រឿង បន្ទប់ក្រោមដីក្នុងបណ្ណាល័យ (ភាគ២ចប់)


អាឆើតមិនអើពើសួរថាខ្ញុំយ៉ាងម៉េចហើយទេ, ឬមិនសួរពីអ្វីមិនប្រក្រតីឡើយ។ ខ្ញុំគិតថាវាមិនទាំងដឹងផង។ វារវល់តែឱបថើបបំពានខ្ញុំ។
វាមិនអាចឃើញវាឡើយ។ តែខ្ញុំអាច។
វាមានរោមខ្មៅ, ដែលខ្ញុំពិតជាមិនដែលបានឃើញទាល់តែសោះកន្លងមក។ រាងកាយរបស់វាគឺគួរឱ្យខ្លាច, ដើរដោយជើងបួនវែងតូចៗ។ មើលទៅដំណើរវាដូចជាពីងពាង។ រាងកាយវាពិតជាធ្ងន់ ព្រោះជើងវាទាញខ្លួនទៅមុខយឺតៗ, រាងកាយវានៅជាប់ផ្ទាល់នឹងដី។ ខ្ញុំឃើញថាខាងចុងនៃជើងវាគឺស្រួចៗ។
ខ្ញុំស្រែកមិនចេញទេ។ ខ្ញុំចង់ស្រែក តែស្រែកមិនចេញ។
ខណៈដែលខ្ញុំដេកនៅហ្នឹងពីក្រោមការរំលោភ (វាមិនទាន់ដោះសម្លៀកបំពាក់ខ្ញុំអស់ទេ) ខ្ញុំឃើញជើងមុខរបស់វាកំពុងតម្រង់មកយើង។ វាកំពុងយារជើងមករកយើងយ៉ាងយឺតដែលមើលទៅយឺតជាទីបំផុត។ មិនមែនបែបនេះទៀតទេ, ជើងវាស្រាប់តែចាក់ព្រឹបចូលក្នុងខ្នងរបស់អាឆើតធ្លាយមកខាងមុខធ្វើឱ្យឈាមហូរស្រោចពីលើខ្ញុំ។
ខ្ញុំភ័យណាស់។
ភ្នែកអាឆើតបើកធំៗសម្លឹងខំមកខ្ញុំ ហើយគិតថាខ្ញុំជាអ្នកធ្វើបែបហ្នឹង។ តាមពិត, ខ្ញុំភ្ញាក់ផ្អើលដែលឃើញជើងវាដែលធ្លុះសាច់ទ្រូងអាឆើតនោះ។
ពិតជាគួរឱ្យរន្ធត់, ខ្ញុំវារថយក្រោយបន្តិច, ប៉ះនឹងប្រអប់ខ្លះនៅក្រោយខ្ញុំ។
សត្វស្អីនោះទាញអូសរាងកាយនឹងថ្កល់របស់អាឆើតដើម្បីឱ្យខ្លួនវាបានមកកាន់តែជិត។ វាទាញខ្លួនវាមកមុខ។ ឥឡូវខ្ញុំអាចឃើញពោះរបស់វា។ ខ្ញុំមើលទៅរោមវាបង្ហាញធ្មេញពណ៌លឿងកំពុងផុសចេញមកក្រៅ។ វាចេញមកក្រៅធំជាងខ្លួនខ្ញុំទៀត, ហើយខ្ញុំមើលខណៈដែលវាបន្ទាបខ្លួនចុះមកជិតអាឆើត។
ខ្ញុំមិនអាចឃើញច្បាស់ថាធ្មេញទាំងនោះបានធ្វើអ្វីទៅលើអាឆើតទេ, ព្រោះអ្វីភាគច្រើនដែលខ្ញុំអាចឃើញគឺបិទបាំងដោយរូបរាងដែលមានរោមខ្មៅនោះអស់ហើយ, តែខ្ញុំអាចឃើញឈាម។ ឈាមហូរស្រក់មកលើរនាបបេតុងនេះជោគជាំដែលខ្ញុំអាចស្មានពីអ្វីដែលកំពុងកើតឡើងបាន។
ទីបំផុត, អ្វីនោះស៊ីអស់រួចរាល់។ ឆ្អឹងអាឆើតធ្លាក់មកគរលើគ្នា។
ជើងស្អីនោះចាប់ផ្ដើមទាញរាងកាយវាមកមុខ ហើយតម្រង់មកខ្ញុំ។
ទឹកភ្នែកកំពុងហូរមកថ្ពាល់ខ្ញុំ ខណៈដែលខ្ញុំគិតពីអ្វីដែលបានកើតឡើងលើអាឆើត។ ខ្ញុំមិនដែលគិតថាចង់ស្លាប់នោះទេ, តែពេលនេះមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេខ្ញុំ។ ខ្ញុំញ័រញាក់ទទ្រើកហើយប្រអប់នៅក្រោយខ្ញុំក៏រង្គើខណៈដែលស្អីម្យ៉ាងនោះមកកាន់តែជិតខ្ញុំមែនទែន។
វាស្រាប់តែឈប់ពីមុខខ្ញុំ។ ខ្ញុំសម្លឹងរកភ្នែករបស់វា, តែខ្ញុំមិនឃើញភ្នែកវាទាល់តែសោះ។ ខ្ញុំមានអារម្មណ៍ថាវាអាក្រក់ណាស់ពេលវាកំពុងហិតក្លឹនខ្ញុំ។
ហើយបន្ទាប់មក, អ្វីម្យ៉ាងដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើង។ វាគួរឱ្យភ្ញាក់ផ្អើល និងមិនគួរឱ្យជឿ។
វាស្រាប់តែលើកខ្លួនវាឡើងហើយខ្ជាក់កញ្ចប់ផ្លាស្ទីកមួយ។
កញ្ចប់ស្ករគ្រាប់ Skittle។
យើងមិនកម្រើកអស់មួយសន្ទុះ។ សត្វខ្មៅនោះកំពុងចាំឱ្យខ្ញុំធ្វើអ្វីម្យ៉ាង, ហើយខ្ញុំក៏កំពុងចាំធ្វើវាដែរ។ ទីបំផុត, ខ្ញុំតាំងចិត្តទាញយកកញ្ចប់នោះ។
គ្រាន់តែខ្ញុំធ្វើហើយភ្លាម, វាក៏បែរក្រោយហើយទាញខ្លួនវាទៅជ្រុងនួយដែលវាធ្លាប់បានលាក់ខ្លួន។
ខ្ញុំអង្គុយទីហ្នឹងអស់មួយសន្ទុះធំ, សម្លឹងទៅកញ្ចប់នោះ, ហើយបន្ទាប់មកមើលទៅឈាមដែលបាចហូរហៀរពាសពេញ។ ខ្ញុំសម្លឹងព្រមទាំងគិត។
ទីបំផុត, ខ្ញុំងើបឡើង។
ខ្ញុំដើរទាំងញ័រជើងឡើងទៅលើវិញរហូតមកដល់ទូដាក់សៀវភៅ “ព្រះនាងតូច”។ ខ្ញុំជ្រើសសៀវភៅមួយក្បាលហ្នឹង ហើយដើរត្រឡប់ទៅជាន់ក្រោមដីវិញ, ព្រមទាំងលើកកៅអីដែលដួលដោយការរើបម្រះរបស់ខ្ញុំ។ ខ្ញុំអង្គុយចុះហើយ, ខ្ញុំចាប់ផ្ដើមអាន។
វាកន្លងទៅពីរសប្ដាហ៍ដែលម៉ាក់ខ្ញុំជាដាច់អាចត្រឡប់មកធ្វើការវិញបាន។
ខ្ញុំសម្រេចនៅទីនេះបីបួនសប្ដាហ៍ទៀត, អាចជួយម៉ាក់ខ្ញុំពីកិច្ចការប្រចាំថ្ងៃរបស់គាត់បាន។ គាត់តែងធ្វើជាបង្ហើបសួរខ្ញុំពីអ្វីដែលគាត់គិតថាខ្ញុំបានដឹងហើយ។
យប់មួយខណៈដែលយើងកំពុងបិទ, គាត់សួរខ្ញុំ, «តើមានអ្វីកើតឡើងលើនាយឆើត? គាត់តែងមកទីនេះហោចណាស់ម្ដងក្នុងមួយថ្ងៃ ហើយម៉ាក់ខានឃើញគាត់តាំងពីថ្ងៃដែលម៉ាក់ត្រឡប់មកធ្វើការវិញ។»
ខ្ញុំតំអក់, គិតអំពីពេលមួយម៉ោងនោះដែលខ្ញុំចំណាយលើការសម្អាតជាន់ក្រោមដី ដែលមិនឱ្យមានតម្រុយណាមួយអំពី... ហេតុអាក្រក់នោះ។ «ខ្ញុំមិនដឹងដែរម៉ាក់, ប្រហែលគាត់ចេញពីក្រុងនេះបាត់ហើយដឹង?»
«ប្រហែលជាអញ្ចឹងហើយ,» ម៉ាក់និយាយព្រមទាំងមើលមកខ្ញុំយ៉ាងជិត។
បន្ទាប់ពីភាពស្ងប់ស្ងាត់មួយសន្ទុះ, គាត់និយាយ, «យប់នេះកូនឯង ឬម៉ាក់ជាអ្នកអាន?»
ខ្ញុំតបនឹងគាត់ជាមួយស្នាមញញឹមថានឹងប្រាប់គាត់គ្រប់យ៉ាងដែលគាត់ចង់ដឹង។ «ខ្ញុំនឹងធ្វើវាយប់នេះ។ ខ្ញុំចង់អានបញ្ចប់រឿង ព្រះនាងតូច។»
ម៉ាក់ខ្ញុំញញឹម។
ខ្ញុំចង់ត្រឡប់ទៅធ្វើជាអ្នកនិពន្ធវិញ, តែខ្ញុំឥឡូវមិនចង់ចាកចេញពីកិច្ចការបណ្ណាល័យនេះសោះ។
ក្រោយមក, មិនមែនរាល់ថ្ងៃទេដែលអ្នកជួបមិត្តថ្មីៗ។
យើងរីករាយនឹងការការពារដ៏ប្រសើពីសត្វក្រោមដីនោះ, ដែលម៉ាក់ និងខ្ញុំហៅវាថា ជាសត្វការពារបណ្ណាល័យ។ គ្មាននរណាដឹងពីសត្វនោះទេ, ហើយក៏គ្មាននរណាសង្ស័យអ្វីទាំងអស់។
រហូតមកដល់ពេលនេះ។
កន្លងទៅយ៉ាងយូរ, ជីវិតគឺដំណើរការទៅធម្មតាៗនៅបណ្ណាល័យ។ ហើយខ្ញុំក៏នៅតែជាអ្នកនិពន្ធ, ខ្ញុំមកធ្វើនៅស្រុកកំណើតនេះ ហើយជួយធ្វើការក្នុងបណ្ណាល័យជាមួយម៉ាក់។ ម៉ាក់បង្គាប់ឱ្យមើលថែសត្វនោះឱ្យបានល្អបំផុត, ហើយយើងបានយល់ដឹងបីចំណុចពីវា។ ទីមួយ, ស្ករគ្រាប់ដែលវាចូលចិត្តគឺស្ករគ្រាប់ Skittle។ ទីពីរ, វាចូលចិត្តប្រលោមលោកបុរាណ, រឿងណាដែលទាក់ទងនឹងការផ្សងព្រេង។ ទីបី, វាចូលចិត្តលាក់ខ្លួនក្នុងទីងងឹត ហើយជៀសវាងការទាក់ទងជាមួយមនុស្ស។
តែបែបនេះក៏បានផ្លាស់ប្ដូរ បន្ទាប់ពីបណ្ណាល័យត្រូវប្ដូរថ្មី...
ឥឡូវ, ខ្ញុំចូលចិត្តបណ្ណាល័យខ្លាំងណាស់ ដូចម៉ាក់ខ្ញុំដែរ។ ខ្ញុំនឹងនៅទីនេះ។ មានអ្វីជាច្រើនដែលខ្ញុំចូលចិត្តអំពីវា, អាកាសធាតុបង្គួរ, ប្រាសាទជ័រសម្រាប់ក្មេងលេង, រង្វាន់ដែលម៉ាក់ទុកឱ្យក្មេងនៅតុមុខជាដើម។ តែទោះខ្ញុំស្រឡាញ់បណ្ណាល័យខ្លាំងយ៉ាងណាក៏ខ្ញុំនៅតែស្អប់ការពិតដ៏ឈឺចាប់មួយនេះ។
ចង្រៃយក៍។
ពិដានជ្រុះកម្ទេចមករាល់យប់។ ដំបូលលិចទឹកហើយធ្វើឱ្យខូចសៀវភៅជាច្រើនក្បាលរាល់ឆ្នាំ, ហើយទឹកដាមលើជញ្ជាំងឡើងពណ៌ត្នោតអាក្រក់មើលក្រៃលែង។ ជញ្ជាំងប្រែទៅជាប្រផេះដោយភាពចាស់, កាលមុនធ្លាប់តែពណ៌ស។ អគារទាំងមូលនេះទ្រុឌទ្រោមស្ទើនឹងរលំរលាយទៅហើយ តែយើងគ្មានលុយធ្វើអ្វីនោះទេ។
ថ្មីៗនេះ, ភាពចាស់ស្ទើរលំរបស់បណ្ណាល័យយើងត្រូវអ្នកសប្បុរសធម៌ពីរបីនាក់ក្នុងសហគមនេះចាប់អារម្មណ៍, ហើយក៏បរិច្ឆាគប្រាក់ខ្លះៗសម្រាប់ការជួសជុល។ ឱកាសល្អមកដល់ហើយ, ម៉ាក់ខ្ញុំក៏ចាប់ផ្ដើមរៀបចំ។
ម៉ាក់ និងខ្ញុំគឺរីករាយនឹងការផ្លាស់ប្ដូរណាស់ តែយើងមិនដឹងថាសត្វការពារក្នុងបណ្ណាល័យយើងនោះមានអារម្មណ៍យ៉ាងណាឡើយ។ យើងក៏សន្មត់ថាវាមិនដឹងនោះទេ, ព្រោះនៅតែក្នុងជាន់ក្រោមដីគ្រប់ពេលអញ្ចឹងនោះ។
យើងគិតខុសខ្លាំងណាស់។
ដំបូង, គ្រប់យ៉ាងល្អប្រសើរជាធម្មតា។
អ្វីដំបូងដំផុតដែលយើងត្រូវធ្វើគឺជួសជុលដំបូល, ព្រោះវានឹងទប់មិនឱ្យទឹកធ្វើឱ្យខូចអ្វីផ្សេងៗទៀតអំឡុងពេលជួសជុលទីនេះទាំងមូល។ ម៉ាក់ខ្ញុំរីករាយនឹងលទ្ធផលណាស់, ទីបំផុតគាត់មិនបាច់ដាក់ផើងត្រងទឹកលិចពីដំបូលទៀតទេ។
សត្វការពារបណ្ណាល័យយើងប្រហែលជាមិនដឹងទេ។ វានៅពួនសំងំដូចធម្មតា។
កិច្ចបន្ទាប់ដែលយើងធ្វើគឺគាស់ឥដ្ឋការ៉ូចោលដោយចង់ដាក់ព្រំឈើជំនួសវិញ។ ហើយយើងសង្ឃឹមថានឹងទទួលបាននូវសោភ័ណ្ឌភាពថ្មី, ប៉ុន្តែដោយសារគិតឡើងវិញវាមិនសាកសមសម្រាប់ក្បឿងអន់ៗរបស់យើង, យើងក៏ប្ដូរចិត្ត។
គឺពេលដែលម៉ាក់ខ្ញុំចាប់ផ្ដើមសម្គាល់ឃើញពីភាពប្រែប្រួលរបស់សត្វចម្លែកយើង។
រាល់យប់, យើងបន្តទិញស្ករគ្រាប់សម្រាប់សត្វយើង។ ជាធម្មតានៅពេលព្រឹកគឺយើងនឹងឃើញកញ្ចប់ស្ករគ្រាប់ទទេលើរនាបនៃជាន់ក្រោមដី។ យ៉ាងណា, បន្ទាប់ពីពីរបីថ្ងៃនៃការងារយើង, សត្វការពារបណ្ណាល័យមួយនេះចាប់ផ្ដើមធ្វើការ... ស្នើសុំ។
ព្រឹកនោះ, ខ្ញុំចុះទៅក្រោមដើម្បីយកកញ្ចប់ថង់ស្ករគ្រាប់ Skittle ដែលយើងបានទុកពីយប់, តែខ្ញុំរកមិនឃើញសោះ។ ខណៈដែលខ្ញុំរកវា, ខ្ញុំឮសំឡេងសត្វនោះរំកិលខ្លួនពីជ្រុងដែលវាលាក់ខ្លួនមក, ដោយប្រើជើងវែងៗរបស់វា។ វាមើលទៅអស់កម្លាំងណាស់, មើលទៅដូចជាគ្មានកម្លាំងនឹងរំកិលខ្លួនសោះ។ ខ្ញុំចាប់ផ្ដើមព្រួយ។
សត្វការពារបណ្ណាល័យនេះខិតមកជិតខ្ញុំ, ហើយខ្ញុំព្យាយាមធ្វើយ៉ាងណាតាំងអារម្មណ៍ថាមិនខ្លាច, ខ្ញុំដឹងថាវាមិនធ្វើអីខ្ញុំទេ, តែឃើញរូបរាងសត្វស្រដៀងពីងពាងនេះមកកាន់តែជិតចេះតែភ័យតិចៗ។ គ្រាន់តែវាមកដល់ជិតខ្ញុំភ្លាមជ វាខ្ជាក់កញ្ចប់ថង់មកលើរនាប។
បន្ទាប់មក, វារំកិលខ្លួនមកជិតដៃខ្ញុំ, ដូចជាកំពុងសុំអ្វីម្យ៉ាង។
អស់មួយសន្ទុះ, ខ្ញុំមានភាពងឿងឆ្ងល់ណាស់។ ហើយបន្ទាប់មក, អូ, អូ, វាបុកខ្ញុំ។ សត្វការពាររបស់យើងនៅឃ្លាននៅឡើយ។
ខ្ញុំសន្យាជាមួយសត្វការពារនេះថានឹងទៅយកអ្វីមកឱ្យវាស៊ី, ទោះជាខ្ញុំដឹងជាក់ថាវាមិនយល់ពីអ្វីដែលខ្ញុំកំពុងនិយាយ, ហើយខ្ញុំឡើងមកលើវិញដើម្បីពន្យល់ស្ថានការណ៍ប្រាប់ម៉ាក់។ ម៉ាក់ឱ្យលុយខ្ញុំប៉ុន្មានរយដុល្លាដើម្បីទិញស្ករគ្រាប់ឱ្យច្រើន។ ខ្ញុំប្រាកដថាទិញតែម៉ាកណាដែលសត្វការពារនោះចូលចិត្ត។
ម៉ាក់ខ្ញុំ និងខ្ញុំព្យាយាមយ៉ាងខ្លាំងហើយឃើញថាសត្វការពារនេះមិនមែនត្រូវការអាហារច្រើននោះទេ, ជាពិសេសគឺស្ករគ្រាប់ទាំងនេះគ្រប់គ្រាន់សម្រាប់វាហើយ។
ខ្ញុំពិតជា, ពិតជាខុស។ ក្រោយដែលបិទបណ្ណាល័យហើយនៅថ្ងៃនោះហើយវាជាពេលដែលខ្ញុំត្រូវទៅអានឱ្យសត្វការពារស្ដាប់, លើកនេះអានរឿង Hunchback of Notre Dame, ខ្ញុំឃើញកញ្ចប់ស្ករគ្រាប់ទទេទាំងអស់។ ខ្ញុំសម្លឹងមើលស្ទើមិនជឿភ្នែក, ព្រះអើយសត្វការពារស៊ីស្ករគ្រាប់ទាំងអស់ អស់រលីង។
ម៉ាក់ និងខ្ញុំនៅបណ្ណាល័យនាយប់នោះ, ព្រួយបារម្ភថាការដែលសត្វការពារស៊ីច្រើនយ៉ាងនេះនឹងធ្វើឱ្យវាឈឺ។ យ៉ាងណា, គ្រប់យ៉ាងគឺស្ងប់ស្ងាត់ហើយសត្វការពារសំងំពួនក្នុងជ្រុងងងឹតនោះមិនព្រមចេញមកសោះ។ យើងសម្រេចចិត្តថាប្រហែលយើងព្រួយបារម្ភជ្រុលពេកហើយ ហើយក៏ត្រលប់មកធម្មតាវិញនាថ្ងៃបន្ទាប់, ហើយយើងនៅតែចំណាយលុយយ៉ាងច្រើនដើម្បីឱ្យចំណីសត្វចម្លែករបស់ពួកយើង។
ពីរបីថ្ងៃបន្ទាប់, គ្រប់យ៉ាងគឺដូចថ្ងៃមុន។
បន្ទាប់មក, យប់មួយ, មាន... ហេតុមួយទៀតកើតឡើង។
ខ្ញុំកំពុងអានឱ្យសត្វចម្លែកនោះស្ដាប់ ស្រាប់តែវាអូសខ្លួនវាចេញពីជ្រុងម្ដងទៀត។ ខ្ញុំអាចឮសំឡេងខ្លួនវាអូសផ្ទឹបនឹងរនាប, ជើងវែងៗរបស់វាអូសព្យាយាមមកជិតខ្ញុំ។ ខ្ញុំមិនបែរទៅមើលវាទេ, ធ្វើជាមិនភ័យ, ហើយបន្តអានរឿង។ ទីបំផុត, សត្វចម្លែកមកដល់ជិតខ្ញុំហើយដេកលើរនាប។
ជើងមុខវាមួយបានមកប៉ះដៃខ្ញុំតិចៗ, ប៉ះថ្មមៗកុំឱ្យជើងស្រួចៗវាមុតខ្ញុំ។ អស់មួយសន្ទុះ, ខ្ញុំដាក់ដៃលើខ្លួនដែលមានរោមស្រមូវរបស់វា។ ខ្ញុំពិតជាប៉ះថ្មមៗ, ព្យាយាមសម្រួលអារម្មណ៍វា។ វាមើលទៅចូលចិត្តនឹងទង្វើនេះ, ដូច្នេះខ្ញុំចាប់ផ្ដើមអង្អែល។ ខ្ញុំថ្នាក់ថ្នមវាដូចជាកូនឆ្កែ, តែកាយវិការវាដូចជាកូនឆ្មា, ខ្លួនវាធ្ងន់ ពោះឡើងកំប៉ោង។
គឺខ្ញុំចាប់ផ្ដើមឆ្ងល់ថាមានបញ្ហាអ្វីមួយកើតឡើងជាមួយសត្វយើងនេះពិតមែន។
ខណៈនៃការអភិវឌ្ឍបណ្ណាល័យនៅបន្ត, ម៉ាក់ខ្ញុំផ្ដល់ការងារថ្មីទៀតដល់ខ្ញុំ, ថែសំខាន់ទៅលើសត្វការពារបណ្ណាល័យយើង។
គាត់ត្រូវធ្វើការជួសជុល, ពិតណាស់, ដូចជាការលាបថ្នាំជញ្ជាំង, រៀបចំទូសៀវភៅចាស់ ដាក់ទូសៀវភៅថ្មីចូល, ដាក់ផ្ទាំងគំនូរថ្មីៗតាំងលើជញ្ជាំង, ប្ដូរតុមុខថ្មីមួយផង។ គួរឱ្យស្ដាយ, យើងមិនអាចទុកសត្វចម្លែកនោះឱ្យនៅឯកាម្នាក់ឯងទៀតទេ, វាដូចជាត្រូវការអ្នកកំដរវា ហើយវាមិនចង់នៅម្នាក់ឯងក្នុងជាន់ក្រោមដីទេ។ បើវានៅឯកាយូរពេក, ពោះវានឹងអូសកកិតនឹងរនាបបណ្ដាលឱ្យរបកសាច់ពោះវាផង។
ដូច្នេះ, ម៉ាក់ខ្ញុំបានយកគ្រែចាស់មួយដែលធ្លាប់ជារបស់បងប្រុសខ្ញុំកាលគាត់នៅក្មេង មកដាក់ក្នុងជាន់ក្រោមដី។ ខ្ញុំចំណាយគ្រប់ពេលទាំងយប់ទាំងថ្ងៃនៅក្រោមនោះ, អានសៀវភៅ និងឱ្យចំណីសត្វចម្លែកយើង។ វាចូលចិត្តគេងក្បែរខ្ញុំ, ហើយវាពិតជាចូលចិត្តឱ្យខ្ញុំអង្អែលវាណាស់។
ទោះខ្ញុំពេញចិត្តនឹងនៅជាមួយវា, តែអក្បកិរិយារបស់វាដូចជាចម្លែកណាស់ដែលខ្ញុំបារម្ភថានឹងមានហេតុអាក្រក់អ្វីមួយនឹងកើតឡើង។ ម៉ាក់ខ្ញុំក៏មានអារម្មណ៍ថាចឹងដែរ, តែតើយើងធ្វើអីកើត? យើងមិនអាចតេទៅពេទ្យសត្វហើយនិយាយថា, «អាឡូ! សូមពេទ្យមកជួយពិនិត្យបិសាចមួយរស់នៅក្នុងបន្ទប់ក្រោមដីដែលធ្លាប់ស៊ីបុរសម្នាក់។» បាននោះទេ។
គឺថា, សម្រាប់យើង វាមិនមែនជាបិសាចទេ។ តែយើងដឹងថាលើលោកនេះគ្មាននរណាដែលឃើញសត្វចម្លែកបែបនេះទេ។
ដូច្នេះ, ខ្ញុំនៅក្បែរវា, ពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំត្រូវផ្ដល់ផាសុកភាពដល់វា និងធ្វើឱ្យវាសប្បាយចិត្ត។ ខ្ញុំសាកទិញស្ករគ្រាប់ម៉ាកថ្មី, ហើយមើលទៅវាដូចជាចូលចិត្តភ្លក់នូវរសជាតិថ្មីដែរតើ។
តែពេលវេលាកន្លងទៅ, ខ្ញុំចាប់ផ្ដើមសម្គាល់ឃើញអ្វីម្យ៉ាងកំពុងប្រកាសអាសន្ន។
សត្វការពារបណ្ណាល័យរបស់យើងពិតជាធំទៅៗហើយ។
ពេលកន្លងទៅហើយការជួសជុលរបស់យើងបានបញ្ចប់រួចរាល់, ខ្ញុំក៏ចំណាយពេលគ្រប់វេលាក្នុងជាន់ក្រោមដីអស់ពេល៣ខែ។ នៅពេលហ្នឹង, សត្វការពារបណ្ណាល័យពិតជា... គឺថា, ធាត់ខ្លាំងណាស់... ដែលវាមិនអាចលើកខ្លួនវាឡើងទៀតទេ។ ខ្ញុំឃើញវាព្យាយាមទាញខិតខ្លួនវាទៅជិតជ្រុងងងឹតនាយប់មួយ, តែវារំកិលមិនរួចសូម្បីតែបន្តិច។ ហើយវាក៏ដេកលើរនាប, ហើយបើកភ្នែកមើលខ្ញុំតាមភ្នែករបស់វាដែលលាក់ក្នុងរោមស្រមូវដើម្បីឱ្យខ្ញុំជួយ។ ខ្ញុំទៅក្បែរវា, អង្អែលវាហើយច្រៀងបំពេររហូតដល់វាដេកលក់។ ពេលហ្នឹងហើយដែលខ្ញុំដឹងថាវាចូលចិត្តការច្រៀងបំពេរដែរតើ។
ខ្ញុំចេះតែមានអារម្មណ៍ថាអ្វីម្យ៉ាងមិនប្រក្រតីនាយប់នោះ។ អ្វីម្យ៉ាងនឹងកើតឡើង, គ្រាន់តែខ្ញុំមិនដឹងថាជាអ្វី។
ពេលម៉ាក់ខ្ញុំចុះមកក្រោមនេះដើម្បីមកមើលខ្ញុំ, ខ្ញុំប្រាប់ម៉ាក់ពីការសង្ស័យរបស់ខ្ញុំ។ គាត់ក៏ព្រមនៅជាមួយខ្ញុំក្នុងយប់នោះ ហើយជួយខ្ញុំក្នុងការមើលថែរសត្វការពាររបស់យើង។ មើលទៅវាដូចជាចូលចិត្តមានអ្នកកំដរណាស់, ហើយព្យាយាមមកកាន់តែជិតយើង, ហើយខ្ញុំក៏ដណ្ដប់ភួយឱ្យវាកក់ក្ដៅ។
វាប្រហែលជាអធ្រាតយប់ជ្រៅ, ពេលវាចាប់ផ្ដើមកើតឡើង។
សត្វចម្លែករបស់យើងចាប់ផ្ដើមថ្ងួចថ្ងូរយ៉ាងអាក្រក់ស្ដាប់, សំឡេងឮពេញមួយយប់។ ម៉ាក់ និងខ្ញុំខំអង្អែលរោមវា ហើយខ្សឹបប្រាប់កុំឱ្យវាបញ្ចេញសំឡេងបែបនេះ។ យើងព្យាយាមអានឱ្យវាស្ដាប់, តែសំឡេងក៏៏ខ្លាំងឡើងៗលបៀសំឡេងអានរបស់ខ្ញុំបាត់។ ខ្ញុំព្យាយាមធ្វើមុខនឹងន, ដូចជាធម្មតា ទាំងដែលតាមពិតកំពុងភ័យតក់ស្លុត។
ពេលពាក់កណ្ដាលអធ្រាត, សត្វចម្លែកកាន់តែបង្ហាញកាយវិការគួរព្រួយបារម្ភ។ ជើងវាស្ដូកស្ដឹងលើកម្រាលរនាប, ព្យាយាមលើកបែរខ្លួនវា។ ខ្ញុំឃើញអក្បកិរិយាវាចម្លែកណាស់, ពោះវាធ្លាក់យារ។
វាដង្ហក់ដង្ហើមរញីរញ័រ។ ម៉ាក់ខ្ញុំក៏ឃើញចឹងដែរហើយគាត់ទៅជិតវា, លើកពោះវាឱ្យដកដង្ហើមធូរ។ វាគ្រហឹមយ៉ាងខ្លាំង, បង្ហាញចង្គូមស្រួចៗដូចកាំបិត។ ម៉ាក់ខ្ញុំមកអង្គុយជិតខ្ញុំ, ចាប់ដៃខ្ញុំខណៈដែលយើងបន្តអង្អែលរោមវា។
រំពេជនោះ, ម៉ាក់ខ្ញុំនៅស្ងៀមហើយងាកមកខ្ញុំ, គាត់បើកភ្នែកខ្លាំងៗដូចនឹកឃើញអ្វីម្យ៉ាងសំខាន់។
«កូនឯងមិនគិតថា...» គាត់ចាប់និយាយ, តែនិយាយមិនទាន់ចប់ផង, វាក៏កើតឡើង។
សត្វចម្លែកស្រែកខ្លាំងៗ, ខ្ញុំគិតថាបើមាននរណាឮសំឡេងនេះ គេប្រាកដជាតេទៅប៉ូលីស ព្រោះយប់ជ្រៅទៅហើយ។ ហើយរន្ធផ្ចឹតវាក៏បើក។ មើលទៅដូចជារាងកាយវាកំពុងធ្លាយចេញគ្រឿងក្នុង, មាត់ និងធ្មេញវាបើកធំៗឃើញឡើងជ្រៅទៅក្នុង...
... ហើយដូចជាអ្វីម្យ៉ាងកំពុងវិលវល់ក្នុងនោះ។
ខ្ញុំស្រែក ហើយថយចេញ, ភ័យឡើងញ័រខណៈដែលសត្វការពាររបស់យើងដួលទៅលើរនាប។ យ៉ាងណា, ម៉ាក់ខ្ញុំលូកដៃទាំងពីររបស់គាត់ចូលទៅក្នុងមាត់វា, រុកដៃចូលរហូតដល់ត្រឹមក្លៀក។
«ម៉ាក់, កុំ!» ខ្ញុំស្រែក, តែយឺតពេលហើយ។
ម៉ាក់ខ្ញុំទាញដៃគាត់ចេញមកវិញ, អ្វីម្យ៉ាង តូចហើយខ្មៅកំពុងកម្រើកក្នុងដៃគាត់។
«កាស៊ី, មកនេះភ្លាមម៉ោ។»
អើយ, ម៉ាក់ខ្ញុំគួរឱ្យខ្លាចម៉្លេះ? គាត់កំពុងលូកដៃចូលក្នុងមាត់សត្វចម្លែកនេះហើយទាញយកស្អីខ្មៅៗមកកាន់ក្នុងដៃ, ហើយខ្ញុំបង្ខំចិត្តទៅឈរក្រោយគាត់ ព្រោះគាត់ប្រើសំឡេងម៉ឺងម៉ាត់ណាស់ម៉ិញណឹង។
គ្រាន់តែខ្ញុំមកជិតគាត់ភ្លាម, គាត់ហុចស្អីនោះមកខ្ញុំហើយនិយាយ, «យកវាទៅដាក់លើគ្រែហើយមកទីនេះវិញ។ វានឹងនៅមានទៀត។»
ខណៈខ្ញុំប្រញាប់យកវាទៅដាក់លើគ្រែ, ខ្ញុំសម្លឹងទៅអ្វីដែលម៉ាក់ខ្ញុំហុចឱកយខ្ញុំកាន់ហ្នឹង, មិនអាចមើលយល់សោះថាវាជាស្អីឱ្យប្រាកដ។ តែបន្ទាប់មក, ពេលខ្ញុំដាក់វាលើគ្រែ, ជើងទាំងបួនរបស់វារលាហើយខ្ញុំភ្ញាក់ព្រើត។
វាជាប្រភេទសត្វការពារយើងដែរតែវាតូច, ទន់, ខ្សោយ, រោមខ្មៅ, ជើងញ័រៗ។ វាក៏មានមាត់ចំហរដែរតែវាអត់មានធ្មេញទេ ព្រោះមិនទាន់ដុះ។ ពេលខ្ញុំដាក់វាលើគ្រែ, វាក៏ដើរយឺតៗ ហើយក៏នៅស្ងៀម។ វាមិនយំ, វាមិនស្រែករកម្ដាយទេ, មើលទៅដូចជាវាកំពង់រង់ចាំបងប្អូនវាកើតមក។
ពេលហ្នឹងហើយដែលយើងដឹងថាសត្វចម្លែករបស់យើងមិនមែនឈ្មោលទេ គឺជាសត្វញី។
ហើយវាកំពុងតែកើតកូន។
កូនទាំងអស់១០។
មើលទៅដូចជាមិនគួរឱ្យជឿទេដែលកូនច្រើនបែបនេះនៅក្នុងផ្ទៃតែមួយ។ ពេលដែលម៉ាក់ខ្ញុំទាញកូនទី១០ចេញមកក្រៅ, ជើងកូនហ្នឹងញ័រៗហើយក្ដោបតូច តែពេលខ្ញុំយកវាដាក់ក្បែរបងប្អូនវា, វាក៏រលាខ្លួនជាធម្មតាវិញ។
មួយភ្លែតក្រោយមក, ម៉ាក់ខ្ញុំ និងខ្ញុំនៅស្ងាត់ស្ងៀម, ភ្នែកយើងសម្លឹងមើលសត្វចម្លែករបស់យើង និងកូនរបស់វា។
បន្ទាប់ពីសម្រាកមួយសន្ទុះ, សត្វការពាររបស់យើងលើកខ្លួនវាឡើងហើយទៅជិតកូនៗវា។ វាមើលទៅអស់កម្លាំងខ្លាំងណាស់, តែវាមិនសម្រាបទេរហូតដល់វាមកក្បែរកូនៗទាំងអស់របស់វា។ វាឱនជិតកូនៗវាហើយលិឍពួកវារួចផ្ដេកខ្លួនវាក្បែរពួកវា។ ទីបំផុត, ពេលវាឃើញថាកូនទាំងអស់រីករាយ និងមានសុខភាពល្អហើយ, វាក៏សម្រាកយ៉ាងស្កប់ស្កល់។
មើលទៅគួរឱ្យស្រឡាញ់ណាស់, រំជួលចិត្តតែម្ដង... រហូតដល់ខ្ញុំសួរសំណួរឈឺក្បាលមួយថា, «អឹម... ចឹងយើងគួរធ្វើយ៉ាងណាជាមួយសត្វចម្លែកដូចពីងពាងទាំង១១ក្បាលនេះទៅម៉ាក់?»
ម៉ាក់ខ្ញុំនៅស្ងៀម។
កូនសត្វនោះធំធាត់លឿនណាស់, ផ្ដល់ឱ្យនូវភាពរីករាយ ហើយនឹងបញ្ហា។
ពួកវាមានសុខភាពល្អ, ជាកូនសត្វយ៉ាងរីករាយ, ហើយម្ដាយពួកវាក៏រីករាយជាមួយពួកវាដែរ, តែវាហត់ច្រើនណាស់។ ប្រាកដណាស់, ជាន់ក្រោមដីធំ, តែមិនធំដល់អាចឱ្យកូនទាំងអស់នេះនៅបានទេ។ យើងត្រូវតែធ្វើការងារមួយ។
ខ្ញុំ, ពិតណាស់, គ្មានយោបល់នឹងត្រូវធ្វើអ្វីដើម្បីដោះស្រាយ, នែក... ស្ថានការណ៍នេះទេ។ ម៉ាក់ខ្ញុំ, គឺជាប្រភពនៃដំណោះស្រាយ, ហើយបន្ទាប់ពីពីរបីថ្ងៃដែលកូនៗនោះកើតមក, ម៉ាក់ក៏មានគំនិតមួយ។
«កាស៊ី, សត្វចម្លែកនៃបណ្ណាល័យយើងនេះគឺ... ជាអ្នកការពារដ៏ល្អរបស់យើង, មែនទេ?»
ខ្ញុំយល់ស្រប, ទោះជាសំណួរនេះត្រូវតែយល់ស្រប, ហើយគាត់បន្ត, «ហើយកូនគិតថាបណ្ណាល័យផ្សេងទៀតចង់បានអ្នកការពារផ្ទាល់ខ្លួនដែរទេ?»
ភ្នែកខ្ញុំបើកធំៗដោយយល់ការណ៍។ ពេលនេះ, ម៉ាក់ខ្ញុំចាំយោបល់ពីខ្ញុំ។ គាត់មិនបាច់ចាំយូរទេ, ព្រោះគាត់ និងខ្ញុំតែងមានគំនិតដូចគ្នា, ហើយពេលនេះយើងក៏យល់ស្រប។
ពិតហើយ, បណ្ណាល័យដ៏ទៃទូទាំងពិភពលោកត្រូវការអ្នកការពារផ្ទាល់ខ្លួន, ហើយយើងនឹងផ្ដល់ឱកាសឱ្យពួកគេ។
ម៉ាក់ខ្ញុំតេទៅលេខម្ចាស់បណ្ណាល័យនានាដែលគាត់ទុកចិត្ត។ ចាំខ្ញុំប្រាប់, ម្ចាស់បណ្ណាល័យគឺជាអ្នកចេះរក្សាការសម្ងាត់ណាស់, ហើយពួកគេចេះលាក់អាថ៌កំបាំងយ៉ាងល្អ។ ម្ចាស់បណ្ណាល័យដ៏ទៃមិនជឿម៉ាក់ខ្ញុំទេពីដំបូង, តែក្រោយមកក៏ជឿយ៉ាងលឿន។
ឆាប់ៗនោះ, យើងមានអ្នកទទួលយកកូនសត្វចម្លែក៩ហើយ។ យើងទុកមួយ, ព្រោះឱ្យបានជាគ្នានឹងសត្វការពាររបស់យើង កុំឱ្យវាឯកាពេក។
ម៉ាក់ខ្ញុំ និងខ្ញុំបានធ្វើការដឹកជញ្ជូននាពេលយប់។ ខ្ញុំនៅជាមួយនឹងសត្វការពារខណៈដែលម៉ាក់ជួយលើកកូនសត្វទៅឱ្យអ្នកដឹកជញ្ជូន, ហើយយើងអាចផ្ញើទៅបានតែមួយប៉ុណ្ណោះក្នុងមួយយប់។ គាត់ក៏បានផ្ដាំម្ចាស់បណ្ណាល័យទាំងនោះឱ្យមើលថែសត្វចម្លែកឱ្យបានល្អ, ប្រាប់ពីរបៀបឱ្យចំណី និងរបៀបធ្វើឱ្យវាសប្បាយចិត្ត។
ហើយពេលនេះ, នៅប្រទេសនេះ, បណ្ណាល័យទាំងនោះមានសត្វការពារផ្ទាល់ខ្លួនដូចបណ្ណាល័យរបស់យើងដែរហើយ។
ចុះយើង, ឥឡូវយើងមានសត្វការពារពីរក្បាល។
ពិតណាស់, យើងត្រូវតែចំណាំវាទាំងពីរ, ដូច្នេះយើងក៏សម្រេចដាក់ឈ្មោះឱ្យវា។ ម្ដាយវាយើងដាក់ឈ្មោះថា ចូ, ឈ្មោះនេះបានមកពីសៀវភៅរឿងព្រះនាងតូច, ហើយកូនវាយើងដាក់ឈ្មោះថាពីប។
វាទាំងពីរពិតជារីករាយរស់នៅក្នុងជាន់ក្រោមដីណាស់, ចូលែងឯកាទៀតហើយ, ទោះជាម៉ាក់ខ្ញុំ និងខ្ញុំលែងទៅកំដរវាទៀត, ព្រោះវាមានពីបនៅក្បែរ។ ពីបវិញ, ទោះជានៅតូច តែក៏ធំលូតលាស់ហើយមានសុខភាពល្អ និងខ្លាំង។ ពួកវាតែងមកជិតយើងពេលយើងចុះមកជាន់ក្រោមដីនេះ, ហើយវាទាំងពីរចូលចិត្តឱ្យយើងអានរឿងឱ្យស្ដាប់ និងចូលចិត្តឱ្យខ្ញុំអង្អែលវា។
ពិតណាស់, មានរឿងមួយដែលរំខានចិត្តខ្ញុំ, និងម៉ាក់ខ្ញុំ, ទោះជាយើងមិនទាន់និយាយចេញមក។
បញ្ហានោះគឺ...
តើចូផើមដោយរបៀបណា?
ចប់
រឿង បន្ទប់ក្រោមដីក្នុងបណ្ណាល័យ (ភាគ២ចប់)
Reviewed by HeNa
on
7:22 PM
Rating:
