បុរសម្នាក់យកអ្វីម្យ៉ាងខ្ចប់ថង់ខ្មៅមកផ្ញើខ្ញុំ ហើយពេលខ្ញុំបើកមើល…
ខេត្តសៀមរាប ដើមឆ្នាំ២០១៦...
ខ្ញុំអង្គុយចុច Facebook អូសចុះឡើងៗកំដរភាពអផ្សុក។ ក្នុង Facebook ដូចជាគ្មានអីពិសេសដើម្បីកម្សាន្តអារម្មណ៍សោះ ក្រៅពី post រូបខ្លួនឯង ក៏គ្រោះថ្នាក់ចរាចរណ៍ ពិតជាគួរឱ្យធុញទ្រាន់ជាទីបំផុត។ ហាងបង្អែមខ្ញុំយប់នេះដូចជាស្ងាត់គ្មាននរណាមករកច្រាស់ច្រំអីដូចរាល់ដងសោះ មែនហើយ លក់មិនដាច់ក៏ល្អដែរ កុំឱ្យហត់ផង។ យប់កាន់តែជ្រៅ ដោយតាមផ្លូវមានសភាពស្ងប់ស្ងាត់ពេក ធ្វើឱ្យខ្ញុំកើតអារម្មណ៍ព្រឺយ៉ាងចម្លែក។ ជាស្រីស្អាតផងបើនរណាដើរមកចាប់រំលោភទៅគិតម៉េច? ^_^ គិតផ្ដេសផ្ដាសពេកហើយខ្ញុំ។ ខ្ញុំអូស Facebook មើលព័ត៌មានក្នុងស្រុកនានាស្រាប់តែឃើញព័ត៌មានដ៏គួរឱ្យព្រឺមួយ។
ក្នុងព័ត៌មានទាន់ហេតុការណ៍ក្ដៅៗនោះសរសេរថាមានគេប្រទះឃើញសាកសពមនុស្សស្រីម្នាក់ក្នុងផ្ទះសំណាក់ ហើយអ្វីដែលគួរឱ្យខ្លាចបំផុតនោះ, សាកសពនោះមិនមានក្បាលទេ គឺក្បាលស្ត្រីនោះត្រូវឃាតករកាត់ហើយយកចេញទៅក្រៅបាត់។ ប៉ូលីសកំពុងតែស្វែងរកចាប់ឃាតករ គឺជាតករដែលយកក្បាលស្ត្រីនោះទៅជាមួយនោះ។ ខ្ញុំខ្លាចជាខ្លាំង។ មនុស្សយើងអីឡូវសាហាវដល់ម្លឹងផងណ៎? សម្លាប់ហើយកាត់ក្បាលយកទៅជាមួយទៀត ពិតជាគួរឱ្យរន្ធត់ខ្លាំងណាស់។ ខ្ញុំងាកមើលជុំវិញ នៅតាមផ្លូវស្ងាត់ឈឹងគ្មានចរាចរណ៍ គ្មានឡានម៉ូតូ គ្មានអ្នកដំណើរដើរកាត់សោះតែម្ដង។
ខ្ញុំបម្រុងនឹងបិទតូបបង្អែមនេះទៅហើយ ស្រាប់តែមានបុរសម្នាក់ដើរចូលមកដោយមានយួរថង់ខ្មៅមួយមកជាមួយផង។ គាត់ដាក់ថង់ខ្មៅលើតុហើយសម្លឹងមុខខ្ញុំ។ ខ្ញុំមិនអាចមើលមុខគាត់ឃើញទេ ព្រោះគាត់ពាក់ម៉ាស់ជិត ឃើញតែរង្វង់ភ្នែកយ៉ាងកំណាចគួរឱ្យខ្លាច។ គាត់អង្គុយចុះលើកៅអីជ័រមួយដោយមិនមាត់សូម្បីតែមួយម៉ាត់។ បន្ទាប់មក, គាត់ដើរទៅបើកធុងទឹកកករបស់ខ្ញុំរួចយកភេស្ជជៈប៉ូវកម្លាំងមួយកំប៉ុងមកផឹក។ ក្នុងពេលនោះ, ខ្ញុំគ្រាន់តែអង្គុយស្ងៀមដោយខ្លាចមិនហ៊ាននិយាយជាមួយគាត់។ អស់មួយសន្ទុះក្រោយ, បុរសនោះងើបឡើងហើយនិយាយមកកាន់ខ្ញុំ, «មួយកំប៉ុងនេះថ្លៃប៉ុន្មាន?»
«ចា អស់២៥០០៛,» ខ្ញុំតប។ គាត់ទាញលុយពីកាបូបហុចឱ្យខ្ញុំហើយដើរចេញទៅព្រមទាំងនិយាយថា, «ខ្ញុំផ្ញើថង់ខ្មៅនេះសិន តិចទៀតមកយក។» ហើយក៏ដើរចេញពីទីនេះទៅយ៉ាងឆ្ងាយរហូតដល់ខ្ញុំលែងមើលគាត់ឃើញ។ មានក្លិនស្អុយបានបង្ហើរមកប៉ះនឹងច្រមុះខ្ញុំ។ ខ្ញុំសម្លឹងមើលទៅថង់ខ្មៅដែលចងមាត់ជាប់នោះ, ក្នុងថង់នោះមានដាក់អ្វីម្យ៉ាង ដូចជា...ដូចជា...
ក្លិនស្អុយបានជះមកម្ដងទៀត ធ្វើឱ្យខ្ញុំដឹងថា វាចេញមកពីថង់ខ្មៅនោះ។ ខ្ញុំព្រឺសម្បុរយ៉ាងខ្លាំងហើយចាប់ផ្ដើមព្រួយ។ ខ្ញុំភ័យណាស់, ប្រសិនបើបុរសនោះជាឃាតករដែលកាត់ក្បាលគេច្រកដាក់ថង់ខ្មៅនេះ? ខ្ញុំប្រញាប់យកទូរស័ព្ទតេទៅប៉ូលីសភ្លាមៗទាំងអារម្មណ៍រន្ធត់។ ខណៈពេលរង់ចាំប៉ូលីសមកដល់, ក្លិនស្អុយដែលចេញពីថង់ខ្មៅច្រកអ្វីម្យ៉ាងនោះនៅតែឈួលមក។ ខ្ញុំទន្ទឹងរង់ចាំហើយបួងសួងឱ្យប៉ូលីសមកដល់មុនបុរសនោះត្រឡប់មកវិញទៅលើកអើយ។ នៅតាមផ្លូវស្ងាត់ខ្លាំងណាស់, ប្រសិនបើនរណាធ្វើឃាតកម្មអ្វីមួយក៏គ្មានអ្នកដឹង។
ទីបំផុត, ប៉ូលីស២នាក់បានមកដល់។ ពួកគាត់ចុះពីម៉ូតូមកហើយដើរមករកខ្ញុំ។
«ជាមុខសញ្ញាឃាតករកាត់ក្បាលស្ត្រីនោះច្បាស់ណាស់លោកប៉ូលីស,» ខ្ញុំនិយាយទៅកាន់ប៉ូលីសដោយចង្អុលទៅថង់ខ្មៅ។ ប៉ូលីសបានដើរទៅក្បែរថង់ខ្មៅនោះហើយស្រាយមាត់ថង់យ៉ាងប្រុងប្រយ័ត្ន។ ហើយទីបំផុត ពួកយើងបានឃើញថា, នៅក្នុងថង់ខ្មៅនោះមានស្បៃក្ដោបស្អុយរលួយមួយដុំ៕
បុរសម្នាក់យកអ្វីម្យ៉ាងខ្ចប់ថង់ខ្មៅមកផ្ញើខ្ញុំ ហើយពេលខ្ញុំបើកមើល…
Reviewed by Unknown
on
8:34 PM
Rating:
