>
  • ទំព័រដើម
  • ដាក់ស្នេហ៍

     
    ភក្ត្រាអង្គុយមុខកំព្យូទ័ររបស់គាត់យ៉ាងគួរឱ្យធុញទ្រាន់។ គាត់ត្រូវធ្វើការវាយអត្ថបទ និងផ្ដិតឯកសារឱ្យគេ ការងាររបស់គាត់គរដូចភ្នំ។ តូបថតចម្លង និងបោះពុម្ពឯកសាររបស់គាត់ថ្វីបើតូចបន្តិចមែន ប៉ុន្តែមានអតិថិជនច្រើនរាល់ៗថ្ងៃមិនដែលឱ្យភក្ដ្រាទំនេរពីការងារម្ដងណាឡើយ។ គាត់ជាកម្លោះដែលត្រូវធ្វើការចិញ្ចឹមខ្លួនតាមសមាជីវរ និងរស់នៅយ៉ាងឯកាជាទីបំផុត។ រាល់ពេលទំនេរពីការងារ, គាត់តែងដើរឡើកៗតាមភូមិមើលគេឯង មើលមនុស្សម្នារ តែក្នុងចិត្តរំពៃគិតរឿងអនាគតយ៉ាងវែងឆ្ងាយ។

    ---

    យប់មួយ, ក្រោយពីទន់ត្របកភ្នែកបើកមិនរួច, គាត់បានសម្រេចឈប់ធ្វើការហើយចូលដេកយ៉ាងអស់កម្លាំង។ អ្វីដែលមិននឹកស្មាននោះ, ភក្ត្រាបានយល់សប្ដិឃើញតាចាស់ម្នាក់ដែលគាត់មិនដែលឃើញ, តាចាស់នោះដើរមកជិតភក្ត្រាហើយប្រាប់ភក្ត្រាថា ៖

    «បើចង់ឱ្យក្ដីប្រាថ្នារបស់ឯងក្លាយជាការពិត, ទៅរកតានៅព្រៃឯកើត កណ្ដាលព្រៃនោះ ឯងនឹងឃើញតាហើយ...» ថាតែប៉ុណ្ណេះតានោះក៏អន្តរធានបាត់ទៅ ភក្ដ្រាភ្ញាក់ឡើងភ្លាមៗហើយគិតពីសុបិនចម្លែកនោះ។ គាត់គិតថា, វាគ្រាន់តែជាការយល់សប្ដិធម្មតា តែចិត្តគាត់ចេះតែកញ្ជ្រោលឱ្យគាត់ធ្វើតាមការយល់សប្ដិនោះ។ ភក្ត្រាគិតថាតើនៅក្នុងព្រៃអាចមានតានោះដែលអាចធ្វើឱ្យក្ដីប្រាថ្នាក្លាយជាការពិតមែនឬ? គាត់គិតហើយគិតទៀតរហូតដល់ព្រឹក។

    ព្រឹកនេះ, ភក្ត្រាបិទតូបហើយធ្វើដំណើរទៅព្រៃតាមការយល់សប្ដិរវើរវាយពីយប់ម៉ិញ។

    គាត់ដើបណ្ដើរ គិតបណ្ដើរ ប្រសិនបើវាគ្រាន់តែជាការយល់សប្ដិក៏វាមិនអីដែរ ព្រោះហោចណាស់ក៏គាត់បានមកលេងក្នុងព្រៃដ៏ត្រជាក់ដែលគិតថាគ្មានថ្ងៃនឹងទំនេរមកលេងទីនេះ។ គាត់ដើរយ៉ាងយូរទម្រាំបានចូលមកកណ្ដាលព្រៃដែលពោរពេញទៅដោយសោភ័ណ្ឌភាពស្រស់បំព្រង បក្សាបក្សីច្រៀងស្រែកខ្ញៀវខ្ញាយ៉ាងសប្បាយ។ អាកាសធាតុនៅទីនេះត្រជាក់ស្រស់ស្រាយ ភក្ដ្រាដើរចូលតាមព្រៃកាន់តែជ្រៅទៅៗ ទីបំផុតគាត់បានឃើញនឹងតាចាស់ម្នាក់ គាត់បានហៅភក្ត្រាឱ្យទៅក្បែរគាត់។

    «ដោយឃើញថាចៅជាមនុស្សស្មោះត្រង់តស៊ូអំណត់អត់ធុនក្នុងឆាកជីវិត, តានឹងផ្ដល់របស់មួយជូនចៅ វាគឺជារបស់ម្យ៉ាងដែលធ្វើឱ្យចៅអាចសម្រេចអ្វីដែលប្រាថ្នាបានគ្រប់យ៉ាង។»

    «របស់អ្វីទៅលោកតា?» ភក្ត្រាសួរព្រោះឆ្ងល់។

    «ក្រមួនដាក់ស្នេហ៍...» 

    «ក្រមួនដាក់ស្នេហ៍?» ភក្ត្រាលាន់មាត់បន្ទរ។ «តើវាជាអ្វីទៅ?»
     
    លោកតានោះយកប្រអប់អ្វីម្យ៉ាងចេញពីថង់យាមគាត់ហើយបង្ហាញក្រឡតូចមួយមានក្រមួនក្នុងនោះ។ គាត់ប្រាប់បន្ថែមពីរបៀបប្រើ ៖

    «នេះគឺជាក្រមួនដាក់ស្នេហ៍ វាជាក្រមួនវេទមន្ត មិនត្រឹមតែជួយឱ្យឯងមានមន្តស្នេហ៍នោះទេថែមទាំងសម្រេចក្ដីប្រាថ្នារបស់ឯងបានយ៉ាងពិតៗទៀតផង។»

    «ហើយប្រើយ៉ាងម៉េចទៅលោកតា?» ភក្ត្រាសួរដោយអំណរ។ «ចៅចង់ដឹងណាស់។»

    «បៀកវាបន្តិចមកលាបថ្ងាសមុនចូលដេក និងបឋយងសួងសុំអ្វីម្យ៉ាងហើយដេកទៅ។ មិនយូរមិនឆាប់អ្វីដែលចៅបានបួងសួងនោះនឹងក្លាយជាការពិតមិនខាននោះទេ។»

    ភក្ត្រាទទួលយកក្រឡរក្រមួនតូចនោះដោយរីករាយ។ គាត់ញញឹមអរគុណលោកតានោះម្ដងហើយម្ដងទៀត ហើយពេលគាត់ប្រុងនឹងត្រឡប់មកផ្ទះវិញ, លោកតានោះប្រាប់បញ្ជាក់៖

    «តែត្រូវចាំណា...អ្វីៗដែលបានបួងសួងសុំនោះនឹងបាត់បង់ទៅវិញក្នុងរយៈពេលណាមួយ។»

    «បាទអរគុណណាស់លោកតា!» គ្រាន់តែភក្ត្រានិយាយចប់ភ្លាម, ពន្លឺចាំងចែងបំភ្លឺជុំវិញខ្លួនគាត់មួយរំពេជ ហើយចាំងខ្លាំងឡើងៗរហូតដល់វាត្រលប់មកជាការពិតវិញ។ ភក្ត្រាបើកភ្នែកឡើងឃើញខ្លួនឯងនៅលើគ្រែនៃផ្ទះតូចរបស់គាត់ គាត់ដកដង្ហើមធំដោយហួសចិត្ត។

    «ចង្រៃយ៍! យល់សប្ដិសោះ ខ្ញុំតែអរស្ទើស្លាប់ទៅហើយ!» 

    ព្រះអាទិត្យរះទៅហើយ គាត់ងើបឡើងប្រុងនឹងបើកតូបធ្វើការទៀត តែពេលគាត់ដើរទៅទ្វារតូប ស្រាប់តែឃើញក្រឡរអ្វីម្យ៉ាងនៅលើតុកុំព្យូទ័ររបស់គាត់។

    «ក្រឡស្នេហ៍ក្នុងសុបិនទេតើ!» ភក្ត្រាលាន់មាត់ដោយរីករាយ។ គាត់មិនយល់ទេថាការយល់សប្ដិអំបាញ់ម៉ិញជាសុបិនវេទមន្តឬយ៉ាងណា តែពេលនេះគាត់រីករាយខ្លាំងណាស់។ ថ្ងៃនោះ, ភក្ត្រាធ្វើការទាំងញញឹមញញែមប្លែកពីរាល់ដង។

    យប់ឡើង, ភក្ត្រានឹកទៅដល់សុបិនវេទមន្តនោះ ហើយយកក្រមួនលាបលើថ្ងាស រួចសុំបួងសួងឱ្យមានមិត្តស្និទ្ធស្នាលម្នាក់គ្រាន់ធ្វើការជាមួយគ្នា រួចគាត់ក៏ចូលដេកទៅទាំងមិនគិតថាវានឹងបានដូចប្រាថ្នាមែនឬអត់។

    ព្រឹកឡើង, ភក្ត្រាភ្ញាក់ឡើងយ៉ាងស្រស់ស្រាយពត់ខ្លួនប្រាណហើយលុបមុខងូតទឹកបើកតូបយ៉ាងរីករាយជាងរាល់ដង។ គាត់បានថតរូបតូបតូចគាត់បង្ហោះទៅលើបណ្ដាញសង្គម Facebook ទោះជាដឹងថាគ្មាននរណានឹងចាប់អារម្មណ៍ តែអ្វីដែលគាត់ចង់ធ្វើ គាត់មិនខ្វល់ពីអ្វីឡើយ។ មួយសន្ទុះក្រោយមកមានបុរសកម្លោះអាយុស្របាលភក្ត្រាម្នាក់ comment ក្នុងរូបតូបនោះថា “ឡូយហ្អា ថាប្រុងទៅបើកតូបនៅខេត្តនឹងដែរ។”

    ភក្ត្រាតបទៅវិញ ឆាប់ៗនោះពួកគេស្គាល់គ្នាយ៉ាងស្និទ្ធស្នាល ហើយអំឡុងពេលត្រឹមតែ១ខែ ភាពស្និទ្ធស្នាលឱ្យគេហៅគ្នាសុទ្ធតែអញហែង។ ម្នាក់នោះគឺសុក្រិត ជាមនុស្សចេះតស៊ូក្នុងឆាកជីវិត ចេះលេងសើចកំប្លុកកំប្លែង មានគេជាមិត្ត ភក្ត្រាមិនអផ្សុកទេ។ សុក្រិតបានរើមកនៅជាមួយភក្ត្រាហើយគាត់ក៏ចេះធ្វើការផ្ដឹតរូបស្កែនឯកសារទាំងនេះដែរ ដូចនេះទើបមិត្តទាំងពីរពួតដៃគ្នាប្រឹងធ្វើការរហូតបានរីកចម្រើនទៅមុខបន្តិចម្ដងៗ។ 

    ភក្ត្រាបានយកក្រមួនស្នេហ៍លាបថ្ងាសបន់ស្រន់ឱ្យហាងគាត់ក្លាយជាហាងបោះពុម្ព និងថតចម្លងដ៏ធំមួយប្រចាំស្រុកនេះ រួចក៏ដេកទៅ។

    ថ្ងៃមួយ, ភក្ត្រាភ្ញាក់ឡើងហើយបើកតូបធម្មតាស្រាប់តែគាត់ភ្ញាក់យ៉ាងខ្លាំងក្រោយពេលដែលបានក្រឡេកឃើញរបស់មួយលើធ្នើខាងលើនៃតូបគាត់ រាល់ដងគាត់មិនដែលចាប់អារម្មណ៍ឡើយ។ គាត់ឈោងយកវាមកមើល វាជារបស់ដូចជាដុំកែវពណ៌គុជម្យ៉ាងត្រជាក់ស្រេប។

    «អាក្រិត! មកមើលនេះណែ!» ភក្ត្រាស្រែកដាស់មិត្តដែលកំពុងតែដេក ធ្វើឱ្យសុក្រិតស្ទុះងើបឡើង។ «នេះស្អីគេទៅហ្អា?»

    «អញមិនដឹងទេ មើលទៅដូចជាមានតម្លៃដែរហ្អា?»

    «អើ! ចឹងហែងបើកតូបទៅ អញទៅសួរតូបគ្រឿងមាសនៅផ្សារបន្តិច។» ថាហើយភក្ត្រាក៏ជិះម៉ូតូកញ្ចាស់ចេញពីទីនេះតម្រង់ទៅផ្សារ។ នៅផ្សារ, ភក្ត្រាដើរតម្រង់តូបលក់គ្រឿងអលង្ការហើយបង្ហាញដុំគុជបៃតងនោះទៅឱ្យជាងពិនិត្យយ៉ាងប្រុងប្រយ័ត្ន។ 

    «សុទ្ធល្អតើ ទឹកនេះថ្លៃក្រាស់ណាស់។» ជាងនិយាយព្រមទាំងមើលទៅមុខភក្ត្រា។ «នេះគឺមរកដបុរាណ វាមានតម្លៃថ្លៃណាស់ បើចង់លក់ សូមឡើងទៅរាជធានីចុះ ហាងខ្ញុំគ្មានលុយទិញទេ។»

    ឮដូច្នោះភ្លាម, ភក្ត្រាត្រេកអរខ្លាំងណាស់ តែប្រឹងទប់អារម្មណ៍ធម្មតាៗកុំឱ្យរញ្ជួលចើកខ្លាំងពេក។ គាត់ច្រកមរកតដ៏មានតម្លៃនោះទៅក្នុងថង់វិញយ៉ាងប្រុងប្រយ័ត្នហើយជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ មកដល់តូបគាត់, ភក្ត្រាញញឹមញញែមយ៉ាងអំណរបិទមាត់មិនជិតធ្វើឱ្យសុក្រិតជាមិត្តឆ្ងល់សួរដដែលៗហើយភក្ត្រាក៏ប្រាប់។

    «ចឹងឯងឡើងទៅរាជធានីយកវាទៅលក់ទៅ! សម្រាប់អញមិនមែនជាម្ចាស់របស់នឹងផង!» សុក្រិតនិយាយ។ «ប្រហែលដូនតាឯងបន្សល់ទុកឱ្យហើយមើលទៅ។»

    «ឯងកុំនិយាយបែបនេះអាក្រិត! បើអញមានបានកាលណាក៏មិនភ្លេចហែងដែរអាពួកម៉ា១ពាន់ឆ្នាំ។» ភក្ត្រានិយាយព្រមទាំងមើលទៅមុខមិត្ត។ គាត់បន្ត, «ចាំមើលស្អែកនេះឡើងតាក់ស៊ីទៅសួរហាងពេជ្រគេ បើបានថ្លៃ លក់វាតែម្ដង គ្រាន់បានយកអភិវឌ្ឍហាងយើងឱ្យធំជាងនេះ។»
    មិត្តទាំងពីរសើចដាក់គ្នាកក្អឹកហើយពេលវេលាពេញមួយថ្ងៃនោះ, ពួកគេធ្វើការយ៉ាងរីករាយ។

    ស្អែកបានមកដល់, ភក្ត្រាងើបពីព្រលឹមរូតរះលុបមុខមាត់ ឯសុក្រិតក៏បើកទ្វារតូបបញ្ចេញម៉ូតូរួចជូនមិត្តភក្តិទៅបេនឡាន។ ក្រោយភក្ត្រាចុះដើរទៅតាក់ស៊ីរាជធានីហើយ សុក្រិតក៏ត្រលប់មកតូបវិញហើយបើកតូបរកស៊ីជាធម្មតា។

    ភក្ត្រាជិះរថយន្តតាក់ស៊ីតាមផ្លូវភ្នែកសម្លឹងមើលព្រៃព្រឹក្សាទេសភាពត្រកាល វាលស្រែវាលស្រូវចម្ការចេកដូង ឯចិត្តគិតមមៃដល់រឿងរ៉ាវទាំងអស់ដែលកើតឡើងរដឹក ដូចជាចៃដន្យពេក តាំងពីគាត់ប្រើក្រមួនស្នេហ៍ដែលបានពីការយល់សប្ដិនោះមក រាសីគាត់ចេះតែឡើងស្រឺតៗ គាត់សប្បាយចិត្តជាខ្លាំង។ រវល់តែគិតអណ្ដែតអណ្ដូង, តាក់ស៊ីបានមកឈប់នៅចំណតរាជធានីបាត់។ ភក្ត្រាឱ្យលុយតាក់ស៊ីហើយដើរចុះទាំងខ្លួននៅស្ពឹកស្រពន់។ គាត់បានជិះម៉ូតូកង់បីទៅហាងលក់មាសពេជ្រមួយកន្លែងល្បីឈ្មោះជាងគេនៅរាជធានី ហើយក៏ដើរចូលទៅ។ ក្រោយពីបង្ហាញកែវមរកតនោះមក, ខាងហាងពេជ្របានហៅអ្នកជំនាញមលពិនិត្យយ៉ាងយូរ និងយកចិត្តទុកដាក់ជាទីបំផុត។ មួយសន្ទុះក្រោយមក, អ្នកជំនាញបានប្រាប់ថាវាជាគុជបៃតងច្អក់កម្រមាន។ គ្រាន់តែឮបែបនេះភ្លាមភក្ត្រារីករាយសប្បាយចិត្តជាខ្លាំង នាយទទួលលក់វាក្នុងតម្លៃដ៏ប្រសើរ។ បន្ទាប់ពីធ្វើកុងត្រាលក់ហើយ, ភក្ត្រាក៏ជិះឡានក្រុងត្រលប់មកតូបគេវិញហើយប្រាប់មិត្តភក្ដិខ្លួនដោយសប្បាយចិត្ត។

    មិនយូរប៉ុន្មាន, កម្លោះទាំងពីរបានពង្រីកហាងពួកគេឱ្យធំជាងមុន និងមានបុគ្គលិកជាជំនួយការជាច្រើន។ គេបោះបង់តូបចាស់នេះហើយនាំគ្នារើទៅនៅហាងថ្មីនោះទាំងពីរនាក់។ វាជាហាងបោះពុម្ព និងថតចម្លងឯកសារ និងលក់សម្ភារៈការិយល័យធំជាងគេបំផុតក្នុងស្រុកនេះ។

    យប់មួយ, ភក្ត្រាគិតទៅដល់ក្រមួនស្នេហ៍ដ៏ស័ក្តិសិទ្ធដែលគាត់ខានប្រើវាយូរមកហើយ។ វាពិតជាស័ក្ដិសិទ្ធពិតមែនមិនគួរឱ្យជឿសោះ ថ្វីបើត្រូវប្រើរយៈពេលយូរតែនៅតែបានផលពិតៗ។ គាត់បៀកក្រមួនបន្តិចហើយលាបវាលើថ្ងាសរួចបន់ស្រន់។

    «សូមឱ្យខ្ញុំ និងសុក្រឹតមានសង្សារម្នាក់មួយមក ព្រោះនៅទំនេរបែបនេះដូចជាអផ្សុក។» ខ្សឹបតិចៗហើយក៏ចូលដេកក្បែរមិត្តទៅ។

    ---

    ព្រឹកមួយ, មានសំឡេងក្រឹកៗកើតឡើងមុខហាងរបស់ភក្ត្រា។ សុក្រឹតដែលកំពុងតែធ្វើការជាមួយបុគ្គលិកក៏ក្រឡេកមើលទៅក្រៅ ឃើញនារីស្រស់ស្អាតវ័យក្មេងម្នាក់កំពុងធាក់ម៉ូតូដែលធាក់យ៉ាងណាក៏មិនឆេះ សុក្រឹតធ្វើជាសុភាពបុរសរត់ទៅរកនាងហើយនិយាយយ៉ាងគួរសមអឹមអៀន។

    «កញ្ញា ម៉ូតូកើតអី?»

    ស្ត្រីក្រមុំនោះសម្លឹងមុខកម្លោះសង្ហារហើយញញឹមតប។

    «ចា ម៉ូតូនេះរករឿងមែនទែន កណ្ដាលថ្ងៃចែសវាអត់មានអានិតម្ចាស់អីសោះ។»

    «យីលោកម៉ូតូ មិនអានិតម្ចាស់សោះចឹង?» សុក្រឹតសួរបែបលែបខាយ។ «មើលចុះ ម្ចាស់ស្បែកសផង! ក្ដៅស្បែកស្លាប់ហើយ។»

    «...ចាស មិនដឹងហេតុអីវា!»

    «ចឹងចាំខ្ញុំឱ្យបុគ្គលិកយកទៅជាង ចាំខ្ញុំជូនកញ្ញាទៅ តើកញ្ញាកំពុងចង់ទៅណា?»

    «អត់ទេ មិនបាច់រំខានលោកទេ!» នាងបដិសេធទាំងកុហកចិត្ត។

    «ទៅណា?»

    «ចា ទៅផ្សារតិចនឹងណា កុំរំខានលោកអី!»

    សុក្រឹតមិនឈរស្ដាប់ទៀតទេ នាយស្រែកហៅបុគ្គលិកម្នាក់ឱ្យយកម៉ូតូទៅជាងហើយសុក្រឹតយកម៉ូតូថ្មីរបស់ខ្លួនឌុបស្រីស្អាតទោផ្សារក្បែរនេះ។ ពេលទៅដល់ផ្សារ ស្រីស្អាតញញឹមហើយសំពះយ៉ាងទន់ភ្លន់។

    «អរគុណលោកហើយ បើកុំតែមានលោក ម៉្លេះសមខ្លោចស្បែកតែម្ដង ស្លៀកវាលផង!»

    «បាទអត់អីទេ កញ្ញា! ខ្ញុំចាស់ជាងកញ្ញា កញ្ញាហៅខ្ញុំថាបងទៅស្និទ្ធជាង!»

    «ចា ចឹងខ្ញុំចូលផ្សារសិនណា!» ថាហើយនាងក៏ដើរចូលផ្សារបាត់ទុកឱ្យសុក្រឹតនៅញញឹមផ្កាត្រកួនតែម្នាក់ឯងព្រោះរំភើប។

    យូរៗទៅ, កញ្ញានោះ និងសុក្រឹតស្និទ្ធស្នាលគ្នាកាន់តែខ្លាំង រហូតក្លាយជាសង្សារ។ កញ្ញាស្រស់ស្អាតនោះឈ្មោះ ថាវីកា នាងជាកូនស្រីលោកមេភូមិសាមញ្ញក្នុងភូមិនេះ។

    ថ្លែងពីភក្ត្រាវិញ, គាត់នៅតែគ្មានគូរដដែល។ តែមិនយូរទេ, មានស្រីស្អាតម្នាក់ចូលមកក្នុងហាងរបស់គាត់ ហើយបានស្នើឱ្យផ្ដឹតរូបថតនាងជាច្រើន។ ភក្ត្រាផ្ដឹតរូប selfie ស្រស់ប្រឹមប្រិយរបស់ស្រីស្រស់ហើយគិតតម្លៃទាបបំផុត។ ពេលកញ្ញាស្រស់នោះចេញទៅវិញ, ភក្ត្រាបានបើកមើលរូបយ៉ាងមានមន្តស្នេហ៍របស់នាងក្រមុំដែលខ្លួនបានលួចចម្លងរូបទុកក្នុងកុំព្យូទ័រអំបាញ់ម៉ិញនេះ។ ការព្យាយាមពិតជាបានសម្រេច, ទីបំផុត ភក្ត្រាបានស្គាល់លេខទូរស័ព្ទស្រីស្រស់នោះ ហើយស្គាល់ឈ្មោះនាងទៀតផង នាងឈ្មោះឍឋាក់ លីសា។ លីសារួសរាយរាក់ទាក់ខ្លាំងណាស់ ព្រោះនាងក៏ចាប់ផ្ដើមមានចិត្តស្រឡាញ់កម្លោះភក្ត្រាបន្តិចដែរ។

    ល្ងាចមួយក្រោយពីបិទតូប និងរៀបចំការងារហើយ, ភក្ត្រាក៏ទូរស័ព្ទទៅលីសា។

    ភក្ត្រា : ឡូៗៗ!!!ឮអត់ព្រះនាងតូច?

    លីសា : ចាៗៗ ឮហើយកញ្ជះដាច់ថ្លៃ!

    ភក្ត្រា : ហៅគេសុទ្ធតែកញ្ជះ តិចគេទៅបម្រើដល់ផ្ទះមែន ហ៊ានប្រើអត់?

    លីសា : អត់ខ្លាចទេលោកប្រុស

    ភក្ត្រា : បងអត់ចង់ធ្វើអ្នកបម្រើអូនទេ បងចង់ធ្វើអង្គរក្សការពារបេះដូងអូន ម៉េចដែរ ចាប់អារម្មណ៍អត់?

    លីសា : ហ៊ឹម...អត់ខ្វល់ សំខាន់អូនស្អាត!!!

    ភក្ត្រា : បងចង់ចូលដណ្ដឹងអូនឆាប់ៗ...

    លីសា : ចា ឆាប់បន្តិចមក ចង់ប្រាប់ថាខ្ញុំអត់ចាំទេ នរណាចូលមុន ឱ្យគេមុនហើយ!

    ភក្ត្រា : ចាំបងទៅ ជិតក្លាយជាសេដ្ឋីហើយ...

    លីសា : អ៊ែក...កុំសម្ដីបានពេកជៀសវៀងគេក្អួត!

    ភក្ត្រា : បងសួររឿងមួយបានទេ?

    លីសា : បាន, រឿងអីទៅ?

    ភក្ត្រា : ...

    លីសា : រឿងអីលោក????

    ភក្ត្រា : អូនស្រលាញ់បងទេ?

    លីសា : មហាសែនស្អប់។

    លីសានិយាយលេង ហើយភក្ត្រាក៏សើច។

    ភក្ត្រា : បងដឹងចម្លើយពិតស្រាប់ទៅហើយ

    លីសា : បើដឹងហើយនៅសួរទៀត ប៉ិនេះ!!។ 

    រំពេជនោះ, ភក្ត្រាបានឮសំឡេងម្ដាយលីសាស្រែកហៅនាងពីក្រៅបន្ទប់ “លីសា!!! និយាយជាមួយនរណាគេ?ដេកទៅយប់ហើយ។”

    លីសា : ចាម៉ាក់ កូនដេកឡូវហើយ។ បងត្រាហ្អា, អូនដេកហើយណា យប់ជំរាបសួរ

    ភក្ត្រា : បាទ យប់ជំរាបសួរអនាគតភរិយាបង។...

    បែរទៅមើលសុក្រិតក៏មិនអន់ដែរ នាយលែមខាយពាក្យពេជន៍សម្ដីវោហាវាចាស្នេហ៍ស្នងរហូតឆ្លងអធ្រាតងោកងុយរៀងខ្លួនទើបឈប់និយាយ។ គូស្នេហ៍ពីរគូរនេះ ក្រុមហ៊ុនទូរស័ព្ទចំនេញលុយមិនស្ទើទេ។ ហាហា^_^

    ---

    រាត្រីមួយទៀត, ភក្ត្រាបានលាបក្រមួនវេទមន្តនោះ, ព្រមទាំងបួងសួងសុំឱ្យគេបានរៀបការជាមួយនឹងលីសាឆាប់ៗ។ រាត្រីនោះ, ពេលគេដេកលង់លក់ទៅ, ភក្ត្រាក៏សុបិនឃើញលោកតាម្នាក់ដែលឱ្យក្រមួនស្នេហ៍ទៅគេកាលពីលើកមុន បង្ហាញខ្លួនឡើងព្រមទាំងនិយាយ, “អ្វីៗជាការសប្បាយបំភាន្តភ្នែក តែមិនបានគង់វង្សជាស្ថិតស្ថេរឡើយ លោភលន់ខ្លាំង ឈឺចាប់ខ្លាំង វាគង់តែរលាយដូចទឹកកកកាលថ្ងៃ...” ថាតែប៉ុណ្ណេះ តាកញ្ចាស់នោះក៏រលាយរូបកាយបាត់ មិនដឹងជាទៅពួននៅឯកន្លែងណា។

    ពេលភ្ញាក់ឡើង, ភក្ត្រាព្យាយាមគិតពីសុបិននិម្មិតនេះ តែគិតវែកញែកយ៉ាងណាក៏មិនយល់ ទើបនាយសម្រេចឈប់ខ្វល់ពីសុបិនឆ្កួតឡប់នោះទៀត។

    ភក្ត្រាបានចូលស្ដីដណ្ដឹងលីសាតាមប្រពៃណីដោយបានពឹងពាក់ឱ្យចាស់ទុំភូមិផងចូលទៅជាមួយផង។ អ្វីៗប្រៀបដូចជាក្ដីប្រាថ្នា, ម្ដាយឪពុកលីសាបានទទួលងក់ក្បាលព្រមដោយគ្មានរួញរា ហើយចាប់ផ្ដើមបង្គាប់ថ្លៃទឹកដោះ។ រឿងលុយកាក់វាមិនមែនជាបញ្ហាសម្រាប់ភក្ត្រាឡើយដូច្នេះពិធីមង្គលការមួយបានប្រព្រឹត្តទៅយ៉ាងអធឹកអធ័ម និងសប្បាយរីករាយលើសគេទាំងអស់។

    ក្រោយពីស្ងប់ភ្ញៀវភៅអស់មួយចំនួន, សុក្រឹតក៏និយាយលេងនឹងកញ្ញា, «តើកាលណាទើបដល់វេនយើងពីរនាក់ទៅអូនសម្លាញ់ក្ដិតសម្លាក?»

    «ប្រុសឈ្លើយ ចេញទៅ!» កញ្ញាហាក់ខឹងផងអៀនផងនឹងសម្ដីដ៏ព្រហ៊ើនរបស់កម្លោះសង្ហារសុក្រឹត តែសម្រាប់សុក្រឹតវិញបែរជាសើចតិចៗហើយឱនមកខ្សឹបដាក់ត្រចៀកស្រីស្រស់ថា, «ម៉េច? ចង់ការខ្លាំងណាស់មែនទេ?»

    «ចង់ខ្លះៗដែរ,» កញ្ញាតបទៅវិញទាំងញញឹមអៀនៗ សុក្រឹតលោរមកថើបថ្ពាល់ស្រីស្រស់យ៉ាងស្រទន់។ ស្របពេលនោះដែរ គូស្វាមីភរិយាមួយគូរនេះដើរមកដល់ល្មមក៏និយាយថា, «ជូនពរឆាប់ៗណាអ្នកទាំងពីរ។»

    ទោះជាបានរៀបការជាមួយភក្ត្រាហើយក៏ដោយ, លីសាមិនបានមកនៅហាងជាមួយភក្ត្រាឡើយ, នាងនៅផ្ទះប៉ាម៉ាក់នាងដដែល ដូច្នេះទើបភក្ត្រាត្រូវទៅនៅតាមនាង ហើយមិនសូវមកធ្វើការនៅហាងឡើយ ដោយរវល់តែស្នេហាជាមួយភរិយាថ្មីថ្មោង។ ការនេះធ្វើឱ្យសុក្រឹតមានអារម្មណ៍អន់ចិត្តមួយកម្រឹត ហើយចាប់ផ្ដើមគិតថា ភក្ត្រាកំពុងទុកគេជាកញ្ជះ, ទាំងដែលភក្ត្រាមិនបានគិតដូច្នេះសោះ។ បន្តិចម្ដងៗ ចិត្តស្អប់របស់សុក្រឹតទៅលើភក្ត្រាបានកើនឡើងរហូតឃើញមុខក៏តឹងទ្រូង។

    ថ្ងៃមួយ, ភក្ត្រាមកហាងធ្វើការ ឯសុក្រឹតមិនបាននិយាយរកភក្ត្រាសូម្បីតែមួយម៉ាត់។ ពេលនោះមានស្ត្រីម្នាក់ឈរបែរទៅផ្លូវនៅខាងមុខហាង ភក្ត្រាច្រលំស្មានតែជាភរិយារបស់ខ្លួនក៏ដើរទៅឱបពីក្រោយ ស្រាប់តែនាងងាកមកមិនមែនលីសាទេគឺកញ្ញា។ សុក្រឹតឃើញបែបនេះខឹងសម្បារយ៉ាងខ្លាំង នាយបានដើរទៅទះតប់វ៉ៃភក្ត្រាមួយទំហឹងដោយកំហឹងដែលទប់មកជាយូរផង បានធ្លាយមកក្នុងពេលនេះហើយ។ បុគ្គលិកទាំងឡាយឆ្លេឆ្លា។ ឯកញ្ញា, លុះឃើញបុរសជាសង្សារកំពុងសង្គ្រប់វាយគេដូច្នេះ មិនដឹងធ្វើយ៉ាងម៉េចនឹងឃាត់បាន ក៏រត់ទៅហៅប៉ូលីសនៅប៉ុស្តិ៍ក្បែរនេះ។ ប៉ូលីសបានចូលមកឃាត់ភ្លាមៗ ដោយឃើញភក្ត្រារបួសខ្លាំង, ប៉ូលីសក៏សម្រេចវាយខ្នោះសុក្រឹតហើយចាប់ទៅឃុំនៅប៉ុស្តិ៍។ ក្រោយការកាត់ក្ដី សុក្រឹតត្រូវជាប់គុកមួយឆ្នាំពីបទបង្ករបួសស្នាមដោយចេតនាធ្វើឱ្យកញ្ញាឈឺចាប់ជាខ្លាំង។

    ភក្ត្រាដេកសម្រាកយកកម្លាំងនៅផ្ទះពីរបួសដែលត្រូវមិត្តសម្លាញ់វាយយ៉ាងចាស់ដៃ។ មិនយូរប៉ុន្មាន, របួសទាំងឡាយក៏ជាសះស្បើយ ហើយនាយក៏បន្តការងារក្នុងហាងជាមួយបុគ្គលិកជាធម្មតា។ 

    រាត្រីមួយ, ភក្ត្រាយកក្រមួនមកលាបលើថ្ងាសហើយបួងសួងសុំកូនប្រុសមួយ។ នាយបានទិញផ្ទះវីឡាកូនកាត់មួយក្នុងភូមិនេះហើយរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយារបស់ខ្លួន។ មិនយូរប៉ុន្មាន, ភរិយានោះក៏មានទម្ងន់ហើយសម្រាលបានកូនប្រុសមួយដូចការសុំមែន។ តែអ្វីដែលគួរឱ្យស្ដាយ និងតក់ស្លុតបំផុតនោះ, ដោយសារតែការឈឺចាប់ បូករួមនឹងធ្លាក់ឈាមច្រើនពេកពេលសម្រាលកូន ធ្វើឱ្យលីសាស្លាប់ចោលកូន និងប្ដីទៅ។ ភក្ត្រាយំបោកខ្លួនដោយក្ដីសោកសៅ មនុស្សស្រីដែលខ្លួនកំពុងស្រឡាញ់ពេលនេះបានទៅចោលគាត់ និងកូនប្រុសហើយ, គ្មានថ្ងៃវិលវិញ។

    ភក្ត្រាត្រូវមើលថែកូនតូចរហូតដល់កូនមានអាយុ៥ខែ។ រាត្រីមួយ, ភក្ត្រាទុកកូនចោលនៅមាត់អាង ហើយនាយក៏ហែលទឹកអាងលេងឱ្យត្រជាក់ខ្លួន។ បន្ទាប់ពីរួចរាល់ហើយ, ភក្ត្រាក៏ដកឆ្នុងបាតអាង រួចដើរទៅបើកម៉ាស៊ីនបូមទឹកចេញពីអាង។ ពេលងាកមកវិញ ស្រាប់តែបាត់មិនឃើញកូនប្រុស ភក្ត្រាភ័យស្លន់ស្លោជាខ្លាំងហើយខំប្រឹងរកមើលឃើញកូនខ្លួនកំពុងនៅក្នុងទឹក ហើយនៅបាតអាង ភក្ត្រាលោតចូលទៅមុជទៅយកកូនមកវិញ តែអ្វីដែលពិបាកនោះគឺកូនបានជាប់ជើងក្នុងរន្ធបង្ហូរទឹក ទាញមិនរួចឡើយព្រោះកម្លាំងបឺតខ្លាំងពេក។ ភក្ត្រាព្យាយាមទាញជើងកូនប្រុសដោយប្រុងប្រយ័ត្ន តែវាជាការឥតប្រយោជន៍ទេ ព្រោះកម្លាំងបឺតបានបឺតយកជើងទារកកប់ដល់គ្រលៀនហើយដោយអត់ដង្ហើមក្នុងទឹកយូរពេកកូននោះក៏ឈ្លក់ទឹកដាច់ខ្យល់ស្លាប់ទៅ។ ភក្ត្រាស្រែកយំមិនអាចជួយកូនបាន។

    ក្រោយពីពិធីបុណ្យសពកូនបញ្ចប់ទៅ, ភក្ត្រាមិនបានទៅហាងឡើយ នាយទុកហាងឱ្យបុគ្គលិកធ្វើការធម្មតា ឯខ្លួនឯងបានសម្រាកនៅផ្ទះព្រោះចង់រំសាយទុក្ខបាត់បង់កូនជាទីស្រឡាញ់ទៅហើយ។ ដោយការធ្វេសប្រហែសនៃបុគ្គលិក, ធ្វើឱ្យផ្ទុះសេខ្សែភ្លើងបង្កជាភ្លើងឆេះលេបត្របាកហាងទាំងមូលក្លាយជាផេះផង់ខ្ទេចគ្មានសល់។ ដោយការចាយវាយបន្តិចម្ដងៗ, ហើយគ្មានហាងធ្វើការផង ភក្ត្រាក៏ធ្លាក់ខ្លួនក្រហើយត្រូវលក់វីឡានេះ។ ទីបំផុត, ភក្ត្រាត្រូវមកធ្វើការដូចពីមុននៅតូបចាស់ដ៏តូចរបស់គាត់។ អ្វីៗត្រូវខ្ទេចខ្ទីអស់ ហើយគ្រប់យ៉ាងគឺដូចពីមុន តែការឈឺចាប់ និងសោកស្ដាយ នៅតែរន្ទាលពេញបេះដូងគាត់។ ភក្ត្រាអង្គុយសញ្ចឹងគិតម្នាក់ឯង ព្រមទាំងយកក្រឡក្រមួនស្នេហ៍នោះគប់ចោលទៅថ្នល់មុខ ហើយគ្មានគម្រោងថានឹងរើសយកវាមកប្រើវិញឡើយ៕

    ចប់

    សូមរង់ចាំអានរឿង ជាងគំនូរពិការភ្នែក នៅរាត្រីម៉ោង៨ស្អែកនេះ!

    ជាងគំនូរពិការភ្នែក 
    ដាក់ស្នេហ៍ ដាក់ស្នេហ៍ Reviewed by Unknown on 8:00 PM Rating: 5
    Loading...
    Powered by Blogger.