ផ្ទះម្ចាស់យាយ (ភាគ៥)
ខ្ញុំអេះក្បាលស្ដាប់មិនសូវយល់ការណ៍។ តែម្សិលម៉ិញត្រចៀកខ្ញុំស្ដាប់អីឮច្បាស់ចែសនឹង អូ នឹកឃើញហើយ គឺដោយសារតែកាលគាត់សុំក្រចកខ្ញុំ កាលនឹងខ្ញុំឱ្យក្រចកបងស្រីខ្ញុំដែលគាត់កាត់ទុក ក៏យកច្រកជាមួយសសៃសក់ឱ្យលោកស្រីទៅ ព្រោះគិតថាវាមិនសំខាន់អីផង។
«ហើយចុះម្សិលម៉ិញបានកូនជ្រូកមកពីណា? ហើយយកកូនជ្រូកមកធ្វើអ្វី?» ខ្ញុំសួរបន្ត។
«ឯងទៅយូរពេកជិតដល់ម៉ោង មីងអូក៏ប្រញាប់រកទិញកូនជ្រូកពីផ្ទះអ្នកភូមិទៅ, លើកក្រោយងែងចាំទុក ម៉ោង៥ថ្ងៃពេញបូរមី កុំចេញពីផ្ទះឱ្យសោះ។»
«ពេលនេះដឹងហើយ,» ខ្ញុំងក់ក្បាលទទួលដំណឹងទាំងញញឹមផង។ គិតទៅនេះជាផ្ទះមេធ្មប់ឬយ៉ាងម៉េចទៅ បានជាមានរឿងរ៉ាវចម្លែកៗដល់ម្លឹងណ៎? សាកសួរវាបន្តទៀតទៅមើល ក្រែងវាដឹងវាប្រាប់។ «ហើយធ្វើអំពើនឹង ធ្វើអំពើអ្វីដែរហង?»
ចរណៃងាកឆ្វេងស្ដាំប្រាកដថាអត់មនុស្សហើយទើបឆ្លើយ, «គឺដើម្បីឱ្យលោកស្រីអាចប្រែរ....»
«ចរណៃ!!!!!!!»
សំលេងស្រែកដូចផ្គររន្ទះរបស់នរណាម្នាក់លាន់ពេញផ្ទះដូចជាសំលេងកំហឹងដែលចង់នឹងប្រល័យនរណាម្នាក់។ ខ្ញុំរន្ធត់ភ្ញាក់ស្ទើលស់ព្រលឹងទៅហើយ។
«ចរណៃ!!!! អត់ការធ្វើខ្លាំងណាស់មែនទេ?» លោកស្រីស្រែកសួរដោយសំលេងធ្ងន់មក ពីកាំជណ្ដើរ។ ចរណៃភ័យញ័រញាក់អស់សព្វសាច់ដោយភិតភ័យតក្កមារ។
«ចាសលោកស្រី ខ្ញុំគ្រាន់តែប្រាប់ឱ្យវាដឹងថារាល់ថ្ងៃពេញ...ពេញបូរមីគឺត្រូវត្រៀមខ្លួន...»
«ហើយលើសពីនឹងទៀត?»
«ខ្ញុំនិយាយតែប៉ុណ្ណឹងឯង។»
មើលទៅលោកស្រីដូចជាខឹងខ្លាំងណាស់ គាត់បែបចង់លាក់អាថ៌កំបាំងនេះមួយជីវិតហើយមើលទៅ។
---
ទង្វើដដែលៗរាល់ថ្ងៃដែលខ្ញុំ មីងអូ និងចរណៃត្រូវធ្វើបានក្លាយជាទម្លាប់ដ៏គួរឱ្យធុញទ្រាន់។ ខ្ញុំត្រូវស្លរសម្លរឆ្នាំងធំដែលមិនបង់អំបិលដួសដាក់ចានជាច្រើនយកទៅដាក់ក្នុងបន្ទប់ងងឹតគ្រប់បន្ទប់ទាំងអស់។ ពេលខ្លះ ខ្ញុំសាកល្បងស្រែករកក្រែងមានអ្នកនៅក្នុងបន្ទប់ តែចម្លើយតបគឺគ្មានអីក្រៅពីភាពស្ងាត់ឈឹងឡើយ។
បន្ទាប់ពីធ្វើកិច្ចការចប់រួចរាល់អស់ហើយ, ខ្ញុំក៏រៀបបាយហូប។ យើងកំពុងតែបរិភោគបាយស្រាប់តែកូនប្រុសតូចរបស់លោកស្រីរត់ចូលមកព្រមទាំងកាន់តុកកែពីរក្បាលក្នុងដៃ។
«អូហូទីនទីន?» ខ្ញុំឧទាន។ «លេងអីរបស់អញ្ចឹង? មកញ៉ាំបាយជាមួយបងឬអត់?»
ខ្ញុំនិយាយព្រមទាំងហុចសាច់ប្រឡាក់ចៀនឱ្យក្មេងមួយដុំតែត្រូវមីងអូបេះចេញពីដៃ។
«កើតថីមីង?» ខ្ញុំសួរ។
«លោកប្រុសតូចមិនអនុញ្ញាតិឱ្យបរិភោគឡើយ,» មីងអូតប ហើយនាងចរណៃបន្ថែម : «ចាំណាលី!!! ឯងវិះតែនឹងសម្លាប់លោកប្រុសតូចហើយ!»
បន្ទាប់ពីបរិភោគបាយហើយ ម្នាក់ៗទៅដេកថ្ងៃតាមបន្ទប់រៀងៗខ្លួន ខ្ញុំក៏រៀបចំដាក់កន្លែងលាងចានព្រមទាំងគិតមមៃនូវសម្ដីនាងចរណៃ និងមីងអូ។ លោកប្រុសតូចមិនអាចបរិភោគជាមួយយើងបានទេ? ហេតុអីទៅ? ឬមួយក៏ប្រកាន់ឋានៈ? ហើយហេតុអីបានជាចរណៃនិយាយថាខ្ញុំវិះនឹងសម្លាប់ក្មេងតូចនោះ? គ្រាន់តែឱ្យញ៉ាំសាច់អាចប្រព្រឹត្តឃាតកម្មបានដែរ? នេះផ្ទះចម្លែកនេះក៏សម្បូរអាថ៌កំបាំងអីដល់ម្លឹង?
បន្ទាប់ពីយកសាច់ហាន់ទៅចាក់ក្នុងអណ្ដូងហើយ ខ្ញុំយកមាន់បោចទៅជូនលោកស្រី មុននឹងយកសម្លរដាក់ចានទៅទុកក្នុងបន្ទប់ជាច្រើននោះ។
ទង្វើរាល់ថ្ងៃនេះចេះតែធ្វើទៅដដែលៗរហូតមានថ្ងៃមួយ ខ្ញុំបានជួបនឹងលោកតាម្នាក់ទំនងជាអ្នកចេះខាងមន្តអាគមអូមអាម គាត់មើលមកគ្រាប់ភ្នែកខ្ញុំយ៉ាងយូរហើយនិយាយ :
«ឯងត្រូវអំពើគេហើយ ថ្ងៃណាមួយនឹងមានគ្រោះថ្នាក់ដល់ជីវិត។»
«សូមលោកតាជួយពន្យល់ចៅផង...» ខ្ញុំលើកដៃសំពះដោយក្ដីគោរព និងពឹងពាក់។
«នេះ ផឹកទឹកនេះទៅ ថ្ងៃពេញបូរមីគឺឯងអាចនឹងមើលឃើញធម្មតាណាចៅ!» លោកតាចិត្តល្អហុចទឹកវេទមន្តម្យ៉ាង។
ខ្ញុំទទួលផឹកហើយមានអារម្មណ៍ថាត្រជាក់ក្នុងគ្រាប់ភ្នែកមុននឹងធម្មតាឡើងវិញ។
«ត្រូវចាំណាចៅ ទោះជាយ៉ាងណា ត្រូវប្រយ័ត្នខ្លួនឱ្យមែនទែន បើមានរឿងអីទៅប្រាប់តា តានៅខ្ទមកណ្ដាលព្រៃឯណោះ។»
«ចា អរគុណខ្លាំងណាស់លោកតា!!!» ថាហើយលោកតានោះក៏ដើរចេញទៅបាត់។
ធ្មេញបើកៗ ដល់ថ្ងៃពេញបូរមីទៀតហើយ។ ដូចកាលពីមុន, ខ្ញុំត្រូវទៅផ្សារទិញកូនជ្រូករស់ និងយកមាន់មួយក្បាលពីកសិដ្ឋានមកឱ្យលោកស្រី។ ខ្ញុំធ្វើជាមិនដឹងឮរឿងអីទាំងអស់។
រាត្រីងងឹត, ខ្ញុំដេករសាប់រសល់តែម្នាក់ឯង ឯមីងអូ និងនាងចរណៃ ពួកគេស្ដាប់មិនឮមើលមិនឃើញដូចនេះវាគ្មានអីជាបញ្ហាសម្រាប់គាត់ឡើយ។ ខ្ញុំឮសំលេងសើចពីក្នុងបន្ទប់ក្រោមដីជាមួយនឹងសំលេងស្រែករបស់កូនជ្រូក និងមាន់ហាក់ដូចជាមាននរណាកំពុងធ្វើឱ្យវាឈឺចាប់អញ្ចឹង។ ខ្ញុំលបចេញពីបន្ទប់ហើយដាក់ត្រចៀកស្ដាប់នៅទ្វារបន្ទប់ក្រោមដីនេះទាំងបេះដូងលោតញាប់។
«ហាសហាសហាសហាហាហាហា...ល្អណាស់។» សំលេងលោកស្រីសើចដោយមោទន ខ្ញុំអាចឮសំលេងមនុស្សបីនាក់ជជែកគ្នា គឺលោកស្រី, កូនប្រុសតូចគាត់ និងនរណាម្នាក់ទៀតដូចជាយាយចាស់។
«ឯងត្រូវតែក្លាយជារូបរាងពេញលេញ ដោយមិនខ្លាចពន្លឺថ្ងៃ...ឆាប់ៗនេះហើយ ហាសហាសហាសហាហាហាហា... ធ្វើពិធីចាប់ផ្ដើម។»
ខ្ញុំឮសំលេងយាយចាស់នោះសូត្រស្អីម្យ៉ាងរអេចរអូច ហើយរំពេជនោះស្រាប់តែសម្រែកចុកចាប់របស់មនុស្សជាច្រើនបន្លឺឡើងពីជាន់ខាងលើនៃបន្ទប់នីមួយៗ។ ខ្ញុំភ័យណាស់ហើយមិនយល់ហេតុការណ៍អ្វីឡើយ។ ហើយពេលនោះខ្ញុំក៏លបចេញមកក្រៅផ្ទះ ហើយរត់តម្រង់ទៅវាលកប់ខ្មោចបំណងជួបលោកតាដែលគាត់ថាគាត់នៅក្នុងព្រៃក្បែរវាលកប់ខ្មោច។
កំពុងតែរត់មកដល់វាលផ្នូរ, អារម្មណ៍ភ័យផង ញាប់ញ័រផង ស្រាប់តែមានសំលេងបុរសម្នាក់ហៅខ្ញុំ។
«ឈប់សិន!!!»
ខ្ញុំឈប់នឹងមួយកន្លែង។
«អ្នកណាគេមានការអី?» បេះដូងខ្ញុំនៅលោតញាប់។
«ខ្ញុំគឺអ្នកដែលជួយនាំកញ្ញាឯងមកផ្ទះកាលពីយប់ពេញបូរមីនោះ? មានចាំអត់?»
«អូ គឺលោកសោះ!» ខ្ញុំនិយាយដោយខឹងតិចៗ។ «កាលនឹង លោកមិនមែនជួយទេ គឺធ្វើបាបខ្ញុំសមជាង។»
«អូ សុំទោសណាកញ្ញា ព្រោះកាលនឹងវាដល់ម៉ោង១២ល្មម ទើបខ្ញុំអស់សិទ្ធ។»
«អស់សិទ្ធអីគេ?» ខ្ញុំខឹង។ «នាំខ្ញុំមកផ្លុងនៅវាលកប់ខ្មោចនេះហើយថាជួយនាំមកផ្ទះ។»
«ព្រោះខ្ញុំចង់ឱ្យកញ្ញាស្គាល់ផ្ទះខ្ញុំ។»
អាប៉ិនេះនិយាយស្អីវា មិនយល់សោះ។ ខ្ញុំខំសម្លឹងរកវាដែរ តែរកមិនឃើញទទេ។
«ហើយលោកឯងទំនេរណាស់ណ៎ អធ្រាតស្មើនេះហើយនៅវាលកប់ខ្មោចទៀត,»
«ព្រោះទីនេះជាផ្ទះខ្ញុំហើយ,»
«ផ្ទះអី? អត់ឃើញមានផ្ទះអីផងនឹង!» ខ្ញុំសួរដោយឆ្ងល់ ព្រោះក្រៅពីវាល និងម៉ុងខ្មោច អ្វីៗគឺគ្មានទេ។
«ផ្នូរក្រោមដើមត្នោតដែលកញ្ញាដេកលើ កាលពីយប់នោះ គឺជាផ្ទះខ្ញុំ។»
«ចង្រៃយក៍ ចេះមកបន្លាចខ្ញុំទៅកើត!!! ហើយលោកឯងពួននៅឯណាចេញមក ខ្ញុំរកមិនឃើញទេ។»
«ខ្ញុំឈរទល់មុខកញ្ញាឯងហើយតើ!»
គាត់តបបែបនេះធ្វើឱ្យខ្ញុំព្រឺសម្បុរគីង្គក់។ ខ្ញុំចាប់ផ្ដើមភ័យហើយរត់ទៅព្រៃដើម្បីទៅជួបលោកតាចិត្តល្អនោះឆាប់។ មកដល់កណ្ដាលព្រៃដ៏ស្ងាត់ឈឹង ខ្ញុំខំក្រលេករកមើលខ្ទម ក៏ឃើញ។ ខ្ញុំចូលទៅខ្ទមនោះ ឃើញលោកតានោះកំពុងអង្គុយស្មឹងស្មាធិដោយមានអុចចង្កៀងផង។
«លោកតាអើយ ចៅសុំទោសដែលរំខានទាំងអធ្រាត តែចៅពិតជាចង់ពឹងឱ្យលោកតាជួយ។ នៅផ្ទះនោះកាន់តែចម្លែក និងគួរឱ្យខ្លាចហើយលោកតា!!! លោកស្រីខ្ញុំមិនដឹងនិយាយស្អីឡើយក្នុងបន្ទប់ក្រោមដីជាមួយនរណាគេក៏មិនដឹង។ សូមលោកតាជួយផង!!!»
លោកតាចិត្តល្អញញឹមមកខ្ញុំហើយដកដង្ហើមធំដំអក់មួយសន្ទុះទើបចេញស្ដី៖
«តាដឹងរឿងតែទាំងអស់នឹង!!! មិនអីទេកុំភ័យ ពេលចៅស្លរសម្លរឆ្នាំងធំ ចូរបង់អំបិលមួយក្ដាប់ក្នុងឆ្នាំងសម្លរនោះទៅ អំពើនោះនឹងសាបរលាបបន្តិចម្ដងៗ ហើយនឹងចេញរូបរាងពិតជាពុំខាន។»
គាត់ញញឹមមួយសន្ទុះក្រោយក៏ប្រាប់ខ្ញុំបន្ត៖
«តែចៅកុំភ្លេចត្រូវប្រយ័ត្នខ្លួនឯងផង! ហើយដើរកន្លែងវាលកប់ខ្មោចនោះមានឃើញខ្មោចអត់?»
«អត់ឃើញផងលោកតា។» ខ្ញុំតប។ «តែឮសំលេងបុរសម្នាក់ហៅខ្ញុំ រកមើលមិនឃើញរូប ឮតែសំលេង គួរឱ្យចម្លែកមែន។»
«ម្នាក់នឹងហើយគឺជាខ្មោចកម្លោះដែលឡានកិនស្លាប់ពីប៉ុន្មានឆ្នាំមុន,» គ្រាន់តែលោកតាពោលចប់ ខ្ញុំហួសចិត្តយ៉ាងខ្លាំង។
«អត់ទោសលោកតា ខ្ញុំចង់ដឹងរឿងផ្ទះធំ និងរឿងរ៉ាវលោកស្រីខ្ញុំច្រើនជាង។»
«ចង់ដឹងពីអី តាប្រាប់បានតែទាំងអស់នឹង។»
«ម៉េចក៏លោកតាដឹងរឿងច្រើនម៉្លេះ?»
«តាដឹង ព្រោះតាជាប្ដីរបស់ម្ចាស់ស្រីចៅ!»
«អូ ពិតទេលោកតា? ហើយចុះ! ចុះ...» ខ្ញុំរកនឹកនិយាយមិនឃើញព្រោះភ្ញាក់ផ្អើលពេក។ «ចុះហេតុអីក៏លោកតាចាស់ម៉្លេះ? ហើយកូនប្រុសលោកស្រីជាកូនរបស់លោកតាដែរមែនទេ? គេនៅក្មេងណាស់។»
«មែនហើយ បើឯងចង់ដឹង តាក៏មិនលាក់នឹងឯងដែរណាចៅ។» គាត់លើកពែងតែនៅលើចង្ក្រានធ្យូងចាក់ក្នុងពែងក្រេបបន្តិចហើយបន្ត៖
«កាលពី៦០ឆ្នាំមុន តាមានអាយុ២០ឆ្នាំ តាបានចូលទៅបរបាញ់សត្វក្នុងព្រៃដូចអ្នកភូមិដ៏ទៃ តែទម្លាប់របស់តាគឺចូលចិត្តទៅណាតែម្នាក់ឯង។ មកដល់កណ្ដាលព្រៃ តាអស់កម្លាំងជាខ្លាំងចម្លែកខុសពីធម្មតាក៏សម្រាកក្រោមដើមជ្រៃដ៏ធំមួយនាពេលល្ងាចសូរិយារៀបលិច។ មិនដឹងថាកាលណោះតាដេកយូរប៉ុណ្ណាទេ តែពេលបើកភ្នែកឡើង តាឃើញថាវាជាពេលយប់ងងឹតបាត់ទៅហើយ។ តាភ័យណាស់ប្រញាប់រួសរាន់ងើបឡើងហើយរៀបចំប្រដាប់ប្រដាបំណងត្រលប់ទៅផ្ទះវិញតែពេលនោះស្រាប់តែឃើញនារីម្នាក់សាច់សសែនស្រស់ស្អាតដើររេរាមុខតា។ តាឆ្ងល់ពេកក៏សួរនាងថា តើមករកអ្វីយប់ថ្មើណេះទៅហើយ? នាងបានឆ្លើយតបឡើងថានាងវង្វេងព្រៃ។ តាក៏សួរនាំពីនេះពីនោះទៀតហូរហែរឡើងវែងឆ្ងាយ ពេលនោះរោគតណ្ហាក៏ពុះកញ្ជ្រោលចិត្តកាយឱ្យយើងទាំងពីររួមរក្សសង្វាសមេត្រីគ្នាយ៉ាងរីករាយ។ ក្រោយមកទៀត, ពេលនាងនោះដេកក្បែរដើមជ្រៃ តាក៏លបរត់ចោលនាងមកភូមិវិញ ទុកឱ្យនាងនៅវង្វេងក្នុងព្រៃតែឯង តាមិនដឹងថានាងវង្វេងយូរប៉ុណ្ណានោះទេ តែក្រោយមក៣ឆ្នាំកន្លង, តានៅមិនទាន់យកប្រពន្ធនៅឡើយ។ តាស្ទើតែភ្លេចពីនាងក្រមុំដែលជួបរួមភេទគ្នាក្នុងព្រៃនោះបាត់ទៅហើយ រហូតដល់ថ្ងៃមួយ...» លោកតាស្លេះឈប់និយាយបន្តិច ខ្ញុំមើលឃើញថាគាត់ដូចជាមានទឹកមុខកម្សត់ណាស់ ដូចជានឹករឿងអតីតធ្វើឱ្យគាត់ឈឺចាប់។...
(សូមអានបន្តភាគ៦ជាភាគបញ្ចប់)
ចុចអាន បន្ត
ផ្ទះម្ចាស់យាយ (ភាគ៥)
Reviewed by Unknown
on
5:25 PM
Rating: