>
  • ទំព័រដើម
  • រឿង បងស្រីបាត់ខ្លួន

     
    ដោយ : វេស រ៉ូណា

    ខ្ញុំជាក្មេងដ៏សែនឯកា។

    ខ្ញុំលូតលាស់ធំនៅក្រុងតូចមួយ, រស់នៅភាគច្រើនដោយមនុស្សបុរាណចាស់ៗដែលមិនងាយនឹងផ្លាស់ទីលំនៅ, បើទោះជាអ្នកជិតខាងស្លាប់អស់ក៏ដោយ។ នៅទីនេះមិនសូវមានក្មេងៗទេ។ សាលារៀនខ្ញុំមានសិស្សសរុបតែ៤០នាក់ប៉ុណ្ណោះ។ ដូចអ្នកដឹងហើយ, មិនមានមនុស្សអាយុស្មើខ្ញុំដើម្បីឱ្យខ្ញុំរាប់រកនិយាយរកសោះ។ ដល់ចឹងហើយ, ខ្ញុំមានអារម្មណ៍ខ្មាស់អៀនណាស់, ហើយក៏កាន់តែអាក្រក់នោះគឺពេលបងស្រីខ្ញុំរត់ចេញពីផ្ទះពេលនាងមានអាយុ១៦ឆ្នាំ។

    មែនហើយ, យ៉ាងណា ខ្ញុំមានមិត្តដ៏ល្អម្នាក់រស់នៅក្នុងក្រុងនេះ, ហើយខ្ញុំឃើញគេស្ទើររាល់ថ្ងៃ។

    ម៉ាក់ខ្ញុំធ្វើការក្នុងបណ្ណាល័យតូចមួយក្នុងក្រុងនេះ។ កាលពីខ្ញុំនៅតូច, ពេលខ្លះគាត់ធ្លាប់នាំខ្ញុំទៅកន្លែងធ្វើការគាត់។ ពេលខ្ញុំធំឡើង, ខ្ញុំតែងដើរទៅបណ្ណាល័យពេលចេញពីរៀនដើម្បីទៅធ្វើលំហាត់សាលា និងដើម្បីកម្សាន្តអារម្មណ៍ ព្រោះខ្ញុំមិនចូលចិត្តនៅផ្ទះម្នាក់ឯងនោះទេ។ ពេលណាដែលខ្ញុំទៅបណ្ណាល័យ, លោកអារម្មណ៍តែងតែនៅទីនោះ, រង់ចាំមើលខ្ញុំ។

    គឺថា, ឈ្មោះពិតគាត់មិនមែនឈ្មោះលោកអារម្មណ៍ទេ, ឈ្មោះគាត់គឺត្រាណន់, តែកាលខ្ញុំនៅក្មេងខ្ញុំមិនចេះហៅអញ្ចឹងបាន, ដូច្នេះខ្ញុំក៏ហៅគាត់ “លោកអារម្មណ៍”។ គាត់គិតថាបែបនេះកំប្លែងល្អណាស់, ហើយគាត់ក៏អនុញ្ញាតិឱ្យខ្ញុំហៅបែបនេះ, ហៅបានតែខ្ញុំម្នាក់ទេ។ ខ្ញុំតែងតែមានអារម្មណ៍ថាពិសេសណាស់។

    លោកអារម្មណ៍មិនមែនជាបុរសអាក្រក់ទេ? គាត់គ្រាន់តែចម្លែកបន្តិច។ គាត់ចាស់ហើយ, អ្នកដឹងទេ, ហើយឯកាណាស់។ ម៉ាក់ខ្ញុំធ្លាប់ប្រាប់ខ្ញុំថាគាត់គ្មានគ្រួសារសាច់ញាតិនៅសល់ទេ, ហើយគាត់ចូលចិត្តកូនក្មេងខ្លាំងណាស់។ ដូច្នេះគាត់ក៏តែងតែមកលេងជាមួយខ្ញុំពេលណាដែលខ្ញុំនៅបណ្ណាល័យ។ ហើយគាត់ក៏... យឺតបន្តិចដែរ។ គាត់មិនចេះអាន ឬសរសេរបានល្អនោះទេ, ដូច្នេះគាត់ចូលចិត្តឱ្យខ្ញុំអានសៀវភៅរូបភាពឱ្យគាត់ស្ដាប់។ វាដូចជាមានលោកតាម្នាក់ទៀតអញ្ចឹង, ហើយពេលខ្ញុំកាន់តែធំឡើង គាត់ និងខ្ញុំកាន់តែស្និទ្ធស្នាល។

    គាត់ចិត្តល្អដាក់ខ្ញុំណាស់ក្រោយពេលដែលបងស្រីខ្ញុំរត់ចេញពីផ្ទះ។ កាលហ្នឹងខ្ញុំអាយុ១២ឆ្នាំ, ដែលធ្វើឱ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង។ យើងពិតជាជិតស្និទ្ធនឹងគ្នាណាស់ពេលយើងកាន់តែធំឡើង, តែនាងតែងឈ្លោះជាមួយម៉ាក់ប៉ាជាញឹក។ ហើយនាងជាកូនដែលចង់ឈ្នះ។ ព្រឹកមួយ, យើងភ្ញាក់ឡើងឃើញក្រដាសមួយលើគ្រែរបស់នាងដាក់ថា នាងទៅហើយគ្មានថ្ងៃត្រឡប់ហើយក៏មិនបាច់ខាតពេលតាមរកដែរ។ នាងមិនទាំងបានលាខ្ញុំមួយម៉ាត់។ ខ្ញុំតែងសង្ឃឹមថានាងនឹងត្រឡប់មកវិញ, ឬហោចណាស់ផ្ញើសំបុត្រមកខ្ញុំ, តែនាងមិនដែលសោះ។

    លោកអារម្មណ៍ធ្លាប់ឃើញបងស្រីខ្ញុំនៅបណ្ណាល័យដែរ, ពេលដែលម៉ាក់ខ្ញុំរវល់ពេក។ នាងមិនជិតស្និទ្ធដាក់គាត់ដូចខ្ញុំទេ, តែគាត់តែងតែចងចាំរូបនាង។ ក្រោយពេលដែលនាងរត់ចេញ, គាត់ធ្លាប់សួរខ្ញុំពីនាងដែរពេលខ្លះ។ «ស៊ីស៊ីត្រឡប់មកវិញហើយឬនៅ?» គាត់សួរអញ្ចឹង។ ហើយពេលខ្ញុំឆ្លើយថាទេ, គាត់ក៏ប្រែទឹកមុខទៅជាក្រៀមក្រំមួយរំពេជ, មើលទៅដូចជាខ្ទេចខ្ទីបេះដូង។

    ពេលខ្ញុំកាន់តែធំឡើង, ខ្ញុំចាប់ផ្ដើមមិនសូវជួបលោកអារម្មណ៍។ វាមិនមែនជាបញ្ហាអីសម្រាប់ខ្ញុំទេ, ព្រោះខ្ញុំរវល់នៅសាលាសឹងអីទៅហើយ។ ខ្ញុំមិនសូវទៅបណ្ណាល័យទេពេលចេញពីរៀន។ មានម្ដង, យ៉ាងណា, ខ្ញុំក៏នៅតែទៅដើម្បីជួបគាត់។ ខ្ញុំដឹងថាគាត់នឹកខ្ញុំណាស់ពេលដែលខ្ញុំមិននៅទីនោះ, ហើយវាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខុស។

    ថ្ងៃមួយពេលដែលខ្ញុំមានអាយុ១៥ឆ្នាំ, ម៉ាក់ខ្ញុំតេហៅឱ្យខ្ញុំទៅយាមបណ្ណាល័យមួយភ្លែតពេលចេញពីរៀន ព្រោះគាត់ត្រូវទៅយករបស់ខ្លះ។ ពេលខ្ញុំទៅដល់ទីនោះភ្លាម, ខ្ញុំឃើញលោកអារម្មណ៍កំពុងរង់ចាំខ្ញុំ។ មើលទៅគាត់ដូចមិនភ្ញាក់ផ្អើលដូចរាល់ដងសោះពេលឃើញខ្ញុំ។ គាត់មើលទៅអស់កម្លាំង និងស្លេកស្លាំង ហើយ... ដូចជាចម្លែកៗ។

    ខ្ញុំអង្គុយនៅតុធំនៃបណ្ណាល័យហើយយើងចាប់សន្ទនាខណៈដែលម៉ាក់ខ្ញុំយកកាបូបដៃគាត់ហើយប្រញាប់ដើរទៅទ្វារ។ លោកអារម្មណ៍មើលទៅមិនសប្បាយចិត្តសោះ, ហើយខ្ញុំដឹងថាមានអ្វីម្យ៉ាងមិនប្រក្រតី។ គាត់ចាំរហូតដល់ម៉ាក់ខ្ញុំចេញទៅផុតមួយសន្ទុះទើបចាប់ផ្ដើមនិយាយ។

    «ហេណា, តើឯងនឹកស៊ីស៊ីទេ?»

    អា, ពិតជាអញ្ចឹងហើយ។ ខ្ញុំចាំថាចន្លោះពេលនេះហើយដែលនាងរត់ចេញពីផ្ទះ។ គាត់ប្រាកដជាបារម្ភពីខ្ញុំ។

    ខ្ញុំញញឹមទាំងឈឺចាប់ ហើយតប, «បាទ, ខ្ញុំនឹកនាងខ្លាំងណាស់។ តែខ្ញុំប្រាកដចិត្តថានាងនឹងទាក់ទងមកខ្ញុំនាថ្ងៃណាមួយ, ពេលដែលនាងរួចរាល់។»

    ខ្ញុំគិតថាបែបនេះធ្វើឱ្យគាត់មានអារម្មណ៍ប្រសើខ្លះ, តែគាត់បែរជាក្រៀមក្រំកាន់តែខ្លាំង។

    «បើខ្ញុំអាចប្រាប់ថានាងនៅកន្លែងណា… តើឯងនឹងទៅលេងនាងទេ?»

    ខ្ញុំមានអារម្មណ៍ព្រួចពេលមើលទៅមុខលោកអារម្មណ៍។ ខ្ញុំមិនយល់ទេ, តែក៏ងឿងឆ្ងល់ខ្លះដែរ។ ពេលនេះ, លោកអារម្មណ៍ចាស់ខ្លាំងហើយ, ហើយមតិរបស់គាត់ប្រហែលត្រូវកាត់យល់។ យ៉ាងណា, គាត់ធ្លាប់និយាយគ្នាជាមួយបងស៊ីស៊ីដែរតើ, ប្រហែលគាត់វង្វេងហើយមើលទៅ។ បែបនេះធ្វើឱ្យខ្ញុំឈឺចិត្តខ្លះដែរ។

    ពេលដែលគាត់ឃើញមុខខ្ញុំមិនសប្បាយចិត្តបែបនេះ គាត់ក៏លួង, «ទេ, ទេ, មិនអីទេ មិនអីទេ។»

    មុនពេលដែលខ្ញុំអាចបញ្ឈប់គាត់, គាត់បែរទៅទ្វារហើយរត់យ៉ាងលឿន។ ខ្ញុំឆ្ងល់ជាងបារម្ភ, ដូច្នេះខ្ញុំក៏ប្រាប់ម៉ាក់ខ្ញុំពីការសន្ទនាទាំងស្រុងនោះពេលគាត់ត្រឡប់មកវិញនាមួយសន្ទុះក្រោយមក។ «បែបនេះចម្លែកណាស់,» គាត់និយាយ, ដោយសំឡេងញ័រតិចៗ។ «មែនហើយ, ម៉ាក់ដឹងថាគាត់មិនសូវមានអារម្មណ៍ល្អទេថ្មីៗនេះ។» ម៉ាក់បញ្ជាក់។ «ម៉ាក់នឹងឱ្យម៉ៃទៅពិនិត្យគាត់ស្អែកនេះ។

    “ម៉ៃ” ជាឈ្មោះដែលគេចូលចិត្យហៅគាត់ជាងគេក្នុងក្រុងនេះ។ គាត់ជានាយប៉ូលីស ហើយមិនសូវមានការធ្វើច្រើនទេ, ដូច្នេះយើងដឹងថាគាត់មិនថាអីទេពេលប្រើគាត់ឱ្យទៅមើលលោកអារម្មណ៍។

    ចឹងហើយទើបម៉ាក់ខ្ញុំក៏តេទៅម៉ៃ ហើយគាត់សន្យាថានឹងតេមកវិញជាមួយដំណឹងដែលទទួលបាននាព្រឹកបន្ទាប់។

    ពេលខ្ញុំភ្ញាក់ឡើងនៅព្រឹកបន្ទាប់, ម៉ាក់ខ្ញុំប្រាប់ថាខ្ញុំមិនបាច់ទៅរៀនទេ។

    ដំបូងខ្ញុំមិនយល់ទេ, តែពេលឃើញមុខក្រៀមរបស់គាត់បង្ហាញថាមានអ្វីមួយកើតឡើង។ បន្ទាប់មកខ្ញុំចាំហេតុការណ៍ម្សិលម៉ិញក៏សួរ, «លោកអារម្មណ៍ឬ?»

    ម៉ាក់ខ្ញុំងក់ក្បាល។

    «គាត់មិនអីទេឬ?»

    ម៉ាក់នៅស្ងៀមមួយមុនពេលងក់ក្បាលគាត់។ ខ្ញុំដឹងថាមានអ្វីម្យ៉ាងដែលគាត់មិនប្រាប់ខ្ញុំ។

    «ម៉ាក់, មានរឿងអីកើតឡើង?»

    ទីបំផុតគាត់ក៏និយាយម្ដងទៀត។ «យើងនៅមិនទាន់ច្បាស់នៅឡើយ។ ម៉ាក់នឹងប្រាប់កូនពេលណាដែលម៉ាក់ដឹងរឿងខ្លះទៀត។»

    ថ្ងៃហ្នឹងខ្ញុំដឹងដំណឹងបី។

    ទីមួយ : លោកអារម្មណ៍បានស្លាប់កាលពីយប់ម៉ិញ។

    ទីពីរ : លោកអារម្មណ៍បានស្លាប់ដោយធ្វើអត្តឃាត។

    ទីបី : មិនមែនមានតែសពគាត់មួយទេក្នុងផ្ទះគាត់។

    វានៅមិនទាន់ច្បាស់ការណ៍រហូតដល់ថ្ងៃបន្ទាប់, ដែលមានន័យថាខ្ញុំមិនបាច់ទៅរៀនបានមួយថ្ងៃទៀត។ អូ, ល្អតើ។

    សាកសពមួយទៀតនោះត្រូវរលួយអស់សាច់គ្មានសល់, ដែលសល់តែឆ្អឹង។ តែគ្រឿងអលង្ការបស់នាងនៅតែចែងចាំងថ្មី, ទើបគេអាចកំណត់អត្តសញ្ញាណនាងបាន។ គេមិនអនុញ្ញាតិឱ្យខ្ញុំទៅមើលសពនោះទេ, ម៉ាក់ប៉ាខ្ញុំខ្លាចខ្ញុំគ្រាំចិត្តខ្លាំងជាងដែលបានគ្រាំចិត្តស្រាប់ហើយ។

    វាគឺជានាង។ ម៉ាក់ប៉ាខ្ញុំមិនបាច់ប្រាប់ខ្ញុំទេ, ព្រោះពួកគាត់បានយកខ្សែកដែលនាងធ្លាប់ពាក់ មកបង្ហាញខ្ញុំ។ វាជាខ្សែកច្រវ៉ាក់តូចៗពណ៌ប្រាក់ជាមួយបន្ដោងត្បូងរាងបេះដូងពណ៌ផ្កាឈូក។ ម៉ាក់បានជួយខ្ញុំក្នុងការទិញវាសម្រាប់ស៊ីស៊ីក្នុងកាលដែលខួបកំណើតអាយុ១៤ឆ្នាំរបស់នាង។

    ហើយគ្រប់ពេល, ខ្ញុំធ្លាប់គិតថានាងមិនខ្វល់។

    លោកអារម្មណ៍មិនបានបន្សល់សំបុត្រស្នាម ឬវត្ថុតាងអ្វីទាំងអស់។ ប៉ូលីសរៀបតម្រុយសរុប។ ពួកគេប្រាប់យើងថាលោកអារម្មណ៍ប្រហែលក្លែងសំបុត្រសរសេរដៃនោះធ្វើដូចជាស៊ីស៊ីបានរត់ចេញពីផ្ទះ ហើយបន្ទាប់មកក៏ចាប់នាងទុក។ យោងតាមការស៊ើបអង្គេតលើកោសល្យវិច្ឆ័យបង្ហាញថាលោកអារម្មណ៍បានវាយបំបាក់កនាង, ក្រោយពេលដែលចាប់នាងមក។ ពួកគេមានការសន្និដ្ឋានខ្លះអំពីមូលហេតុដែលគាត់ចាប់នាងមក, តែខ្ញុំមិនចង់រ៉ាយរ៉ាប់ច្រើននោះទេ។ អ្នកអាចគិតមើលខ្លួនឯងបាន។

    ខ្ញុំមិនសូវជឿលើការសន្និដ្ឋានរបស់ពួកគេសោះ។ ពួកគេប្រាកដណាស់ថាសំបុត្រនោះជាសំបុត្រក្លែង, តែកាលដែលខ្ញុំឃើញវាពេលព្រឹកដែលកន្លងទៅយូរហើយនោះ, ខ្ញុំប្រាកដច្បាស់ណាស់ថាវាជាអក្សររបស់នាង។ ខ្ញុំចង់និយាយថាខ្ញុំអាចចំណាំអក្សរនាងបាន, ប្រាកដជាចឹងហើយ។ ហើយតើគាត់អាចចូលមកក្នុងផ្ទះយើងដោយមិនឱ្យយើងដឹងដោយរបៀបណា?

    ទោះជាបែបនេះហើយ, មានរឿងខ្លះនៅរំខានអារម្មណ៍ខ្ញុំ។ ខ្ញុំមិនជឿឡើយថាលោកអារម្មណ៍បានធ្វើអំពើអាក្រក់បែបនេះ។ គាត់ជាមនុស្សល្អ និងចិត្តល្អណាស់សម្រាប់ខ្ញុំ។ ហើយគាត់ស្រឡាញ់បងស៊ីស៊ីណាស់។ ទេ, មិនមែន...មិនមែនចឹងទេ។ គាត់ស្រឡាញ់ក្មេងទាំងអស់។ ខ្ញុំមិនជឿសោះថាគាត់ធ្វើបែបនេះ។

    តែដោយពេលវេលាកន្លងទៅយូរហើយ, ខ្ញុំគ្មានជម្រើសទេ ត្រូវតែជឿវា។ គ្មានការពន្យល់ច្បាស់លាស់ណាមួយសោះ, ហើយខ្ញុំត្រូវការការពន្យល់ឱ្យច្បាស់មួយ, ព្រោះបងស្រីខ្ញុំមិនអាចស្លាប់ដោយគ្មានមូលហេតុបានទេ។ ខ្ញុំមិនអាចទទួលយកបានជាដាច់ខាត។ ខ្ញុំចង់ជេរនរណាម្នាក់, ទើបខ្ញុំជេរលោកអារម្មណ៍។ ហើយខ្ញុំស្អប់គាត់។

    វាកន្លងទៅ១០ឆ្នាំមកហើយ។ ខ្ញុំរស់ដោយខ្លួនឯងឥឡូវនេះ, ហើយខ្ញុំអាចការពារខ្លួនឯងបាន។ បន្ទាប់ពីរៀនបរិញ្ញាប័ត្រចប់, ខ្ញុំចង់ត្រឡប់ទៅរស់នៅក្រុងវិញដើម្បីបាននៅក្បែរម៉ាក់ប៉ា, តែពួកគាត់ចង់ឱ្យខ្ញុំនៅក្រុងផ្សេងដើម្បីអត្តាហិអតនោនាថោ (ចេះរៀនរស់ដោយទីពឹងខ្លួនឯង)។ ពួកគាត់ថា, បើស៊ីស៊ីនៅរស់ នាងប្រាកដជាចង់រស់ក្រុងផ្សេង។ ពួកគាត់សន្យាថាគាត់ទាំងពីរមិនអីទេ, តែខ្ញុំនៅតែតេទៅគាត់ប្រហែលមួយថ្ងៃម្ដង។

    ខ្ញុំក៏មិនអីដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃកន្លងទៅយ៉ាងរហ័ស។ ខ្ញុំពេញចិត្តនឹងការងារខ្ញុំ និងមិត្តរួមការងាររបស់ខ្ញុំណាស់។ ខ្ញុំមានមិត្តភក្ដិខ្លះៗដែរនៅទីក្រុងនេះ។ ខ្ញុំក៏ណាត់ជួបស្រីស្អាតយូរៗម្ដងដែរ។ គេតែងសួរខ្ញុំថាហេតុអីបានខ្ញុំពាក់ខ្សែកបន្តោងបេះដូងពណ៌ផ្កាឈូកថោកៗចឹង, តែខ្ញុំមិនដែលប្រាប់ទេ។

    ខ្ញុំព្យាយាមបំភ្លេចការចងចាំដ៏អាក្រក់នេះឱ្យនៅក្នុងអតីតកាលទៅចុះ។ ពេលខ្លះខ្ញុំអាចធ្វើបាន។ ពេលខ្លះទៀត...

    ហ្នឹងហើយ។ យើងមិនបាច់និយាយហូរហែរច្រើនពេកទេ។

    ជីវិតខ្ញុំចាប់ផ្ដើមស្រស់បំព្រងហើយ តែកាលពីមួយសប្ដាហ៍មុន, ម៉ៃបានតេមកខ្ញុំ, គាស់កកាយរឿងអាក្រក់ដែលកប់ទៅយូរណាស់ហើយ។

    បន្ទាប់ពីយើងសួរសុខទុកគ្នាហើយ, ខ្ញុំក៏និយាយសាច់ការពីគោលបំណងដេលគាត់តេមក។

    «ហេណា, ខ្ញុំ… មិនបានត្រង់នឹងឯង។ ខ្ញុំដឹងថាយើងបានសន្យានឹងគ្នានៅប៉ុស្ដថានឹងប្រាប់គ្រប់ដំណឹងដែលយើងទទួលទាក់ទងនឹងករណីបងស្រីឯង, តែពេលហ្នឹងមានរឿងមួយដែលខ្ញុំមិនបានប្រាប់ឯងព្រោះ... ព្រោះពេលហ្នឹងឯងនៅក្មេងពេក។ ពេលនេះឯងធំល្មមហើយ។ ខ្ញុំព្យាយាមលាក់បាំងមកដល់ពេលនេះ។ ឯងអាចមានសិទ្អដឹងគ្រប់យ៉ាង និងធ្វើការសម្រេចចិត្ត។» ខ្ញុំមិនដឹងត្រូវតបទៅវិញយ៉ាងម៉េចនោះទេ។ ខ្ញុំចង់សួរថាគាត់ចង់និយាយពីអី, តែខ្ញុំចង់ដាក់ទូរស័ព្ទចុះ ហើយបំភ្លេចរឿងគ្រប់យ៉ាង, ឱ្យគ្រប់យ៉ាងវានៅតែជារឿងសម្ងាត់រហូតទៅចុះ, ព្រោះខ្ញុំមិនចង់ដឹងទេ។

    គាត់ចាំស្ដាប់ចម្លើយខ្ញុំ តែខ្ញុំនៅស្ងាត់ឈឹង គាត់ក៏និយាយបន្ត។ «វាជាការពិត, ដំបូង, យើងមិនបានរកឃើញសំបុត្រ ឬវត្ថុតាងអ្វីទាំងអស់។ មែនហើយ, ដល់ពេលនេះក៏យើងមិនអាចប្រាកដបាននៅឡើយ... ចាំខ្ញុំប្រាប់។ យើងចំណាយពេលយ៉ាងយូរចូលទៅឆែកឆេរក្នុងផ្ទះគាត់, ពិតណាស់, ហើយនៅសប្ដាហ៍បន្ទាប់នៃការស៊ើបអង្គេត, ខ្ញុំរកឃើញរបស់មួយ។»

    ខ្ញុំរន្ធត់ចិត្ត ហើយដឹងថាគាត់នឹងនិយាយអ្វី, ហើយគាត់ក៏និយាយបន្ត។

    «វាសម្រាប់ឯង។»

    ខ្ញុំមិននិយាយអីអស់មួយសន្ទុះ។ គាត់រង់ចាំយ៉ាងអត់ធ្មត់, មិនគួរណាគាត់មកទាញខ្ញុំឱ្យចូលក្នុងការចងចាំដែលបំភ្លេចបានហើយសោះ។ ទម្រាំខ្ញុំឆ្លើយតប, ខ្ញុំស្ងាត់អស់ជិត៥នាទី។

    «តើជាអ្វី?»

    ខ្ញុំគិតថានេះជាសំណួរដែលគាត់កំពុងរង់ចាំ, ព្រោះគ្រាន់តែសួរចប់ភ្លាមក៏តបមកភ្លាម។

    «ខ្ញុំអត់ដឹងទេ។ សំបុត្រនោះបិទស្កុតជិត ហើយខ្ញុំមិនដែលបានបើកវាទេ។ ប្រហែលខ្ញុំគួរតែបើកវា, តែ… ដូចមិនត្រូវសោះ។ គ្មាននរណានៅប៉ុស្ដនេះដឹងពីវាទេ, ព្រោះខ្ញុំមិនដែលចាត់ទុកវាជាភ័ស្តុតាងឡើយ។ ខ្ញុំគិតថានឹងឱ្យវាទៅឯងបើដល់ពេលហើយ។ ខ្ញុំចង់ដុតវាចោលច្រើនដងមកហើយ, តែជម្រើសជារបស់ឯង។ បើឯងឱ្យខ្ញុំហែកវាចោល, ខ្ញុំនឹងធ្វើវាឥឡូវនេះ។ បើឯងចង់ឱ្យខ្ញុំអាន, ខ្ញុំនឹងបើកវាហើយអានឱ្យឯងស្ដាប់។ បើឯងចង់ឱ្យខ្ញុំផ្ញើវាទៅឯង, ខ្ញុំនឹងផ្ញើវាទៅឯង។ វាជារបស់ឯង។» បន្ទាប់មក, សំឡេងគាត់ប្រែទៅជាទន់ភ្លន់វិញ ហើយបន្ត, «គ្រាន់តែប្រាប់ខ្ញុំថាត្រូវធ្វើដូចម្ដេច។»

    ខ្ញុំចង់ឱ្យគាត់ហែកវាចោលឱ្យខ្ទេច។ ខ្ញុំមិនចង់អានអ្វីឆ្គួតឡប់ដែលបុរសម្នាក់ហ្នឹងសរសេរទេ។ តែខ្ញុំបែរជាចង់ដឹង។ ខ្ញុំនិយាយតិចៗតែច្បាស់ៗ, «ផ្ញើមក។»


    ខ្ញុំទទួលបានសំបុត្រនោះនាពីរថ្ងៃបន្ទាប់។ ជីវិតពិតជាលេងសើចមែន, មែនទេ? ខ្ញុំបានសំងំខ្លួនក្នុងបន្ទប់, អង្គុយផឹកស្រាតែម្នាក់ឯង, គិតទៅដល់ថាតើវានឹងកំប្លែងយ៉ាងណា។

    បើកសំបុត្រគឺពិបាក។ រលាវាគឺពិបាកណាស់។ អានវាគឺពិបាកបំផុត, ហើយខ្ញុំគ្មានថ្ងៃអាចបំភ្លេចខ្លឹមសារក្នុងសំបុត្រនោះឡើយ។

    “ហេណាជាទីស្រឡាញ់របស់ខ្ញុំ,

    ខ្ញុំសុមទោសនៅអ្វីដែរបានកើតឡើងលើស៊ីស៊ី។ ខ្ញុំគ្មានចេទណានឹងធើបាបនាងទេ។ សុមមេតាជឿខ្ញុំចុស។

    នៅយុបមួយនុស, នាងបានមកផ្ទះខ្ញុំ។ នាងប្រាប់ថានាងនិងរត់ចេញពីផ្ទះ។ នាងសុមអោយខ្ញុំមើថែអែងផង ព្រួសនាងដឹងថាអែងនិងនិកនាង។

    ខ្ញុំដឹងថាអែងនិងខូចចិតបើនាងរុតចេញពីផ្ទះ, ទើបខ្ញុំក៍សុមកុមអោយនាងទៅ។ ខ្ញុំប្រាប់នាងថាកុមធើអោយឯងខូចចិតអី, តែនាងមិនស្ដាប់ខ្ញុំទេ។ នាងភ្យាយាមរុតចិញ, ហើយខ្ញុំចាប់នាងជាប់។ តែនាងក៍ធ្លាក់ចុស។ មានជុន្ដើចុសទៅជាន់ក្រោមដី ហើយនាងក៍ធ្លាក់ចុសទៅក្រោម។ ខ្ញុំភ្យាយាមជួយនាង ហើយអង់រួនអោយនាងភ្ញាក់ឡើងតែនាងបានដាច់ខ្ចល់ស្លាប់ទៅហើយ។

    ខ្ញុំសុមទោសដែរខ្ញុំធើអោយស៊ីស៊ីស្លាប់។ ខ្ញុំគ្មានចេទណាទេ។ ខ្ញុំគ្រាន់តែចង់កុមអោយនាងទៅ។ ខ្ញុំគ្រាន់ចង់អោយអែងសប្បាយចិត្ត។

    វាជាកុំហុសខ្ញុំទាំងអស់។ ខ្ញុំសុមទោស។ សុមលើកលេងទោសអោយខ្ញុំផង។

    ដោយក្ដីស្លលាញ់,

    ពីលោកអារម់របស់អែង។”

    ឥឡូវបំណែកតម្រុយទាំងអស់អាចផ្គុំគ្នាបានហើយ។ ខ្ញុំដឹងថាខ្ញុំត្រូវតែប្រាប់ប៉ាម៉ាក់, ត្រូវប្រាប់ប៉ូលីស។ ខ្ញុំដឹងថាម៉ៃពិបាករកភ័ស្តុតាងខ្លាំងណាស់។ ខ្ញុំមិនដឹងថាគាត់គួរដឹងឬអត់។ គាត់អត់មានខុសអីទេ។ ខ្ញុំឆ្ងល់ថាហេតុអីបានជាគាត់មិនប្រាប់ម៉ាក់ប៉ាខ្ញុំអំពីសំបុត្រនេះ, ហើយចាំបាច់ចាំយូរដល់ម្លឹង។ តែមិនមែនជាបញ្ហាទៀតទេពេលនេះ។ វាកន្លងទៅយូរណាស់ហើយ។

    ខ្ញុំយំមិនឈប់សោះតាំងពីពេលអានសំបុត្រនោះ។ ខ្ញុំស្អប់មនុស្សគ្រប់គ្នាដែលលោភលន់ចង់បាននេះចង់បាននោះ ឯខ្ញុំចង់បានតែបងស្រីខ្ញុំមកវិញប៉ុណ្ណោះ។

    បើពិភពលោកបែកផ្ទុះឱ្យងាប់អស់ទៅ, មិនដឹងជាល្អយ៉ាងណាទេ។

    ខ្ញុំដឹងថាគាត់មិនអាចឮបានទេ, តែខ្ញុំចង់ប្រាប់ថា,

    ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់, លោកអារម្មណ៍៕
     
    ចប់
    រឿង បងស្រីបាត់ខ្លួន រឿង បងស្រីបាត់ខ្លួន Reviewed by Unknown on 7:11 PM Rating: 5
    Loading...
    Powered by Blogger.