គំនុំប្រុសស្អាត (ភាគ២)
ចំពោះស្ថានភាពគ្រួសាររបស់ស័កភពវិញ, ប្រិយមិត្តបានដឹងខ្លះៗហើយ ឥលូវចូលមកដល់ គ្រួសាររបស់រតនីម្តង។
ថ្វីត្បិតតែគ្រួសារនេះ មិនមានមុខមានមាត់ធំដុំក្នុងសង្គម ហើយក៏មិនមានប្រាក់ច្រើនដូចជាគេមែន ប៉ុន្តែគ្រួសារនេះមានភាពកក់ក្តៅក្នុងគ្រួសារណាស់ ពួកគេចេះស្រលាញ់ ចេះបារម្ភ ចេះចែករំលែក មើលពិភពលោកក្នុងផ្លូវល្អ ទោះបីជាឪពុករបស់រតនី និងរតនា បានចាកឋានចោលពួកគេតាំងពីពួកគេនៅតូចៗមែន ប៉ុន្តែពួកគេទាំង២បានទទួលការស្រលាញ់ ការផ្តល់ភាពកក់ក្តៅពីអ្នកម្តាយរបស់គេតែម្នាក់ក៏គ្រប់គ្រាន់ទៅហើយ។
ចំពោះរឿងដែលរតនីទៅដណ្តើមលោកវិរៈយុទ្ធពីអ្នកស្រីម៉ាឡានី ទោះជាសំបកក្រៅមើលទៅឃើញថាខុសច្បាប់សង្គម ខុសពីច្បាប់ប្រពៃណី ទំនៀមទម្លាប់ខ្មែរ តែបើពិនិត្យមើលឱ្យច្បាស់គឺពួកគឺមិនបានខុសទេ ព្រោះលោកវិរៈយុទ្ធបានលះលែងប្រពន្ធលោកទៅហើយ គ្រាន់តែមិនបានលុបអេត្តាស៊ីវិលតែប៉ុណ្ណោះ ហើយរតនីក៏មិនបានទាមទារធ្វើជាប្រពន្ធពេញមុខពេញមាត់អីដែរ ឱ្យតែបាននៅជិតលោកវិរៈយុទ្ធដោយក្តីស្រលាញ់ស្មោះក៏អស់ចិត្តទៅហើយ ក្នុងនោះក៏មានការយល់ព្រមឯកភាពពីម្តាយរបស់រតនីដែរ ដោយមើលឃើញ លោកវិរៈយុទ្ធមិនមែនជាគោចាស់តាមប្រមាញ់ ស្មៅខ្ចី គ្រប់ទីកន្លែងនោះទេ ហើយលោកវិរៈយុទ្ធបានលង់ស្រលាញ់រតនី ក៏មិនមែនដោយសារ រតនីជាតារាដែលមានសាច់សខ្ចីអីដែរ គឺលោកមិនដែល ទាំងចាប់អារម្មណ៍ផងថា តារាស្រីខ្មែរឥលូវក្មេងៗហើយស្អាតៗទៀត។
ដំបូងឡើយ, រតនីគ្រាន់តែជាតារាសម្តែងស្រីម្នាក់ប៉ុណ្ណោះ តែដោយនាងមានវាសនាត្រូវគេអញ្ជើញ ទៅសម្ដែងនៅប្រទេសអាមេរិក ហើយវាគាប់ជួនលោកវិរៈយុទ្ធតែងតែស្មុគស្មាញពីបញ្ហាគ្រួសារ លោកក៏ចេះតែចុះឡើងៗទៅអាមេរិក ទើបធ្វើឱ្យអ្នកទាំង២មានវាសនាបានជួបគ្នា។ ដំបូងឡើយ, រតនីមិនដែលមានចំណាប់អារម្មណ៍ទៅលើលោកវិរៈយុទ្ធទេ ដោយគិតថាលោកជាព្រានកញ្ចាស់ ដែលចូលចិត្តយកតារាស្រីវ័យក្មេង ធ្វើជាល្បែងកំដរ អារម្មណ៍ ហើយនាងក៏មិនបានទៅចាប់អារម្មណ៍នឹងមាសប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់លោកវិរៈយុទ្ធដែរ តែដោយភាពព្យាយាមរបស់លោក និងក្តីស្រលាញ់ដោយស្មោះរបស់លោក ធ្វើឱ្យរតនីទន់ចិត្តដោយមិនដឹងខ្លួន ហើយក៏ព្យាយាមពន្យល់អ្នកម្តាយ និងប្អូនប្រុសឱ្យព្រមទទួលយកលោកដែរ។
លោកវិរៈយុទ្ធក៏បានសន្យាដែរថាលោកនឹងរកពេលវេលាសមស្របណាមួយដើម្បីលះលែងជាមួយលោកស្រីម៉ាឡានីតាមផ្លូវច្បាប់ ហើយរៀបមង្គលការតាមប្រពៃណីជាមួយនឹងរតនី។ តែមិនទាន់ទាំងបានអីផង រឿងដែលពួកគេមិនចង់ជួប ក៏បានមកដល់ ធ្វើឱ្យពួកគេអាម៉ាសមុខរកអ្វីមកថ្លែងមិនបាន។
ទាំង៣នាក់ម្តាយកូន បន្ទាប់ពីទទួលការស្វាគមន៍ និងព្រមានយ៉ាងចាស់ដៃពីភាគីប្រពន្ធដើមរបស់លោកវិរៈយុទ្ធរួចមក, ពួកគេពិបាកចិត្តខ្លាំងណាស់ មិនដឹងធ្វើយ៉ាងណាបន្តទៀតទេ សូម្បីតែចេញទៅក្រៅ ក៏មិនហ៊ានចេញទៅដែរ មានតែសំងំក្នុងផ្ទះមួយរយៈពេលសិន។ បន្តិចក៏មានទូរស័ព្ទហៅចូល ពីលោកវិរៈយុទ្ធ។
«តើអូនយ៉ាងម៉េចទៅហើយរតនី? បងបារម្ភពីអូនណាស់ ឱ្យបងសូមទោសណា បងក៏មិនចង់ឱ្យរឿងទៅជាយ៉ាងនេះទេ។»
«សម្រាប់ផ្លូវកាយគឺអូនមិនអីទេ ប៉ុណ្ណឹងៗអូនអាចទ្រាំបានតែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់អូនក៏ដូចជាគ្រួសារអូន ត្រូវរលាយអស់ហើយ។»
«បងសូមទោស បងនឹងខិតខំស្តាកិត្តិយសរបស់អូនមកវិញ។» លោកព្យាយាមលួងលោម។
«លោកបងចង់ស្តាតាមវិធីណា?» រតនីនិយាយតបទាំងអស់សង្ឃឹម។
«កុំអាលនិយាយអី! បងនឹងទៅជួបអូនពេលបន្តិចទៀតនេះ។»
«លោកបងកុំអាលមកពេលនេះអី ព្រោះមានអ្នកកាសែតច្រើនណាស់នៅមុខផ្ទះ បើបងមកនៅពេលនេះ ដូចហែកការពិតឱ្យគេដឹងគ្រប់គ្នាហើយ។»
«ចឹងតើអូនឱ្យបងធ្វើយ៉ាងម៉េច?»
«អូនក៏មិនដឹងដែរ គ្រាន់តែដឹងថាមួយរយៈនេះ យើងមិនអាចជួបគ្នាបានទេ។»
«មិនបានទេ បងមិនអាចធ្វើបែបនោះបានទេ បងមានផ្លូវចេញហើយ បងនឹងទិញវិឡាមួយសម្រាប់យើងទាំងអស់គ្នាគឺពួកអូនត្រៀមរៀបចំអីវ៉ាន់ឱ្យហើយទៅ បងធានាថាវីឡានោះគ្មានអ្នកណាដឹងឡើយ ហើយមួយរយៈនេះ បងនឹងលែងលះលោកស្រីម៉ាឡានីឱ្យខានតែបាន បងមិនអាចរង់ចាំបានទៀតទេ អូនត្រូវតែទុកចិត្តបងណា បងជឿថា អូនជឿជាក់លើស្នេហារបស់បងមិនថាចឹងឬ? អញ្ចឹង, ប៉ុណ្ណឹងសិនហើយអូនធ្វើតាមអ្វីដែលបងប្រាប់ទៅ។ បងស្រលាញ់អូន។»
ក្រោយពីដាក់ទូរស័ព្ទចុះ, រតនីក៏ព្យាយាមពន្យល់ម្តាយ និងប្អូនស្រីឱ្យយល់ពីសណ្តានចិត្តរបស់លោកវិរៈយុទ្ធថា គាត់ពិតជាព្យាយាមដើម្បីពួកគេមែន មិនមែនគ្រាន់តែការសប្បាយមួយគ្រារបស់លោកទេ។ ចំពោះអ្នកម្តាយ, គាត់ក៏មិនបានប្រកែកអីដែរ ធ្វើយ៉ាងណាឱ្យតែកូនមានសេចក្តីសុខ កូនធំហើយ កូនអាចធ្វើអ្វីដែលកូនគិតថាត្រូវ តែចំពោះរតនាវិញ នាងពិតជាមិនចង់ឱ្យបងស្រីរបស់នាង វិចសេចក្តីសុខហើយដើរចូលក្នុងភ្នក់ភ្លើងបែបនេះទេ, ព្រោះនាងដឹងថា រឿងនេះនៅមិនទាន់ចប់ដោយងាយៗទេ។ តែដោយខ្លួនមិនចង់ ធ្វើឱ្យបងស្រីមិនសប្បាយចិត្ត ក៏ចេះតែយល់ព្រមទាំងទើសទាល់ទៅ។
ពួកគេទាំង៣នាក់ក៏បានទៅរស់នៅក្នុងវិឡាថ្មីជាមួយនឹងលោកវិរៈយុទ្ធយ៉ាងមានសេចក្តីសុដោយមិនឱ្យអ្នកណាដឹងឡើយ ចំពោះខាងវិមានដ៏ស្កឹមស្កៃរបស់លោកស្រីម៉ាឡានី ទោះបីជាមានអ្នកបម្រើឆ្វេងស្តាំ ក៏លោកស្រីនៅតែគ្មានសេចក្តីសុខ ព្រោះលោកវិរៈយុទ្ធរឹតតែមកផ្ទះនេះតិចតួចបំផុត ហើយបើក្រលេកមើលទៅស័កភពវិញ ចូលផ្ទះលើកណាក៏ស្រវឹងស្រាអួទីនួដូចអ្នកស្រវឹងខួប ហើយឱ្យតែទាំង៣នាក់ជួបមុខគ្នាពេលណា ឮតែការឈ្លោះប្រកែកគ្នាសម្ដីតឹងបំពង់កដាក់គ្នាដូចជាមានគំនុំតាំងពីជាតិណាមកចឹង។ ហើយឱ្យតែលោកស្រីរអ៊ូពីស្វាម៉ីមិនដែលមកផ្ទះម្តងៗ គឺស័កភពដូចជាមានកំហឹងនៅក្នុងចិត្តរាប់ម៉ឺនអង្សាតែងតែគិតថា គ្រួសាររបស់រតនីគឺជាដើមហេតុ ដែលធ្វើឱ្យម្តាយរបស់គេឡូឡាដូចមនុស្សវិកលចរិត ក្នុងចិត្តគេ បើមិនបានសងសឹក គឺនៅមិនសុខទេ។
យើងក្រលេកមកមើលគ្រួសារដ៏មានសេចក្តីសុខ របស់រតនីវិញ ពួកគេមានតែភាពផ្អែមល្ហែមផ្តល់ឱ្យគ្នាទៅវិញទៅមក មិនបានមាត់ធំមាត់តូចដាក់គ្នាដូចគ្រួសារស័កទេ ដូច្នេះតើឱ្យលោកវិរៈយុទ្ធទ្រាំនៅផ្ទះនោះម្តេចនឹងបានទៅ គឺប្រាកដជាសំងំទទួលយកនូវសេចក្តីសុខ ដែលមនុស្សរាល់គ្នា ប្រាថ្នាចង់បានហើយ។
ល្ងាចនេះ គ្រួសាររបស់រតនីដូចជាមិនសូវសប្បាយចិត្តសោះ ព្រោះម៉ោងជិត១០យប់ទៅហើយ រតនានៅតែមិនទាន់ត្រលប់មកផ្ទះទៀត។ ម្នាក់ៗភ័យឡើងសភ្នែកទៅហើយ ព្រោះអីរតនាជាក្មេងល្អមិនដែលបាត់ដោយគ្មានដំណឹងអញ្ចឹងទេ សូម្បីតែទូរស័ព្ទក៏តេមិនចូល។ ទោះព្យាយាមតេទៅគ្រប់មន្ទីរពេទ្យ និងប៉ុស្តប៉ូលីស ប៉ុន្តែនៅតែគ្មានដំណឹងដដែល មួយសន្ទុះក៏ឃើញរតនាដើរចូលផ្ទះ ដោយដំណើរទ្រេតទ្រោត អាវសប្រឡាក់សុទ្ធតែឈាម ឃើញដូចនោះ លោកវិរៈយុទ្ធក៏ស្ទុះទៅគ្រាប្អូនថ្លៃទាំងក្តីបារម្ភជាទីបំផុត ហើយម្តាយរតនាក៏ផ្តើមសួរមុនគេ៖
«មានរឿងអីហ្នឹងកូនណា?»
រតនាមិនទាន់ទាំងបានឆ្លើយនឹងសំនួររបស់ម្តាយគេផងលោកវិរៈយុទ្ធក៏កាត់៖
«កុំអាលសួរនាំច្រើនអីអ្នកស្រី ឈាមហូរច្រើនណាស់ប្រញាប់នាំរតនាទៅមន្ទីរពេទ្យវិញល្អជាង, អូននី។ ប្រញាប់យកឡានចេញទៅ។»
«មិនបាច់ពិបាកទេបងខ្ញុំមិនអីទេ… ខ្ញុំមិនចង់ទៅ មន្ទីរពេទ្យទេ។»
រតនានិយាយកាត់យ៉ាងលឿនមុនបងស្រីចេញទៅយកឡាន ពេលនោះលោកវិរៈយុទ្ធក៏ឆ្លើយបន្ត៖
«ហេតុអីបានប្អូនមិនចង់ទៅមន្ទីរពេទ្យ? ហើយប្អូនមានរឿងអីបានជាបែកក្បាលហូរឈាមដល់ថ្នាក់នេះ?»
«មិនអីទេបង! ខ្ញុំត្រូវចោរប្លន់យកម៉ូតូ និងទូរស័ព្ទអស់ហើយ។»
«ហើយប្អូនមានប្តឹងប៉ូលីស ឬនៅ?»
«មិនចាំបាច់ទេបង កុំឱ្យវាក្លាយទៅជារឿងធំអី។»
ឮបែបនោះ, រតនីក៏ឆ្លើយកាត់៖
«បើចឹងក៏ចឹងចុះ អ្នកម៉ាក់ និងលោកបងទៅសម្រាកមុនទៅ ដូចជាយប់ណាស់ហើយ រឿងស្រីណា ចាំខ្ញុំយកគេទៅលាងរបួស មើលទៅមុខរបួសមិនជាអីធំដុំដែរទេ។»
ឮបែបនោះ ពួកគេក៏បែកគ្នាចូលបន្ទប់រៀងៗខ្លួន ទុកឱ្យតែរតនីនៅមើលថែលាងរបួសឱ្យប្អូនស្រីយ៉ាងយកចិត្តទុកដាក់បំផុត។ កំពុងតែលាងបណ្តើរ , រតនីក៏សំលឹងចំកែវភ្នែករបស់ប្អូនស្រី, ក្នុងន័យចង់ឱ្យនាងនិយាយការពិតប្រាប់ទៅនាង ព្រោះថាគេស្គាល់ប្អូនរបស់គេច្បាស់ណាស់ នាងក៏ចាប់ផ្តើមសួរ៖
«អូនប្រាប់បងបានហើយឬនៅ ថាវាមានរឿងអី អោយប្រាកដ?»
«គ្មានរឿងអីទេបងនី! ដូចខ្ញុំបានប្រាប់រួចហើយតើ។»
«ប្រាប់បងតាមត្រង់មកល្អជាង ថាប្អូនមិនបានចោរប្លន់ទេ ព្រោះអីបើចោរវាប្លន់មែន, ពួកវាក៏មិនបានវាយអូនដល់ថ្នាក់នេះដែរ នេះគឺប្អូនត្រូវគេវាយឡើងទ្រមខ្លួនហើយណា។ ប្រាប់បងមកល្អជាង បងនឹងសន្យាថាមិនប្រាប់អ្នកម៉ាក់ទេ។»
«ចាស... គឺ.. គឺ វាបែបនេះទេ… គឺ.. គឺ.. គឺ លោក ស័ក កូនប្រុសលោកវិរៈយុទ្ធលើកគ្នាជិះឡានដេញបុកខ្ញុំ ហើយប្រាប់ថា បើបងនៅតែបំបែកបំបាក់គ្រួសាររបស់គេទៀត គឺខ្ញុំក៏ជាអ្នកដែលនៅមិនសុខដូចគ្នា។ ហើយខ្ញុំមិនចង់ប្រាប់អ្នកទាំងអស់គ្នា ព្រោះមិនចង់ឱ្យលោកវិរៈយុទ្ធគាត់ក្តៅក្រហាយហើយ បែរទៅដាក់ទោសកូនប្រុសគាត់ឡើយ គ្រាន់តែប៉ុណ្ណឹង គ្រួសាររបស់គេគ្មានក្តីសុខបាត់ទៅហើយ។»
ឮបែបនោះ, រតនីក៏នៅធ្មឹងមួយសន្ទុះ រតនាក៏ និយាយបន្ត៖
«បងសន្យាហើយណាថាមិនប្រាប់អ្នកណា… ខ្ញុំពិតជាមិនចង់ឱ្យលោកវិរៈយុទ្ធត្រូវក្តៅក្រហាយទៀតទេ។»
រតនីឮបែបនោះ ក៏នៅតែនិយាយអ្វីមិនចេញ មានតែយកដៃទៅអង្អែលក្បាលប្អូនស្រីជាទីស្រលាញ់ ក្នុងន័យអាណិតប្អូនដែលមិនដឹងអីសោះ បែរជាមកឈឺខ្លួនបែបនេះទៅវិញ។ មួយសន្ទុះ នាងក៏នឹកឆ្ងល់ហើយសួរទៅរតនា៖
«ចុះឯណាម៉ូតូ និងទូរស័ព្ទ? ក្រែងពួកគេគ្រាន់តែធ្វើបាបអូនទេតើ កុំប្រាប់ថាពួកគេយកទាំងម៉ូតូទៅដែរណា!»
«ពួកគេមិនបានយកម៉ូតូ និងទូរស័ព្ទទៅទេ ពួកគេគ្រាន់តែដេញបុកខ្ញុំអស់ចិត្ត ក៏ចេញទៅអស់ តែដោយខ្ញុំទប់ទល់នឹងការឈឺចាប់មិនបាន ក៏សន្លប់ បាត់ទៅ។ ដឹងខ្លួនមកវិញ បាត់ទាំងម៉ូតូ បាត់ទាំង ទូរស័ព្ទ មិនដឹងថាអ្នកណាគេមកលួចទេ។»
«ហ៊ឺ… មនុស្សសម័យឥលូវ រកទុកចិត្តមិនបានសោះ ឃើញគ្នាមានទុក្ខ មានសោក ហើយមិនជួយយកអាសាគ្នា បែរជាមកលួចយក របស់របរគេទៀត។ មិនអីទេ ឥលូវប្អូនសំរាកមើលថែជំងឺឱ្យបានជាសិនចុះ ចាំបងទិញម៉ូតូឱ្យថ្មី ទៀត។»
រឿងអស់ទាំងនោះ មិនបានឮដល់ត្រចៀកលោកវិរៈយុទ្ធទេ ព្រោះរតនីក៏មិនចង់ឱ្យរឿងតូចក្លាយជារឿងធំដែរ យ៉ាងណាៗឱ្យវាចប់ទៅចុះ។
ពេលវេលា ចេះតែកន្លងផុតទៅ ស័កភពនៅតែមិនចោលការចងអាឃាតលើរតនា និងព្យាបាទលើរតនារហូត។
២ ទៅ៣ដងទៀតហើយ ដែលស័កបាននាំបក្សពួក មកវាយធ្វើបាបរតនា ហើយរតនានៅតែទទូចអង្វរបងស្រី មិនឱ្យបំភ្លឺរឿងនេះប្រាប់អ្នកណា។ តែម្តងនេះ រតនីពិតជាទ្រាំមិនបានទៀតទេ ព្រោះទាំងម្តាយ និងលោកវិរៈយុទ្ធបែរជាស្តីបន្ទោសរតនាទៅវិញថានាងជាស្រីហ៊ានលួចទៅដើរលេង ហើយ បង្កជំលោះជាមួយក្រុមស្រីបែកស្លុយ។ ចំពោះរតនាវិញ ទោះជាអ្នកម្តាយស្អប់ហើយចោទថាយ៉ាងណា ក៏គេនៅតែខាំមាត់ លាក់រឿងនេះឱ្យជិត ដដែល តែចំពោះរតនីវិញ នាងមិនអាចទ្រាំមើលប្អូនស្រីឈឺខ្លួនបែបនេះទៀតទេ ព្រោះវាមិនមែនជាលើកទី១ ឬក៏ទី២ទេ គឺវាពិតជាច្រើនលើកច្រើនសាពេកហើយ។ ហើយនៅចោទថាជាស្រីពាលាអាវាសែទៀត យ៉ាងណាៗក៏នាងត្រូវតែយករឿងនេះទៅជំរាបលោកវិរៈយុទ្ធឱ្យខានតែបាន។
ពេលដែលលោកវិរៈយុទ្ធបានជ្រាបរឿងនេះ, គាត់ពិតជាអាណិតរតនាខ្លាំងណាស់ ដែលមហិមាសុខចិត្តឈឺខ្លួន ហើយឱ្យអ្នកផ្ទះចោទថាជាស្រីកាងបងធំបងតូចទៀត ទាំងការពិតអ្នកដែលជា បងធំបងតូចឱ្យពិតប្រាកដនោះ គឺជាកូនប្រុស របស់លោកទៅវិញ។ ម្តងនេះ លោកនឹងចាត់ការ អាកូនគំរក់នេះឱ្យចេះដឹងខុសត្រូវម្តង ហើយ សន្យាឱ្យអ្នកទាំងអស់គ្នាសប្បាយចិត្តចុះ គាត់មិនអនុញ្ញាតិឱ្យអ្នកណាមកធ្វើបាបក្រុមគ្រួសាររបស់រតនីទៀតឡើយ។...
ចង់ដឹងថា តើវគ្គក្រោយលោកវិរៈយុទ្ធចាត់ការលើកូនប្រុសក្បាលខូចយ៉ាងណានោះ សូមរង់ចាំអានភាគ៣ជាបន្តទៀតណា។
(សូមរង់ចាំអានភាគ៣នៅរាត្រីម៉ោង៨ស្អែកនេះ)
គំនុំប្រុសស្អាត (ភាគ២)
Reviewed by Unknown
on
7:37 PM
Rating: