>
  • ទំព័រដើម
  • រឿង រូបមន្តសម្ងាត់នៅផ្ទះទឹកតែ

     

    ដោយ : វេស រ៉ូណា

    «ហងឯងនឹងធ្លាក់នរក មីងាប់, ហងឯងនឹងត្រូវគេដុតសម្លាប់វិនាសព្រាត់ប្រាស់, មេធ្មប់!»

    នេះជាអ្វីដែលធ្លាប់ចាប់ផ្ដើមនៅពេលព្រឹក។ រៀងរាល់ព្រឹក។ ខ្ញុំរស់នៅក្នុងក្រុងតូចមួយដូចម៉ាក់ខ្ញុំដែរ, ដូចម្ដាយរបស់ម្ដាយម៉ាក់ខ្ញុំដែរ, ហើយតាមដែលខ្ញុំចាំបានគឺយើងរស់នៅក្បែរអ្នកស្រីធីមសុន, ដែលជាមនុស្សកាចឆ្នាស់ជាងគេបំផុតដែលខ្ញុំធ្លាប់ជួប។ សំឡេងគាត់លាន់រណ្ដំត្រចៀកខ្ញុំតាំងពីកុមារភាពរបស់ខ្ញុំ, ព្រមទាំងសំឡេងដែលគាត់ស្រែកជេរម៉ាក់ខ្ញុំខណៈដែលខ្ញុំលេងនៅខាងក្រៅ។ ខ្ញុំមិនយល់ថាហេតុអីបានជាគាត់គិតថាយើងជាធ្មប់, តែមិនខ្វល់ថាយើងធ្វើល្អដាក់គាត់យ៉ាងណា, ពាក្យសម្ដីរបស់គាត់នៅតែដដែល។

    ទៅងាប់ទៅ ឆេះស្លាប់ក្នុងនរកទៅ។ កំពូលបិសាច។ មេធ្មប់។ មីថោកទាប។

    ដូច្នេះ, រៀងរាល់ព្រឹក, ខ្ញុំតែងដើរទៅក្បែរបង្អួចខ្ញុំដែលពោរពេញដោយស្នាមឆូតរបស់គាត់ ហើយព្យាយាមជូតវាចេញរួចសឹមរៀបចំសម្រាប់ការងារប្រចាំថ្ងៃ។ ប្រាកដហើយ, វាមិនល្អទេដែលទៅធ្វើការនៅតូបលក់ទឹកតែប្រសិនបើអ្នកមានអារម្មណ៍ស្មុកស្មាញ។ អារម្មណ៍ធុញថប់របស់អ្នកអាចបំពុលទឹកតែបាន, នេះជាអ្វីដែលម៉ាក់ខ្ញុំតែងតែប្រាប់ខ្ញុំ។

    ដូចផ្ទះយើងដែរ, គ្រួសារយើងមានផ្ទះទឹកតែមួយនេះតជាច្រើនជំនាន់មកហើយ។ វាតែងតែជាកម្មសិទ្ធគ្រប់គ្រងដោយមនុស្សស្រី, ហើយយើងមិនដែលជួលនរណាមកទេ, យើងមិនត្រូវការ។ មូលហេតុព្រោះវាពិបាកណាស់ក្នុងការបង្រៀនអ្នកថ្មីដើម្បីឆុងតែដែលឆ្ងាញ់ឈ្ងុយ។ ចុះខ្ញុំ? ខ្ញុំរៀនអំពីការឆុងតែតាំងពីខ្ញុំនៅក្មេង, ម៉ាក់ខ្ញុំបង្រៀនពីអាថ៌កំបាំងរបស់គាត់ឱ្យខ្ញុំចេះ។

    វាជាការងារដ៏អស្ចារ្យមួយ, ជីវិតដ៏ស្រស់បំព្រងមួយ, ហើយខ្ញុំពិតជាពេញចិត្តណាស់។ ពេញចិត្តគ្រប់យ៉ាងលើកលែងតែអ្នកស្រីធីមសុន, ពិតណាស់។

    រៀងរាល់ព្រឹកនៅផ្ទះទឹកតែគឺដដែលៗ។

    ខ្ញុំចាប់ផ្ដើមដោយការជូតសម្អាតប៉ាន់តែ និងពែងតែ, អ្នកមិនអាចលាងវាដោយសាប៊ូនោះទេអ្នកដឹងទេ, ហើយអ្នកក៏មិនអាចលាងវាពីខាងក្រៅបានដែរ។ អ្នកត្រឹមតែអាចជូតវា, ហើយយូរពេលក្រោយវានឹងមានជាប់ជាតិនៃតែដែលយើងឆុង។ នេះហើយជាមូលហេតុដែលខ្ញុំត្រូវចំណាំប៉ាន់តាមប្រភេទតែនីមួយៗ, តែបៃតង, តែខ្មៅ, តែលឿង, តែអ៊ូឡូង, តែស និងតែយ៉ិនសិន។

    ខ្ញុំជ្រើសពែងដែកដើម្បីដាក់ទឹកបំពុះឱ្យក្ដៅលើចង្រ្កាន, យើងមិនអាចដាំទឹកតែដោយពែងធម្មតាបានឡើយ។ ពេលទឹកពុះ, ខ្ញុំជ្រើសតែដែលត្រូវលក់នៅថ្ងៃហ្នឹង។ ប្រាកដណាស់, អតិថិជនអាចចូលមកហើយកម្ម៉ង់តែគ្រប់ប្រភេទដែលពួកគេចូលចិត្ត, តែខ្ញុំតែងណែនាំពួកគេពីតែដែលឆ្ងាញ់ៗ។

    ខ្ញុំតែងបើកតូបលក់នៅម៉ោងប្រហែល៩ព្រឹក ហើយខ្ញុំបម្រើតែពេញមួយថ្ងៃ។ ខ្ញុំមានម៉ូយប្រចាំបីបួននាក់ដែរដែលចូលចិត្តតាមប្រភេទតែផ្សេងៗគ្នា, អ្នកដែលមានបញ្ហាក្រពះចូលចិត្តរសជាតិអ៊ូឡុង, អ្នកដែលព្រួយចិត្តច្រើនចូលចិត្តរសជាតិផ្កាស្វាយ, អ្នកដែលចូលចិត្តនូវរសជាតិប្រពៃណីគឺចូលចិត្តផឹកតែរសជាតិម៉ាច់ឆា។

    មែនហើយ, នៅព្រឹកមួយ, នរណាថ្មីម្នាក់ចូលមកក្នុងផ្ទះទឹកតែនេះ។ ម្នាក់ដែលខ្ញុំមិនប្រាថ្នាចង់ឃើញ។

    ចេមី ធីមសុន។

    ចៅប្រុសរបស់អ្នកស្រីធីមសុន, ដែលមួយថ្ងៃៗចូលចិត្តដើរលេងជាមួយពួកម៉ាក, កំពុងឈរខាងមុខផ្ទះទឹកតែរបស់ខ្ញុំ, សម្លឹងមើលខ្ញុំចាក់តែស្វាយខ្មៅសម្រាប់អ្នកដំណើរស្រីៗពីរបីនាក់ដែលរកផឹករបស់ផ្អែមៗហើយខ្លាំង។

    «កញ្ញា ម៉ានី។ ខ្ញុំឃើញថាផ្ទះទឹកតែរបស់កញ្ញាពិតជាមានអតិថិជនច្រើនមែន,» គាត់ចាប់ផ្ដើម។

    ខ្ញុំឃើញថានារីៗកំពុងសម្លឹងមកគាត់ដោយពេញចិត្ត, គាត់ជាប្រុសសង្ហាខ្លាំងណាស់, សូម្បីខ្ញុំក៏គិតអញ្ចឹងដែរ, តែខ្ញុំធ្វើមិនខ្វល់ពីគាត់ហើយត្រឡប់ទៅរៀបចំតែ។ ទឹកតែត្រូវយកចិត្តទុកដាក់ខ្លាំងណាស់, ចេញពីចិត្តមក, បើមិនធ្វើវាឱ្យអស់ពីចិត្តទេនោះ, វានឹងនាំឱ្យបរាជ័យនូវរសជាតិមិនខានទេ។

    ពេលតែរៀបចំហើយ ហើយនារីៗកំពុងផឹកតែរៀងៗខ្លួន, ខ្ញុំងើបឈរឡើងហើយទទួលអ្នកមកថ្មីម្នាក់នេះ។

    «លោកចេមី, តើលោកចង់ពិសារអ្វីថ្ងៃនេះ?» ភាគច្រើន ខ្ញុំតែងចាប់ផ្ដើមសួរអតិថិជននូវអ្វីដែលអតិថិជនចូលចិត្ត, អ្វីដែលអតិថិជនត្រូវការ, អ្វីដែលមិនចូលចិត្ត និងមិនចេះពិសារជាដើម។ តែខ្ញុំគំរោះគំរើយដាក់ចេមី ព្រោះដឹងហើយថាស្លឹកឈើវាជ្រុះមិនឆ្ងាយពីគល់នោះទេ។

    «បាទ, ខ្ញុំមកទីនេះដើម្បីទិញតែឱ្យលោកយាយរបស់ខ្ញុំ។ ដូចឃើញហើយ, គាត់ជាមនុស្សក្រហល់ក្រហាយ។ ខ្ញុំធ្លាប់អានថាតែប្រភេទនោះល្អសម្រាប់អ្នកកើតរោគសសៃប្រសាទ, ហើយតើកញ្ញាមានអ្វីណែនាំខ្ញុំទេ?»

    វាពិតហើយ, ការសិក្សាបានបង្ហាញថាតែដែលត្រូវប្រភេទគឺល្អសម្រាប់អ្នកមានបញ្ហាខួរក្បាល, តែសូម្បីតែថ្នាំពេទ្យនៅមិនទាន់នឹងព្យាបាលជំងឺនេះឱ្យជាដាច់ផង។ យ៉ាងណា, ធម្មជាតិមានប្រសិទ្ធភាពមួយចំណែកដែរ។ ខ្ញុំទៅតុគិតលុយខាងមុខដើម្បីយកតែបៃតង។

    «កញ្ញាដឹងទេ, យាយខ្ញុំគាត់នឹងមិនពិសារតែនេះទេប្រសិនបើគាត់ដឹងថាកញ្ញាជាអ្នករៀបចំវា។»

    ខ្ញុំងក់ក្បាលមិននិយាយ, ធុញនឹងបន្តកិច្ចសន្ទនានេះ។ ចេមីមើលទៅមិនទាំងឃើញថាខ្ញុំធុញផង, ឬមួយក៏ប្រហែលជាគាត់មិនខ្វល់។

    «តែខ្ញុំគិតថានេះជាចំណងចាប់ផ្ដើមរវាងកញ្ញា និងគាត់។ ខ្ញុំគិតថាគាត់នឹងចូលចិត្តកញ្ញា បើគាត់ស្គាល់កញ្ញា។ ខ្ញុំតែងឃើញថាកញ្ញាជាមនុស្សល្អណាស់។»

    ខ្ញុំជ្រើសយកតែជីណូគូរ៉ូ អីុមភើរៀលខ្លះៗ ហើយងាកមករកគាត់, មើលទឹកមុខរបស់គាត់។ ពន្លឺនៃកែវភ្នែកគាត់ប្រាប់ខ្ញុំថា គាត់យកលេសមកទិញតែឱ្យយាយគាត់ តាមពិតគាត់ចង់មកជួប…ខ្ញុំសោះ។


    អេអេៗ!

    មិនខ្វល់ពីការចាប់អារម្មណ៍របស់គាត់, ខ្ញុំរៀបចំស្លឹកតែហើយយកលុយពីគាត់ហើយពន្យល់ពីសារៈប្រយោជន៍ និងលទ្ធផលពេលផឹកវា។ បើនិយាយពីគុណសម្បត្តិរបស់គាត់, គាត់ពិតជាមានមន្តស្នេហ៍ណាស់, ហើយមើលទៅគាត់ចាប់អារម្មណ៍ពីសម្រស់ខ្ញុំ ជាងពាក្យសម្ដីខ្ញុំ។

    «បាទអរគុណសម្រាប់តែនេះ។ ខ្ញុំនឹងយកទៅឱ្យលោកយាយខ្ញុំ ហើយមកទីនេះវិញដើម្បីប្រាប់កញ្ញាពីលទ្ធផល។»

    «មិនបាច់ក៏បានដែរ,» ខ្ញុំតបដោយធុះមិនចង់ឃើញមុខគាត់នៅទីនេះម្ដងទៀតទេ។ តែគាត់ញញឹមតបមកវិញដោយមិនប្រកាន់នឹងចរិតរបស់ខ្ញុំសោះ។

    «អូ កញ្ញាមិនអាចគេចចេញពីខ្ញុំបានងាយនោះទេកញ្ញាម៉ានី។ ខ្ញុំនឹងត្រឡប់មកវិញ។» និយាយហើយគាត់ងាកចេញ ហើយដើរចេញពីហាង, ស្រីៗផឹកតែប៉ុន្មាននាក់នោះនៅតែមើលដោយពេញចិត្តនូវរូបរាងខ្ពស់សង្ហារបស់គាត់។

    នេះជាការចាប់ផ្ដើមនៃបញ្ហាទាំងអស់។

    តាំងពីថ្ងៃនោះមក, ចេមីចាប់ផ្ដើមមកយ៉ាងទៀតងទាត់, តែងសួរពីការណែនាំរបស់ខ្ញុំ, តែងអះអាងថាតែរបស់ខ្ញុំបានជួយ“ព្យាបាល”ជំងឺរបស់លោកយាយគាត់។ ខ្ញុំមិនសូវជឿទេ, តែខ្ញុំក៏មិនប្រកែកនូវការសសើររបស់គាត់ដែរ។ យ៉ាងណា, វាជាប្រយោជន៍នៃគុណសម្បត្តិតែខ្ញុំដែរតើ។

    រាល់ពេលគាត់ប្រុងឱ្យលុយ, គាត់តែងសួរខ្ញុំនូវសំនួរដដែលមួយ។

    «អញ្ចឹង, តើកញ្ញាមានគម្រោងអ្វីទេយប់នេះ?»

    ភាគច្រើន, ខ្ញុំមិនឆ្លើយសំនួរនោះទេ។

    ខ្ញុំនិយាយត្រង់ចុះថា, គាត់នេះពូកែអត់ធ្មត់ណាស់។ ហើយដដែលៗ។ គាត់មិនដែលថាខកខានមិនបានមកមួយថ្ងៃណាទេ។ គាត់ក៏ចិត្តល្អមួយបែបដែរ។ គាត់ចេះគួរសមយ៉ាងថ្លៃថ្នូរ, តែគឺសម្រាប់តែខ្ញុំទេ។ ពេលខ្លះ, គាត់ទិញផ្កាឱ្យខ្ញុំ, ហើយខ្ញុំមិនអាចទុកវាក្នុងតូបនេះទេ, ក្លឹនផ្កានឹងបំផ្លាញក្លឹនតែ។ តាមពេល គាត់ទិញស្ករគ្រាប់ឱ្យខ្ញុំទៀតផង។

    វាចាប់ផ្ដើមធ្វើឱ្យខ្ញុំព្រួយហើយ។

    ទីបំផុត, នៅថ្ងៃមួយគាត់មិនបានសុំនាំខ្ញុំដើរលេងភ្លាមៗនោះទេ។ ជំនួសឲ្យនេះ, គាត់ផ្ដល់ឱ្យខ្ញុំនូវឱកាសដ៏ល្អមួយ, ឱកាសមួយដែលត្រូវតែចាប់យក។

    «និយាយតាមត្រង់ទៅចុះ, ម៉ានី, ខ្ញុំនឹងធ្វើគ្រប់យ៉ាងដែលកញ្ញាចង់បានដើម្បីសុំទៅក្រៅជាមួយគ្នា។ តើខ្ញុំត្រូវធ្វើអ្វី?

    «លោកមិនអាចទៅក្រៅជាមួយខ្ញុំទេ,» ខ្ញុំតប, ទាំងដែលក្នុងចិត្តខ្ញុំកំពុងជ្រួលច្របល់។

    «លុយមិនមែនជារបស់សំខាន់ទេ។ រស់នៅក្បែរលោកយាយខ្ញុំប៉ុន្មានឆ្នាំមកនេះ, កញ្ញាប្រាកដជាដឹងហើយថាគ្រួសារខ្ញុំមានទ្រព្យស្ដុកស្ដម្ភ។» គាត់និយាយចេញមករួមទាំងញញឹមតិចៗបង្ហាញមន្តស្នេហ៍ដ៏ទាក់ទាញ។ «រៀបរាប់មក, ហើយខ្ញុំនឹងទៅធ្វើវា។ ខ្ញុំនឹងធ្វើឱ្យកញ្ញាដឹងថាខ្ញុំនេះម៉ឺងម៉ាត់កម្រិតណា។»

    មើលទៅគាត់ដូចជាហ្មត់ចត់ហើយ។ ហើយខ្ញុំគិតថា, ប្រហែលជា, គាត់ជាបុរសដែលខ្ញុំកំពុងតែទន្ទឹងរង់ចាំនោះហើយ។ ហើយបើសិនជា… អូ, ខ្ញុំមិនហ៊ានស្រម៉ៃទេ…

    ខ្ញុំទាញក្រដាសមួយសន្លឹកហើយចាប់ផ្ដើមសសេរលម្អិតលើវា ខណៈដែលខ្ញុំប្រាប់គាត់នូវអ្វីដែលខ្ញុំចង់បានលើសពីគ្រប់យ៉ាងលើលោកិយនេះ។

    «មានតែមួយដុះក្នុងខេត្តហ្វូជៀននៃប្រទេសចិនដែលមានឈ្មោះថា តែដាហុងប៉ៅ, ឬក៏តែខ្សែពួរក្រហម។ វាដុះខ្ពស់ណាស់លើភ្នំដែលមានតែអ្នកជំនាញរើសតែប៉ុណ្ណោះដែលអាចឡើងទៅបេះវាបាន។ យ៉ាងណា, អ្វីដែលមនុស្សជាច្រើនមិនបានដឹងនោះគឺ ដាហុងប៉ៅមាន២ប្រភេទ, ប្រភេទមួយគេដាក់លក់ជាសាធារណៈ ហើយប្រភេទមួយទៀតជាប្រភេទកម្រដែលគេយកវាធ្វើជាថ្នាំ ឬជំនឿស័ក្ដិសិទ្ធ។» ខ្ញុំមើលទៅមុខគាត់, តែគាត់មិនបញ្ចេញអារម្មណ៍អ្វីសោះ។ ខ្ញុំនិយាយបញ្ចប់, «ខ្ញុំចង់ឱ្យលោកទៅយកវាឱ្យខ្ញុំ។»

    គាត់ញញឹមវៀចមាត់, ដោយខ្ញុំគិតស្រាប់ហើយថាគាត់នឹងភ្ញាក់ផ្អើល។ «គ្មានបញ្ហាទេ។ តើវាថ្លៃទេ?»

    ខ្ញុំដំអក់មួយភ្លែតដើម្បីពិចារណាពីសំណួរនេះ។ «តែនោះគឺ… មិនថ្លៃទេ។ បើលោកប្រាប់គេថាលោកត្រូវការវា, បើលោកប្រាប់គេថាខ្ញុំត្រូវការវា, គេនឹងឱ្យវាទៅលោក។ ក៏ប៉ុន្ដែ…»

    «ប៉ុន្តែអី?»

    «ប៉ុន្តែលោកត្រូវជិះយន្តហោះទៅប្រទេសខិនហើយទៅយកវាដោយខ្លួនលោកផ្ទាល់។ គេមិនផ្ញើវាមកឱ្យលោកឡើយ, លោកនឹងរកផ្លូវមិនឃើញទេបើទៅក្រៅខេត្តតូចនោះ។ គេដាច់ស្រឡះពីមនុស្សម្នាទាំងឡាយ អញ្ចឹងហើយទើបតែគេពិសេសយ៉ាងនេះ។»

    ចេមីដំអក់មួយភ្លែតខណៈដូចកំពុងពិចារណារឿងនេះ, ធ្វើមុខយ៉ាងម៉ឺងម៉ាត់ដោយយកដៃអង្អែលចង្ការបស់គាត់។ ទីបំផុតគាត់និយាយមកកាន់ខ្ញុំ។

    «ពិចារណារួចហើយ។»

    បេះដូងខ្ញុំលោតញាប់។ ខ្ញុំរកមនុស្សត្រូវហើយ, គាត់កាមពុងនៅទល់មុខខ្ញុំនេះហើយ។


    ក្រោយពីនោះ ជីវិតប្រៀបដូចជាខ្សែបន្ទាត់ត្រង់។ ចេមីបានទិញសំបុត្រយន្តហោះហើយកំណត់កាលបរិច្ឆេទ៦ខែក្រោយដែលខ្ញុំប្រាប់នូវការចង់បានរបស់ខ្ញុំឱ្យគាត់ដឹងហើយ។ អំឡុងពេលកន្លះឆ្នាំនោះ, គាត់រៀនភាសាម៉ាន់ដារីនយ៉ាងពេញចិត្តដែលខ្ញុំមិនដែលឃើញនរណាដូចគាត់អញ្ចឹងទេកន្លងមក។ គាត់ក៏ថែមទាំងរៀនទីតាំងភូមិសាស្ត្ររបស់ជនជាតិហ្វូចៀនីស និងចាប់ផ្ដើមរៀនរបៀបនិយាយស្ដី និងសុជីវធម៌។ គាត់ស្ដាប់ការណែនាំរបស់ខ្ញុំយ៉ាងយកចិត្តទុកដាក់ពីរបៀបដែលគាត់អាចទៅរកអ្នកជំនាញជ្រើសរើសប្រភេទតែទាំងនោះបាន។

    នៅថ្ងៃមុនថ្ងៃដែលគាត់ចាកចេញទៅ, គាត់បានមកជួបខ្ញុំ, ដោយចិត្តជឿជាក់ថានឹងបានសម្រេចជោគជ័យនៃបេសកកម្មរបស់គាត់។ ខ្ញុំដឹងថាមានរឿងរ៉ាវអាក្រក់អាចកើតឡើងលើគាត់, ដែមើលទៅគាត់ដូចមិនភ័យេព្រួយសោះ។

    មុនពេលដែលគាត់ចេញពីតូបខ្ញុំ, គាត់ឈរនៅនឹងមុខខ្ញុំហើយសុំ, ទទូចសុំថើបមួយខ្សើតដើម្បីសំណាងល្អ។ ខ្ញុំពិតជារំភើប និងភ្ញាក់ផ្អើល, ហើយខ្ញុំក៏ទៅកាន់តែកៀកគាត់ហើយថើបបូរមាត់គាត់។ គាត់សើចហើយដើរចេញទៅក្រៅ, ដោយចាប់ផ្ដើមដំណើរផ្សងព្រេងដ៏អស្ចារ្យ។



    ច្រើនសប្ដាហ៍កន្លងផុតទៅ។

    បីបួនសប្ដាហ៍ហើយ។ ហើយនៅមិនទាន់មានដំណឹងពីចេមីនៅឡើយ។ ខ្ញុំព្យាយាមទប់ចិត្តអត់ធ្មត់។ យ៉ាងណាគាត់ប្រាកដជាបានទៅដល់ប្រទេសចិនហើយ, ឡើងភ្នំហើយ, ហើយតម្រង់ផ្លូវទៅរកផ្លូវសម្ងាត់ដើម្បីទៅជួបអ្នកជំនាញរើសប្រភេទតែហើយ។ ទម្រាំទៅដល់គឺត្រូវចំណាយពេលដែរ, ហើយនេះបើមិននិយាយពីការដែលធ្វើឱ្យគេទុកចិត្ត។ ខ្ញុំអាចត្រឹមតែសង្ឃឹមថាពួកគេនឹងរអ៊ូតិចតួចប៉ុណ្ណោះពេលគាត់និយាយពីឈ្មោះខ្ញុំ។

    ហើយកន្លងពីរបីសប្ដាហ៍ក្រោយមក។ ខ្ញុំឃើញថាអ្នកស្រី ធីមសុនមិនសូវរញេរញៃដាក់ខ្ញុំទៀតទេ, គាត់ហាក់ដូចជាញាប់ញ័រនឹងអវត្តមានរបស់ចេមី។ វាមិនធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលឡើយ។ គាត់ជាអ្នកមើលថែអ្នកស្រីនោះ, ហើយពេលនេះអ្នកស្រីអាចរស់ដោយខ្លួនឯងបាន, គ្រាន់តែឯកា។

    ខ្ញុំចាប់ផ្ដើមគិតថាខ្ញុំលែងបានឮដំណឹងពីចេមីទៀតហើយរហូតដល់ព្រឹកមួយ, ខ្ញុំមកផ្ទះទឹកតែហើយឃើញបុរសម្នាក់អង្គុយមុខតូប។ គាត់គឺជាបុរសជនជាតិចិនដែលស្លៀកពាក់របៀបប្រពៃណី។ ដៃគាត់កាន់ហឹបឈើពណ៌ខ្មៅ។

    បេះដូងខ្ញុំញាប់ញ័រ។

    ពេលគាត់ឃើញខ្ញុំសម្លឹងមើល, គាត់លុតជង្គង់មុខខ្ញុំហើយសំពះក្រាបបីដង។ ខ្ញុំឱនក្បាលបន្តិចបង្ហាញការគួរសម។ បន្ទាប់មក, ខ្ញុំបើកទ្វារផ្ទះទឹកតែនេះហើយនាំគាត់ចូល។

    យើងមិននិយាយអ្វីសោះឡើយ, ទោះបីជាខ្ញុំចេះនិយាយភាសាម៉ាន់ដារីន និងហ្វូចានីសយ៉ាងស្ទាត់ក៏ដោយ។ ជំនួសឱ្យនោះ, ខ្ញុំឆុងតែប្រភេទ“ស្វាខ្មៅមាស”មួយពែងឱ្យគាត់, ដែលគាត់ផឹកវាដោយពេញចិត្ត។ ក្រោយពេលគាត់ផឹកហើយ, គាត់ក៏ដើរចេញទៅក្រៅ ហើយក៏លែងវិលត្រលប់មកទៀត។

    តែគាត់បានបន្សល់ទុកហឹបនោះ។

    ដៃខ្ញុំញ័រទទ្រើកខណៈដែលខ្ញុំលើកវា, អារម្មណ៍ពុះកញ្ជ្រោល, ហើយយកវាទៅក្នុងបន្ទប់ផ្ទះខ្ញុំ។ ចាក់សោរទ្វារ និងបិទវាំងននរួចហើយ, ខ្ញុំបើកហឹបនោះ។

    អ្វីដំបូងដែលខ្ញុំឃើញគឺឆ្អឹង។

    គ្រប់ឆ្អឹងទាំងអស់របស់ចេមីគឺនៅក្នុងហឹបនេះ, ដែលរៀបយ៉ាងមានរបៀប។ ខ្ញុំយកមួយមកមើលឃើញថាឆ្អឹងសល្អណាស់។ ខ្ញុំមិនដែលឃើញអ្វីស្អាតបែបនេះទេ។

    នៅក្រោមឆ្អឹងនោះ, មានដាក់ដោយប្រអប់ឈើគឺជាតែ។ ស្លឹកតែពណ៌បៃតងចាស់ដែលខាងក្រោមនោះមានក្រដាសផ្លេកៗពណ៌មាស, ទើបខ្ញុំដឹងថាគេបានឱ្យខ្ញុំនូវរបស់ត្រឹមត្រូវ។ ក្រដាសផ្លេកមាសនោះគឺជាសំបុត្រ។

    មែនហើយ, ចេមីគឺជាមនុស្សដែលខ្ញុំរង់ចាំ, ដែលខ្ញុំត្រូវការ។

    គាត់ជាកញ្ជះដ៏ល្អបំផុត។



    អ្នកស្រីធីមសុនប្រែប្រួលបន្ទាប់ពីចេមីបាត់ខ្លួនសូន្យឈឹង។ សន្មត់ថាគាត់បានស្លាប់ដោយឡើងភ្នំនៅចិន, អ្នកឡើងភ្នំដែលគ្មានបទពិសោធន៍ងាយនឹងបាត់ខ្លួនបើឡើងដោយមិនមានអ្នកនាំផ្លូវដ៏ច្បាស់លាស់ម្នា្់, ហើយដូច្នេះហើយ, អ្នកស្រីក៏តែម្នាក់ឯងកណ្ដោចកណ្ដែងឯកាក្នុងលោកិយនេះ។ កូនៗ និងចៅៗដទៃទៀតរបស់គាត់មិនសូវរវីរវល់ពីគាត់ឡើយ។ គាត់ឈប់ស្រែកជេរខ្ញុំនៅពេលព្រឹក។ គាត់ក៏លែងចេញមកក្រៅផ្ទះ។

    តែខ្ញុំមិនអាចឱ្យគាត់រស់ឯកាបែបនេះបានទេ។

    ព្រឹកមួយ, ខ្ញុំយកតែពិសេសមួយឆុងឱ្យគាត់។ ពេលខ្ញុំគោះទ្វារ, ខ្ញុំគិតថាគាត់នឹងស្រែកជេរបណ្ដេញខ្ញុំឱ្យចេញពីផ្ទះគាត់។

    ផ្ទុយទៅវិញ, គាត់ឱ្យខ្ញុំចូលក្នុងផ្ទះបាយរបស់គាត់, ហើយខ្ញុំក៏ឆុងតែឱ្យគាត់។

    ខ្ញុំមិននិយាយអ្វីឡើយ, ខ្ញុំមិនបាច់និយាយទេ។ ពីរបីនាទីក្រោយមក, គាត់និយាយម្នាក់ឯង។ អំពីរបៀបដែលចេមីធ្លាប់បានលួចស្រឡាញ់ខ្ញុំ, ច្រៀងរៀបរាប់អំពីខ្ញុំ។ ហើយនឹងទំហំនៃការស្រលាញ់របស់គាត់, អំពីក្ដីស្រឡាញ់របស់គាត់ចំពោះចៅប្រុសតាំងពីកើតមក។

    ពេលនោះអ្នកស្រីចាប់ផ្ដើមយំ។ ពិតហើយ, គាត់បន្តយំរហូតដល់ខ្ញុំលើកទឹកតែមកដល់មុខគាត់។

    គាត់ក្រេបតែហើយធ្វើមុខភ្ញាក់ផ្អើលដាក់ខ្ញុំ, «នេះឆ្ងាញ់ណាស់។»

    ខ្ញុំញញឹមដាក់គាត់។ «មែនឬ?»

    វាចំណាយពេលត្រឹមតែបីបួនថ្ងៃប៉ុណ្ណោះទម្រាំអ្នកស្រីធីមសុនព្រមឱ្យខ្ញុំជាអ្នកស្និទ្ធស្នាលរបស់គាត់។ ពិតណាស់, គាត់លែងខ្វល់ច្រើនទៀតហើយ, ក្រោយដែលគាត់ចាប់ផ្ដើមការពិសារតែរបស់ខ្ញុំ។ ពីរបីសប្ដាហ៍ក្រោយមក, ការភ្លេចទាំងស្រុង, និងរោគសញ្ញាសសៃប្រសាទបានរលាយបាត់អស់ហើយ។ គាត់ដូចដើមវិញហើយ។

    ពិតណាស់, វាគឺជាចេតនា។ យ៉ាងណា, ខ្ញុំចង់ឱ្យគាត់រស់នៅក្នុងជីវិតដ៏ល្អបំព្រង, ដែលពោរពេញដោយការចងចាំនៃចេមី និងការឈឺចាប់ដែលគ្មានថ្ងៃនឹងដឹងថាមានអ្វីកើតឡើងទៅលើចៅគាត់ឡើយ។

    វាអស្ចារ្យណាស់ដែលទឹកតែ ហើយនឹងកម្ទេចឆ្អឹងមានឥទ្ធិពលទៅលើមនុស្សម្នាក់។

    សម្រាប់ខ្ញុំ? មែនហើយ, ខ្ញុំបានអ្វីដែលខ្ញុំចង់បានហើយ។ ខ្ញុំបាននូវគ្រឿងផ្សំដ៏កម្រដែលខ្ញុំត្រូវការដើម្បីឱ្យតែរបស់ខ្ញុំមានឥទ្ធិពលកាន់តែខ្លាំង។ ខ្ញុំមានរូបមន្តគ្រឿងផ្សំសម្រាប់រសជាតិក្លឹនតែខ្ញុំដែលកាន់តែ… សាហាវ។ ហើយក្រោយពីលែងមានសម្រែកស្រែកជេរប្រទេចរបស់អ្នកស្រីធីមសុន, ជីវិតរបស់ខ្ញុំកានតែស្ងប់សុខ។

    មេធ្មប់? ពីរោះពេកហើយ, ប៉ុណ្ណឹងវាមិនសាកសមនឹងភាពពឹសពុលរបស់ខ្ញុំនោះទេ៕

    ចប់
    រឿង រូបមន្តសម្ងាត់នៅផ្ទះទឹកតែ រឿង រូបមន្តសម្ងាត់នៅផ្ទះទឹកតែ Reviewed by HeNa on 7:21 PM Rating: 5
    Loading...
    Powered by Blogger.