រឿង ផ្ទះក្នុងព្រៃ
មកដល់ពេលនេះ ហេតុការណ៍ដ៏សែនតក់ស្លុតនោះវានៅដក់ជាប់ក្នុងខួរក្បាលខ្ញុំរហូតមិនអាចបំភ្លេចបានទេ។ វាជាហេតុការណ៍ដ៏សែនតក់ស្លុតកើតឡើងនៅផ្ទះធំមួយនៅក្នុងព្រៃ។
អបិយជំនឿជាជំនឿឥតរូប ដែលអ្នកខ្លះជឿអ្នកខ្លះមិនជឿ តែទោះជឿរឺមិនជឿក៏មិនអាចយកមកចំអកលេងសើចទេ។
---
ពួកយើងដើរតត្រុកតាមព្រៃជ្រៅ។ ពេលនេះមេឃរកងងឹតទៅហើយ ខ្ញុំភ័យខ្លាចតែយប់នេះត្រូវដេកក្នុងព្រៃដ៏គួរឱ្យខ្លាចនេះទេមើលទៅ។
«អត់សេវាអីមួយកាំសោះ!» គន្ធារអ៊ូដដែលៗ។ ជើងនាងត្រូវបន្លាតូចៗមុតស្ទើសុះសាច់។ នាងជាកូនអ្នកមានគ្រាន់បើដែរ ការដែលមកដើរឥតឈប់ក្នុងព្រៃស្ងាត់តែ៣នាក់បែបនេះមិនមែនជាការងាយនោះទេ។ សំណាងហើយដែលខ្ញុំចេះយកពិលមកតាម កុំអីយប់នេះត្រូវហាលមូសទាំងងងឹតហើយ។
«ជិតយប់ហើយ គ្នាដូចជាខ្លាចណាស់វ៉ី!» ម្ដងនេះធារីរអ៊ូម្ដង។ នាងមិនសូវរអ៊ូដដែលៗដូចគន្ធាទេ តែពេលនាងរអ៊ូម្ដងៗខ្ញុំចេះតែភ័យ។
«នេះបើមិនមកល្អខ្លាំងណាស់ តែឯងទាំងពីរទេតើចង់មកទស្សនៈកិច្ចអីក្នុងព្រៃជាមួយថ្នាក់D1 ហ្នឹង។ ឥលូវឃើញទេ? វង្វេងទាល់តែបាន។» ខ្ញុំបន្ទោសវាទាំងពីរដោយកំហឹងតិចៗ។
«មិនដឹងជាអ្នកគ្រូ លោកគ្រូរកយើងស្លាប់ហើយ។»
«លោកគ្រូ អ្នកគ្រូអី?គាត់មិនរកយើងទេ ព្រោះយើងមកសុំដោយសារគាត់ ហើយមិនមែនជាសិស្សគាត់ផង គាត់ទៅខ្វាយខ្វល់ធ្វើអី?»
«ណ្ហើយឈប់ឈ្លោះគ្នា!អីឡូវមេឃងងឹតហើយ ដេកនៅទីនេះហើយ។» ខ្ញុំនិយាយព្រមទាំងយកពិលចេញពីកាបូបដើរព្រៃសម្រាប់សិស្សនិស្សិត។ មើលទៅពួកវាមិនពេញចិត្តនឹងបរិយាកាសដ៏គួរឱ្យខ្លាចក្នុងពេលនេះទេ តែវាទាស់ត្រង់ទាល់។ សំលេងចង្រឹតយំ សំលេងចចកព្រៃលូយ៉ាងវែងអន្លាយ និងសំលេងទទុយបូល ញ៉ាំងបរិយាកាសឱ្យកាន់តែព្រួយបារម្ភ។ ប្រជៀវជាច្រើនក្បាលហោះមួយហ្វូងកាត់លើក្បាលនិស្សិតដំនើរព្រៃទាំងបី។ តាំងពីកើតដល់ធំប៉ុន្នេះ ខ្ញុំមិនដែលដើរក្នុងព្រៃជ្រៅស្ងាត់គួរឱ្យខ្លាចបែបនេះទេ។ ចិត្តមួយខ្លាចប្រម៉ាត់ប្រម៉ង់ ចិត្តមួយខ្លាចចចក ខ្លា តែចិត្តមួយទៀតសង្ឃឹមថានឹងសុវត្ថិភាព។
ប្រោកៗ!
វាជាសំលេងអ្វីម៉្យាងរត់យ៉ាងលឿនកកឹតនឹងព្រៃ។ ខ្ញុំក្រលេកឆាច់ស្រាប់តែឃើញរូបរាងជាស្រមោលមនុស្សនៅមិនឆ្ងាយប៉ុន្មានពីទីនេះ។ មុខរបស់មនុស្សនោះមើលទៅវែងខ្លាំងណាស់ ហើយដូចជាមាន... ដូចជាមានកន្ទុយ។ ខ្ញុំមិនបានប្រាប់ធារី និងគន្ធាទេព្រោះវាអាចតក់ស្លុតរហូតសន្លប់ក៏ថាបាន តែសំខាន់ពេលនេះអារម្មណ៍ខ្ញុំពិតជាខ្លាចខ្លាំងណាស់។ ព្រៃងងឹតនេះហាក់មិនបានផ្ដល់ភាពកក់ក្ដៅអីបន្តិចសោះ ផ្ទុយទៅវិញវាផ្ដល់មកនូវអារម្មណ៍ស្រៀវក្រោយខ្នងយ៉ាងចំលែក។ ជាញឹកញាប់ខ្ញុំឮសំលេងដូចជានរណាម្នាក់ដើរពីក្រោយខ្នង តែខ្ញុំមិនក្លាហានងាកមើលទេ ព្រោះខ្លាចជួបអ្វីដែលមិនចង់ជួប។
ក្រលេកទៅឆ្ងាយពីទីនេះប្រហែល៣០០ម៉ែត្រស្រាប់តែឃើញដំបូលផ្ទះលឹមៗដែលមានព្រៃដុះកំបាំងស្ទើរមើលមិនឃើញ។ ខ្ញុំអររកអ្វីប្រៀបផ្ទឹមគ្មាន។
«ពួកឯងមើលនោះណ៎!» ខ្ញុំប្រាប់ទៅវាទាំងពីរនាក់។ «នៅទីនោះមានផ្ទះគេណា!»
«អូ! ចឹងល្អណាស់,» គន្ធាលាន់មាត់ដោយក្ដីត្រេកអរ «តោះយើងប្រញ៉ាប់ទៅសុំផ្ទះគេស្នាក់ វាប្រសើរជាងនៅទីនេះ ហេងស៊យក្រុមនិស្សិតទាំងអស់ក៏នៅទីនោះដែរផងក៏មិនដឹង។»
ពួកយើងទាំងបីប្រញ៉ាប់ឆ្ពោះសំដៅទៅផ្ទះធំនោះយ៉ាងលឿន។ បរិវេណផ្ទះធំប៉ុន្ដែគ្របដណ្ដប់ដោយស្មៅព្រៃដុះស៊ុបទទ្រុប។ វាជាផ្ទះឈើប្រក់ក្បឿងដ៏ធំ តែស្ងាត់ជ្រាបហាក់គ្មានមនុស្សនៅជាយូរមកហើយ។ គ្មានជម្រើសយើងដាច់ចិត្តឡើងទៅលើផ្ទះធំបុរាណនេះដោយភ័យអរ។ ទ្វារមិនបានចាក់សោរអាចឱ្យយើងឃើញនូវគ្រឿងសង្ហារឹម របស់របរប្រើប្រាស់ ធ្នើរសៀវភៅ និងបន្ទប់គេង៦បន្ទប់បែរមុខទៅរកបន្ទប់ទទួលភ្ញៀវដ៏ធំ។ សឹងតែមិនជឿភ្នែកខ្លួនឯង ផ្ទះនៅកណ្ដាលព្រៃតែមានរបស់ប្រើប្រាស់ និងការតុបតែងដូចអ្នកទីក្រុងទាស់តែគ្មានម្ចាស់រស់នៅ។ ងងឹតហើយស្ងាត់ទៀត ធ្វើឱ្យយើងមានអារម្មណ៍មិនសុខ។ ខ្ញុំបញ្ចាំងពិលបាញ់ទៅធ្នើរឃើញរូបថតម្ចាស់ផ្ទះជាច្រើន កាន់តែមើលកាន់តែខ្លាច។ យើងបើកទ្វារបន្ទប់គេងមួយហើយសម្រេចគេងបន្ទប់មួយនេះទាំង៣នាក់។ មានពូកភួយខ្នើយល្មមសម្រាប់ពួកយើងសម្រួលកាយ។ ខ្ញុំបិទទ្វារចាក់គន្លឹះហើយប្រះខ្លួនដេក ដោយបើកបង្អួចខាងត្បូងឱ្យមានខ្យល់បរិសុទ្ធចេញចូលបំពេរអ្នកដំនើរស្រីៗទាំងបីក្នុងស្បៃរាត្រី។ ដោយសារប្លែកកន្លែងផងយើងគេងមិនលក់ក៏បបួលគ្នានិយាយរឿង។
«អេ!ណាគេចេះរឿងខ្មោចហ្អេ?»ធារីផ្ដើម «និយាយឱ្យគ្នាស្ដាប់ផងគ្នាចង់ស្ដាប់។»
«គ្នាមិនចេះទេវ៉ើយ,» គន្ធាបដិសេធភ្លាមៗ។
«ខ្ញុំចេះរឿងខ្មោចមួយ,» ធារីនិយាយ «គឺមានប្ដីប្រពន្ធពីរនាក់បានមកនៅផ្ទះកេរ្តិ៍ពីយាយតាគាត់ ហើយយប់ឡើងខ្មោចលងបះសក់... នែក... ខ្ជិលនិយាយណាស់ រឿងហ្នឹងចំណងជើងផ្ទះចាស់បុរាណបើចង់មើលចូលpageរាត្រីរន្ធត់ទៅឃើញហើយ។»
«ឆ្គួត! ក្នុងព្រៃមានសេវា3Gឯណាវីុ!» គន្ធាបន្ទោស ព្រោះដោយអផ្សុកហ្នឹងហើយទើបចង់ស្ដាប់រឿង។
«ខ្ញុំចេះរឿងមួយ,» ខ្ញុំស្ម័គ្រចិត្ត «គឺរឿងពិតកាលពីប៉ុន្មានឆ្នាំមុនមានបុរសម្នាក់និងកូនប្រុសតូចដែលប្រពន្ធស្លាប់ចោលកាលឆ្លងទន្លេកូនប្រុសហ្នឹង។ ផ្ទះគាត់ដាច់ពីផ្ទះអ្នកភូមិគ្មានអ្នកជិតខាងឡើយ។ បុរសនោះតែងទៅធ្វើការទុកកូនប្រុសតូចឱ្យនៅលេងក្នុងផ្ទះតែម្នាក់ឯង។ មានថ្ងៃមួយគាត់ត្រលប់ពីធ្វើការវិញស្រាប់តែឃើញផ្ទះរបស់គាត់ត្រូវភ្លើងឆេះ។ គាត់ភ័យតក់ស្លុតឥតឧបមារ ហើយគិតពីសុវត្ថិភាពកូនប្រុសគាត់។ គាត់មើលជុំវិញខ្លួនតែមិនឃើញកូនតូចរបស់គាត់សោះ។ បុរសនោះដឹងថាកូនគាត់កំពុងនៅក្នុងផ្ទះ ដូច្នេះដោយក្ដីស្រលាញ់ គាត់បានរត់ចូលក្នុងផ្ទះដែលពោរពេញទៅដោយអណ្ដាតភ្លើងយ៉ាងក្ដៅគគុក។ គាត់រត់ឡើងទៅបន្ទប់ដេករបស់កូន ហើយមិនអាចបើកទ្វារបានសោះ។ បុរសនោះព្យាយាមទាញទ្វារដោយកម្លាំងទាំងអស់របស់គាត់ តែទ្វារនៅតែមិនរង្គើរសូម្បីតែបន្តិច។ គាត់ធាក់សោរទ្វារខ្លាំងៗតែទ្វារមួយនេះហាក់ដូចជាមាំពេកហើយ។ ភ្លើងឆេះកាន់តែខ្លាំងកម្ទេចភ្លើងតូចៗធ្លាក់ត្រូវខ្នងគាត់តែអ្វីដែលគាត់ឈឺចាប់ខ្លាំងបំផុតនោះគឺមិនអាចបើកទ្វារជួយសង្គ្រោះកូនសំណព្វចិត្តគាត់បាន។ បុរសនោះឮសំលេងកូនប្រុសគាត់ស្រែករកជំនួយពីក្នុងបន្ទប់ដោយក្ដីសោកសង្រេងបំផុត។ ទោះជាបុរសនេះប្រឹងធាក់ផង មួលផងក៏ទ្វារចង្រៃនៅតែមិនរបើក។ គាត់ស្រែកទ្រហោយំដោយក្ដីឈឺចាប់នឹងសំលេងស្រែកយំរបស់កូនគាត់។ បុរសនោះមិនលះបង់ការព្យាយាមបើកទ្វារទេ ហើយបន្ទាប់មកភ្លើងបានសម្លាប់គាត់ និងកូនក្នុងអគ្គិភ័យនោះទៅ។» ខ្ញុំឈប់និយាយហើយមើលទៅមុខមិត្តទាំងពីរ។ ពួកវាធ្វើមុខភ្លៀវដូចគ្មានព្រឺព្រួចអីបន្តិចសោះ។
«ដូចជាគ្មានអីគួរឱ្យខ្លាចផង,» ធារីនិយាយដោយទឹកមុខស្មើរ។
«រឿងម៉ិញហ្នឹងកំសត់ច្រើនជាងរន្ធត់,» គន្ធាបន្ថែម។ តាមពិតទៅរឿងដែលខ្ញុំនិទានអំបាញ់ម៉ិញគឺជារឿងដ៏គួរឱ្យខ្លាចបំផុត តែខ្ញុំមិនចង់និយាយឱ្យដល់ភាគដែលគួរឱ្យខ្លាច ព្រោះខ្ញុំគិតថាវាអាចធ្វើឱ្យពួកយើងគេងមិនលក់។
«តែរឿងនេះមិនមែនចប់ត្រឹមនេះទេ គ្រាន់តែគ្នាមិនចង់បង្ហើយ,» ខ្ញុំបន្ត «ឮគេនិយាយថាបើនៅពាក់កណ្ដាលយប់អ្នកណាស្រែកថា ជួយផងភ្លើងឆេះៗ នោះបុរសនោះនឹងមកជួយយកអ្នកស្រែកនោះចេញពីផ្ទះភ្លាម។» ខ្ញុំបង្ហើយ។
«ចុះឯងធ្លាប់សាកអត់?» ធារី និងគន្ធាសួរស្មើគ្នា។ ខ្ញុំគ្រវីក្បាលជាចម្លើយទេ។
«ខ្ញុំមិនដែលសាកទេ ហើយក៏មិនចង់សាកដែរ,» ខ្ញុំតប។
«តោះយើងសាកអាឡូវនេះបណ្ដោយទៅ។» ធារីផ្ដល់គំនិតឆ្គួតៗ។ មិនត្រឹមតែនិយាយ នាងថែមទាំងស្រែកខ្លាំងៗថា «ជួយផង...អូយប៉ាអើយជួយកូនផង...ភ្លើងឆេះហើយជួយផង ហាហាហាហា គ្មានឃើញអីផង។» អកប្បកិរិយារបស់ធារីធ្វើឱ្យខ្ញុំមិនពេញចិត្តសោះ។ វាស្រែកកាន់តែឮធ្វើឱ្យខ្ញុំកាន់តែភ័យ។ ទោះជាយ៉ាងណាក៏វាមិនគួរលេងសើចក្នុងស្ថានភាពដ៏គួរឱ្យខ្លាចនៃពាក់កណ្ដាលយប់នេះដែរ។ បរិយាកាសដ៏ស្ងាត់ឈឹង ឮតែសំលេងធារីស្រែក។
«ឈប់ឆ្គួតទៅធារី!ឯងមិនត្រូវមើលងាយបុរសនោះទេ។» ខ្ញុំគំហកខ្លាំងៗដាក់នាង តែនាងរឹងក្បាលនៅតែបន្តស្រែកកាន់តែខ្លាំង។
«អូយក្ដៅណាស់ ប៉ាអើយជួយកូនផង កូនភ្លើងឆេះហើយ។» ធារីនិយាយបែបឌឺដងហើយគន្ធាសម្លឹងមើលនាងដោយកែវភ្នែកមិនពេញចិត្តដូចខ្ញុំដែរ។
«ឯណា?មិនឃើញអីផង ឯងកុំខ្លាច វាគ្រាន់តែជារឿងនិទានបន្លាចក្មេងតែប៉ុណ្ណោះ ហឹុះ។» នាងបែរមកប្រាប់ខ្ញុំបន្ទាប់ពីឈប់ស្រែកតែរំពេចនោះ អ្វីដែលមិនគួរកើតវាបានកើតឡើង។ ជំហានជើងស្រាលឮកាន់តែកៀកទៅៗហើយភ្លាមនោះក្លិនស្អុយភាយសាយចូលបន្ទប់។
“តុក តុក តុក តុក”
សំលេងគោះទ្វារបន្ទប់បន្លឺរឡើង។ ពួកយើងស្ងាត់មាត់ឈឹងហើយផ្ទៀងត្រចៀកស្ដាប់។ វាជាក្លិនដូចសាច់ខ្លោចដែលត្រូវគេដុត។ សំលេងគោះទ្វារកាន់តែឮខ្លាំងឡើង។ យើងភ័យជាខ្លាំងហើយសង្ឃឹមថាវានឹងបាត់ទៅវិញ តែមិនដូចក្ដីសង្ឃឹម សំលេងនៅតែបន្តគោះទ្វារដដែល។
“តុកៗៗ”
យើងទាំងបីឱបគ្នាជាប់ដោយក្ដីភិតភ័យគ្មានអ្វីផ្ទឹម។ ផ្ទះកណ្ដាលព្រៃមានមនុស្សឯណាមកគោះទ្វារនោះ។
“តុក តុក តុកៗ”
«ឃើញទេ?គាត់មកហើយ» ខ្ញុំខ្សឹបដោយសំលេងញ័រទទ្រើក។
«ចាំគ្នាទៅមើល» ធារីព្យាយាមលួងលោមថាស្ថានការណ៍នឹងប្រសើរឡើង។ វាជាកំហុសនាងទាំងអស់។ នាងងើបចេញពីគ្រែហើយជន្ទើតអើតតាមប្រលោះទ្វារហើយភ្លាមនោះនាងរត់ថយក្រោយដួលព្រូសទៅនឹងរនាបផ្ទះ។ នៅមុខទ្វារនេះគឺជាបុរសម្នាក់រាងកាយប្រឡាក់ធ្យូង ឈរគោះទ្វារបន្ទប់ដោយមើលទៅគួរឱ្យខ្លាចជាទីបំផុត។ ធារីភ័យបះដៃបះជើង ហើយរត់តម្រង់ទៅបង្អួច។
“តុកៗ តុកៗៗ”
«ផ្ទះនេះនៅមិនបានទេ... គ្នាខ្លាចណាស់» ថាតែប៉ុណ្ណេះក៏លោតផ្លោតចុះទៅដី។ សំលេងរាងកាយប៉ះដីស្របជាមួយសំលេងស្រែកថ្ងួចថ្ងូររបស់ធារីលាន់ឡើង។ ពីទីនេះទៅដីមិនមែនទាបឯណា តែភាពព្រលឹងចុងសក់បង្ខំធារីឱ្យលោតចុះទៅ។
«អូយ ជើងខ្ញុំ... បាក់ដៃហើយ អូយឈឺណាស់... ជួយផង…» ម្ដងនេះនាងស្រែកដោយភាពឈឺចាប់។ ផ្ទះខ្ពស់យ៉ាងនេះបើលោតទៅគ្មានបញ្ហាអ្វីទើបចំលែក។ នាងខ្លាចពេកមិនគិតវែងឆ្ងាយទើបហ៊ានលោតចុះ។
“តុកៗៗ” សំលេងគោះទ្វារនៅតែបន្តគោះខ្លាំងៗ។ បុរសដែលឈរខាងក្រៅចាប់ផ្ដើមស្រែកយំ។ ខ្ញុំនិងគន្ធាឱបគ្នាយ៉ាងណែន។ សំលេងយំរបស់គាត់បានបំផុសការចងចាំខ្ញុំឱ្យនឹកឃើញនូវហេតុការណ៍បុរសភ្លើងឆេះ។ សំលេងស្រែកថ្ងួញថ្ងូរ និងសំលេងស្រែកយំរបស់អ្នកកំពុងគោះទ្វារក្រៅបន្ទប់នេះបន្លឺរស្មើគ្នាខ្លាំងឡើងៗលាន់ព្រៃ។
«អូយ បាក់ជើងហើយអូយ…» ខ្ញុំអានិតធារីណាស់ តែពេលនេះត្រូវដោះស្រាយយករួចខ្លួនជាមុនសិន។ យើងទាំងពីរឈរកណ្ដាលបន្ទប់ក្នុងអារម្មណ៍ភ័យបះរោមញ័រជើងទទ្រើក មិនហ៊ានបញ្ចេញសំលេងអ្វីឡើយ។ គន្ធាមិនអាចទ្រាំនឹងក្លឹនឈ្ងៀមនេះក៏ក្អួតវ៉កនៅជ្រុងបន្ទប់។ ខ្ញុំឃើញគន្ធាក្អួត ក៏រត់ទៅក្អួតដែរ វ៉ក។ បុរសខ្មោចគោះទ្វារស្រែកយំកាន់តែខ្លាំងខណៈធារីនៅឯដីក៏មិនទាន់បាត់ថ្ងួចថ្ងូរដោយភាពឈឺចាប់។
“តុកៗ”
«ជួយផង... បាក់ជើងហើយ...»
សំលេងស្រែកយំរបស់បុរសនោះ និងសំលេងគោះទ្វារបានបាត់ទៅវិញបន្តិចម្ដងៗ ហើយក្លឹនអាក្រក់ក៏បាត់ទៅដែរ។ ខ្ញុំគិតថាសំលេងស្រែកយំរបស់ធារីប្រហែលជាអាចបំភ័នបុរសខ្មោចនោះឱ្យទៅរកនាង។ ប្រហែលជាបែបនេះហើយមើលទៅព្រោះសំលេងនោះពិតជាបាត់ទៅពិតមែន ហើយក៏ស្បើយភ័យខ្លះ។ មួយសន្ទុះធំ គន្ធាសម្រេចចិត្តបើកទ្វារបន្ទប់មើលថាតើគាត់ទៅបាត់ហើយឬយ៉ាងណា។ នាងទាញទ្វារតែបន្តិចគន្លឹះក៏របើក។ គន្ធាដើរចេញមកក្រៅដោយប្រាកដថាបុរសខ្មោចទៅបាត់ហើយ។
«គន្លឹះអន់បែបនេះរុញតែបន្តិចក៏របើកហើយ ខ្មោចនោះពិតជាអន់មែន,» នាងនិយាយ។ ខ្ញុំធ្វើចិត្តក្លាហានអើតចេញពីបន្ទប់។ នៅមិនឆ្ងាយពីនេះប៉ុន្មាន ខ្ញុំឃើញស្រមោលខ្មៅស្ទុងៗ ឈរពីក្រោយខ្នងគន្ធាហើយចាប់មាត់នាងជាប់។ ខ្ញុំភ័យញាប់ញ័រស្ទុះរត់ចូលបន្ទប់លោតចេញតាមបង្អួច ហើយដេកដួលសន្លប់ក្បែរធារី។
---
ខ្ញុំបើកភ្នែកព្រឹមៗឃើញគ្រូៗ និងសិស្សនិស្សិតជាច្រើនកំពុងសម្លឹងមកយើងទាំងពីរដែលដេកសន្លប់។ ពួកគេបានឮសម្រែកយើងហើយទៅតាមរកក៏ឃើញសន្លប់ ក៏យកមកជំរំនេះទៅ។
...
ខ្ញុំ និងធារីត្រូវបានគេយកមកព្យាបាលនៅមន្ទីរពេទ្យធំ។ ជើងទាំងពីរដែលបាក់ ពេទ្យប្រាប់ថាហោចណាស់ក៏៨ខែដែរទើបអាចដើរបាន។ ហេតុការណ៍យប់ម៉ិញនៅដឹតដាមក្នុងដួងចិត្តគ្មានថ្ងៃនឹងបំភ្លេចបាន។ ខ្ញុំមិននិយាយប្រាប់នរណាម្នាក់ឡើយអំពីបុរសនោះ ព្រោះគ្មាននរណាគេនឹងជឿទេ, បើទោះជាមានធារីជាសាក្សីក៏ដោយ។ ខ្ញុំបំភ្លៃប្រាប់គេថាយើងទាំងពីរធ្លាក់ពីលើផ្ទះកណ្ដាលព្រៃនោះព្រោះងងឹត។ ខ្ញុំកុហកបែបនេះព្រោះមិនចង់មានរឿងវែងឆ្ងាយ។ ភាពភ័យតក់ស្លុតមិនទាន់បាត់នៅឡើយពីការចងចាំដ៏អាក្រក់។ ទោះជាជើងខ្ញុំជាឡើងវិញ តែស្មារតីមិនទាន់ជានៅឡើយ។ ខ្ញុំខ្លាចភាពងងឹត ខ្លាចក្លឹនឈ្ងាម ហើយជាញឹកញាប់ស្រែកតែផ្ដេសតែផ្ដាស។ ធារីក៏មិនខុសពីខ្ញុំដែរ។ យើងទាំងពីរត្រូវរស់នៅក្នុងភាពភ័យខ្លាចនៅមណ្ឌលសម្រាប់មនុស្សឆ្គួត។ វាជាបទពិសោធន៍ដ៏រន្ធត់មួយដែលគ្មានថ្ងៃអាចបំភ្លេចបាន។ ចំនែកគន្ធាវិញបាត់ដំនឹងសូន្យតាំងពីថ្ងៃនោះមក៕
ចប់
(សូមរង់ចាំអានរឿង បុរសជិះសេះ នៅរាត្រីម៉ោង៨ថ្ងៃព្រហស្បត្តិ៍)
រឿង ផ្ទះក្នុងព្រៃ
Reviewed by Unknown
on
7:28 PM
Rating: