ខ្ញុំរើសបានកូនឆ្កែមួយក្បាល ហើយនៅយប់មួយវាស្រែករំខាន...
ខ្ញុំដើរទៅសាលាបឋមឯកជនមួយដែលនៅក្នុងភូមិនេះ។ មែនហើយ ជីវភាពគ្រួសារខ្ញុំ មិនមែនជាអ្នកមានអីដល់ថ្នាក់ជួលរថយន្តឱ្យមកយកដល់ផ្ទះទេ តែក៏មិនក្រណាស់ណាដែរ ព្រោះក្នុងភូមិនេះក្មេងភាគច្រើនគឺរៀនសាលារដ្ឋ។ ដូចថ្ងៃមុនៗ ខ្ញុំដើរមកសាលាតាមផ្លូវចាក់បេតុងដែលស្ងាត់ច្រៀប ហើយយូរៗម្ដងទើបមានរថយន្ដមួយៗ។បើវាជាផ្លូវមមាញឹកក៏ប៉ាម៉ាក់ខ្ញុំមិនឱ្យដើរតែឯងអីុចឹងដែរ។ផ្លូវនេះខ្ញុំឃើញឡើងចំណាំលេខផ្ទះអស់ទៅហើយ ព្រោះមួយសប្ដាហ៍មាន៦ថ្ងៃដែលខ្ញុំដើរលើផ្លូវនេះ។ ពេលដែលជើងកំពុងតែបោះជំហ៊ានទៅមុខ ក្រសែភ្នែកខ្ញុំក៏ហាក់សម្លឹងឃើញអ្វីម្យ៉ាង។ វាគឺជាកូនឆ្កែតូចមួយ មានរោមស-ខ្មៅ ដែលប្រហែលជាឆ្កែអ្នកម្ដុំនេះទើបតែចិញ្ចឹម។ពេលវាឃើញខ្ញុំ វាក៏គេចចូលក្នុងគុម្ពផ្កាបាត់ ដោយប្រហែលជាមិនទាន់ស៊ាំនឹងមនុស្សនៅឡើយ។ ខ្ញុំមិនខ្វល់ហើយក៏បន្ដដំនើរ ហើយមិនយូរក៏មកដល់សាលា។
ពេលត្រលប់មកពីសាលាវិញ ខ្ញុំនៅតែឃើញកូនឆ្កែគួរឱ្យស្រលាញ់នោះនៅទីនេះដដែល។ ខ្ញុំមិនបានបញ្ចេញកិរិយាអីច្រើនក៏បន្ដដំនើរមកដល់ផ្ទះ។
ថ្ងៃស្អែកឡើង ខ្ញុំឃើញកូនឆ្កែនោះនៅទីនេះដដែល។ លើកនេះវាមិនបានគេចពីខ្ញុំទៀតទេ។ខ្ញុំក្ដក់ហៅវាលេងៗ ហើយវាក៏រត់មករកខ្ញុំដោយបក់កន្ទុយតិចៗ។ ខ្ញុំឈោងដៃប្រុងប៉ះវា តែកូនឆ្កែតូចនេះស្រាប់តែរត់ទៅពួនក្រោយគុម្ពផ្កាសាធារណៈវិញ បញ្ជាក់ថាវាមិនទាន់ទុកចិត្តខ្ញុំនៅឡើយ។
«ខ្ញុំមិនធ្វើអីឯងទេកូនឆ្កែ។»
វាបក់កន្ទុយតិចៗតែនៅមិនហ៊ានចេញពីគុម្ពស្មៅដដែល។
[---]
មួយសប្តាហ៍កន្លងផុតទៅ ខ្ញុំនិងកូនឆ្កែកាន់តែស្នឹទ្ធស្នាលគ្នាយ៉ាងខ្លាំង។ខ្ញុំតែងលេងជាមួយវាបន្តិចនៅមុនពេលទៅសាលា ហើយទិញនំឱ្យវាញ៉ាំជានិច្ចនៅរាល់ពេលចេញពីរៀន។ វាជាកូនឆ្កែអនាថា គ្មានម្ចាស់ចិញ្ចឹមទេ។ខ្ញុំបានដាក់ឈ្មោះឱ្យវាថា “ឌូឌូ” ហើយវាហាក់ពេញចិត្តនឹងឈ្មោះនេះណាស់។
ថ្ងៃមួយ, ខ្ញុំបាននិយាយនឹងវា៖
«ឌូឌូ! ចាំមើខ្ញុំសុំម៉ាក់ខ្ញុំឱ្យអនុញ្ញាតិឱ្យយកឯងទៅនៅផ្ទះខ្ញុំណា។»
វាបក់កន្ទុយជំនួសឱ្យការឆ្លើយតបថា អរគុណ។
មកដល់ផ្ទះ។
«ម៉ាក់!តើកូនអាចចិញ្ចឹមកូនឆ្កែមួយបានទេ?»
«ថីមិនបាន! ផ្ទះយើងកំពុងគ្មានឆ្កែផង តែកូនត្រូវទទួលខុសត្រូវខ្លួនឯងណា។»
«បាទ។»
ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលម៉ាក់អនុញ្ញាតិឱ្យចិញ្ចឹមឆ្កែ។ មិនបង្អង់យូរ ខ្ញុំក៏រត់ទៅយកឆ្កែពីផ្លូវដែលខ្ញុំចំនាំដើរទៅរៀន។ វាមិនជិតនេះប៉ុន្មានទេ តែដោយការស្រលាញ់ បាននាំយកជើងខ្ញុំឱ្យផ្លាស់ទីបានយ៉ាងលឿន។ ឌូឌូ ពេញចិត្តផ្ទះខ្ញុំណាស់ វារត់លេងលើស្មៅ ដែលមានខ្ញុំរត់តាមពីក្រោយ។
យប់ឡើង ប៉ាខ្ញុំឱ្យទុកឌូឌូក្រៅផ្ទះ ព្រោះខ្លាចវាអាចម៌ពិបាកសម្អាត។ នៅពាក់កណ្ដាលយប់ មានភ្លៀងធ្លាក់តិចៗ ហើយបន្ទាប់មកក៏លឺសំលេងឌូឌូស្រែក។វាស្រែកខ្លាំងឡើងៗ ធ្វើឱ្យខ្ញុំលឺសំលេងប៉ាដើរចេញទៅក្រៅ។ ប៉ាវ៉ៃវាយ៉ាងខ្លាំង ហើយមួយសន្ទុះធំលឺសំលេងគាត់ដើរមកបន្ទប់វិញ ដែលលែងលឺសំលេងឌូឌូស្រែកទៀត។
ព្រឹកឡើង ខ្ញុំចេញមកលេងជាមួយឌូឌូ។ វាមិនត្រូវរបួសអីធ្ងន់ធ្ងរទេ។យើងរត់លេងជាមួយគ្នាយ៉ាងសប្បាយ។
យប់បានមកដល់ នៅពេលប៉ាម៉ាក់ និងខ្ញុំចូលគេង ឌូឌូចាប់ផ្ដើមស្រែកឡើង។ វាមិនចង់នៅខាងក្រៅម្នាក់ឯងទេ តែគ្មានជម្រើស, ខ្ញុំមិនអាចនាំវាមកគេងក្នុងផ្ទះជាដាច់ខាត។ វាស្រែកពេញមួយយប់ ហើយព្រឹកឡើង ប៉ាបានគំហ៊កដាក់ខ្ញុំ ហើយបង្គាប់ឱ្យខ្ញុំយកឌូឌូទៅចោល។ ខ្ញុំអានិតវាណាស់នៅពេលដែលវាមើលមុខខ្ញុំហើយបក់កន្ទុយតិចៗ តែគ្មានផ្លូវទេ ប៉ាខ្ញុំជាមនុស្សកាចខ្លាំងណាស់គាត់មិនស្ដាប់នូវការអង្វរករបស់ខ្ញុំទេ ដូច្នេះខ្ញុំត្រូវបង្ខំចិត្តយកវាទៅចោលនៅកន្លែងដ៏ឆ្ងាយដែលឌូឌូមិនដែលទៅ។ ខ្ញុំដាក់វាចុះលើដី ហើយមើលមុខវាមួយភ្លែត មុននឹងចាប់ផ្ដើមរត់មកផ្ទះវិញ។ ពេលកំពុងតែរត់ ខ្ញុំលឺសំលេងឌូឌូរត់តាមពីក្រោយ ខណៈដែលទឹកភ្នែកខ្ញុំនៅបន្ដហូរមកឥតឈប់។ ខ្ញុំរត់ រត់លឿនតាមដែលអាចធ្វើបាន រត់បត់បែនតាមច្រកផ្លូវជាច្រើន។ ឌូឌូមិនអាចតាមខ្ញុំទាន់ឡើយ ហើយទីបំផុត ខ្ញុំក៏លែងឃើញវាជារៀងរហូត៕
ខ្ញុំរើសបានកូនឆ្កែមួយក្បាល ហើយនៅយប់មួយវាស្រែករំខាន...
Reviewed by Unknown
on
9:08 PM
Rating: