទ្វារមុខទៅសាន់, ស៊ីនម៉េង សុក្រិត, ហើយលន្ធីទៅយកអាចារ្យជាមួយបង តោះ។»
----
និយាយពីថាវីនវិញ កាលពីយប់ម៉ិញ នាងត្រូវខ្មោចស្រីនោះចាប់ច្របាច់កហើយលើកបោះចូលក្នុងមឈ្ឈូសរួចបិទគ្របមឈ្ឈូសវិញ។ ពេលនេះ នាងបើកភ្នែកឡើង ឃើញខ្លួនឯងកំពុងដេកក្នុងមឈ្ឈូសពីលើសពលីរីយ៉ាដែលរលួយរលេះ នាងគ្មានកម្លាំងនឹងស្រែកឱ្យគេបើកមឈ្ឈូសឡើយ។ សំឡេងភ្លេងពិណ្យពាទ្យហែរសពទៅដុតចាក់ខ្លាំងៗ ថាវីនព្យាយាមយកម្រាមដៃទាំង១០របស់នាងគោះគម្រមមឈ្ឈូសហើយប្រឹងរុញទៅលើឱ្យវារបើកឡើង តែវាក្លាយទៅជាឥតបានការ គ្របមឈ្ឈូសបានវ៉ៃភ្ជាប់ដែកគោលបាត់ទៅហើយ។ នាងប្រឹងស្រែកឡើងតែកនាងស្អកស្រែកមិនចេញ មួយសន្ទុះក្រោយមក, ផ្សែងចាប់ផ្ដើមចូលមកក្នុងមឈ្ឈូសហើយភ្លើងក្ដៅបានដុតរោលរាងកាយនាងឱ្យរលួយស្លាប់ក្នុងភ្លើងនោះទៅ។
---
តាំងពីថ្ងៃនោះ, ក្រុមល្ខោនព្រាយបួនបានបាត់ថាវីន ទោះប្រឹងរកយ៉ាងណាក៏មិនឃើញ។
យប់មួយ, ឡាឌីនកំពុងជិះម៉ូតូត្រលប់ពីស៊ីការមិត្តភក្ដិ នាងជិះតម្រង់ពីផ្ទះការត្រលប់មកបន្ទប់ជួលវិញ នៅតាមផ្លូវស្ងាត់ជ្រាប តែរំពេជនោះ ស្រាប់តែមាននារីម្នាក់ឈរពាំងមុខផ្លូវមិនព្រមចេញទៅណា។ ម្នាក់ស្រីនោះបែរមុខមករកឡាឌីនប្រឡាក់សុទ្ធតែឈាម វាជាមុខដ៏គួរឱ្យរន្ធត់តក់ស្លុតជាទីបំផុត ឡាឌីនដួលម៉ូតូព្រូស ស្របនឹងពេលនោះមានឡានធំបើកមកកិនក្បាលឡាឌីនឱ្យបែកខ្ទេចដូចកិនផ្លែត្របែក។
---
ក្រុមល្ខោនព្រាយបួនពេលនេះមានតែប្រុសៗបួននាក់ប៉ុណ្ណោះ និងមេក្រុមម្នាក់។ ពួកគេចេះតែមានអារម្មណ៍ភិតភ័យក៏ជិះរថយន្តទៅព្រៃមួយដែលល្បីមានលោកតាម្នាក់ចេះទាយឆុត ចេះដោះអំពើធ្វើអូមអាមគ្រប់យ៉ាង។ ទៅដល់ទីនោះ លោកតានោះសម្លឹងមើលមុខអ្នកទាំង៥ហើយនិយាយ៖
«ចៅទាំង៥នឹងត្រូវស្លាប់បន្តគ្នាហើយបើមិនឱ្យរបស់ទៅគេវិញ។»
«របស់អីទៅលោកតា?» បុរសទាំង៥សួរលោកតាព្រមគ្នា។ «ពួកយើងមិនបានលួចអីគេផង!»
«តាក៏មិនអាចដឹងបានដែរ តែចាំយប់នេះតានឹងធ្វើពិធីហៅព្រលឹងខ្មោចដែលចង់យកជីវិតអ្នកទាំង៥នេះ សួរឱ្យច្បាស់លាស់។»
ពួកគេទាំង៥ត្រូវសម្រាកនៅក្នុងខ្ទមនៅរង់ចាំរហូតដល់យប់។
ពេលវេលាបានមកដល់, យប់ងងឹត លោកតានោះបានព័ទ្ធអំបោះសីម៉ាធំមួយហើយបង្គាប់ឱ្យអ្នកទាំង៥ចូលទៅអង្គុយក្នុងនោះ រួមទាំងគាត់ផងដែរ រួចគាត់សូត្រផ្លុំមន្តអាគមអូមអាមអស់ពេលយ៉ាងយូរ។ រំពេជនោះ, ស្រាប់តែលេចរូបខ្មោចស្រីម្នាក់ឈាមហូរពេញខ្លួន វាជាស្ត្រីដែលពួកគេបានឃើញស្លាប់នៅតាមផ្លូវនោះ។
«តើនាងមានរឿងអីជាមួយនឹងពួកគេ?» តានោះសួរ។ «ហេតុអីក៏តាមយកជីវិតពួកគេមិនដឹងអីបែបនេះ?»
«ខ្ញុំមកតាមយករបស់ខ្ញុំ!» ខ្មោចស្រីនិយាយដោយសំឡេងស្រួយស្រែះលាន់ពេញព្រៃ។ «បើមិនឱ្យរបស់ខ្ញុំវិញទេ នឹងត្រូវស្លាប់ទាំងអស់គ្នា! ពួកឯងមើលងាយយើងណាស់ យើងត្រូវតែសម្លាប់ពួកឯង!»
«តើអ្វីទៅជារបស់នាង?» តាចាស់នោះសួរ។ «បើពួកគេឱ្យរបស់នោះទៅនាងវិញ សូមឈប់តាមសម្លាប់គេទៀត!»
តាមពិតទៅ កាលដែលពួកគេចុះទៅមើលនារីដេកត្រដរខ្យល់លើផ្លូវនោះ, សុក្រិតបានលួចដោះខ្សែដៃពីដៃនាងទើបបានជានាងក្លាយជាខ្មោចមកតាមចងពៀរយកជីវិតបែបនេះ។ សុក្រិតភ័យញ័រខ្លួនបានដូចជាអ្នកទាំងអស់គ្នាដែរ។
«ខ្សែដៃយើងនៅឯណា?» ខ្មោចស្រីស្រែកខ្លាំងៗ។ «សងខ្សែដៃយើងវិញភ្លាម!!»
«ខ្សែដៃនោះខ្ញុំបានយកទៅលក់បាត់ហើយ,» សុក្រិតឆ្លើយដោយរន្ធត់ឥតឧបមារ។
ខ្មោចស្រីនោះគ្រាន់តែឮភ្លាមវាខឹងខ្លាំងណាស់បង្កជាព្យុះបោកបក់ដាច់ខ្សែស៊ីម៉ាខ្ទេចខ្ទី ម្នាក់ៗរត់តម្រង់ទៅរថយន្តវិញ។ តាចាស់នោះអង្គុយដោយស្លុតចិត្តនៅទីនោះ ខ្មោចស្រីនោះស្ទុះមកកាច់កតានោះដាច់ខ្យល់ស្លាប់មួយរំពេជ។
បុរសទាំង៥រត់យ៉ាងលឿនតាមដែលអាចធ្វើបានមករថយន្តហើយបញ្ឆេះជិះចេញពីទីនេះយ៉ាងលឿនជាទីបំផុត។ នៅតាមផ្លូវ, ពួកគេស្រាប់តែឃើញនារីម្នាក់ឈរកណ្ដាលផ្លូវ មេក្រុមលិរេរចង្កូតធ្លាក់ផ្លូវទៅបុកនឹងគល់ឈើបណ្ដាលឱ្យរថយន្តរលត់ម៉ាស៊ីនថយក្រោយពុំកើត។ លិ សាន់ និងស៊ីនម៉េងបង្ខំចិត្តចុះទៅមើលរថយន្តព្រោះឃើញថាស្ងាត់ មិនឃើញខ្មោចនោះតាម។ សុក្រិតនៅលើរថយន្តចាំបញ្ឆេះម៉ាស៊ីន។ ក្នុងចិត្តសុក្រិតរន្ធត់ បេះដូងគេលោតញាប់ខុសពីរាល់ដង។ ក្រោយពីពួកគេចុះទៅពិនិត្យម៉ាស៊ីនទៅ អ្វីៗស្ងាត់ឈឹង និងងឹត។
អស់ពេលយ៉ាងយូរ, អ្នកទាំងបីនៅមិនឡើងមករថយន្តវិញទៀតធ្វើឱ្យសុក្រិតចាប់ផ្ដើមមានអារម្មណ៍មិនស្រួល។ គាត់ចុះទៅមើលខាងក្រោមស្រាប់តែឃើញថាអ្នកទាំងបីត្រូវនរណាម្នាក់សម្លាប់ដោយខ្វេះភ្នែកធ្លាយពោះវៀនយ៉ាងសាហាវ។
មិនបង្អង់យូរ សុក្រិតប្រញាប់រត់ឡើងរថយន្តវិញរួចបិទទ្វារចាក់សោរជិត។ គាត់ប្រឹងដេរយ៉ាងណាក៏រថយន្តមិនឆេះ។ រំពេជនោះ, គាត់ឮសំឡេងអ្វីម្យ៉ាងពីខាងក្រោយកញ្ចក់រថយន្ត។
«ទឹប...ទឹបៗៗៗ...» នរណាម្នាក់កំពុងគោះកញ្ចក់រថយន្ត ហើយពេលគាត់ងាកមើល វាគឺជាខ្មោចស្រីម្នាក់នោះ មុខនាងគួរឱ្យខ្លាចកំពុងសម្លក់មកខាងក្នុងហើយព្យាយាមគោះបំបែកកញ្ចក់បង្អួចរថយន្ត។
«ទឹប..ទឹប...ៗៗ...»
វាគួរឱ្យរន្ធត់ជាទីបំផុត សុក្រិតព្យាយាមដេររថយន្តបំណងបើកចេញពីទីនោះឱ្យឆាប់រហ័សហើយរំពេជនោះ ម៉ាស៊ីនក៏ឆេះឡើង សុក្រិតមួយហ្គែរថយហើយបើកទៅមុខយ៉ាងលឿនជាទីបំផុត។ គាត់បរលឿនតាមផ្លូវស្ងាត់ចេះតែបន្តទៅមុខទាំងបេះដូងលោតកន្ត្រាក់។ រំពេជនោះ, មានគោយន្តដឹកឬស្សីមួយនៅកណ្ដាលផ្លូវ ដោយល្បឿនរថយន្តលឿនខ្លាំងពេក, សុក្រិតចាប់ហ្វ្រាំងមិនទាន់ក៏បុកគូទគោយន្តនោះមួយទំហឹង ឬស្សីស្រួចបុកបំបែកកញ្ចក់រថយន្តមុខបណ្ដាលឱ្យបុកមកដល់សុក្រិត កម្លាំងបុកខ្លាំងពេកធ្វើឱ្យរយះធ្លាយខួរចេញមកក្រៅ។ អ្វីៗស្ងាត់ឈឹង ពេលនេះខ្មោចស្រីនោះបានស្ងប់ចិត្តខ្លះហើយដែលក្រុមល្ខោនព្រាយបួនត្រូវស្លាប់ទាំងអស់គ្មានសល់ អ្វីដែលនាងត្រូវធ្វើបន្ត គឺតាមរកខ្សែដៃរបស់នាងឱ្យទាល់តែឃើញ៕
ចប់
(សូមរង់ចាំអានរឿង បំណុលជីវិត នៅរាត្រីម៉ោង៨ស្អែកនេះ)
ល្ខោនព្រាយបួន (ភាគទី២ចប់)
Reviewed by Unknown
on
8:00 PM
Rating: