>
  • ទំព័រដើម
  • គំនុំប្រុសស្អាត

     
    ដោយ : ដង្កូវ

    ផាច់…. ផាច់…. ផ្លាច់…. ផ្លាប់ ផាច់ …

    សំលេងទះតប់ទាត់ធាក់យ៉ាងសាហាវរបស់ស្ត្រីវ័យ ចំណាស់ម្នាក់ដែលគ្រងដោយសំលៀកបំពាក់ស្រស់ស្អាតថ្លៃថ្នូរ ក្នុងលក្ខណៈអ្នកខ្ពង់ខ្ពស់មានសក្តិយស ប៉ុន្តែអកប្បកិរិយាមារយាទ និងសំដីទៀតសោតដូចជាមិនសមនឹងរូបរាងដ៏ខ្ពង់ខ្ពស់ របស់លោកស្រីសោះ។

    លោកស្រីម៉ាឡានី គឺជាភរិយាស្របច្បាប់របស់លោកវិរៈយុទ្ធ ដែលជាអ្នកជំនួញក្នុងស្រុក និងក្រៅស្រុកដ៏មានមុខមាត់ម្នាក់ក្នុងសង្គម តែមើលទៅ លោកស្រីម៉ាឡានី ដូចជាមិនទុកមុខទុកមាត់ឱ្យស្វាមីក៏ដូចជាមុខមាត់ខ្លួនឯងឡើយ ព្រោះ លោកស្រីកំពុងតែវាយទះតប់ទៅលើស្ត្រីវ័យក្មេងស្របាលនឹងកូនខ្លួនឯងយ៉ាងកម្រោលចូល ថែមទាំងស្រែកជេរយ៉ាងកប់ៗមាត់ទៅលើនាង។

    «យ៉ើស! មីស្រីចង្រៃ មីស្រីខ្វះប្តី! លើលោកនេះគ្មានប្រុសទេឬ បានជានាងឯងមកយកប្តីអញ? ហងឯងអីក៏មុខក្រាស់ម៉្លេះ?»

    ថាតែប៉ុណ្ណេះ លោកស្រីក៏ចាប់ក្របួចសក់ជាប់ហើយទះយកៗយ៉ាងសន្ធប់ទៅលើថ្ពាល់ក្រហម រលោ របស់នាង។ ចំណែកឯនាងតូចវិញ នាងមិនបានតបតទៅលោកស្រីវិញទេ មានតែ ស្រែកយំអង្វរទៅលោកស្រី។

    «ឱ្យខ្ញុំសូមទោសផងលោកស្រី ខ្ញុំដឹងខុសហើយឈប់ធ្វើបាបខ្ញុំទៀតទៅ»

    «ដឹងខុស? ស្រីជំពូកនាងឯងនេះចេះដឹងកំហុសដែរឬ? បើនាងឯងដឹងខុសមែន មិនមែនមកដណ្តើមប្តីគេទេ។»

    ថាហើយ, លោកស្រីក៏ទះតប់ទៅលើនាងជាទម្ងន់ម្តងទៀត។ ក្រៅពីមួយគូដែលកំពុងតែវាយតប់ស៊ីសាច់ហុតឈាមនេះ ក៏នៅមានស្ត្រីវ័យចំណាស់ម្នាក់ ដែលជាម្តាយរបស់នាងកំសត់នោះ ក៏កំពុងតែស្រែកអង្វរ យ៉ាងគួរឱ្យអាណិតដើម្បីឱ្យគេឈប់វាយកូនស្រីរបស់គាត់ តែគាត់បានតែស្រែកយំអង្វរតែប៉ុណ្ណោះ មិនអាចចូលទៅឃាត់លោកស្រីបានទេ ព្រោះសូម្បីតែរូបគាត់ក៏ត្រូវស្រីម្នាក់ ក្រៀកគាត់យ៉ាងជាប់មិនឱ្យគាត់ ជួយអ្វីបានឡើយ។ នៅក្បែរៗនោះ ក៏មានប្រុសសង្ហាវ័យកំលោះម្នាក់ដែលត្រូវជាកូនប្រុសតែមួយគត់របស់ លោកស្រីម៉ាឡានី និងស្រីក្រមុំម្នាក់ទៀត ដែលត្រូវជាមីងរបស់អ្នកកម្លោះរូបសង្ហានេះ។ នាយកំពុងតែឈរបើកស្មាយ៉ាងក្រអាញទាំងទឹកមុខញញឹមញញែមហាក់បីដូចជាពេញចិត្តនឹងទង្វើរបស់ម្តាយខ្លួនដែលវាយទះតប់ទៅលើនាងកំសត់ម្នាក់នោះណាស់។

    ការវាយតប់បានប្រព្រឹត្តទៅមួយសន្ទុះ ក៏ឃើញមានស្រីដ៏ស្រស់ស្អាតប្រិមប្រិយម្នាក់ មើលទៅដូចជាមាននិស្ស័យស្លូតបូតគ្រងដោយខោអាវសិស្សសាលា បានរត់មកយ៉ាងត្រហេបត្រហប ស្ទុះមកចាប់ឃាត់លោកស្រីម៉ាឡានី បំណងមិនឱ្យធ្វើបាបបងស្រីរបស់ខ្លួន។

    «លោកស្រី? ឈប់! ឈប់ លោកស្រីជាអ្នកណាបានជាមកធ្វើបាបបងស្រីរបស់ខ្ញុំ?»

    និយាយបានតែប៉ុណ្ណេះ, នាយម្នាក់ដែលមានចរិតក្រអឺតក្រទមនោះ បានស្ទុះមកច្រាននាងក្រមុំមួយទំហឹង ធ្វើឱ្យនាងដួលព្រូសទាំងជំហរ។ មិនឈប់តែត្រឹមនេះ ម្ដាយមីងក្រមុំចាស់របស់ខ្លួនក៏ហក់ទៅទាត់ធាក់នាងទាំងគ្នានៅដេកនឹងដីនៅឡើយ។ នាងក្រមុំយើង មិនព្រមដេកឱ្យគេវាយទទេៗទេនាងប្រឹងស្ទុះក្រោកឡើងហើយវាយតបទៅគេវិញយ៉ាងស្វាហាប់ណាស់ដែរ។

    ឆាកប្រយុទ្ធដ៏ស៊ីសាច់ហុតឈាម រវាងនាងក្រមុំ និងស្រីអ្នកបម្រើបានធ្វើឱ្យស្រ្តីទាំង៤នាក់ដែលនៅក្នុងហេតុការណ៍នោះស្រឡាំងកាំង ហើយឈប់ តតាំងដាក់គ្នាបែរជាមកជួយឃាត់ស្រីទាំង២នាក់ឱ្យរបូតចេញពីគ្នា ព្រោះហេតុការណ៍នេះបានធ្វើឱ្យផ្អើលឆោឡោដល់អ្នកដែលធ្វើដំណើររោមមកមើលយ៉ាងណែនណាន់តាន់តាប់។ ដោយខ្លាចរឿងកាន់តែបែកធំទៅៗ, លោកស្រីម៉ាឡានីក៏អូសដៃ កូនប្រុសសំណព្វចិត្តរបស់គាត់ ហើយនិងប្អូនស្រីវ័យក្រមុំចាស់ឱ្យឡើងឡាន។ មុននឹងឡើងទៅលើឡាន, នាយចិត្តក្តៅម្នាក់នោះ ឆ្លៀតបោះពាក្យ មកកាន់ក្រមុំយើងទៀត៖

    «មិនទាន់ចប់ទេ ប្អូនស្រី! ជីវិតនាងពិតជានៅមិនបានសុខទេ!»

    ថាតែប៉ុណ្ណេះ គេក៏បើកចេញទៅយ៉ាងលឿនស្លេវដោយមិនខ្វល់ពីនរណាម្នាក់ឡើយ បន្សល់ទុកឱ្យម្តាយកូនគេទាំង៣នាក់បណ្តើរគ្នាចូលផ្ទះយ៉ាងអាម៉ាសជាទីបំផុត។

    ហេតុការណ៍ដ៏ក្តៅគគុកនេះ មិនអាចលាក់ដល់ភ្នែកអ្នកកាសែតបានឡើយ ព័តមានចុះយ៉ាងគគ្រឹកគគ្រេងអំពីភរិយារបស់លោកវិរៈយុទ្ធ អ្នកមុខជំនួញថ្នាក់កំពូលបានមកវាយកញ្ញា កែវ មុន្នីរតនី ដែលជាតារាស្រីវ័យក្មេង ទើបនឹងរះមិនទាន់មានរស្មីភ្លឺច្បាស់នៅឡើយ ក្នុងនាងជាស្រីដណ្តើមប្តីគេ មិនចេះអៀនខ្មាស់។

    ភាពអាម៉ាស់អស់ទាំងនេះ បានធ្វើឱ្យលោកវិរៈយុទ្ធ ក៏ដូចជាគ្រួសាររបស់រតនីស្ទើតែយកបាវមកគ្របមុខទៅហើយ ព្រោះមិនដឹងជាមានមុខឯណា ទៅជួបគេទៀតទេ ទាំងអ្នកកាសែតគ្រប់សន្លឹក និង អ្នកយកព័ត៌មានតាមស្ថានីយ៍ទូរទស្សន៍នានា បានតាមរំខានពួកគេ ស្ទើតែគ្រប់ទីកន្លែងទាំងអស់មិនថានៅមុខផ្ទះ ឬក៏កន្លែងធ្វើការដើម្បីបានសាកសួរពីស្នេហាត្រីកោណរបស់ពួកគេ ប៉ុន្តែលោកវិរៈយុទ្ធ ក៏ដូចជារតនី និងអ្នកផ្សេងៗទៀតមិនបានផ្តល់ជាព័ត៌មានដល់ពួកអ្នកកាសែតឡើយ បំណងចង់ឱ្យព័ត៌មានដ៏អសោចនេះ រលាយបាត់ ទៅវិញតាមពេលវេលា។

    និយាយពីលោកវិរៈយុទ្ធវិញ គាត់ខឹងនឹងភរិយារបស់គាត់ខ្លាំងណាស់ ថ្ងៃនេះគាត់ជះកំហឹង ទៅលើលោកស្រីម៉ាឡានីដោយមិនទុកមុខឱ្យឡើយ។

    «សមមុខលោកស្រីណាស់ហើយមែនទេ ដែលបង្ក ឱ្យរឿងតូចក្លាយជារឿងធំបែបនេះ?»

    «រឿងតូច? លោកបងគិតថារឿងសាហាយផិតក្បត់ នេះជារឿងតូចមែនទេ?»

    «ចុះវាជារឿងធំអីណាស់ណាទៅ ក្រែងពួកយើង ដឹងច្បាស់រៀងៗខ្លួនហើយមែនទេ? អ្នកណាចង់ធ្វើអីក៏ស្រេចចិត្ត គ្មានអ្នកណាហាមឃាត់អ្នកណាទេ មិនថាអញ្ចឹងឬ?»

    «មែនហើយ! គ្មានអ្នកណាហាមឃាត់អ្នកណាបានទេ។ ប៉ុន្តែនេះជាអំពើផិតក្បត់ តើឱ្យស្រីម្នាក់ណាទ្រាំបានទៅ បើដឹងថាប្តីទៅមានស្រីនៅខាងក្រៅ ហើយមីស្រីនោះមានអាយុស្របាលនឹងកូនខ្លួនឯង លោកបងមិនចេះខ្មាស់គេទេឬ?» អ្នកស្រីនោះនិយាយទាំងលើកដៃកាយវិការ។

    «ឈប់ហៅគេថាមីនេះមីនោះទៀតទៅ គេឈ្មោះរតនី ហើយពួកយើងស្រលាញ់គ្នាដោយស្មោះ មិនបានទៅលួចលាក់ផិតក្បត់អីទេ។»

    «លោកបងនៅថាមិនលួចលាក់ទៀត?»

    «ចុះពួកយើងបានយល់ព្រមថានៅផ្សេងគ្នាហើយតើ គ្រាន់តែមិនចង់លែងលះជាផ្លូវការ។ ក្រែងលោកស្រីយល់ព្រមហើយមែនទេ? ដូច្នេះខ្ញុំចង់ទៅស្រលាញ់អ្នកណាជារឿងរបស់ខ្ញុំ លោកស្រីគ្មានសិទ្ធិសូម្បីតែប្រច័ណ្ឌ។»

    «ចុះបើខ្ញុំទៅមានប្រុសផ្សេងវិញ លោកបងថា យ៉ាងម៉េច?»

    «នេះជារឿងរបស់លោកស្រីទេខ្ញុំនឹងមិនខ្វល់ឡើយ តែខ្ញុំសុំតែម្យ៉ាង សូមកុំឱ្យតែពួកអ្នកកាសែតដឹងទៅ បានហើយ ព្រោះមិនចង់ជាចំណីមាត់ចាបមាត់ព្រាបទេ ហើយម្យ៉ាងវិញទៀតអារឿង ល្បែងពាលាអាវាសែក៏ជារឿងមួយដែរ បើសិនជាឱ្យប៉ូលីសចាប់បាន កុំថាខ្ញុំមិនទុកមុខឱ្យសោះ។ ឯងក៏មួយដែរអាកូនបំបង់បាយ ឯងចូលចិត្តធ្វើជាអ្នកលេងណាស់មែនទេ?»

    «នេះជារឿងរបស់ខ្ញុំ លោកប៉ាមិនបាច់មកបារម្ភពីខ្ញុំទេ។» កូននោះតបយ៉ាងឈ្លើយដាក់ប៉ាវា។

    «តើឯងមានទុកយើងជាប៉ារបស់ឯងទេ?» ប៉ាវាសួរទាំងខឹង។

    «ចុះប៉ាមានដែលទុកខ្ញុំជាកូនរបស់លោកប៉ា ទេ? មានដែលធ្វើខ្លួនជាឪពុកដ៏ល្អទេ?»

    សម្ដីមួយម៉ាត់នេះ បានធ្វើឱ្យលោកវិរៈយុទ្ធស្ទើតែដាច់ដង្ហើម តែក៏រកពាក្យអ្វីនិយាយទៀតលែងចេញ មានតែដកដង្ហើមធំដើរចេញពីផ្ទះដ៏អាប់អួរនេះ ទាំងអារម្មណ៍នៅខឹងនៅឡើយ។ មិនទាន់ទាំងផុតពីទ្វារផ្ទះផង លោកស្រីម៉ាឡានីក៏ស្រែកបង្អាក់ទៅលោក វិរៈយុទ្ធ៖

    «ចុះលោកបងទៅណាទៀតហើយមិននៅញ៉ាំបាយ សិនទេឬ? ប្រញាប់ទៅរកមីស្អីគេហ្នឹងទៀតហើយមែនទេ?»

    ប្រយោគនេះ ធ្វើឱ្យលោក វិរៈយុទ្ធទុចដំណើរ បន្តិច តែក៏មិនបានងាកមករកពួកគេឡើយ មានតែខំដើរទៅមុខយ៉ាងលឿនទាំងគ្រវីក្បាលហួសចិត្ត។ ចំណែកឯលោកស្រីម៉ាឡានីវិញ ពេលដែលឃើញ លោកមិនរវីរវល់នឹងសម្ដីនេះហើយធ្វើឫកដូចជាធុញថប់នឹងលោកស្រីណាស់ ក៏រឹតតែមានកំហឹងកាន់តែខ្លាំង។

    «ឯងមើលទៅ! ឯងមើលទៅកូនស័ក ឯងមើលប៉ាឯងធ្វើមកលើម៉ាក់ចុះ។ មិនឱ្យម៉ាក់ខឹងម្តេចហ្នឹងបាន? ម៉ាក់ពិតជាគាំងបេះដូងស្លាប់មុនអាយុ មិនខានទេ។»

    សម្ដីរបស់លោកស្រីមិនបានធ្វើឱ្យស័កភព នឹកអាណិតអ្នកម្តាយឡើយ មានតែធ្វើឱ្យគេគ្រវីក្បាល ទាំងធុញថប់ហើយរត់ឡើងទៅលើបន្ទប់បាត់ទាំងមិននិយាយអ្វីមួយម៉ាត់ទៅលោកស្រីម៉ាឡានីជាម្តាយឡើយ។

    ហ៊ឺយ…. គ្រួសារមួយនេះវាបែបហ្នឹងតាំងពីណាពីណីមកហើយ ប្រហែលជាគ្មានអ្វីមកកែខៃឱ្យពួកគេ បែរមកស្រលាញ់គ្នា បារម្ភពីគ្នា ដូចគ្រួសារដទៃទេ។

    និយាយពីគ្រួសារនេះបន្តិចចុះ, កាលសម័យលោក វិរៈយុទ្ធនៅកំលោះ គឺលោកជាកូនអ្នកមានមុខមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម ហើយលោកជាកូនដែល កតញ្ញូស្តាប់ដំបូន្មានឪពុកម្តាយ ទោះជាពួកគាត់ឱ្យធ្វើអ្វីក៏គាត់មិនដែលប្រកែក នឹងអ្នកមានគុណឡើយ (តែចង់ប្រាប់ថាទោះជាចង់ប្រកែកក៏មិនបានដែរ ព្រោះវិន័យក្នុងគ្រួសាររបស់លោកមិនអនុញ្ញាតិ ឱ្យប្រកែកឡើយ អ្វីដែលគ្រួសារថាត្រូវ គឺពិតជាត្រូវ)។ ក្រោយមកទៀត, លោកក៏ត្រូវបានអ្នកមានគុណចាប់ផ្គូរផ្គងលោកជាមួយនឹងលោកស្រីម៉ាឡានីដែលជាកូនអ្នករកស៊ីដ៏ធំដុំម្នាក់ក្នុងសង្គ នាសម័យនោះ។ លោកក៏មិនបានប្រកែកអ្វីឡើយ ទោះបីជាលោកមិនដែលបានដឹង ទាល់តែសោះថា ចរិតឫកពាររបស់ភរិយាលោកបែបណាឡើយ តែលោកនៅតែស្រលាញ់ភរិយារបស់លោកខ្លាំងណាស់ ហើយលោកក៏ខិតខំធ្វើតួនាទីជាប្តីយ៉ាងល្អ និងខំពង្រីកមុខជំនួញរបស់ឪពុកក្មេករហូតដល់រីកចំរើនមកដល់សព្វថ្ងៃនេះ។ 
    ចំណេរកាលក្រោយមកទៀត, គ្រួសាររបស់លោកក៏បានបង្កើតនូវបុត្រាដ៏គួរឱ្យស្រលាញ់មួយរូប ហើយបានដាក់ឈ្មោះគេថា ស័កភព។

    ស័កភពដំបូងឡើយគឺជាក្មេងដ៏គួរឱ្យស្រលាញ់ម្នាក់ មិនរឹងទទឹង ហើយស្តាប់ដំបូន្មានលោកប៉ាអ្នកម៉ាក់ខ្លាំងណាស់ ព្រោះលោកទាំងពីរបានផ្តល់ភាពកក់ក្តៅឱ្យស័ក មិនដែលខ្វះចន្លោះទេ រហូតដល់មុខជំនួញរបស់លោកវិរៈយុទ្ធរីកចម្រើនធំទៅៗ គាត់ត្រូវទៅមើលការងារដល់ប្រទេសក្រទើបគាត់ត្រូវចាកឆ្ងាយពីកូនសំណព្វ និងប្រពន្ធសំលាញ់មួយរយៈជាអន្លើៗ។ ឯចំណែកលោកស្រីម៉ាឡានីវិញ, ចាប់តាំងពីលោកវិរៈយុទ្ធមិននៅស្រុកខ្មែរ គឺលោកស្រីបែរជាបែកគំនិតវក់នឹងល្បែងស៊ីសងភ្លេចតួនាទីជាម្តាយដ៏ល្អហើយទុកកូនចោលឱ្យនៅតែជាមួយប្អូនស្រីបង្កើតតែម្នាក់គត់របស់លោកស្រី ដែលនាងមិនទាន់មានប្តីនៅឡើយទេ។ គ្រួសារមួយនេះ ក៏ចាប់ផ្តើមរង្គោះរង្គើ លោក និងលោកស្រី តែងតែឈ្លោះគ្នាមិនដែលលោះថ្ងៃឡើយ សម្ព័ន្ឋភាពជាប្តីប្រពន្ធរបស់អ្នកទាំង២ ត្រូវប្រេះស្រាំហើយរាល់លើកដែលលោកវិរៈយុទ្ធខឹងនឹងលោកស្រី គឺគាត់តែងតែហោះទៅស្រុកគេឱ្យរាល់តែលើក, ចំណែកឯលោកស្រីម៉ាឡានីវិញគិតតែពីល្បែង ម្នាក់ៗភ្លេចគិតពីតួនាទីជាឪពុកល្អ និងម្តាយល្អអស់រលីងហើយ វារឹតតែធ្វើឱ្យស័កភព ប្រែក្លាយពីក្មេងដែលស្តាប់បង្គាប់ មកជាក្មេងដែលខ្វះភាពកក់ក្តៅ និងមានះយកតែចិត្តខ្លួនឯងសមនឹងម្តាយមីងរបស់គេចិញ្ចឹមទម្រើសក្មួយទៀតនោះ វារឹតតែធ្វើឱ្យស័កក្លាយជាក្មេងទំនើងរហូតមក ដល់សព្វថ្ងៃនេះ។

    នេះជារឿងរ៉ាវរបស់គ្រួសារស័កភព ហេតុអីបានជាស័កក្លាយទៅជាបែបនេះ។ ចំពោះជីវភាពរស់នៅរបស់គ្រួសាររតនី និងរតនៈវិញបងដង្កូវនឹងរៀបរាប់នៅវគ្គក្រោយ។

    សូមជួយគាំទ្រស្នាដៃរបស់បងដង្កូវផងណា!

    (សូមរង់ចាំអានភាគ២នៅរាត្រីម៉ោង៨ស្អែក)
    គំនុំប្រុសស្អាត គំនុំប្រុសស្អាត Reviewed by Unknown on 7:01 PM Rating: 5
    Loading...
    Powered by Blogger.