រឿង អាថ៌កំបាំងឈាមរដូវ (២ចប់)
វាដូចជាស្រមោលអន្តកាលបន្លាចខ្ញុំ។ ខ្ញុំយកកន្សែងសទៅគ្របបង្អួច។ មានឈាមប្រឡាក់លើកម្រាលពូកខ្ញុំដែលបានមកពីជនដែលមកកាលយប់ម៉ិញ។ លីស៊ីញ័រពេកសួរអ្វីក៏មិនចេញ។
យើងប្រើវេលាពេញមួយថ្ងៃសម្អាតបន្ទប់របស់យើង។ យើងនៅតែមិនទៅប្រាប់ RA។
លីស៊ីមិនអាចដេកនៅក្នុងបន្ទប់នេះទេយប់នេះ, នាងប្រាប់ថាទៅដេកផ្ទះមិត្តនាងម្នាក់។ នាងប្រាប់ខ្ញុំថាពួកគេត្រូវទៅធ្វើលំហាត់ពេញមួយយប់ ហើយខ្ជិលមកផ្ទះវិញ។ នាងកុហក, តែខ្ញុំមិនបន្ទោសនាងទេ។
ខ្ញុំគ្មានគម្រោងថានឹងដេកឱ្យលក់ទេនៅយប់នេះ។
ខ្ញុំបើកទូរទស្សន៍, ទាញសៀវភៅគីមីវិទ្យាមក, ហើយអង្គុយក្បែរបង្អួច។ ខ្ញុំគិតថាប្រហែលខ្ញុំឆ្គួតពេក, ខ្ញុំមិនប្រាកដទេថាអ្វីដែលម៉ាក់ខ្ញុំប្រាប់នោះជាការពិតនោះទេ ដែលថាកន្សែងសអាចការពារខ្ញុំនោះ។
តែបន្ទាប់មក, មានសំណួរដ៏ជ្រៅមួយផុសឡើង។ តើវាការពារខ្ញុំពីអ្វី?
ខ្ញុំក៏ដឹងចម្លើយនៅម៉ោងប្រហែល៣ព្រឹក។
គឺមានស្រមោលមួយនៅក្បែរកន្សែងដែលព្យួរគ្របបាំងបង្អួច។ បើខ្ញុំមិនសម្លឹងឱ្យយូរទេ, ខ្ញុំបែបមើលវាមិនឃើញនោះទេ។ មានអ្វីច្រើនណាស់ដែលខ្ញុំមើលមិនឃើញ បើខ្ញុំមិនមើល។ បែបនេះហើយដែលខ្ញុំចង់តែដេរភ្នែកឱ្យជិតកុំឱ្យឃើញអ្វីៗទាំងឡាយ។
និយាយពីស្រមោលនោះវិញ។ វាមូល, ហើយកម្រើករវើក។ ខ្ញុំឃើញអ្វីម្យ៉ាងនោះកំពុងលើកដៃគោះកញ្ចក់បង្អួច ទឹប ទឹប ទឹប, ដោយវាប្រហែលជាកំពុងវង្វេងពីការផ្លាស់ប្ដូរ, មិនដូចយប់មុន។
វានៅទីនោះ, សំឡេងគោះរបស់ស្រមោលនោះធ្វើឱ្យជីវិតខ្ញុំរន្ធត់។
ខ្ញុំស្បថថាខ្ញុំមិនមែនរវើរវាយទេ ហើយខ្ញុំក៏ដើរទៅបង្អួចនោះ។ វាគឺដូចជា... អ្វីម្យ៉ាងកំពុងជំរុញចិត្តឱ្យខ្ញុំទៅមើលឱ្យច្បាស់ថាវាជាអ្វី។ ខ្ញុំគិតថាប្រហែលជាអាចអន់ខ្លាចខ្លះបើខ្ញុំទៅឃើញវាច្បាស់។
ពេលខ្លះ, ឃើញច្បាស់អាក្រក់ជាងមិនឃើញសោះ។
ខ្ញុំទៅជិតបង្អួច, ដៃខ្ញុំចាប់ជ្រុងម្ខាងនៃកន្សែង។ ស្រមោលនោះនៅតែនៅស្ងៀមដូចជាមិនខ្វល់នឹងការកម្រើករបស់ខ្ញុំ។ ខ្ញុំចាប់ជ្រុងកន្សែងដោយប្រើចុងម្រាមដៃ, ព្រោះមិនចងទៅជិតអ្វីដែលនៅខាងក្តៅនោះពេក។
ខ្ញុំដកដង្ហើមវែងៗ... ហើយខ្ញុំលើកកន្សែងឡើង។
លើកតែម្ខាងឃើញគ្រប់គ្រាន់ហើយ។
ស្បែកវាពណ៌ប្រផេះដូចជាផេះ, មុខវាប្រឡាក់រឡេះទៅដោយឈាមជោគមុខ។ ភ្នែកវាសស្លែតជ្រៅទៅក្នុងរន្ធភ្នែក, ជុំវិញភ្នែកខ្មៅជាំដែលមើលទៅអាក្រក់ក្រៃលែង។ សាច់វារឡេះរលួយស្ទើជ្រុះចេញពីមុខទៅហើយ។ រវាស់មាត់វាធំបង្ហាញធ្មេញស្រួចៗ និងអណ្ដាតព្រែកជាពីរ។
ដៃវា, ស្វិតសល់ស្បែកដណ្ដប់ឆ្អឹង, កំពុងទប់ផ្អឹបនឹងកញ្ចក់បង្អួច។ ខ្ញុំមើលមិនឃើញរាងកាយទាំងស្រុងរបស់វាទេ អ្វីដែលខ្ញុំអាចឃើញក្នុងភាពងងឹតនេះគឺអ្វីម្យ៉ាងនោះឈរក្បែរបង្អួចស្ងៀម។
វាព្រិចភ្នែកដាក់ខ្ញុំ, ដំបូងព្រិចភ្នែកម្ខាង, បន្ទាប់មកម្ខាងទៀត។ វាដកដង្ហើមធំៗតាមប្រហោងច្រមុះតូចនៅលើមុខដ៏សែនអាក្រក់។ ទោះជាវាគ្មានប្រស្រីភ្នែក, តែខ្ញុំអាចដឹងថាវាកំពិងសម្លក់មករកខ្ញុំ។ ខ្ញុំនៅក្បែរបង្អួចខ្លាំងណាស់, គម្លាតមិនដល់មួយចំអាមផង។
ខ្ញុំលែងដៃខ្ញុំមកវិញហើយស្រែកខ្លាំងៗធ្វើឱ្យកន្សែងគ្របជិតបង្អួចវិញ, គ្របបិទមិនឃើញអ្នកឈរខាងក្រៅនោះទៀត។ ខ្ញុំឃើញស្រមោលនោះស្ងៀមតែមួយភ្លែត, ម្រាមវាក៏គោះកញ្ចក់បង្អួចម្ដងទៀត។ ហើយខ្ញុំមិនដឹងថាវានេះអាចតោងឡើងមកបានដោយរបៀបណានោះទេ។
ជិតពីរម៉ោងទម្រាំខ្ញុំអាចឈប់មើលទៅបង្អួចហើយឡើងមកលើគ្រែវិញ, យកកន្សែងប្រឡាក់ឈាមដែលខ្ញុំស្អប់នេះមកគ្របក្បាល។
ខ្ញុំតេទៅម៉ាក់នាព្រឹកបន្ទាប់។ ពេលខ្ញុំតេទៅ គាត់នៅដេកនៅឡើយ, ព្រោះវាជាទម្លាប់របស់គាត់ទៅហើយ។
គ្រាន់តែខ្ញុំទាមទារឱ្យគាត់ប្រាប់ការពិតអំពីការមករដូវរបស់ខ្ញុំភ្លាម, គាត់ក៏ស្វាងពីការងងុយចែស។
«កុំព្រួយអីអាលីសា។ គ្រាន់តែធ្វើតាមអ្វីដែលម៉ាក់ប្រាប់ទៅ,» គាត់និយាយ។
«ហើយប្រុងចឹងរហូតឬ? នេះមានន័យថាឱ្យស្អីនោះឈរក្រៅបង្ួចខ្ញុំរហូតដល់ខ្ញុំអស់រដូវឬ?!» ខ្ញុំនិយាយក្នុងសំឡេងសង្កត់ ហើយម៉ាក់ក៏តប។
«ទេ, មិនមែនរៀងរហូតនោះទេ។ ថ្ងៃណាមួយ, វានឹងចេញពីកូន។ ទម្រាំដល់ពេលនោះ, កូនត្រូវការពារខ្លួនឯងពីវាសិន។»
ខ្ញុំអត់ដង្ហើម។ «ពេលណា... ពេលណាទើបវាចេញទៅ? តើខ្ញុំដឹងបានដោយរបៀបណាទៅ?»
«ឈប់សួរទៀត។» ម៉ាក់ខ្ញុំនិយាយសម្លុតខ្លាំងដោយគាត់មិនដែលនិយាយសំឡេងបែបនេះទេពីមុនមក។ ខ្ញុំព្យាយាមឈ្លោះ, គាត់ក៏បិទទូរស័ព្ទ។
ខ្ញុំមិនដឹងត្រូវធ្វើម៉េចទេ។ លោកយាយប្រហែលអាចផ្ដល់ចម្លើយប្រាប់ខ្ញុំ, បើគាត់មិនទាន់ងាប់។ ប៉ាខ្ញុំប្រាកដជាមិនដឹងហើយ, ទោះខ្ញុំក្លាហានសួរគាត់ក៏ដោយ។ ខ្ញុំគិតថានឹងសួរមីងខ្ញុំ តែដោយនឹកឃើញថាគាត់មិនសូវចូលចិត្តខ្ញុំ, ខ្ញុំក៏ខ្មាស់អៀនមិនហ៊ានសួរទេ។
ពេលនេះខ្ញុំឯកាណាស់។
នេះជាអារម្មណ៍តែមួយគត់ដែលខ្ញុំមាន។ ខ្ញុំរស់នៅជាមួយវា។ ខ្ញុំបន្តដាក់កន្សែងគ្របបង្អួចខ្ញុំគ្រប់ពេល, មិនមែនត្រឹមតែពេលមករដូវនោះទេ។ ខ្ញុំដេកលើកន្សែងទ្រាប់ប្រឡាក់ឈាមម្ដងក្នុងមួយខែ។ គ្មានអីចម្លែកទេ, លីសាមិនចង់រស់នៅជាមួយខ្ញុំទេ។ ក្រោយមក, ខ្ញុំក៏នៅបន្ទប់មួយនេះតែម្នាក់ឯង។ មិនអីទេ, នៅតែឯងស្រួលជាង, ចង់ទៅណាទៅៗ អត់ទ្រនាងឯងទេវ៉ើយ។
ខ្ញុំរស់នៅជាមួយនឹងស្រមោលនោះដែលតាមក្បែរខ្ញុំរហូតដល់ខ្ញុំរៀនឡើងឆ្នាំ។
ពេលហ្នឹងហើយដែលខ្ញុំបានធ្វើនូវកំហុសដ៏អាក្រក់មួយ។
កំហុសនោះគឺឈ្មោះ ម៉ា។
ម៉ាជាបុរសសែនសង្ហាម្នាក់។ ខ្ញុំធ្លាប់ទៅដើរលេងជាមួយគាត់ពីរបីដងហើយក៏ធ្លាប់ទៅជប់លៀងនានាជាមួយគ្នា។ គាត់ និងខ្ញុំក៏ធ្លាប់ធ្វើអីៗគ្នាម្ដង ឬពីរដងមកហើយ កាលយើងស្រវឹង ហើយពេលហ្នឹងខ្ញុំមានអារម្មណ៍សែនប្លែកដែលមិនធ្លាប់មានពីមុនមក។
ដូច្នេះ, ពេលគាត់អញ្ជើញខ្ញុំឱ្យទៅដេកនៅបន្ទប់គាត់ដោយនិយាយថានឹងមើលភាពយន្តជាមួយគ្នា និងទៅដើរលេង, ខ្ញុំដឹងថាអ្វីដែលគាត់កំពុងសង្ឃឹមនឹងកើតឡើង។ ខ្ញុំក៏ចង់...ដែរ។ ខ្ញុំរៀបចំខ្លួនរួចហើយ។
បើគ្មាននរណាម្នាក់ធ្លាប់ប្រាប់អ្នក ហើយអ្នកក៏មិនទាន់មានបទពិសោធន៍, ចាំខ្ញុំប្រាប់អ្នកថាការរួមភេទមិនមែនស្រណុកសុខស្រួលអីអស្ចារ្យទេ។ គឺថាអាក្រក់ណាស់, ហើយការរួមភេទគឺវាឈឺខ្លាំងណាស់។ វាមិនឈឺអីខ្លាំងទេ, តែល្មមនឹងចេញឈាមប្រឡាក់កម្រាលពូកគាត់, ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់។ គាត់មិនថាអីទេ, ហើយយប់នោះយើងធ្វើ...នែក...ស្អីនឹងកាន់តែញាប់ វាកាន់តែល្អប្រសើឡើង។ វាជាបទពិសោធន៍បាត់បង់ព្រហ្មចារីដ៏ល្អបំផុតរបស់ខ្ញុំ, ហើយក៏ជាការសម្រេចចិត្តខ្លួនឯង។
ខ្ញុំចាកចេញនាព្រឹកព្រលឹមនោះ, ប្រហែលម៉ោង៥។ ព្រោះខ្ញុំត្រូវទៅរៀននៅម៉ោង៨ ហើយត្រូវងូតទឹក និងរៀបចំខ្លួន។ ថ្នាក់គាត់អត់រៀនទេ ហើយដេកលក់លើគ្រែរបស់គាត់ខណៈដែលខ្ញុំស្លៀកពាក់ហើយបើកទ្វារដើរចេញ។ ឥឡូវខ្ញុំចងចាំស្នាមញញឹមនៃបទពិសោធន៍ដ៏ប្រាពៃដែលខ្ញុំមានជាមួយគាត់។
វាជាពេលចុងក្រោយដែលខ្ញុំឃើញម៉ានៅមានជីវិត។
ខ្ញុំឃើញរថយន្តសង្គ្រោះបន្ទាន់នៅខាងមុខអគារស្នាក់នៅរបស់គាត់ខណៈដែលខ្ញុំកំពុងដើរចេញពីថ្នាក់នាថ្ងៃនោះ។ ពាក្យនានាតៗគ្នាលឿនណាស់ក្នុងសកលវិទ្យាល័យនេះ, ហើយឈ្មោះម៉ាត្រូវគេនិយាយដើមគ្រប់គ្នា។ ប្រហែលមាននរណាម្នាក់បានឃើញកាលម៉ាមិនទាន់ដាច់ខ្យល់ ហើយទៅប្រាប់ប៉ូលីសដើម្បីឱ្យគ្រប់គ្នានៅសកលវិទ្យាល័យនេះបានដឹង។
ពិតជាមិនធម្មតាសោះ។
គឺថា, គ្មាននរណាបានដឹងពីអ្វីដែលកើតឡើងសោះ។ គេត្រឹមមកឃើញពេលគាត់ងាប់ហើយហ្នឹង។
សាកសពរបស់ម៉ា របើករលាត់ស្បែក, ស្បែកពោះគាត់វះគ្របទ្រូង។ ខ្ញុំឮតាមមនុស្សម្នាក់និយាយថាភ្នែកគាត់នៅតែបើក, មាត់គាត់ចំហរដោយតក់ស្លុត។ ខ្ញុំឮអ្នកផ្សេងទៀតនិយាយថាដៃគាត់ដាក់លើទ្រូង។
តែអ្វីដែលចម្លែកជាងគេនោះគឺ ឈាម... គេថាអត់មានឈាមទេ។ ក្រៅពីស្នាមឈាមតិចៗរបស់ខ្ញុំដែលប្រឡាក់លើកម្រាលពូក, គ្មានឈាមបន្សល់នៅកន្លែងកើតហេតុ ឬនៅលើសាកសពរបស់គាត់សោះ។ ឬក្នុងសពក៏គ្មាន។
ដូចដែលអ្នកគិត, ខ្ញុំត្រូវគេហៅទៅសួរចម្លើយបន្ទាប់ពីគេបានពិនិត្យ DNA ទៅលើឈាមដែលប្រឡាក់លើកម្រាលពូក, តែក្រោយមកក៏ឃើញថាខ្ញុំពិតជាមិនបានធ្វើឃាតកម្មនេះមែន។ គ្មាននរណាដឹងថាតើគាត់ត្រូវគេសម្លាប់ដោយរបៀបណានោះទេ, ថាគាត់ត្រូវរយះធ្លាយពោះដោយគ្មានឈាមនោះទេ, ហើយក៏គ្មាននរណាដឹងថាឈាមទាំងអស់ទៅណាអស់ដែរ។ គឺគ្មានភ័ស្តុតាងអ្វីអំពីឃាតកម្មហឹង្សានេះសោះ, ក្រៅពីសាកសព។
តែខ្ញុំដឹង។ មិនដឹងថាខ្ញុំដឹងដោយរបៀបណាទេ, តែខ្ញុំដឹងថាសត្វចម្លែកនោះជាអ្នកសម្លាប់គាត់ ហើយហុតឈាមអស់មិនឱ្យសល់មួយដំណក់។
ចុងសប្ដាហ៍នោះ, ខ្ញុំក៏ទៅផ្ទះខ្ញុំដើម្បីជួបម៉ាក់។ ខ្ញុំបើកទ្វារមុខហើយចូលទៅបន្ទប់ទទួលភ្ញៀវ ឃើញម៉ាក់កំពុងមើលអង្គុយមើលរបាំក្នុងទូរទស្សន៍។ គាត់ដឹងថាមានរឿងអីកើតឡើង ពេលគាត់ឃើញមុខខ្ញុំ។ ពិតណាស់, គាត់ប្រាកដជាដឹងថាអ្វីជាបញ្ហារបស់ខ្ញុំ, តែគ្រាន់តែគាត់ព្យាយាមលាក់។
ខ្ញុំអង្គុយចុះទាំងទឹកភ្នែក, ហើយនិយាយពីអ្វីទាំងអស់ដែលបានកើតឡើងលើម៉ា។ ខ្ញុំប្រាប់គាត់តាមត្រង់ថាម៉ាជាសង្សាររបស់ខ្ញុំ។
គាត់ខឹងយ៉ាងខ្លាំង។
«ឯងបានរួមភេទជាមួយគាត់។»
នេះមិនមែនជាសំណួរទេ, គឺជាប្រយោគប្រាប់។
ខ្ញុំមើលទៅមុខគាត់។ ភ្នែកគាត់ក្រឡោតព្រោះខឹង, ខ្ញុំមិនដែលឃើញគាត់បែបនេះទេ។ ខ្ញុំងក់ក្បាលហើយគាត់និយាយបន្ត។
«អាលីសា... កូនត្រូវយល់។ កូនត្រូវតែយល់។ នេះគឺជាដំណើេរជីវិតគ្រួសារយើង។ នេះគឺជាអ្វីដែលត្រូវតែកើត, ដែលតែងតែកើត។»
ខ្ញុំងក់ក្បាលយឺតៗ។ «ខ្ញុំ… ខ្ញុំមិនយល់ទេ។»
ម៉ាក់ខ្ញុំងើបឈរយ៉ាងលឿនហើយដើរទៅបន្ទប់របស់គាត់។ ខ្ញុំទៅឈរពីក្រោយគាត់ ខណៈដែលគាត់បើកថតតុហើយយកសំបុត្រមួយចេញមក។ សំបុត្រនោះគឺសរសេរសម្រាប់ខ្ញុំ។
«យាយរបស់កូនឯងអាចពន្យល់ល្អជាងម៉ាក់។ គាត់បានបន្សល់សំបុត្រនេះសម្រាប់កូន។ ម៉ាក់សង្ឃឹមថាកូននឹងយល់។»
ម៉ាក់ខ្ញុំក៏ដើរចេញពីបន្ទប់ខណៈដែលខ្ញុំសម្លឹងមើលទៅក្រដាសដែលឡើងពណ៌លឿងដោយសភាពចាស់។
ខ្ញុំបើកមើលវា, ម្រាមដៃខ្ញុំញ័រ និងខឹង។
ហើយខ្ញុំអាន។
“អាលីសា, ចៅសម្លាញ់។
ម្ដាយរបស់ចៅឯងបានសំណូមពរឱ្យយាយសរសេរសំបុត្រនេះសម្រាប់ចៅ។ យាយក៏យល់ព្រមព្រោះគ្មានផ្លូវដែលនាងអាចពន្យល់អំពីរឿងនេះទៅចៅបានទេ។ ជាមួយមធ្យោបាយនេះ... ជាវិធីល្អបំផុត។
យាយដឹងថាចៅប្រាកដជាឆ្ងល់ថាហេតុអីបានជាយើងមិនប្រាប់ចៅពីមុនមក។ នេះជាមូលហេតុដែលយាយសរសេរសំបុត្រនេះ។ យាយមិនសូវដឹងច្រើនទេ, តែយាយនឹងប្រាប់គ្រប់យ៉ាងដែលយាយដឹង។
ជាច្រើន, ជាច្រើនឆ្នាំកន្លងមក, ជីទួត, ទួត, ទួត, មហាសែនទួតរបស់ចៅបានសម្រេចចិត្តដ៏អាក្រក់មួយ។ គាត់ជានារីអារ (នារីគ្មានកូន) ហើយគ្មានចង់បានអ្វីក្រៅពីមានកូនម្នាក់ទេ។ គាត់បានបន់ស្រន់ដល់ព្រះសុំកូនមួយ។ ពេលព្រះមិនឆ្លើយតប, គាត់ក៏បួងសួងដល់បិសាច។ ហើយបិសាចបានសន្យាថាគាត់នឹងមានកូនមួយ។ អ្វីដែលគាត់មិនបានដឹងគឺមិនដឹងទេថាយើងត្រូវជាប់អថ័នអាក្រក់មួយ, បិសាច, ដែលតាមយើងរហូតទាល់តែអស់រដូវ។
បិសាចនោះឈប់តាមយើងដោយការអស់ព្រហ្មចារី។ ឈាមដែលចេញរៀងរាល់ខែរបស់ចៅ គឺជាសញ្ញាបញ្ជាក់ថាចៅពេញក្រមុំ, មិនមែនជាកូនក្មេងទៀតទេ។ វាមករកយើងតាមក្លឹនឈាមដែលជះក្លឹនតាមខ្យល់អាកាស។ យាយមិនដឹងទេថាកន្សែងស, ត្រូវដេកលើកន្សែងប្រឡាក់ឈាម ដើម្បីអ្វីនោះទេ។
វិធីតែមួយគត់ដែលរំដោះខ្លួនពីអថ័ននោះគឺត្រូវប្រគល់ព្រហ្មចារីឱ្យនរណាម្នាក់។ គឺមានន័យថាឱ្យខ្លួនទៅនរណាម្នាក់។ ពេលណាដែលអស់ព្រហ្មចារីហើយ, បិសាចនឹងមកសម្លាប់បុរសនោះដែលបានលួចព្រហ្មចារីដែលវាខំថែរក្សា។ វាហុតឈាមបុរសនោះយ៉ាងឆ្ងាញ់ពិសារ។
អូ, អាលីសា យើងមិនអាចប្រាប់ចៅឯងបានទេ។ បើចៅនៅរក្សាព្រហ្មចារីរៀងរហូតនោះ... វានឹងមករកចៅរហូតដែរ។ អ្នកមីងរបស់ចៅបានដឹងរឿងនេះ ហើយសុខចិត្តវេទនាដោយខ្លួនឯង ព្រោះមិនចង់ឱ្យនរណាម្នាក់ស្លាប់។ នាងសុខចិត្តនៅក្រមុំមិនព្រមយកប្ដី សុខចិត្តរស់ក្នុងជីវិតជាមួយនឹងបិសាចដែលតែងមករកយើង។ ចៅយល់ហើយនៅ?
ឥឡូវចៅបានប្រគល់ព្រហ្មចារីឱ្យគេហើយ, ចៅមានសេរីភាពហើយ, បិសាចនឹងលែងមករំខានចៅទៀតហើយ។ តែពេលនេះចៅត្រូវយល់ថា, កូនដែលចៅនឆងបង្កើតគឺតែងតែជាកូនស្រី។ ហើយកូនរបស់ចៅនឹងត្រូវតាមដោយបិសាចដូចដែលបិសាចនោះតាមចៅអញ្ចឹង។
ពីយាយជាទីស្រឡាញ់របស់ចៅ។”
ពេលនេះខ្ញុំជាយុវតីពេញរូបរាងមែនទែនហើយ។ ខ្ញុំក៏រៀបការនឹងបុរសម្នាក់, តែយើងមិនមានកូនទេ។ គាត់អត់ចង់បានកូនទេ, ហើយខ្ញុំក៏មិនចង់ដែរ។ ខ្ញុំនឹងមិនឱ្យកូនខ្ញុំរស់វេទនាដូចអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់នោះទេ។
វាត្រូវប្រើពេលយូរណាស់ទម្រាំខ្ញុំអាចលើកលែងទោសឱ្យម៉ាក់បាន, លើកលែងទោសឱ្យលោកយាយបាន។ បើគ្រាន់តែពួកគាត់ប្រាប់ខ្ញុំ, ម៉ានឹងមិនស្លាប់ទេ។ ជាច្រើនឆ្នាំកន្លងហើយ, ខ្ញុំនៅតែគិតថាការស្លាប់របស់គាត់គឺជាកំហុសរបស់ខ្ញុំ។ វានឹងនៅតែជាការចងចាំរបស់ខ្ញុំគ្មានថ្ងៃភ្លេច។ ខ្ញុំសុខចិត្តមិនឱ្យគាត់ស្លាប់ទេ, សង្សារស្នេហាដំបូងរបស់ខ្ញុំអើយ។
តែ, ពិតណាស់, មូលហេតុដែលពួកគាត់មិនប្រាប់ខ្ញុំព្រោះបើខ្ញុំដឹងរឿងនេះ ខ្ញុំនឹងសុខចិត្តរស់វេទនាជាមិនខាន មិនព្រមឱ្យនរណាស្លាប់ដោយសារខ្ញុំទេ។
ខ្ញុំចង់បំភ្លេចវាខ្លាំងណាស់, ខ្ញុំចង់បំភ្លេចអថ័នលើគ្រួសារខ្ញុំ។ សម្រាប់ខ្ញុំ, វាឆ្លងផុតទៅហើយ។ ខ្ញុំនៅតែរស់ក្នុងភាពឈឺចា់, តែសត្វបិសាចនោះនឹងមិនមកលងខ្ញុំទៀតទេ។
រហូតដល់ពេលនេះ។
ព្រោះព្រឹកម៉ិញ, ខ្ញុំដឹងដំណឹងដ៏សែនអាក្រក់មួយ។
យោងទៅតាមការបាត់រដូវ, យោងទៅតាមការពិនិត្យទឹកនោម បង្ហាញថា...
ខ្ញុំមានផ្ទៃពោះ។
ហើយខ្ញុំមានអារម្មណ៍សែនអាក្រក់ថា, កូននេះប្រាកដជាកូនស្រី៕
ចប់
រឿង អាថ៌កំបាំងឈាមរដូវ (២ចប់)
Reviewed by Unknown
on
6:00 PM
Rating: