រឿង បុរសពាក់អាវភ្លៀង
ខ្ញុំរស់នៅជាមួយប្ដីខ្ញុំ និងកូនស្រីតូចមួយនៅក្នុងអគារផ្ទះជួលដ៏ធំមួយនៃទីក្រុងសេអ៊ុល។ ប្ដីខ្ញុំតែងតែទៅធ្វើការពេញមួយថ្ងៃ ហើយខ្ញុំនៅផ្ទះជាមួយកូនស្រី។
ថ្ងៃមួយ, ខ្ញុំចេញទៅទិញម្ហូបខ្លះៗសម្រាប់អាហារពេលល្ងាចដោយឱ្យកូនស្រីខ្ញុំទៅជាមួយផង។ ពេលខ្ញុំត្រឡប់មកវិញ, ខ្ញុំឈរនៅមុខទ្វាជណ្ដើរយន្តហើយចុចប៊ូតុងបើកជណ្ដើរយន្តប្រអប់។
ពេលទ្វាបើក, ខ្ញុំឃើញថាមានបុរសម្នាក់កំពុងនៅក្នុងជណ្ដើរយន្តស្រាប់ហើយ។ គាត់ពាក់អាវភ្លៀងពណ៌លឿង ហើយគាត់ថែមទាំងពាក់មួកគ្របក្បាលគាត់ទៀតផង។
ខ្ញុំចូលក្នុងជណ្ដើរយន្តជាមួយកូនស្រីហើយចុចប៊ូតុងឡើងទៅជាន់លើ។ ខ្ញុំមានអារម្មណ៍មិនប្រក្រតីសោះអំពីបុរសម្នាក់នេះ។ គាត់មិនមើលមកខ្ញុំទេ។ គាត់គ្រាន់តែសម្លឹងចុះក្រោម។ វាដូចជាគាត់ឱនមុខចុះដើម្បីកុំឱ្យខ្ញុំឃើញមុខគាត់អ៊ីចឹង។
ខណៈដែលទ្វាបិទហើយជណ្ដើរយន្តចាប់ផ្ដើមឡើង, ខ្ញុំងាកភ្នែកចេញពីបុរសនោះ។ ខ្ញុំឃើញថាគាត់កំពុងកាន់អ្វីម្យ៉ាងដែលលាក់ក្នុងអាវ។ អ្វីម្យ៉ាងនោះរុំដោយក្រដាសកាសែត។
បុរសនោះធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្តទាល់តែសោះ។ អ្វីម្យ៉ាងអំពីគាត់គឺមិនប្រក្រតី, តែខ្ញុំមិនអាចយល់បានទេ។ ខ្ញុំឱ្យកូនស្រីខ្ញុំឈរនៅម្ខាងខ្ញុំ។ ខ្ញុំមិនដឹងធ្វើបែបនេះដើម្បីអីទេ, តែខ្ញុំគ្រាន់តែចង់នៅកណ្ដាលរវាងបុរសនោះ និងកូនស្រីខ្ញុំ។
វាជាភាពស្ងៀមស្ងាត់ដ៏មិនស្រួលខណៈដែលជណ្ដើរយន្តឡើងទៅលើយឺតៗ, ពីមួយជាន់ទៅមួយជាន់។ ខ្ញុំសម្លឹងទៅប៊ូតុងជណ្ដើរយន្តហើយឃើញថាប៊ូតុងត្រូវបានចុចតែមួយប៉ុណ្ណោះ។ វាជាប៊ូតុងឡើងទៅជាន់របស់ខ្ញុំ។ បុរសនោះគ្មានបានចុចលេខណាមួយទេ។
អ្វីៗចាប់ផ្ដើមបន្លាចខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាបុរសនេះធ្វើឱ្យខ្ញុំខ្លាចខ្លាំងណាស់។ គាត់កំពុងពាក់អាវភ្លៀង ទាំងដែលខាងក្រៅគ្មានភ្លៀងទាល់តែសោះ។ ព្រះអាទិត្យរះយ៉ាងចិញ្ចែងចិញ្ចាចពេញមួយថ្ងៃហ្នឹង។
ខ្ញុំចាប់ផ្ដើមភ័យ។ ខ្ញុំយកទូរស័ព្ទតេទៅប្ដីខ្ញុំ, ទាំងដែលដឹងថាគាត់នៅកន្លែងធ្វើការសោះ, តែខ្ញុំសម្ដែងធ្វើដូចជាតេទៅគាត់។ ខ្ញុំចាប់ផ្ដើមនិយាយ, «ខ្ញុំនៅក្នុងជណ្ដើរយន្ត ហើយជិតចេញហើយ។ បងបើកទ្វាទទួលខ្ញុំឱ្យហើយទៅ។» ហើយធ្វើដូចជាប្ដីខ្ញុំកំពុងចាំខ្ញុំអញ្ចឹង។
ពេលជណ្ដើរយន្តឡើងមកដល់ជាន់របស់ខ្ញុំហើយជណ្ដើរយន្តបើក, ខ្ញុំចាប់ទាញកូនខ្ញុំយ៉ាងលឿនហើយដើរចេញ។ ខ្ញុំចាប់ផ្ដើមដើរលឿនបំផុតតាមដែលអាចធ្វើបាន, តាមផ្លូវទៅបន្ទប់របស់ខ្ញុំ។
ងាកមកក្រោយ, ខ្ញុំឃើញថាបុរសនោះក៏ដើរចេញមកពីជណ្ដើរយន្តដែរហើយកំពុងតែដើរតាមក្រោយខ្ញុំយឺតៗ។ ពេលខ្ញុំមកដល់មុខបន្ទប់, ខ្ញុំធ្វើជាគោះទ្វាខ្លាំងៗហើយស្រែក, «អេខ្ញុំមកដល់ហើយ! បើកទ្វា!» ខ្ញុំថែមទាំងព្យាយាមធ្វើដូចជាប្ដីខ្ញុំកំពុងតែដើរមកបើកទ្វាយ៉ាងអីុចឹង។
ពេលបុរសពាក់អាវភ្លៀងពណ៌លឿងនោះឃើញដូច្នេះ, គាត់ក៏ឈប់ដើរ។ គាត់បែរក្រោយវិញងើយចាប់ផ្ដើមដើរត្រឡប់ទៅជណ្ដើរយន្តវិញ។ ខ្ញុំមើលទៅគាត់រហូតដល់គាត់ដល់ជណ្ដើរយន្តប្រអប់ហើយខ្ញុំដកដង្ហើមធំដោយធូរទ្រូង។
ខ្ញុំចាប់ផ្ដើមចុចលេខកូដសោរទ្វា, តែដៃខ្ញុំញ័រខ្លាំងពេកដែលធ្វើឱ្យចុចលេខកូដខុស។ រាល់ពេលដែលខ្ញុំចុចប៊ូតុងលេខ, វាតែងបន្លឺសំឡេង“ ទឺត” បញ្ជាក់ថាចុចលេខខុស។
ខ្ញុំភ័យរន្ធត់ជាខ្លាំងនៅពេលដែលបានដឹងថាទ្វាជណ្ដើរយន្តនៅមិនទាន់បិទនៅឡើយ។ បុរសពាក់អាវភ្លៀងពណ៌លឿងនោះនៅតែនៅទីនោះនៅឡើយ។ គាត់បានឮសំឡេងទឺតៗ មានន័យថាគាត់បានដឹងហើយថាគ្មាននរណានៅក្នុងបន្ទប់នឹងចេញមកបើកទ្វាឱ្យខ្ញុំឡើយ។
ខ្ញុំឃើញគាត់ដើរចេញពីជណ្ដើរយន្តហើយរត់តម្រង់មកខ្ញុំ។
ខ្ញុំស្រែកអស់សំឡេង។
ខ្ញុំព្យាយាមចុចលេខម្ដងហើយម្ដងទៀតហើយទីបំផុតក៏ចុចត្រូវលេខ។ ទ្វាក៏បើកហើយខ្ញុំរុញកូនខ្ញុំចូលក្នុង។ ខ្ញុំចូលទៅក្នុងបន្ទប់ដែរហើយឆ្លៀតងាកក្រោយបន្តិចក៏ឃើញថាបុរសនោះកំពុងតែនៅពីក្រោយខ្នងខ្ញុំ។
ខ្ញុំក៏រុញទ្វាបិទមួយទហឹងមុនពេលដែលគាត់ចាប់ខ្ញុំបាន។ ខ្ញុំរន្ធត់ញាប់ញ័រយ៉ាងខ្លាំងខណៈដែលប្រញាប់ចាក់សោហើយខ្ញុំអើតមើលទៅខាងក្រៅតាមប្រហោងមើលក្រៅ។ ខ្ញុំឃើញបុរសពាក់អាវភ្លៀងពណ៌លឿងនោះឈរនៅមុខទ្វាដោយមានកាំបិតមួយនៅក្នុងដៃ។
ខណៈដែលខ្ញុំមើល, គាត់ឈរនៅទីនោះអស់មួយសន្ទុះ, បន្ទាប់មកក៏ដើរត្រឡប់ទៅជណ្ដើរយន្តវិញយ៉ាងស្ងៀមស្ងាត់។
មួយសន្ទុះក្រោយមក, ខ្ញុំមើលព័ត៌មានទាន់ហេតុការណ៍មួយក្នុងទូរទស្សន៍។ ព័ត៌មាននិយាយថាប៉ូលីសបានចាប់បានឃាតកម្នាក់ឈ្មោះយូ យ៉ុងចុល។ គាត់បានសម្លាប់ស្ត្រី២០នាក់ និងលោកតាម្នាក់។ បន្ទាប់ពីគាត់សម្លាប់គេហើយ, គាត់តែងកាត់សាកសពគេជាកង់ៗហើយស៊ីផ្នែកនៃសាកសពទាំងនោះ។
ខ្ញុំមិនដែលភ្លេចរូបភាពដែលបង្ហាញនៅលើកញ្ចក់ទូរទស្សន៍នោះឡើយ។ គាត់នៅតែពាក់អាវភ្លៀងពណ៌លឿងនោះឯង។ ទោះជាកន្លងទៅយូរយ៉ាងណា, តែវានៅតែជាការចងចាំដ៏រន្ធត់របស់ខ្ញុំ៕
ចប់
សូមរង់ចាំអានរឿង តារាបង្ហាញម៉ូដ
នៅរាត្រីម៉ោង៨ស្អែក។
រឿង បុរសពាក់អាវភ្លៀង
Reviewed by Unknown
on
7:01 PM
Rating: