រូងងងឹត (ភាគ៥) : ពពែអាគមវិញ្ញាណ
នៅពេលដែលមកដល់ក្រុងនេះវិញ, ខ្ញុំចុះពីឡានប៉ូលីស, អរគុណគេរួចដើរបន្តរហូតមកដល់មុខផ្ទះ។ ដៃខ្ញុំក្ដាប់ដបទឹកថ្នាំយ៉ាងណែនខណៈដែលដើរចូលបរិវេណក្នុងផ្ទះ។
គ្រឹក គ្រាក់...
ម៉ាក់ស្ទុះហេមកចាប់ខ្ញុំ។ កម្លាំងមហិមារបស់គាត់បណ្ដាលឱ្យរាងកាយដ៏ជរាទន់ខ្សោយរបស់ខ្ញុំដួលស្រិបទៅលើដីយ៉ាងងាយ។ គាត់ប្រើក្រចករបស់គាត់ខ្វាចមុខខ្ញុំបណ្ដាលឱ្យរយះចេញឈាម។ ខ្ញុំប្រើកម្លាំងដែលសេសសល់តិចតួចបើកគម្របដបទឹកថ្នាំហើយជះចំភ្នែកទាំងពីររបស់គាត់។ ភ្លាមនោះ, ម៉ាក់ប្រកាច់ស្រែកវក់វីដូចជាត្រូវគេចាប់ដុតទាំងរស់អ៊ីចឹង។ មានផ្សែងខ្មៅជាច្រើនចាប់ផ្ដើមផ្ទុះចេញមក ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ឈ្លក់។ មួយសន្ទុះ, អ្វីៗល្អឡើងវិញ ហើយនៅទីនេះខ្ញុំឃើញពពែធំមួយក្បាលសម្លឹងមកខ្ញុំដោយកែវភ្នែកចងកំហឹង។ ពពែដែលជាម៉ាក់ខ្ញុំនេះកាចសាហាវណាស់ រត់មកបុកជល់ខ្ញុំបណ្ដាលឱ្យខ្ញុំដួលទៅលើដីជាលើកទីពីរ។ តែសត្វមិនអាចតទល់នឹងមនុស្សយូរនោះទេ, ខ្ញុំយកខ្សែពួរមកចងកពពែដែលជាម៉ាក់ខ្ញុំនោះភ្ជាប់នឹងបង្គោលរបងហើយខ្ញុំក៏ចូលក្នុងផ្ទះដើម្បីសម្រាក។ មកដល់បន្ទប់ម៉ាក់, ខ្ញុំបើកទ្វាទូ, យកសពស្វិតនោះចេញមកក្រៅ ដាក់វាទៅលើគ្រែហើយខ្ញុំដេកឱបវាដោយក្ដីស្រឡាញ់។ ខ្ញុំស្រឡាញ់បងស្រីណាស់ ទោះជានាងស្លាប់ហើយ តែចិត្តស្រឡាញ់ និងនឹករលឹកនៅតែមានគ្មានថ្ងៃបាត់។ ខ្ញុំដេកឱបសពសង្វិតសល់តែឆ្អឹងនោះពេញមួយយប់ឥតមាបខ្ពើមញញឹមសោះឡើយ។
ព្រឹកឡើង, ខ្ញុំច្រកសាកសពដាក់បាវមួយស្ពាយជាប់នឹងខ្នង រួចបង្ខំទាញពពែដែលត្រូវជាម៉ាក់ខ្ញុំនោះឡើងទៅលើផ្លូវ កម្លាំងខ្ញុំជារូបមនុស្សចាស់ក៏ចេះតែចាប់ទាញចុងខ្សែដែលទាក់ជាប់ចងនឹងកពពែនោះទាំងពិបាកត្រដាបត្រដួសរកតែនឹងដួលផង តែចេះតែខំទប់ខ្លួនព្យាយាមទាញអស់ឡើងមកផ្លូវ។ វេលានោះជួនជាសំណាងល្អ មានរថយន្តដឹកធ្យូងមួយគេថាដឹកយកទៅលក់នៅក្រុងមួយទៀត ខ្ញុំក៏សុំទៅជាមួយគេ គេម្នាក់នោះចិត្តល្អដោយគេគោរពក្នុងនាមយើងជាមនុស្សចាស់ គេជួយចាប់លើកពពែចងយ៉ាងជាប់នឹងលើឡានហើយជួយលើកខ្ញុំឡើងឡានរួចបរបន្តទៅមុខ។ រថយន្តនោះកំពូលមហាសែនយឺត រលាក់ស្ទើធ្លាក់ថ្លើម ខ្ញុំអង្គុយក្បែរពពែហើយឱបដោយក្ដីស្រឡាញ់។ អ្នកដឹកធ្យូងសួរខ្ញុំថាបាវនោះដាក់អ្វីក្នុងហ្នឹង ខ្ញុំកុហកថាដាក់ត្រីងៀតទៅផ្ញើចៅ គេក៏ឈប់សួរ។
អស់ពេលជាងមួយម៉ោង នៅបានទើបតែពីរបីគីឡូម៉ែត្រ តែយ៉ាងណាក៏សោះមិនហត់ជាងដើរថ្មើជើង ណាមេឃវាក្ដៅ បានជិះឡានកញ្ចាស់មិនអស់លុយក៏ចេះតែទ្រាំទៅ។
ទម្រាំតែមកដល់មុខផ្ទះតាចាស់ដែលជាប៉ារបស់ខ្ញុំនោះវាចំណាយពេលពេញមួយថ្ងៃរហូតព្រលប់ងងឹត ខ្ញុំអរគុណដល់ម្ចាស់ឡានធ្យូងហើយលើកពពែចុះរួចចូលទៅបរិវេណក្នុងផ្ទះ។ ខ្ញុំស្ពាយសពស្វិតនោះយ៉ាងធ្ងន់ ពពែក៏ក្រាញទៀត ខំទាញផងប្រឹងផងនៅតែមិនចង់ទៅមុខ។ ខ្ញុំទាញគាត់ទាំងត្រដាបត្រដួសហើយគោះទ្វា តែគ្មានមនុស្សមកបើកសោះ។ ដោយទ្វាមិនចាក់គន្លឹះ ខ្ញុំក៏ទាញពពែចូលទៅ តែក្នុងផ្ទះស្ងាត់ឈឹង ខ្ញុំដើរទាំងងងឹត បានបន្តិចស្រាប់តែធ្លាក់ចូលរណ្ដៅអ្វីម្យ៉ាងជ្រៅគួរសមដែលអាចបាក់កស្លាប់បាន។ តែពេលនោះហៅជាសំណាងល្អ ខ្ញុំមិនស្លាប់ ឬបាក់បែកឆ្អឹងឆ្អែងអ្វីសោះ ដូចជាមានអ្វីដែលនោះពីក្រោមខ្ញុំ។ វាងងឹតខ្លាំងណាស់តែខ្ញុំមានអារម្មណ៍ថាក្រោមដីនេះដូចជាគេកាយធំទូលាយអាចដើរបានស្រួល។ ខ្ញុំឃើញពន្លឺអ្វីម្យ៉ាងចិញ្ចែងចិញ្ចាចពីចម្ងាយ ខ្ញុំទម្លាក់បាវសពស្វិតសិនហើយរត់ទៅមើលឃើញជាក់ជាដុំគុជត្បូងដ៏ល្អភ្លឺរំលេចចាំងប៉ុនផ្លែស្វាយ។
វានៅជាប់នឹងជញ្ជាំងដី ខ្ញុំខ្វេះបេះវាមកគ្រាន់បានបំភ្លឺផ្លូវយ៉ាងស្រួល។ ខ្ញុំត្រឡប់មកកន្លែងដែលធ្លាក់ម៉ិញនេះហើយបញ្ចាំងមើលជុំវិញ។ នៅទីនេះខ្ញុំឃើញសាកសពតាចាស់ដែលអះអាងថាជាប៉ារបស់ខ្ញុំកាលពីម្សិលនោះ ដេកស្លាប់យ៉ាងអនោចអធ័ម។ ខ្ញុំធ្លាក់ពីលើសពគាត់ចឹងតើបានជាខ្ញុំមិនស្លាប់។ ខ្ញុំបញ្ចាំងមើលឃើញថាវាជារូងក្រោមដីដ៏ធំដែលមានផ្លូវបត់បែនជាច្រើនផ្លូវ។ ខ្ញុំស៊ីសពប៉ា ហើយហុចសាច់ខ្លះឱ្យទៅពពែ ពពែដែលកើតពីម៉ាក់ខ្ញុំនេះត្របាក់ស៊ីយ៉ាងឃ្លាន។ យើងស៊ីរួចក៏បន្តដើរទៅមុខទៀតចេះតែទៅយ៉ាងឆ្ងាយហូរហែរខ្ញុំក៏វង្វេង។ ខ្ញុំធ្ងន់នឹងស្ពាយសពស្វិតផង នឹងទាញពពែផងក៏ដេកមួយស្របក់។
មួយសន្ទុះក្រោយមក, ខ្ញុំបើកភ្នែកងើបឡើងពត់ខ្លួនដ៏ចាស់ជរាហើយដើរទៅមុខទៀតដោយដៃនៅតែបន្តទាញខ្សែភ្ជាប់ក្បាលពពែ។ ស្រាប់តែដើរៗក៏ធ្លាក់ទៅក្រោមទៀតយ៉ាងជ្រៅ។ ខ្ញុំធ្លាក់លើចំបើងដ៏ក្រាស់ ខ្ញុំពិនិត្យពពែឃើញថាមិនមានបញ្ហាអ្វី យើងក៏កាន់គុជភ្លឺនោះដើរទៅមុខចេះតែដើរៗក៏ប្រទះនឹងទ្វាដែកមួយក្រាស់តែបើកចំហចោល ខ្ញុំដើរចូលទៅក៏ភ្ញាក់ព្រើតពេលឃើញទ្រព្យសម្បត្តិជាច្រើនសុទ្ធតែមានតម្លៃមហាសាលនៅគពាសពេញ។ នៅក្បែរៗនេះសុទ្ធតែជាឆ្អឹងខ្មោចដែលស្លាប់មកយូរហើយ។ ខ្ញុំក៏មិនដឹងថាហេតុអីបានជាមានមាសពេជ្រច្រើនយ៉ាងនេះនៅទីនេះដែរ តែខ្ញុំក៏មិនចាប់អារម្មណ៍ហើយស្ពាយសព និងទាញពពែដើរទៅមុខទៀតទាំងអស់កម្លាំងល្ហិតល្ហៃ។ យើងបានមកដល់កន្លែងមួយមានរបស់របរប្រើប្រាស់ គ្រែដេក ខ្ញុំក៏ដេកនៅទីនឹង រាល់ថ្ងៃខ្ញុំចាប់កណ្ដុរ កន្លាតស៊ី ជាមួយពពែជាម៉ាក់ខ្ញុំនេះ ហើយថែទាំងដោយក្ដីស្រឡាញ់។
ការរស់នៅក្រោមដីបែបនេះមិនមែនជាការងាយស្រួលឡើយ ពពែនេះជួនកាលជល់ខ្ញុំទៀតផង តែខ្ញុំចេះតែគេចផុត។ រហូតដល់ពេលមួយខ្ញុំកំពុងស៊ីពស់វែកមួយស្រាប់តែឮសំឡេងក្រុសក្រាស ខ្ញុំដើរទៅមើលឃើញពិលមួយបើកភ្លឺដែលទម្លាក់សម្រូតតាមខ្សែមកពីខាងលើ ខ្ញុំទាញពិលនោះទុកហើយសរសេរសារមួយរួចចងទៅខ្សែនោះវិញ។ ដោយខ្ញុំខានសរសេរអក្សរយូរទើបសរសេរអក្សរទៅក៏ក្រវេមក្រវ៉ាម។ មួយសន្ទុះស្រាប់តែមានក្រដាសសារមួយតបមក ខ្ញុំក៏តបទៅតាមខ្សែនោះវិញសុំចំណី ពេលគេទម្លាក់មកឱ្យហើយខ្ញុំក៏យកទ្រព្យខ្លះចងដាក់នឹងខ្សែនោះវិញ។ តាំងពីពេលនោះមក, មានមនុស្សមួយចំនួនចុះមកទីនេះ តែខ្ញុំតែងតែរង់ចាំ ពេលពួកគេចុះមកដល់ ខ្ញុំក៏យកដាវមាសស្រួចមួយចាក់ប្រល័យពួកគេ ហើយខ្ញុំស៊ីសពពួកគេជាដរាប។ រឿងរ៉ាវគឺបែបនេះឯង ពួកឯងទាំងបីអាយុតំណាលតែខ្ញុំដែរហ្នឹង។»
យាយចាស់សក់សំពោងនោះនិយាយហើយក៏សម្រាកមួយសន្ទុះ។
ពួកយើងទាំងបីដកដង្ហើមធំនឹកអានិតគាត់ដែរ។ គិតទៅអានិតណាស់ ប៉ានាងក៏ស្លាប់ បងស្រីនាងក៏ស្លាប់ ម៉ាក់នាងក្លាយជាពពែ ហើយនាងក្លាយខ្លួនជាមនុស្សចាស់រូបអប្រិយនៅក្នុងរូងនេះតែឯងកណ្ដោចកណ្ដែងឯកាគួរឱ្យហូរទឹកនេត្រាដោយកំសត់ពន់ពេកណាស់។
«មិនអីទេ ពួកយើងនឹងរកវិធីចេញពីទីនេះ!» ខ្ញុំលួងលោមនាងដែលរូបជាយាយចាស់នោះ។
«ចឹងពេលនេះយើងត្រូវធ្វើម៉េចទៅ?» អាន់កាក់សួរមកយើង។...
(សូមរង់ចាំអានភាគទី៦ជាភាគបញ្ចប់ នៅរាត្រីម៉ោង៨ស្អែកនេះ)
រូងងងឹត (ភាគ៥) : ពពែអាគមវិញ្ញាណ
Reviewed by Unknown
on
8:00 PM
Rating: