>
  • ទំព័រដើម
  • បំណុលជីវិត


    រាត្រីងងឹតដ៏គួរឱ្យព្រឺឆ្អឹងខ្នង ស្រាប់តែសោតានៃវិចារណញាណប៉ះជាមួយនឹងសំលេងម៉្យាង។

    «ណរី...ណរី ណរី គេងទៅកូនម្ដាយ...គេងឱ្យលក់...គ្មាននរណាសម្លាប់យើងទៀតទេ...»
     
    សំលេងស្ត្រីជាប់បន្ទប់បំពេរកូនរំខានដល់ត្រចៀកខ្ញុំយ៉ាងខ្លាំង។ ខ្ញុំមិនយល់ថានេះជាបទបំពេរបែបស្អីទេព្រោះតាំងពីកើតមកមិនដែលឮសោះ។ ទំនុកនៃការបំពេរនេះស្ដាប់យូរៗទៅព្រឺសម្បុរខ្លាំងណាស់។ នេះជាថ្ងៃដំបូងដែលខ្ញុំប្ដូរមកនៅផ្ទះល្វែងជួលនេះ សង្ឃឹមថារឿងអតីតកាលដែលអាក្រក់វាបញ្ចប់នៅក្នុងផ្ទះចាស់នោះចុះ។ ទោះយ៉ាងណាក៏មិនអាចឱ្យរូបភាពនៃសាកសព ស្នាមឈាម ភាពឈឺចាប់ ឃាតករោគចិត្ត រូបភាពនៃសេចក្ដីស្លាប់ឱ្យវារលាយបាត់ឱ្យអស់ពីការចងចាំបានឡើយ។ ជារឿយៗប្ដីថ្មីរបស់ខ្ញុំលួងលោមឱ្យខ្ញុំភ្លេចពីរឿងអភមង្គលទាំងហ្នឹងហើយចាប់ផ្ដើមជាមួយជីវិតថ្មីដ៏ត្រកាល តែដរាបណាបើខ្ញុំឃើញផ្ទះនេះ ខ្ញុំនៅតែនឹករឿងរ៉ាវទាំងនោះ។ ដើម្បីខ្ញុំគាត់សុខចិត្តប្ដូរមកនៅផ្ទះជួលនេះវិញ ហើយសន្យានឹងធ្វើផ្ទះថ្មីពេលសន្សំលុយបានច្រើន។ ខ្ញុំដឹងថាកម្មពៀរវាមិនចាំជាតិក្រោយទេ អ្វីដែលប្ដីខ្ញុំបានធ្វើវានឹងតបមកវិញនូវអំពើឃោរឃៅទាំងនោះ។ កាលហ្នឹងខ្ញុំមានផ្ទៃពោះ៨ខែ ពួកយើងទាំងពីរនាក់ប្ដីប្រពន្ធបានចូលរួមពិធីការមួយនៅឯទីក្រុងឆ្ងាយពីផ្ទះ។ ផ្លូវត្រលប់ទៅផ្ទះវិញងងឹត និងស្ងាត់ដូច្នេះស្វាមីខ្ញុំបើកយ៉ាងលឿនដើម្បីឱ្យឆាប់ទៅដល់ផ្ទះ។ ទិដ្ឋភាពតាមផ្លូវគ្មានអីក្រៅពីភាពងងឹត និងស្មៅស៊ុបទ្រុបដុះជុំជិត។ 

    ពេលនោះហើយដែលយើងឃើញស្រមោលសស្ទុងៗដើរពីចម្ងាយហើយល្បឿនដ៏លឿនរបស់រថយន្ត បណ្ដាលឱ្យប្ដីខ្ញុំបុកស្រមោលនោះមួយទំហឹង។ ខ្ញុំស្ទើរតែមិនជឿថាផ្លូវស្ងាត់បែបនេះមានមនុស្សដើរដែរ។ ពួកយើងភ័យតក់ស្លុតយ៉ាងខ្លាំងព្រោះនេះជាលើកទីមួយហើយដែលបើកបុកមនុស្ស។ ខ្ញុំប្រញ៉ាប់ចុះពីរថយន្តហើយឃើញស្ត្រីម្នាក់ និងកូនតូចមួយនៅក្រោមរថយន្តប្រកាច់តឹកៗ។ 

    នាងវីដៃធ្វើសញ្ញាសុំជំនួយតែប្ដីខ្ញុំបានហៅខ្ញុំឲ្យឡើងរថយន្តវិញឱ្យលឿន ហើយគាត់ជាន់ហ្គែរទៅមុខថយក្រោយៗដើម្បីសម្លាប់ស្ត្រីនេះ និងកូន។ គាត់ធ្វើបែបនេះដើម្បីកុំឱ្យស្ត្រីនេះមានជីវិតនាំប្ដឹងប្ដល់រឿងឆ្ងាយ ឬបើប៉ូលីសចាប់អ្នកបុកគាត់បានក៏សងលុយជំងឺចិត្តតែបន្តិចបន្តួចក៏រួចស្រឡះ មិនពិបាករ៉ាប់រងមើលជំងឺជនរងគ្រោះទាំងពីរ។ ប្រាកដថាពីរនាក់ម៉ែកូននេះស្លាប់ហើយ គាត់ក៏ជិះមកផ្ទះដោយពាំនាំបទពិសោធន៍ព្រៃផ្សៃមកជាមួយ។ ទោះយ៉ាងណាក៏គាត់មិនគួរធ្វើបែបនេះដែរ ដែលនេះបើអំពើនេះធ្លាក់មកលើគាត់វិញតើគាត់អាចទទួលយកបានទេ? មកដល់ផ្ទះគាត់ប្រញ៉ាប់លាងកង់រថយន្ដដែលប្រឡាក់ឈាមឱ្យជ្រះដើម្បីបំបាត់ដានទាំងអស់។
     
    «បងធ្វើបែបនេះទៅរួច តើបងមានបេះដូងទេ? កូនគេកូនយើងប្រពន្ធគេប្រពន្ធយើងហេតុអីក៏បងព្រៃផ្សៃបែបនេះ?» ខ្ញុំស្រែកសួរទាំងទឹកភ្នែកដោយមិនខ្លាចមានអ្នកឮ ព្រោះផ្ទះនៅដាច់ឆ្ងាយពីគេឯងគ្មានអ្វីគួរឱ្យសង្ស័យទេ។ ខ្ញុំមានអារម្មណ៍ខ្លោចចិត្តដូចគេដុត។
     
    «បើមិនធ្វើបែបនេះត្រូវរ៉ាប់រងចិញ្ចឹមជំងឺស្ត្រីនោះណា ហើយនៅមានក្មេងនោះទៀត អូនកុំទាន់បន្ទោសបង មកជួយលាងគ្នា»។
     
    ទង្វើរបស់គាត់ធ្វើឱ្យខ្ញុំតក់ស្លុត និងអន់ចិត្តយ៉ាងខ្លាំង។ ខ្ញុំមិនចង់មានកម្មពៀរស្អីទាំងអស់សុំឱ្យតែសុខទាំងអស់គ្នា។ ទោះជាទីនោះជាកន្លែងស្ងាត់ គ្មានអ្នកឃើញក៏ប្ដីខ្ញុំមិនអាចរួចពីសំណាញ់ច្បាប់ឡើយ ថ្ងៃណាមួយ។ ខ្ញុំគិតតែម្នាក់ឯង។ ពេលខ្លះមានអារម្មណ៍អាត្មានិយមយ៉ាងខ្លាំងតាំងពីកើតមកខ្ញុំមិនដែលសាងអំពើបាប មិនដែលសម្លាប់សត្វ កុំថាឡើយតែសម្លាប់មនុស្ស។ ថ្ងៃមួយពេលប្ដីខ្ញុំទៅធ្វើការបាត់ មានគ្រូទាយម្នាក់ដើរកាត់មុខផ្ទះខ្ញុំ។ គាត់បានឈៀងចូលដើម្បីសុំទឹកពិសារ។ ឆ្លៀតឱកាសល្អខ្ញុំបានសួរគាត់ពីជោគជតាខ្ញុំ ស្វាមីខ្ញុំ និងកូនប្រុសខ្ញុំដែលនឹងសម្រាលឆាប់ៗនេះ។
     
    «លោកអ៊ុំ! រឿងបុណ្យបាបពិតជាមានមែនឬ?ខ្ញុំចែកមិនដាច់ស្រេចសោះ។» ខ្ញុំចោតសួរទៅបុរសព្រាហ្មសាសន៍នេះ ហើយគាត់តម្អក់បន្តិចទើបឆ្លើយ៖
     
    «បញ្ហាបុណ្យបាបនេះពិតជាមាន ដោយពេលខ្លះឆ្លងទៅជាតិថ្មី ពេលខ្លះទាន់ហន់ឃើញនឹងភ្នែកមិនចាំជាតិក្រោយឡើយ។ បើនិយាយពីសង្គមជាក់ស្ដែង លួចឆក់គេពេលគេចាប់បានត្រូវគេវ៉ៃដាក់ខ្នោះដេកក្នុងទ្រុង។ អ្នកខ្លះដែលសម្លាប់គេទុកតែជាប៉ូលីសមិនអាចស្វែងរកចាប់បានក៏ថ្ងៃណាមួយជនដែលជននោះសម្លាប់នឹងតាមសងសឹកវិញមិនខាន ហើយទោះតែបុគ្គលនោះមិនសងសឹកផ្ទាល់ ក៏អន្ទោលឱ្យអ្នកផ្សេងដែលមិនដឹងអីមកសងសឹកជំនួសបង្កើនកម្មពៀរតគ្នាមិនចេះចប់» និយាយដល់ត្រឹមនេះគាត់ងាកសម្លឹងថ្លែរមុខខ្ញុំធ្វើឱ្យខ្ញុំរន្ធត់យ៉ាងខ្លាំង។ គាត់ពន្យល់រឿងបុណ្យបាបប្រាប់ខ្ញុំយ៉ាងក្បោះក្បាយបែកអូរហូរស្ទឹងដរាបដល់ល្ងាចទើបគាត់លាទៅវិញ។ ពេលនោះឯងដែលខ្ញុំជឿជាក់លើរឿងបុណ្យរឿងបាប។ ប្រហែលស្ត្រីនោះមានបាបហើយមើលទៅទើបត្រូវទទួលទោសដោយការជិះបុកដោយអចេតនារបស់ប្ដីខ្ញុំ។ គិតទៅពិតជាស្មុកពិបាកយល់មែនទែន។
     
    -----------------------------
     
    ប្ដីខ្ញុំបានជូនខ្ញុំមកមណ្ឌលសុខភាពតាមការណាត់របស់ពេទ្យ។ ក្រោយពីចេញពីមណ្ឌល គាត់ប្រាប់ឱ្យខ្ញុំអង្គុយចាំក្នុងឡាន រីឯគាត់ដើរតម្រង់ទៅទិញដូងដែលតូបលក់ជាប់ផ្លូវ។ តាមរយៈកញ្ចក់រថយន្តខ្ញុំឃើញប្ដីខ្ញុំដើរទៅតូបមួយស្រាប់តែមានរថយន្តទំនើបមួយបើកដូចហោះបុកជាន់គាត់ឱ្យស្លាប់ភ្លាមៗនឹងកន្លែង។ ខ្ញុំស្រែកទ្រហ៊ោយំអស់ជាច្រើនថ្ងៃទម្រាំកាត់ចិត្តពីខ្មោចប្ដីខ្ញុំបានគឺបេះដូងវាបានគ្រាំគ្រាអស់ទៅហើយ។ ជនល្មើសដែលបុកប្ដីខ្ញុំជាមន្ត្រីធំបើកបរដោយមានជាតិស្រវឹងក្នុងខ្លួន។ ខ្ញុំយល់អារម្មណ៍ថាប្ដីខ្ញុំស្លាប់ខ្ញុំឈឺចាប់ប៉ុណ្ណេះ ចុះទម្រាំតែប្ដីស្ត្រីរងគ្រោះដែលប្ដីខ្ញុំបើកឡានជាន់នោះ គ្នាឈឺចាប់ប៉ុណ្ណា , បាត់បង់ទាំងកូនបាត់បង់ទាំងភរិយា។ កម្មផលដែលប្ដីខ្ញុំបានធ្វើឱ្យវាបញ្ចប់តែត្រឹមស្លាប់ទៅចុះ កុំឱ្យមានដល់ខ្ញុំ។ តែអ្វីដែលរំពឹងវាមិនដូចការជាក់ស្ដែងឯណា។
     
    -----------------------------
     
    នៅពេលដែលផ្ទៃពោះជិតគ្រប់ខែ ម្ដាយ និងប្អូនស្រីខ្ញុំបានមកនៅផ្ទះនេះជាមួយ គ្រាន់បានជាគ្នាព្រោះស្ត្រីគ្រប់ខែនៅម្នាក់ឯងបានយ៉ាងម៉េចទៅ?
     
    មិនយូរប៉ុន្មាន ពោះខ្ញុំចាប់ផ្ដើមឈឺពើតរហូតដល់ថ្នាក់ឱ្យម្ដាយខ្ញុំទូរស័ព្ទហៅតាក់ស៊ីឱ្យមកដឹកយកទៅមន្ទីរពេទ្យ។ ប្អូនខ្ញុំឆ្លេឆ្លាដោយក្ដីបារម្ភព្រោះនេះជាលើកទីមួយរបស់ខ្ញុំ។
     
    មកដល់មន្ទីរពេទ្យស្ងាត់ឈឹងព្រោះម៉ោងក៏យប់ជ្រៅទៅហើយ។ ទម្រាំតែរកបានឆ្មបម្នាក់ធ្វើឱ្យខ្ញុំត្រូវចាំអស់មួយសន្ទុះធំ។ សេវាកម្មនៃពេទ្យនេះពិតជាគួរឱ្យធុញទ្រាន់មែន តែខ្ញុំគ្មានអារម្មណ៍នឹងវែកញែករឿងនេះទេ ព្រោះឈឺពោះពេក។ ពេទ្យឆ្មបស្រីនោះក៏ប្រញ៉ាប់រកបានប្រង់ការយកមកឱ្យខ្ញុំដេក រួចគាត់ក៏រុញយ៉ាងលឿនសំដៅទៅខាងក្នុង។ នៅកំឡុងពេលគេកំពុងតែរុញនោះខ្ញុំបានឃើញសពជាច្រើនដាក់ក្នុងបន្ទប់មួយ រំពេចនោះពេទ្យក៏រុញខ្ញុំចូលបន្ទប់មួយជាបន្ទប់ងងឹតព្រោះមិនបានបើកភ្លើង។ ម៉ែ និងប្អូនស្រីត្រូវចាំនៅខាងក្រៅសិន។ វានៅតែស្ថិតក្នុងសភាពស្ងាត់ឈឹងដដែល។ ក្នុងបន្ទប់បិទជិតឈឹង ដែលអ្នកខាងក្រៅមិនអាចមើលឃើញមកក្នុងបានឡើយ។ ចង្អុលដៃរបស់ពេទ្យស្រីចុចបើកភ្លើង និងកង្ហារ ហើយគាត់ក៏ត្រូវស្រឡាំងកាំងនៅពេលដែលឃើញបុរសម្នាក់ឈរពីក្រោយប្រង់ការក្បែរខ្ញុំ។
    «អាដឿន! នេះឯងមកសំងំទីនេះពីអង្កាល់ ទីនេះជាកន្លែងឆ្លងទន្លេ ទៅ...ទៅបន្ទប់ផ្លូវចិត្តវិញ ។ ម៉ស់ ! អ្នកគ្រូនាំទៅវិញ»។ ភ្នែកទាំងគូររបស់អ្នកជំងឺផ្លូវចិត្តម្នាក់នេះបើកក្រឡោតសម្លឹងពោះកំប៉ោងរបស់ខ្ញុំបន្តិច រួចសម្លក់ទៅមុខពេទ្យស្រី។ ដៃរបស់វាទាញកន្ត្រៃកាត់ទងផ្ចិតក្បែរនោះ ហើយចាក់ទៅលើថ្ងាសពេទ្យឆ្មបធ្លុះបាញ់ឈាមហូរវូ។
     
    «អា...ដឿ..ន... ឯងចង់...សម្លាប់...អញ»
     
    អ្នកគ្រូពេទ្យនិយាយទាំងឈឺចាប់ ព្រមទាំងប្រុងបើកទ្វារចេញ តែទង្វើនេះត្រូវបានបង្អាក់ដោយវា ចាប់សក់គាត់ជាប់មិនលែង។ ហើយអ្នកគ្រូព្យាយាមប្រវាយប្រតប់ តែត្រូវវាតបវិញដោយយកម្ជុលមួយនៅក្បែរនោះ ចាក់ទៅលើដៃពេទ្យ ។ មិនដឹងជាវាចាក់ថ្នាំអ្វីទេទើបបណ្ដាលឱ្យអ្នកគ្រូដួលគ្រាំង។ វាស្ទុះទៅចាក់សោរទ្វារហើយយកកន្ត្រៃនោះចាក់ទៅលើសិរីរាង្គសំខាន់ៗរបស់អ្នកគ្រូពេទ្យឆ្មប។ វាយកកន្ត្រៃ និងឡាមវះករបស់អ្នកគ្រូពេទ្យបណ្ដាលឱ្យរយះចេញឈាមជោគឥដ្ឋ។ គាត់លែងកម្រើកដែលអាចសន្មត់បានថាគាត់បានដាច់ខ្យល់ស្លាប់ហើយ។ ខ្ញុំនៅស្ងៀមមិនហ៊ានកម្រើក តែកូនក្នុងផ្ទៃហាក់ចង់ចេញមកវ៉ៃតទល់ជាមួយមនុស្សឆ្កួតនេះហើយមើលទៅទើបបានវាធ្វើទុក្ខម្ដាយវាយ៉ាងនេះ។
    ខ្ញុំទ្រាំមិនបាន បញ្ចេញសំឡេង “អូយ” ស្របពេលឃាតកឆ្គួតឡប់ ងាកយ៉ាងលឿនហើយដើរមកជិតខ្ញុំ។ ខ្ញុំស្រែកខ្លាំងៗដែលសង្ឃឹមថាអ្នកខាងក្រៅនឹងមកជួយ តែឥតប្រយោជន៍ , ពួកគេមិនបានឮសំឡេងអ្វីបន្តិចពីក្នុងបន្ទប់បិទជិតនេះឡើយ។ ឃាតករមើលមុខខ្ញុំ ហើយឈ្ងោកមកជិតរួចនិយាយតិចៗក្បែរត្រចៀក :
     
    «មិនអីទេ !ចាំខ្ញុំជួយបង្កើតឱ្យណា»
     
    ឃ្លានេះ វាធ្វើឱ្យខ្ញុំស្លុតព្រលឹងយ៉ាងខ្លាំង ខ្ញុំមិនអាចធ្វើអ្វីបានឡើយ ហើយកម្លាំងក៏ខ្សោយទៅៗរហូតដល់និយាយលែងឮ ។
    ឃាតកដោះសម្លៀកបំពាក់ ម៉ាសនិងស្រោមដៃពីពេទ្យហើយពាក់ខ្លួនវា។ វាធ្វើដូចវេជ្ជបណ្ឌិតឫឆ្មបអ៊ីចឹង។ ខ្ញុំព្យាយាមអង្វរវា ទោះជាសំឡេងទាំងនេះវាឮតែក្នុងខួរក្បាលខ្លួនឯងក៏ដោយ។អ្នកជំងឺផ្លូវចិត្តដើរមកជិតរាងកាយពោះកំប៉ោងដែលមានចលនារវើកៗ ពីកម្លាំងទារកដែលនឹងកើតនាបន្តិចទៀតនេះ។
     
    «ឈឺយូរបែបនេះ មានតែវះកាត់ហើយទើបបាន»
    និយាយរួច វាយកកាំបិតវះកាត់(ឡាម)មកវះឆៅៗពីលើស្បែកពោះខ្ញុំ។ ខ្ញុំឃើញឈាមស្រស់ៗចេញពីពោះរបស់ខ្លួនឯង។

    «កុំអី ៗៗជួយ...ផ...ង...» ខ្ញុំព្យាយាមសុំអង្វរដោយក្ដីឈឺចាប់។

    «ឈប់សិន !ឯងធ្វើអីនឹង»

    «អាមនុស្សឆ្កួត ឈប់ភ្លាម»

    មនុស្សមួយចំនួនបានគាស់ទ្វារចូលមកបាន។ ពេទ្យម្នាក់បានស្ទុះមកចាប់ឃាតកររោគចិត្ត។ វាជាពន្លឺនៃក្ដីសង្ឃឹមរបស់ខ្ញុំ ។

    «អស់អីហើយ កូន...ហើយយ៉ាងម៉េចយ៉ាងម៉ាហើយ?»

    ឈឺនឹងរបួសដែលវាវះផង ឈឺនឹងកូនក្នុងផ្ទៃផងបណ្ដាលឱ្យកម្លាំងកាន់តែខ្សោយទៅៗហើយក៏សន្លប់ឈឹង។
     
    ប្រហែលជាសន្លប់យូរហើយមើលទៅទើបងើបមកឃើញថ្ងៃជិតលិចវិញហើយ។

    «ភ្ញាក់ហើយហ្អីកូន?»

    ម៉ែសួរដោយក្ដីព្រួយបារម្ភ។ ខ្ញុំសួរគាត់បកវិញដោយសម្ដីខ្សាវៗស្ទើស្ដាប់មិនបាន៖

    «កូនខ្ញុំយ៉ាងណាហើយ?»

    «កូនប្រុសឯងមិនអីទេ សុខភាពល្អណាស់ ភ័យតែឯងទៅវិញទេ។»

    «ខ្ញុំឯនេះមិនអីខ្ញុំ ! ឮតែកូនផុតទុក្ខខ្ញុំនេះក៏បានធូរដែរ។»
     
    ----------------------
     
    អភមង្គលភាពនៃអតីតកាលទាំងនេះនៅតែព្យាយាមញាំញីរជីវិតខ្ញុំរហូត។ វេលាស្ងាត់មួយ ខ្ញុំដាក់ផ្ដេកកូនក្នុងអង្រឹង បំពេរឱ្យដេកលក់រួចចុះទៅក្រោម។ ម៉ែ និងប្អូនស្រីមិនទាន់សម្រាកនៅឡើយ អ្នកទាំងពីរកំពុងអង្គុយនិយាយគ្នាពីនេះពីនោះ។ ខណៈដែលខ្ញុំដើរសំដៅទៅគាត់ម៉ែងាកមកខ្ញុំហើយសួរ៖

    «ឯណាកូនឯងដេកហើយនៅ?ដាក់មុងដាក់អីឱ្យស្រួលបួលណា មូសធំៗណាស់»។

    «ចាសវាគេងហើយ! ទំរាំនឹងគេងវារករឿងម៉ាក់វាចង់វិលមុខទៅហើយ» ឃើញម៉ែមិនតបខ្ញុំក៏បន្ថែម : 

    «ស្អែកនេះខ្ញុំត្រូវទៅធ្វើការហើយ ប្រហែលពឹងម៉ែមើលចៅហើយមើលទៅ»

    «បង ខ្ញុំមិនចង់ឱ្យបងទៅធ្វើការតាមផ្លូវហ្នឹងទេ ខ្ញុំអានិតបងណាស់» ប្អូនស្រីខ្ញុំវាតែងរារាំងនូវគំនិតដែលខ្ញុំចង់ចូលធ្វើការ។ ម៉ែដកដង្ហើមធំហើយពោល៖

    «ម៉ែថាឯងគួរយកប្ដីទៅ ព្រោះជិតដល់ខែធ្វើស្រែហើយម៉ែគ្មានពេលនៅជាមួយឯងទេណាកូន» ម៉ែតែងនិយាយបែបនេះជារឿយៗ។ គំនិតគាត់ល្អទេ គាត់មិនចង់ឱ្យខ្ញុំមានឈ្មោះជាស្រីមេម៉ាយឡើយ ហើយណាមួយគាត់មិនចង់ឱ្យចៅប្រុសគាត់កើតមកគ្មានប៉ាហៅនឹងគេ។ គាត់មិនចង់ឱ្យខ្ញុំទៅស៊ីឈ្នួលបោសសំរាមតាមចិញ្ចើមថ្នល់ដើម្បីចិញ្ចឹមជីវិតទៀតឡើយ ព្រោះអត់ពីប្ដីទៅ ចំនូលទាំងប៉ុន្មានក៏គ្មាន ចាំបាច់ត្រូវខ្ញុំនេះឯងជាអ្នករក។ មួយសប្តាហ៍ក្រោយមក ម្ដាយនិងប្អូនស្រីខ្ញុំក៏ត្រលប់ទៅស្រុកវិញ ទុកឱ្យខ្ញុំនៅតែម្នាក់ឯង និងកូនង៉ាទើបនឹងកើតបានពីរខែ។
     
    មានកំលោះចាស់អាយុ៣៥ឆ្នាំម្នាក់មកសួរចិត្តសួរថ្លើមខ្ញុំ។ គាត់អានិតខ្ញុំ ឃើញខ្ញុំនៅម្នាក់ឯង ចិញ្ចឹមកូនខ្ចីបែបនេះ ចង់រ៉ាប់រងគ្រួសារនេះ។ ខ្ញុំមើលឃើញគាត់ជាបុរសកំព្រាឪពុកម្ដាយ តែប្រឹងប្រែងតស៊ូធ្វើការ ទុកតែគ្មានឡានជិះគ្មានលុយច្រើនដូចគេតែខ្ញុំក៏មិនដែលប្រកាន់រឿងនេះដែរ។
     
    សុភមង្គលនៃគ្រួសារសាមញ្ញធម្មតានេះបានចាប់ផ្ដើមឡើង រហូតពេលនេះកូនខ្ញុំមានអាយុ២ឆ្នាំហើយ។ ក្នុងនាមជាស្ត្រីមេផ្ទះមើលថែរកូន ខ្ញុំបានបំពេញតួនាទីជាភរិយាល្អ ម្ដាយល្អម្នាក់ហើយព្យាយាមលាក់បាំងអាតីតកាលដ៏អាក្រក់។ តែទោះជាលាក់យ៉ាងណាក៏មិនជិត ទីបំផុតខ្ញុំប្រាប់គាត់ទាំងអស់ពីរឿងដែលប្ដីចាស់ធ្លាប់បុកសម្លាប់ស្ត្រីបន្ដើរកូន ប្រាប់ពីបាបកម្មដែលប្ដីខ្ញុំទទួល ប្រាប់ពីរឿងអាក្រក់នៅមន្ទីរពេទ្យដោយសង្ឃឹមថាគាត់អាចជួយរំសាយកង្វល់ដែលមានក្នុងខួរក្បាលខ្ញុំខ្លះ។ ខ្ញុំប្រាប់ថាមិនចង់នៅផ្ទះនេះព្រោះឃើញផ្ទះនេះកាលណា តែងនឹកដល់រឿងចាស់ដែលអបលក្ខណ៍មិនងាយអន្ដរធានទៅណាសោះ។ គាត់យល់ព្រមប្ដូរឱ្យមកនៅផ្ទះជួលមួយកន្លែងនៅក្នុងក្រុង ហើយក៏ជាការងាយស្រួលដល់គាត់ មិនពិបាកធ្វើដំនើរឆ្ងាយដើម្បីទៅធ្វើការដូចនៅផ្ទះចាស់ទេ។ គាត់ធានាធ្វើជាឪពុកបង្កើតយ៉ាងស្របច្បាប់របស់កូនប្រុសខ្ញុំទោះបីមិនមែនជាកូនគាត់បង្កើតក៏ដោយ។ ខ្ញុំឃើញគាត់បីបមថ្នាក់ថ្នមប្រឡែង “លេងហាក់” កូនប្រុសខ្ញុំដោយក្ដីស្ម័គ្រស្មោះ និងស្រលាញ់អស់ពីចិត្ត។
     
    ថ្ងៃដំបូងដែលយើងប្ដូរមកនៅផ្ទះជួលនេះ ម្នាក់ៗមើលមកពួកយើងហាក់ដូចជាចង់ប្រាប់អាថ៌កំបាំងអ្វីម្យ៉ាងដែលមានក្នុងល្វែងនេះ។ ប្ដីខ្ញុំលាទៅធ្វើការ បន្ទាប់ពីបង់លុយជាមុនដល់ម្ចាស់ផ្ទះរួចហើយ។
     
    «ខ្ញុំទៅធ្វើការសិនហើយណា ឯងនៅផ្ទះមើលថែកូនឱ្យបានល្អ។ ហាក់កូន! ប៉ាទៅធ្វើការហើយ»

    «ប៉ាយៗ ប៉ាៗ»។
     
    គាត់តែងនិយាយផ្អែមល្ហែមបែបនេះរហូត។ 

    ថ្ងៃដំបូងដែលមកអង្គុយមើលកូនក្នុងបន្ទប់បែបនេះពិតជាអផ្សុកខ្លាំងណាស់។ ខ្ញុំដឹកដៃកូនចេញមកក្រៅបំណងទាក់ទងនិយាយលេងជាមួយអ្នកជាប់បន្ទប់ក្នុងនាមជាអ្នកជួលថ្មី។ ខ្ញុំគោះទ្វារបន្ទប់មួយតែគ្មានអ្នកណាមកបើកទ្វារសោះ។
     
    «សួស្ដី! ខ្ញុំមកនៅថ្មីសុំស្គាល់ផងបានទេ?»

    ទោះជាខ្ញុំគោះយ៉ាងណាក៏អ្នកក្នុងនេះមិនបើក។ ខ្ញុំធ្វើនេះកំពុងរំខានគាត់ឬ?ខ្ញុំដឹងថាមានមនុស្សនៅក្នុងបន្ទប់នេះ។ ពេលនោះទ្វារក៏បើក រំលេចរូបលោកយាយម្នាក់ប្រកបដោយកាយសម្បទារមាំមួន។
     
    «មានការស្អី?» គាត់សួរដោយសម្ដីសោះកក្រោះគំរោះគំរើយមិនគួរឱ្យចង់ស្ដាប់សោះ។
     
    «ខ្ញុំអ្នកជួលថ្មី អត់ទោសខ្ញុំអាចចូលក្នុងបានទេ?»

    «ចេញទៅ! ទៅវិញទៅ»

    «តែខ្ញុំគ្មានបំនងអាក្រក់ទេ គឺអផ្សុកពេកចង់និយាយលេងជាមួយលោកអ៊ុំ!»

    «ចេញភ្លាមទៅ ទីនេះគេមិនស្វាគមន៍នាងឯងទេ។» ថាតែប៉ុណ្ណេះគាត់ក៏បិទទ្វារបន្ទប់វិញលាន់ “គ្ដាំង”។
     
    «ឆាប់ងាប់ចុះ យាយកញ្ចាស់» ខ្ញុំរអ៊ូតិចៗដោយមិនបានដឹងថាមានស្ត្រីម្នាក់កំពុងញញឹមដាក់នៅមាត់ទ្វារបន្ទប់គាត់ទេ។

    «មកថ្មីមែនទេ?» ស្ត្រីអាយុប្រហែលខ្ញុំនោះសួរ។

    «ចាសមែនហើយ គិតថាអផ្សុករកគ្នាព្រោកប្រាជ្ញលេង» ខ្ញុំតបទៅនាងវិញ។ នាងក៏ហៅខ្ញុំឱ្យចូលលេងបន្ទប់នាងជជែកលេង។

    «កូនគាត់មែនទេ?» នាងចង្អុលទៅកូនប្រុសតូចរបស់ខ្ញុំ។

    «ចាសមែនហើយ! ហើយនេះកូនរបស់បងដែរមែនទេ?» ខ្ញុំចង្អុលទៅកូនប្រុសគាត់វិញ។ មើលទៅកូនគាត់ក៏ប៉ុនកូនខ្ញុំ។ ក្មេងទាំងពីរបង្កើតមិត្តភាពគ្នាយ៉ាងរហ័សហើយក៏បបួលគ្នានិយាយពីនេះពីនោះតាមនិស្ស័យក្មេង។ យើងបានសួរសុខទុក្ខគ្នាទៅវិញទៅមកក្នុងនាមស្គាល់គ្នាដំបូង។ 

    គាត់ឈ្មោះសៀន នៅបន្ទប់លេខ១២ជាប់បន្ទប់ខ្ញុំ ហើយគាត់អនុញ្ញាតិឱ្យខ្ញុំហៅឈ្មោះយកតែម្ដងព្រោះយើងក៏អាយុស្របាលគ្នា។
     
    «ខ្ញុំឆ្ងល់ដល់ហើយសៀន! ម៉េចអ្នកផ្ទះជួលនេះគេមិនសូវចេញក្រៅមាត់រកគ្នាសោះ ហើយម៉ិញខ្ញុំទៅគោះទ្វារអ៊ុំស្រីនៅបន្ទប់ក្បែរនេះ បំណងចង់រាក់ទាក់ក្នុងនាមជាអ្នកនៅថ្មី តែត្រូវគាត់គំហ៊កមកខ្លាំងៗហើយថាទីនេះគេមិនស្វាគមន៍គ្នាយ៉ាងម៉េចទេ! ខ្ញុំមិនសូវយល់សោះ»។
     
    «ខ្ញុំមិនសូវយល់ដែរហ្នឹង» នាងបង្អាក់បន្តិចទើបបន្តទៀត «អ្នកក្នុងផ្ទះល្វែងនេះគំរោះគំរើយ និងមិនរាក់ទាក់ទេ ពួកគេមិនងាយចេញពីបន្ទប់ទេ ឬក៏ចេញដែរតែត្រឹមតែចេញហើយ ទៅធ្វើការ ឬទៅផ្សារហើយមកវិញចូលបន្ទប់រៀងខ្លួនមិនងាយមកព្រោគប្រាជ្ញលេងទេ»។
     
    សៀនជាស្ត្រីម្នាក់មានចិត្តល្អហើយរួសរាយរាក់ទាក់គួរឱ្យចង់រាប់អានជាទីបំផុត។ ស្គាល់នាងច្រើនថ្ងៃដែរហើយ ខ្ញុំមិនដែលឃើញប្ដីនាងសោះ ឬមួយក៏ប្ដីនាងទៅធ្វើការពេញៗមួយថ្ងៃមិនគិតសៅរ៍អាទិត្យក៏ថាបាន។ ពេលខ្លះខ្ញុំត្រូវទៅផ្សារទិញម្ហូបផ្ញើរលេងហាក់ឱ្យលេងជាមួយណរីកូនសៀននេះទៀតផង។ នាងថែរកូនខ្ញុំដូចជាកូននាងបង្កើតអញ្ចឹង។ 

    ខ្ញុំណែនាំនាងទៅកាន់ប្ដីខ្ញុំតែប្ដីខ្ញុំរវល់ធ្វើការពេកមិនមានពេលនិយាយជាមួយនាងសូម្បីតែមួយម៉ាត់។
     
    មកនៅផ្ទះល្វែងជួលនេះច្រើនថ្ងៃមកហើយខ្ញុំមិនបានស្គាល់អ្នកណាសោះក្រៅពីសៀន។ សមាជិកនៅទីនេះគេហាក់ព្រងើយកន្តើយនឹងគ្នា មិនចេះនិយាយលេងប្រាស្រ័យសោះ យ៉ាងណាខ្ញុំមិនខ្វល់។
     
    ព្រលប់បានចូលមកដល់។ ដូចសព្វមួយដងសំលេងបំពេរកូននៃទំនុកដ៏គួរឱ្យខ្លាចបន្លឺរឡើង។ បើខ្ញុំស្ដាប់មិនច្រលំទេសំលេងនេះគឺសៀន។
     
    ព្រឹកមួយខ្ញុំមិនឃើញនាងបើកទ្វារបន្ទប់សោះ។ នាងមិនចេញពីបន្ទប់រហូតដល់៣ថ្ងៃខ្ញុំក៏សំរេចចិត្តគោះទ្វារសួរក្នុងនាមអ្នកជាប់បន្ទប់ដែលមានការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ។ ខ្ញុំឮសំលេងនាងប្រើកូនប្រុសនាងឱ្យបើកទ្វារ។

    «សៀនប៉ុន្មានថ្ងៃនេះបាត់មុខឱ្យឈឹង គ្នាអផ្សុកសឹងនឹងស្លាប់ទៅហើយ។»

    «ខ្ញុំមិនសូវស្រួលខ្លួនទើបមិនបានចេញ តែអីឡូវបានធូរច្រើនហើយ»។ នាងដកដង្ហើមធំដ៏វែងមួយ រួចបន្តនិយាយ៖

    «ឯងធ្លាប់សម្លាប់មនុស្សទេ?» នាងនិយាយតែប៉ុន្នេះធ្វើឱ្យខ្ញុំស្រឡាំងកាំងយ៉ាងខ្លាំង។ ខ្ញុំព្យាយាមលាក់បាំងរឿងរ៉ាវដែលបានសម្លាប់ស្ត្រីបណ្ដើរកូនដោយអចេតនា៖

    «ខ្ញុំមិនដែលទេ ហេតុអីឯងសួរបែបនេះ?» នាងមិនឆ្លើយបែរជាសើចធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្កប់ស្កល់។ បន្ទាប់មកនាងក៏ត៖

    «និយាយលេងហ្នឹងណា!មកពីឆ្ងល់អ្នកដែលហ៊ានសម្លាប់គេ ហេតុអីក៏សាហាវម៉្លេះណ?បើខ្ញុំវិញតែកណ្ដុរក៏មិនហ៊ានផង»។
     
    ល្ងាចហ្នឹងប្ដីរបស់ខ្ញុំរវល់ជប់លាងលាគ្នានៅកន្លែងធ្វើការ។ គាត់តេប្រាប់ឱ្យខ្ញុំ និងកូនមិនបាច់ចាំបាយទេ តែខ្ញុំបែរជាមានប្រផ្នូលអាក្រក់យ៉ាងខ្លាំង។ ខ្ញុំព្រួយ និងខ្លាចខុសពីធម្មតា។
     
    «ម៉ាក់!កូនអត់ចង់ញ៉ាំបាយទេ ចង់គេង»។ លេងហាក់ប្រាប់ខ្ញុំទាំងមិនបើកភ្នែក។

    «ម៉េចចឹងកូន?មិនញ៉ាំប្រយ័ត្នឃ្លានយប់ណា!» ខ្ញុំព្យាយាមលួងលោមកូន ព្រមទាំងលូកដៃស្ទាបថ្ងាសក្មេង។ កូនក្ដៅខ្លួនខ្លាំងណាស់ ខ្ញុំស្លន់ស្លោរបីវាចេញមកក្រៅ ហើយមកឈរគោះទ្វារពីមុខបន្ទប់លេខ១២ដែលប្រាកដច្បាស់ថាសៀន និងកូននាងនៅក្នុងនោះ។ ការភ័យ និងការបារម្ភពីកូនពេក ធ្វើឱ្យខ្ញុំអត្មានិយមគោះទ្វារបន្ទប់ខ្លាំងៗមិនខ្លាចរំខានដំនេកគេ។សៀនបើកទ្វារទាំងពពីមពពើម។
     
    «មានរឿងអីហ្នឹងបានជាមកគោះទ្វារទាំងយប់បែបនេះ?» សៀនសួរដោយក្ដីព្រួយបារម្ភអស់ពីចិត្ត។

    «លេងហាក់ក្ដៅខ្លួនណាស់ សុំពឹងសៀនមើលវាមួយភ្លែតទំរាំតែខ្ញុំមកពីទិញថ្នាំគ្រុនក្ដៅវិញ។ ហ៊ើយយប់ស្មើនេះទៅហើយពេទ្យបិទអស់ហើយទេដឹង?»

    «នៅទេ ឯងទៅទិញទៅ ចាំខ្ញុំមើលកូនឱ្យ។»
     
    ខ្ញុំប្រញ៉ាប់តតេសតតាសទៅទិញថ្នាំនៅគ្លីនិកក្បែរនេះ។ បន្ទាប់ពីប្រគល់លុយឱ្យពេទ្យ និងទទួលថ្នាំហើយ ខ្ញុំត្រលប់មកបន្ទប់សៀនវិញតែទ្វារបន្ទប់បិទជិតឈឹងមិនរហើបសោះ។ ទោះជាគោះទ្វារផងស្រែកហៅផងក៏សៀនមិនបើកទ្វារ។ នាងនៅក្នុងនេះប្រាកដណាស់ព្រោះមានគេចាក់គន្លឹះពីក្នុង។

    «សៀនបើកទ្វារ ខ្ញុំណាសៀន...បើកទ្វារ» ខ្ញុំព្យាយាមស្រែកខ្លាំងៗម្ដងទៀតតែលទ្ធផលគឺឥតប្រយោជន៍។ អារម្មណ៍ចាប់ផ្ដើមភ័យពីសុវត្ថិភាពកូន។ ខ្ញុំស្រែកឮតិចពេកឬសៀនចង់លេងសើចនឹងខ្ញុំ? ហៅផងគោះផងអស់សង្ឃឹមខ្ញុំដាច់ចិត្តទៅគោះទ្វារបន្ទប់លោកយាយចាស់ដែលជួបពីកាលមកនៅដំបូង។ គោះមួយភ្លែតដំបូងគាត់មិនព្រមបើកសោះ ខ្ញុំប្រុងដើរចេញហើយស្រាប់តែគាត់បើកទ្វារសន្សឹមៗ។

    «មានការអីក្មេងឈ្លើយ?» គាត់គំហ៊កដាក់ខ្ញុំដោយសំលេងមិនពេញចិត្ត។

    «ខ្ញុំ...លោកយាយមានឃើញកូនខ្ញុំទេ?...ខ្ញុំផ្ញើទុកជាមួយសៀន!...តែសៀនមិន...មិនបើកទ្វារបន្ទប់ទេ!» ខ្ញុំនិយាយរដាក់រដុបដូចក្មេងទើបតែរៀននិយាយ។ លោកយាយទាញដៃខ្ញុំឱ្យចូលក្នុងបន្ទប់គាត់ហើយនិយាយ 

    «ខ្ញុំដឹងថានាងគិតថាខ្ញុំជាមនុស្សគំរោះគំរើយ!» សម្ដីគាត់ប្រៀបដូចជាត្រជាក់ស្រេប «ខ្ញុំដឹងថានាងបានជូនពរឱ្យខ្ញុំឆាប់ងាប់។ ខ្ញុំធ្វើអ្វីគឺមានហេតុផល ខ្ញុំស្រែកគំរោះគំរើយដាក់នាងគឺចង់ឱ្យនាងចេះខ្លាចអ្នកផ្ទះនេះ ចង់ឱ្យនាងគិតថាអ្នកផ្ទះនេះសុទ្ធតែឈ្លើយ គោលបំណងគឺខ្ញុំមិនចង់ឱ្យនាងរវីរវល់នឹងសមាជិកផ្ទះល្វែងនេះ។ ខ្ញុំជាម្ចាស់ផ្ទះល្វែងនេះខ្ញុំដឹងរឿងដែលគួរធ្វើរឿងដែលមិនគួរធ្វើ។ នាងមើលគេផ្សេងគេដូចនាងទេ? គេមាត់រកគ្នាសាំតាប៉ែដូចនាងទេ?» យាយចាស់ម្នាក់នេះនិយាយស្អីគាត់ ខ្ញុំស្ដាប់មិនសូវយល់សោះ។

    «ខ្ញុំចង់សួរថាឯណាកូនប្រុសខ្ញុំ? ខ្ញុំមិនចង់ស្ដាប់រឿងវែងឆ្ងាយទេ វាគ្មានអីទាក់ទងជាមួយខ្ញុំសោះ»

    «ម៉េចក៏ថាមិនទាក់ទង?» យាយចាស់ស្រែកសម្លុត ។ «នាងអើយយើងដឹងថាពេលនេះនាងបារម្ភពីកូននាង ខ្ញុំក៏ធ្លាប់មានកូនដែរខ្ញុំយល់។ នាងស្គាល់ស្ត្រីឈ្មោះសៀននោះគឺល្អហើយ។ ស្ត្រីឈ្មោះសៀននេះហើយជាដើមហេតុដែលអ្នកក្នុងផ្ទះល្វែងនេះស្ងប់ស្ងាត់។» និយាយរួចគាត់ចង្អុលទៅជញ្ជាំងខាងស្ដាំដែលជាបន្ទប់របស់សៀន។ «ស្ត្រីឈ្មោះសៀនដែលស្នាក់បន្ទប់ជាប់ខ្ញុំនេះតែងច្រៀងពីរឿងរ៉ាវឈឺចាប់របស់នាងរៀងរាល់ល្ងាច ខ្ញុំនៅជាប់នាងខ្ញុំឮអត្ថន័យទាំងអស់។ សៀនបានមកជួលផ្ទះខ្ញុំបន្ទាប់ពីត្រូវបានប្ដីលែងលះដោយគ្មានហេតុផលអីទាំងអស់» គាត់និយាយមិនទាន់ចប់តែខ្ញុំកាត់ : 

    «លោកយាយកំពុងនិយាយពីស្អីហ្នឹង?ខ្ញុំចង់ដឹងថាកូនខ្ញុំនៅឯណា រឿងសៀនកំសត់ព្រាត់ប្រាស់ប្ដីវាជារឿងរបស់នាង គ្មានអីទាក់ទងនឹងកូនខ្ញុំសោះ។» គាត់មិនខឹងខ្ញុំបែរជាញញឹម។

    «នាង! មកពីរឿងនេះវាទាក់ទងនឹងកូននាងទើបខ្ញុំនិយាយ។ នាងកុំទាន់តក់ក្រហល់។ ស្ត្រីមេម៉ាតវ័យក្មេងឈ្មោះសៀននេះកាលពី២ឆ្នាំមុនបានដើរដឹកដៃកូនទៅលេងមិត្តនាងនៅភូមិមួយហើយនៅពេលនាងដើរមកវិញត្រូវរថយន្តបុក ហើយកិនរហូតស្លាប់ទាំងម្ដាយកូន។ អ្នកដែលបើកកិននាងនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ តែល្ងាចមួយនាងច្រៀងចំរៀងរៀបរាប់ថានាងបានសងសឹកអ្នកដែលសម្លាប់នាងបានម្នាក់ហើយ ហើយល្ងាចម៉ិញបន្ទាប់ពីនាងឯងចេញទៅទិញថ្នាំខ្ញុំឮនាងច្រៀងថាសងសឹកអ្នកសម្លាប់ដោយសម្លាប់កូនអ្នកសម្លាប់នោះវិញ។ បើខ្ញុំកាត់យល់ នាងនេះហើយជាអ្នកបើកបុកនាងសៀន។» 
     
    លោកយាយនិយាយតែប៉ុណ្ណេះខ្ញុំដួលស្រឹប។ កន្លងមកខ្ញុំឮនាងច្រៀងបំពេដែរតែមិនសូវយកចិត្តទុកដាក់ស្ដាប់។ ពេលនេះដឹងហើយ កម្មពៀរពិតជាមានមែន។ ទឹកភ្នែកខ្ញុំចាប់ផ្ដើមហូរដូចទឹកបាក់ទំនប់។

    «ពុទ្ធោអឺយ មិនគួរឱ្យជឿសោះលោកយាយ។ សៀនស្ត្រីដែលរាប់អានជាអ្នកជាប់បន្ទប់រាប់អានជាច្រើនខែមកហើយ មិនគួរធ្វើអីចឹងទេ!» ខ្ញុំនិយាយទាំងយំខ្លាំងៗ ហើយយាយនេះហាក់យកចិតហតទុកដាក់ពីសម្ដីខ្ញុំម៉ិញណាស់។

    «នាងថាម៉េច? នាងរាប់អានសៀនច្រើនខែស្អី? ខ្ញុំទើបតែជួបនាងដំបូងពីម្សឹលម៉ិញនេះឯង!!!!»
    សម្ដីគាត់ធ្វើឱ្យខ្ញុំដួលស្រឹបម្ដងទៀត។

    «មានន័យថាអ្វីៗកន្លងមកគ្រាន់តែជាការបន្លំភ្នែកទេមែនទេ?» ខ្ញុំស្រែកផងយំផងប្រៀបដូចមនុស្សឆ្គួត។ ខ្ញុំមិនគិតច្រើនហើយរត់ទៅមុខបន្ទប់របស់ខ្មោចសៀនរួចស្រែកយំខ្លាំងៗផ្អើលគេផ្អើលឯង។

    «សៀន!!ខ្ញុំជាអ្នកបុកសម្លាប់ឯង បើឯងចង់សងសឹកឯងសម្លាប់ខ្ញុំមក កូនខ្ញុំគ្មានដឹងរឿងស្អីទេ សៀន!! ហឺុៗ ឯងអានិតខ្ញុំផង សម្លាប់ខ្ញុំចុះ កូនខ្ញុំគ្មាបកំហុសទេ។»

    យាយទូរស័ព្ទទៅប៉ូលីស។ បន្ទាប់ពីក្រុមប៉ូលីសគាស់ទ្វារបន្ទប់នេះ អ្វីៗគឺទទេគ្មានតម្រុយពីកូនប្រុសខ្ញុំទេ។ ខ្ញុំទទួលដំណឹងថាប្ដីខ្ញុំត្រូវរថយន្តកុងតឺនឺរកិនស្លាប់បន្ទាប់ពីជិះម៉ូតូត្រលប់មកផ្ទះក្នុងស្ថានភាពស្រវឹង។ បន្តិចក្រោយមកក៏មានលេងមួយតេប្រាប់ថាម្ដាយឪពុក និងប្អូនប្រុសស្រីបានស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះ។ ខ្ញុំដួលសន្លប់បាត់ស្មារតី។
    ---------------------------
    ក្នុងសម្លៀកបំពាក់សជាយាយជីវ័យក្មេងកំពុងប្រមូលសំរាមនៅក្នុងទីធ្លាវត្ត។ ខ្ញុំបួសហើយ ព្រោះមានតែការបួសប៉ុណ្ណោះដែលធ្វើឱ្យខ្ញុំស្ងប់ពីកម្មលោកីយដែលកើតឡើងផ្ទួន។ ខ្ញុំធ្វើបុណ្យឧទ្ធិសកុសល្យដល់អ្នកដែលស្លាប់ដោយគ្មានកំហុសទាំងអស់ឱ្យទៅចាប់ជាតិថ្មីកុំឱ្យមានបំនុលកម្មពៀរតគ្នាហូរហែរដូចជាតិនេះទៀត។ ក្មពៀរទាំងអស់ដែលប្ដីដើមខ្ញុំសាងវាជះឥទ្ធិពលឱ្យខ្ញុំរស់ពិបាកជាងស្លាប់។ រៀងរាល់ថ្ងៃសីលខ្ញុំដុតធូបបន់ស្រន់ឱ្យសៀនស្ងប់អហោសិកម្ម ព្រោះវាគ្រប់គ្រាន់ហើយ។
    រាល់រាត្រីខ្ញុំសុបិន្តឃើញកូនប្រុសខ្ញុំក្នុងទឹកមុខសប្បាយរីករាយ ហើយប្រាប់ខ្ញុំថា "ម៉ាក់ កូននៅទីនេះសប្បាយណាស់ មីងសៀនចិត្តល្អ មើលថែរកូនដូចម៉ាក់ដែរ តែគាត់មិនឱ្យកូនមកជួបម៉ាក់សោះ»៕
     
         “ទៅឱ្យស្ងប់ទាំងអស់គ្នាចុះណា”
     
    (សូមរង់ចាំអានរឿង រើសប្ដី នៅរាត្រីម៉ោង៨ស្អែកនេះ)

    បំណុលជីវិត បំណុលជីវិត Reviewed by Unknown on 8:00 PM Rating: 5
    Loading...
    Powered by Blogger.