ផ្ទះម្ចាស់យាយ (ភាគ៦ចប់)
ក្រោយពីសម្រាកផឹកតែមួយសន្ទុះ, គាត់ក៏និយាយបន្តទៀត៖
«មុនពេលឪពុករបស់តាស្លាប់, គាត់បានប្រគល់កេរ្តិ៍មរតកទាំងអស់ ទាំងដីទាំងផ្ទះដ៏ធំព្រោះឪពុករបស់តាជាសេដ្ឋីប្រចាំភូមិ គាត់បានប្រគល់មកឱ្យតាទាំងអស់ព្រោះតាជាកូនតែមួយរបស់គាត់។ តារស់នៅក្នុងជីវិតដ៏សប្បាយជាមួយអ្នកបម្រើប្រុសស្រីជាច្រើននាក់ ហើយបានធ្វើបន្ទប់ក្រោមដីយ៉ាងធំសម្រាប់ដាក់កេរ្តិ៍សារណវត្ថុមានតម្លៃទាំងប៉ុន្មាន។ ជាន់ខាងលើនៃផ្ទះនោះមានបន្ទប់ច្រើនណាស់ព្រោះកាលនឹង អ្នកបម្រើមានច្រើនដែរត្រូវនៅបន្ទប់មួយម្នាក់រៀងខ្លួន។ ថ្ងៃមួយនោះ, មានស្ត្រីម្នាក់ពរកូនអាយុ៣ឆ្នាំមករកតា។ គ្រាន់តែតាឃើញភ្លាម, តាក៏ស្គាល់ជាក់ស្ត្រីនោះភ្លាម គឺស្ត្រីដែលវង្វេងព្រៃនោះអ្ហែង។ នាងអះអាងថាកូនប្រុសនោះគឺជាកូនរបស់តា និងនាង។ តាបានទទួលនាងឱ្យនៅផ្ទះធំនោះ តែតាបានពិភាក្សាសម្ងាត់ជាមួយអ្នកបម្រើនឹងកម្ចាត់នាង និងកូននោះចោលដោយមិនឱ្យនាងដឹង។»
«លោកតាមិនគួរធ្វើបែបនេះសោះ,» ខ្ញុំនិយាយទាំងទឹកភ្នែកហូរ ព្រោះកម្សត់ពេក។
«មែនហើយ, តាពិតជាខុសច្រើនណាស់លើនាង។» លោកតាអួលដើមក។ ខ្ញុំសួរ៖
«ចុះបន្ទាប់ទៀតយ៉ាងម៉េចទៅលោកតា? ខ្ញុំចង់ដឹងដល់ហើយ។»
«បន្ទាប់មកទៀត មានអ្នកបម្រើប្រុសម្នាក់និយាយប្រាប់តាថា ម្ចាស់យាយម្នាក់នៅកណ្ដាលព្រៃឯជើងនោះពូកែស័ក្ដិសិទ្ធខាងមន្តអាគមគាថាណាស់ តែអ្នកដែលចង់ពឹងគាត់ត្រូវរៀបចំកន្លែងសម្រាប់ដាក់មជ្ឈូសគាត់ ហើយសែនអ្វីដែលគាត់ត្រូវការឱ្យគាត់រាល់ថ្ងៃពេញបូរមី។ តាសួរថាតើម្ចាស់យាយនោះពិតជាអាចកម្ចាត់ស្ត្រីកូនមួយនោះចោលបានមែនឬ? ហើយយប់ពេញបូរមីមួយ តាបានទៅជួបម្ចាស់យាយនោះនៅកណ្ដាលព្រៃ។ ម្ចាស់យាយនោះប្រាប់ថានរណាគោរពសែនឱ្យគាត់ គាត់នឹងជួយអ្នកនោះ។ ម្ចាស់យាយនោះធានាធ្វើឱ្យស្ត្រីនោះ និងកូនក្លាយទៅជាពស់ថ្លាន់ពីរក្បាល។ ពេលហ្នឹង តាបង្គាប់ឱ្យគេរៀបចំបន្ទប់ក្រោមដីក្នុងផ្ទះដើម្បីដាក់មជ្ឈូសម្ចាស់យាយ ហើយយប់ឡើងនាំគ្នាសែងមជ្ឈូសម្ចាស់យាយមកដាក់ក្នុងបន្ទប់នោះដោយមិនឱ្យស្ត្រីកូនតូចមួយនោះដឹងឡើយ។ ម្ចាស់យាយបានសូត្រមន្តអាគមអូមអាមខាកស្ដោះ ហើយបង្គាប់ឱ្យពួកយើងចាប់ស្ត្រីនោះ និងកូនមកឱ្យគាត់ គាត់សូត្រផ្លុំដាក់អំពើ។ ក្រុមអ្នកបម្រើបានចាប់ស្ត្រីនោះ និងកូនមកក្រោមដី រួចច្របាច់កសម្លាប់នាង និងកូន។ នាងរើបម្រាស់យ៉ាងណាក៏មិនរួច ហើយមិនយូរប៉ុន្មាន នាង និងកូនតូចក្លាយទៅជាសត្វពស់ថ្លាន់ធំពីរក្បាលសាកសពនាង និងកូននៅដដែល តែវិញ្ញាណនាង និងកូនបាននៅក្នុងពស់បាត់ទៅហើយ។ យើងយកពស់មួយទៅបោះចូលអណ្ដូងក្រោយផ្ទះ ឯមួយទៀតយកដាក់ឃុំក្នុងបន្ទប់បិទជិតមួយក្នុងផ្ទះ ហើយយកសាកសពម្ដាយកូននោះដាក់ក្នុងបន្ទប់មុខបន្ទប់ម្ចាស់យាយនោះ។
ក្រោយមក, អ្វីៗសប្បាយឡើងវិញ។ យើងតែងសែនសំណែនជាច្រើនដល់លោកយាយនៅរៀងរាល់យប់ពេញបូរមី។ តែមានយប់មួយ, តាមិននៅផ្ទះឡើយ ព្រោះរវល់ទៅជប់លៀងឡើងផ្ទះមិត្តភក្ដិនៅស្រុកឆ្ងាយ ត្រូវជិះរថយន្តទៅឆ្ងាយណាស់។ ពួកអ្នកបម្រើនៅផ្ទះគិតតែនាំគ្នាផឹកស៊ីរាំរែកសប្បាយភ្លេចគិតថាជាថ្ងៃពេញបូរមី។ ម្ចាស់យាយខឹងខ្លាំងណាស់ពេលមិនឃើញសំណែន។ គាត់ខឹងពេក បានប្រោះសាកសពស្ត្រីនោះ និងកូនប្រុសឱ្យមានជីវិតវិញ។ ស្ត្រីនោះបានគោរពម្ចាស់យាយ ម្ចាស់យាយបានប្រាប់ហើយថា នរណាគោរពគាត់ គាត់នឹងជួយអ្នកនោះ។ គាត់មិនអាចឱ្យស្ត្រីនោះ និងកូនក្លាយជាមនុស្សវិញបានឡើយ តែគាត់អាចឱ្យពួកគេមានរូបរាងជាមនុស្សវិញហើយអាចចេញក្រៅនៅពេលយប់បាន តែមិនអាចប៉ះពន្លឺថ្ងៃបានឡើយ។ ម្ចាស់យាយបានស្រូបព្រលឹងទាំងអស់របស់ពួកអ្នកបម្រើដើម្បីផ្ទេរថាមពលមកស្ត្រី និងកូនដើម្បីឱ្យមានកម្លាំងកំហែង។ ស្ត្រីនោះកើតឆ្នាំមាន់ ឯកូននាងកើតឆ្នាំជ្រូក ដូច្នេះនាងត្រូវរកមេមាន់ និងកូនជ្រូករស់ឱ្យម្ចាស់យាយស៊ីរាល់យប់ពេញបូរមី។ ម្ចាស់យាយបានធ្វើឱ្យពួកអ្នកបម្រើរស់ដូចស្លាប់ ហើយស្ត្រីនោះត្រូវឱ្យបាយសម្លរអ្នកបម្រើទាំងប៉ុន្មាននោះស៊ីរាល់ថ្ងៃដើម្បីឱ្យកម្លាំងពួកគេផ្ទេរមកនាង។ ម្ចាស់យាយថែមទាំងបង្គាប់ឱ្យយកសាច់ជ្រូកទៅឱ្យពស់ក្នុងអណ្ដូងនោះស៊ីរាល់ថ្ងៃ ហើយយកមាន់ឱ្យពស់ក្នុងបន្ទប់នោះស៊ី បើពស់ទាំងពីរស្លាប់ ម្ដាយកូនទាំងពីរក៏មិនអាចមានទម្រង់ជាមនុស្សដែរ។ ម្ចាស់យាយមានបម្រាមមួយគឺ សម្លដែលធ្វើឱ្យអ្នកបម្រើស៊ីមិនត្រូវបង់អំបិលទេ ហើយម្ដាយកូនក៏មិនត្រូវបរិភោគអ្វីដែលមានជាតិអំបិលដែរ ព្រោះជាតិប្រៃអាចធ្វើឱ្យមន្តអាគមសាបរលាប។ ពេលតាត្រលប់មកផ្ទះវិញ តាបានស្រែកហៅអ្នកបម្រើមិនឃើញគេមកទទួល ក៏ចូលទៅមើលក្នុងផ្ទះ អ្វីៗស្ងាត់ឈឹង តែតាឃើញស្ត្រីនោះ និងកូនដើរមករកតា តាភ័យណាស់ក៏រត់ចេញក្រៅផ្ទះ នាងមិនហ៊ានចេញមកក្រៅទេ តាក៏រត់មកសម្រេចសង់ខ្ទមនៅទីនេះទៅ ហើយមិនហ៊ានទៅផ្ទះវិញរហូត។»
ខ្ញុំស្ដាប់ការរ៉ាយរ៉ាប់របស់លោកតាយ៉ាងជក់ចិត្តដិតអារម្មណ៍។
«ចឹងលោកតាឱ្យខ្ញុំបង់អំបិលក្នុងសម្លរឆ្នាំងធំនោះ ចង់ឱ្យអ្នកបម្រើទាំងនោះស្លាប់មែនទេ?» ខ្ញុំសួរ។ លោកតាងក់ក្បាលឆ្លើយ :
«ជាតិអំបិលធ្វើឱ្យអំពើសាបរលាប ហើយលោកស្រីរបស់ចៅនឹងកម្លាំងខ្សោយ ពេលណាចៅមានឱកាសល្អ ចៅត្រូវយកអំបិលទៅបាចក្នុងមជ្ឈូសម្ចាស់យាយនោះទៅ អំពើទាំងប៉ុន្មានប្រាកដជារលាយអស់ជាពុំខាន។»
ខ្ញុំចងចាំសម្ដីលោកតាទាំងអស់គ្មានខ្វះចន្លោះ។
---------
ព្រឹកឡើង, ខ្ញុំបង់អំបិលមួយក្ដាប់ចូលក្នុងសម្លរឆ្នាំងធំហើយកូរសព្វ រួចដួសដាក់ចានយកទៅដាក់គ្រប់មុខបន្ទប់សង្ឃឹមយ៉ាងមុតមាំថា ខ្ញុំនិងក្លាយជាវិរនារីកម្ចាត់អំពើអាបធ្មប់តិរច្ឆានទាំងនេះឱ្យរលាយផេះផង់ពីលោកិយដ៏ស្រស់បំព្រង់នេះចុះ។
រាត្រីចូលមកដល់។
ខ្ញុំនៅរសាប់រសល់ដេកមិនលក់ ចម្ងល់ជាច្រើនផុសលើខួរក្បាលខ្ញុំបង្កើតជាគំនិតដេញដោលចាក់ស្រេះមិនចេះចប់។
ក្រឹក....ៗៗៗ....
សំលេងបើកទ្វារបន្ទប់ក្រោមដីបន្លឺឡើងដោយស្ងៀមស្ងាត់។ ខ្ញុំលបចេញទៅមើលនៅខាងក្រៅដោយប្រុងប្រយ័ត្នមិនឱ្យឮសំលេងអ្វីឡើយ។ ខ្ញុំលបចូលទៅកៀកនឹងទ្វារបន្ទប់ក្រោមដីស្រាប់តែឃើញអ្វីម្យ៉ាងដ៏គួរឱ្យតក់ស្លុត លោកស្រីកំពុងដើរចូលទៅផ្លូវក្រោមដីដើម្បីសំដៅទៅបន្ទប់បិទជិតមួយ។ តើនេះគាត់មកទីនេះធ្វើអីទៅ យប់អធ្រាតទៅហើយ។ ខ្ញុំដើរចុះជណ្ដើរទៅឈរមុខបន្ទប់នោះពេលលោកស្រីចូលទៅក្នុងបន្ទប់ហើយ។
«ម្ចាស់យាយ!!!! ខ្ញុំមកហើយ...»
លោកស្រីនិយាយមុខមជ្ឈូសក្រាស់មួយដែលមានសំបុកពីងពាង និងធូលីជុំជិត។ ថ្វីបើលោកស្រីនិយាយក្នុងសំឡេងទាបបំផុត តែយ៉ាងណាក៏មិនពិបាកឱ្យខ្ញុំផ្ទៀងស្ដាប់ខុសមួយពាក្យឡើយ។ មជ្ឈូសនោះរបើកក្រាកបង្ហាញខ្លួននូវមនុស្សចាស់សែនចាស់ ហៅអាក្រក់ក្រៃណាថាអាក្រក់ពេកពុនប្រមាណបរិយាយមិនបានមិនសព្វ សក់ស្កូវព្រោង ស្បែកជ្រីវជ្រួញ ភ្នែកពណ៌សថ្លែគ្មានប្រស្រី ស្គមកំប្រឹងដូចអណ្ដើកខានស៊ីបាយ១០ឆ្នាំហើយ។
«ហើយនាងមករកយើងធ្វើស្អី? មិនទាន់ថ្ងៃសីលផង?» សំលេងកំណាចរបស់យាយចាស់ក្នុងមជ្ឈូសនោះនិយាយតិចៗទៅលោកស្រី ជាសំលេងដ៏គួរឱ្យព្រឺណាស់ តែនិយាយដោយភាពជាមនុស្សល្ងីល្ងើពភ្លីពភ្លើ។
«គឺ...មនុស្សដែលឃុំទាំងនោះ បានស្លាប់អស់ទៅហើយ ចឹងហើយតើបានមនុស្សពីណាមកធ្វើពិធីទៅ? នេះជិតដល់ថ្ងៃពេញបូរមីហើយ ខ្ញុំព្រួយពេញជាព្រួយ។»
និយាយរួច, ម្ចាស់យាយស្អីនោះទន្ទឹងមួយសន្ទុះទើបឆ្លើយឡើង៖
«ចុះអ្នកបម្រើរបស់ឯងមានទេ?»
«ចាស មានពីរនាក់។»
«ចឹងល្អហើយ...ហាសហាសហាហាហា...» សំលេងមួយនេះសើចយ៉ាងកំណាច ធ្វើឱ្យខ្ញុំព្រឺរន្ធត់ញាប់ញ័រស្មារតីឥតពណ៌នា។
ខ្ញុំប្រញាប់រត់ឡើងមកលើ ហើយចូលបន្ទប់វិញ បេះដូងលោតដង្ហក់ស្ទើគាំង។ តើលោកស្រីចង់មានន័យយ៉ាងណា? នេះយប់ស្អែកជាថ្ងៃពេញបូរមីហើយ តើលោកស្រីត្រូវការស្រីក្រមុំធ្វើអី? ពិតជាគួរឱ្យខ្លាចណាស់។
---------
ព្រឹកឡើង, ខ្ញុំធ្វើដូចជាមិនដឹងរឿងអ្វីសោះ តែខ្ញុំភ័យជាខ្លាំងពេលយកមាន់ទៅឱ្យលោកស្រី។ មីងអូ និងនាងចរណៃ មិនដឹងបាត់ទៅណា រកមិនឃើញសោះ។ ពេលខ្ញុំដើរចេញពីបន្ទប់វិញ, លោកស្រីហៅបង្អាក់ខ្ញុំ :
«ឈប់សិន!»
«ចាស លោ...លោកស្រីមានការអី?»
«យប់នេះយើងទៅក្រៅមួយភ្លែត នាងឯងនៅផ្ទះដេកឱ្យស្ងៀម កុំចង់ដឹងឮអាថ៌កំបាំងអីច្រើន ប្រយ័ត្នអាយុខ្លី។»
«ចា លោកស្រី រាល់ពេលពេញបូរមី ចាប់ពីល្ងាចឡើង ខ្ញុំមិនអាចមើលឃើញស្ដាប់ឮឡើយ!» ខ្ញុំកុហកលោកស្រីយ៉ាងល្អបំផុត។
«ចឹងល្អហើយ!»
ពេញមួយថ្ងៃនោះ ខ្ញុំបែកគំនិតគិតរវើរវាយ បាចចំណីមាន់ផង ភ្នែកសម្លឹងរំពៃទៅឆ្ងាយ។
-----
យប់ចូលមកដល់។ ចរណៃ និងមីងអូមិនទាន់ឃើញមកផ្ទះបាត់តាំងពីព្រឹក។ ខ្ញុំដេករសាប់រសល់ហើយពេលឮសំលេងលោកស្រីដើរចេញទៅក្រៅបាត់, ខ្ញុំក៏ចេញពីបន្ទប់ហើយលបចូលបន្ទប់លោកស្រីដែលនៅជានលើ។ ខ្ញុំលបយកសោរមួយ មានកូនសោរពីរ ចុះមកបន្ទប់ក្រោមដីព្រមទាំងកាន់អំបិលមួយក្ដាប់ផងតាមបណ្ដាំលោកតា។ ខាងក្រោមដីនេះមានពីរបន្ទប់ បន្ទប់ខាងឆ្វេងខ្ញុំប្រាកដថាវាជាបន្ទប់ម្ចាស់យាយ តែអាខាងស្ដាំនេះមិនដឹងជាបន្ទប់ដាក់អ្វី។ ដោយរញីរញ័រធ្វើឱ្យអំបិលកំពប់ចេញពីដៃអស់។ ខ្ញុំយកកូនសោរចាក់បើកបន្ទប់ខាងស្ដាំហើយរាវរកបើកកុងតាក់។ គ្រាន់តែបើកភ្លើងភ្លាម ខ្ញុំភិតភ័យរន្ធត់តក់ស្លុតឥតឧបមារ។ សាកសពស្គមកំប្រឹងរបស់ចរណៃ និងមីងអូត្រូវចងព្យួរជាប់នឹងពិដាន។ ខ្ញុំភ័យណាស់ហើយបិទទ្វារចាក់សោររត់ឡើងមកលើវិញ តែកូនសោរនេះប្រឡាក់ដឹតឈាមជូតមិនជ្រះសោះ។ ឈាមគឺបានមកពីក្ដិតមេសោរបន្ទប់ខាងស្ដាំនោះហើយ។ ខ្ញុំប្រញាប់ជូតផងតែជូតយ៉ាងណាក៏មិនជ្រះ ខ្ញុំភ័យខ្លាំងណាស់យកសោរទៅដាក់ក្នុងបន្ទប់លោកស្រីហើយរត់ចុះមកវិញបំណងចេញពីផ្ទះគ្រោះថ្នាក់នេះ តែទោះជាខំទាញបើកទ្វារយ៉ាងណាក៏ទាញមិនរួច ព្រោះលោកស្រីបានចាក់សោរពីខាងក្រៅបាត់ទៅហើយ។
ខ្ញុំឮសំលេងលោកស្រីដើរត្រលប់មកវិញ, ខ្ញុំភ័យរន្ធត់ណាស់ គាត់ប្រាកដជាដឹងថាខ្ញុំលួចចូលទៅបើកសោរបន្ទប់ក្រោមដី ហើយគាត់នឹងសម្លាប់ខ្ញុំជាមិនខាន។ ខ្ញុំនឹកឃើញពាក្យលោកតាប្រាប់ថា
ជាតិអំបិលធ្វើឱ្យមន្តអាគមទាំងឡាយសាបរលាប ដូចនេះមិនបង្អង់យូរខ្ញុំក៏រត់ទៅផ្ទះបាយបំណងយកអំបិលទុកបាចដាក់លោកស្រី។ ខ្ញុំឮសំលេងលោកស្រីចាក់សោរទ្វារមុខ ក៏រត់ទៅផ្ទះបាយ តែចង្រៃអីអំបិលអស់រលីងពីកំប៉ុង។ លោកស្រីបើកទ្វារឡើងបង្ហាញទឹកមុខយ៉ាងកំណាច។
«កំពុងរកអំបិលប្រុងបាចដាក់យើងមែនទេមីស្រីល្ងង់?» លោកស្រីស្រែកឡើងធ្វើឱ្យខ្ញុំរន្ធត់ស្ទើលស់ព្រលឹង។ គាត់ស្ទុះមកចាប់ទាញកខ្ញុំហើយទាញចុះទៅបន្ទប់ក្រោមដី។
«ទេលោកស្រី សូមមេត្តាផង កុំអី ខ្ញុំមិនចង់ស្លាប់ទេ...» ខ្ញុំស្រែកខ្លាំងៗតាមដែលអាចធ្វើបាន កម្លាំងលោកស្រីខ្លាំងណាស់ដូចកម្លាំងមនុស្សប្រុស។ ពេលគាត់ចាប់ទាញខ្ញុំហើយកំពុងចាក់សោរបន្ទប់ម្ចាស់យាយ ខ្ញុំស្រវេរស្រវារបានអំបិលមួយក្ដាប់ដែលខ្ញុំកំពុបនោះ ហើយប្រមូលកម្លាំងងើបឡើង រួចបាចវាចូលមុខលោកស្រីចំ លោកស្រីស្រែកប្រកាច់ដោយឈឺផ្សារ ខ្ញុំប្រញាប់រត់ចេញពីទីនេះយ៉ាងលឿន។ លោកស្រីដេញតាមពីក្រោយខ្ញុំ។ ខ្ញុំប្រមូលកម្លាំងជើងរត់លឿនណាស់ ខ្ញុំរត់យ៉ាងលឿនតាមដែលអាចធ្វើបាន តម្រង់ទៅខ្ទមលោកតាចិត្តល្អ នៅក្នុងព្រៃព្រោះគិតថាគាត់អាចជួយអីបានខ្លះ។ លោកស្រីរត់ប្រកិតៗ និងព្យាយាមស្រវាចាប់ខ្ញុំ តែខ្ញុំចេះតែគេច និងព្យាយាមរត់ទៅមុខជានិច្ច។ មកដល់ខ្ទមលោកតាខ្ញុំរត់ឡើងចូលខ្ទមខណៈដែលលោកស្រីចូលមកដែរហើយចាប់កខ្ញុំជាប់។
«លោកតា លោកតានៅឯណាជួយខ្ញុំផង...» ខ្ញុំខំស្រែកហៅរកលោកតា តែគាត់ដូចជាមិននៅទីនេះទេ។
លោកស្រីទាញសក់ខ្ញុំឱ្យមុខខ្ញុំសម្លឹងចំមុខគាត់ គាត់បង្ហាញកែវភ្នែកក្រឡោតយ៉ាងគួរឱ្យខ្លាចបំផុត។ គាត់ទាញក្បាលខ្ញុំឱ្យមើលទៅខាងលិចខ្ទម ខ្ញុំឃើញសាកសពលោកតាត្រូវគេកាត់ក្បាលដាច់។
«ដែលយើងចេញមកក្រៅនេះគឺមកសម្លាប់តាកញ្ចាស់នេះហើយ!» លោកស្រីស្រែកដាកខ្ញុំ។ គាត់ប្រហែលជាមិនដឹងថាលោកតានេះជាអតីតស្វាមីគាត់ទេមើលទៅ។ «កុំស្មានតែយើងមិនដឹងឱ្យសោះ ឯងចង់មានគម្រោងបំផ្លាញយើង ជួយមិនបានទេមីនាង។»
វិនាទីស្លាប់បានមកដល់ លោកស្រីស្រវាកាំបិតក្បែរសពលោកតាហើយយារដៃបម្រុងចាក់កខ្ញុំ តែខ្ញុំប្រមូលកម្លាំងធាក់គាត់ឱ្យធ្លាក់ពីខ្ទមហើយខ្ញុំលោតចេញពីខ្ទមរត់យ៉ាងលឿនបកមកភូមិវិញ។ លោកស្រីនៅតែរត់ដេញតាមខ្ញុំ ខ្ញុំរត់មកដល់វាលកប់ខ្មោច លោកស្រីស្រាប់តែដួលព្រូសដូចជាត្រូវគេទាញ។ ខ្ញុំដឹងថាខ្មោចកម្លោះដែលជួបថ្ងៃខ្ញុំងងឹតភ្នែកនោះអ្ហែងជាអ្នកធ្វើឱ្យលោកស្រីដួល ព្រោះគេចង់ជួយខ្ញុំ គេមានប្រយោជន៍សម្រាប់ខ្ញុំដែរតើ។
ខ្ញុំប្រមូលកម្លាំងទាំងប៉ុន្មានរត់មកដល់វត្ត ដោយសង្ឃឹមថាលោកស្រីនឹងមិនហ៊ានចូលវត្តឡើយ តែផ្ទុយទៅវិញ លោកស្រីបែរជាបន្តរត់ចូលមកបរិវេណវត្តប្រកិតកៀកនឹងខ្ញុំ។
«ជួយផង ជួយផង ព្រះតេជគុណអើយ ជួយខ្ញុំកុណាផង...គេចង់សម្លាប់ករុណាហើយ...» ខ្ញុំស្រែកខ្លាំងៗតែវត្តទាំងមូលនៅតែស្ងាត់ឈឹងដដែល។ ខ្ញុំភ្លេចគិតឱ្យឈឹងថាសង្ឃទាំងអស់ត្រូវគេអញ្ជើញទៅធ្វើពិធីនៅលើខ្នងភ្នំ។ ខ្ញុំរត់ នៅតែបន្តរត់ទាំងលោកស្រីរត់តាមពីក្រោយកៀកប្រកិតឃ្លាតពីខ្ញុំត្រឹមកន្លះម៉ែត្រប៉ុណ្ណោះ។ ខ្ញុំរត់ចូលកុដិលោកមួយហើយបិទទ្វារយ៉ាងលឿន។ លោកស្រីគោះទាញទ្វារហើយព្យាយាមបុកទ្វារយ៉ាងកម្រោលរហូតទ្វារកុដិដ៏ចាស់នេះចាប់ផ្ដើមរបើកបន្តិចម្ដងៗ។ ខ្ញុំក្រឡេកទៅជ្រុងម្ខាងនៃបន្ទប់ឃើញក្រឡរអំបិលអ៊ីយ៉ូដចំហរគ្របចោលមិនបង្អង់យូរខ្ញុំទាញក្រឡអំបិលនោះហើយរង់ចាំ។ អ្វីៗស្ដិតក្នុងសភាពស្ងាត់ឈឹង។ បេះដូងខ្ញុំលោតញាប់រន្ថើនព្រោះភ័យខ្លាំង។ មួយសន្ទុះធំអ្វីៗនៅតែស្ងាត់ដដែល។ លោកស្រីប្រហែលជាទៅបាត់ហើយទេដឹង? ខ្ញុំសាកល្បងបើកបង្ហើបទ្វារកុដិ ស្រាប់តែមុខកាំបិតស្រួចធ្លេមកាត់មុខខ្ញុំឆ្វាច់ បណ្ដាលឱ្យឈាមហូរច្រាលជោគជាំចេញពីមុខរបួសនៅលើមុខខ្ញុំ។
«អូយ...»
ខ្ញុំស្រែកភ្លាត់សំលេងមិននឹកថាលោកស្រីនៅលបចាំខ្ញុំយ៉ាងស្ងៀមស្ងាត់បែបនេះសោះ។ ខណៈនោះភាពឈឺចាប់បានចូលមកអង្រួនស្មារតីខ្ញុំ តែខ្ញុំនៅមានកម្លាំងជះអំបិលមួយក្រឡនោះទៅលើរាងកាយលោកស្រី បណ្ដាលឱ្យលោកស្រីស្រែកជំទាលរោលរាលខ្លោចផ្សាដោយអារម្មណ៍វេទនាដូចជន្លេនត្រូវសាំង។ ខ្ញុំឃើញរាងកាយលោកស្រីរលាយខ្សុលដូចផេះទៅក្នុងខ្យល់ហើយអ្វីៗក៏ងងឹត។...
ខ្ញុំបើកភ្នែកឡើងវិញឃើញខ្លួនឯងនៅក្នុងមន្ទីរពេទ្យមួយក្នុងភូមិ។ កាលពីយប់ម៉ិញ, អ្នកផ្ទះជាប់វត្តនេះបានឮសំលេងស្រែករកជំនួយរបស់ខ្ញុំ និងសំលេងទាញបើកទ្វារក្ដុងក្ដាំង រួមជាមួយសម្រែកថ្ងួចថ្ងូរដោយក្ដីឈឺចាប់ទើបគេតេទៅប៉ូលីសឱ្យមកជួយអន្តរាគម។ ពេលប៉ូលីសមកដល់ឃើញខ្ញុំដេកសន្លប់តែម្នាក់ឯងដោយមានឈាមហូរលើផ្ទៃមុខ ក្រុមប៉ូលីសបានរូតរះប្រញាប់ខ្ញុំមកមន្ទីរសម្រាកព្យាបាលដើម្បីព្យាបាលរបួសដែលកើតមាន។
“លោកស្រី! លោកស្រីនៅឯណា?” ខ្ញុំគិតក្នុងចិត្តដោយសង្ឃឹមថាលោកស្រីបានរលាយរលត់រូបអស់ហើយ។
ខ្ញុំសំណូមពរចេញពីមន្ទីរពេទ្យបន្ទាប់ពីគេបិទបង់បិទមុខរបួសហើយ ហើយខ្ញុំជិះឡានឈ្នួលមកផ្ទះនៅឯស្រុកកំណើតវិញវិលមករស់នៅជាមួយឪពុកម្ដាយបានកក់ក្ដៅជាងនៅផ្ទះចម្លែកនោះ។ ខាងប៉ូលីសបានឱ្យដំណឹងមកថាពួកគេបានចូលឆែកឆេរក្នុងផ្ទះនោះហើយរកឃើញសាកសពជាច្រើន រួមទាំងសាកសពមីងអូ និងចរណៃផងដែរ។ ខ្ញុំស្រក់ទឹកភ្នែកច្រោក នៅពេលក្រុមប៉ូលីសប្រាប់បន្ថែមថា ក្រោយការធ្វើកោសល្យវិច្ឆ័យ សាកសពស្គមស្គាំងរបស់ពួកអ្នកបម្រើនៅជាន់លើនោះស្លាប់ជាង៥០ឆ្នាំមកហើយ អ្វីដែលចម្លែក មើលទៅមិនមានរលួយស្អុយសាច់អីទេ ចំណែកសាកសពមីងអូស្លាប់ជាងបីថ្ងៃមុន សាកសពចរណៃស្លាប់ជាង៣ថ្ងៃមុនដូចគ្នា ពោលគឺស្លាប់មួយថ្ងៃបន្ទាប់ពីយប់ពេញបូរមី។ ខ្ញុំរន្ធត់ញាប់ញ័រឱរ៉ា។ ខាងប៉ូលីសប្រាប់ថានៅបន្ទប់មួយនៃបន្ទប់ក្រោមដី ពួកគេបានរកឃើញមជ្ឈូសរបស់នរណាម្នាក់ដែលមានវ័យចំណាស់ទៅហើយ តែពួកប៉ូលីសនៅតែទុកមជ្ឈូសនោះនៅទីនោះដដែល ហើយនៅបន្ទប់មួយខាងជាន់លើមានពស់ថ្លាន់ងាប់មួយក្បាល ឯអណ្ដូងក្រោយផ្ទះមានពស់ថ្លាន់រស់មួយក្បាលពេលនេះត្រូវគេយកដាក់សួនសត្វហើយការពារយ៉ាងប្រុងប្រយ័ត្ន។
ក្រោយពីមុខរបួសខ្ញុំជាហើយ អ្វីៗត្រលប់ទៅរកភាពធម្មតាវិញ។ បងស្រីខ្ញុំក៏លែងមានបញ្ហាស្ដាប់មិនឮពេលខែពេញបូរមីអីទៀតដែរ តែអ្វីដែលនៅប្រាកដច្បាស់លើមុខខ្ញុំគឺស្នាមសម្លាកមុខរបួសដែលគ្មានថ្ងៃនឹងបាត់។ វាគឺជាការផ្សងព្រេងនៅក្នុងផ្ទះគួរឱ្យខ្លាចនោះ ហើយជាភាពភ័យរន្ធត់ដែលខ្ញុំមិនអាចបំភ្លេចបានឡើយ៕
ចប់
(សូមរង់ចាំអានរឿង ទូរស័ព្ទរើសបាន នៅម៉ោង៨ស្អែកនេះ)
ផ្ទះម្ចាស់យាយ (ភាគ៦ចប់)
Reviewed by Unknown
on
7:31 PM
Rating: