រូងងងឹត (ភាគ៦ចប់) : បញ្ចប់ជីវិតឯកា
យើងទាំងបួនកំពុងរកនឹកវិធីនឹងអាលចេញទៅវិញ។ កំពុងតែរកវិធីមិនឃើញ ស្រាប់តែឮសំឡេងក្រោកក្រាកពីខាងលើមក ហើយធ្លាក់ចុះមកក្រោមលាន់គ្រាំង។ វាគឺជាធុងសាំងមួយដែលតខ្សែពួរពីខាងលើមក។ នៅលើធុងមានក្រដាសសរសេរដៃតូចមួយ អូទីកូរត់ទៅមើលស្គាល់ជាក់ជាអក្សររបស់ស៊ីនឌីនមិត្តរបស់ខ្លួនដែលក្នុងក្រដាសនោះដាក់ថា “មានអ្នកណានៅរស់ទេ?”
យាយចាស់អាយុក្មេងនោះបានយកប៊ិក និងក្រដាសទទែមួយមកឱ្យពួកយើងសរសេរទៅវិញ។ ខ្ញុំក៏ចាប់សរសេរថា, “គ្នាយើងនៅរស់ទាំងអស់ សូមឯងយោងយើងឡើង យើងនឹងឡើងតែឡើងម្ដងម្នាក់ដោយតោងធុងសាំងនេះ បើឡើងម្ដងទាំងអស់គ្នាក្រែងតែឯងយោងទាញមិនរួច ហើយណាមួយខ្លាចដាច់ធ្លាក់ផង។»
សរសេររួចយើងដាក់ពីលើធុងសាំងដោយចងភ្ជាប់នឹងខ្សែហើយទាញកន្ត្រាក់ខ្សែពួរនោះតិចៗជាសញ្ញាឱ្យអ្នកខាងលើម្នាក់នោះដឹង។ ខ្សែនោះក៏យោងឡើងទៅលើ មួយសន្ទុះធំក៏ធ្លាក់ធុងមកវិញដោយមានក្រដាសថ្មីមួយដាក់ថា, “អូខេ ឱ្យអូទីកូឡើងមុន ព្រោះគ្រាន់បានជួយទាញគ្នា។»
ពួកយើងក៏ឱ្យអូទីកូឡើងជិះធុងសាំងទៅលើវិញ។ ម្ដងម្នាក់ៗយើងឡើងទៅ, ដល់វេនក្មេងស្រីរូបចាស់នោះ នាងក៏ចាប់ឱបពពែដែលត្រូវជាម្ដាយរបស់នាង ឡើងទៅដែរ។ ខ្ញុំនៅក្រោយគេ ខ្ញុំត្រូវតែយកសាកសពស្វិតទៅផងតាមការផ្ដាំរបស់នាង។ ខណៈដែលរង់ចាំខ្សែធុងធ្លាក់មកវិញ, ខ្ញុំបានបេះពេជ្រពីរគ្រាប់ដែលនៅជាប់នឹងជញ្ជាំងដី ដាក់ក្នុងហោប៉ៅធានាថាប៉ុណ្ណេះអាចចិញ្ចឹមគ្នាយើងឱ្យរស់ស្រួលអស់មួយជីវិតហើយ។
ពួកយើងបានមកដល់ខាងលើនេះទាំងអស់គ្នា រួមទាំងសាកសពស្វិត និងពពែផងដែរ, ស៊ីនឌីនប្រាប់ថាឮសំឡេងពួកយើងស្រែក ហើយវាចាំយូរពេកក៏ចងធុងសាំងមួយទៀតទម្លាក់ទៅ។ យើងយកបន្ទះស៊ីម៉ង់ក្បែរនោះបិទគម្របមាត់រូងវិញហើយជីកដីកប់យ៉ាងណែនដែលគ្មាននរណានឹងចាប់ភ្លឹកដឹងឡើយ។ យើងត្រឡប់មកផ្ទះរៀងខ្លួន ហើយយាយចាស់ សាកសព និងពពែត្រូវទៅដេកផ្ទះអូទីកូ ព្រោះវានៅម្នាក់ឯង ហើយផ្ទះវាធំផង។
ដោយសារតែដុំពេជ្រពីរគ្រាប់នោះហើយទើបយើងអាចមានបានក្លាយជាសេដ្ឋីប្រចាំប្រទេសទាំងនៅវ័យក្មេង អ្នកជំនាញជាច្រើនរូបបានឱ្យតម្លៃដេញថ្លៃពេជ្រនោះក្នុងតម្លៃយ៉ាងថ្លៃ។ ពេលមានគេសួរថាតើខ្ញុំបានពេជ្រនេះមកពីណា ខ្ញុំឆ្លើយប្រាប់ថាបានពីកេរ្តិ៍ខ្មោចលោកតាខ្ញុំ។
យើងទិញផ្ទះបុរីដ៏ធំស្គឹមស្កៃមួយនៅរួមគ្នា។ គ្មាននរណាដឹងឡើយថានៅក្នុងរូងងងឹតនោះមានទ្រព្យមហាសាលប៉ុណ្ណា។ ហើយក៏គ្មាននរណាដឹងទៀតឡើយថារូងងងឹតលែងមានគ្រោះថ្នាក់អីទៀត។ គ្មាននរណាដឹងរឿងរ៉ាវទាំងនេះទេក្រៅពីយើងទាំង៥នាក់។
ខ្ញុំស្រាវជ្រាវយ៉ាងសម្ងាត់មកថា រូងនោះកាលមុនជារូងក្រោមដីដ៏អាថ៌កំបាំងរបស់ក្រុមចោរមួយក្រុមដែលវាយកទ្រព្យមកសន្សំទុកនៅក្នុងរូងក្រោមដីនោះអ្ហែង តែវាចែកទ្រព្យយ៉ាងច្រើននោះមិនស្មើគ្នាក៏កាប់សម្លាប់គ្នាវិនាសអន្តរាយអស់។
យើងបីបាច់ថែរក្សាគ្នាទៅវិញទៅមក, យើងធ្វើបន្ទប់ដ៏ល្អវិសាលមួយសម្រាប់ដាក់សាកសពស្វិត។ យើងក៏ថែមទាំងបានធ្វើបន្ទប់ដ៏កក់ក្ដៅមួយសម្រាប់ពពែ។ យើងមិនជួលអ្នកបម្រើអ្វីទាំងអស់ព្រោះយើងត្រូវការរក្សាអាថ៌កំបាំងរូងដីឱ្យជិតបំផុត។
មែនហើយ, យើងត្រូវការរក្សាវាជាអាថ៌កំបាំង ដូច្នេះខ្ញុំក៏រៀបគម្រោងវិសេសមួយដើម្បីឱ្យវាស្ថិតក្នុងអាថ៌កំបាំងខ្លាំងជាងនេះ។...
ពួកយើងបានទៅរកម្ចាស់យាយដែលពូកែមន្តអាគមនោះពីក្នុងព្រៃមកដើម្បីដោះមន្តអាគមពពែផង និងធ្វើឱ្យក្មេងស្រីខ្លួនចាស់នោះក្លាយជាស្អាតបាតវិញផង តែគួរឱ្យស្ដាយ, ម្ចាស់យាយមិនបាននៅទីនេះទៀតទេ ព្រោះគាត់មិនអាចទ្រាំនឹងសំឡេងរំខានពីការកាប់ព្រៃឈើ។
យើងចាយវាយលុយយ៉ាងសប្បាយគ្មានខ្វល់ខ្វាយអ្វីឡើយ។ ម៉ាក់ប៉ារបស់ពួកយើងមិនបានមកនៅជាមួយពួកយើងទេ ដោយសារពួកគាត់នៅតែងុបងល់នឹងការងារ ហើយយើងក៏ផ្ដល់លុយឱ្យពួកគាត់ក្នុងការបើកជំនួញដែរ។
ពីរខែក្រោយមក, ពពែក៏ស្លាប់ទៅ។ យាយចាស់អាយុក្មេងយំបោកខ្លួនអាសូរម្ដាយរបស់នាង។ បីខែមកទៀត, នាងក៏ស្លាប់ទៅតាមដែរ។ ទោះជាយើងមិនសូវជាមានអនុស្សាវរីយជាមួយគាត់ ប៉ុន្តែយើងពិតជាស្ដាយគាត់ខ្លាំងណាស់ ព្រោះបើយើងមិនស្គាល់គាត់ យើងក៏មិនក្លាយជាអ្នកមានដែរ។
សម្រាប់ខ្ញុំ ខ្ញុំគ្មានតក់ស្លុតនឹងការស្លាប់របស់នាងឡើយ, ព្រោះអ្វីៗខ្ញុំបានដឹងមុន, ខ្ញុំញញឹម, ព្រោះដឹងថាមិនយូរទេ អាថ៌កំបាំងរូងដីនោះសល់តែខ្ញុំម្នាក់គត់ដែលដឹង៕
ចប់
សូមរង់ចាំអានរឿង បុរសពាក់អាវភ្លៀង នៅយប់ម៉ោង៨ស្អែកនេះ
រូងងងឹត (ភាគ៦ចប់) : បញ្ចប់ជីវិតឯកា
Reviewed by Unknown
on
8:00 PM
Rating: