រូងងងឹត (ភាគ៤) : សាកសពស្វិត
ពេលដែលម៉ាក់ខ្ញុំចាប់ស្មារខ្ញុំនោះ គាត់ខឹងខ្លាំងណាស់ គាត់ទាញខ្ញុំមួយទំហឹង រាងកាយដ៏ខ្សោយរបស់ខ្ញុំក៏ដួលព្រុះទៅលើរនាបក្ដារ។ ម៉ាក់ចាប់អូសខ្ញុំចូលមកបន្ទប់ខ្ញុំវិញហើយគាត់បានចាក់សោរពីក្រៅ។ ទោះជាខ្ញុំប្រឹងប្រើកម្លាំងបន្តិចបន្តួចរបស់ខ្ញុំស្រែកអង្វរគាត់យ៉ាងណាក៏គាត់មិនអានិតអាសូរទាល់តែសោះ។ ខ្ញុំយំបោកខ្លួននឹងទ្វាឈើស្ងាត់ៗ ព្រោះគ្មានកម្លាំងឯណានឹងស្រែកឱ្យឮខ្លាំងឡើយ។
ម៉ាក់ឃុំខ្ញុំទុកក្នុងបន្ទប់មួយនេះប្រៀបដូចជាអ្នកទោស។ គាត់មានប្រហោងតូចមួយក្រោមទ្វាគ្រាន់នឹងបានហុចចាហួយមួយស្លាបព្រារៀងរាល់ពេលយប់។ ខ្ញុំមិនចង់ឱ្យវាសនាខ្លួនឯងដូចជាបងស្រីខ្ញុំឡើយ។ សាកសពនៅក្នុងទូដែលខ្ញុំបានឃើញនាយប់នោះគឺជាសាកសពរបស់សារ៉ា, ដែលស្វិតក្រៀមមិនស្អុយរលួយព្រោះដោយសារតែបរិភោគចាហួយច្រើនពេក ពេលស្លាប់ក៏ត្រឹមតែស្វិតក្រញ៉ង់ដូចសាច់ងៀត។
នៅឃុំក្នុងបន្ទប់ដ៏ឯកានេះ, ខ្ញុំបានរៀបគម្រោងជាស្រេច។ ខ្ញុំតែងទទួលយកចាហួយដែលម៉ាក់ផ្ដល់ឱ្យរាល់យប់, តែខ្ញុំមិនបរិភោគវាទេ។ ខ្ញុំតែងយកចាហួយចាក់នៅដែកខ្ទាស់ត្រចៀកទ្វាបំណងឱ្យវារអិលឡើងច្រេះ។ ខ្ញុំចាប់កណ្ដុរស៊ីរាល់ថ្ងៃដើម្បីចម្អែតក្រពះ ទោះជាខ្ពើមរអើមនឹងក្លិនដ៏ឆ្អាប, តែដើម្បីរស់, ខ្ញុំត្រូវតែបង្ខំចិត្ត។ ជីវិតស៊ីកណ្ដុរជាអាហារមិនមែនជាការងាយនោះទេ, ចូរអ្នកទាំងបីគិតទៅមើល ខ្ញុំត្រឹមជាក្មេងស្រីម្នាក់ដែលជាវ័យកំពុងធំពេញរូបរាង តែបែរជាត្រូវមកឃុំទុកដោយស្នាដៃម្ដាយចិត្តអប្រិយបែបនេះ។ ខ្ញុំតែងបន្តធ្វើរបៀបនេះមិនលោះថ្ងៃ, គឺយកចាហួយមកលាបលើដែកទ្វាប្រាថ្នាថាថ្ងៃណាមួយគង់នឹងវាបាក់ផុយ ហើយខ្ញុំនឹងអាចចេញទៅក្រៅវិញមិនខាន។
ឆ្មាសម្បុរខ្មៅមួយក្បាលបានរុកតាមប្រឡោះក្រោមទ្វាចូលមកក្នុងបន្ទប់ខ្ញុំ។ មិនបង្អង់យូរ, ខ្ញុំក៏ចាប់ច្របាច់កវាហែកស៊ីយ៉ាងព្រៃផ្សៃ។ ខ្ញុំមិនស្រកសាច់ទេ នៅមានសាច់ឈាមដូចគេឯងធម្មតា តែ, ខ្ញុំខានសិតសក់ឆ្លុុះកញ្ចក់ជាច្រើនថ្ងៃមកហើយ។
ជាច្រើនខែបន្ទាប់, សកម្មភាពនេះចេះតែធ្វើឡើងដដែលៗ ហើយម៉ាក់មិនដែលភ្លេចឱ្យចាហួយមួយស្លាបព្រា និងទឹកមួយកែវមកខ្ញុំរាល់ថ្ងៃនោះទេ។ បន្ទប់ដ៏ស្មុកស្មាញនេះមិនខ្វះកណ្ដុរស៊ីឡើយ។
យប់មួយ, ខ្ញុំកំពុងដេកដោយមានឈាមកណ្ដុរប្រឡាក់មុខមាត់ស្រម៉ក ស្រាប់តែឮសំឡេងក្រេសក្រូសនៅក្រៅបន្ទប់។ គឺម៉ាក់បានរុញចានដែលមានដុំនំមូលតូចៗជាច្រើនដុំ។ ខ្ញុំរីករាយខ្លាំងមែនទែន។ ក្លិននំពិតជាឈ្ងុយខ្លាំងណាស់ ដូច្នេះខ្ញុំមិនបានគិតច្រើនក៏ខ្វាដៃស៊ីនោះនោះយ៉ាងឆ្ងាញ់មាត់។ បន្ទាប់ពីស៊ីអស់មួយចាន ផឹកទឹកស្រួលបួលហើយ, ខ្ញុំស្រាប់តែឈឺពោះក្ដៅឈួលឆេវដូចជាទឹកពុះក្នុងពោះវៀនរាប់លានអង្កាសេ។ ខ្ញុំស្រែកប្រកាច់ប្រកិនម្នាក់ឯង ស្របពេលនោះ ខ្ញុំឮសំឡេងម៉ាក់ខ្ញុំសើចយ៉ាងស្រួលពីក្រៅបន្ទប់ ដូចជាពេញចិត្តនឹងការឈឺចាប់របស់ខ្ញុំខ្លាំងណាស់។ បន្ទាប់មក, ខ្ញុំមិនបានដឹងអ្វីទាំងអស់។
ខ្ញុំភ្ញាក់ឡើងវិញ, ពន្លឺព្រះអាទិត្យចាំងចូលមកតាមប្រហោងជញ្ជាំងឈើនៃបន្ទប់នេះ។ ខ្ញុំងើបឡើង សក់ក្បាលធំសំព្រោង ឃើញស្បែកដៃស្វិតក្រជីវដូចឬសឈើគួរឱ្យខ្លាច ក្រចកដៃវែងៗ ខ្ញុំភ្ញាក់ខ្លួនព្រើតពេលដឹងថាខ្លួនឯងបានប្រែក្លាយទៅជាយាយចាស់ដ៏ជ្រីវជ្រួញ។ ទឹកភ្នែកហូរចុះមកភ្លាមៗព្រោះស្ដាយសម្រស់។ ម៉ាក់បានបញ្ឆោតខ្ញុំឱ្យបរិភោគនំនោះ សម្រស់របស់ខ្ញុំត្រូវម៉ាក់ទាញយកទៅដាក់លើខ្លួនគាត់អស់ហើយ ហើយផ្ដល់ឱ្យខ្ញុំនូវរូបរាងចាស់ដ៏គួរឱ្យខ្លាច។
យប់ងងឹត, ពេលខ្ញុំប្រាកដថាម៉ាក់ចូលដេកហើយនោះ, ខ្ញុំក៏ទាញទ្វាច្រេះនេះតិចៗរហូតបាក់ប្រាវធ្លាក់បង្កជាសំឡេងយ៉ាងខ្លាំង។ ខ្ញុំភ័យខ្លាំងណាស់ ម៉ាក់ស្ទុះពីបន្ទប់ដេករបស់គាត់ហេមករកខ្ញុំហើយវាយដំខ្ញុំយ៉ាងខ្លាំង។ សម្រស់របស់ម៉ាក់ពិតជាក្មេងជាងខ្ញុំពិតមែន។ ក្នុងរូបរាងជាស្ត្រីចាស់, ខ្ញុំព្ាយាមរត់ចេញទៅក្រៅផ្ទះយ៉ាងលឿន តែគាត់នៅតែតាមយ៉ាងប្រកិត, ខ្ញុំរត់ទៅលើផ្លូវ តម្រង់ទៅផ្លូវរថភ្លើង វាសនាល្អគាប់ជួនជាមានរទេះភ្លើងមួយខ្សែចេញមកល្មម ខ្ញុំហក់តោងរទេះភ្លើងដ៏លឿននោះ ឯម៉ាក់ក៏ឈប់តាមខ្ញុំទៀត តែគាត់នៅតែស្រែកជេររហូតរទេះភ្លើងបរទៅមុខឆ្ងាយ។ ខ្ញុំបានធូរទ្រូងខ្លាំងណាស់ ក្នុងរទេះភ្លើងនេះមិនមានមនុស្សទេ គឺគេដឹកតែឥវ៉ាន់សម្រាប់លក់ក្នុងក្រុង។
រទេះភ្លើងបន្តទៅមុខធម្មតា តែមួយសន្ទុះក្រោយស្រាប់តែឮគ្រាំង! ដូចជាបុកនឹងអ្វីមួយធ្ងន់។ ខ្ញុំលោតចុះពីវាហើយរត់ចូលព្រៃ។ ខ្ញុំរត់ចុះពីផ្លូវបានតែបន្តិចស្រាប់តែមាននរណាម្នាក់មកចាប់ស្មារ។
«លែងខ្ញុំទៅៗ»
សំឡេងចាស់ញ័ររបស់ខ្ញុំព្យាយាមស្រែកអង្វរនរណាម្នាក់នោះឱ្យអាសូរ។ បន្ទាប់មក, ខ្ញុំងាកក្រោយក៏ឃើញថា វាគឺជាលោកតាចាស់ម្នាក់សម្លឹងមកខ្ញុំដោយកែវភ្នែកមេត្តា។ គាត់មិនដឹងជាមនុស្សល្អ ឬអាក្រក់ទេ តែមើលទៅដូចជាគាត់ចង់ជួយខ្ញុំ។
«ហើយរត់គេចពីអ្វីដែរ ក៏ត្រហេបត្រហបម៉្លេះ?» គាត់សួរខ្ញុំ។
«គឺ...គឺ ម្ដាយរបស់ខ្ញុំ!!!» ខ្ញុំតប។
«រត់គេចពីម្ដាយ?» គាត់សួរដូចជាភ្ញាក់ផ្អើល។ «យាយឯងចំណាស់នេះហើយមានម្ដាយទៀត?»
«ទេ ទេ,» ខ្ញុំតបទៅគាត់ទាំងនៅហត់។ «រឿងខ្ញុំវែងឆ្ងាយណាស់។»
តានោះក៏អញ្ជើញឱ្យខ្ញុំចូលផ្ទះរបស់គាត់សិន។ ផ្ទះគាត់នៅដាច់ស្រឡះពីគេ ពេលយប់បែបនេះគួរឱ្យខ្លាចខ្លាំងណាស់។ មិនបង្អង់យូរ, ខ្ញុំក៏និយាយរឿងរ៉ាវទាំងអស់ប្រាប់គាត់។ គាត់មើលទៅដូចជាយល់ច្រើន ងក់ក្បាលហើយឧទាន៖
«ម្ដាយអីក៏សាហាវបែបនេះណ៎។ តាមពិតខ្ញុំស្គាល់ម្ដាយឯងដែរ ហើយនែក...វាពិតជាចៃដន្យបំផុតនោះគឺខ្ញុំនេះហើយជាប្ដីរបស់នាង ហើយក៏ជាឪពុករបស់ឯង។»
គាត់និយាយបែបនេះខ្ញុំបើកភ្នែកភ្ញាក់ផ្អើលជាខ្លាំងទ្វេឡើង។ ខ្ញុំមិនគិតថាគាត់និយាយកុហកទេ ព្រោះរាល់ការដែលខ្ញុំនិយាយគឺគាត់យល់ទាំងអស់។ បន្ទាប់មកក៏សួរទាំងឆ្ងល់៖
«លោកតាជាប៉ាខ្ញុំមែនឬ?»
«មែនហើយ,» គាត់ឆ្លើយទាំងធ្លាក់ទឹកមុខទៅជាក្រៀមក្រំមួយរំពេជ។
«អូលោកប៉ា? ហេតុអីក៏...ហេតុអីក៏លោកប៉ាចាស់ដល់ម្លឹង?»
គាត់ស្ងៀមមួយសន្ទុះ។ ខ្ញុំពិតជាជឿថាគាត់ជាប៉ារបស់ខ្ញុំណាស់ ថ្វីបើខ្ញុំមិនដែលឃើញគាត់ តែញាណមនោសញ្ចេតនានៃកែវភ្នែកកូន និងឪពុកអាចឱ្យខ្ញុំទុកចិត្តដោយមានមានហ្មង។
«ដោយសារតែម៉ាក់របស់ឯង,» លោកតាចាស់ដែលជាប៉ាខ្ញុំនោះតប។ «ម៉ាក់ឯងបានទាញយកកម្លាំងបុរសពីខ្ញុំទៅចូលក្នុងខ្លួនរបស់នាង។ ដោយគ្មានកម្លាំងទើបខ្ញុំក្លាយខ្លួនជាមនុស្សចាស់បែបនេះ។ ហើយសម្រស់ពិតម៉ាក់ឯងក៏មិនមែនក្មេងប៉ុន្មានដែរ សម្រស់ដែលឯងឃើញគឺជាការបំភ័ន្តភ្នែកទាំងស្រុង ដោយការទាញសម្រស់ពីអ្នកដ៏ទៃ។»
«តែម៉ាក់កុហកខ្ញុំថាប៉ាស្លាប់បាត់ហើយ,» ខ្ញុំចាប់ផ្ដើមយំដោយរំជួលពីក្នុងបេះដូង។
«មិនពិតទេ,» ប៉ាបន្ត។ «បើខ្ញុំនៅតែទ្រាំនៅមិនរើបម្រាស់នឹងទារុណកម្មនោះ, ខ្ញុំនឹងត្រូវនាងសម្លាប់យកឈាមមិនខាន។ ហើយខ្ញុំក៏រត់ចេញពីផ្ទះនោះដោយរថភ្លើងតាមផ្លូវ ខ្ញុំមកនៅតែម្នាក់ឯងកណ្ដោចកណ្ដែងនៅផ្ទះគេទុកចោលមួយនេះ។ បើតាមឯងនិយាយ, បងស្រីឯងត្រូវម៉ាក់ឯងចាក់បំពង់កយកឈាមធ្វើទឹកអប់ហើយ។»
«ពុទ្ធោ!!!» ខ្ញុំដួលស្រឹបទៅលើដី។ ខ្ញុំដឹងស្រាប់ទៅហើយថាសារ៉ាបានស្លាប់ តែខ្ញុំស្មានតែនាងស្លាប់ដោយអត់អាហារយូរពេក។ លោកតាចាស់នេះឈោងប៉ះក្បាល និងថ្ងាសខ្ញុំថ្នមៗ។
«កូនស្រីប៉ា!» គាត់និយាយទាំងយំ។ «កូនត្រូវតែបញ្ចប់ម្ដាយរបស់ឯង។ បើមិនដូច្នេះទេ នាងនឹងផ្ដល់គ្រោះថ្នាក់ជាច្រើនដល់អ្នកបន្ទាប់មិនខាន។»
«អត់ទេប៉ា,» ខ្ញុំប្រកែកភ្លាមៗ។ «ទោះជាគាត់កាចឃោរឃៅយ៉ាងណា, ទោះជាគាត់ឆ្គួត ឬជា ទោះជាគាត់ជាអ្វីក៏គាត់នៅតែជាម្ដាយខ្ញុំ។ ខ្ញុំមិនសម្លាប់គាត់ជាដាច់ខាត។»
លោកប៉ាញញឹមតិចៗដូចជាហួសចិត្តនឹងខ្ញុំ។
«ហាសហា កូននេះចាស់តែរូបមែន។ ខ្ញុំមិនបានឱ្យឯងសម្លាប់ម្ដាយឯងទេ គឺត្រូវកែប្រែចិត្តម្ដាយរបស់ឯងឱ្យក្លាយជាប្រក្រតីដូចគេឯងធម្មតាវិញ ឱ្យឈប់មានគំនិតចង់ក្លាយជារាជ្ជនីកំពូលសម្រស់តទៅទៀត ហើយបើអាចរំលាយចិត្តព្រាយពីខ្លួននាងបាន ឯង និងខ្ញុំនឹងក្លាយជាធម្មតាវិញ មិនមែនចាស់បែបនេះទៀតទេ។»
«បានចឹងល្អហើយ,» ខ្ញុំញញឹមទាំងមានទុក្ខគរ។ «តែមានដំណោះស្រាយអីទៅ?»
«ត្រូវនាំនាងមកទីនេះ, ខ្ញុំនឹងនាំនាងទៅផ្ទះម្ចាស់យាយម្នាក់ដែលនៅកណ្ដាលព្រៃ។ ម្ចាស់យាយនោះពូកែដោះខាងអំពើមន្តអាគម គាត់ប្រាកដណាស់ជាអាចជួយយើងបាន ត្រឹមចិត្តព្រាយដូចម្ដាយឯងនេះមិនពិបាកសម្រាប់គាត់ទេ។ ទៅ! ទៅនាំម្ដាយឯងមកទីនេះមក។»
ខ្ញុំជ្រួញចិញ្ចើមមិនសូវយល់។ បន្ទាប់មកក៏ប្រកែកតវ៉ា។
«តែធ្វើអញ្ចឹងម៉េចបាន?» ខ្ញុំនិយាយក្នុងសំឡេងជាយាយកញ្ចាស់ញ័រទទ្រើក។ «ខ្ញុំមិនអាចនាំគាត់មកស្រួលៗទេ បើគាត់ឃើញខ្ញុំ, គាត់នឹងសម្លាប់ខ្ញុំជាមិនខានទេ។»
ប៉ាដើរក្នុងដំណើររញីរញ័រមិនខុសពីខ្ញុំ ចូលទៅក្នុងបន្ទប់គាត់។ មួយសន្ទុះគាត់ចេញមកវិញជាមួយប្រអប់ខ្មៅតូចមួយ។
«ទឹកថ្នាំនេះអាចជួយយើងបាន។ ទឹកថ្នាំនេះខ្ញុំសល់ពីខ្មោចតាទួតរបស់ឯងឱ្យទុកការពារខ្លួនពេលអាសន្ន ឬចាំបាច់ខ្លាំង។ ឯងជះឱ្យចំភ្នែកទាំងគូរបស់ម៉ាក់ឯង នាងនឹងក្លាយជាសត្វពពែជាបណ្ដោះអាសន្ន ដល់ពេលនោះឯងអាចដឹកនាងមកទីនេះបានហើយ។ កុំភ័យអី ពេលនាងមកដល់ទីនេះ ម្ចាស់យាយអាចជួយដោះឱ្យនាងក្លាយជាមនុស្សវិញមិនខាន ហើយក្លាយជាមនុស្សល្អម្នាក់ទៀតផង។ ទទួលយកទឹកថ្នាំនេះហើយធ្វើតាមប៉ាប្រាប់ចុះ, កូនស្រី។»
ខ្ញុំទទួលយកទឹកថ្នាំហើយមិនអស់ចិត្តក៏សួរគាត់ទៀត។
«បើប៉ាមានទឹកថ្នាំនេះ ហើយស្គាល់ម្ចាស់យាយកណ្ដាលព្រៃនោះ, ម៉េចក៏ប៉ាមិនយកទឹកថ្នាំនេះទៅជះភ្នែកម៉ាក់តាំងពីយូរទៅ?»
ប៉ាសើចតិចៗក្នុងសំឡេងជាលោកតាកញ្ចាស់។ គាត់តប, «ឯងចង់ថាខ្ញុំកំសាកក៏បាន, តែចម្ងាយពីនេះទៅផ្ទះម៉ាក់ឯងមិនមែនជិតទេ។ ខ្ញុំមកទីនេះដោយតោងរទេះភ្លើង តែរទេះភ្លើងមានតែទៅមុខ មិនដែលទៅក្រោយទេដូច្នេះខ្ញុំមិនអាចដើរទៅជះក្នុងចម្ងាយជាច្រើនគីឡូម៉ែត្របានឡើយ។»
«ចុះខ្ញុំមានកម្លាំងឯណាដើរត្រឡប់ទៅផ្ទះវិញនោះ?» ខ្ញុំគិតជាមួយគាត់មួយស្របក់ក៏ភ្ញាក់ខ្លួនព្រើត។ យើងក្រឡេកមើលទៅផ្លូវ មានរថយន្តស៊ឺរ៉ែនជាច្រើន និងមនុស្សមួយចំនួនឈរចម្រុះជាមួយប៉ូលីស។ ខ្ញុំកាន់ដបទឹកថ្នាំនោះហើយដើរទៅហ្វូងមនុស្សដែលអ៊ូឯនាកណ្ដាលរាត្រី ដើម្បីដឹងហេតុការណ៍។ នៅទីនេះ, ខ្ញុំឃើញរទេះភ្លើងដែលខ្ញុំជិះហ្នឹង ក្រឡាប់ធ្លាក់ផ្លូវដែកបណ្ដាលឱ្យជ្រុះអីវ៉ាន់ខ្ទេចខ្ទី។ វាក៏ដោយសារតែរទេះភ្លើងបុកមួយទំហឹងជាមួយនឹងដើមឈើធំមួយដែលរលំដួលពាំងផ្លូវដែក។ រថយន្តច្រវែងច្រវ៉ាត់ធ្វើចរាចរណ៍ពីកន្លែងកើតហេតុ។
«ប្រញាប់ទៅក្រុងថារ៉ែន ជិតជាងក្រុងស៊ីនចេឡេស!» ប៉ូលីសម្នាក់ស្រែកបង្គាប់ឱ្យគ្នាគាត់ទៅយកឡានស្ទូចពីក្រុង។ ខ្ញុំអរព្រួចពេលបានឮថានឹងមានគេទៅក្រុងថារ៉ែន។
«ប្រញាប់ឡើង! យើងត្រូវធ្វើកិច្ចការនេះឱ្យហើយយប់នេះ។»
«អត់ទោសលោកប៉ូលីស!» ខ្ញុំនិយាយក្នុងសំឡេងចាស់យ៉ាងខ្សោយ។ «ខ្ញុំអាចសុំដោយសារផងបានទេ?»
«អូលោកយាយចង់ទៅក្រុងថារ៉ែនដែរមែនទេ?»
«ចាសមែនហើយ អាណិតសុំទៅជាមួយផង។»
«បាទ លោកយាយឡើងលើឡានមក។»
ខ្ញុំឡើងឡានទាំងទត្រាក់ទទ្រើត។ ឡានប៉ូលីសមួយនេះជិះយ៉ាងលឿនត្រឡប់មកក្រោយតម្រង់ទៅក្រុងថារ៉ែន ជាក្រុងដែលជាផ្ទះម៉ាក់ខ្ញុំ។...
(សូមរង់ចាំអានបន្តភាគបួន : ពពែអាគមវិញ្ញាណ នៅរាត្រីម៉ោង៨ថ្ងៃព្រហស្បត្តិ៍)
រូងងងឹត (ភាគ៤) : សាកសពស្វិត
Reviewed by Unknown
on
8:00 PM
Rating: