>
  • ទំព័រដើម
  • រឿង ត្រកូលអត្តឃាត

     
    ដោយ : វេស រ៉ូណា
     
    បើអ្នកស៊ើបពីប្រវត្តិគ្រួសារខ្ញុំ, អ្នកនឹងឃើញថាមានហេតុការណ៍ចម្លែកជាច្រើន, ហើយម៉ាក់ប៉ាខ្ញុំព្យាយាមលាក់វាជាអាថ៌កំបាំង មិនឱ្យខ្ញុំ និងប្អូនប្រុសខ្ញុំដឹងទេ។ តែយ៉ាងណា, ក្នុងគ្រួសារជាមួយនឹង... កាលៈទេសៈខ្លះ... ដូចជាយើង, គឺមិនងាយនឹងអាចការពារពីគ្រោះណាមួយដែលមិនអាចមើលឃើញឡើយ។

    គ្រួសារដូចជាយើងនេះ, គ្មានអ្វីជាអាថ៌កំបាំងទេ។

    ខ្ញុំដឹងលក្ខខ័ណ្ឌរបស់ពួកយើងយូរឆ្នាំដែរហើយ។ ភាគច្រើន ខ្ញុំដឹងពីលោកយាយខ្ញុំ, ដែលគាត់មានវ័យចាស់ជរាស្បែកជ្រីវជ្រួញទៅហើយ។

    «ប្អូនរបស់តាលួតចៅឯងដែលមានឈ្មោះថា ថូម៉ាស់, គឺជាជនដំបូង,» គាត់ប្រាប់ខ្ញុំចឹងម្ដង, ខណៈដែលគាត់អង្គុយលើកៅអីយោល, ដែលគាត់ប្រាប់ពីអាថ៌កំបាំងដែលម៉ាក់ប៉ាខ្ញុំខំលាក់។ គាត់សម្លឹងមើលភ្នែកខ្ញុំហើយនិយាយ, «គាត់បានរត់ចូលផ្លូវរថភ្លើងខណៈរថភ្លើងមួយកំពុងតែបរយ៉ាងលឿនមកបុកគាត់។ គេកើបសពគាត់ដែលដាច់ជាច្រើនកំណាត់យកទៅបូជា។ តាំងពីពេលនោះហើយដែលហេតុអាក្រក់បែបនេះចេះតែបន្តកើតឡើង, ដោយរបៀបផ្សេង និងមនុស្សផ្សេងៗ។»

    តាមអ្វីដែលខ្ញុំដឹង, ពេលហ្នឹងហើយជាពេលដែលគ្រោះអាក្រក់នោះបានចាប់ផ្ដើម។ បើខ្ញុំចេះមន្តអាគម, ខ្ញុំនឹងដោះវាឱ្យជ្រះស្រឡះពីគ្រោះកាចចង្រៃនេះ, តែខ្ញុំជាមនុស្សគ្មានចេះស្អីសោះ, ទើបចាំបណ្ដោយវាសនាទៅតាមយថាកម្ម។

    វាចាប់ផ្ដើម ហើយបន្ត។ គឺតែងមានម្នាក់ក្នុងមួយជំនាន់។ កាលម៉ាក់ខ្ញុំអាយុ១០ឆ្នាំ, គឺជាវេនរបស់ប្អូនស្រីគាត់, ឈ្មោះលីសា។ កាលហ្នឹង, មិនដឹងកើតអីទើបគាត់លោតសម្លាប់ខ្លួន, ហើយម៉ាក់ខ្ញុំមិនដែលនិយាយពីវាទេ, ហើយលោកយាយខ្ញុំក៏គាត់មិនចូលចិត្តនិយាយពីហេតុហ្នឹងដែរ។ ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់។

    វាជាស្រមោលអន្ធកាលមួយដែលតែងដក់ជាប់ក្នុងខួរក្បាលខ្ញុំ។ ហើយម៉ាក់ប៉ាខ្ញុំតែងតែភ័យខ្លាចវាកើតឡើងមកលើខ្ញុំ, ឬប្អូនប្រុសខ្ញុំឈ្មោះ រ៉ាក់។ ពិតណាស់, ដោយដឹងមិនច្បាស់ផង ចង់ដឹងច្បាស់ផង, ខ្ញុំក៏ភ័យព្រួយខ្លាំងដែរ។

    ចាំខ្ញុំពន្យល់អ្នកឱ្យល្អិតជាងនេះដើម្បីឱ្យអ្នកងាយយល់៖

    រាល់គ្រប់ជំនាន់, កូនម្នាក់ក្នុងពូជពង្សយើងធ្វើអត្តឃាត។

    ហើយពេលខ្ញុំមានអាយុ១១ខ្ញុំ, សុបិនអាក្រក់បានចាប់ផ្ដើម។

    ដំបូង, ខ្ញុំមិនប្រាប់ប៉ាម៉ាក់ខ្ញុំទេ។ ខ្ញុំគិតថាមិនចាំបាច់ទេ។ ទោះយ៉ាងណា, វាត្រឹមតែជាសុបិនអាក្រក់ប៉ុណ្ណោះ។

    តែក្រោយសុបិនអាក្រក់ទៅៗ, ខ្ញុំមិនអាចលាក់បាំងវាទៀតទេ។

    សុបិនអាក្រក់តែងចាប់ផ្ដើមដដែលៗ។ គឺថាខ្ញុំឈរនៅក្បែរបង្អួចក្នុងបន្ទប់ខ្ញុំ, សម្លឹងទៅវាលក្រោយផ្ទះ។ ខ្ញុំឃើញអ្វីម្យ៉ាងឈរក្នុងស្មៅស៊ុបទ្រុប។ វាមិនច្បាស់ទេ, ខ្ពស់, ខ្មៅ, ភ្នែកភ្លឺចាំង។ វាមើលមកខ្ញុំហើយដើរចូលមកក្នុងផ្ទះ។

    បន្ទាប់មក, ខ្ញុំស្រាប់តែមកឈរនៅទ្វារក្រោយ។ អ្វីនោះក៏ដើរចូល, តែវាមើលខ្ញុំមិនឃើញទេ។ ជំនួសឱ្យនេះ, វាដើរពេញក្នុងផ្ទះ ដោយចាប់ផ្ដើមពីជាន់ក្រោម។ ខ្ញុំឈរស្ងៀមសម្លឹងមើលថាតើវានឹងធ្វើអ្វី។

    ខ្ញុំឃើញវាអូសក្រចករបស់វាលើជញ្ជាំង, បណ្ដាលឱ្យមានស្នាមរបកថ្នាំលើជញ្ជាំង។ វាដើរតម្រង់ទៅរកបន្ទប់ប៉ាម៉ាក់ខ្ញុំ, ដែលនៅជាន់ក្រោមនេះ, ហើយវាគោះទ្វារ, បីដង។ បន្ទាប់មក, វាប្រហែលជាលែងចង់, ក៏ឡើងទៅជាន់ខាងលើ។

    វាដើរមើលតាមបរិវេណជាន់លើ, កោសជញ្ជាំងព្រមទាំងបញ្ចេញសំឡេងគ្រហឹមតិចៗ, សំឡេងហ្នឹងចម្លែកខ្លាំងណាស់។ វាឈប់មុខទ្វារបន្ទប់ប្អូនប្រុសខ្ញុំ, ហើយហិយទ្វារឈើនោះប្រៀបដូចជារកក្លឹនប្អូនខ្ញុំ។ ខ្ញុំឈរស្ងៀមរហូតវាចេញទៅបាត់។

    ទីបំផុត, វាមកមុខទ្វារបន្ទប់ខ្ញុំ។

    វាកោសទ្វារ, ហើយសម្លឹងមើល។ បន្ទាប់មក, វាក៏បើកទ្វារហើយដើរចូល។

    ហើយខ្ញុំតែងភ្ញាក់ត្រឹមហ្នឹង។ ដំបូង, ខ្ញុំភ្ញាក់ពីដេកបើកភ្នែកឡើងបែកញើស, ទទួលអារម្មណ៍ថាភ័យព្រួយ, តែក្រោយមកក៏ធម្មតា។ ពេលវេលាកន្លងទៅ, យ៉ាងណា, ការយល់សប្ដិកាន់តែអាក្រក់ឡើងៗ។ ស្រមោលខ្មៅចម្លែកស្អីហ្នឹងដូចជាកាន់តែសោកសៅណាស់។ វាប្រើដៅកោសជញ្ជាំងរហូតបែកឈាមក្រចក, ហើយស្រែកថ្ងួចថ្ងូរខណៈដែលគោះទ្វារ។ ពេលដែលវាមកដល់មុខបន្ទប់ខ្ញុំ, វាតែងបោកខ្លួនវាបុកទៅនឹងទ្វារឈើ មើលទៅដូចជាវាព្យាយាមសម្លាប់ខ្លួន។

    ពេលហ្នឹងហើយដែលខ្ញុំចាប់ផ្ដើមភ្ញាក់ឡើងទាំងស្រែកដោយភ័យ។

    វាក៏ជាពេលដែលខ្ញុំចាប់ផ្ដើមសម្គាល់ឃើញថាការកោសអូសក្រចកលើជញ្ជាំងបណ្ដាលឱ្យឆូតរបកថ្នាំលាបជញ្ជាំងនោះ, គឺពិតជាចង់បង្ហាញប្រាប់ខ្ញុំថាការយល់សប្ដិនេះមិនមែនកើតឡើងពីការរវើរវាយរបស់ខ្ញុំឡើយ។

    ពេលខ្ញុំប្រាប់ប៉ាម៉ាក់ខ្ញុំពីការយល់សប្ដិទាំងនោះ, ពួកគាត់ដឹងដូចគ្នាថាគ្រោះនោះកំពុងធ្លាក់មកលើខ្ញុំ, ហើយគាត់ត្រូវតែរៀបចំ។

    ពួកគាត់មិនដែលទុកខ្ញុំឱ្យនៅម្នាក់ឯងទេតាំងពីពេលនោះមក។ ម៉ាក់ខ្ញុំគឺជាអ្នកប្រឹក្សាឱ្យយោបល់ និងនៅកំដរខ្ញុំ។ គាត់អង្គុយក្នុងបន្ទប់ខ្ញុំជាមួយខ្ញុំ ហើយខ្ញុំមើលទូរទស្សន៍ និងធ្វើលំហាត់។ បន្ទាប់ពីពីរបីថ្ងៃក្រោយមក, គាត់ឈប់ឱ្យខ្ញុំទៅរៀន, គាត់ចង់ឱ្យខ្ញុំនៅតែក្នុងផ្ទះរហូតគ្រោះនោះបញ្ចប់សិន, ហើយមិនដឹងថាចប់ពេលណា។

    អ្វីអាក្រក់បំផុតនោះគឺ, គឺថា, គឺពួកគាត់មិនឱ្យខ្ញុំជួបរ៉ាក់ទៀតទេ។

    ប៉ាខ្ញុំមើលថែប្អូនខ្ញុំគ្រប់វេលា។ គាត់តែងនាំវាទៅក្នុងព្រៃក្បែរផ្ទះយើង។ មានស្រះមួយដែលអាចហែលបាន ហើយរ៉ាក់ពិតជាចូលចិត្តហែលទឹកណាស់។ វាពូកែហែលណាស់។ ប៉ាតែងយកវាចេញពីផ្ទះឱ្យយូរបំផុតតាមដែលអាចធ្វើបាន ខណៈដែលម៉ាក់ខ្ញុំនៅថែខ្ញុំយ៉ាងប្រុងប្រយ័ត្ន។ ឈឺចាប់ខ្លាំងណាស់ដែលពួកគាត់មិនឱ្យខ្ញុំនៅជិតរ៉ាក់, តែខ្ញុំមិនអាចបន្ទោសពួកគាត់បានទេ។ យ៉ាងណា, ចុះបើគ្រោះអាក្រក់របស់ខ្ញុំនេះឆ្លងទៅវាដែរនោះ?

    ដូច្នេះខ្ញុំក៏សម្រួលតាមពួកគាត់។ ខ្ញុំឱ្យម៉ាក់យកគ្រែមួយចូលមកក្នុងបន្ទប់ខ្ញុំ ហើយគាត់ដេកក្បែរខ្ញុំរាល់យប់។ ខ្ញុំព្យាយាមមិនដេកពេកទេ, ខ្លាចការស្រែករបស់ខ្ញុំរំខានដល់គាត់។ ជីវិតខ្ញុំពេលនេះដូចរស់ក្នុងនរកដែលវាកំពុងធ្វើបាបគ្រួសារខ្ញុំហើយ។

    ខ្ញុំបួងសួងរាល់យប់ថ្ងៃថាវានឹងប្រែប្រួលដោយរបៀបណាមួយមិនខាន។ ខ្ញុំចង់ឱ្យរ៉ាក់រស់ក្នុងជីវិតធម្មតា... ទោះបីជាខ្ញុំត្រូវតែអស់អាយុ។

    វាកើតឡើងប្រហែលជាពីរសប្ដាហ៍តាំងពីពេលដែលខ្ញុំភ្ញាក់ដោយការស្រែកនោះមក។

    សំឡេងស្រទន់តិចៗធ្វើឱ្យខ្ញុំភ្ញាក់ពីដេកនាម៉ោង៣ព្រឹក។ ខ្ញុំងាករកឃើញថាម៉ាក់កំពុងដេកលក់យ៉ាងស្កប់ស្កល់ក្បែរខ្លួនខ្ញុំ។ ខ្ញុំឃើញថាភ្នែកគាត់មានថ្នក់ខ្មៅក្រោមភ្នែកទាំងពីររបស់គាត់។ ខ្ញុំជាមូលហេតុហើយ, ប្រហែល។

    តែបន្ទាប់មក សំឡេងមួយមកប៉ះនឹងត្រចៀកខ្ញុំ ធ្វើឱ្យខ្ញុំងាកចេញពីម៉ាក់។

    វាជាសំឡេងសើច, ខ្ញុំដឹងថាវាជាសំឡេងសើចរបស់រ៉ាក់។ តើវាកំពុងធ្វើអីយប់ជ្រៅទៅហើយ? ខ្ញុំស្រាប់តែព្រឺព្រួចខ្ញាក។ ខ្ញុំចុះពីគ្រែហើយរត់ទៅរកបន្ទប់ប្អូនប្រុសខ្ញុំបំណងចង់ឃើញវា, ទោះជាសំឡេងនោះជាសំឡេងសើច តែប្រហែលជាវាត្រូវការជំនួយក៏ថាបាន។

    ខ្ញុំនៅស្ងៀមង៉ក់ខណៈដៃខ្ញុំប៉ះប្រដាប់បើកបិទទ្វារ, ហើយថយដៃចេញពីវាវិញដូចជាខ្លាចរលាកអញ្ចឹង។ ចុះបើនេះជាអន្ទាក់? ខ្ញុំគិត, អារម្មណ៍ព្រឺចាប់ផ្ដើមគ្របដណ្ដប់លើអារម្មណ៍ក្លាហាន។ អ្វីដែលនៅក្នុងយល់សប្ដិខ្ញុំនោះអាចបញ្ឆោតខ្ញុំ, កំពុងរង់ចាំឱ្យខ្ញុំធ្វើខុសមួយ...

    តែបន្ទាប់មក ខ្ញុំឮសំឡេងប្អូនប្រុសខ្ញុំម្ដងទៀត, កំពុងហៅឈ្មោះខ្ញុំ, ហើយខ្ញុំតាំងចិត្តថាមិនខ្វល់។ ចុះបើវាជាអន្ទាក់? ខ្ញុំមិនអាចទុករ៉ាក់ឱ្យរស់ក្នុងជីវិតងងឹតក្រោមគ្រោះអាក្រក់នេះជាដាច់ខាត។ តែបើរបៀបនេះប្រហែលជាប្រសើជាង។ គឺថាបើយប់នេះខ្ញុំត្រូវស្លាប់, ចឹងជីវិតរ៉ាក់នឹងប្រែជាធម្មតាវិញដោយគ្មានគ្រោះពីបងស្រីម្នាក់នេះទៀតទេ, ដោយមិនធ្វើឱ្យប៉ាម៉ាក់ព្រួយចិត្តទៀតទេ។ បើខ្ញុំត្រូវស្លាប់ដោយរបៀបនេះ... ហោចណាស់ក៏ជីវិតពួកគាត់បានស្រស់បំព្រងដែរ។

    ខ្ញុំលបចូលមកបន្ទប់ខ្ញុំវិញយ៉ាងស្ងៀមស្ងាត់បំផុតតាមដែលអាចធ្វើបាន, បួងសួងសុំខមាលទោសពីប៉ាម៉ាក់នូវអ្វីដែលខ្ញុំគ្រោងនឹងធ្វើឡើង។

    ខ្ញុំចេញមកក្រៅបន្ទប់វិញ, ហើយផ្ទៀងស្ដាប់យ៉ាងខ្លាំង។ សំឡេងរបស់រ៉ាក់ដូចជានៅឆ្ងាយណាស់, ដូចជាវាកំពុងហៅខ្ញុំពីជាន់ក្រោម។ ខ្ញុំលបចុះទៅជាន់ក្រោម តែសំឡេងរ៉ាក់ហាក់ដូចជានៅតែឆ្ងាយ។ ខ្ញុំដើរតាមជាន់ក្រោមនេះ, ដៃខ្ញុំប៉ះអូសនឹងជញ្ជាំងជាកន្លែងដែលស្អីនោះតែងអូសដៃវា, ក្នុងចិត្តខ្ញុំឆ្ងល់ថាអ្វីកំពុងតែរង់ចាំខ្ញុំ។

    ខ្ញុំឮសំឡេងរ៉ាក់ម្ដងទៀត, តែពេលនេះឮខ្លាំងជាងមុនបន្តិច។

    «បងជី! បងជី, ម៉ោនេះឱ្យលឿនម៉ោ, ខ្ញុំកំពុងនៅជាន់ក្រោមដី!»

    ខ្ញុំដើរចូលទៅក្នុងផ្ទះបាយ, ជាកន្លែងដែលមានទ្វារចុះទៅជាន់ក្រោមដី។ ទ្វារបើកចំហរ, ហើយសំឡេងស្រែកតិចៗនោះនៅតែបន្តពីខាងក្រោម។ ខ្ញុំមើលជុំវិញនេះ, តែខ្ញុំរកមើលប្អូនប្រុសខ្ញុំមិនឃើញសោះ។ ខ្ញុំឈរស្ងៀម, ដឹងថាអ្វីម្យ៉ាងកំពុងតែនៅទីនេះ។

    «បងជី, ម៉ោលឿនម៉ោ! ថូម៉ាស់ចង់លេង។ ខ្ញុំក៏ចង់លេង។ បងឯងមកលេងជាមួយយើងម៉ោ, ម៉ោបងជី?»

    ខ្ញុំរន្ធត់ញាប់ញ័រតក់ស្លុត។ ចុះបើវាមិនមែនជាប្អូនប្រុសខ្ញុំ? តែ... សំឡេងវាដូចប្អូនប្រុសខ្ញុំណាស់។ ហើយខ្ញុំក៏មិនសម្រេចចិត្តផ្សេងទៀតដែរ, បើវាពិតជានៅទីនេះមែនហើយអ្វីម្យ៉ាងកំពុងកើតឡើងលើវា, ខ្ញុំនឹងមិនលើកលែងឱ្យខ្លួនឯងឡើយ។

    ខ្ញុំចុះជណ្ដើរមកខាងក្រោម ដោយដង្ហើមដកវែងៗ។

    ខ្ញុំបោះជំហានយឺតៗនៅពីរបីជំហានដំបូង ព្រោះខ្ញុំនៅតែខ្លាចនៅឡើយ, អារម្មណ៍ចម្លែកៗកំពុងកប់ក្នុងខួរក្បាលខ្ញុំដោយប្រាប់ខ្ញុំថាខ្ញុំកំពុងនាំទុក្ខដាក់ខ្លួនហើយ។

    ខ្ញុំបោះជើងពីរបីជំហានបន្ទាប់យឺតៗ ព្រោះវាមានអារម្មណ៍ថាដូចជាអ្វីម្យ៉ាងកំពុងបាំងផ្លូវ។ ជើងខ្ញុំញ័រទទ្រើក, ព្យាយាមចុះឱ្យដល់ជាន់ក្រោម។

    ខ្ញុំមកដល់បរិវេណជាន់ក្រោមដីនេះហើយ, ស្រាប់តែ, អ្វីៗគឺងងឹតសូន្យសុង ហើយខ្ញុំចាប់ផ្ដើមស្រែក។

    ពេលខ្ញុំបើកភ្នែកឡើង, ប៉ាកំពុងទាញខ្ញុំចេញពីទឹកស្រះក្នុងព្រៃមួយនោះ។

    ខ្ញុំឈ្លក់ទឹកចូលដល់ទ្រូង, ហើយខ្ញុំញ័រញាក់ខណៈដែលប៉ាទាញខ្ញុំដោយប្រើដៃទាំងពីរបស់គាត់។ ម៉ាក់ខ្ញុំស្រែក, ប៉ាខ្ញុំឆ្លើយតបម៉ាក់, ហើយខ្ញុំមិនយល់អ្វីទាល់តែសោះ។

    «មានរឿងអីកើតឡើង?» ខ្ញុំសួរ, ដោយឱបប៉ាខ្ញុំជាប់ដូចជាកូនចាបធ្លាក់ទឹក។

    «ម៉ាក់កូនឯងភ្ញាក់ឡើងហើយមិនឃើញកូនឯង... ទ្វារបើកចំហរ ហើយយើងក៏រូតរះចេញមកក្រៅនេះ។ យើងឃើញកូនឯងកំពុងដើរចូលទៅក្នុងទឹក, គឺព្យាយាមជ្រមុជទឹកសម្លាប់ខ្លួន...»

    «ទេ!» ខ្ញុំនិយាយខ្លាំងៗ, ពួកគាត់ច្បាស់ជាយល់ច្រឡំ។ «ប៉ាឯងមិនយល់ទេ, ខ្ញុំ... ខ្ញុំប្រហែលជាយល់សប្ដិ... គឺយល់សប្ដិថាកំពុងដើរចុះទៅជាន់ក្រោមដី!...»

    «អេនជី?! អេនជី, ហើយឯណាប្អូនប្រុសឯង, វាអត់នៅជាមួយប៉ាឯងទេពេលយើងភ្ញាក់ឡើង, ហើយ...»

    «រ៉ាក់?» ខ្ញុំសួរ, ភាពភ័យខ្លាចបុកចូលខ្លួនខ្ញុំ។

    «យើងស្មានថាវាប្រហែលជាមកតាមកូនឯង,» ប៉ាខ្ញុំពន្យល់។

    ខ្ញុំគ្រវីក្បាល។ «អត់ទេ, ខ្ញុំ... រ៉ាក់គឺនៅក្នុងជាន់ក្រោមដី។ ចឹងហើយបានជាខ្ញុំចុះទៅតាម...»

    សម្ដីរបស់ខ្ញុំត្រូវកាត់ផ្ដាច់ដោយសម្រែកម៉ាក់ខ្ញុំ។ ប៉ាខ្ញុំភ្ញាក់លាន់មាត់ស្រែកពេលមើលទៅតាមអ្វីដែលម៉ាក់កំពុងចង្អុល, ហើយគាត់ស្រែកទៀត, ខ្លួនទាំងមូលគាត់ទៅជាអស់កម្លាំង។ ខ្ញុំងាកមើលដែរ, តែគាត់បិទភ្នែកខ្ញុំជិត។ តែ, យឺតពេលហើយ, ព្រោះខ្ញុំបានឃើញហើយថាហេតុអីបានជាពួកគាត់រន្ធត់ម៉្លេះ។

    សាកសពប្អូនប្រុសខ្ញុំកំពុងអណ្ដែតឡើងផុសចេញពីផ្ទៃទឹក។

    កាលដែលប្អូនខ្ញុំស្លាប់ហ្នឹង, វាមានអាយុ៥ឆ្នាំប៉ុណ្ណោះ។

    មកទល់ពេលនេះ ខ្ញុំនៅតែចងចាំមឈូសតូចដែលប៉ាម៉ាក់ខ្ញុំទិញមកសម្រាប់ដាក់សពវា។ ខ្ញុំពិបាកនឹងទទួលយកការពិតថាវាបានស្លាប់ណាស់។

    ប្អូនប្រុសជាទីស្រឡាញ់ដ៏កម្សត់អើយ។

    ការស្លាប់របស់វាប៉ះពាល់ទៅលើអារម្មណ៍ប៉ាម៉ាក់ខ្ញុំយ៉ាងខ្លាំង, ធ្វើឱ្យគាត់... ប្រែប្រួល។ ពួកគាត់ក្លាយជាព្រងើយកន្តើយដាក់គ្នា, លែងស្និទ្ធស្នាលដូចមុន។ ពួកគាត់មិននិយាយច្រើនដូចមុនទៀតនោះទេ, ហើយមិននិយាយរកខ្ញុំផងដែរ។

    ខ្ញុំដឹងថាពួកគាត់បន្ទោសខ្ញុំថាអ្វីដែលបានកើតគឺដោយសារតែខ្ញុំ។ ទោះជាគាត់មិននិយាយចំៗក៏ខ្ញុំអាចដឹងបានដែរ។ តែ, ខ្ញុំក៏ខូចចិត្តខ្លាំង។ ប្រហែលបើខ្ញុំមិនដើរទៅកាលនោះទេ, មិនរំខានពួកគាត់ពេលនោះទេ, ពួកគាត់ប្រហែលអាចជួយជីវិតរ៉ាក់មុនពេលអ្វីៗហួសពេល។ 

    ក្រោយពីការស្លាប់របស់រ៉ាក់, ខ្ញុំសន្យាស្បថនឹងខ្លួនឯងថាខ្ញុំនឹងមិនមានកូនជាដាច់ខាត, មិនរួមភេទជាមួយបុរសណាម្នាក់ជាដាច់ខាត ព្រោះខ្លាចអាចថ្លោះធ្លោយមានកូន។ 

    ពេលខ្លះ, ក្នុងយប់ជ្រៅ, ខ្ញុំយកកាំភ្លើងខ្លីដែលខ្ញុំបានទិញដើម្បីការពារខ្លួនពេលខ្ញុំផ្លាស់មករស់នៅក្នុងទីក្រុង មកមើល។ ខ្ញុំសម្លឹងទៅគ្រាប់កាំភ្លើងហើយឆ្ងល់ថា បើបាញ់ទម្លុះបំពង់ករបស់ខ្ញុំ តើវាឈឺយ៉ាងណាទៅ។ ខ្ញុំចង់ដឹងថាតើវាឈឺចាប់ដូចជាការលង់ទឹកដែរទេ? ខ្ញុំតែងតែទុកកាំភ្លើងទៅវិញ, តែរាល់ពេលដែលខ្ញុំដកដៃចេញពីកាំភ្លើង, ខ្ញុំនឹងឃើញសំឡេងរ៉ាក់ហៅខ្ញុំ...

    បងជីចង់មកលេងពួកយើងមែនទេ, បងជី?

    ចប់
    រឿង ត្រកូលអត្តឃាត រឿង ត្រកូលអត្តឃាត Reviewed by Unknown on 7:14 PM Rating: 5
    Loading...
    Powered by Blogger.