>
  • ទំព័រដើម
  • ប៉ាខ្ញុំតែងបង្ខំឱ្យខ្ញុំស៊ីនូវអ្វីដែលខ្ញុំបានសម្លាប់, ហើយថ្ងៃមួយខ្ញុំសម្លាប់កូនឆ្កែ

     
    កាលពីខ្ញុំនៅតូច, ប៉ាខ្ញុំតែងតែនិយាយថា, «បើកូនឯងសម្លាប់អ្វីម្យ៉ាង, គឺកូនត្រូវតែស៊ីវា។» ខ្ញុំដឹងថាវាមានហេតុផលសមរម្យដែរ, តែប៉ាខ្ញុំតែងតែតឹងតែងជ្រុលហួស។

    ខ្ញុំចាំបានលើកទីមួយដែលវាកើតឡើង គឺពេលនោះខ្ញុំមានអាយុទើបតែ៣ឆ្នាំប៉ុណ្ណោះ។ ខ្ញុំកំពុងញិចស្រមោច។ «ចុចវាជាប់នឹងម្រាម ហើយស៊ីវាឱ្យអស់, កូនប្រុស!» គាត់គំហ៊ក។ ខ្ញុំមិនធ្វើទេ។ ខ្ញុំយំហើយព្យាយាមរត់ចេញ, តែគាត់ចាប់ខ្ញុំហើយយកស្រមោចដាក់ក្នុងមាត់ខ្ញុំ, ម្ដងមួយៗ។ ក្រោយពីនោះ, ខ្ញុំបានក្អួត។

    ថ្ងៃមួយ, ពេលខ្ញុំមានអាយុ៤ឆ្នាំ, ប៉ាខ្ញុំបានមកទាន់ឃើញខ្ញុំកំពុងបេះស្លាបសត្វរុយ។ 

    «ឯងអាចស៊ីវាឥឡូវ ឬពេលក្រោយក៏បាន,» គាត់និយាយ។ ខ្ញុំចាប់ផ្ដើមយំ, តែគាត់លើករុយនោះមកហើយបង្ខំច្របាច់ឱ្យខ្ញុំហាមាត់។ បន្ទាប់មក, គាត់ទម្លាក់សត្វរុយនោះចូលក្នុងមាត់ខ្ញុំ ហើយបង្ខំឱ្យខ្ញុំលេបវា។ កន្លងពីរបីសប្ដាហ៍នឹង, ខ្ញុំតែងមានអារម្មណ៍ថារុយហើយរក្នុងបំពង់កខ្ញុំជានិច្ច។

    ពេលខ្ញុំមានអាយុ៦ឆ្នាំ, ខ្ញុំបានយកឈើមកធ្វើចំពៀម។ ខ្ញុំរត់លេងទីធ្លាក្រោយផ្ទះ, បាញ់ចំពៀមលេងតាមគុម្ពស្មៅ ស្រាប់តែមានខាប់មកហើរក្បែរ។ ខ្ញុំបាញ់ចំវាដោយអចេតនា ហើយវាក៏ធ្លាក់ទៅលើដីជិតជើងខ្ញុំ។ ប៉ាខ្ញុំកំពុងសម្លឹងមកខ្ញុំតាមបង្អួច។ «យកវាមកក្នុងមក!» គាត់គំហ៊ក។

    ប៉ាខ្ញុំឱ្យខ្ញុំមើល ពេលគាត់កំពុងបោចរោមសត្វចាបនោះ, រួចលាងចាបនោះ និងខ្វេះគ្រឿងក្នុងវា។ បន្ទាប់មក, គាត់ដាក់វាលើចាននៅមុខខ្ញុំ។ មើលទៅវាដូចជាកូនមាន់តូចមួយ។ «ស៊ីវាភ្លាម,» គាត់បញ្ជា។ ទឹកភ្នែកក៏ហូរចេញមកកាត់ថ្ពាល់ខ្ញុំ។ ប៉ាខ្ញុំឈរមើលខ្ញុំដើម្បីឱ្យប្រាកដក្នុងចិត្តថាខ្ញុំបានស៊ីអស់រលីងហើយ។

    ប៉ាខ្ញុំមិនមែនអាក្រក់ពេកនោះទេ។ គាត់បានទិញកូនឆ្កែមួយឱ្យខ្ញុំ ក្នុងថ្ងៃខួបកំណើតអាយុ៨ឆ្នាំរបស់ខ្ញុំ។ ពីរបីខែក្រោយមក, គាត់សម្រេចចិត្តបង្រៀនខ្ញុំបើកឡាន។ ខណៈដែលយើងកំពុងថយក្រោយដើម្បីចេញពីបរិវេណផ្ទះ, ខ្ញុំឮសំឡេងដូចជាន់អ្វីម្យ៉ាង ហើយក៏ជាន់ហ្វ្រាំង។ យើងចេញពីឡានវិញ ហើយពេលនោះខ្ញុំឃើញឆ្កែជាទីស្រឡាញ់របស់ខ្ញុំ, បែកក្បាលធ្លាយខួរនៅក្រោមកង់ឡាន, ខ្ញុំទន់ជង្គង់ ហើយយំខ្លាំងៗ។

    «ឯងដឹងវិន័យហើយ,» ប៉ាខ្ញុំនិយាយ។

    ខ្ញុំចាប់ផ្ដើមគ្រវីក្បាលរបស់ខ្ញុំ ហើយស្រែកយំ, «ទេ! ទេ! ទេ! អត់ទេ! អត់ទេ!»

    ប៉ាខ្ញុំលើកសាកសពឆ្កែមក, តែខ្ញុំបានរត់ចេញពីទីនោះ។ ខ្ញុំបានរស់នៅលាក់ខ្លួនរៃអស់ពីរថ្ងៃ ហើយដេកក្នុងព្រៃ។ ខ្ញុំរងារហើយឃ្លាន, តែខ្ញុំមិនចង់ត្រឡប់ទៅផ្ទះវិញទេ។

    យប់ទីបី, ខ្ញុំរង់ចាំរហូតដល់យប់ជ្រៅ ហើយភ្លើងទាំងអស់ត្រូវបិទ។ បន្ទាប់មក, ខ្ញុំឡើងចូលតាមបង្អួចផ្ទះបាយយ៉ាងស្ងាត់បំផុតតាមដែលអាចធ្វើបាន ហើយសម្លឹងរកមើលក្នុងទូអាហារ។

    រំពេជនោះ, ខ្ញុំឮសំឡេងប៉ាខ្ញុំដើរតម្រង់មកពីទីងងឹត។ «អាហារពេលល្ងាចរបស់ឯងគឺនៅលើតុ,» គាត់និយាយ។

    គាត់បើកភ្លើងអគ្គិសនី ហើយចង្អុលទៅចានធំមួយនៅលើតុ។ វាគឺជាឆ្កែចិញ្ចឹមរបស់ខ្ញុំ, ដែលប៉ាលាងទឹកស្អាតដាក់លើចានលើតុ ដោយមានទឹកជ្រលក់ក្បែរនោះមួយចានតូចផង។

    ខ្ញុំព្យាយាមរត់, តែគាត់បានចាប់កញ្ចឹងកខ្ញុំ ហើយរុញខ្ញុំឱ្យអង្គុយកៅអី។ ខ្ញុំស្រែកមិនឈប់ ហើយយំខ្លាំងៗ, តែគាត់មិនខ្វល់។

    ប៉ាខ្ញុំចាប់កាំបិត និងសម ជៀសាច់ឆ្កែដាក់ចានខ្ញុំ។ គាត់បង្ខំច្របាច់ឱ្យខ្ញុំស៊ីរហូតដល់ខ្ញុំមានអារម្មណ៍ថាឆ្អែតស្ទើធ្លាយពោះទៅហើយ។

    អ្វីម្យ៉ាងខាងក្នុងចិត្តជ្រួលច្រាលនាយប់នោះ។ ខ្ញុំមិនអាចទទួលយកទៀតបានទេ។ បន្ទាប់មក ហើយពេលនោះ, ខ្ញុំចាប់ផ្ដើមរៀបគម្រោងការរត់ចេគ។

    ព្រឹកព្រលឹមមួយ, មុនពេលថ្ងៃរះ, ខ្ញុំស្លៀកពាក់ហើយរៀបចំកាតាប។ បន្ទាប់, ខ្ញុំលបចេញពីបន្ទប់គេងរបស់ខ្ញុំយ៉ាងស្ងៀមស្ងាត់ រួចដើរចេញ។

    ប៉ាខ្ញុំកំពុងឈរនៅក្បែរជណ្ដើរ។ គាត់កំពុងតែរង់ចាំខ្ញុំ។

    «ចង់ទៅណាឬ?» គាត់គ្រហែម។

    ខ្ញុំព្យាយាមរត់កាត់គាត់, តែគាត់ពាំងបាំងផ្លូវ។ ខ្ញុំស្រាប់តែបុកគាត់ដោយអចេតនាហើយគាត់ទប់លំនឹងមិនជាប់ ក៏ធ្លាក់ជណ្ដើរទៅក្រោម, ខ្ញុំព្យាយាមចាប់គាត់ដែរ តែបរាជ័យ។

    គាត់ធ្លាក់ទៅដល់ជាន់ក្រោម, ដោយបុកនឹងគ្រប់កាំជណ្ដើររហូតដល់ក្រោមយ៉ាងឈឺចាប់។ ខ្ញុំរត់ទៅជាន់ក្រោមនោះហើយព្យាយាមជួយគាត់, តែឥតប្រយោជន៍ទេ។ ករបស់គាត់បាក់ខ្ទេចអស់ ហើយភ្នែកគាត់បើកសម្លក់មកខ្ញុំក្នុងក្រសែភ្នែកមនុស្សដែលស្លាប់ហើយ។ ខ្ញុំចាប់ផ្ដើមយំយ៉ាងវក់វី។

    ខ្ញុំយំផង រត់ទៅក្នុងផ្ទះបាយផង ដើម្បីទៅយកពូថៅ និងកាំបិត។ ខ្ញុំត្រូវតែធ្វើតាមវិន័យ។ មិនដឹងថាស៊ីប៉ុន្មានថ្ងៃទើបអស់ទៅ, តែខ្ញុំនឹងធ្វើឱ្យបាន៕
    ប៉ាខ្ញុំតែងបង្ខំឱ្យខ្ញុំស៊ីនូវអ្វីដែលខ្ញុំបានសម្លាប់, ហើយថ្ងៃមួយខ្ញុំសម្លាប់កូនឆ្កែ ប៉ាខ្ញុំតែងបង្ខំឱ្យខ្ញុំស៊ីនូវអ្វីដែលខ្ញុំបានសម្លាប់, ហើយថ្ងៃមួយខ្ញុំសម្លាប់កូនឆ្កែ Reviewed by Unknown on 7:33 PM Rating: 5
    Loading...
    Powered by Blogger.