>
  • ទំព័រដើម
  • រឿង បន្ទប់ក្រោមដីក្នុងបណ្ណាល័យ

     
    (ក្មេងអាយុក្រោម១៤ឆ្នាំមិនគួរអានឡើយ)
    ដោយ : វ៉េស រ៉ូណា

    បើកបណ្ណាល័យមួយមិនមែនជារឿងងាយនោះទេ។

    មនុស្សជាច្រើនគិតថាកិច្ចការរបស់ម្ចាស់បណ្ណាល័យគឺងាយស្រួលណាស់ គ្រាន់តែអង្គុយសំកុកអានពេញមួយថ្ងៃ។ ពួកគេមិនដឹងទេថាធ្វើជាម្ចាស់បណ្ណាល័យហត់យ៉ាងណា។ ត្រឹមតែមួយថ្ងៃ, ម៉ាក់ខ្ញុំបង្រៀនខ្ញុំពីរបៀបប្រើកុំព្យូទ័រ, ជួយអ្នកអានរកសៀវភៅដែលគេពេញចិត្ត, បញ្ចូលឈ្មោះសៀវភៅថ្មីរាប់ពាន់ក្បាលទៅក្នុងប្រព័ន្ធកម្មវិធី, រៀបចំសៀវភៅដែលអ្នកខ្ចីគេយកមកសងវិញ, និទានរឿងឱ្យកុមារស្ដាប់, និងរៀបចំបញ្ជី។

    គោលបំណងដែលខ្ញុំកំពុងប្រាប់អ្នកនេះគឺឱ្យអ្នកដឹងថា ដើម្បីបើកបណ្ណាល័យមួយ ត្រូវការមនុស្សដែលមានអារម្មណ៍អត់ធុន និងបទពិសោធន៍ច្រើន, ហើយខ្ញុំមិនមែនជាមនុស្សបែបហ្នឹងឯណា។

    ម៉ាក់ខ្ញុំបានបើកបណ្ណាល័យមួយក្នុងទីក្រុងតូចរបស់យើង ដែលគាត់បើកជិត២០ឆ្នាំមកហើយ។ គាត់ពិតជាធ្វើការរបស់គាត់បានល្អណាស់, ហើយនេះជាមូលហេតុតែមួយគត់ដែលក្នុងក្រុងនេះនៅមានបណ្ណាល័យ។ គួរឱ្យស្ដាយ, នេះមានន័យថា វាពិតជាពិបាកណាស់នឹងការជំនួសការងារគាត់, ទោះទើបតែត្រឹមរយៈពេលខ្លី, តាំងពីគាត់ធ្លាក់ពីកាំជណ្ដើរជាន់ក្រោមដី ហើយបាក់ជើង។

    ខ្ញុំមានការចម្លែកចិត្តខ្លះដែរកាលដែលគាត់តេហៅខ្ញុំឱ្យមកផ្ទះ។ ខ្ញុំជាអ្នកនិពន្ធសេរីម្នាក់, ដូច្នេះចង់មកលេងផ្ទះពេលណាក៏គ្មានបញ្ហា។ អ្នកគួរតែយល់ហើយ, ទោះយ៉ាងណា, ខ្ញុំមិនងាយមកលេងផ្ទះជាស្រុកកំណើតនេះសោះ។

    «ម៉ាក់ចង់ឱ្យកូនឯងមើលការខុសត្រូវក្នុងបណ្ណាល័យសិន ទម្រាំម៉ាក់អាចធ្វើការវិញបាន។»

    ពេលម៉ាក់ខ្ញុំនិយាយបែបហ្នឹង, វាជាបញ្ហាធំសម្រាប់ខ្ញុំ។ កែវភ្នែករបស់គាត់បង្ហាញពីភាពជឿច្បាស់ថាខ្ញុំនឹងព្រមតាមសំណើរគាត់។

    ជាកូនស្រីម្ចាស់បណ្ណាល័យ, ខ្ញុំដឹងច្បាស់ជាងគេថាកិច្ចការរបស់គាត់ពិបាកយ៉ាងណា។ ខ្ញុំនៅក្បែរគាត់ហើយនិយាយ, «មិនអាចទេម៉ាក់! ខ្ញុំមិនចេះបញ្ចូលឈ្មោះសៀវភៅផង, ខ្ញុំមិនចេះប្រើប្រព័ន្ធកម្មវិធីផង...»

    ម៉ាក់លើកដៃគ្រវីយឺតៗ។

    «វាមិនមែនជាបញ្ហាអីទេ, កូនឯងមិនបាច់បញ្ចូលឈ្មោះសៀវភៅអីទេ។ កូនគ្រាន់តែពិនិត្យវា, ដូចដែលកូនធ្លាប់ធ្វើពីមុននឹង។ អ្នកគ្រប់គ្រងបណ្ណាល័យផ្សេងមួយមកពីរាជធានី នឹងមកទីនេះរាល់មួយសប្ដាហ៍ម្ដងដើម្បីបញ្ចូលឈ្មោះសៀវភៅថ្មី ឬជួយនូវបញ្ហាអ្វីដែលកូនមាន។»

    ខ្ញុំនៅតែចង់តវ៉ានឹងគាត់, តែខ្ញុំក៏សុខចិត្តស្ងាត់មាត់, ព្រោះគ្រប់យ៉ាងដែលគាត់និយាយគឺជាការពិត។ «ចំណុចសំខាន់, ម៉ាក់ចង់ឱ្យកូនបម្រើភ្ញៀវអ្នកអាន។ ជួយគេក្នុងការរកសៀវភៅ, ជួយស្រាវជ្រាវគេ, ហើយត្រូវបើកកុំព្យូទ័រទុកចោលជានិច្ច។»

    «ម៉ាក់ក៏ដឹងដែរថាខ្ញុំមិនអាចធ្វើវា, មែនទេ?» ខ្ញុំនិយាយធ្វើមុខក្រញូវ។

    ម៉ាក់ញញឹម។ «មើលចុះ, ម៉ាក់ដឹង។ តែត្រឹមតែពីរបីសប្ដាហ៍តើ ទម្រាំជើងម៉ាក់ជាឡើងវិញ។ ម៉ាក់គ្រាន់តែចង់ឱ្យកូនធ្វើវាបន្តដំណើរការ។ បើគ្មានអ្នកធ្វើទេ ម៉ាក់ត្រូវជួលគេ។ ហើយកូនឯងដឹងច្រើនជាងគេពីកិច្ចការក្នុងងារជាម្ចាស់បណ្ណាល័យ។ កូនពិតជាអាចធ្វើបាន។»

    ខ្ញុំនៅតែធ្វើមុខក្រញូវដាក់ម៉ាក់, តែម៉ាក់នៅតែញញឹមផ្ដល់កម្លាំងចិត្ត។ ខ្ញុំដកដង្ហើមធំ ស្រងាកចិត្តនឹងការងារមួយនេះ។ មានកំណត់សម្គាល់ច្រើនណាស់ដែលខ្ញុំត្រូវចំណាំ។ គ្រាន់តែខ្ញុំអាន៤ទៅ៥សន្លឹកដំបូង, ខ្ញុំបានដឹងស្រាប់ទៅហើយថាខ្ញុំនឹងបរាជ័យធ្វើកិច្ចការនេះ។

    «ធ្វើវាឱ្យល្អបំផុត, កូននឹងមិនអីនោះទេ,» គាត់និយាយ។

    គឺពិតមែនហើយ។

    ថ្ងៃដំបូងនៅបណ្ណាល័យគឺគួរឱ្យធុញណាស់, លាយឡំនឹងភាពស្មុគស្មាញ។

    ខ្ញុំធ្វើតាមការណែនាំរបស់ម៉ាក់ក្នុងក្រដាស, តែវានៅតែមិនងាយស្រួល។

    *ត្រូវចាំថាកូនត្រូវនិទានរឿងឱ្យក្មេងស្ដាប់នៅពេលព្រឹក។ គឺត្រូវចាប់ផ្ដើមនៅចំម៉ោង៩ព្រឹក។*

    ជាធម្មតាខ្ញុំចូលចិត្តក្មេងណាស់, តែមិនមែនក្នុងងារជាអ្នកមើលថែវានោះទេ។ ហើយពួកវាមិនដែលឈប់ជជែកគ្នាសោះ។ ខ្ញុំចំណាយពេល១៥នាទីទម្រាំអានរឿងរូបភាពឡប់ៗ៤ទំព័រដែលខ្ញុំជ្រើសយកមកអានចប់។

    *ត្រូវបើកកម្មវិធីកម្ចាត់មេរោគតាមកុំព្យូទ័រនីមួយៗនៅថ្ងៃត្រង់។, បើមួយមិនអី, ក៏នៅមានអាផ្សេងទៀតដែលមានមេរោគ, ធ្វើតាមម៉ាក់ប្រាប់ទៅ។*

    ពិតណាស់, វាគឺជាសំណាងរបស់ខ្ញុំហើយដែលកុំព្យូទ័រទាំងអស់គាំងខ្ទេចនៅថ្ងៃដំបូងដែលខ្ញុំធ្វើការ។ ខ្ញុំទាក់ទងអ្នកខាង IT ម្នាក់មកជួសជុល, តែគ្មានបានការស្អីសោះ។

    «ខ្ញុំពិតជាអាចជួសជុលបានក្នុងសប្ដាហ៍នេះ,» គាត់និយាយ។ អូ, ល្អតើ។ ធ្វើការអត់កុំព្យូទ័រមួយសប្ដាហ៍។ ខ្ញុំមិនចាំថាបាននិយាយអ្វីខ្លះជាមួយគាត់ទេ, តែការឆ្លើយតបរបស់ខ្ញុំគឺកាចល្មមឱ្យគាត់ជួសជុលឱ្យបានក្នុងពេលប៉ុន្មានម៉ោង។ គាត់មិនមើលមុខខ្ញុំទេខណៈដែលជួសជុលកុំព្យូទ័រទាំងឡាយ។

    *អ្នកអានខ្លះត្រូវការជំនួយពីការស្រាវជ្រាវ - ជួយគេតាមដែលកូនអាចធ្វើបានទៅ។*

    ទោះជាម៉ាក់បានបង្កើត វេបសាយ មួយហើយក៏ពិបាកក្នុងការរកមនុស្សទាំងនេះដែរ។

    «លោកយាយទួតខ្ញុំឈ្មោះអីុត។ តើអាចរកគាត់ឱ្យខ្ញុំបានទេ?»

    «ខ្ញុំនឹងព្យាយាម។ គាត់មានត្រកូលអ្វីដែរ?»

    «អូ, ខ្ញុំមិនប្រាកដទេ, តែខ្ញុំដឹងថាគាត់នៅផ្ទះពណ៌ក្រហមមួយ។»

    «...ចា។ មានអ្វីបន្ថែម?»

    «គាត់គឺជាមេធ្មប់។ ខ្ញុំចង់បានសៀវភៅមន្តអាគមរបស់គាត់។»

    «...ចាស។» ឆ្គួតមែនកូននេះ។

    *ក្មេងខ្លះនឹងមករកសៀវភៅសម្រាប់សាលារបស់វា។ ពួកគេមានកម្មវិធីអាននៅសាលា ហើយពួកគេអាចរកចំណូលបានដោយការអានសៀវភៅក្នុងកម្រិតនីមួយៗ។ ត្រូវច្បាស់ថាជួយរកសៀវភៅល្អៗដល់ពួកគេហើយសមស្របនឹងអាយុ និងកម្រឹតនៃការអាន។*

    «ស្អីគេ? កូនប្រុសខ្ញុំមិនគួរអានសៀវភៅទ្រនិចនាឡិកាទឹកក្រូច?!» នារីម្នាក់ស្រែកជំទាល, ដៃគោះតុបណ្ណាល័យ។ កូនប្រុសអាយុ៨ឆ្នាំរបស់គាត់ឈរឆ្ងាយពីគាត់បន្តិច, កំពុងរកសៀវភៅកីឡា។

    «គឺវាមិនសាកសមនឹងអាយុរបស់គាត់ទេ អ្នកស្រី។»

    «អញចង់ប្រាប់នាងឯងថាកូនអញវាឆ្លាតណាស់ ហើយចង់អានស្អីក៏មិនទើសក្បាលនាងឯងដែរ។»

    «លោកស្រីហ្អា, ពាក់កណ្ដាលនៃខ្លឹមសារសៀវភៅនេះគឺនិយាយពីការរំលោភ, ហើយពាក់កណ្ដាលទៀតនិយាយពីការធ្វើឃាតកម្ម,» ខ្ញុំនិយាយដោយបាត់បង់ការទប់ចិត្ត។

    «ស្អី?» គាត់ជំទាល, គប់សៀវភៅមកកន្លែងតុគិតលុយយ៉ាងកោងកាច។ «តើសាលាចង់ឱ្យសិស្សអានបែបនឹងដោយរបៀបណា?! ហើយហេតុអីបានជានាងឯងមានសៀវភៅទាំងនោះនៅទីនេះ?»

    គឺដូចដែលខ្ញុំប្រាប់ហ្នឹងហើយ។ ថ្ងៃដំបូងគឺពិបាក និងរញ៉េរញ៉ៃ។ ថ្ងៃបន្ទាប់ៗមកដូចជាមិនសូវអីទេ។

    មានការណែនាំ... ចម្លែកៗខ្លះៗដែលម៉ាក់ខ្ញុំប្រាប់មុនពេលឱ្យខ្ញុំមកធ្វើការនៅបន្ទប់ក្រោមដី។ វាចម្លែកណាស់, ពិតហើយ, ដែលខ្ញុំស្ទើតែសួរពេទ្យទៅហើយថាម៉ាក់ខ្ញុំមានបញ្ហាខួរក្បាលឬអត់, ព្រោះគាត់ពិតជានិយាយប្លែកៗ។ គឺអញ្ចឹង។

    «រាល់យប់បន្ទាប់ពីកូនចាក់សោរហើយ, ចុះទៅបន្ទប់ក្រោមដីក្នុងបណ្ណាល័យ។ ត្រូវតែយកសៀវភៅណាមួយទៅជាមួយ, សៀវភៅអីក៏បាន។ បន្ទាប់មក, កូនត្រូវអង្គុយនៅទីនោះហើយអានរឿងឮប្រហែលហោចណាស់កន្លះម៉ោង។»

    ខ្ញុំសម្លឹងទៅម៉ាក់ទាំងធ្វើភ្នែកព្រិចៗ, ម៉ាក់ធ្វើមុខមាំដាក់ខ្ញុំ។

    «អឹក... ខ្ញុំត្រូវថតសកម្មភាពទាំងនោះដែរទេ?»

    «មិនបាច់ទេ, កុំព្រួយ។ គ្រាន់តែចុះទៅហើយអាន។»

    «ម៉ាក់, នៅក្រោមហ្នឹងគ្មានអ្វីទេ។» វាពិតហើយ, នៅជាន់ក្រោមបន្ទប់ក្រោមដីនោះគឺសុទ្ធតែធូលី, ជាមួយនឹងកម្រាលទទេ ហើយនឹងរបស់ប្រើប្រាស់ឥតបានការខ្លះៗដែលម៉ាក់មិនដែលយកទៅចោល ដោយសារប្រហែលមានមូលហេតុចម្លែកខ្លះៗ។

    «មិនមែនជាបញ្ហាទេថានៅទីនោះមានអ្វី ឬមិនមាន។ កូនត្រូវធ្វើតាមម៉ាក់ប្រាប់។ យល់ទេ?»

    គាត់មិនងាយលេងសើចនឹងខ្ញុំទេ, ដូច្នេះខ្ញុំក៏ងក់ក្បាលទទួលព្រម, សរសេរទុកក្នុងក្រដាសខ្លាចភ្លេច។ គាត់ក៏សម្រាក។

    «ត្រូវប្រាកដថាកូនបានចាក់សោរហើយមុននឹងចាកចេញ, តែមិនបាច់បិទភ្លើងមួយដែលនៅតុមុខទេ។ បើកូនចាំបាន, ចូរទុកស្ករគ្រាប់ខ្លះនៅទីហ្នឹងទៅ។» គាត់ដឹងថាខ្ញុំចម្លែកចិត្ត ទើបគាត់និយាយបន្ថែម, «ម៉ាក់ដឹងថាទាំងនេះស្ដាប់ទៅចម្លែកណាស់, តែវាសំខាន់ណាស់សម្រាប់ម៉ាក់។ យល់ទេ?»

    ខ្ញុំមិនដឹងថាម៉ាក់ខ្ញុំគាត់មានបញ្ហាអីទេ, ឬមួយក៏ខួរក្បាលគាត់មិនបានលំហែយូរពេក។ តែគាត់មើលមកខ្ញុំក្នុងកែវភ្នែកដូចជាវាជាកិច្ចការសំខាន់បំផុតសម្រាប់ខ្ញុំត្រូវធ្វើ ដូច្នេះខ្ញុំក៏ងក់ក្បាលម្ដងទៀតព្រមទាំងនិយាយ «ចាសម៉ាក់!»។

    ការអនុវត្ត, យ៉ាងណា, គឺមិនងាយស្រួលជាងការគិតទេ។ ដោយសារខ្ញុំមិនចូលចិត្តចុះទៅជាន់ក្រោមដីសោះតែម្ដង។

    យប់ដំបូងដែលខ្ញុំចុះទៅ, ខ្ញុំយកសៀវភៅ copy គឺសៀវភៅ Wuthering Heights សៀវភៅមួយដែលខ្ញុំចូលចិត្ត, ហើយក៏ចុះជណ្ដើរ, បើកភ្លើងខណៈដែលកំពុងចុះ។ មានអំពូលតែមួយប៉ុណ្ណោះក្នុងជាន់ក្រោមដី, អំពូលភ្ជាប់ទៅនឹងពិដានជះពន្លឺទៅជញ្ជាំងបណ្ដាលឱ្យឃើញស្នាមប្រេះរកេចរកុច។ ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងមាននរណាមើលមកខណៈដែលខ្ញុំអង្គុយលើកៅអីមួយដែលម៉ាក់បានទុកវានៅទីនោះ។

    ខ្ញុំអង្គុយស្ងៀមហើយគ្រហែមបំពង់ក។ វាចម្លែកណាស់ដែលចុះមកទីនេះតែម្នាក់ឯង។ ខ្ញុំពិតជាមិនចូលចិត្តវាទេ។ តែខ្ញុំមានកិច្ចមួយត្រូវធ្វើ, ដូច្នេះខ្ញុំក៏ដាក់ម៉ោងរោទិ៍ក្នុងទូរស័ព្ទកំណត់៣០នាទីហើយចាប់ផ្ដើមអាន។ 

    ខ្ញុំញ័រសំឡេងខ្លះដែរពេលដែលចាប់ផ្ដើមដំបូង, ពាក្យពេជញ័រទទ្រើកចេញពីមាត់ខ្ញុំ, តែក្រោយដែលខ្ញុំតាំងអារម្មណ៍ឃើញថាអ្វីៗគ្មានបញ្ហាអីហើយ, សំឡេងខ្ញុំក៏លាន់ឡើងយ៉ាងរណ្ដំក្នុងជាន់ក្រោមដីនេះ។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ប្លែក, ដែលខ្ញុំបង្កសំឡេងក្នុងភាពស្ងប់ស្ងាត់យ៉ាងនេះ។ ដូចជាមិនត្រូវសោះ។ ខ្ញុំមានអារម្មណ៍ថាក្រឡើតញ័រខ្លាំងក្នុងបំពងក ហើយខ្ញុំក៏ចាប់ផ្ដើមមិនខ្វល់ពីការណែនាំរបស់ម៉ាក់ខ្ញុំ។ ខ្ញុំឆ្គួត។ នេះគឺឆ្គួតឡប់។ ហើយខ្ញុំពិតជាឆ្គួតដែលធ្វើរឿងឡប់ៗបែបនេះ។ ឆ្គួតមែនទែន។
     
    ខណៈដែលខ្ញុំបន្តអាន, ខ្ញុំចាប់ផ្ដើមយល់អារម្មណ៍ថានរណាម្នាក់កំពុងសម្លឹងមកខ្ញុំ។ ខ្ញុំពិតជាមានអារម្មណ៍ថាបែបហ្នឹងមែន។ ខ្ញុំមានន័យថា, ខ្ញុំកំពុងអង្គុយក្នុងជាន់ក្រោមដីចាស់ដ៏គួរឱ្យខ្លាចនេះ, តែម្នាក់ឯងជាមួយនឹងអំពូលមួយ, សំឡេងខ្ញុំលាន់ឡងពីជញ្ជាំងស៊ីម៉ង់ដែលប្រេះៗ។ អ្វីៗគឺធម្មតាទេ តែខ្ញុំនៅតែមានអារម្មណ៍ខ្លាច, ដែលខ្ញុំគិតថាខ្ញុំមិនមែនកំពុងនៅម្នាក់ឯងទេ។
     
    ធម្មតាៗ, តែវាមិនមែនដូចអ្វីដែលខ្ញុំចង់បានទេ។

    ខ្ញុំភ្ញាក់ព្រើតពេលទូរស័ព្ទរោទិ៍ឡើង, វាមានន័យថាអស់រយៈពេល៣០នាទីមកហើយ។ ខ្ញុំដកដង្ហើមធំ, ហើយរៀបចំរបស់របរយ៉ាងស្ងាត់រួចរត់ឡើងទៅលើវិញ, តែស្រាប់តែមានអារម្មណ៍ថាអ្វីម្យ៉ាងកំពុងតែរត់ចេញម៉ោហើយទាញខ្ញុំទម្លាក់ទៅវិញ បើខ្ញុំមិនមានការប្រុងប្រយ័ត្ន។

    ខ្ញុំបិទទ្វារបន្ទប់ក្រោមដី ហើយរត់ចូលទៅបណ្ណាល័យ, រៀបចំអ្វីគ្រប់យ៉ាងយ៉ាងលឿនតាមដែលអាចធ្វើបាន។ ខ្ញុំបើកភ្លើងទុកចោលនៅតុមុខ។ ខ្ញុំបានទៅទិញស្ករគ្រាប់មួយកញ្ចប់, ហើយក៏ទុកវាលើតុ។ ប្រហែលជាទុកសម្រាប់អ្វីមួយហើយមើលទៅ។ ខ្ញុំនៅញ័រមិនបាត់សោះ។

    ខ្ញុំរត់ទៅទ្វារមុខហើយចាក់សោរ, ពិនិត្យហើយពិនិត្យទៀតដើម្បីប្រាកដថាចាក់ជាប់ហើយ។ ខ្ញុំមិនកុហកទេ, ខ្ញុំធូរទ្រូងណាស់បន្ទាប់ពីចាក់សោរហើយ, ព្រោះមានអារម្មណ៍ថារួចផុតពីក្រោមបន្ទប់ក្រោមដីពី... អ្វីម្យ៉ាង។

    ខ្ញុំចំណាយពេល១០នាទីទម្រាំខ្ញុំអាចឈប់ភ័យហើយឡើងទៅម៉ូតូរួចជិះទៅផ្ទះម៉ាក់ខ្ញុំ, ដែលម៉ាក់ និងប៉ាបានរៀបចំបន្ទប់មួយសម្រាប់ខ្ញុំគឺដើម្បីឱ្យខ្ញុំស្នាក់នៅអំឡុងពេលមកធ្វើជាអ្នកគ្រប់គ្រងបណ្ណាល័យ។ ប៉ានៅមន្ទីរពេទ្យជាមួយម៉ាក់, ហើយមិនទាន់មកផ្ទះនៅឡើយ, ដូច្នេះខ្ញុំនៅផ្ទះម្នាក់ឯង។ ខ្ញុំផឹកស្រវឹងយប់នោះ, ដោយយកស្រារបស់ប៉ាមកផឹកយ៉ាងឆ្ងាញ់។ ខ្ញុំចុចកុំព្យូទ័រលេងហើយបើកភ្លើងព្រមទាំងដណ្ដប់ភួយជុំវិញខ្លួនខ្ញុំ។

    គឺថាវាជាថ្ងៃដែលបានធ្វើកិច្ចការដ៏អាក្រក់បំផុតសម្រាប់ខ្ញុំ។

    សប្ដាហ៍ដំបូងគឺធម្មតាៗ។

    កាលពីថ្ងៃអង្គារ, ខ្ញុំធ្វើឱ្យកូនក្មេងម្នាក់យំខណៈកំពុងនិយាយរឿងឱ្យវាស្ដាប់។ កាលថ្ងៃពុធ, អ្នកអានម្នាក់លួចបើកកុំព្យូទ័រមើលរឿងអាសអាភាស។ កាលថ្ងៃព្រហ័ស្បត្តិ, ស្ទាវម្នាក់ធ្វើសកម្មភាពយ៉ាងអាស, សំណាងអីខ្ញុំគំរាមថាតេហៅប៉ូលីសខណៈដែលអាហ្នឹងវាកំពុងសាប់*****របស់វាឱ្យរឹង។ កាលថ្ងៃសុក្រ, វាភ្លៀងខ្លាំងៗហើយដំបូលធ្លាយហូរជ្រាបទឹក, ធ្វើឱ្យសៀវភៅល្អៗមួយចំនួនខូចអស់។
     
    អ្វីដែលស្រួលជាងមុនគឺ, ជាន់ក្រោមដី។

    កាលដំបូងខ្ញុំបានឆ្ងល់ថាហេតុអីបានជាម៉ាក់ប្រើខ្ញុំឱ្យធ្វើរឿងចម្លែកៗបែបនេះ។ វាដូចជាគាត់បានលាក់វិញ្ញាណ ឬអ្វីម្យ៉ាង... កាលដែលខ្ញុំជួបផ្ទាល់ទើបដឹងការពិត។ ម៉ាក់ខ្ញុំ, អ្នកដឹងទេ? គាត់ជឿស៊ុបលើខ្មោច។ ក្នុងបណ្ណាល័យនេះគឺតែងមានបញ្ហានានា, ដូចជាសុខៗដាច់អំពូលភ្លើង, សុខៗក៏ខូចកុំព្យូទ័រ។ល។ ហើយគាត់ប្រាកដជាជឿថាអ្វីដែលកើតឡើងទាំងនេះគឺដោយសារខ្មោចលង។ ប្រហែលគាត់គិតថា បើគាត់អានរឿងឱ្យវាស្ដាប់, ទិញស្ករគ្រាប់ឱ្យវាស៊ី, អ្វីៗនឹងល្អប្រសើរ។

    បន្ទាប់ពីនោះ, ខ្ញុំក៏លែងខ្លាចអីទៀត។

    ខ្ញុំចាប់ផ្ដើមស្រមើស្រម៉ៃថា “ស្អីម្យ៉ាង” ដែលម៉ាក់ខ្ញុំធ្លាប់ទាក់ទងនោះចូលចិត្តរឿងនិទាន “ព្រះនាងតូច” ដូចខ្ញុំដែរ។ ខ្ញុំជ្រើសយកសៀវភៅណាដែលគិតថាវាចូលចិត្ត (គឺអានសៀវភៅណាដែលជាចំណូលចិត្តខ្ញុំ) ហើយដាក់អារម្មណ៍បន្ថែមទៅលើការអាន។ ពេលខ្លះ, ខ្ញុំធ្វើជានិយាយជាមួយវាទៀតផង។

    ទីបំផុត, ខ្ញុំចាប់ផ្ដើមជឿថាវាពិតជានៅទីនោះមែន។

    វាចាប់ផ្ដើមដោយស្ករគ្រាប់។ គឺរាល់ការស្នើរបស់ម៉ាក់, ខ្ញុំតែងទិញអ្វីៗសម្រាប់វា។ ខ្ញុំចាប់ផ្ដើមទិញសូកូឡា, ហើយខ្ញុំយកវាទៅចោលនៅពេលព្រឹក។ មានយប់មួយខ្ញុំបានទុកស្ករគ្រាប់Skittleមួយកញ្ចប់ (ស្ករគ្រាប់ៗដូចថ្នាំពេទ្យ), ហើយព្រឹកបន្ទាប់វាក៏បាត់ទៅ។ ខ្ញុំស្វែងរកក្នុងបណ្ណាល័យ, រកមើលស្ករគ្រាប់នោះ, តែវាគឺ... បាត់ទៅហើយ។ បន្ទាប់ពីនោះ, ខ្ញុំចាប់ផ្ដើមទិញស្ករគ្រាប់ម៉ាកផ្សេងៗ ចង់ឃើញថាខ្ញុំទទួលបានលទ្ធផលប្លែកពីមុនអត់។ សូកូឡាគឺតែងតែនៅដដែល, តែស្ករគ្រាប់តែងបាត់ទៅរាល់ថ្ងៃបន្ទាប់។

    បន្ទាប់ពីប្រហែលជាបីសប្ដាហ៍ក្រោយមក, ខ្ញុំសម្រេចថា, គឺ, វាមានពិតមែន, ហើយខ្ញុំចាប់ផ្ដើមយល់ពីសកម្មភាពរបស់វា។

    ប្រហែលមើកទៅខ្ញុំហាក់ដូចជាឆាប់ជឿលើរឿងនេះពេកហើយ។

    យ៉ាងណា, វាមិនមែនមានខ្មោចណាលងមនុស្សរាល់ថ្ងៃនោះទេ គឺមិនដែលឮនរណានិយាយសោះ។ ពិតណាស់, ខ្ញុំមិនដែលឃើញវាផ្ទាល់ភ្នែកទេ។ ខ្ញុំគ្រាន់តែស្រមើស្រម៉ៃថាវាប្រាកដជានៅទីនេះ។ សម្រាប់ខ្ញុំ, វាដូចជាល្បែងមួយដែលខ្ញុំត្រូវលេងធ្វើជាជឿថាមានពិតមែន។ វាសប្បាយណាស់, ទោះជាចម្លែកបន្តិចក៏ដោយ។

    គ្រប់យ៉ាងបានផ្លាស់ប្ដូរនាយប់មួយដែលបន្ទាប់ពីខ្ញុំបានបិទហាងហើយ។

    អ្នករាល់គ្នាក៏ដឹងដែរថាបណ្ណាល័យនេះបិទនៅម៉ោង៨យប់រៀងរាល់ថ្ងៃព្រហស្បត្តិ៍ (ហើយពេលហ្នឹងជាថ្ងៃព្រហស្បត្តិ៍)។ វាគឺម៉ោង៨កន្លះទៅហើយ ហើយខ្ញុំកំពុងតែជ្រើសរើសសៀវភៅមួយដែលខ្ញុំសម្រេចយកទៅអានឱ្យស្រីវ័យក្មេងក្នុងបន្ទប់ក្រោមនោះស្ដាប់, ស្រាប់តែខ្ញុំឮសំឡេងកណ្ដឹងនៅលើទ្វារមុខ ហើយនរណាម្នាក់ដើរចូលមកក្នុងបណ្ណាល័យ។ 

    ពេលហ្នឹងខ្ញុំមិនទាន់ចាក់សោរទ្វារផង, ព្រោះ... ខ្ញុំគិតថាមិនដឹងប្រញាប់ចាក់ធ្វើអីផង។ ខ្ញុំដឹងថាអ្នកគិតថាខ្ញុំឡប់ៗ, តែកុំគិតអញ្ចឹងអី។ ទីនេះត្រឹមតែជាទីក្រុងតូចមួយហ្នឹង។ ហើយគ្មានអីកើតឡើងក្នុងក្រុងតូចបែបនេះទេជឿទេ?

    គិតម្ដងទៀតទៅមើល។

    ខ្ញុំសម្លឹងមើលតាមចន្លោះធ្នើទូសៀវភៅដែលខ្ញុំឈរជិត ហើយក៏ឃើញស្ទាវម្នាក់ដើរមករកខ្ញុំ។ មុខគាត់គឺគួរឱ្យស្អប់ខ្លាំងណាស់ ហើយរំពេជនោះខ្ញុំក៏ភិតភ័យ។

    ចាំខ្ញុំប្រាប់ពីរូបរាងមុខមាត់របស់អាប៉ិហ្នឹង។ គាត់ស្ទាវ។ គាត់រាងខ្ពស់ មានពុកមាត់លើមុខ ហើយពាក់អាវបែកស្លុយ។ គាត់ពិតជាគួរឱ្យខ្លាចណាស់, ព្រោះសក់គាត់ឡើងបាស់ ហើយដង្ហើមគាត់ធំក្លឹនដូចរូងប្រជៀវ។ គាត់មានអក្បកិរិយាបំពានដែលដើរចូលមកកៀកជិតខ្ញុំយ៉ាងព្រហ៊ើន។ វាធ្វើឱ្យខ្ញុំស្អប់បែបមេះណាស់។

    ម៉ាក់ខ្ញុំតែងតែនិយាយឱ្យខ្ញុំប្រយ័ត្ននឹងអាមួយនេះ, គេហៅវាថាអាឆើត, ដោយសារតែភាពស្ទាវជ្រើមរបស់វា។ ឃើញទេ, អាឆើតចង់ចាប់រំលោភស្អីគ្រប់យ៉ាងដែលមានជីវិត, មិនខ្វល់អាយុប៉ុណ្ណាទេ។ អាហ្នឹងវានៅតាំងពីខ្ញុំនៅតូច, ហើយវាតែងព្យាយាមធ្វើផ្ដេសផ្ដាសដាក់ខ្ញុំ និងបងស្រីខ្ញុំ ដោយល្បួងហៅយើងចូលទៅផ្ទះវាមួយភ្លែត, វាថាវាមានអ្វីល្អឱ្យយើង។ វាហ្នឹងធ្លាប់ប៉ូលីសអូសក្បាលចេញពីបណ្ណាល័យនេះបីបួនដងហើយដោយអក្បកិរិយាផ្ដេសផ្ដាសបែបហ្នឹង, ហើយធ្លាប់ធ្វើផ្ដាសដាក់ម៉ាក់ខ្ញុំ។ វាមានសន្លាកលើដៃ គួរឱ្យស្អប់។

    ហើយ, ពេលហ្នឹង, ខ្ញុំនៅតែពីរនាក់នឹងវា។

    «ហងនៅធ្វើការនៅទីនេះសម្រាប់ម៉ែង៉ែងទៀត, មីកាស៊ី?» វាសួរយ៉ាងស្រួល, ជំហានវាបោះមកកាន់តែក្បែរខ្ញុំ។ ខ្ញុំថយក្រោយពីរបីជំហាន, ដោយតុនៅចន្លោះយើង។ បែបនឹងមិនមែនវាមិនអាចមកជិតខ្ញុំទេ។ ខ្ញុំចង់ទាញកាបូបដៃខ្ញុំ។

    «ពូឯងស្គាល់ខ្ញុំហើយតើ, ពូឆើត,» ខ្ញុំនិយាយគំរោះគំរើយ, ដោយសារធុញវាហ្នឹងខ្លាំងពេក។ «ពូដឹងទេថាពូមិនត្រូវនៅទីនេះទេបន្ទាប់ពីដល់ម៉ោងបិទហើយ។ ពូត្រូវតែចេញទៅវិញ។ ឥឡូវនេះ!»

    គាត់ញញឹមដាក់ខ្ញុំយ៉ាងងាយ។ «ពូចង់និយាយលេងជាមួយហងឯងតើ។ យើងជាមិត្តនឹងគ្នាត្រូវទេ?»

    ខ្ញុំរមូពោះចង់ក្អួតពេលឮពាក្យហ្នឹង។ ខ្ញុំក្រឡេករកកាបូបដៃខ្ញុំ, តែក្រោយមកក៏ចាំបានថាវាមិននៅទីនេះទេ។ ចង្រៃយក៍, ខ្ញុំភ្លេចវានៅម៉ូតូ។

    «ទេ, យើងមិនមែនជាមិត្តភក្តិគ្នាស្អីទេ។ បើពូឯងមិនចេញពេលនេះទេ, ខ្ញុំនឹងតេហៅប៉ូលីស។»

    ពាក្យគំរាមថា តេទៅប៉ូលីសគ្មានបានការអ្វីទេ។ មូលហេតុដែលមនុស្សគំរក់ដូចជាអាឆើតនៅតែនៅក្នុងសហគមតូចនេះគឺដោយសារតែប៉ូលីសទាំងឡាយពិតជាអត់ប្រយោជន៍។ ខ្ញុំធ្វើជាយកទូរស័ព្ទ សង្ឃឹមថាអាចបន្លាចវាខ្លះ។

    មុខគួរសមបស់អាឆើតក៏ប្រែប្រួល។ វាបើកភ្នែកកំណាចធំៗ ហើយស្រែក, «មីស្រីឆ្គួត!!!»

    រំពេជនោះ, វាដើរមកម្ខាងតុនេះហើយខ្ញុំស្រែក។ ខ្ញុំថយក្រោយរហូតផ្អឹបខ្នងនឹងជញ្ជាំង។ ដោយអារម្មណ៍ភ័យ, ខ្ញុំស្ទុះហក់លោតពីលើតុហើយរត់ចូលជាន់ក្រោម, ហើយហក់មួយជំហានធំចុះ។

    ពេលធ្លាក់ទៅដល់ ខ្ញុំឈឺដៃយ៉ាងខ្លាំង, ហើយខ្ញុំដឹងភ្លាមថាវាឈឺខ្លាំងណាស់ ប្រហែលបាក់ហើយមើលទៅ។ ខ្ញុំឮសំឡេងអាឆើតដើរចុះមកជាន់ក្រោម ហើយខ្ញុំសម្ងំក្នុងទីងងឹតនេះ, ជើងខ្ញុំញ័រខ្លាំងណាស់។

    ខ្ញុំចង់ពួនទីណាដែលអាចលាក់ខ្លួនពីពន្លឺអំពូលមុនពេលដែលវាចុះមកដល់, វាគង់នឹងបើកកុងតាក់មិនខាន។ ស្រាប់តែឃើញដៃវាចាប់កដៃខ្ញុំជាប់។ កម្លាំងវាខ្លាំងណាស់, រហូតខ្ញុំគ្មានកម្លាំងឯណានឹងតបតទេ។ វាលើកដៃវាឡើងយ៉ាងខ្លាំង ស្ទើតែបំបែកកែងដៃខ្ញុំទៅហើយ។ ខ្ញុំស្រែកម្ដងទៀតខណៈដែលព្យាយាមរុញវាចេញ, តែកម្លាំងខ្ញុំខ្សោយទៅៗ។ ខ្ញុំឮវារូតខោចុះហើយវារុញខ្ញុំថយ។

    យើសមីឡប់, ឌឺដងដាក់អញកន្លងម៉ោ, ចាំមើលអញចង់ឱ្យហងឃើញថាអញតបនឹងហងយ៉ាងណា...» វាគំហ៊ក, ដោយទ្រោបពីលើខ្លួនខ្ញុំ ហើយផ្ដួលខ្ញុំ។ ខ្ញុំស្រែករើ, ហើយវាទាញបេះឡេវអាវខ្ញុំ។

    ហើយបន្ទាប់មក, ក្នុងពេលហ្នឹង, ខ្ញុំមានអារម្មណ៍បែបនោះម្ដងទៀត។ គឺអារម្មណ៍ថាមាននរណាម្នាក់កំពុងមើលមក។

    លើកនេះខ្លាំងជាងលើកមុន។ ខ្ញុំស្រាប់តែនៅស្ងៀម, គឺមានអារម្មណ៍ថាគ្រោះថ្នាក់ដ៏ធំកំពុងជុំវិញខ្លួនខ្ញុំ, គ្រោះថ្នាក់ខ្លាំងជាងគ្រោះថ្នាក់អំពីអាឆើតទៅទៀត។ បរិយាកាសក្នុងជាន់ក្រោមដីមើលទៅដូចជាកំពុងមានខ្យល់បោកបក់ដែលខ្ញុំអាចឃើញសក់វាបក់យោលយោគពីលើខ្ញុំ។ នៅពេលហ្នឹង, ខ្ញុំបង្ខំចិត្តបើកភ្នែក, មើលទៅរូបរាងគម្រាំងរបស់គាត់នៅក្នុងភាពងងឹត, ហើយវាក៏ដោះឡេវអាវខ្ញុំអស់ហើយចាប់អាវទ្រនាប់ខ្ញុំ។

    ទីនេះ, នៅក្នុងភាពងងឹត, អ្វីម្យ៉ាងកំពុងតែកម្រើក។

    មានអារម្មណ៍ថាបន្ទប់ងងឹតទាំងមូលនេះដូចជាក្នុងទឹករាវ, ហើយដូចកំពុងក្រឡាប់ចាក់រមួល។ ដង្ហើមខ្ញុំដកញាប់ខណៈដែលដៃអាឆើតនៅលើទ្រូងខ្ញុំ។ ខ្ញុំនៅស្ងៀមខណៈដែលមានអារម្មណ៍វេទនា, តែឥឡូវខ្ញុំចាប់ផ្ដើមឮសំឡេងចម្លែកម្យ៉ាងដូចជាអ្វីរវើកៗម្យ៉ាងកំពុងកម្រើកពីមុខយើង។...

    (សូមអានបន្តភាគបញ្ចប់)
    រឿង បន្ទប់ក្រោមដីក្នុងបណ្ណាល័យ រឿង បន្ទប់ក្រោមដីក្នុងបណ្ណាល័យ Reviewed by HeNa on 5:39 PM Rating: 5
    Loading...
    Powered by Blogger.