រឿង ឃាតកចេក
អត្ថបទខាងក្រោមនេះបានបង្ហាញឡើងលើកាសែតព័ត៌មានក្នុងស្រុកមួយ៖
ឃាតកមិនស្គាល់អត្តសញ្ញាណនៅតែស្ថិតក្រោមការតាមរក។
បន្ទាប់ពីឃាតកម្មដែលមិនអាចសន្និដ្ឋានបានអស់រយៈពេលពីរបីសប្ដាហ៍កន្លងមក, ឃាតកអាថ៌កំបាំងនោះគឺនៅតែមិនទាន់ចាប់ខ្លួនបាន។ ក្មេងប្រុសម្នាក់ដែលបានរួចជីវិតពីការសម្លាប់របស់ឃាតកនោះ, បានក្លាហានប្រាប់នូវរឿងហេតុរបស់គេ។
«ខ្ញុំភ្ញាក់ឡើងនៅកណ្ដាលអធ្រាត,» ក្មេងប្រុសនោះនិយាយ, «មិនដឹងមូលហេតុអីទេ ទើបបង្អួចនៅបើកចំហរដែលខ្ញុំបានប្រាកដថាបានបិទវារួចហើយ។ ពេលហ្នឹង ខ្ញុំទទួលអារម្មណ៍យ៉ាងចម្លែកដូចជានរណាម្នាក់កំពុងសម្លឹងមើលខ្ញុំ។ ខ្ញុំមើលទៅទីនោះ, ឃើញភ្នែកមួយគូកំពុងសម្លឹងមកតាមវាំងននរបស់ខ្ញុំ។ មិនមែនភ្នែកធម្មតាទេ។ ភ្នែកនោះគឺថ្លា, ក្រឡោតហើយព័ទ្ធដោយស្នាមខ្មៅហើយ… វាធ្វើឱ្យខ្ញុំខ្លាចខ្លាំងណាស់។ បន្ទាប់មកខ្ញុំឃើញមាត់របស់គាត់។ គឺស្នាមញញឹមដ៏ច្រវ៉ាបដែលធ្វើឱ្យសម្បុរខ្ញុំព្រឺ។ អ្វីនោះឈតនៅទីនោះ, កំពុងមើលមកខ្ញុំ។ ទីបំផុត, ក្រោយនៅស្ងៀមយ៉ាងយូរ, គាត់ក៏និយាយ ‘ទៅដេកទៅ។’
ខ្ញុំស្រែកខ្លាំងៗ។ គាត់ស្រាប់តែទាញកាំបិតមួយហើយលោតសង្គ្រប់មកលើខ្ញុំ, ភ្ជង់បេះដូងខ្ញុំ។ ខ្ញុំច្រានគាត់, ប្រឹងធាក់ចេញហើយបម្រាស់ខ្លួន, ព្យាយាមធាក់ឱ្យគាត់ចេញពីខ្ញុំ។ ពេលហ្នឹងហើយដែលប៉ាខ្ញុំចូលមកទាន់។ ម្នាក់នោះគប់កាំបិតចំស្មាប៉ាខ្ញុំ។ បើកុំតែអ្នកជិតខាងខ្ញុំម្នាក់តេទៅប៉ូលីសទាន់, កុំអីគាត់សម្លាប់ប៉ាខ្ញុំ និងខ្ញុំបាត់ទៅហើយ។
ពួកប៉ូលីសជិះចូលមកកន្លែងចតឡាន, ហើយរត់តម្រង់មកទ្វារបន្ទប់។ បុរសនោះងាកក្រោយហើយរត់តាមបរិវេណបន្ទប់។ ខ្ញុំឮសំឡេងបំបែកកញ្ចក់។ ពេលខ្ញុំចេញពីបន្ទប់ខ្ញុំ, ខ្ញុំឃើញបង្អួចក្រោយបែកខ្ទេចអស់។ ខ្ញុំក្រឡេកទៅក្រៅមើលគាត់រត់ទៅបាត់ក្នុងចម្ងាយឆ្ងាយ។ ខ្ញុំអាចប្រាប់អ្នករឿងមួយ, ខ្ញុំមិនអាចភ្លេចមុខនោះបានឡើយ។ ភ្នែកក្រឡោតដូចបិសាចនោះ ហើយនឹងស្នាមញញឹមដ៏ព្រឺសម្បុរ។ វាមិនអាចលុបចេញពីការចងចាំរបស់ខ្ញុំឡើយ។»
ប៉ូលីសនៅតែស្ថិតក្នុងការតាមចាប់បុរសនោះ។ បើអ្នកឃើញនរណាម្នាក់ដែលមានភិនភាគដូចបានរៀបរាប់មកនោះ, សូមទាក់ទងស្នាក់ការនរគបាលដែលនៅជិតលោកអ្នកបំផុត។»
___________________________________
ចេក និងគ្រួសាររបស់គេទើបតែផ្លាស់មករស់នៅផ្ទះថ្មីដែលមានអ្នកជិតខាង។ ប៉ាគេតែងរវល់នៅកន្លែងធ្វើការ, ហើយគេគិតថាមករស់នៅភូមិគេឯងបែបនេះគឺល្អ។ ចេក និងប្អូនប្រុសឈ្មោះលូរបស់គេមិនរអ៊ូពីរឿងនេះជាដាច់ខាត។ ផ្ទះថ្មីប្រសើជាងមុន ហេតុផលអីដែលមិនស្រឡាញ់នោះ? ខណៈពួកគេកំពុងរៀបចំឥវ៉ាន់, អ្នកជិតខាងម្នាក់ដើរមក។
«សួស្ដី,» នាងនិយាយ, «ខ្ញុំឈ្មោះបាបារ៉ា, ខ្ញុំរស់នៅផ្លូវជាមួយអ្នកដែរ។ គឺខ្ញុំគ្រាន់តែចង់មកណែនាំខ្លួនខ្ញុំ និងណែនាំកូនប្រុសខ្ញុំ។» នាងងាកក្រោយហើយហៅកូននាងឱ្យមកនេះ។ «ប៊ីលី, នេះជាអ្នកជិតខាងថ្មីរបស់យើងនែក។» ប៊ីលីនិយាយថា សួស្ដី ហើយក៏រត់ទៅកន្លែងលេងនៅផ្ទះវាវិញ។
«ល្អណាស់,» ម៉ាក់របស់ចេកនិយាយ, «ខ្ញុំឈ្មោះម៉ាការិត, ហើយនេះជាប្ដីខ្ញុំឈ្មោះផែតធើ, ហើយនេះកូនប្រុសទាំងពីររបស់ខ្ញុំ, ឈ្មោះចេក និងលូ។» ពួកគេណែនាំរៀងខ្លួន, ហើយបន្ទាប់មកបាបារ៉ាអញ្ជើញពួកគេឱ្យចូលរួមខួបកំណើតកូនប្រុសនាង។ ចេក និងប្អូនប្រុសគេគឺចង់បដិសេធ, តែម្ដាយគេថាទាំងពីរនាក់ត្រូវតែទៅ។ ពេលចេក និងគ្រួសារគេរៀបចំរួចរាល់ហើយ, ចេកក៏ដើរទៅរកម៉ាក់របស់គេ។
«ម៉ាក់, ម៉េចក៏ម៉ាក់ចង់ឱ្យយើងទៅជប់លៀងកូនក្មេង? ម៉ាក់មិនដឹងទេឬថាខ្ញុំមិនមែនកូនក្មេងទេ។»
«ចេក,» ម៉ាក់របស់គេនិយាយ, «យើងទើបតែផ្លាស់មកនៅទីនេះ, យើងគួរតែបង្ហាញថាយើងចង់ចំណាយពេលជាមួយអ្នកជិតខាងយើង។ ឥឡូវ, យើងនឹងទៅជប់លៀងនោះ, កុំប្រកែក។» ចេកចាប់ផ្ដើមប្រកែក, តែគេក៏ឈប់វិញ, ព្រោះដឹងថាគេគ្មានសិទ្ធប្រកែកឡើយ។ គ្រប់ពេលម៉ាក់គេនិយាយអ្វី, គឺត្រូវតែធ្វើតាមគាត់។ គេដើរទៅបន្ទប់វិញរួចឡើងលើគ្រែរបស់គេ។ គេអង្គុយសម្លឹងទៅពិដានក៏ស្រាប់តែ, ទទួលអារម្មណ៍ចម្លែកយ៉ាងខ្លាំង។ មិនឈឺខ្លាំងទេ, តែ... ជាអារម្មណ៍ចម្លែកណាស់។ គេសន្និដ្ឋានថាជាអារម្មណ៍ធម្មតា។ គេឮសំឡេងម៉ាក់គេហៅឱ្យចុះទៅក្រោម, ហើយគេក៏ដើរចុះទៅជាន់ក្រោមវិញ។
ថ្ងៃបន្ទាប់, ចេកដើរចុះមកជាន់ក្រោមដើម្បីញ៉ាំអាហារពេលព្រឹក និងរៀបចំខ្លួនទៅរៀន។ ខណៈដែលគេកំពុងអង្គុយនៅទីហ្នឹង, ញ៉ាំអាហារពេលព្រឹក, គេក៏កើតមានអារម្មណ៍នោះម្ដងទៀត។ លើកនេះវាខ្លាំងជាងមុន។ វាធ្វើឱ្យគេទទួលការឈឺចាប់, តែគេក៏មិនខ្វល់ពីវាម្ដងទៀត។ ខណៈដែលគេហើយនឹងលូញ៉ាំអាហារហើយ, ពួកគេក៏ដើរចេញទៅចំណតរថយន្តដឹកសិស្ស។ ពួកគេទាំងពីរអង្គុយចាំរថយន្តសាលានៅទីនោះ, ហើយបន្ទាប់មក, ស្រាប់តែមានក្មេងម្នាក់ជិះស្គិះហក់រំលងគេគម្លាតចម្ងាយតែបន្តិចប៉ុណ្ណោះពីភ្លៅរបស់ពួកគេ។ គេទាំងពីរងើបឈរដោយភ្ញាក់ផ្អើល។
«អេ, ហេតុអីក៏ឯងធ្វើបែបនេះ?»
ក្មេងនោះឈប់ហើយដើរតម្រង់មករកពួកគេ។ វាជាន់ចុងស្គីហើយចាប់ដោយដៃ។ ក្មេងនោះប្រហែលអាយុ១២ឆ្នាំ, ក្មេងជាងចេកមួយឆ្នាំ។ វាពាក់អាវយឺតរូបយន្តហោះ ហើយពាក់ខោខោវប៊យពណ៌ខៀវ។
«ល្អ, ល្អ, ល្អ។ មើលទៅប្រហែលជាយើងមានសាច់ថ្មីហើយ។» រំពេជនោះ, ក្មេងពីរនាក់ទៀតបង្ហាញខ្លួន។ អាមួយស្គមកំប្រឹង អាមួយទៀតធាត់។ «ល្អហើយ, ព្រោះហែងទើបមកថ្មីនៃទីនេះ, អញនឹងណែនាំខ្លួនយើង, នេះឈ្មោះខេត។» ចេក និងលូសម្លឹងមើលទៅក្មេងស្គមនោះ។ វាមានមុខឌឺគួរឱ្យចង់ធាក់។ «ហើយនេះឈ្មោះត្រយ។» ពួកគេក៏មើលទៅក្មេងធាត់នោះ។ ក្មេងនេះមើលទៅដូចមិនដែលហាត់ប្រាណយូរខែមកហើយ។
«ហើយអញ,» ក្មេងទីមួយនោះនិយាយ, «ឈ្មោះរ៉ាន់ឌី។ ឥឡូវ, សម្រាប់ក្មេងជិតខាងទាំងឡាយដែលចាំឡាន, ឱ្យលុយខ្លះម៉ោអញម៉ោ បើមិនចង់ឈឺសាច់។» លូងើបឈរឡើងហើយដាល់ភ្នែកក្មេងម្នាក់ ស្រាប់តែពួកម៉ាកវាម្នាក់ទាញកាំបិតចេញមក។
«អេ អេ, អេ, អញស្មានតែហែងងាយស្ដាប់បង្គាប់, តែមើលទៅទាល់តែប្រើធម៌ក្ដៅហើយមើលទៅ។» ក្មេងនោះដើរតម្រង់មករកលូហើយទាញកាបូបលូចេញពីហោប៉ៅរបស់គេ។ ចេកទទួលអារម្មណ៍នោះទៀតហើយ។ លើកនេះវាខ្លាំងជាងលើកមុន, ដូចជាកំពុងឆាបឆួលក្នុងខ្លួន។ គេងើបឈរ, តែលូខំទាញឱ្យអង្គុយចុះវិញ។ ចេកមិនខ្វល់ពពីប្អូនហើយដើរទៅរកក្មេងនោះ។
«ស្ដាប់អញអាក្មេងឈ្លើយ, ឱ្យកាបូបប្អូនអញវិញម៉ោប្រយ័ត្នហែង។» រ៉ាន់់ឌីដាក់កាបូបចូលក្នុងហោប៉ៅវាហើយទាញកាំបិតវាចេញមកទៀត។
«អូ? ហើយហែងចង់ម៉េច?» វានិយាយចប់, ចេកដាល់ច្រមុះវា។ ពេលរ៉ាន់ឌីយកដៃម្ខាងខ្ទប់ច្រមុះ, ចេកចាប់កដៃក្មេងនេះហើយប្រុងកាច់បំបាក់។ ក្រ៉ាន់ឌីស្រែកខណៈដែលចេកយកកាំបិតពីដៃវាបាន។ ត្រយ និងខេតស្ទុះមករកចេក, តែចេករហ័សណាស់។ គេធាក់រ៉ាន់ឌីឱ្យដួលទៅលើដី។ ខេតហក់មកចាប់គេ, តែចេកដឹងទាន់ក៏ចាក់ចំដៃរបស់វា។ ខេតដួលទៅលើដីទាំងស្រែកដោយឈឺចាប់។ ត្រយរត់មករកគេដែរ, តែចេកមិនបាច់ប្រើកាំបិតនោះទេ។ គេគ្រាន់តែដាល់ពោះវាមួយទំហឹង វាក៏ដេកដួល។ ពេលវាដួលហ្នឹង, វាក្អួតចេញមក។ លូមិនអាចធ្វើអ្វីបានក្រៅពីមើលទៅចេកដោយភ្ញាក់ផ្អើល។
«ចេក, បងយ៉ាងម៉េចហើយ?» នេះជាអ្វីដែលគេនិយាយ។ ពួកគេឃើញឡានសាលាកំពុងបើកមកហើយពួកគេដឹងថានឹងត្រូវស្ដីបន្ទោសពីរឿងទាំងនេះ។ ដូច្នេះគេក៏រត់យ៉ាងលឿនតាមដែលអាចធ្វើបាន។ ខណៈដែលទាំងពីរនាក់បងប្អូនកំពុងរត់, គេមើលក្រោយឃើញអ្នកបើកឡានប្រញាប់រត់ទៅរករ៉ាន់ឌី និងក្មេងពីរនាក់ទៀត។ ពេលចេក និងលូទៅដល់សាលា, ពួកគេមិនហ៊ានប្រាប់ពីអ្វីដែលបានកើតឡើងនោះទេ។ អ្វីដែលគេធ្វើគឺអង្គុយយ៉ាងស្ងៀមស្ងាត់។ លូគិតថាបងប្រុសគេវ៉ៃតែក្មេងប៉ុន្មាននាក់នឹងទេ, តែចេកដឹងថានឹងមានបន្តទៀត។ វាគឺជាអ្វីម្យ៉ាង, គួរឱ្យខ្លាច។ ខណៈដែលគេទទួលអារម្មណ៍ថាមានថាមពលខ្លាំង, អ្វីដែលនឹកដល់គឺ, ធ្វើបាបនរណាម្នាក់។ គេមិនចង់ទេ, តែមិនអាចឃាត់អារម្មណ៍នោះសោះ។ ពេលគេមានអារម្មណ៍ថាអារម្មណ៍ចម្លែកនោះបានបាត់ទៅហើយ, គេក៏រៀនធម្មតា។ ពេលដែលគេដើរទៅផ្ទះវិញ ហើយដើរកាត់កន្លែងចាំឡានហើយឥឡូវគេគិតថាលែងចង់ជិះឡានសាលាហើយ, គេក៏មានអារម្មណ៍រីករាយ។ ពេលគេមកដល់ផ្ទះ ប៉ាម៉ាក់គេក៏សួរថាតើថ្ងៃនេះយ៉ាងម៉េចដែរ, គេក៏ឆ្លើយ «វាជាថ្ងៃដ៏អស្ចារ្យមួយ។»
ព្រឹកបន្ទាប់, គេឮសំឡេងគោះទ្វារមុខរបស់គេ។ គេដើរទៅមើលហើយក៏ឃើញប៉ូលីសពីរនាក់ឈរនឹងមាត់ទ្វារ, ម៉ាក់គេមើលមកគេដោយទឹកមុខខឹងសម្បារ។
«ចេក, ប៉ូលីសពីរនាក់នេះប្រាប់ម៉ាក់ថាកូនឯងវ៉ៃក្មេងបីនាក់។ ហើយមិនមែនវ៉ៃធម្មតាទេ ថែមទាំងចាក់គេទៀតផង។» ចេកមុខស្រងូត, បង្ហាញប្រាប់ម៉ាក់គេថាវាជាការពិត។
«ម៉ាក់, ពួកវាជាអ្នកទាញកាំបិតមករកខ្ញុំ និងលូ។»
«អាអូន,» ប៉ូលីសម្នាក់និយាយ, «យើងឃើញក្មេងបីនាក់នោះ, ពីរនាក់ត្រូវចាក់ឱ្យរបួស, ម្នាក់ទៀតជាំលើក្បាលពោះ, ហើយយើងមានសាក្សីបង្ហាញថាអាអូនឯងជាអ្នកធ្វើ។ ឥឡូវ, មានអីតវ៉ាទៀតទេ?»
ចេកដឹងថាគ្មានប្រយោជន៍ទេ។ គេចង់ប្រាប់ថាគេ និងលូក៏ត្រូវបានវាយប្រហារដែរ, តែគ្មានភ័ស្តុតាងណាថាពួកវាមកវាយមុនទេ។ គេមិនអាចប្រាប់ថាវាជាការការពារខ្លួនឡើយ។ ដូច្នេះ ចេក និងលូមិនអាចដោះសារបានទេ។
«អាអូនអើយ, ហៅប្អូនឯងមកណេះ។» ចេកមិនអាចធ្វើបានទេ, ព្រោះគេតែម្នាក់ឯងជាអ្នកវ៉ៃក្មេងទាំងនោះ។
«លោក, ...គឺខ្ញុំជាអ្នកវ៉ៃក្មេងទាំងនោះតែម្នាក់ឯងទេ។ លូបានព្យាយាមឃាត់ខ្ញុំ, តែមិនអាចឃាត់ខ្ញុំបាន។» ប៉ូលីសនោះមើលទៅគ្នាគាត់ហើយទាំងពីរនាក់ងក់ក្បាល។
«ល្អហើយដែលមិនដោះសារច្រើន...»
«ឈប់សិន!» លូនិយាយ។ ពួកគេទាំងអស់គ្នាមើលទៅឃើញគេកំពុងកាន់កាំបិត។ ប៉ូលីសពីរនាក់នោះទាញកាំភ្លើងហើយតម្រង់ទៅរកលូ។
«គឺខ្ញុំ, ខ្ញុំជាអ្នកវ៉ៃពួកក្មេងឈ្លើយទាំងនោះ។ សន្លាកនេះជាភ័ស្តុតាង។» គេលើកដៃអាវឡើងឃើញស្នាមកាំបិត និងជាំ, ដូចជាបានវាយគ្នាមែន។
«ដាក់កាំបិតចុះ, អាអូន។» ប៉ូលីសនិយាយ។ លូព្រលែងកាំបិតធ្លាកទៅលើឥដ្ឋ។ គេលើកដៃឡើងហើយដើរទៅរកប៉ូលីស។
«ទេលូ, គឺបងជាអ្នកធ្វើ! ខ្ញុំជាអ្នកធ្វើ!» ទឹកភ្នែកចេកហូរចុះមក។
«បងសម្លាញ់, ចង់ទទួលទោសជំនួសប្អូន។ សូមចាប់ខ្ញុំចុះ។» ប៉ូលីសក៏ចាប់លូឡើងឡាន។
«លូ, ប្រាប់ពួកគាត់ទៅថាបងទេ! ប្រាប់គាត់ទៅ! បងជាអ្នកវ៉ៃក្មេងទាំងនោះ!» ម៉ាក់ចេកដាក់ដៃគាត់លើស្មាគេ។
«ចេក, កូនកុំកុហកអី។ យើងដឹងហើយថាលូជាអ្នកធ្វើ, កូនឈប់កុហកទៅ។» ចេកសម្លឹងទៅឡានប៉ូលីសបើកទៅឆ្ងាយដោយមានលូនៅក្នុងនោះផង។ មួយសន្ទុះក្រោយមក ប៉ារបស់ចេកជិះឡានចូលមក, ឃើញមុខចេកក៏ដឹងថាមានរឿងមិនល្អកើតឡើង។
«កូនប្រុស, កើតអីហ្នឹង?» ចេកឆ្លើយមិនចេញទេ។ សំឡេងគេគ្មានអីក្រៅពីយំ។ ម៉ាក់ចេកដើរទៅរកប៉ាគេដើម្បីប្រាប់ដំណឹងអាក្រក់នេះជំនួសចេក, ហើយចេកដើរចេញទៅយំនៅក្រៅ។ បន្ទាប់ពីមួយម៉ោងក្រោយ, ចេកដើរចូលផ្ទះវិញឃើញប៉ាម៉ាក់គេក្រៀមក្រំទាំងពីរនាក់។ គេមិនចង់គិតដល់លូសោះ ព្រោះវាជាកំហុសរបស់គេ។ គេក៏ដើរទៅដេក, ព្យាយាមឈប់គិតអ្វីទាំងអស់។ ពីរថ្ងៃមកហើយ, គ្មានដំណឹងពីលូនៅប៉ុស្តប៉ូលីសសោះ។ គ្មានអ្នកដើរលេងជាមួយ។ គ្មានអ្វីក្រៅពីក្រៀមក្រំ។ រហូតដល់ថ្ងៃសៅរិ៍ គឺពេលម៉ាក់របស់គេដាស់គេឱ្យងើប, មុខគាត់រីករាយស្រស់ស្រាយ។
«ចេក, ដល់ថ្ងៃហើយ។» ម៉ាក់គេនិយាយខណៈគាត់បើកវាំងននឱ្យរស្មីព្រះអាទិត្យចាំងចូលមកបន្ទប់គេ។
«ម៉េចម៉ាក់, ថ្ងៃនេះអីគេ?» ចេកសួរដោយមិនទាន់ក្រោកពីគ្រែ។
«គឺជាថ្ងៃខួបកំណើតប៊ីលីនឹងណា។»
«ម៉ាក់, ម៉ាក់លេងសើចមែនទេ? ខ្ញុំមិនទៅជប់លៀងក្មេងនោះទេ...» ហើយក៏ស្ងាត់មួយសន្ទុះ។
«ចេក, យើងដឹងទាំងអស់គ្នាហើយពីអ្វីដែលបានកើតឡើង។ ម៉ាក់ជឿថាការជប់លៀងនេះអាចឱ្យយើងបានភ្លឺស្វាងពីរឿងថ្ងៃមុនដែរ។ ស្លៀកពាក់ឥឡូវនេះទៅ។» ម៉ាក់របស់ចេកក៏ដើរចុះទៅជាន់ក្រោមដើម្បីរៀបចំខ្លួនគាត់។ ចេកងើបឡើងទាំងបង្ខំចិត្ត។ គេយកអាវយឺតធម្មតាមួយចេញមក ហើយនឹងខោខោវប៊យមកពាក់ហើយដើរចុះទៅជាន់ក្រោម។ គេឃើញប៉ាម៉ាក់គេស្លៀកពាក់រួចរាល់ហើយ, ម៉ាក់គេស្លៀករ៉ូប ប៉ាគេស្លៀកធើនុយឯកសណ្ឋាន។ គេគិតថា, គ្រាន់តែទៅជប់លៀងខួបកំណើតក្មេងមួយសោះចាំបាច់ស្លៀកពាក់ឆើតឆាយធ្វើអី?
«ហើយកូនឯងប្រុងពាក់ទៅអញ្ចឹង?» ម៉ាក់ចេកសួរ។
«ចុះទៅពាក់អីច្រើន។»
«ឥឡូវចេក, បើកូនឯងចង់ឱ្យគេចាប់អារម្មណ៍ ពាក់អញ្ចឹងក៏ពាក់ទៅ។» ប៉ាគេនិយាយ។ ចេកមិនមាត់ហើយត្រឡប់ទៅបន្ទប់គេវិញ។
«ខ្ញុំគ្មានសម្លៀកបំពាក់សម្រាប់ពិធីជប់លៀងទេ!» គេស្រែកមកជាន់ក្រោម។
«ម៉ោ ពាក់អាណាឡូយតិចម៉ោ។» ម៉ាក់គេស្រែកតប។ គេមើលទៅក្នុងទូខោអាវរកមើលអាណាឡូយឆាយបន្តិច។ គេឃើញខោខ្មៅជើងវែងមួយ ហើយក៏យកពាក់។ គេរកអាវណាសាកសមមិនឃើញសោះ។ គេរកមើលទៀតឃើញអាវក្រឡាការ៉ូមួយ, គ្មានអាណាសមនឹងខោខ្មៅនេះសោះ។ ទីបំផុត, គេឃើញអាវស្បែកមួយហើយក៏ពាក់វា។
«កូនឯងប្រុងពាក់ចឹង?» អ្នកទាំងពីរសួរ។ ម៉ាក់គេមើលទៅនាឡិការបស់គាត់។ «អូ, គ្មានពេលទៅដូរទៀតទេ។ តោះយើងទៅ។» គាត់និយាយខណៈទាញដៃចេក និងប៉ាគេចេញពីផ្ទះ។ ពួកគេដើរឆ្លងផ្លូវមកផ្ទះបាបារ៉ា ក៏ដូចជាផ្ទះប៊ីលីដែរ។ ពួកគេគោះទ្វារមុខហើយបាបារ៉ាក៏បើកទ្វារទទួល, គាត់ស្លៀករ៉ូបដូចម៉ាក់គេដែរ។ ពេលចូលក្នុងផ្ទះ, ចេកឃើញសុទ្ធតែមនុស្សធំ គ្មានកូនក្មេងសោះ។
«ក្មេងៗទៅលេងក្រោយផ្ទះអស់ហើយ។ ចេកទៅលេងជាមួយពួកគេដែរទៅ។» បាបារ៉ានិយាយ។
ចេកដើរចេញទៅខាងក្រោយផ្ទះដែលសុទ្ធតែកូនក្មេង។ ពួកគេរត់លេងក្នុងសម្លៀកបំពាក់ស្អាតៗហើយលេងបាញ់គ្នាជាមួយកាំភ្លើងជ័រ។ គេឈរមើល។ រំពេជនោះ ក្មេងម្នាក់ដើរមករកគេហើយហុចកាំភ្លើងជ័រ និងមួកមួយផង។
«អេ, ចង់លេងហ្អែស?» ក្មេងនោះនិយាយ។
«ហា, អត់ទេអាអូន។ បងធំហើយលេងមិនកើតទេ។» ក្មេងនោះមើលមុខគេដោយទឹកមុខដូចជាកូនឆហកែ។
«យេងជិចជៅ,» ក្មេងនិយាយ។ «បាន,» ចេកតប។ គេពាក់មួយនោះហើយចាប់ផ្ដើមលេងដូចជាបាញ់ក្មេងៗ។ ដំបូងគេគិតថាឡប់ៗ, តែក្រោយមកក៏ឃើញថាសប្បាយដែរតើ។ វាប្រហែលមិនសប្បាយអីណាស់ណាទេ, តែហោចណាស់ក៏អាចឈប់គិតពីលូបានមួយពេលដែរ។ ចឹងហើយទើបគេលេងជាមួយក្មេងៗអស់មួយសន្ទុះ, រហូតដល់គេឮសំឡេងមួយ។ សំឡេងរ៉ូលៗចម្លែក។ បន្ទាប់មកវាក៏មកបុកគេ។ រ៉ាន់ឌី, ត្រយ និងខេត ជិះស្គីបន្ទះមកឈប់លើកៅអីអង្គុយមួយ។ ចេកទម្លាក់កាំភ្លើងជ័រចុះហើយដោះមួយចេញ។ រ៉ាន់ឌីសម្លក់មុខចេកដោយកំហឹងឆេះឆួល។
«សួស្ដី, អាចេកមែនទេ?» វានិយាយ។ «យើងនៅមានកិច្ចខ្លះដែលមិនទាន់រួចគ្នា។» ចេកឃើញច្រមុះជាំរបស់វា។
«ខ្ញុំគិតថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ ខ្ញុំបានវាយពួកឯង, ហើយពួកឯងធ្វើឱ្យប្អូនប្រុសខ្ញុំជាប់ឃុំ។»
រ៉ាន់ឌីចាប់ផ្ដើមខឹងខ្លាំង។
«ប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ។ អញចង់ឈ្នះ។ ហែងវ៉ៃធ្វើបបអញបានតែថ្ងៃនោះទេ, ថ្ងៃនេះកុំសង្ឃឹម។» ពេលវានិយាយហើយក៏ស្ទុះមកបុកចេក។ អ្នកទាំងពីរក៏ដួលទៅលើដី។ រ៉ាន់ឌីដាល់ច្រមុះចេក, ហើយចេកចាប់ទាញត្រចៀកវាហើយត្រឡប់វាឱ្យទៅក្រោមគេវិញ។ ក្មេងៗស្រែកទ្រហឹង ហើយប៉ាម៉ាក់ពួកគេនាំគ្នាចេញពីផ្ទះមកមើល។ ត្រយ និងខេតទាញកាំភ្លើងម្នាក់មួយចេញពីហោប៉ៅ។
«កុំមកចង់ឈ្នះយើង!» ពួកវានិយាយ។ រ៉ាន់ឌីទាញកាំបិតចេញមកហើយចាក់ចំស្មារបស់ចេក។
ចេកស្រែកហើយដួលលត់ជង្គង់។ រ៉ាន់ឌីចាប់ផ្ដើមទាត់ធាក់មុខរបស់គេ។ ធាក់បីដងហើយចេកក៏ចាប់មួលជើងវា, ធ្វើឱ្យរ៉ាន់ឌីដួលទៅលើដី។ ចេកងើបឈរឡើងហើយដើរទៅទ្វារក្រោយ។ ត្រយចាប់គេជាប់។
«ចង់រកជំនួយផងហ្អែស?» វាចាប់រុញចេកមួយទំហឹងបុកទ្វារ។ ពេលចេកព្យាយាមក្រោកឈរ វាក៏ធាក់ចេកឱ្យដួលទៅលើដី។ រ៉ាន់ឌីក៏ធាក់ចេកទៀត, រហូតគេចាប់ផ្ដើមក្អួតឈម។
«ងើបឡើងម៉ោអាចេក, ម៉ោវ៉ៃអញម៉ោ!» វាលើកចេកឡើងហើយរុញគេចូលក្នុងផ្ទះបាយ។ រ៉ាន់ឌីឃើញដបស្រាមួយហើយក៏យកមកវ៉ៃក្បាលចេកបែកដបខ្ទេច។
«វ៉ៃទៅ!» គេរុញចេកចូលក្នុងបន្ទប់ទទួលភ្ញៀវ។
«លឿនឡើងចេក, មើលមុខអញ!» ចេកងើបមុខឡើង, មុខគេប្រឡាក់ទៅដោយឈាម។ «អញជាអ្នកធ្វើឱ្យប្អូនហែងឃុំខ្លួន! ឥឡូវឯងចង់អង្គុយរង់ចាំវាឃុំខ្លួនជាច្រើនឆ្នាំចឹងហែស? កំសាកមែនអា!» ចេកចាប់ផ្ដើមងើបឡើង។
«អូ, ទីបំផុត! ហែងងើបមកវ៉ៃហើយ!» ចេកទន់ជើងណាស់, ឈាម និងស្រាជោគមុខគេ។ គេទទួលអារម្មណ៍ចម្លែកនោះទៀតហើយ, អារម្មណ៍ដែលខានមានអស់មួយរយៈមកហើយនោះ។ «ទីបំផុត។ វាងើបហើយ!» រ៉ាន់ឌីនិយាយហើយក៏រត់ទៅរកចេក។ ពេលហ្នឹងហើយដែលវាកើតឡើង។ អ្វីម្យ៉ាងបញ្ឆេះអារម្មណ៍ចេក។ គំនិតអត់ទ្រាំទាំងអស់របស់គេបាត់អស់ហើយ, អ្វីដែលគេត្រូវធ្វើគឺ សម្លាប់។ គេចាប់កអាវរ៉ាន់ឌីហើយផ្ដួលខ្លួនវា រួចដាល់ចំដើមទ្រូងរបស់វា។ ការដាល់នោះធ្វើឱ្យស្ទះដង្ហើមរ៉ាន់ឌី។ រ៉ាន់ឌីព្យាយាមដកដង្ហើម។ ចេកដាល់ខ្លាំងៗ, ដាល់ហើយដាល់ទៀត, ទីបំផុតរ៉ាន់ឌីដង្ហក់ខ្លាំងរហូតដាច់ខ្យល់ស្លាប់។
ឥឡូវនេះ, គ្រប់គ្នាមើលមកចេក។ មនុស្សម្នា, ក្មេងៗកំពុងយំ, ហើយសូម្បីតែត្រយ និងខេត។ ពួកវាក៏ឈប់ភ្លឹកហើយទាញកាំភ្លើងភ្ជង់តម្រង់ទៅចេក។ ចេកឃើញកាំភ្លើងតម្រង់មករកគាត់ ហើយក៏រត់ឡើងជណ្ដើរ។ ខណៈដែលគេរត់ ត្រយ និងខេតក៏បាញ់ទៅគេ, ដែលបាញ់មិនត្រូវសោះ។ ចេករត់ឡើងជណ្ដើរ។ គេឮសំឡេងត្រយ និងខេតរត់តាមពីក្រោយ។ ខណៈដែលពួកវាសល់គ្រាប់ចុងក្រោយ ចេកក៏សសៀចូលបន្ទប់ទឹក។ គេទាញបេះដែកបំពង់ទីបសម្រាប់ព្យួកន្សែងចេញពីជញ្ជាំង។ ត្រយ និងខេតរត់ចូលមក, មានកាំបិតក្នុងដៃផង។
ត្រយយោគដៃយារកាំបិតបម្រុងចាក់ចេក, ហើយចេកក៏យកដែកវ៉ៃចំមុខត្រយមួយទំហឹង បណ្ដាលឱ្យឈឺចាប់ឥតឧបមា។ ឥឡូវនៅសល់ខេត។ វាគេចបានរហ័សជាងត្រយ, ហើយវាឱនផុតពេលចេកគ្រវាត់ដែកបំពង់ទីបដាក់វា។ វារើសកាំបិតហើយចាក់ចំកញ្ចឹងករបស់ចេក។ វារុញគេផ្អឹបនឹងជញ្ជាំង។ ឈាមហូរដូចទឹក។ ចេកប្រឹងបើកភ្នែកតាមដែលអាចធ្វើបាន។ គេរើសយកដែកបំពង់ទីបមកវិញហើយគប់មួយទំហឹងចំក្បាលខេត។ ពេលវាដេកដួលហូរឈាមជិតនឹងងាប់ទៅហើយ, វាញញឹមយ៉ាងកំណាច។
«សប្បាយចិត្តណាស់ឬ? ចេកសួរ។ ខេតទាញដែកកេះពីហោប៉ៅហើយបញ្ឆេះ។ «អ្វីដែលសប្បាយនោះ,» វាត្រដរនិយាយ, «គឺឯងជោគទៅដោយឈាម និងស្រាអាកុល។» ចេកបើកភ្នែកធំៗខណៈដែលខេតគប់ដែកកេះកំពុងឆេះនេះមករកគេ។ ពេលភ្លើងមកប៉ះនឹងខ្លួនគេ, អណ្ដាតភ្លើងក៏ឆេះឡើងដោយអំណាចស្រាដែលជោគខ្លួននោះ។ អណ្ដាតភ្លើងឆេះដុតរោលគេ, ឈាមហូរឥតឈប់ពីត្រង់កញ្ចឹងក។ ចេករើបម្រាស់ខ្លាំងណាស់ពេលភ្លើងឆេះខ្លួន។ គេព្យាយាមយកដៃរុះពន្លត់ភ្លើង តែឥតប្រយោជន៍ទេ, ស្រាអាកុលជោគខ្លួនគេទៅហើយ។ គេរត់ចុះទៅក្រោម, ហើយធ្លាក់ពីកាំជណ្ដើរ។ គ្រប់គ្នាចាប់ផ្ដើមស្រែកពេលឃើញចេកត្រូវភ្លើងឆេះទាំងរស់បែបនេះ។ អ្វីចុងក្រោយបំផុតដែលចេកបានឃើញគឺម៉ាក់គេ និងអ្នកដ៏ទៃទៀតព្យាយាមពន្លត់ភ្លើង។ ហើយអ្វីៗក៏ងងឹតសូន្យសុង។
ពេលចេកភ្ញាក់ឡើង មានអ្វីមួយរុំជុំវិញមុខគេ។ គេមើលអ្វីមិនឃើញទេ, តែគេអាចដឹងថាមានអ្វីដែលរុំពេញខ្លួនគេ។ គេព្យាយាមងើបឡើង, តែគេក៏បានដឹងថាមានបំពង់ជ័រមួយចំនួនក្នុងដៃគេ, ហើយពេលគេប្រឹងងើបរហូតធ្លាក់ពីលើគ្រែ, ពេទ្យស្រីម្នាក់ក៏រត់មក។
«ពេលនេះប្អូនមិនទាន់អាចងើបចេញពីគ្រែបានទេ។» នាងនិយាយព្រមទាំងលើកគេដាក់លើគ្រែវិញហើយដាក់បំពង់ទាំងនោះចូលដៃគេវិញ។ ចេកអង្គុយស្ងៀម, មើលអ្វីមិនឃើញ, មិនអាចដឹងឡើយថាមានអ្វីខ្លះនៅជុំវិញខ្លួនគេ។ ទីបំផុត, ប៉ុន្មានម៉ោងក្រោយមក, គេឮសំឡេងម៉ាក់គេ។
«កូនសម្លាញ់, យ៉ាងម៉េចហើយ?» គាត់សួរ។ ចេកឆ្លើយមិនរួចទេ, មុខគេត្រូវរុំជិត, ហើយគេនិយាយមិនកើតឡើយ។ «អូកូនសម្លាញ់, ម៉ាក់មានដំណឹងល្អមួយ។ បន្ទាប់ពីសាក្សីប្រាប់ប៉ូលីសថារ៉ាក់ទីគឺជាអ្នកចង់វ៉ៃកូនមុន, ពួកគេក៏សម្រេចដោះលែងលូវិញ។» ចេកស្ទើតែស្ទុះងើបពីគ្រែ, តែក៏ឈប់វិញពេលចាំបានថាមានបំពង់ក្នុងដៃគេ។ «វានឹងត្រូវគេដោះលែងស្អែកនេះហើយ, បន្ទាប់មកកូនទាំងពីរអាចនៅជាមួយគ្នាម្ដងទៀត។»
ម៉ាក់ចេកឱបចេកហើយលាទៅវិញ។ ច្រើនសប្ដាហ៍មកហើយដែលគ្រួសារចេកមកលេងចេកនៅមន្ទីរពេទ្យ រហូតដល់ថ្ងៃដែលត្រូវបកស្អីរុំនោះចេញ។ គ្រួសារគេនៅទីនេះទាំងអស់ដើម្បីរង់ចាំមើលថាតើគេមានមុខមាត់យ៉ាងម៉េច។ ពេលវេជ្ជបណ្ឌិតបកបង់រុំពីខ្លួនចេក, គ្រប់គ្នាអង្គុយចាំនៅនឹងកៅអីរៀងខ្លួន។ ពួកគេរង់ចាំរហូតដល់បង់រុំមុខគេជិតនឹងបើកឡើងដែរហើយ។
«សង្ឃឹមថានឹងល្អបំផុត,» វេជ្ជបណ្ឌិតនិយាយ។ គាត់ក៏ប្រញាប់ស្រាយបង់បិតនោះចេញអស់ពីមុខចេកទាំងស្រុង។
ម្ដាយរបស់ចេកស្រែកដោយភ្ញាក់ពេលក្រលេកឃើញមុខគេ។ លូ ហើយនិងប៉ារបស់ចេកក៏ពិបាកនឹងមើលទៅមុខគេដែរ។
«កើតអី? មុខខ្ញុំកើតអី?» ចេកសួរ។ គេប្រញាប់ងើបចេញពីគ្រែហើយរត់ទៅបន្ទប់ទឹក។ គេមើលទៅក្នុងកញ្ចក់ ហើយឃើញមូលហេតុដែលពួកគេស្រែក។ មុខរបស់គេ។ វា... សែនអាក្រក់ក្រៃលែង។ បបូរមាត់គេរលាកខ្លាំងរហូតសើយសាច់ក្រហមមកក្រៅ។ មុខគេសស្គុះ, ហើយសក់គេធ្លាប់តែពណ៌ត្នោតទៅជាខ្មៅក្រឹប។ គេយកដៃអង្អែលមុខយឺតៗ។ មើលទៅដូចជាស្បែកដុតរលួយ។ គេមើលទៅគ្រួសារគេហើយមើលត្រលប់មកកញ្ចក់វិញ។
«ចេក,» លូនិយាយ, «ប៉ុណ្ណឹងមិនអាក្រក់ប៉ុន្មានទេ...»
«មិនអាក្រក់ទេ?» ចេកនិយាយ,«វាល្អបំផុត!»
គ្រួសារគេមើលមុខគ្នាដោយភ្ញាក់ផ្អើល។ ចេកចាប់ផ្ដើមសើចខ្លាំងៗឡើងញ័រទទ្រើក។
«អូ… ចេក, កូនមិនអីទេហ្អែស?»
«មិនអីទេ? ខ្ញុំមិនដែលសប្បាយចិត្តជាងពេលនេះទេ! ហាហាហាហាហាហហាហាហា, មើលមកខ្ញុំមក។ មុខបែបនេះពិតជាស្អាតខ្លាំងណាស់ សម្រាប់ខ្ញុំ!» គេមិនឈប់សើចសោះ។ គេបន្តស្ទាបមុខរបស់គេ។ សម្លឹងទៅកញ្ចក់ឆ្លុះមុខ។
«លោកគ្រូពេទ្យ,» ម៉ាក់ចេកនិយាយ។ «តើកូនប្រុសខ្ញុំ… មិនអីទេហែស, លោកគ្រូពេទ្យអាចដឹងទេពីបញ្ហាសតិអារម្មណ៍?»
«អូបាទ, អក្បកិរិយាបែបនេះគឺធម្មតាទេសម្រាប់អ្នកជំងឺដែលដេកសម្រាកព្យាបាលពីការឈឺចាប់មកយូរថ្ងៃ។ បើអក្បកិរិយាបែបនេះនៅតែមិនផ្លាស់ប្ដូរនាពីរបីសប្ដាហ៍បន្ទាប់, នាំគេមកទីនេះ ហើយយើងនឹងធ្វើតេស្តចិត្តសាស្ត្រ។
«អូអរគុណហើយលោកគ្រូពេទ្យ។» ម្ដាយចេកដើរទៅជិតចេក។ «ចេក, កូនសម្លាញ់។ តោះដល់ពេលទៅផ្ទះហើយ។»
ចេកងាកចេញពីកញ្ចក់, មុខគេនៅតែមានស្នាមញញឹមជាប់មក។
«បានម៉ាក់, ហា ហា ហាហាហាហាហហាហា!» ម៉ាក់គេក៏នាំគេមកពាក់ខោអាវ។
«នេះគឺអ្វីទាំងអស់កាលពីថ្ងៃចូលមកដំបូង,» ស្ត្រីអ្នកកត់ឈ្មោះក្នុងពេទ្យនេះនិយាយ។ ម៉ាក់របស់ចេកទទួលយកខោវែងខ្មៅ និងអាវស្បែកដែលកូនប្រុសគាត់ពាក់នាថ្ងៃនោះ។ឥឡូវវាត្រូវគេសម្អាតឈាមចេញ ហើយដេរបិតស្នាមរហែកយ៉ាងស្អាត។ ម៉ាក់របស់ចេកនាំគេមកផ្ទះ នាំចូលបន្ទប់គេ ហើយគាត់ និងប្ដីក៏ចេញទៅក្រៅបាត់, ដោយមិនដឹងថាថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិត។
យប់នោះ, ម៉ាក់របស់ចេកភ្ញាក់ឡើងដោយសំឡេងចេញពីបន្ទប់ទឹក។ សំឡេងនោះដូចជានរណាម្នាក់កំពុងយំ។ គាត់ដើរទៅមើលយឺតៗ។ ពេលគាត់មើលទៅក្នុងបន្ទប់ទឹក គាត់ឃើញភាពភ័យរន្ធត់តក់ស្លុតក្រៃលែង។ ចេកកំពុងកាន់កាំបិតវះមាត់គេឱ្យញញឹមរយះថ្ពាល់។
«ចេក, កូនកំពុងធ្វើអីហ្នឹង?» ម៉ាក់គេសួរ។
ចេកមើលមកម៉ាក់របស់គេ។ «ខ្ញុំមិនអាចបន្តញញឹមទៀតសោះម៉ាក់។ ក្រោយពេលដែលខ្ញុំញញឹមបានមួយសន្ទុះក៏ឈឺរោយមាត់។ ឥឡូវខ្ញុំអាចញញឹមបានរហូត។»
ម៉ាក់ចេកឃើញភ្នែករបស់គេខ្មៅក្រឹប។
«ចេក, ភ្នែកកូនឯង!» ភ្នែកទាំងគូរបស់គេដូចមិនចេះបិទសោះ។
«ខ្ញុំមិនអាចមើលឃើញមុខខ្លួនឯង។ ខ្ញុំធុញនឹងភ្នែកខ្លួនឯងក៏ចាប់ផ្ដើមបិទវា។ ខ្ញុំបានវះត្របកភ្នែកចេញ ហើយពេលនេះខ្ញុំអាចឃើញមុខខ្លួនឯងរហូត ដោយមិនបាច់ឆ្លុះកញ្ចក់។» ម៉ាក់របស់ចេកចាប់ផ្ដើមថយក្រោយវិញយឺតៗ, ដោយឃើញថាកូនប្រុសរបស់គាត់កាន់តែធ្ងន់ធ្ងរ។ «ម៉េចហ្នឹងម៉ាក់? តើខ្ញុំមិនស្អាតទេឬ?»
«មែនហើយកូនប្រុស,» គាត់និយាយ, «កូនពិតជាស្អាតណាស់។ ឱ-ឱ្យម៉ាក់ទៅនាំប៉ាមកមើលមុខកូនឯង។» គាត់រត់ទៅក្នុងបន្ទប់វិញហើយអង្រួនដាស់ប៉ារបស់ចេកឱ្យភ្ញាក់ឡើង។
«ប៉ាវា, យកកាំភ្លើងមក យើង…» គាត់ក៏ឈប់និយាយពេលឃើញចេកឈរនៅមាត់ទ្បារ, កំពុងកាន់កាំបិត។
«ម៉ាក់កុហក។» នេះជាសម្ដីចុងក្រោយដែលពួកគាត់ឮខណៈដែលចេកស្ទុះរត់មកយកកាំបិតវះចាក់កសម្លាប់ទាំងពីរនាក់។
លូក៏ភ្ញាក់ឡើងដោយសំឡេងស្រែក។ គេមិនឮអ្វីទៀតទេ, ដូច្នេះគេក៏បិទភ្នែកហើយព្យាយាមដេកវិញ។ ខណៈដែលគេដេកជិតលក់, គេមានអារម្មណ៍ចម្លែកណាស់ដូចនរណាម្នាក់កំពុងសម្លឹងមើលគេ។ គេបើកភ្នែកមកឃើញដៃរបស់ចេកលូកមកខ្ទប់មាត់របស់គេ។ ចេកលើកកាំបិតយឺតៗបម្រុងចាក់សម្លាប់លូ។ លូស្ទុះងើប ព្យាយាមចង់គេចចេញពីការសម្លាប់របស់ចេក។
«ស៊ូតតតតតត,» ចេកនិយាយ, «ទៅដេកទៅ។»
ចប់
នេះជារឿងពិតដែលកើតឡើងកាលពីឆ្នាំ២០១១ដែលក្មេងប្រុសឈ្មោះចេកនោះបានក្លាយជាឃាតករោគចិត្តសម្លាប់ក្មេងៗយ៉ាងសាហាវ។ ក្មេងៗស្លាប់បន្តគ្នាខណៈដែលប៉ូលីសមិនអាចវែកមុខចាប់ឃាតកបានសោះ។ គេជឿថាឃាតកចេកបោះសម្លាប់ក្មេងៗព្រោះដោយសារខឹងដែលក្មេងបីនាក់នោះបំផ្លាញសម្រស់គេ។ មានក្មេងប្រុសតែម្នាក់គត់ដែលបានរួចជីវិតពីការសម្លាប់របស់ឃាតករយះមាត់ធំនោះ។ មានវីដេអូចម្លែកមួយដែលឃាតកនោះបង្ហោះចូលបណ្ដាញ Youtube តែក្រោយដែលវីដេអូនោះធ្វើឱ្យគ្រប់គ្នាខ្លាច, ក្រុមហ៊ុនក៏លុបវីដេអូនោះចោល។ ខាងក្រោមនេះគឺជារូបថតតែមួយគត់ដែលគេជឿថាជារូបរបស់ឃាតកចេក។
ចេកត្រូវពិភពលោកដាក់រហ័សនាមមិនផ្លូវការថា ឃាតកចេក (Jeff The Killer) ហើយមកទល់ពេលនេះថ្វីបើមិនទាន់មានក្មេងស្លាប់បន្ត, តែឃាតកនៅតែមិនទាន់បានចាប់ខ្លួន៕
រឿង ឃាតកចេក
Reviewed by Unknown
on
7:20 PM
Rating: