>
  • ទំព័រដើម
  • ផ្លែប៉ោមប្រាថ្នា

    ខ្ញុំអូស Facebook ចុះឡើងៗធុញទ្រាន់នឹងតថភាពដដែលៗរបស់សង្គម។ ក្នុង Facebook, គ្មានអ្វីពិសេសក្រៅពីpostកំប្លែងបែបទ្រលាន់ភ្លៀវៗ បាញ់អ្នកនេះអ្នកនេះ រិះគន់សិល្បករណាមួយ ខ្លះចាត់ទុកវាថាជាទីលានសង្គ្រាមសម្ដីគ្នាទៅហើយ។ រហូតអូសមកដល់រូបស្រីស្អាតម្នាក់...

    ខ្ញុំសម្លឹងរូបនោះមិនដាក់ភ្នែក។ កែវនេត្រាទាំងទ្វេមូលក្រឡង់សមនឹងភក្ត្រាសម៉ត់ ញញឹមស្រស់ស្រាយបញ្ចេញធ្មេញចំប៉ឺសបិទត្បូងសចាំង ច្រមុះស្រួច ចិញ្ចើមគូរកោងដូចឥន្ធនូគួរជាទីគយគន់។ រូបភាពនីមួយៗរបស់នាងដែល post ក្នុង Facebookត្រូវបានខ្ញុំមើលយ៉ាងយូរហើយវិភាគ។ កាន់តែមើលគឺរឹតតែស្អាត នេះខ្ញុំជាមនុស្សស្រីផង អាចថាខ្ញុំជាស្រីស្រឡាញ់ស្រីក៏មិនត្រូវ ព្រោះខ្ញុំដូចជាមានចិត្តច្រណែននឹងឃើញសម្រស់សែនមហាស្រស់របស់នាងច្រើនជាង, ធីរិកា។

    ហេតុអ្វីធម្មជាតិអយុត្តិធម៌ម៉្លេះ? កើតមកលើលោកាតែមួយ, ទទួលយកកម្ដៅនៃពន្លឺព្រះអាទិត្យតែមួយរួមគ្នា ស្រូបយកឧស្ម័នអុកស៊ីសែនក៏ដូចគ្នា តែព្រហ្មលិខិតបែរជាកំណត់វាសនាសែនមហាលម្អៀង។ គេអ្នកមាន មានទ្រព្យចាយស្ដុកស្ដម្ភហើយថែមទាំងរូបសម្បត្តិកំពូលសម្រស់ទៀត។ មិនតែប៉ុណ្ណោះ, ស្នេហាគេក៏សមប្រកប។ ធីរិកាមានស្វាមីជាបុរសសង្ហារម្នាក់អាយុស្របាលនឹងនាងដែរ ទាំងទ្រព្យ ទាំងចំណេះពិតជាស័ក្ដិសមជាគូរស្វាមីភរិយានឹងគ្នាឥតខ្ចោះ។ ចុះចំណែកខ្ញុំ? ខ្ញុំមានអីក្រៅពីសម្បករូបកាយដ៏សែនមហាអាក្រក់នេះ? មិនមែនថាខ្ញុំក្រដល់ថ្នាក់អត់បាយទេ តែក៏មិនហូរហ៊ាដល់ថ្នាក់ដេកស៊ីដែរ។ ខ្ញុំបានស្គាល់រិកាយូរដែរហើយ បើគិតមកដល់ពេលនេះវាជាង៣ឆ្នាំហើយ។ ក្រោយរៀនទី១២ចប់, រិកាក៏បានភ្ជាប់ពាក្យជាមួយនឹងភីរិទ្ធ ហើយពួកគេក៏បានរៀបការជាមួយគ្នា និងរស់នៅក្នុងជីវិតស៊ីវីល័យដ៏សែនរីករាយ។ ក្នុងអំឡុងពេលនោះ, ចិត្តច្រណែនរបស់ខ្ញុំបានពុះកញ្ជ្រោលកាន់តែខ្លាំង ប្រសិនបើខ្ញុំជាធារិកាវិញមិនដឹងជាល្អយ៉ាងណាទេ ជាពិសេសបានគេងកើយទ្រូងភីរិទ្ធកម្លោះសែនសង្ហារប្រចាំក្រុងម្នាក់នេះ។ 

    ប្រាថ្នាបានត្រឹមតែជាសុបិនដ៏លេងសើចឱ្យរំភើបតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ...

     ធីរិកាមានប្រជាប្រិយភាពណាស់ កាលនៅរៀន នាងមានមិត្តភក្ដិច្រើន ហើយក៏មានប្រុសៗតាមស្រឡាញ់លួងលោមថ្នាក់ថ្នមមិនតិចទេ។ ជីវិតនាងគឺមានតែភាពសប្បាយរីករាយ សុភមង្គល និងស្នាមញញឹមគួរជាទីប្រាថ្នារបស់អ្នកផងទាំងពួង។ រិការួសរាយរាក់ទាក់ណាស់ ក្នុងនាមខ្ញុំធ្លាប់ជាមិត្តរួមថ្នាក់របស់នាងម្នាក់, ខ្ញុំក៏ត្រូវសំបុត្រអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីការរបស់នាងដែរ។ តែក្រោយមក, នាងក៏មិនសូវមានប្រជាប្រិយក្រោយពីរៀបការរួច។ វាមិនមែនជារឿងអីចម្លែកទេព្រោះផ្កាមានម្ចាស់ទៅហើយតើកន្លង់ណាហ៊ានមកក្រេបលម្អងទៅ?

    ប៉ុន្តែ, ទំនាក់ទំនងក្នុងនាមមិត្តភក្ដិរបស់នាង និងខ្ញុំនៅមិនទាន់ដាច់ទេ។ ថ្វីបើយើងមិនសូវស្និទ្ធស្នាលនឹងគ្នាខ្លាំង តែយ៉ាងណាក៏នាងនៅតែញញឹមញញែមនិយាយរាក់ទាក់រួសរាយរកខ្ញុំជានិច្ចរាល់ពេលឃើញខាងក្រៅ។ សម្រស់ដ៏ឈ្លក់វង្វេងរបស់នាងនៅតែមិនប្រែប្រួល រាល់ថ្ងៃខ្ញុំតែងស្រមៃថាបើរូបកាយនាងជាខ្ញុំវិញទោះក្នុងរយៈពេលខ្លីក៏ជីវិតមានន័យមិនស្ទើដែរ។

    ---

    មានថ្ងៃមួយ, ខ្ញុំទៅចម្ការឆ្ងាយក្រុងមួយដែលលោកយាយខ្ញុំប្រចាំនៅទីនោះ, ដើម្បីគ្រាន់ទៅសួរសុខទុក្ខផង ទៅមើលផលានុផលផង។ ចម្ការគាត់ធំទូលាយណាស់ ដីរាប់រយហិចតាសល់តពីច្រើនជំនាន់មកអាចឱ្យគាត់ដេកស៊ីបានដោយស្រួល។ គាត់ដាំផ្លែឈើច្រើនណាស់ មិនតែប៉ុណ្ណោះថែមទាំងមានរោងដាំផ្លែឈើបរទេសដែលអ្នកផងស្ទើមិនជឿថាវាអាចដុះនៅខ្មែរ តែពេលនេះវាដុះលើទឹកដីដ៏សែនក្ដៅនេះបានហើយ។ ក្រោយពីសួរពីនេះពីនោះអស់ពេលយ៉ាងយូរគួរសមដែរ ទទួលនឹងព្រះអាទិត្យក៏រៀបនឹងអស់ស្ដង្គតចោលពសុធាឱ្យងងឹតសូន្យសុងទៅហើយ, ខ្ញុំក៏លាលោកយាយហើយជិះម៉ូតូត្រឡប់មកផ្ទះឯទីក្រុងវិញ។ ថ្វីបើទីស្ងាត់ដាច់ប្រជំជននេះមិនសូវឆ្ងាយពីផ្ទះខ្ញុំ, តែវាបានផ្ដល់នូវសេចក្ដីព្រួយជាច្រើនដល់ស្ត្រីក្រមុំដូចជារូបខ្ញុំ។ កំពុងតែបន្ថែមម៉ូតូជិះយ៉ាងលឿនបន់ឱ្យដល់ផ្ទះឆាប់ៗស្រាប់តែមានស្តូបមួយនៅក្បែរថ្នល់ធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងចម្លែក។ កូនចិត្តមួយបានផុសឡើងឱ្យឈប់ម៉ូតូហើយដើរទៅរកតូបនោះ។ ពន្លឺភ្លើងចង្កៀងជះយ៉ាងភ្លឺចិញ្ចាចឱ្យឃើញដល់ក្នុងតូប តែវាបែរជាគ្មានអ្វីពិសេសទៅវិញ ក្រៅពីតុមួយដែលមានយាយចាស់អាយុប្រហែល៨០ឆ្នាំម្នាក់អង្គុយក្បែរនោះដែលសងខាងពោរពេញទៅដោយធូបទៀន បាយសីសក្ការៈក្បាលខ្មោច និងបាលីយ័ន្តដូចផ្ទះគ្រូទាយ គ្មានអ្វីគួរជាទីត្រេកត្រអាលសោះ។ ខ្ញុំដើរបម្រុងទៅរកម៉ូតូវិញទាំងខកចិត្តតែស្រាប់តែត្រូវឈប់ដោយនរណាម្នាក់ហៅបង្អាក់។

    «ឈប់សិនកញ្ញា,» សំឡេងដ៏ស្រទន់ដូចជារំអួយខ្លាំងបានបញ្ឈប់ជើងទាំងទ្វេរខ្ញុំមិនឱ្យធ្វើចលនាបន្ត។ ខ្ញុំងាកទៅរកយាយក្នុងតូបនោះហើយញញឹមដាក់គាត់សម្ដែងភាពរួសរាយ។

    «កញ្ញាចង់ទិញអីដែរ?»

    «ចា! អត់អីទេ,» ខ្ញុំឆ្លើយទៅវិញទាំងអារម្មណ៍មិនស្រួល។ «ខ្ញុំស្មានតែតូបលក់ភេស្ជជៈត្រជាក់ៗទើបឈៀងចូលមកមើល។»

    យាយនោះសើចស្ញេញយ៉ាងរាក់ទាក់មិនសមនឹងអាយុ និងរូបរាងហើយតប។ 

    «ចាស, ទីនេះមិនមានលក់ទំនិញទេ តែនាងខ្ញុំមានលក់ការប្រាថ្នាគ្រប់បែបយ៉ាង!»

    «ការប្រាថ្នា!!!» ខ្ញុំលាន់មាត់ផ្ទួនពាក្យព្រោះយល់មិនច្បាស់។ «ប្រាថ្នាគឺមានតែក្នុងចិត្តទេ តើចែឯងអាចលក់បានយ៉ាងម៉េចទៅ?»

    យាយចាស់នៅតែញញឹមចេញធ្មេញរដឹបរដុបមុននឹងតបទៅវិញយ៉ាងក្បោះក្បាយ។

    «ចាពិតមែនហើយ ការប្រាថ្នាជាវត្ថុមិនអាចប៉ះបាន តែខ្ញុំអាចធ្វើឱ្យវាក្លាយទៅជាការពិតយ៉ាងប្រាកដ។» យាយអ្នកលក់នោះនិយាយយ៉ាងម៉ឺងម៉ាត់ ទោះបីជាស្នាមញញឹមនៅតែជាប់ដឹតលើផ្ទៃមុខ តែក៏អាចប្រាកដបានថាគាត់មិនកំពុងលេងសើច។
    វាដូចជាគួរឱ្យចាប់អារម្មណ៍ដែរ ថ្វីបើស្ដាប់ទៅជារឿងអរូបិយដ៏ឆ្គួតលីលា។

    «ពន្យល់ខ្ញុំឱ្យច្បាស់ជាងនេះបានទេ?» ខ្ញុំសួរបន្ថែម។

    «គឺគ្មានអីពិបាកយល់នោះទេ ឥឡូវអាចប្រាប់ខ្ញុំបានទេថាកញ្ញាប្រាថ្នាចង់អ្វី?»

    ខ្ញុំរារែកនឹងសំនួរនេះមួយសន្ទុះ។ ក្រោយពីគិតហើយសម្រេចឆ្លើយការពិត, ខ្ញុំបែរទៅរកយាយនោះវិញហើយប្រាប់,

    «ខ្ញុំប្រាថ្នាចង់ក្លាយជាធីរិកា!» ខ្ញុំនិយាយបែបនេះ យាយចាស់អ្នកលក់បំណងប្រាថ្នាស្អីគេនោះមើលទៅដូចជាស្ដាប់មិនយល់ឡើយ។ «គឺ...ធីរិកាជាស្រីស្អាត និងមានទ្រព្យម្នាក់។ ខ្ញុំចង់បានរូបរាងដូចនាងណាស់ តើលោកយាយអាចសម្រេចបំណងខ្ញុំបានទេ?»

    យាយចម្លែកនោះញញឹមដោយអំណរនឹងនឹកឃើញគំនិតអ្វីមួយរបស់គាត់។

    «ល្អណាស់...» គាត់ដើរដូចកម្លាំងខ្លាំងណាស់អីុចឹង សំដៅទៅខាងក្រោយកំបាំងពីភ្នែកខ្ញុំមុននឹងត្រលប់មកវិញនាមួយសន្ទុះបន្ទាប់។ គាត់បង្ហាញផ្លែប៉ោមក្រហមឈាមពីរផ្លែរួចដាក់វាលើតុ។ គាត់ចង្អុលផ្លែនីមួយៗព្រមទាំងពន្យល់។
     
    «ផ្លែខាងឆ្វេងនេះគឺសម្រាប់កញ្ញា ឯខាងស្ដាំនេះគឺសម្រាប់បុគ្គលដែលកញ្ញាចង់បានរូបរាងគេ។» 

    «បានន័យថាខ្ញុំ និងធីរិកាត្រូវញ៉ាំប៉ោមនេះ?» ខ្ញុំសួរដោយមិនសូវយល់ច្បាស់។

    «ប្រាកដហើយ,» គាត់និយាយលាយសើច។ «កញ្ញាត្រូវធ្វើតាមលក្ខខ័ណ្ឌនៃរបៀនដាក់ព្រលឹងមួយនេះ។»

    «ហេតុអីត្រូវធីរិកាញ៉ាំវាដែរ?» ខ្ញុំសូញសាញ។

    «ចម្លងរូបរាង!!!!» យាយនោះនិយាយមាំមួនទាំងមិនព្រមឈប់ញញឹម។ គាត់ប្រែទៅជាទន់ភ្លន់ដាក់អតិថិជនវិញហើយបន្ត, «ចម្លងរូបរាងតាមរយៈផ្លែប៉ោម។ រូបរាងរបស់បុគ្គលដែលកញ្ញាប្រាថ្នានោះនឹងរលាយបាត់ ហើយកញ្ញានឹងប្រែរូបទៅជាបុគ្គលនោះ។ វិញ្ញាណបុគ្គលនោះនឹងត្រូវខ្ញុំទាញយកមកតូបនេះ ហើយនេះជាការបង់ប្រាក់របស់កញ្ញាហើយ។ ធ្វើវាទៅ!»

    គាត់និយាយតែប៉ុណ្ណេះរួចហុចផ្លែប៉ោមទាំងពីរមកដៃទាំងសងខាងរបស់ខ្ញុំហើយស្រាប់តែអ្វីៗរលាយភ្លឹបក្នុងរយៈពេលមួយប៉ប្រិចភ្នែក។ ខ្ញុំមើលជុំវិញឃើញខ្លួនឯងកំពុងឈរកណ្ដាលដុបស្មៅក្បែរចិញ្ចើមផ្លូវ។ ខ្ញុំសម្លឹងទៅប៉ោមទាំងពីរហើយដាក់វាក្នុងកាបូបដៃមុននឹងឡើងម៉ូតូជិះចេញពីទីនេះ។ នៅផ្លូវជាយចូលក្រុងដែលខ្ញុំកំពុងតែជិះពីលើនេះ កាលមុនមានគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដ៏សែនរន្ធត់រហូតម្នាក់ៗបង្កើតជាពាក្យចចាមអារាមថា ត្រង់ហ្នឹងជា “ផ្លូវជើងកប”។ រវល់តែគិតព្រឺសម្បុររវើរវាយស្រាប់តែមានរថយន្តធំមួយបើកមកចំពីមុខខ្ញុំ។ សសៃប្រសាទនៃអារម្មណ៍តក់ស្លុត, បញ្ជាឱ្យដៃខ្ញុំទាញចង្កូតមកខាងឆ្វេងផ្លូវដើម្បីគេចគ្រោះថ្នាក់។ ម្ចាស់រថយន្តបើកកញ្ចក់ស្រែកជេរ តែមិនយូរប៉ុន្មាន, សំឡេងបង្កប់កំហឹងនោះរសាតឃ្លាតឆ្ងាយទៅនៅសល់តែភាពស្ងប់ស្ងាតឈឹងយ៉ាងស្រៀវឆ្អឹងខ្នង។

    ខ្ញុំមកដល់ផ្ទះជួលខ្ញុំវិញយ៉ាងសុវត្ថិភាព។ ខ្ញុំចុះពីម៉ូតូ, ចូលទៅក្នុងផ្ទះទាំងអារម្មណ៍មិននឹងន។ បន្ទាប់មក, ទើបនឹកឃើញដល់ផ្លែប៉ោមប្រាថ្នាដ៏ឆ្គួតលីលានោះ។ ខ្ញុំកាន់ប៉ោមទាំងពីរហើយសម្លឹងមើលយ៉ាងយកចិត្តទុកដាក់។ ខ្ញុំមិនបានឱ្យលុយទៅយាយនោះទាល់តែសោះ, ក៏ព្រោះតែគាត់បាននិយាយខ្លួនឯងថា វិញ្ញាណបុគ្គលដែលខ្ញុំចម្លងរូបតាម នឹងរលាយហើយរសាត់ទៅតូបគាត់, វាជាការបង់ប្រាក់ចំពោះផ្លែប៉ោមនេះ? តើគាត់ចង់មានន័យយ៉ាងណាឱ្យប្រាកដ? មិនសំខាន់ទេ តែសំខាន់ បើសិនយាយនោះជាមេធ្មប់បញ្ឆោតខ្ញុំឱ្យស៊ីប៉ោមពុល នោះខ្ញុំមិនដាច់ខ្យល់ស្លាប់ទៅហើយ? ដូចជាមិនសូវស្រួលសោះ។ តែណ្ហើយ, ចង់ដឹងត្រូវតែសាកល្បង! ជីវិតខ្ញុំគ្មានន័យខ្លឹមសារអ្វីផង ស្លាប់ក៏មិនមានអ្វីគួរជាទីសោកស្ដាយដែរ។ អ្វីដែលសំខាន់ តើត្រូវឱ្យធីរិកាញ៉ាំប៉ោមនេះបានដូចម្ដេចទៅ? 

    ខ្ញុំអង្គុយគិតពីបញ្ហានេះអស់មួយសន្ទុះហើយទីបំផុតក៏នឹកឃើញដល់វិធីបោកប្រាស់ដ៏ល្អមួយដើម្បីឱ្យប៉ោមនេះត្រូវនាងទំពារញ៉ាំ, សង្ឃឹមថាល្បិចនេះអាចប្រើការបានទៅចុះ។ ខ្ញុំចូលគេងទាំងរសាប់រសល់។

    ព្រឹកឡើង, អ្វីៗដូចជាស្រស់ស្រាយខ្លាំងណាស់។ ខ្ញុំងើបលុបមុខងូតទឹកហើយយកផ្លែប៉ោមមួយផ្លែនោះមកញ៉ាំ។

    ក្រោយពីស្លៀកពាក់សមសួនហើយ, ខ្ញុំជិះម៉ូតូចេញទៅហាងបោះពុម្ពមួយដោយមានផ្លែប៉ោមដែលនៅសល់មួយក្នុងកាបូបយួរដៃផង។ ទៅដល់ហាងពុម្ពមួយ, ខ្ញុំដើរតម្រង់ទៅបុរសម្ចាស់ហាងរួចនិយាយ៖

    «ខ្ញុំត្រូវការសំបុត្រអញ្ជើញខួបកំណើត!»

    ម្ចាស់ហាងមើលមុខដ៏អាក្រក់របស់ខ្ញុំព្រមទាំងតបយ៉ាងសោះកក្រោះ។

    «ត្រូវការបោះប៉ុន្មានសំបុត្រដែរចែ?»

    «មួយសំបុត្រ!» ខ្ញុំតប។

    «មួយសំបុត្របានយ៉ាងម៉េចទៅ?» ម្ចាស់ហាងសួរទាំងភ្ញាក់ព្រើតដូចខ្មោចគេយកទៅដុត។

    «គឺថា...ខ្ញុំធ្វើខួបកំណើត ហើយខ្វះសំបុត្រមួយទើបត្រូវការបោះបន្ថែមនឹងណាលោក!»

    «ចុះមិនទៅបោះនៅហាងដែលចែបោះពីមុននោះ?»

    «យី!!! ហាងនឹងគេបិទតូបទៅស្រុក។ សម្រេចថាបោះសំបុត្រឱ្យខ្ញុំឬអត់?» ខ្ញុំច្រត់ដៃប្រឌិតពាក្យយ៉ាងសមគួរ។

    «បាទ សូមប្រាប់ព័ត៌មានលម្អិត!!!»

    ...

    ក្រោយដែលទទួលបានសំបុត្រអញ្ជើញខួបកំណើតដែលដាក់ឈ្មោះខាងមុខ “ស៊ុន ធីរិកា” ហើយ, ខ្ញុំក៏ឡើងជិះម៉ូតូវិញ តម្រង់ទៅផ្ទះម្ចាស់ឈ្មោះនោះ។

    រិកាកំពុងចិតស្វាយទុំនៅតៀមមុខផ្ទះពេលដែលខ្ញុំជិះទៅដល់។ ស្នាមញញឹមរបស់នាងនៅតែរាក់ទាក់ខ្ញុំយ៉ាងស្វាគមន៍ធ្វើឱ្យខ្ញុំដើរចូលទៅរកនាងយ៉ាងគ្មានរួញរា។

    «អីយ៉ា!!!! លីណា!!! បាត់មុខយូរនៅក្មេងដដែល!» នាងនិយាយទាំងសើច។

    «ចុះមានទៅចាស់អីភ្លាមៗនោះ,» ខ្ញុំតប។ «នេះគ្នាសុំអញ្ជើញឯងទៅជប់លៀងខួបកំណើតគ្នា។ ធ្វើថ្ងៃ២៣ខែនេះហើយ!» 

    «ហើយធ្វើនៅណាដែរ?» នាងសួរ។

    «ចា នៅហាង សារាយពិភពថ្មីនឹងណា!!»

    «អូហូ មិនអីទេ គ្នាមិនភ្លេចឡើយ។ នៅញ៉ាំស្វាយជាមួយខ្ញុំសិន។»

    «ចាស អត់ទេ ខ្ញុំរវល់បន្តិច។» ខ្ញុំបដិសេធទាំងញញឹមហើយដើរត្រឡប់មកម៉ូតូវិញ វិះតែនឹងភ្លេចគម្រោងការទៅហើយ។ ខ្ញុំបកមករករិកាវិញហើយទាញផ្លែប៉ោមហុចឱ្យនាង។ «កាឯងភ្លក់ប៉ោមយាយគ្នាដាំ។ គាត់ជួលកម្មករឱ្យដាំតាមបែបទំនើប។»

    «អីយ៉ា!!! ប៉ោមដុះនៅស្រុកខ្មែរកម្រមានណាស់នេះ!» នាងទទួលទាំងអំណរ។ ពេលហ្នឹងស្វាមីរិកាក៏ដើរចេញមកស្របពេលដែលខ្ញុំឡើងម៉ូតូជិះចេញទៅ។ សំណាងហើយដែលគាត់មិនមកពេលដែលខ្ញុំកំពុងនៅទីនោះ កុំអីខ្ញុំគាំងអណ្ដាតនិយាយមិនចេញទេ ព្រោះគេសង្ហារពេកទេដឹង? រិកាប្រហែលប្លែកអារម្មណ៍ហើយមើលទៅដែលមនុស្សស្រីឯកាដូចជាខ្ញុំចេះផ្ដួចផ្ដើមធ្វើជប់លៀងខួបកំនើតខ្លួនឯង។ តែខ្ញុំមិនខ្វល់ទេ, ព្រោះក្រោយពីនាងញ៉ាំប៉ោមនោះហើយ វិញ្ញាណនាងនឹងរលាយរលត់ ហើយសម្រស់ និងរូបកាយរបស់នាងនឹងមកនៅលើខ្លួនខ្ញុំទាំងអស់។ សង្ឃឹមថាខ្ញុំអាចសម្ដែងធ្វើជាធីរិកាបានយ៉ាងល្អបំផុត, ដែលមិនអាចឱ្យនរណាម្នាក់ចាប់កំហុសបាន។ ដូចជាសង្ឃឹមច្រើនពេកហើយ មិនដឹងថាអាគមនៃផ្លែប៉ោមប្រាថ្នានេះពិតជាមានប្រសិទ្ធភាពមែន ឬក៏គ្រាន់តែពុលងាប់។
     ខ្ញុំត្រឡប់មកបន្ទប់វិញហើយប្រាស់ខ្លួនដេកលើពូកដ៏ទន់ល្មើយយ៉ាងរំភើប។ សង្ឃឹមថាវានឹងក្លាយជាការពិតទៅចុះ តែបើវាមិនបានការអី ក៏មិនខាតដែរ ព្រោះមិនបានចំណាយលុយសូម្បីមួយរៀល ទៅស្ដាយអី? ហើយញ៉ាំយូរដែរហើយមិនឃើញពុលផង។ ខ្ញុំយកទូរស័ព្ទចុចអូសទៅមកៗមើលពីនេះពីនោះក៏ងងុយដេកលក់ទៅ។
     


    មិនដឹងថាខ្ញុំបានដេកប៉ុន្មានម៉ោងហើយទេ តែពេលភ្ញាក់ឡើង មានអារម្មណ៍ថាខ្លួនឯងពិតជាប្លែកយ៉ាងខ្លាំង។ ខ្ញុំងើបឡើង, រាងកាយទាំងអស់របស់ខ្ញុំប្រែប្រួលខ្ទេចខ្ទី...តែវាមិនបានតាមបំណងទេ!!!!

    ដើមទ្រូងរបស់ខ្ញុំស្រាប់តែរាបស្មើ ដៃខ្ញុំប្រែជាមានសាច់ដុំធំៗ ទាំងសាច់ដុំពោះ មុខរបស់ខ្ញុំដុះពុកមាត់រឹមៗ អ្វីៗគឺប្រែទាំងអស់ពិតមែន។

    ប្រែកាយ!!!! ប្រែភេទ!!!!

    ខ្ញុំឈរមុខកញ្ចក់ឆ្លុះមួយជំហរខ្លួន អារម្មណ៍ឈឺព្រួចក្នុងពោះ។ មនុស្សនៅក្នុងកញ្ចក់ មិនមែនជាខ្ញុំពីមុន ហើយរឹតតែមិនមែនជាធីរិកាទៅទៀត....រូបកាយខ្ញុំពេលនេះគឺ...ភីរិទ្ធ!!! ស្វាមីរបស់ធីរិកា។ ធីរិកាប្រាកដជាឱ្យផ្លែប៉ោមនោះទៅភីរិទ្ធញ៉ាំ...គ្រប់យ៉ាងដែលខ្ញុំប្រាថ្នាបានក្រឡាប់ចាក់អស់ហើយ។

    ខ្ញុំអង្គុយសម្រក់ទឹកភ្នែកក្នុងសម្បករូបជាបុរសរឹងមាំ។ 
    ខ្ញុំងើបឈរឡើងវិញហើយបង្កើតស្នាមញញឹមទាំងបង្ខំ។ ណ្ហើយ! ធ្វើម៉េចបើវាហួសទៅហើយ មានរូបរាងជាបុរសក៏ល្អម្យ៉ាងដែរ ទោះមិនបានសម្រស់របា់ធីរិកា ក៏ពេលនេះខ្ញុំអាចនៅក្បែរនាងបានច្រើនជាងគេបំផុត, ទោះជាត្រូវបង្ខំធ្វើចិត្តយូរប៉ុណ្ណាក៏វាជាកម្មរបស់ខ្ញុំ។

    ប៉ុន្តែ, អ្វីដែលខ្ញុំប្រាថ្នាពិតជាមិនដែលបានសម្រេចពិតមែន។ ខ្ញុំរស់នៅជាមួយធីរិកាក្នុងនាមជាភីរិទ្ធមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែក្រុមប៉ូលីសមកព័ទ្ធចាប់ខ្ញុំឃុំខ្លួនទាំងបង្ខំ។ ភីរិទ្ធបានរកស៊ីជួញដូរគ្រឿងញៀនយ៉ាងលួចលាក់ តែគ្មានអ្វីជាអាថ៌កំបាំងទេ ប៉ូលីសនៅតែអាចវែកមុខជនល្មើសច្បាប់បាន ទីបំផុតខ្ញុំត្រូវទទួលទោសជំនួសជនឧក្រឹត្តទាំងដែលខ្លួនគ្មានកំហុសអ្វីសោះ។ 

    ជីវិតនៅក្នុងគុកក្នុងនាមជាអ្នកទោសជួញដូរគ្រឿងញៀនបានផ្ដល់ជាមេរៀនឱ្យខ្ញុំថា ត្រូវស្រឡាញ់អ្វីដែលខ្លួនមាន ជាពិសេសគឺ ត្រូវស្រឡាញ់ខ្លួនឯងឱ្យច្រើនៗដោយកុំប្រាថ្នាច្រណែននឹងរូបសម្រស់ ឬព្រេងវាសនាអ្នកដ៏ទៃ។ សង្ឃឹមថានេះត្រឹមតែជាសុបិនដ៏សែនអាក្រក់មួយទៅចុះ៕

    ចប់

    (សូមរង់ចាំអានរឿង សត្វអសុរកាយ នៅរាត្រីម៉ោង៨ស្អែកនេះ)
    សត្វអសុរកាយ 
    ផ្លែប៉ោមប្រាថ្នា ផ្លែប៉ោមប្រាថ្នា Reviewed by Unknown on 8:00 PM Rating: 5
    Loading...
    Powered by Blogger.