>
  • ទំព័រដើម
  • រឿង ទូរស័ព្ទរើសបាន

     
    ខ្ញុំឃើញវានៅលើផ្លូវចូលផ្ទះជួលរបស់ខ្ញុំ។ វាជាទូរស័ព្ទ iPhone 6S ពណ៌សមួយដែលនៅថ្មីល្អណាស់។ ខ្ញុំរើសវាមកមើលឱ្យបានច្បាស់។ វាប្រាកដជាកម្មសិទ្ធរបស់សិស្សស្រីវិទ្យាល័យម្នាក់, បើទាយតាមសម្បកពណ៌ស្វាយនេះ។ ខ្ញុំមើលជុំវិញទូរស័ព្ទនេះថាតើមានបែកបាក់ខូចខាតកន្លែងណាខ្លះ។ ទូរស័ព្ទនេះមិនត្រឹមតែមិនខូចពីការជ្រុះចេញពីកាបូបសិស្សស្រីតាមដែលខ្ញុំទាយនោះទេ, តែវានៅថ្មីល្អបំផុត។ គ្មានស្នាមប្រេះ គ្មានឆ្កូត គ្មានបែក គ្មានខូចអីទាំងអស់។

    ខណៈដែលខ្ញុំចូលក្នុងផ្ទះជួល, ទម្លាក់កាបូបលើកម្រាល ហើយដោះអាវធំ និងស្បែកជើង, ខ្ញុំបន្តឆែកមើលទូរស័ព្ទនោះ។
    អ្នកដែលបាត់វាប្រាកដជាកំពុងតែរកហើយ។ ខ្ញុំចុចប៊ូតុងកណ្ដាល ហើយពន្លឺក៏ជះចេញពីកញ្ចក់ទូរស័ព្ទ។ ខ្ញុំទាញមកខាងស្ដាំហើយឃើញថាទូរស័ព្ទនេះមិនបានដាក់សោរលេខកូដទេ។ អរគុណណាស់ព្រះអើយ សិស្សស្រីនោះពិតជាល្ងីល្ងើមែន (តាមពិតខ្ញុំក៏មិនខុសពីនាងដែរ ហេហេ ^^)។ ខ្ញុំចុចមើល contact (កន្លែងដាក់លេខទូរស័ព្ទ) ហើយឃើញមានឈ្មោះ “ម៉ាក់” រួចខ្ញុំក៏ចុចលើឈ្មោះនោះហើយចុច call។

    គ្មានស្អីសោះ។

    ប្រហែលជាទូរស័ព្ទនេះមិនស្គាល់ក្រយ៉ៅដៃខ្ញុំទេដឹង។ ដោយងឿងឆ្ងល់, ខ្ញុំចុច call ម្ដងទៀត តែដូចមុនដដែល, គ្មានស្អីកើតឡើងសោះ។

    មួយសន្ទុះក្រោយមកមាននរណាម្នាក់ខលមកទូរស័ព្ទផ្ទាល់ខ្លួនខ្ញុំ, ដែលជាទូរស័ព្ទ iPhone 6ពណ៌ខ្មៅ។ ខ្ញុំអូសទទួលហើយសំឡេងមិត្តជិតស្និទ្ធខ្ញុំម្នាក់បន្លឺឡើង។

    «អេ, សុលីតា! ម៉េចដែរការប្រឡងរបស់ឯង?»

    ខ្ញុំក៏និយាយហូរហែជាមួយនឹងចាន់ណាអំពីពេលប្រឡងនៅសកលវិទ្យាល័យ។ យើងនិយាយគ្នាអស់មួយសន្ទុះជាមួយនឹងស្រីអាយុ២០ឆ្នាំម្នាក់នេះហើយបន្ទាប់មកនាងក៏និយាយសាច់ការ។

    «យប់នេះង៉ែងទំនេរអត់? មានក្លឹបរាំមួយបានចាប់បើក ហើយពួកម៉ាកអញសម្រេចទៅទាំងអស់គ្នា។ ង៉ែងត្រូវតែទៅដែរ!»

    ខ្ញុំងាកមកជ្រុងម្ខាងនៃបន្ទប់ជួលមួយនេះ។ ខ្ញុំគឺជាមនុស្សស្ងៀមស្ងាត់ចូលចិត្តអង្គុយអានសៀវភៅល្អៗក្នុងបន្ទប់, ដែលផ្ទុយពីនាងចាន់ណាដែលតែងតែបង្កបញ្ហា។ ទោះជាយ៉ាងណា, ខ្ញុំក៏យល់ព្រមនឹងនាង ធ្វើឱ្យនាងរីករាយយ៉ាងខ្លាំង។ តើខ្ញុំអាចបដិសេធជាមួយពួកម៉ាកជិតស្និទ្ធម្នាក់នេះបានយ៉ាងម៉េចទៅ?

    យើងរៀបគម្រោងរួចរាល់ហើយខ្ញុំក៏ដាក់ទូរស័ព្ទចុះ។ បន្ទាប់មកខ្ញុំនឹកឃើញទៅដល់ទូរស័ព្ទមួយទៀតដែលកំពុងនៅលើតុដែលខ្ញុំទើបតែរើសបាននោះ។ ខ្ញុំលើកវាមកដើម្បីឆែកមើលព័ត៌មានបន្ថែមពីម្ដាយរបស់ម្ចាស់ទូរស័ព្ទនេះ។ ត្រូវហើយ! ខ្ញុំយកលេខពីទូរស័ព្ទនោះមកដាក់ក្នុងទូរស័ព្ទរបស់ខ្ញុំហើយចុច call។ ហោចណាស់ក៏ខ្ញុំត្រូវទាក់ទងទៅគេដែរ។

    call ចូលអស់មួយសន្ទុះ។ ខ្ញុំប្រុងតែនឹងផ្ញើ message វិញ តែស្រាប់តែមានសំឡេងមួយឆ្លើយតប។

    «មានការអ្វី?»

    ខ្ញុំព្យាយាមមិនប្រើសម្ដីអសីលធម៌។

    «សួស្ដីចា, អឹម, ខ្ញុំឈ្មោះសុលីតាហើយខ្ញុំរើសបានទូរស័ព្ទមួយនៅផ្លូវចូលផ្ទះជួលរបស់ខ្ញុំ... ខ្ញុំគិតថាវាជារបស់កូនស្រីរបស់អ្នកមីង។ តើខ្ញុំអាចធ្វើម៉េចដើម្បីយកវាឱ្យទៅនាងវិញ?»

    ទូរស័ព្ទស្ងាត់ទៅមួយសន្ទុះ, ហើយសំឡេងនោះក៏ឮដូចជាដកដង្ហើមធំ។ បន្ទាប់មកគាត់ក៏តបថា៖

    «តើឯងគិតថាធ្វើឆ្គួតៗបែបនេះជាការកំប្លែងណាស់ឬ? វាជាការបញ្ឆោតដ៏ភ្លីភ្លើ។»

    ខ្ញុំនៅស្ងៀមនិយាយមិនចេញមួយភ្លែតបន្ទាប់ពីគាត់ដាក់ទូរស័ព្ទចុះ។ តើគាត់មានបញ្ហាស្អី? ដោយមិនយល់, ខ្ញុំពិនិត្យលេខទូរស័ព្ទម្ដងទៀត។ ទេ, ខ្ញុំបាន call លេខត្រូវហើយតើ...។ ខ្ញុំមិនយល់អ្វីទាំងអស់, តែវាមិនមែនជាបញ្ហារបស់ខ្ញុំទេ។ ចាំមើលបើមាននរណា call មកទូរស័ព្ទនេះ ចាំខ្ញុំពន្យល់ពីស្ថានការណ៍។ វាជាវិធីដោះស្រាយតែមួយគត់។

    ខ្ញុំនៅសល់ពេលពីរបីម៉ោងទៀត ទម្រាំត្រូវទៅក្លឹបជាមួយចាន់ណា, ដូច្នេះខ្ញុំបើកសៀវភៅ “រាត្រី រន្ធត់” អានហើយនិងនំស្រួយមួយកញ្ចប់។

    គ្រាន់តែអានចូលសាច់រឿងជក់ចិត្តភ្លាម, សំឡេងទូរស័ព្ទរោទិ៍ឡើងធ្វើឱ្យខ្ញុំភ្ញាក់ព្រើត។

    ទីត ទីត ទីត។

    ខ្ញុំមើលជុំវិញ, ភ្នែកខ្ញុំសម្លឹងទៅកញ្ចក់ទូរស័ព្ទ iPhone ពណ៌សនោះ។ អូ, ទូរស័ព្ទនាងរោទិ៍តើ! ខ្ញុំមើលទៅលេខ។

    “បានផ្ដាច់”

    ខ្ញុំលើកទទួល។

    «អាឡូ?»

    ក្រោកក្រាកៗៗ

    «អាឡូ...?»

    អ្វីៗនៅតែក្រោកក្រាកខ្លាំងឡើងៗ ខ្ញុំព្យាយាមស្រែកសួរច្រើនដងដែរ, តែគ្មានការឆ្លើយតបទាល់តែសោះ។ ខ្ញុំចាប់ផ្ដើមយកទូរស័ព្ទចេញពីត្រចៀកព្រោះសំឡេងក្រោកក្រាកនោះឮខ្លាំងៗពេក ហើយបន្ទាប់មក, ទ្លឹត។

    ការ call បានបញ្ចប់។

    ហាហ? ប្រាកដជាមានបញ្ហាហើយ។ ទូរស័ព្ទឆ្គួតនេះ, ខ្ញុំមិនយល់ពីវាសោះ។

    ខ្ញុំត្រឡប់មកអានសៀវភៅវិញដោយចំណាយពេលអានប៉ុន្មានម៉ោងទៀតយ៉ាងស្ងប់ស្ងៀម។ នៅសល់មួយម៉ោងមុននឹងយើងជួបគ្នា, ខ្ញុំទាញអាវយឺតរឹបមកពាក់, ជាអាវមួយដែលខ្ញុំបានខ្ចីពីចាន់ណា, ពិតហើយវាគូនឹងខោជើងខ្លីរឹបមួយ។ ខ្ញុំផាត់ម្សៅទ្រាប់មុខហើយលាបក្រែមបបូរមាត់។ ខ្ញុំរៀបចំបានគ្រប់គ្រឿងហើយសម្រេចដើរបម្រុងចេញទៅស្រាប់តែទូរស័ព្ទរោទិ៍ឡើងម្ដងទៀត។

    ទីត ទីត ទីត!!

    ខ្ញុំទាញទូរស័ព្ទមកមើល។ គ្មានលេខ។ តើនេះជាស្អីឱ្យប្រាកដ? ខ្ញុំទាញទទួលម្ដងទៀត, សង្ឃឹមថាពេលនេះនឹងមានមនុស្សនិយាយ។

    «សួស្ដី?»

    ពេលនេះគ្មានស្អីសោះ, ពិតជាគ្មានសំឡេងសូម្បីតែបន្តិច។ វាហាក់ដូចជាបានដាច់ទៅហើយ។ ពិតណាស់, តើនេះជាបញ្ហាអ្វីនឹង? ប្រហែលខ្ញុំគួរយកវាទៅប៉ុស្តិ៍ប៉ូលីសព្រឹកនេះ, ដើម្បីឱ្យប៉ូលីសដោះស្រាយវាចុះ...

    «តើមានឮខ្ញុំនិយាយទេ?»

    ខ្ញុំស្រែកសួរឮខ្លាំងៗ និងច្បាស់ៗ។ តែវាដូចជា... បានដាច់ទៅហើយ។ គ្មានសំឡេងអ្វីចេញពីទូរស័ព្ទសោះ។ ខ្ញុំដាក់ទូរស័ព្ទក្បែរត្រចៀកខ្ញុំម្ដងទៀត, ដោយភាពងឿងឆ្ងល់។

    «សួស្ដី? អេ, មានដឹងថាទូរស័ព្ទនេះជារបស់អ្នកណាដែរទេ? ខ្ញុំឃើញវានៅលើផ្លូវខាងក្រៅហើយ...»

    ឃ្លីក។

    ការ call បានបញ្ចប់។

    ពេលនេះខ្ញុំចាប់ផ្ដើមមួមៅ។ តើអ្នកណាលេងល្បែងឆ្គួតឡប់អីជាមួយខ្ញុំ? ខ្ញុំយកទូរស័ព្ទដាក់លើតុវិញ។ នេះគ្រប់គ្រាន់ហើយ. ខ្ញុំនឹងបន្តជាមួយវាទៀតពេលមកផ្ទះវិញ។ ឬក៏ប្រហែលជាខ្ញុំនឹងឱ្យចាន់ណាដោះបញ្ហានេះជាមួយ។ នាងចូលចិត្តដឹងឮប្រភេទចឹងៗណាស់។

    ជាមួយនឹងគំនិតនៅក្នុងខួរក្បាលរបស់ខ្ញុំ, ខ្ញុំដើរទៅទ្វារហើយចេញទៅក្នុងរាត្រី។

    នៅក្លឹបពិតជាសប្បាយណាស់។ ពួកម៉ាករបស់ចាន់ណាសុទ្ធតែជាប្រុសៗ, ក្នុងចំណោមនោះខ្ញុំចាប់ចិត្តលើបុរសម្នាក់ ខ្ពស់ សក់ពណ៌ខ្មៅ, សង្ហា សេរីភាព និងមានភាពក្លាហាន។ ខ្ញុំដឹង, ខ្ញុំដឹង, ខ្ញុំលង់ស្នេហ៍គេហើយ។ តែគ្មានអីអាក្រក់ផង។ យើងបានរាំជាមួយគ្នា។ គាត់សុំខ្ចីទូរស័ព្ទខ្ញុំមកឆែកលេខមើល,  ហើយដាក់លេខខ្ញុំចូលទៅទូរស័ព្ទគាត់។

    «បងនឹងទៅយកអូននៅថ្ងៃសៅរិ៍។ អូនត្រូវរៀបចំខ្លួនរួចរាល់នៅម៉ោង៨!»

    ខ្ញុំរីករាយរំភើបឥតឧបមា។ អូ ហាហាសហា ខ្លាចអី។

    ខ្ញុំមកផ្ទះចាន់ណា។ យើងចំណាយពេលពេញមួយយប់មើលរឿងខ្មោចឆ្គួតឡប់ដែលធ្លាប់មើលរាប់លានដងមកហើយ ហើយយើងធ្វើការ៉ែមកាហ្វេ។ ពិតហើយ យើងញ៉ាំការ៉េមកាហ្វេ ហើយខ្ញុំត្រឡប់មកផ្ទះវិញនាម៉ោង៤ទៀបភ្លឺ សំណាងហើយដែលថ្ងៃសុក្រអត់រៀន។

    ខ្ញុំងូតទឹកហើយធ្វើអាហារពេលព្រឹកស្រាប់តែចាប់អារម្មណ៍នឹងទូរស័ព្ទនោះម្ដងទៀត។ ខ្ញុំមិនដឹងមូលហេតុអីទេ, តែគ្រាន់តែក្រឡេកមើលទៅវាធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលសោះ។ ខ្ញុំសម្រេចចិត្តថានឹងយកវាទៅប៉ុស្តិ៍ប៉ូលីសថ្ងៃនេះ។

    ខ្ញុំវិះនឹងដាក់វាចូលកាបូបដៃហើយ ស្រាប់តែអេក្រង់ភ្លឺឡើង។

    មានសារថ្មីមួយដែលភ្ជាប់អ្វីមួយផង។

    ខ្ញុំបើកវាមើល, សារនោះគ្មានលេខផ្ញើមកទេ។ វាភ្ជាប់ជាមួយនូវរូបថតមួយសន្លឹក។ ជារូប...ជារូបខ្ញុំ ថតក្នុងក្លឹប ពេលដែលខ្ញុំនិយាយគ្នាជាមួយកម្លោះសង្ហានោះ។ វាជិតខ្ញុំមែនទែន, ថតមិនឆ្ងាយពីបីជំហានពីខ្ញុំឡើយ។

    ខ្ញុំទម្លាក់ទូរស័ព្ទទៅលើរនាបឥដ្ឋ។ ខ្ញុំតក់ស្លុតត្រជាក់មុខអស់, ស្លេកស្លាំងដោយភាពរន្ធត់។

    បេះដូងខ្ញុំលោតញាប់រន្ថើន, តែខួរខ្ញុំនៅតែដំណើរការធម្មតា។

    ឥឡូវ, ខ្ញុំដឹងថាខ្ញុំមិនមែនរើសបានទូរស័ព្ទនេះដោយចៃដន្យទេ។ វាពិតជាមានចេតនាដាក់នៅផ្លូវចូលផ្ទះជួលខ្ញុំដើម្បីបំណងឱ្យខ្ញុំរើសវាមក។ រន្ធត់ណាស់ មិនចឹង? បើមិនចឹងមិនមែនស្រោមទូរស័ព្ទដ៏ស្ដើងនេះការពារមិនឱ្យបែកកញ្ចក់ពេលធ្លាក់ត្រូវផ្លូវបេតុងនោះទេ។

    ហើយចុះហេតុអីបានជាគេចង់ឱ្យខ្ញុំរើសវា? ច្បាស់ណាស់ គេប្រាកដជាចង់បន្លាចខ្ញុំ។ អូខេ, តែដើម្បីអី? ខ្ញុំគិតទៅដល់ប៉ាខ្ញុំ។ គាត់ជាប៉ូលីស, ប្រហែលមាននរណាម្នាក់មានបញ្ហាជាមួយគាត់? តែប្រហែលមិនមែនចឹងទេ ព្រោះខ្ញុំនៅឆ្ងាយពីស្រុកកំណើតសឹងអី។ តើខ្ញុំឈ្លោះជាមួយនរណាដែរទេថ្មីៗនេះ? ខ្ញុំព្យាយាមគិតតែនឹកមិនឃើញសោះ។ ខ្ញុំមិនសូវបានទាក់ទងនឹងនរណាក្នុងសង្គមឡើយដូច្នេះខ្ញុំិនបង្កជម្លោះជាមួយនរណាទេ, ខ្ញុំនិយាយត្រង់។

    តែគេប្រាកដជាស្គាល់ថាខ្ញុំជានរណា។ គេបានតាមខ្ញុំទៅក្លឹប, គេថតរូបខ្ញុំ... ហើយគេផ្ញើរូបមកខ្ញុំចំពេលដែលខ្ញុំលើកទូរស័ព្ទមកមើល។

    គ្រាន់តែខ្ញុំគិតដល់ត្រឹមនេះ, ទូរស័ព្ទក៏ដាច់ទៅម្ដងទៀត។

    ទីត ទីត ទីត!!!

    គ្មានលេខ។

    ម្ដងនេះ, គ្មានតម្រុយអ្វីសូម្បីបន្តិច។ ខ្ញុំលើកទទួលទូរស័ព្ទហើយនិយាយដោយសំឡេងធ្ងន់ខឹង, «តើអាឯង មីង៉ែងជាអាណាមីណា? អញអត់មានពេលលេងល្បែងឆ្គួតឡប់នេះទេវ៉ើយ។ តើឯងគិតថាធ្វើចឹងអាចបន្លាចអញមែនទេ?» ពាក្យជេរជាច្រើនទៀតហូរហែរចេញពីមាត់ខ្ញុំ។

    ស្ងាត់។

    «ឯងមានឮទេ?»

    ដដែល, ស្ងាត់ និងគ្មានការឆ្លើយតប។ ឃ្លីក។ ការ call បានកាត់ផ្ដាច់។

    និយាយតាមត្រង់, វាពិតជាធ្វើឱ្យខ្ញុំភ័យខ្លាំងណាស់។ ខ្ញុំធ្វើការសម្រេចចិត្តភ្លាម។ ខ្ញុំទាញកាបូបដៃព្រមទាំងដាក់ទូរស័ព្ទទាំងពីរចូលរួចរត់ទៅរកម៉ូតូរបស់ខ្ញុំ។ ខ្ញុំឡើងលើម៉ូតូហើយជិះទៅមុខ, ភ្នែកខ្ញុំសម្លឹងទៅកញ្ចក់មើលក្រោយដើម្បីឱ្យប្រាកដថាគ្មាននរណាកំពុងតាមខ្ញុំទេ។

    ខ្ញុំជិះតាមទីក្រុងនេះអស់ជាងមួយម៉ោង, ជិះកាច់ចូលផ្លូវបត់បែនយ៉ាងច្រើនតាមដែលអាចធ្វើបាន។ ក្នុងពេលហ្នឹង, ខ្ញុំបានបំផុសគម្រោងមួយ។ មិនខ្វល់ថាគេជានរណា, គេធ្វើបែបនេះដើម្បីអ្វី, ខ្ញុំនឹងមិនក្លាយជាជនរងគ្រោះនៃការបញ្ឆោតដ៏ឆ្គួតឡប់នេះជាដាច់ខាត។

    ពេលដែលខ្ញុំប្រាកដថាគ្មាននរណាតាមខ្ញុំ, ខ្ញុំ call ទៅចាន់ណា។ ខ្ញុំពន្យល់ស្ថានការណ៍ទៅកាន់នាងអំពីទូរស័ព្ទនោះ ហើយនាងក៏យល់ព្រមឱ្យខ្ញុំស្នាក់នៅផ្ទះនាងសិន។

    «គ្នានឹងជួយឯងចាប់វាឱ្យបាន,» នាងនិយាយ។

    ប្រហែល២០នាទីកន្លង, ខ្ញុំមកដល់ផ្ទះរបស់នាង។ «តោះចាប់វា។»

    យើងអង្គុយក្នុងបន្ទប់ទទួលភ្ញៀវរបស់នាង ហើយខ្ញុំយកទូរស័ព្ទរបស់ខ្ញុំចេញ។ បើយើងរកឃើញថាតើគាត់ ឬនាង... គឺជានរណា, យើងនឹងដឹងជាក់ស្រួលចាត់ការ។ ហើយអ្វីទាំងអស់គឺត្រូវតែទាក់ទងនឹងទូរស័ព្ទនោះ។

    ខ្ញុំអូសបើកសោរទូរស័ព្ទហើយសម្លឹងទៅវា។ តើយើងត្រូវចាប់ផ្ដើមយ៉ាងម៉េច?

    «រូបថត,» ចាន់ណានិយាយ។

    «ត្រូវហើយ។»

    ខ្ញុំចុចបើក icon រូបភាពហើយចាប់ផ្ដើមពីរូបដំបូងបំផុត។

    រូបដំបូងៗខ្លះៗគឺ... ធម្មតា។ គឺជាក្មេងស្រីសក់ទង់ដែងម្នាក់, ជាមួយស្នាមញញឹមចេញធ្មេញ, ហើយជាមួយនឹងមុនលើមុខដោយភាពជំទង់។ នាងបានថតរូប selfie (រូបថតកាម៉េរ៉ាមុខ) របស់នាងជាច្រើន និងរូបឆ្គួតៗជាមួយមិត្តរបស់នាង។ មើលទៅរូបភាពពេលនាងនៅតែម្នាក់ឯង, ខ្ញុំឃើញថានាងរៀនថ្នាក់វិទ្យាល័យញុំ, តែសិស្សថ្នាក់វិទ្យាល័យធ្វើចឹងធ្វើអី? តើនាងពិតជាធ្វើធ្លាក់ទូរស័ព្ទមែនហ្អែស? នាងត្រូវមានកាតក្លែងក្លាយមួយដើម្បីចូលទៅរាំក្នុងក្លឹប។ ហើយក្មេងសោះក៏សម្បើមម៉្លេះ? ចម្លែកមែន។

    ខ្ញុំបន្តអូស។ ឆាប់ៗនោះមានរូបថតបុរសម្នាក់, ជាមួយសក់ពណ៌ត្នោត និងស្នាមញញឹមមានមន្តស្នេហ៍ដ៏គ្រោះថ្នាក់។ គេទាំងពីរមើលទៅស្និទ្ធស្នាលគ្នាណាស់។ មិត្តរបស់នាងបានបាត់ពីរូបថតបន្តិចម្ដងៗ ជំនួសឱ្យរូបសង្សារបស់នាង។

    ហើយបន្ទាប់មករូបថតប្រែទៅជាខ្មៅ។

    វាគឺចឹងហើយ, ត្រឹមតែជារូបខ្មៅ។ គិតថាវាជារូបខូច, ខ្ញុំក៏អូសទៅរូបបន្ទាប់។

    ខ្មៅ។

    យើងអូសឃើញពីរបីរូបដែលបែបនេះ។ ចាន់ណាលាន់មាត់, «នេះពិតជាចម្លែកណាស់។»

    ខ្ញុំអូសមួយទៀត, ហើយឃើញស្រីសក់ទង់ដែងនោះម្ដងទៀត, តែលើកនេះនាងដេកនៅលើផ្លូវ។ សក់នាងមើលទៅដូចជាប្រែទៅជាពណ៌ក្រហម ទម្រាំតែខ្ញុំយល់ថាវាគឺជាឈាម។ ក្បាលនាងបែក ហើយដៃនាងបាក់ព័ទ្ធខ្លួន។ ឈាមប្រឡាក់ជុំវិញនាង ហើយភ្នែកទាំងគូរបស់នាងបើកក្រឡោតដែលនាងបានស្លាប់ហើយ។

    ចាន់ណាស្រែកខ្លាំងៗ។ ខ្ញុំគប់ទូរស័ព្ទចោលហើយរត់ទៅបន្ទប់ទឹក។ ខ្ញុំពិតជាព្រឺអស់មួយសន្ទុះ, មុនពេលដែលខ្ញុំត្រឡប់មកវិញ។ ចាន់ណាក៏ញ័រញាក់នៅទីនោះ, សម្លឹងមើលទៅទូរស័ព្ទ, ដែលនៅតែនៅកន្លែងដែលខ្ញុំគប់កាលម៉ិញៗនេះ។

    «ឯងមិនអីទេហ្អែស?»

    ចាន់ណាងក់ក្បាល។ «តើនេះជាស្អីទៅ?» នាងសួរ។

    «ខ្ញុំមិនដឹងទេ,» ខ្ញុំនិយាយត្រង់។

    «យើងត្រូវតែរកឱ្យឃើញថាតើក្មេងស្រីនេះជានរណា។ ហើយថាតើសង្សាររបស់នាងបានធ្វើបែបនេះឬអត់។»

    ខ្ញុំងក់ក្បាល។ ដោយងឿងឆ្ងល់, ខ្ញុំយកទូរស័ព្ទមកមើលម្ដងទៀត។ ប្រហែលជារូបដែលនៅសល់អាចជាតម្រុយបន្ថែមទៀត។

    ដោយមិនមើល, ខ្ញុំអូសរំលងរូបសពក្មេងស្រីនោះ។ បន្ទាប់គឺជារូបខ្មៅទៀតហើយ។ មួយហើយមួយទៀត។ មួយហើយមួយទៀត។ ខ្ញុំអូសរូបលឿនទៅៗ។

    លើកនេះ, វាជារូបប្រុសសក់ពណ៌ត្នោតដែលឃើញដំបូងនោះ។ និយាយតាមត្រង់, មកដល់ត្រង់នេះុំនុស្សដំបូងបំផុតដែលខ្ញុំសង្ស័យគឺគាត់នេះ។ នាងចំណាយពេលទាំងអស់ជាមួយគាត់។ តែខ្ញុំក៏អស់ការសង្ស័យក្រោយពេលដែលឃើញរូបគាត់ពាក់កណ្ដាលខ្លួនលៀនចេញពីកញ្ចក់ឡាន, កញ្ចក់បែកធ្លាយចាក់ពោះរបស់គាត់ ហើយឈាមហូរចេញពីភ្នែកទាំងគូ។ មើលទៅរូបភាព, ខ្ញុំឃើញដូចជាសពគាត់ត្រូវស្លាប់យ៉ាងទាន់ហន់ ដូចជាគ្រោះថ្នាក់ដោយឡានរបស់គាត់ខ្លួនឯង។


    ទាញ ទាញ ទាញទៅរូបបន្ទាប់។

    រូបបន្ទាប់គឺជាស្រីម្នាក់ទៀត, ចាស់ជាងក្មេងស្រីសក់ទង់ដែង, នាងមានសក់ខ្មៅវែងហើយមានជ្រួញនៅចុងភ្នែក។ មើលទៅនាងអាយុជិត៣០ឆ្នាំហើយ។ វាជារូបផ្លូវការ, នាងឈរសម្លឹងចំកាម៉េរ៉ា, ឈរត្រង់ក្នុងសម្ៀកបំពាក់សមរម្យ។ មើលទៅប្រហែលជារូបគាត់សម្រាប់ការងារ។

    បន្ទាប់។ រូបស្រដៀងៗគ្នា, តែលើកនេះជារូបបុរសម្នាក់សម្លឹងមកកាមេរ៉ា។ និស្សិត?

    មានរូបខ្មៅមួយចំនួនទៀតហើយ។ បន្ទាប់មកខ្ញុំឃើញស្ត្រីនោះដេកស្លាប់, កាំបិតមួយចាក់ចំពោះនាង, មុខនាងចំហរមាត់ដូចជាបានស្រែក។ ភ្នែកនាងគ្មានវិញ្ញាណ។ នាងស្លាប់មុនរូបនេះថតបន្តិច។

    រូបខ្មៅទៀតហើយ។ ហើយអង្កាល់បានចប់?

    បន្ទាប់មកខ្ញុំឃើញបុរសម្នាក់។ ហោចណាស់, ខ្ញុំច្បាស់ណាស់ថាវាជាបុរសម្នាក់នោះ។ គាត់ស្លាប់លើជណ្ដើរដែក, ខ្នងគាត់បែរមកកាមេរ៉ាហើយខ្ញុំពិបាកមើលមុខរបស់គាត់ខ្លាំងណាស់។

    ខ្ញុំមានអារម្មណ៍ពុលទៀតហើយ។

    ខ្ញុំបន្តអូសរូប, តែវានៅតែតម្រុយដដែលៗនោះ។ រូបធម្មតារបស់នារីម្នាក់ និងបុរសម្នាក់, ហើយបន្ទាប់មកក៏ងាប់យ៉ាងតៃហោង។

    ទីបំផុត, ចាន់ណាកញ្ឆក់ទូរស័ព្ទពីដៃខ្ញុំ។

    «ប៉ុណ្ណឹងបានហើយសុលីតា។ នេះគ្មានប្រយោជន៍ស្អីទេ។»

    អារម្មណ៍ព្រឺចាប់ផ្ថើមកើតឡើង។ គំនិតដំបូងបំផុតរបស់ខ្ញុំគឺប៉ូលីស ខ្ញុំត្រូវតែឱ្យពួកគាត់ដោះស្រាយ។ តែវាធ្វើឱ្យខ្ញុំមានភាពងឿងឆ្ងល់។ ទូរស័ព្ទនេះឃើញនៅផ្លូវចូលផ្ទះជួលខ្ញុំជាមួយនឹងរូបឃាតកម្មដ៏អាក្រក់ជាច្រើន។ ទោះជាខ្ញុំសម្រួលអារម្មណ៍យ៉ាងណាក៏ខ្ញុំនៅតែមានការសង្ស័យ។

    ដោយគ្មានវាចានឹងថ្លែង, ខ្ញុំយកទូរស័ព្ទរបស់ខ្ញុំ call ទៅប៉ា។ គាត់មិនលើកទូរស័ព្ទទើបខ្ញុំផ្ញើសារសំឡេងឱ្យគាត់ដោយពន្យល់ពីអ្វីដែលកើតឡើង។ «តើប៉ា និងក្រុមការងារប៉ាអាចជួយស៊ើបរឿងនេះដើម្បីខ្ញុំបានទេ? វាពិតជាល្បែងបន្លាចឆ្គួតឡប់, តែវាធ្វើឱ្យខ្ញុំខ្លាចណាស់។»

    ខ្ញុំដកដង្ហើមធំពីរបីដង។ អូខេ អូខេ, ខ្ញុំមានប៉ាដែលគាត់អាចស៊ើបវា, វានឹងមិនមានអីកើតឡើងទេ។ ខ្ញុំគ្រាន់តែត្រូវប្រយ័ត្នរហូតដល់គាត់ទាក់ទងមកខ្ញុំវិញ។ វានឹងមិនអីនោះទេ។

    ចាន់ណាលើកទូរស័ព្ទមកមើលម្ដងទៀត។ «ខ្ញុំនឹងមើលបញ្ជី save លេខទំនាក់ទំនង។ ប្រហែលជាយើងអាចរកឃើញថានរណាជាអ្នកធ្វើបែបនេះ។ ប្រហែលជាមានតម្រុយនៅក្នុងនេះ។»

    ខ្ញុំអង្គុយស្ងៀមខណៈដែលនាងចុចទូរស័ព្ទ។ និយាយត្រង់, ខ្ញុំមិនចង់មើលភាពអាក្រក់ទាំងនោះទៀតទេ។

    «វ៉ា... សុលីតា, មើលនេះចុះ!»

    ខ្ញុំក្រឡេកទៅចាន់ណា, ខ្លាចមិនចង់មើលទៅទូរស័ព្ទនោះទៀតសោះ។ ខ្ញុំមិនចង់ដឹងរឿងនេះទៀតទេ។

    «តើនេះជាស្អី?» ខ្ញុំសួរ។

    «លេខទំនាក់ទំនងទាំងអស់... ពួកគេសុទ្ធតែជាមនុស្សស្រី។»

    ខ្ញុំមើលទៅមុខនាងដោយមិនយល់។ «ហើយម៉េច?»

    «ដូច្នេះក្មេងស្រីដំបូងនោះ, ជាក្មេងស្រីម្ចាស់ទូរស័ព្ទនេះ, នាងមានសង្សាម្នាក់ត្រូវទេ? ហើយម៉េចក៏គ្មានលេខគាត់ក្នុងនេះ?»

    វាជាចំណុចល្អណាស់។ ខ្ញុំមើលទៅលេខទំនាក់ទំនង។ ស្រីទាំងអស់មែន។

    ខ្ញុំអូសទៅត្រង់កន្លែងលេខរបស់ទូរស័ព្ទនេះ។ មើលទៅព័ត៌មានបន្ថែម, ខ្ញុំឃើញឈ្មោះមួយនៅក្បែរនេះ។ ចម្លែកមែន។ ឈ្មោះ ឌី ធីណា។»

    រំពេចនោះ, ខ្ញុំទាញកុំព្យូទ័ររបស់ចាន់ណា។

    «ហែងធ្វើអីនឹង?»

    «រកការភ្ជាប់ទំនាក់ទំនង។» ប្រាកដជាមានមូលហេតុនៃការស្លាប់របស់ស្រីៗទាំងអស់, ប្រាកដជាមានមូលហេតុនៃការស្លាប់របស់ធីណា។ មានអ្វីម្យ៉ាងទាក់ទងជាមួយពួកគេ។

    ខ្ញុំចុចលើអត្ថបទដំបូងហើយ Google ក៏ផុសឡើង។

    - សពសិស្សជំទង់ត្រូវគេប្រទះឃើញនៅលើផ្លូវសាលា -

    រូបភាពភ្ជាប់ជាមួយនឹងអត្ថបទដែលវាពិតជាធីណា។ ខ្ញុំបន្តអាន។

    ឃាតកម្មថ្មីៗនេះគឺជាការស្លាប់របស់សិស្សវិទ្យាល័យជំទង់ម្នាក់ឈ្មោះ ឌី ធីណា។ សាកសពរបស់ធីណាត្រូវគេប្រទះឃើញនៅថ្ងៃទី៦ខែមេសា, ដេកស្លាប់នៅអគារសាលារដ្ឋ។ ក្រោយពីការធ្វើកោសល្យវិច្ឆ័យរបស់ប៉ូលីស, ការស្លាប់នេះគឺសន្និដ្ឋានថាជាការធ្វើអត្តឃាត។

    «ទោះជាវាជាករណីមិនល្អ, តែវាមិនមែនលើកទីមួយទេ,» មេប៉ូលីស លោករូមរាយការណ៍កាលពីថ្ងៃពុធ។ «ពេលសិស្សស្រីឈ្មោះធីណានេះមានរឿងស្មុគស្មាញពេក នាងក៏សម្រេចចិត្តគិតខ្លី។ វាគឺអណោចអធ័មមិនគួរណានាងជ្រើសរើសជម្រើសនេះសោះ។»

    ម្ដាយឪពុកធីណាបានរន្ធត់ចិត្តជាខ្លាំងនូវការជ្រើសរើសរបស់នាង។

    «ធីណាគឺជាកូនម្នាក់ដែលសប្បាយរីករាយ,» ម្ដាយនាងពន្យល់ទាំងទឹកភ្នែកមកកាន់អ្នករាយការណ៍ប្រចាំស្ថានីយទូរទស្សន៍ KTV ប៉ុស្តិ៍លេខ១២។ «នាងមិនគួរណាធ្វើបែបនេះឡើយ។»

    សិស្ស និងសមាជិកសហគមនោះទាំងអស់ត្រូវគេទទួលស្វាគមន៍ក្នុងការធ្វើបុណ្យសពធីណាដែលបានប្រារពនៅថ្ងៃទី១៤ខែមេសា។ សពនឹងត្រូវដង្ហែទៅក្នុងវាលខាងក្រោយសាលា។

    «ណែ, សាកមួយនេះទៅមើល,» ចាន់ណានិយាយ។ «តាន់ សៀវម៉ី។»

    ខ្ញុំវាយឈ្មោះនេះក្នុង Google ហើយរូបភាពស្រីសក់ខ្មៅក៏បង្ហាញឡើង។

    ខ្ញុំចុចមើលអត្ថបទព័ត៌មាន។ ត្រូវគេប្រទះឃើញស្លាប់ខាងក្រៅក្លឹបរាំនៅជាយក្រុង។ តែនេះមិនដូចជនរងគ្រោះមុនឡើយ។

    «ចាន់ណា... សិស្សស្រីនេះត្រូវបៀតបៀនកេរ្តិ៍ខ្មាស់,» ខ្ញុំនិយាយ។

    «ស្អី?»

    «មើលនេះចុះ!»

    «ហើយគ្មានអីប្លែកផង។» ចាន់ណានិយាយរអ៊ូ។ «សិស្សស្រីម្នាក់នោះត្រូវស្លាប់ដោយធ្វើអត្តឃាត, ហើយស្រីម្នាក់នេះត្រូវគេរំលោភហើយសម្លាប់។ ហើយទាក់ទងអី?»

    ខ្ញុំងក់ក្បាលតិចៗ។ យើងវាយឈ្មោះបន្ទាប់, ហើយម្នាក់បន្ទាប់ទៀត។

    ក្រៅពីធីណា, អ្នកដ៏ទៃសុទ្ធតែដូចគ្នា។ ពួកគេត្រូវស្លាប់ដោយគេសម្លាប់, លើប្រដាប់ភេទសពមានទឹកកាម និងស្នាមវាយដំដោយបង្ខំកាយត្រូវគេចាប់រំលោភ។...

    អានបន្ត 
    រឿង ទូរស័ព្ទរើសបាន រឿង ទូរស័ព្ទរើសបាន Reviewed by Unknown on 7:07 PM Rating: 5
    Loading...
    Powered by Blogger.