រឿង ទឹកនៃសម្រស់ (ភាគ៣)

លីងកាសម្លឹងមើលបុរសសង្ហានោះដោយចិត្តលួចស្រឡាញ់។
«សួស្ដីលោក!»
«បាទសួស្ដីកញ្ញា!»
«ចាស ខ្ញុំឈ្មោះលីងកា!»
«ខ្ញុំឈ្មោះយ៉ុងប៊ី!»
«តើលោកទើបតែមកហាត់ប្រាណនៅទីនេះមែនទេ?» លីងកាសួរហើយប្រុសស្អាតនោះក៏តប៖
«បាទ នេះជាថ្ងៃដំបូងហើយដែលខ្ញុំនៅទីនេះ! តើកញ្ញាអាចជួយខ្ញុំក្នុងការបង់ប្រាក់បានទេ? ព្រោះខ្ញុំមិនសូវចេះសោះ។»
«ចាស បាន!»
លីងកានាំប្រុសស្អាតទៅបញ្ជរបង់ប្រាក់ ហើយបន្ទាប់មកទាំងពីរនាក់ត្រឡប់មកហាត់ប្រាណតាមឧបករណ៍រៀងៗខ្លួន។

បុរសពីរនាក់ដែលតែងលួចមើលលីងកានោះក៏ខ្សឹបខ្សៀវគ្នាទៀតខណៈសម្លឹងមើលទៅយ៉ុងប៊ីដែលកំពុងលើកឧបករណ៍ហាត់ប្រាណយ៉ាងប្រឹង។
«ហែងមើលអាមួយនោះ ដែកទម្ងន់ប៉ុណ្ណឹងសោះ ប្រឹងនោះប្រឹង!»
«អើ!»
លីងកាដើរទៅក្បែរយ៉ុងប៊ីហើយហុចទឹកបរិសុទ្ធត្រជាក់ៗឱ្យគាត់។
«សម្រាកផឹកទឹកសិនទៅយ៉ុងប៊ី!»
«អរគុណហើយ! ខ្ញុំកំពុងតែស្រេកទឹកស្រាប់ផង។»
ពេលចេញពីហាត់ប្រាណ, ទាំងពីរនាក់នេះណាត់គ្នាមកញ៉ាំអាហារនៅភោជនីយដ្ឋានស៊ីវីល័យមួយហើយជជែកគ្នាពីនេះពីនោះ។
«លីងកាស្គាល់កន្លែងច្រើនណាស់!»
«ចាស ព្រោះខ្ញុំរស់នៅទីនេះតាំងពីកើតមកតែម្ដង។»
និយាយគ្នាមួយសន្ទុះក៏កាន់តែស្និទ្ធស្នាលទៅៗរហូតការទំនាក់ទំនងរាល់ថ្ងៃដឹកដៃពួកគេទាំងពីរឱ្យក្លាយជាសង្សារនឹងគ្នា។
---
២ខែក្រោយមក, នៅសណ្ឋាគារមួយ…
បន្ទាប់ពីធ្វើអីៗជាមួយយ៉ុងប៊ីហើយ, លីងកាក៏ចូលបន្ទប់ទឹកដើម្បីងូតទឹកចូលដេក ឯយ៉ុងប៊ីដេកលើគ្រែមើលព័ត៌មានក្នុងទូរទស្សន៍ដែលកំពុងផ្សាយពីគុណវិបត្តិនៃផលិតផលសម្រស់ទឹកនៃសម្រស់ដែលមានចំនួនអ្នកប្រើកើនឡើងជាលំដាប់។
“នៅប៉ុន្មានខែចុងក្រោយនេះ, មានចំនួនជនរងគ្រោះថ្នាក់ជាច្រើនដោយសារការប្រើប្រាស់ផលិតផលរក្សាសម្រស់ខុសបច្ចេកទេសដ៏គ្រោះថ្នាក់មួយគឺផលិតផលទឹកនៃសម្េស់ដែលកំពុងតែមានសន្ទុះចរាចរលើទីផ្សារខុសច្បាប់ផងដែរ។… មានមនុស្សជាច្រើនបានបាត់ខ្លួនដែលតាមការសន្និដ្ឋាន, ការបាត់ខ្លួននេះគឺមកពីអាជីវកម្មលក់សាច់នៃសង្គមផ្សារងងឹត។...”
លីងកាជូតសម្ងួតសក់ហើយចង់ពុមកន្សែងបម្រុងដើរចេញពីបន្ទប់ទឹកមកដេក តែស្រាប់តែនាងឃើញថា, មានសាច់ដាច់ជ្រុះមួយដុំនៅក្រោមកំភួនដៃឆ្វេងរបស់នាង។

នាងប្រញាប់ចូលទៅក្នុងបន្ទប់ទឹកវិញយ៉ាងអាសន្នព្រោះខ្លាចយ៉ុងប៊ីដឹងថានាងប្រើផលិតផលទឹកនៃសម្រស់នោះ។
«មានរឿងអីនឹងអូនលីងកា?» យ៉ុងប៊ីសួរ។
«អត់អីទេ! អូនគ្រាន់តែចង់សម្ងួតសក់បន្ថែមទៀតប៉ុណ្ណោះ។ បងគេងមុនចុះ។»
លីងកាយកម៉ាស៊ីនផ្លុំសក់ ផ្លុំសម្រួលត្រង់កន្លែងដាច់សាច់នោះរហូតរលាយជ្រាយអាចបិទវិញបាន។ អារម្មណ៍នាងច្របូកច្របល់ និងភ័យហើយក៏នឹកឃើញដល់ផលប៉ះពាល់នៃការប្រើប្រាស់សាច់អ្នកដទៃ។ តើដល់ថ្ងៃកំណត់នៃសាច់របស់ម្ចាស់ហាងនោះហើយមែនទេ? លីងកាភ័យណាស់។ តើវាមិនអាចស្ថិតស្ថេររហូតទេមែនទេ? ហើយតើយូរប៉ុណ្ណាទៀត?
មួយសន្ទុះធំ នាងចេញពីបន្ទប់ទឹកវិញបន្ទាប់ពីដៃត្រឡប់ជាធម្មតាវិញហើយ។

«ហេតុអីក៏អូននៅក្នុងបន្ទប់ទឹកនឹងយូរម៉្លេះ?» យ៉ុងប៊ីសួរដោយក្រសែភ្នែកសង្ស័យ។
«គឺ...គ្មានអីទេ! អូនគ្រាន់តែកក់សក់ម្ដងទៀតហើយសម្ងួតសក់។»
ទាំងពីរនាក់មើលទៅព័ត៌មានលើទូរទស្សន៍ដែលមិនទាន់ឈប់ផ្សាយពីផលិតផលទឹកនៃសម្រស់នោះនៅឡើយ។
“មានគ្រោងឆ្អឹងជាប់សាច់បន្តិចបន្តួចអណ្ដែតតាមលូបង្ហូរទឹកដែលអាចមានជាប់ពាក់ព័ន្ធជាមួយនឹងករណីបាត់ខ្លួនដែលបណ្ដាលមកពីផលិតផលទឹកនៃសម្រស់នោះ។”
«តើអូនធ្លាប់ឮពីផលិតផលនេះទេ?»
«ចាស ធ្លាប់ឮដែរ តែវាគួរឱ្យខ្លាចណាស់។» លីងកាព្យាយាមបិទបាំងការពិត។ នាងនៅបន្តស្ទាបដៃរបស់នាងដើម្បីឱ្យប្រាកដថាវាត្រឡប់ជាធម្មតាវិញហើយ។
«ហេតុអីក៏រដ្ឋាភិបាលនៅបណ្ដោយឱ្យគេលក់ផលិតផលខុសច្បាប់នេះទៀត?»
លីងកាមិនហ៊ានតប។ ស្រាប់តែយ៉ុងប៊ីចាប់ដៃខាងឆ្វេងរបស់នាងជាប់។
«ហេតុអីអូនអេះដៃរហូត?»
«គឺ...គ្មានអីទេ... អូនរមាស់ស្រមោចខាំ។ ពេលនេះលែងអីហើយ!» លីងកាឆ្លើយទាំងភ័យខ្លាចបែកធ្លាយការពិត។
...
លីងកាបានណាត់ជួបមិត្តជិតស្និទ្ធស្រីរបស់នាងម្នាក់នៅហាងកាហ្វេមួយ។
«អេលីងកា!!! គឺពិតជាឯងមែនហ្អ! ព្រះអើយបែកប៉ុន្មានខែស្អាតមើលមិនចង់ស្គាល់ ឃើញតាម Facebook ស្មានថាជារូបកែច្នៃ។» មិត្តនោះនិយាយដោយភ្ញាក់ផ្អើល។
លីងកាតប, «អរគុណហើយមិត្តភក្ដិ!»

«តើឯងកែសម្ផស្សមែនទេ?»
«មិនមែនទេ! ខ្ញុំគ្រាន់តែស្រកគីឡូ ហើយច្រមុះខ្ញុំមើលទៅឃើញដុះខ្ពស់ជាងមុនដោយសារតែស្រកសាច់តែប៉ុណ្ណោះ។»
«ចឹងបានស្អាតម៉្លេះ!»
បន្ទាប់ពីនិយាយគ្នាមួយសន្ទុះហើយ, យ៉ុងប៊ីក៏ដើរចូលមក។ លីងកាចង្អុលណែនាំគាត់ទៅមិត្ត, «នេះជាសង្សារខ្ញុំ, ខ្ញុំត្រូវទៅក្រៅជាមួយគាត់ហើយណា!»
«សង្សារឯងសង្ហាណាស់លីងកា!!»
...
រសៀលសូរិយារៀបអស្ដង្គត, លីងកាដើរលេងជាមួយយ៉ុងប៊ីតាមដងផ្លូវ។ ពួកគេបានមកសម្រាកនៅលើកៅអីអង្គុយសាធារណមួយកន្លែងនៃផ្លូវដ៏ស្ងប់ស្ងាត់មួយ។

«លីងកា! បងចង់ប្រាប់រឿងសំខាន់មួយដល់អូន!»
ឮបែបនេះ លីងកាមើលមុខសង្សារដោយងឿងឆ្ងល់។…
(សូមរង់ចាំអានភាគ៤ជាភាគបញ្ចប់នៅរាត្រីម៉ោង៨ស្អែក!)
រឿង ទឹកនៃសម្រស់ (ភាគ៣)
Reviewed by HeNa
on
5:51 PM
Rating:
