រឿង គ្រូចូលរូប
... ខ្ញុំរត់យ៉ាងលឿនតាមដែលធ្វើទៅបានសម្ដៅទៅវត្តក្នុងភូមិនេះ តែកាន់តែកៀកកាន់តែច្បាស់ថា វាមិនមែនវត្តទេ វាជាជើងធំមហិមានរបស់ខ្មោចប្រែតអសុរកាយ... ដែលកើតឡើងដោយសារលោភៈរបស់យាយខ្ញុំទាំងអស់...
---
អបិយជំនឿ ជាអំពើតែផ្ដេសតែផ្ដាសគួរឱ្យចង់សើច។ វាគ្មានការអះអាង គ្មានរូបរាង គ្មានភ័ស្តុតាងទេ តែវាបានបន្លាចប្រជាជនកម្ពុជាអស់ជាច្រើននាក់។ នេះគ្រាន់តែជាទស្សនៈរបស់ខ្ញុំទេ ហើយខ្ញុំក៏មិនអាចប្រាកដ១០០%ដែរ តែទោះជាមិនជឿយ៉ាងណា ក៏មិនត្រូវប្រមាថសោះ។ លោកយាយខ្ញុំថ្វីត្បិតតែវ័យចាស់ហើយក្ដី ក៏នៅមានកម្លាំងពលំភិលដូចវ័យក្មេងដែរ។ គាត់ចាប់របរបោកប្រាស់នេះជាអាជីពយូរមកហើយ ចេះតែកាក់កបតិចតួចគ្រាន់មួយរស់រាល់ថ្ងៃ និងគ្រាន់បានចិញ្ចឹមចៅប្រុសទាំងពីរ។ ខ្ញុំ និងអាតាតជាបងប្អូនជីដូនមួយកំណើតនៅខេត្តស្វាយរៀង។ ឪពុកម្ដាយយើងទាំងពីរបានបង្គាប់ឱ្យយើងមកនៅជាមួយលោកយាយគ្រាន់បានជួយទឹកក្ដៅត្រជាក់។ មានឯណា, ពួកយើងបែរជាត្រូវជួយចូលរួមបោកប្រាស់អ្នកភូមិជាមួយលោកយាយសោះ។ អ្នកភូមិក្នុងខេត្តកំពង់ស្ពឺទាំងប៉ុន្មាន ជឿលើអបីយជំនឿផ្លូវងងឹតខ្លាំងណាស់ ពួកគេគោរពលោកយាយខ្ញុំស្មើនឹងអទិទេព។ តាមពិតទៅលោកយាយគាត់មិនចេះមន្តអាគមអូមអាមអ្វីឡើយ។ ពេលខ្លះអ្នកភូមិមានជំងឺ យាយចេះតែសូត្រផ្លុំព្រោះ ដល់ថ្ងៃដែលជំងឺនោះជាទៅដោយឯងៗក៏នាំគ្នាគិតថាជាដោយការព្យាបាលរបស់គ្រូខ្មែរចំណាស់នេះទៅវិញ។ លោកយាយបានកាក់កបខ្លាំងដោយការប្រាប់លេខឆ្នោត។ គាត់ចេះតែប្រាប់លេខតែផ្ដេសតែផ្ដាស ហើយជាញឹកញាប់ចៃដន្យចាក់ត្រូវក៏កាន់តែកោតឬទ្ធានុភាពលោកយាយទ្វេរដង។ ទ្រនឹបដែលលោកយាយទទួលបានម្ដងៗ តិចបំផុតហើយ10មឺុនរៀល។ អ្វីដែលធ្វើឱ្យគាត់ល្បីកាន់តែខ្លាំងគឺការចូលរូបជាន់អារក្ស។ គាត់ចេះតែធ្វើសំលេងខ្មោចងងេលងងុលពេលអ្នកស្រុកពឹងឱ្យព្រលឹងញាតិគេចូលសណ្ឋិតលើរូបលោកយាយ គាត់ចេះប្រឌិតរឿងផ្ដេសផ្ដាស ធ្វើឱ្យអ្នកភូមិនេះទាំងអស់គ្មានការសង្ស័យលើគាត់ឡើយ, ដោយសារគ្មានចំនេះ និងគំនិត។ មិនតែប៉ុណ្ណោះ គាត់ក៏ចេះគូសវាសយ័ន្ត គូសស័កស្នេហឺតក្រវេមក្រវ៉ាមលើបុគ្គលដែលឆ្កួតលីលានឹងអំពើទាំងនេះ។
យប់មួយ, ខ្ញុំ និងអាតាតកំពុងហូបបាយនៅក្រោមផ្ទះ។ លោកយាយមិនអនុញ្ញាតិឱ្យហូបលើផ្ទះទេ ហើយគាត់ក៏មិនដែលហូបបាយល្ងាចដែរ។ ពេលនោះឮសំលេងស្រែកវេសវ៉ាស បូករួមនឹងសំលេងប្រវាយប្រតប់លាន់ប្រេវប្រាវ។ លោកយាយកំពុងតែចូលរូបឱ្យស្ត្រីមេម៉ាយប្ដីស្លាប់ម្នាក់ ហើយធ្វើអាការៈប្រកាច់ប្រកិនប្រៀបដូចជាព្រលឹងប្ដីមីងនោះកំពុងចូលក្នុងខ្លួនគាត់អីុចឹង។ ពីថ្ងៃម៉ិញខ្ញុំឃើញមីងហ្នឹងមកនិយាយនឹងលោកយាយចង់ពឹងលោកយាយចូលរូបជួបនិយាយនឹងប្ដីខ្លួនសុំលេខឆ្នោត។ លោកយាយទទួលសំណើរ ហើយស្ត្រីនោះសន្យារថា នឹងឱ្យទ្រនឹបលោកយាយមួយលានរៀល បើលោកយាយប្រាប់ឆ្នោតបីលេខត្រូវ។ ពួកយើងឮលោកយាយធ្វើសំលេងខ្មោចនិយាយប្រាប់លេខឆ្នោតប្រហែល១០លេខ។ យើងទាំងពីរក៏អស់សំនើចសើចតិចៗដោយកំប្លែង។
ស្អែកឡើងលទ្ធផលឆ្នោតចេញ លេខឆ្នោតដែលលោកយាយប្រាប់ស្ត្រីនោះខុសស្រឡះទាំង១០លេខ បណ្ដាលកំហឹងតណ្ហាឃ្លានលុយឱ្យស្ត្រីមេម៉ាយនោះជិះម៉ូតូឌុបមកជេរបញ្ចោលោកយាយយ៉ាងជ្រះឆ្អេះ។ ចាប់ពីពេលនេះហើយដែលអ្នកក្នុងភូមិចាប់ផ្ដើមលែងទុកចិត្តលែងជឿលោកយាយ។ យ៉ាងណា, លោកយាយបានរកគ្រប់មធ្យោបាយ ហើយយប់មួយខ្ញុំឃើញលោកយាយដើរទៅស្រែខាងជើង។ នៅស្រែហ្នឹងមានដើមស្វាយដ៏ធំមួយបែកមែកសាខា ដែលអ្នកភូមិខ្លបខ្លាចមួយទំហឹង ហើយមិនហ៊ានសូម្បីតែដើរក្បែរ។ សូម្បីតែបក្សីក៏មិនហ៊ានទំ លើកតែលលកខ្មោចមួយក្បាលប៉ុណ្ណោះតែងទំមែកខាងលិចជាប្រចាំ។ កាលពីឆ្នាំទៅមួយ, មានស្ត្រីចំណូលភូមិថ្មីម្នាក់មិនជឿលើរឿងព្រាយដើមអំពិលនេះទេ រសៀលមួយនាងបានដើរទៅបេះស្វាយនេះ ស្រាប់តែត្រូវស្រែកស្ទើររយះមាត់ដោយនាងប្រាប់ថាឃើញស្ត្រីពោះធំមុខពណ៌បៃតងអង្គុយយោលជើងទំលាក់ទារកប្រឡាក់ឈាម មកចំក្បាលគាត់។ តាំងពីពេលនោះមកគេបាត់ដំណឹងសូន្យឈឹងពីស្រ្តីចំណូលថ្មីនោះ មិនដឹងជាទៅងាប់នៅឯកន្លែងណា។ ហឹះ! ឱ្យរាងចាល។ បើដើមនោះមានព្រាយកាចដល់ម្លឹង តើលោកយាយខ្ញុំទៅទីនោះទាំងយប់ដើម្បីអ្វី? ឬក៏ព្រាយដែលបន្លាចស្ត្រីនោះកាលពីមុនគឺជាគាត់ក្លែងខ្លួន ទើបគាត់មិនខ្លាចសោះ។ យ៉ាងណាក៏ដោយ, ដើមស្វាយស្លឹកស្ដុកនេះវាពិតជាគួរឱ្យខ្លាចខ្លាំងណាស់ មិនគួរណាយាយដើរទៅទីនោះម្នាក់ឯងទេ ហើយពេលយប់ផង។ ខ្ញុំឡើងផ្ទះចូលដេក។ អាតាតនៅមិនទាន់ដេកនៅឡើយវាសួរខ្ញុំ៖
«ម៉ិញអញដូចឃើញយាយដើរទៅស្រែឯកើតហ្អា? គាត់ទៅធ្វើអី? បង្គន់ផ្ទះយើងមានដែរតើគាត់ទៅធ្វើអីគាត់?» អាតាតសួរច្រំដែល។ ខ្ញុំមិនបាននិយាយអីឆ្លើយត្រង់ថាមិនដឹង ព្រោះពិតជាមិនដឹងមែន។ រឿងប៉ុណ្ណឹងវាមិនមែនជាអាថ៌កំបាំងអ្វីនាំមកវែកញែកឱ្យឈឺក្បាលអត់ងងុយនោះទេ សំខាន់ពេលនេះជាពេលដេក។
ងឺត...ងឺត...
សំលេងអូសបដិមារព្រះពុទ្ធរូបបន្លឺឡើងលើផ្ទះឈើនេះ ទាំងព្រឹកព្រលឹម។ មិនដឹងយ៉ាងម៉េច, លោកយាយបង្គាប់ឱ្យខ្ញុំ និងអាតាតលើករូបបដិមារអភិសេកហើយដ៏ធ្ងន់មហិមានេះទៅទុកក្រោមផ្ទះវិញ។ ខ្ញុំជាចៅៗគ្មានសិទ្ធសួរដេញដោលទេ ក៏ធ្វើតាមតែគាត់បញ្ជាទៅ។ គាត់បង្គាប់ឱ្យយកវាំងននបិទឱ្យជិតផ្ទះនេះ ហើយហាមមិនឱ្យបើកបង្អួចដាច់ខាត បណ្ដាលឱ្យផ្ទះដែលពោរពេញដោយគ្រឿងសក្ការៈងងឹតសូន្យសុងដូចពេលយប់ ទទួលពន្លឺតែពីភ្លើងចង្កៀងផ្លុងៗ។
«លោកយាយគាត់យ៉ាងម៉េចហ្អា? ភ្លើងអំពូលម៉ែត្រមានម៉េចមិនបើក បែរជាអុចចង្កៀងទៅវិញ។ ហើយគាត់ប្រុងនៅក្នុងភាពងងឹតនេះយូរប៉ុណ្ណាទៅហ្អា?»
«ពួកហ្អែងកុំចេះ។ អញឱ្យធ្វើអីហ្អែងធ្វើហ្នឹងទៅអាក្មេង កុំមកចេះវែកញែក។» លោកយាយគំហកមួយវ៉ាកមកចង់បះសក់។ គាត់ពិតជាប្លែកណាស់។ អំបាញ់ម៉ិញអាតាតសួរខ្ញុំតិចៗសោះម៉េចឮដល់គាត់ដែលរាល់ដងទាល់តែនិយាយឮខ្លាំងៗទើបគាត់ស្ដាប់បាន។ គាត់មិនដែលគំហកមកចៅខ្លាំងៗបែបនេះទេ និយាយទៅគាត់ចាប់ផ្ដើមប្លែកច្រើនណាស់។
តាំងពីថ្ងៃនោះមក, លោកយាយមិនហូបអ្វី មិនដែលចេញពីផ្ទះងងឹតនេះ ហើយមិនដែលឃើញលោកយាយនៅផ្ទះឡើយ រៀងរាល់យប់។ មនុស្សម្នាដែលមកសុំលេខពីលោកយាយទៅចាក់ឆ្នោតត្រូវម៉ាច់ទាំងអស់មិនដែលមានខុសឡើយ។ តម្លៃទ្រនឹបនៃលេខឆ្នោតឡើងថ្លៃដល់២លានរៀលក្នុងមួយលេខ។ អ្នកភូមិចាប់ផ្ដើមលោភលន់ត្រលប់មកជឿស៊ុបលើលោកយាយម្ដងទៀតយកលុយទាំងលានៗមកសូកលោកយាយសុំលេខសំណាង។ ថ្ងៃមួយ, ខ្ញុំ និងអាតាតពួនស្ដាប់កត់លេខឆ្នោតពីលោកយាយដែលប្រាប់ទៅអ្នកជំនួញម្នាក់ ហើយយើងប្រថុយចាក់លេខដែលលួចកត់ពីយាយ។ ល្ងាចឡើងលទ្ធផលចេញមិនគួរឱ្យជឿ លេខទាំងប្រាំខ្ទង់ដែលលោកយាយប្រាប់ទៅអ្នកជំនួញម្នាក់នោះ ត្រូវទាំងអស់គ្មានចន្លោះមួយ។ មនុស្សចាប់ផ្ដើមឆ្គួតនៅអំណាចទឹកប្រាក់ លោភៈដែលទទួលបានមកពីការចាក់ឆ្នោត។ ពេលចូលរូបលោកយាយចេះធ្វើសំលេងដូចព្រលឹងបុគ្គលនោះចូលក្នុងខ្លួនគាត់មែនៗ ហើយដឹងនូវរឿងរ៉ាវគេទាំងអស់។ មិនតែប៉ុណ្ណោះ លោកយាយថែមទាំងទាយឆុតពីជោគវាសនាគេឯងទៀត។ គាត់ទទួលទ្រនឹបច្រើនរហូតគេប្រើឱ្យធ្វើអីក៏ព្រម។ អ្នកមករកគាត់តែងទទួលលទ្ធផលយ៉ាងសមប្រកប។ ថ្ងៃមួយ, មានចែលក់អីវ៉ាន់ម្នាក់មកពឹងលោកយាយឱ្យដាក់ស្បែកក្របីចូលពោះចែម្នាក់ទៀតដែលលក់ក្បែរតូបគ្នា។ គាត់ចង់កម្ចាត់ចែនោះចោល ព្រោះចែនោះលក់កាច់កុងគាត់ខ្លាំងណាស់។ បីថ្ងៃក្រោយសំលេងស្មូតអ្នកលក់ជាប់តូបចែដែលមករកលោកយាយនោះក៏ចាប់ផ្ដើមបន្លឺឡើង។ ហួសហេតុពេកហើយ នេះលោកយាយហ៊ានសម្លាប់មនុស្សដើម្បីប្រាក់ ឬដើម្បីកេរ្តិ៍ឈ្មោះខ្លាំងក្លា? ខ្ញុំចាប់ផ្ដើមខ្លាចលោកយាយ ព្រោះគាត់ខុសពីមុនដែលចេះតែបោកប្រាស់គេ អីឡូវហាក់ដូចជាពូកែឆុតៗពិតៗបស់គាត់។
មិនស្រួលទេ។
រាល់រាត្រី គាត់បានដើរទៅស្រែឯកើត ហើយរាត្រីនេះ ខ្ញុំលបដើរតាមគាត់។ គាត់ដើរលឿនដូចហោះត្រង់ភ្លឹងដូចគ្មានគេចគន្លុកបន្លាអីសោះ។ ខ្ញុំលបៗតាមពីក្រោយយ៉ាងប្រុងប្រយ័ត្ន។ ខ្ញុំត្រូវតែបំបែកចម្ងល់នេះឱ្យបាន។ លោកយាយមកឈប់មុខដើមស្វាយធំដ៏គួរឱ្យព្រឺឆ្អឹងខ្នងនេះ ហើយលុតជង្គង់សំពះដល់ដីសូត្រធ្វើមាត់ជីបអូចៗមិនដឹងជាភាសាអ្វី។ បរិយាកាសនៅពេលនេះស្ងប់ស្ងាត់ឈឹង ទទួលបានតែពន្លឺពីព្រះចន្ទ្រាដែលរះត្រចះត្រចង់នៅលើមេឃាចោលពន្លឺមកក្រោមបណ្ដាលឱ្យឃើញនូវរូបរាងក្មេងប្រុសម្នាក់ទៀតកំពុងពួននៅក្នុងដុបលបមើលសកម្មភាពរបស់យាយ។ខ្ញុំដឹងច្បាស់ថាវាគឺអាតាត វាបករហែលចង់ដឹងអាថ៌កំបាំងលោកយាយដែរទើបបានជាមកលបចាំទីនេះមុនខ្ញុំទៅទៀត។ ភ្លាមនោះខ្យល់បក់មួយវឹបមួយទំហឹងបណ្ដាលឱ្យស្លឹកស្វាយយោលយោកបង្កជាសំឡេងប្រេវប្រាវមួយរំពេច។ ក្សិណនោះ ស្ត្រីព្រាយសក់វែងមុខបៃតងបានប្រាកដខ្លួនឡើងពីមុខលោកយាយហើយសើចបញ្ចេញសំឡេងរំពងព្រៃ។ សំលេងសើចបានបញ្ឈប់ហើយរូបរាងថ្លាមើលមិនសូវច្បាស់របស់ព្រាយដើមស្វាយម្ដងឃើញម្ដងបាត់ បានបញ្ចេញសំលេង៖
«យ៉ាងម៉េច?យាយឯងចង់យ៉ាងម៉េចទៀត?»
នាងនោះនិយាយចប់ភ្លាម លោកយាយប្រញ៉ាប់សំពះដៃផ្ទាល់ដីរួចនិយាយទាំងអណរ និងអំនួត៖
«ឱ! ព្រាយស្រីជាអទិទេពខ្ញុំអើយ តាំងពីខ្ញុំព្រមចុះចូលស្ដាប់បង្គាប់ព្រាយឯងមក ឃើញកាក់កបច្រើនណាស់ សូមអរគុណណាស់។»
«អរគុណស្អី?» នាងខ្មោចគំហកដាក់ដូនចាស់ចិត្តបាប។ ខ្ញុំលួចសម្លឹងទៅអាតាតដែលវាពួននៅម្ខាងណោះ វាកំពុងមើលសកម្មភាពសន្ទនារវាងមនុស្ស និងខ្មោចក្នុងបរិយាកាសដ៏ត្រជាក់ព្រឺសំបុរ។ វាក៏ដឹងថាខ្ញុំលបមើលនៅទីនេះដែរ។ ខ្ញុំទាញទូរស័ព្ទថត បើទោះជាមិនសូវច្បាស់ តែនៅតែអាចយកជាការបាន។
«យាយកញ្ចាស់ឯងត្រូវចាំថា បើមាននរណាម្នាក់ដឹងរឿងនេះអ្នកនោះ ហើយនឹងយាយឯងត្រូវតែស្លាប់។ ហើយហាមពួកអ្នកភូមិផងថា កុំឱ្យមកក្បែរដើមស្វាយនេះ ព្រោះយើងធុញណាស់ មិនចង់ឃើញមនុស្សទេ។» នាងខ្មោចតិរច្ឆានបោះសម្ដីដ៏សែនអសីលធម៌ទៅកាន់មនុស្សចាស់ តែយាយបែរជាលុតជង្គង់សំពះខ្មោចនោះដោយក្ដីគោរពទៅវិញ។ ខ្ញុំកាន់ទូរស័ព្ទថតវីដេអូសកម្មភាពកម្រមាននេះទាំងញ័រដៃទទ្រើកស្ទើរមិនជាប់។
“...រីង រីង រីង ...”
សំលេងទូរស័ព្ទរោទិ៍ស្រាប់តែបន្លឺឡើងក្នុងស្ថានភាពដ៏គ្រោះថ្នាក់ចេញពីទូរស័ព្ទរបស់អាតាត។ អាតាតប្រញ៉ាប់ចុចទូរស័ព្ទបិទ តែវាហួសពេលទៅហើយ... ខ្មោចស្រីលូកដៃថ្លាយ៉ាងវែងទៅរកកអាតាត។
«វាដឹងរឿងយើងហើយ យើងត្រូវតែសម្លាប់វា!»
ខ្ញុំមិននឹកស្មានថាលោកយាយហ៊ាននិយាយដូច្នេះសោះ។ នេះមិនមែនជាលោកយាយខ្ញុំពីមុនទេ។ ខ្ញុំឃើញអាតាតព្យាយាមរើបម្រាស់ប្រកាច់ប្រកិន រួមជាមួយនឹងពាក្យអង្វរកសុំរួចជីវិត។ ខ្ញុំអានិតវាណាស់តែតើខ្ញុំអាចជួយអ្វីបានទៅ?
«អូយ យាយជួយខ្ញុំផង... លែងខ្ញុំទៅខ្ញុំគ្មានដឹងរឿងស្អីទេ លែងទៅ... អាភាជួយអញផង។» អាតាតចង្រៃស្លាប់តែឯងមិនព្រម នៅឆ្លៀតហៅខ្ញុំឱ្យព្រាយដឹងទៀត។ ខ្ញុំទម្លាក់ទូរស័ព្ទចោលហើយព្យាយាមរត់។ ខ្ញុំប្រឹងរត់ចេញមកផ្លូវស្ងាត់ឈឹងគ្មានមនុស្សគ្មានផ្ទះ តែខ្ញុំអាចឃើញព្រាលៗ , វាគឺជាកំពូលវត្ត។ ខ្ញុំរត់យ៉ាងលឿនតាមដែលធ្វើទៅបានសម្ដៅទៅវត្តក្នុងភូមិនេះ តែកាន់តែកៀកកាន់តែច្បាស់ថា វាមិនមែនវត្តទេ វាជាជើងធំមហិមានរបស់ខ្មោចប្រែតអសុរកាយ...ដែលកើតឡើងដោយសារលោភៈរបស់យាយខ្ញុំទាំងអស់។ ជើងនោះប៉ាកមកបម្រុងជាន់ខ្ញុំ តែខ្ញុំប្រឹងរត់ចេញពីកណ្ដាប់ជើងតិរច្ឆានចង្រៃនេះ។ រត់កាន់តែឆ្ងាយ មានអារម្មណ៍កាន់តែជិត ធ្វើឱ្យខ្ញុំងើយទៅខាងលើ ពុទ្ធោ!!! នេះជាខ្មោចស្រីនោះ ក្នុងរាងកាយដ៏ធំមហិមា កំពុងលូកដៃតម្រង់មកខ្ញុំដែលកំពុងតែរត់យករួចជីវិត។ អារម្មណ៍ពេលនេះច្របូកច្របល់មិនយល់ការណ៍អ្វីឡើយ តែទីបំផុតខ្ញុំរកឃើញច្រកខ្លោងទ្វារចូលវត្ត។ ខ្ញុំរត់ចូលដោយមិនមើលមុខក្រោយស្រាប់តែបុកមួយទំហឹងជាមួយនរណាម្នាក់។
«ខ្មោច!!! ជួយផង!!!»
តាមពិតខ្ញុំមិនមែនបុកខ្មោចទេ ខ្ញុំបុកលោកតាសង្ឃអធិការម្នាក់ដែលបួសក្នុងវត្តនេះយូរហើយ។ គាត់អង្អែលក្បាលខ្ញុំដោយផ្ដល់នូវភាពកក់ក្ដៅខ្លះៗហើយពេលនោះខ្ញុំក៏សន្លប់។
---
ភ្ញាក់ឡើងខ្ញុំឃើញខ្លួនឯងនៅក្នុងកុដិលោក។ ខ្ញុំនៅចាំរឿងរ៉ាវយប់ម៉ិញទាំងអស់ហើយនិយាយរ៉ាយរ៉ាប់ឱ្យលោកតាស្ដាប់។ លោកតាស្ដាប់ ហើយគិតមួយស្របក់ទើបនិយាយខ្សាវៗថា៖
«ចៅឯង ហើយនិងចៅតាតកំពុងមានគ្រោះថ្នាក់ហើយ ព្រោះបានឃើញអាថ៌កំបាំងរបស់ខ្មោចនោះដោយផ្ទាល់។ តាមពិតទៅរឿងរ៉ាវខ្មោចនោះវាវែងឆ្ងាយណាស់ ដែលជីទួតរបស់អាត្មាបាននិទានប្រាប់អាត្មា។» ខ្ញុំ និងនេនឯទៀតស្ដាប់លោកតាយ៉ាងយកចិត្តទុកដាក់។ នេនម្នាក់សួរ៖
«តើរឿងរ៉ាវព្រាយនោះមានដំណើរយ៉ាងម៉ិចទៅលោកតា?អាត្មាចង់ដឹងណាស់»
លោកតាងក់ក្បាលយល់ព្រមនិយាយឱ្យយើងស្ដាប់។
«កាលពីយូរណាស់មកហើយ មានស្ត្រីម្នាក់ជាស្ត្រីមានមុខមាត់អាក្រក់ តែជាកូនមហាសេដ្ឋីទ្រព្យស្ដុកស្ដម្ភជាងគេក្នុងប្រទេសខ្មែរនាសម័យនោះ។ ស្ត្រីមុខអាក្រក់នោះមានស្បែកមុខពណ៌បៃតងថ្លាតាំងពីកំណើត។ នាងនេះមិនត្រឹមតែអាក្រក់រូបសម្ផស្សទេ ថែមទាំងចិត្តអាក្រក់ទៀតផង។ ស្របពេលសេដ្ឋីជាឪពុកទៅរកស៊ីជំនួញសំពៅនៅស្រុកបាត់ នាងនេះបានរកគ្រូពូកែ មករៀនអំពើអាបធ្មប់ចូលរូបរហូតចេះគ្មានចន្លោះ។ តាំងពីនាងចេះអំពើទាំងនេះ, នាងអនុវត្តដាក់ឈើ ដាក់ស្បែកក្របីចូលពោះខ្ញុំបម្រើ ហើយថ្លោះធ្លោយសម្លាប់ម្ដាយខ្លួនដោយក្ដីវេទនា។ ហើយមានថ្ងៃមួយ, ឪពុកនាងបានដឹងរឿងសព្វគ្រប់ គាត់ខឹងណាស់គិតថាបើទុកនាងឱ្យនៅ ប្រាកដជានាំទុកដល់អ្នកស្រុក ហើយព្រះរាជានឹងសម្លាប់ទាំងពូជ។ សេដ្ឋីបានបង្គាប់ឱ្យគេរកគ្រូខ្មែរពូកែម្នាក់ធ្វើល្បិចចាប់នាងធ្មប់វ័យក្មេងសម្លាប់ចោលរួចដាក់បណ្ដាសាឱ្យព្រលឹងនាងជាប់នៅតែក្នុងដើមស្វាយមួយដើម ឱ្យសមនឹងទោសកំហុសដែលនាងបានសម្លាប់ម្ដាយឯង។ ចាប់ពីថ្ងៃនោះហើយដែលដើមស្វាយនេះមានខ្មោចព្រាយសណ្ឋិត។ ដើមនេះអាយុរាប់រយឆ្នាំហើយនៅតែមិនងាប់ដោយអំណាចនិងកំហឹងស្រីព្រាយ។» លោកតាលើកតែក្រេបបន្តិចទើបបន្តទៀត៖
«ឥឡូវដោយលោភពេកយាយចៅឯងបានសុំខ្មោចនោះធ្វើសិស្ស ព្រលឹងកំណាចបានបង្កឱ្យយាយចៅឯងទៅជាមនុស្សកាច ហ៊ានធ្វើអំពើសម្លាប់គេ ហើយហ៊ានកុំថាឡើយចៅឯងបង្កើត ព្រោះយាយចៅត្រូវអំពើព្រាយនោះហើយ ដែលយាយទៅសំពះដើមស្វាយហ្នឹង។ ពេលនេះយើងត្រូវកម្ចាត់ដើមស្វាយនោះចោល នោះព្រាយនឹងរលាយរូបដែរហើយ ហើយពេលនោះអំពើវានឹងសាបសូន្យចេញពីយាយចៅឯងហើយណា។»
ខ្ញុំឡឹងឡង់ដោយគ្មានយោបល់។
«ចុះដើម្បីកម្ចាត់ដើមស្វាយនោះតើយើងត្រូវធ្វើម៉េចទៅ?»
«ដើម្បីបំផ្លាញដើមស្វាយ និងព្រាយនោះ ងាយទេ ព្រោះព្រាយនោះវាល្ងង់ណាស់។ ពេលថ្ងៃត្រង់យើងត្រូវយកចំបើងដុតគល់ស្វាយនោះចោល តែទាស់ថាចំបើងធម្មតាមិនអាចដុតស្វាយព្រាយសណ្ឋិតនោះបានទេ។ ឯងត្រូវទៅសុំចំបើងវេទមន្តនោះពីតាបស់អាយុ១០០០ឆ្នាំនៅភ្នំឯត្បូង។ ថ្ងៃស្អែកនេះជាថ្ងៃអថ័ន បើយើងមិនប្រញាប់កម្ចាត់ព្រាយចង្រៃចេញទេ វានឹងដេញសម្លាប់ចៅឯងហើយ។ ចៅតាត និងយាយចៅឯងក៏មិនរួចជីវិតដែរក្នុងពេលនោះ ព្រលឹងវាសម្លាប់មនុស្សបានច្រើន មហទ្ធិរិទ្ធវាកាន់តែខ្លាំង។ ចាំតែមើលទៅតែសំខាន់ពេលនេះត្រូវធ្វើដំនើរទៅផ្ទះតា១០០០ឆ្នាំឆាប់ទៅ។»
ខ្ញុំ និងលោកតាបានធ្វើដំនើរទៅភ្នំទិសខាងត្បូង។ ឡើងមិនទាន់បានពាក់កណ្ដាលភ្នំផង មេឃចាប់ផ្ដើមងងឹតបាត់ទៅហើយ។ ខ្ញុំបារម្ភពីអាតាតណាស់មិនដឹងជាយ៉ាងម៉េចហើយទេ។ ចំណែកលោកយាយក៏មិនដឹងជាព្រាយធ្មប់ពង្វក់ដល់ណាហើយដែរ។ អាកាសធាតុត្រជាក់ក្នុងព្រៃដ៏ស្ងាត់បានផ្ដល់ឱ្យខ្ញុំនូវអារម្មណ៍ភ័យខ្លាច។ ខ្ញុំប្រឹងឡើងភ្នំទាំងហត់ឈ្ងោកមុខទៅក្រោម ហើយនៅពេលងើបមុខមកវិញស្រាប់តែបាត់លោកតា។ ខំងាករកជុំវិញខ្លួនយ៉ាងណាក៏មិនឃើញ ស្ថានភាពកំពុងតែមិនសូវស្រួលស្រាប់តែឮសំលេងស្រែកដោយក្ដីវេទនារបស់លោកតាអធិការ។
“តិចលោគាត់មានគ្រោះថ្នាក់អីទេដឹង?” ខ្ញុំគិតក្នុងចិត្តទៅរកផ្លូវអវិជ្ជមាន។ ម្ដាយឪពុកខ្ញុំធ្លាប់ប្រដៅថាដើរព្រៃមិនត្រូវគិតអីផ្ដេសផ្ដាសបែបនេះទេ។ ខ្ញុំខំរកលោកតាអស់មួយសន្ទុះធំហើយបន្ទាប់មកក៏ឃើញគាត់។ គាត់បែរខ្នងមិនងាកមកខ្ញុំហើយបក់ដៃធ្វើសញ្ញាឱ្យបន្តដំនើរទៅមុខ។ ដើរបានមួយសន្ទុះធំ គាត់ក៏ឈប់។ ខ្ញុំទៅជិតក្រោយខ្នងគាត់ហើយសួរ៖
«ឈប់ធ្វើអីទៅលោកតា?»
គាត់មិនតប តែបែរមុខមកបង្ហាញធ្មេញស្រួចធំៗជាច្រើនជួរ និងផ្ទៃមុខបៃតងយ៉ាងគួរឱ្យខ្លាច។
«ឈប់ដើម្បីស៊ីឯងហ្នឹងហើយអាក្មេងរមិលគុណ។ នៅស្រួលមិនចង់ ចង់កម្ចាត់យើងផងហ្អេស?» វាប្រែរូបពិតទៅជាព្រាយស្រីហើយលូកដៃយ៉ាងរហ័សច្របាច់កខ្ញុំ។
«ទេ! ទេ!!!!!!»
ខ្ញុំស្រែកយ៉ាងខ្លាំង ហើយពេលនោះក៏ខ្លួនដឹងថាកំពុងដេកនៅផ្ទះ។ ក្បែរខ្លួនគឺជាម្ដាយរបស់ខ្ញុំដែលសម្លឹងខ្ញុំដោយកែវភ្នែកស្រទន់។
«ម៉ែ! ម៉ែមកលេងខ្ញុំមែនទេ?» ខ្ញុំសួរទៅគាត់ ធ្វើឱ្យគាត់ជ្រួញចិញ្ចើមមិនយល់សំនួរ។
«មកលេងអី? ម៉ែអត់យល់ទេ។»
«ចុះឯណាលោកយាយយើង?» ខ្ញុំសួរបន្តធ្វើឱ្យគាត់ជ្រួញចិញ្ចើមម្ដងទៀត។ គាត់ប្រហែលជាមិនយល់ពីខ្ញុំសោះ។
«លោកយាយអី? លោកយាយខូចជិត៥ឆ្នាំហើយតើ! នេះកូនយ៉ាងម៉េចនឹង?»
ខ្ញុំចំហមាត់ដោយក្ដីតក់ស្លុត។
«ចុះអាតាតទៅណាហើយម៉ែ?»
ម៉ែខ្ញុំពិតជាមិនយល់នូវសំនួររបស់ខ្ញុំមែន។ គាត់ញញឹមហើយអង្អែលក្បាលខ្ញុំ។
«អាតាតវាទៅនៅថៃជាមួយម៉ែវាតាំងពីវាអាយុ៧ឆ្នាំម៉្លេះ! កូនឯងគ្រុនពោះវៀន ដេកជិតបីម៉ោងហើយភ្ញាក់វិញសួរអីប្លែកៗ។»
ខ្ញុំហួសចិត្តនឹងសុបិនចម្លែកទាំងអស់ ដែលដេកតែបីម៉ោងយល់សប្តិរវើរវាយដល់ណាដល់ណី ចំជាផ្ដេសផ្ដាសមែន។
«ណ្ហើយម៉ាក់ ជូនខ្ញុំទៅស្រុកវិញទៅ ខ្ញុំមិនចង់នៅកំពង់ស្ពឺនេះទៀតទេ។»
«កំពង់ស្ពឺអីទៀតហើយ? នេះកូនដេក៣ម៉ោងភ្លេចការចងចាំអស់ហើយមែន? យើងកំពុងនៅលើទឹកដីម៉ាលេស៊ីណា!!! ចំមែនកូនមួយនេះ។»
វាជាសុបិន្តចម្លែកដ៏មិនគួរឱ្យជឿ។
តែ, អេ, ខ្ញុំមិនចេះអក្សរផង តើខ្ញុំអាចសរសេររឿងនេះបានដោយរបៀបណាទៅ? ឆ្ងល់មែនទែន៕
ចប់
រឿង គ្រូចូលរូប
Reviewed by Unknown
on
7:27 PM
Rating: